‹ពេលកំណត់បានមកដល់ហើយ›
«ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះទៅឯព្រះវរបិតាវិញ បានមកដល់ហើយ»។—យ៉ូហាន ១៣:១
១. កាលដែលបុណ្យរំលងនៃឆ្នាំ៣៣ ស.យ.ជិតមកដល់ នោះទីក្រុងយេរូសាឡិមបានពេញទៅដោយការស្មានអ្វី ហើយហេតុអ្វី?
នៅឯពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ក្នុងឆ្នាំ២៩ ស.យ. នោះព្រះយេស៊ូបានចាប់ផ្ដើមប្រតិបត្ដិការណ៍នូវដំណើរមួយ ដែលនឹងនាំទៅដល់«ពេលកំណត់»នៃការសោយទិវង្គត ដំណើររស់ឡើងវិញ និងការដំកើងឡើងរបស់ទ្រង់។ ឥឡូវនេះជានិទាឃរដូវនៃឆ្នាំ៣៣ ស.យ.។ ពីរបីសប្ដាហ៍ទើបតែបានកន្លងទៅ តាំងតែពីតុលាការជាន់ខ្ពស់របស់សាសន៍យូដាដែលជាក្រុមប្រឹក្សាជាន់ខ្ពស់ បានពិគ្រោះគ្នារកធ្វើគុតដល់ព្រះយេស៊ូនោះ។ ដោយជ្រាបអំពីគម្រោងការរបស់គេ ដែលបានមកពីនីកូដេមជាសមាជិកម្នាក់នៃក្រុមប្រឹក្សាជាន់ខ្ពស់ ដែលមានចិត្តរាក់ទាក់នឹងទ្រង់ នោះព្រះយេស៊ូក៏ចាកចេញពីទីក្រុងយេរូសាឡិម ហើយយាងចេញទៅជនបទដោយឆ្លងទន្លេយ័រដាន់។ កាលដែលពិធីនៃបុណ្យរំលងជិតមកដល់ នោះមនុស្សជាច្រើនចេញពីជនបទទៅទីក្រុងយេរូសាឡិម ហើយទីក្រុងនេះបានមានពេញទៅដោយការស្មានអំពីព្រះយេស៊ូ។ មនុស្សសួរគ្នាទៅវិញទៅមកថា៖ «លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្ដេច?»។ ពួកសង្គ្រាជនិងពួកផារីស៊ីបានធ្វើឲ្យមានការរំភើបចិត្តថែមទៀត ដោយឲ្យបញ្ជាថា អ្នកណាម្នាក់ដែលឃើញព្រះយេស៊ូ គួរតែរាយការណ៍ប្រាប់ឲ្យគេដឹងកុំខាន។—យ៉ូហាន ១១:៤៧-៥៧
២. តើនាងម៉ារាប្រព្រឹត្តអ្វីដែលនាំឲ្យមានការជំទាស់គ្នា ហើយដែលការតបឆ្លើយរបស់ព្រះយេស៊ូដែលគាំទ្រនាង បង្ហាញអ្វីអំពីការជ្រាបនៃ«ពេលកំណត់របស់ទ្រង់»?
២ នៅថ្ងៃទី៨ ខែណែសាន គឺប្រាំមួយថ្ងៃមុនបុណ្យរំលង នោះព្រះយេស៊ូបានមកម្ដុំៗជិតទីក្រុងយេរូសាឡិម។ ទ្រង់បានមកឯភូមិបេថានី ដែលជាភូមិកំណើតរបស់មិត្តដ៏ជាទីស្រឡាញ់របស់ទ្រង់ គឺនាងម៉ាថា ម៉ារា និងឡាសារ ដែលរស់នៅចំងាយប្រមាណបីគីឡូម៉ែត្រខាងក្រៅទីក្រុងយេរូសាឡិម។ នេះជាល្ងាចថ្ងៃសុក្រ ហើយព្រះយេស៊ូបានចំណាយពេលសំរាប់ឈប់សំរាកនៅទីនោះ។ នៅល្ងាចជាបន្ទាប់ ពេលដែលនាងម៉ារាបំរើទ្រង់ដោយប្រើប្រេងក្រអូបដ៏មានតម្លៃ នោះពួកសិស្សបានជំទាស់។ ព្រះយេស៊ូតបឆ្លើយថា៖ «កុំឲ្យធ្វើនាងឡើយ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សំរាប់ដល់ថ្ងៃបញ្ចុះខ្មោចខ្ញុំ ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ»។ (យ៉ូហាន ១២:១-៨; ម៉ាថាយ ២៦:៦-១៣) ព្រះយេស៊ូជ្រាបថា‹ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដែលទ្រង់ត្រូវចេញពីលោកីយនេះទៅឯព្រះវរបិតាវិញ›។ (យ៉ូហាន ១៣:១) នៅសល់តែប្រាំថ្ងៃទៀតប៉ុណ្ណោះ ទ្រង់នឹង«ឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាកុស ១០:៤៥) ពីនេះតទៅមុខទៀត ការដឹងអំពីភាពបន្ទាន់ មានឥទ្ធិពលលើអ្វីៗទាំងអស់ ដែលព្រះយេស៊ូធ្វើហើយនិងបង្រៀន។ នេះជាគំរូដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎! ដែលបានផ្ដល់មកឲ្យយើង កាលដែលរង់ចាំដោយខ្នះខ្នែងពីទីបញ្ចប់នៃរបបលោកីយ៍នេះ! ចូរពិនិត្យមើលនូវអ្វីដែលកើតឡើងក្នុងករណីរបស់ព្រះយេស៊ូនៅថ្ងៃបន្ទាប់នោះ។
ថ្ងៃនៃការយាងចូលរបស់ព្រះយេស៊ូដោយមានជោគជ័យ
៣. (ក) តើព្រះយេស៊ូយាងចូលក្រុងយេរូសាឡិមនៅថ្ងៃអាទិត្យទី៩ ខែណែសានយ៉ាងដូចម្ដេច ហើយតើមនុស្សភាគច្រើនដែលនៅជុំវិញទ្រង់មានទឹកចិត្តយ៉ាងណា? (ខ) តើព្រះយេស៊ូតបឆ្លើយយ៉ាងណាដល់ពួកផារីស៊ី ដែលត្អូញត្អែរនឹងពួកបណ្ដាជន?
៣ នៅថ្ងៃអាទិត្យទី៩ ខែណែសាន នោះព្រះយេស៊ូយាងចូលទៅក្នុងក្រុងយេរូសាឡិមដោយជោគជ័យ។ កាលដែលទ្រង់ទៅជិតទីក្រុងនេះហើយ ដោយជិះលើកូនលាដែលជាសេចក្ដីសម្រេចនៃសាការី ៩:៩ នោះមនុស្សភាគច្រើនដែលបានមកឯទ្រង់ ទាំងក្រាលសំលៀកបំពាក់លើផ្លូវពីមុខទ្រង់កាលដែលអ្នកឯទៀតកាប់ធាងចាកយកមកក្រាលនោះ។ ពួកគេស្រែកថា៖ «ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ទ្រង់ប្រកបដោយព្រះពរ!»។ ពួកផារីស៊ីខ្លះដែលនៅក្នុងចំណោមបណ្ដាជន ចង់ឲ្យព្រះយេស៊ូស្តីបន្ទោសពួកសិស្សទ្រង់។ ក៏ប៉ុន្តែ ព្រះយេស៊ូតបឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ»។—លូកា ១៩:៣៨-៤០; ម៉ាថាយ ២១:៦-៩
៤. ហេតុអ្វីក៏ប្រជាជនក្នុងទីក្រុងយេរូសាឡិមមានការជ្រួលច្របល់ ពេលដែលព្រះយេស៊ូយាងចូលទីក្រុងនេះ?
៤ គ្រាន់តែពីរបីសប្ដាហ៍មុននេះ មនុស្សជាច្រើនក្នុងពួកបណ្ដាជននេះ បានឃើញព្រះយេស៊ូប្រោសឡាសារឲ្យរស់ឡើងវិញ។ ឥឡូវនេះ ពួកគេខំប្រឹងប្រាប់អ្នកដទៃអំពីអព្ភូតហេតុនោះ។ ដូច្នេះ កាលដែលព្រះយេស៊ូយាងចូលទីក្រុងយេរូសាឡិម នោះប្រជាជនក្នុងទីក្រុងទាំងមូលមានការជ្រួលច្របល់។ មនុស្សសួរថា៖ «លោកនេះជាអ្នកណា?»។ ហើយហ្វូងមនុស្សឆ្លើយឡើងថា៖ «នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ»។ ដោយឃើញនូវអ្វីដែលកំពុងតែកើតឡើង នោះពួកផារីស៊ីមានចិត្តសោកស្ដាយថា៖ «លោកីយទាំងស្រុងទៅតាមអ្នកនោះហើយ»។—ម៉ាថាយ ២១:១០, ១១; យ៉ូហាន ១២:១៧-១៩
៥. តើមានអ្វីកើតឡើងពេលដែលព្រះយេស៊ូយាងទៅឯព្រះវិហារ?
៥ តាមទម្លាប់របស់ទ្រង់ពេលមកលេងទីក្រុងយេរូសាឡិម នោះព្រះយេស៊ូដែលជាអ្នកបង្រៀនដ៏ឧត្តម ក៏យាងទៅបង្រៀននៅឯព្រះវិហារ។ នៅទីនោះ ពួកមនុស្សខ្វាក់និងពួកពិការបានមកឯទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេជាទៅ។ នៅពេលពួកសង្គ្រាជនិងពួកស្ក្រែបឃើញរឿងនេះ ហើយឮពួកក្មេងប្រុសនៅក្នុងព្រះវិហារ ស្រែកឡើងថា៖ «ហូសាណា! ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ»។ នោះពួកគេមានចិត្តគ្នាន់ក្នាញ់ណាស់។ ពួកគេប្រឆាំងថា៖ «តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ?»។ ព្រះយេស៊ូឆ្លើយថា៖ «ឮហើយ! តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអី ដែលថា៖ ‹ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង នឹងកូនដែលនៅបៅ›»។ កាលដែលព្រះយេស៊ូបង្រៀនជាបន្ត នោះទ្រង់ទតសព្វគ្រប់ទាំងអស់នូវអ្វីដែលកំពុងតែកើតឡើងក្នុងព្រះវិហារ។—ម៉ាថាយ ២១:១៥, ១៦; ម៉ាកុស ១១:១១
៦. តើផ្លូវដើររបស់ព្រះយេស៊ូឥឡូវនេះ គឺខុសគ្នាយ៉ាងណាពីអ្វីដែលទ្រង់ធ្វើពីមុននោះ ហើយហេតុអ្វី?
៦ ផ្លូវដើររបស់ព្រះយេស៊ូឥឡូវនេះ គឺខុសគ្នាយ៉ាងណាទៅហ្ន៎! ពីអ្វីដែលទ្រង់បានធ្វើប្រាំមួយខែមុននេះ។ ពេលនោះ ទ្រង់បានយាងមកទីក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យបារាំ «មិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ»។ (យ៉ូហាន ៧:១០) ហើយទ្រង់តែងតែចាត់វិធានការរកផ្លូវគេចឲ្យបានសុខ ពេលដែលមានការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់នោះ។ ឥឡូវនេះ ទ្រង់យាងចូលទីក្រុងនេះដោយឥតលាក់លៀម ទោះជាមានការចេញបទបញ្ជាឲ្យចាប់ទ្រង់ផងក៏ដោយ! គឺមិនមែនជាទម្លាប់របស់ព្រះយេស៊ូក្នុងការប្រកាសថា ខ្លួនទ្រង់ជាព្រះមេស្ស៊ីនោះទេ។ (អេសាយ ៤២:២; ម៉ាកុស ១:៤០-៤៤) ទ្រង់មិនចង់បានការប្រកាសដ៏អឺងកង ឬសេចក្ដីរាយការណ៍ដ៏មួលបង្កាច់អំពីទ្រង់ ចេញពីមាត់មួយទៅមាត់មួយនោះឡើយ។ ពួកបណ្ដាជនបានប្រកាសដោយឥតលាក់លៀម ថាទ្រង់ជាស្តេចនិងជាអ្នកសង្គ្រោះ ជាព្រះមេស្ស៊ី ហើយទ្រង់បានច្រានចោលនូវសេចក្ដីស្នើសុំរបស់ពួកមេដឹកនាំសាសនា ក្នុងការធ្វើឲ្យទ្រង់ស្ងាត់នោះ! ហេតុអ្វីក៏មានការផ្លាស់ប្ដូរ? ពីព្រោះ«កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ!» ដូចព្រះយេស៊ូប្រកាសនៅថ្ងៃជាបន្ទាប់នោះ។—យ៉ូហាន ១២:២៣
សកម្មភាពដ៏ក្លាហាន រួចមកមានការបង្រៀនដែលសង្គ្រោះជីវិត
៧, ៨. តើការប្រព្រឹត្តរបស់ព្រះយេស៊ូនៅថ្ងៃទី១០ ខែណែសាន ឆ្នាំ៣៣ ស.យ. បង្ហាញឲ្យឃើញនូវអ្វីដែលទ្រង់ធ្វើនៅឯព្រះវិហារ ពេលបុណ្យរំលងនៅឆ្នាំ៣០ ស.យ.យ៉ាងដូចម្ដេច?
៧ ពេលមកដល់ព្រះវិហារនៅថ្ងៃច័ន្ទទី១០ ខែណែសាន នោះព្រះយេស៊ូចាត់វិធានការធ្វើអ្វីដែលទាក់ទង់នឹងអ្វីដែលទ្រង់បានទតឃើញនៅថ្ងៃរសៀលពីម្សិលនោះ។ ទ្រង់ចាប់ផ្ដើម‹ដេញពួកអ្នកទិញនិងពួកអ្នកលក់ក្នុងព្រះវិហារ។ រួចមក ទ្រង់ក៏ផ្កាប់តុនៃពួកដូរប្រាក់ និងជើងម៉ារបស់ពួកអ្នកលក់ព្រាប។ ហើយទ្រង់ឥតឲ្យអ្នកណាម្នាក់លីសែងអ្វីដើរកាត់ព្រះវិហារឡើយ›។ ក្នុងការផ្ដន្ទាទោសមនុស្សប្រព្រឹត្តអាក្រក់ នោះទ្រង់ប្រកាសថា៖ «តើគ្មានសេចក្ដីចែងទុកមកទេឬអីថា៖ ‹ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍› ប៉ុន្តែ អ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ»។—ម៉ាកុស ១១:១៥-១៧
៨ ការប្រព្រឹត្តរបស់ព្រះយេស៊ូបង្ហាញឲ្យឃើញនូវអ្វីដែលទ្រង់បានធ្វើបីឆ្នាំមុននេះ ពេលដែលទ្រង់មកលេងព្រះវិហារ ពេលធ្វើបុណ្យរំលងនៅឆ្នាំ៣០ ស.យ.។ ប៉ុន្តែ លើកនេះ ការស្តីបន្ទោសគឺខ្លាំងជាង។ ពួកអ្នកធ្វើជំនួញនៅឯព្រះវិហារ ឥឡូវនេះបានត្រូវហៅជាពួក«ចោរ»។ (លូកា ១៩:៤៥, ៤៦; យ៉ូហាន ២:១៣-១៦) ពួកគេជាពួកចោរ ពីព្រោះពួកគេយកតម្លៃហួសប្រមាណពីអស់អ្នកដែលត្រូវការទិញសត្វមកដើម្បីធ្វើយញ្ញបូជា។ ពួកសង្គ្រាជ ពួកស្ក្រែប និងពួកអ្នកធំនៅក្នុងចំណោមប្រជាជនដែលឮអំពីអ្វីដែលព្រះយេស៊ូកំពុងតែធ្វើ ហើយម្ដងនេះទៀត គេស្វះស្វែងរកផ្លូវធ្វើគុតដល់ទ្រង់។ ប៉ុន្តែ ពួកគេឥតដឹងនូវរបៀបដើម្បីធ្វើគុតដល់ព្រះយេស៊ូនោះទេ ពីព្រោះពួកហ្វូងមនុស្សដែលបានមានចិត្តអស្ចារ្យនឹងការបង្រៀនរបស់ទ្រង់ គេកំពុងនៅជាមួយទ្រង់ហើយប្រុងស្ដាប់ទៀតផង។—ម៉ាកុស ១១:១៨; លូកា ១៩:៤៧, ៤៨
៩. តើព្រះយេស៊ូបង្រៀនមេរៀនអ្វី ហើយតើទ្រង់ផ្ដល់ឲ្យសេចក្ដីអញ្ជើញអ្វីដល់ពួកអ្នកស្ដាប់នៅឯព្រះវិហារនោះ?
៩ កាលដែលព្រះយេស៊ូបង្រៀននៅឯព្រះវិហារជាបន្ត នោះទ្រង់ប្រកាសថា៖ «កំណត់ដែលកូនមនុស្សត្រូវដំកើងឡើង បានមកដល់ហើយ»។ ត្រូវហើយ ទ្រង់ជ្រាបថា ទ្រង់មានតែពីរបីថ្ងៃទៀតចំពោះការមានជីវិតជាមនុស្ស។ បន្ទាប់ពីប្រាប់អំពីគ្រាប់ស្រូវដែលត្រូវតែងាប់សិនដើម្បីឲ្យមានផល ដែលស្មើនឹងការសោយទិវង្គតរបស់ទ្រង់ដែលនឹងក្លាយទៅជាខ្សែរយៈ ដើម្បីផ្ដល់ជីវិតអស់កល្បជានិច្ចដល់អ្នកដទៃ នោះព្រះយេស៊ូបានផ្ដល់សេចក្ដីអញ្ជើញនេះដល់ពួកអ្នកស្ដាប់ទ្រង់ ដោយមានបន្ទូលថា៖ «បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបីខ្ញុំនៅឯណាក្ដី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ»។—យ៉ូហាន ១២:២៣-២៦
១០. តើព្រះយេស៊ូមានអារម្មណ៍យ៉ាងណា ចំពោះការសោយទិវង្គតដ៏ឈឺចាប់ ដែលនៅខាងមុខទ្រង់នោះ?
១០ ដោយគិតអំពីការសោយទិវង្គតដ៏ឈឺចាប់របស់ទ្រង់ មានតែបួនថ្ងៃទៀតនោះ ព្រះយេស៊ូមានបន្ទូលទៀតថា៖ «ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្ដេច? ឱព្រះវរបិតាអើយ! សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង»។ ក៏ប៉ុន្តែអ្វីដែលនៅខាងមុខព្រះយេស៊ូ គឺជៀសវាងពុំបានឡើយ។ ទ្រង់មានបន្ទូលថា៖ «ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ»។ ប្រាកដហើយ ព្រះយេស៊ូស្របគំនិតនឹងរបៀបរៀបចំទាំងមូលរបស់ព្រះ។ ទ្រង់បានតាំងចិត្តឲ្យព្រះហឫទ័យរបស់ព្រះមានឥទ្ធិពលលើការប្រព្រឹត្តរបស់ទ្រង់ រហូតដល់ការសោយទិវង្គតដ៏ជាយញ្ញបូជារបស់ទ្រង់នោះ។ (យ៉ូហាន ១២:២៧) ទ្រង់បានទុកគំរូដ៏ល្អណាស់ហ្ន៎ឲ្យយើង ដែលជាគំរូពីការចុះចូលទាំងស្រុងតាមព្រះហឫទ័យរបស់ព្រះ!
១១. តើការបង្រៀនអ្វីដែលព្រះយេស៊ូប្រទានឲ្យពួកហ្វូងមនុស្ស ដែលទើបតែបានឮសម្លេងពីស្ថានសួគ៌?
១១ ដោយមានការខ្វល់ខ្វាយនឹងរបៀបដែលការសោយទិវង្គតទ្រង់ទាក់ទង់នឹងកិត្ដិនាមរបស់ព្រះវរបិតាទ្រង់ នោះព្រះយេស៊ូអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! សូមដំកើងព្រះនាមទ្រង់ឡើង»។ ពួកហ្វូងមនុស្សនៅឯព្រះវិហារមានការអស្ចារ្យមែន ពេលដែលសម្លេងពីស្ថានសួគ៌ប្រកាសថា៖ «អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ»។ អ្នកបង្រៀនដ៏ឧត្តមប្រើឱកាសនេះ ដើម្បីប្រាប់ហ្វូងមនុស្សនូវមូលហេតុដែលសម្លេងនេះបានកើតឡើង និងលទ្ធផលនៃការសោយទិវង្គតទ្រង់ជាអ្វីទៅ ហើយមូលហេតុដែលគេត្រូវតែអនុវត្តជំនឿ។ (យ៉ូហាន ១២:២៨-៣៦) នៅពីរថ្ងៃចុងក្រោយគឺមានពេញដោយសកម្មភាពគ្រប់យ៉ាងចំពោះព្រះយេស៊ូ។ ប៉ុន្តែថ្ងៃដ៏សំខាន់បំផុតនោះគឺនៅខាងមុខនៅឡើយ។
ថ្ងៃសំរាប់ការថ្កោលទោស
១២. នៅថ្ងៃអង្គារទី១១ ខែណែសាន តើពួកមេដឹកនាំសាសនាខំរកចាប់ព្រះយេស៊ូយ៉ាងដូចម្ដេច ហើយតើមានលទ្ធផលយ៉ាងណា?
១២ នៅថ្ងៃអង្គារទី១១ ខែណែសាន ព្រះយេស៊ូយាងចូលទៅក្នុងព្រះវិហារម្ដងនេះទៀតដើម្បីបង្រៀន។ ពួកអ្នកស្ដាប់ដ៏ប្រឆាំងតទល់គឺនៅជិតទ្រង់។ ដោយសំដៅទៅសកម្មភាពរបស់ព្រះយេស៊ូនៅថ្ងៃមុននោះ ពួកសង្គ្រាជនិងពួកចាស់ទុំនៃបណ្ដាជនសួរទ្រង់ថា៖ «អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី? តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក?»។ គ្រូបង្រៀនដ៏ជំនាញនេះធ្វើឲ្យគេស្រឡាំងកាំងដោយចម្លើយរបស់ទ្រង់ ហើយទ្រង់រៀបរាប់នូវរឿងប្រៀបប្រដូចបីដ៏រស់រវើក រឿងប្រៀបប្រដូចពីរគឺទាក់ទងចំការទំពាំងបាយជូរ និងមួយទៀតអំពីពិធីមង្គលការដែលលាតត្រដាងថា ពួកអ្នកប្រឆាំងនេះគឺអាក្រក់យ៉ាងណា។ ដោយមានកំហឹងនឹងអ្វីដែលគេបានឮ នោះពួកមេដឹកនាំសាសនាចង់ចាប់ទ្រង់។ ប៉ុន្តែពួកគេខ្លាចបណ្ដាជន ដែលចាត់ទុកព្រះយេស៊ូជាព្យាការីម្នាក់។ ដូច្នេះពួកគេខំរកបញ្ឆោតទ្រង់ឲ្យមានបន្ទូលពីអ្វីដែលជាហេតុនាំឲ្យគេអាចចាប់ទ្រង់បាន។ ចម្លើយទាំងប៉ុន្មានដែលព្រះយេស៊ូប្រទានមក ធ្វើឲ្យគេស្ងាត់បាត់មាត់ច្រៀប។—ម៉ាថាយ ២១:២៣–២២:៤៦
១៣. តើឱវាទអ្វីដែលព្រះយេស៊ូប្រទានឲ្យពួកអ្នកស្ដាប់ទ្រង់ ស្តីអំពីពួកស្ក្រែបនិងពួកផារីស៊ីនោះ?
១៣ ដោយព្រោះពួកស្ក្រែបនិងពួកផារីស៊ីអះអាងថា គេបង្រៀនក្រិត្យវិន័យរបស់ព្រះនោះ ឥឡូវព្រះយេស៊ូដាស់តឿនពួកអ្នកស្ដាប់ទ្រង់ថា៖ «គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែកុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ»។ (ម៉ាថាយ ២៣:១-៣) នេះជាការថ្កោលទោសជាសាធារណៈយ៉ាងខ្លាំងមែនហ្ន៎! ក៏ប៉ុន្តែ ព្រះយេស៊ូមិនទាន់ឈប់ថ្កោលទោសគេទេ។ នេះជាថ្ងៃចុងក្រោយរបស់ទ្រង់នៅឯព្រះវិហារ ហើយទ្រង់បានលាតត្រដាងយ៉ាងក្លាហាននូវរឿងមួយចំនួន ដែលធ្វើឲ្យខ្ទរដូចផ្គរលាន់អ៊ីចឹង។
១៤, ១៥. តើការថ្កោលទោសដ៏ខ្លាំងក្លាអ្វី ដែលព្រះយេស៊ូមានបន្ទូលប្រឆាំងពួកស្ក្រែបនិងពួកផារីស៊ី?
១៤ ព្រះយេស៊ូបានប្រកាសប្រាំមួយដងថា៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ!»។ ដូចជាទ្រង់ពន្យល់មក ពួកគេជាមនុស្សបែបនេះ ពីព្រោះពួកគេបិទព្រះរាជាណាចក្រនៅមុខមនុស្ស មិនអនុញ្ញាតឲ្យអស់អ្នកដែលចង់ចូលៗទៅក្នុងឡើយ។ ពួកកំពុតទាំងនេះដើរជុំជើងទឹកជើងគោក ដើម្បីនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគាត់ចូលកាន់ហើយ ធ្វើឲ្យគាត់ធ្លាក់ទៅខាងការហិនវិនាសវិញ។ ក្នុងកាលឥតអើពើនឹង«សេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ» ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថ្វាយមួយភាគដប់ទៅវិញ។ អ៊ីចឹងហើយ ពួកគេលាង«ចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ នឹងសេចក្ដីហួសខ្នាតទទេ» ក្នុងន័យថាអំពើពុករលួយរបស់គេ គឺបានបិទបាំងដោយការសម្ដែងគោរពសាសនានោះ។ ម្យ៉ាងវិញទៀត ពួកគេសុខចិត្តសង់និងតុបតែងផ្នូរសំរាប់ព្យាការី ឲ្យមនុស្សយកចិត្តទុកដាក់នឹងអំពើសប្បុរសរបស់គេ ទោះជាគេ«ជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ»ក៏ដោយ។—ម៉ាថាយ ២៣:១៣-១៥, ២៣-៣១
១៥ ក្នុងការផ្ដន្ទាទោសដល់ពួកអ្នកប្រឆាំងទ្រង់ ដោយសារគេខ្វះសីលធម៌ខាងវិញ្ញាណ នោះព្រះយេស៊ូមានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ!»។ ពួកគេខ្វាក់ខាងសីលធម៌ ពីព្រោះពួកគេសំដៅទៅតែលើមាសក្នុងព្រះវិហារ ជាជាងសីលធម៌ខាងវិញ្ញាណនៃកន្លែងថ្វាយបង្គំនោះ។ ដោយមានបន្ទូលបន្ត ព្រះយេស៊ូមានការថ្កោលទោសយ៉ាងខ្លាំងបំផុត ដែលថា៖ «ឱសត្វពស់! ឱពូជពស់វែកអើយ! ធ្វើដូចម្ដេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន?»។ ត្រូវហើយ ព្រះយេស៊ូកំពុងតែប្រាប់ពួកគេថា ដោយព្រោះដំណើរដ៏អាក្រក់របស់គេ នោះពួកគេនឹងទទួលនូវសេចក្ដីហិនវិនាសជារៀងរហូត។ (ម៉ាថាយ ២៣:១៦-២២, ៣៣) សូមឲ្យយើងបង្ហាញនូវសេចក្ដីក្លាហានដែរ ពេលដែលប្រកាសដំណឹងព្រះរាជាណាចក្រ ទោះជាទាក់ទងនឹងការលាតត្រដាងសាសនាក្លែងក្លាយក៏ដោយ។
១៦. កាលដែលកំពុងតែអង្គុយលើភ្នំអូលីវ តើទំនាយដ៏សំខាន់ណា ដែលព្រះយេស៊ូប្រទានឲ្យពួកសិស្សទ្រង់?
១៦ ឥឡូវនេះ ព្រះយេស៊ូក៏យាងចេញពីព្រះវិហារ។ ពេលព្រះអាទិត្យអស្តង្គត នោះទ្រង់និងពួកសិស្សរបស់ទ្រង់ក៏ឡើងលើភ្នំអូលីវ។ កាលដែលអង្គុយនៅទីនោះ ព្រះយេស៊ូប្រទានឲ្យទំនាយអំពីសេចក្ដីហិនវិនាសដល់ព្រះវិហារនេះ និងទីសម្គាល់នៃវត្តមានរបស់ទ្រង់ និងអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ។ សារៈសំខាន់នៃពាក្យទំនាយទាំងនេះ គឺមានមកដល់សម័យយើងនេះ។ នៅល្ងាចនោះ ព្រះយេស៊ូក៏មានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ»។—ម៉ាថាយ ២៤:១-១៤; ម៉ាថាយ ២៦:១, ២
ព្រះយេស៊ូ‹ស្រឡាញ់ពួកសិស្សទ្រង់រហូតដល់ទីបញ្ចប់›
១៧. (ក) កាលធ្វើបុណ្យរំលងនៅថ្ងៃទី១៤ ខែណែសាន តើព្រះយេស៊ូបង្រៀនពួកសាវ័ក១២នាក់នូវមេរៀនអ្វី? (ខ) តើព្រះយេស៊ូផ្ដើមធ្វើបុណ្យរំឭកអ្វីក្រោយពីបណ្ដេញយូដាសអ៊ីស្ការីយ៉ុតចេញនោះ?
១៧ ចំពោះពីរថ្ងៃទៀតជាបន្ទាប់ គឺថ្ងៃទី១២និង១៣នៃខែណែសាន ព្រះយេស៊ូមិនបង្ហាញខ្លួននៅឯព្រះវិហារឡើយ។ ពួកមេដឹកនាំសាសនាកំពុងតែរកផ្លូវធ្វើគុតដល់ទ្រង់ ហើយទ្រង់មិនចង់ឲ្យអ្វីសោះរំខានពីការធ្វើបុណ្យរំលងជាមួយពួកសិស្សទ្រង់ឡើយ។ នៅថ្ងៃព្រហស្បតិ៍ពេលថ្ងៃលិចចាប់ផ្ដើមថ្ងៃទី១៤ខែណែសាន ជាថ្ងៃចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូនៅលើផែនដីនេះជាមនុស្សម្នាក់។ នៅរាត្រីនោះ ព្រះយេស៊ូនិងពួកសាវ័កទ្រង់នៅជាមួយគ្នាក្នុងផ្ទះនៅទីក្រុងយេរូសាឡិម ដែលមានការរៀបចំជាស្រេចឲ្យគេធ្វើបុណ្យរំលង។ កាលដែលគេធ្វើបុណ្យរំលងជាមួយគ្នា នោះទ្រង់បង្រៀនពួកសាវ័កទាំង១២នាក់នូវមេរៀនដ៏ល្អមួយ អំពីការបន្ទាបខ្លួនដោយលាងជើងឲ្យពួកគេ។ ក្រោយពីបណ្ដេញយូដាសអ៊ីស្ការីយ៉ុតចេញ ដែលបានសុខចិត្តក្បត់ចៅហ្វាយខ្លួនសំរាប់ប្រាក់៣០ដុំ ជាតម្លៃនៃបាវម្នាក់យោងទៅតាមក្រិត្យវិន័យលោកម៉ូសេ នោះព្រះយេស៊ូក៏ផ្ដើមធ្វើបុណ្យរំឭកការសោយទិវង្គតទ្រង់។—និក្ខមនំ ២១:៣២; ម៉ាថាយ ២៦:១៤, ១៥, ២៦-២៩; យ៉ូហាន ១៣:២-៣០
១៨. ដោយសេចក្ដីស្រឡាញ់ តើការបង្រៀនណាទៀត ដែលព្រះយេស៊ូប្រទានឲ្យពួកសាវ័ក១១នាក់ដ៏ស្មោះត្រង់របស់ទ្រង់ ហើយតើតាមរបៀបណាដែលទ្រង់រៀបចំពួកគេចំពោះការចាកចេញរបស់ទ្រង់ដែលជិតកើតមានឡើងនោះ?
១៨ ក្រោយពីការផ្ដើមធ្វើបុណ្យរំឭក នោះពួកសាវ័កបានមានការប្រកែកគ្នាយ៉ាងខ្លាំង អំពីអ្នកណាដែលរាប់ជាធំជាងគេ។ ជាជាងស្តីបន្ទោសឲ្យគេ នោះដោយអត់ធ្មត់ ព្រះយេស៊ូបង្រៀនគេអំពីតម្លៃនៃការបំរើអ្នកដទៃ។ ដោយអបអរដែលពួកគេបានកាន់ខ្ជាប់ជាមួយនឹងទ្រង់ក្នុងកាលដែលមានសេចក្ដីលំបាក នោះទ្រង់ក៏ធ្វើកិច្ចព្រមព្រៀងជាមួយគេ ស្តីអំពីព្រះរាជាណាចក្រ។ (លូកា ២២:២៤-៣០) ព្រះយេស៊ូក៏បញ្ជាឲ្យគេស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានស្រឡាញ់ពួកគេដែរ។ (យ៉ូហាន ១៣:៣៤) កាលដែលទ្រង់បង្អែបង្អង់ក្នុងបន្ទប់នោះ ដោយសេចក្ដីស្រឡាញ់ ព្រះយេស៊ូបានប្រុងប្រៀបសំរាប់ពួកគេចំពោះការចាកចេញរបស់ទ្រង់ ដែលជិតកើតមានឡើងនោះ។ ទ្រង់បានធានារ៉ាប់រងគេអំពីមិត្តភាពរបស់ទ្រង់ ហើយលើកទឹកចិត្តគេឲ្យអនុវត្តជំនឿ និងសន្យាចំពោះពួកគេថានឹងបានជំនួយពីវិញ្ញាណបរិសុទ្ធ។ (យ៉ូហាន ១៤:១-១៧; ១៥:១៥) មុននឹងចេញពីផ្ទះនេះ ព្រះយេស៊ូបានអង្វរដល់ព្រះវរបិតាថា៖ «ឱព្រះវរបិតាអើយ! កំណត់បានមកដល់ហើយ សូមដំកើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្របានដំកើងទ្រង់ដែរ»។ ប្រាកដហើយ ព្រះយេស៊ូបានរៀបចំពួកសាវ័កទ្រង់ចំពោះការចាកចេញរបស់ទ្រង់ និងទ្រង់ប្រាកដជា‹ស្រឡាញ់ដល់ពួកសិស្សទ្រង់រហូតដល់ទីបញ្ចប់›។—យ៉ូហាន ១៣:១; ១៧:១
១៩. ហេតុអ្វីក៏ព្រះយេស៊ូមានការឈឺចាប់ក្នុងសួនគែតសេម៉ានី?
១៩ គឺប្រហែលជាហួសយប់អធ្រាត្រទៅហើយ ពេលដែលព្រះយេស៊ូនិងពួកសាវ័កដ៏ស្មោះត្រង់ទាំង១១នាក់ មកដល់សួនគែតសេម៉ានី។ ទ្រង់តែងយាងទៅកន្លែងនោះជាមួយពួកសាវ័កទ្រង់។ (យ៉ូហាន ១៨:១, ២) ក្នុងប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ព្រះយេស៊ូនឹងត្រូវសោយទិវង្គត ដូចជាទ្រង់ជាឧក្រិដ្ឋជនដ៏គួរឲ្យស្អប់។ ការឈឺចាប់ពីការប្រមើលនូវបទពិសោធន៍នេះ និងរបៀបដែលអាចនាំឲ្យមានការមើលងាយដល់ព្រះវរបិតា គឺមានខ្លាំងដល់ម្ល៉េះដែលកាលដែលព្រះយេស៊ូអធិស្ឋាន នោះញើសទ្រង់ក៏ជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី។ (លូកា ២២:៤១-៤៤) ព្រះយេស៊ូមានបន្ទូលទៅពួកសាវ័កទ្រង់ថា៖ «កំណត់ដល់ហើយ»និង«អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ»។ កាលដែលទ្រង់មានបន្ទូលមិនទាន់ចប់ផង នោះយូដាសអ៊ីស្ការីយ៉ុតបានមកដល់ នាំទាំងហ្វូងមនុស្សដែលកាន់ចន្លុះ កាន់ចង្កៀងនិងអាវុធ។ ពួកគេមកចាប់ព្រះយេស៊ូ។ ទ្រង់ឥតតទល់ទេ។ ទ្រង់ពន្យល់ថា៖ «បើយ៉ាងនោះ ធ្វើដូចម្ដេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ?»។—ម៉ាកុស ១៤:៤១-៤៣; ម៉ាថាយ ២៦:៤៨-៥៤
កូនមនុស្សបានត្រូវដំកើង!
២០. (ក) តើអំពើឃោរឃៅអ្វីដែលកើតឡើងក្រោយពីព្រះយេស៊ូបានត្រូវគេចាប់នោះ? (ខ) គ្រាន់តែបន្ដិចមុនទ្រង់សោយទិវង្គត ហេតុអ្វីក៏ព្រះយេស៊ូបានស្រែកឡើងថា៖ «ការស្រេចហើយ»?
២០ បន្ទាប់ពីគេចាប់ទ្រង់ នោះព្រះយេស៊ូបានត្រូវគេចោទប្រកាន់ដោយពួកសាក្សីក្លែងក្លាយ ព្រមទាំងកាត់ក្ដីឲ្យជាប់ទោសដោយចៅក្រមដ៏លំអៀង ដែលកាត់ទោសដោយលោកប៉ុនទាសពីឡាត់ ពួកសង្ឃនិងពួកហ្វូងមនុស្សបានចំអកមើលងាយនិងសើចឡកឡឺយដល់ទ្រង់ ថែមទាំងត្រូវពួកទាហានធ្វើទារុណកម្មទៀតផង។ (ម៉ាកុស ១៤:៥៣-៦៥; ១៥:១, ១៥; យ៉ូហាន ១៩:១-៣) ដល់ថ្ងៃរសៀលនៅថ្ងៃសុក្រ នោះព្រះយេស៊ូបានត្រូវគេដំលើបង្គោលឈើទារុណកម្ម ហើយរងការឈឺចាប់យ៉ាងខ្លាំងនូវទម្ងន់នៃរូបកាយទ្រង់ ដែលត្រូវរហែកដោយរបួសដែកគោលនៅឯដៃនិងជើងរបស់ទ្រង់។ (យ៉ូហាន ១៩:១៧, ១៨) នៅឯម៉ោងបីរសៀល ព្រះយេស៊ូបានស្រែកឡើងថា៖ «ការស្រេចហើយ»។ ត្រូវហើយ ទ្រង់បានសម្រេចរបស់ទាំងអស់ដែលទ្រង់បានមកផែនដីដើម្បីនឹងធ្វើនោះ។ ដោយប្រគល់វិញ្ញាណរបស់ទ្រង់ជូនព្រះ នោះទ្រង់ក៏ឱនព្រះសិរហើយក៏សោយទិវង្គតទៅ។ (យ៉ូហាន ១៩:២៨, ៣០; ម៉ាថាយ ២៧:៤៥, ៤៦; លូកា ២៣:៤៦) បីថ្ងៃក្រោយមក ព្រះយេហូវ៉ាបានប្រោសបុត្រទ្រង់ឲ្យរស់ឡើងវិញ។ (ម៉ាកុស ១៦:១-៦) សែសិបថ្ងៃក្រោយពីដំណើររស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌និងបានត្រូវដំកើង។—យ៉ូហាន ១៧:៥; កិច្ចការ ១:៣, ៩-១២; ភីលីព ២:៨-១១
២១. តើយើងអាចយកតម្រាប់តាមព្រះយេស៊ូយ៉ាងដូចម្ដេច?
២១ តើយើងអាច‹ធ្វើតាមជំហានរបស់ព្រះយេស៊ូឲ្យបានដិតដល់›យ៉ាងដូចម្ដេច? (ពេត្រុសទី១ ២:២១) ដូចទ្រង់ សូមឲ្យយើងខំប្រឹងយ៉ាងស្វាហាប់ក្នុងកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រ និងកិច្ចការបង្កើតឲ្យមានសិស្ស ហើយឲ្យមានចិត្តអង់អាចក្លាហានក្នុងការនិយាយអំពីបន្ទូលរបស់ព្រះ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; កិច្ចការ ៤:២៩-៣១; ភីលីព ១:១៤) សូមកុំឲ្យយើងខាននឹកឃើញពីគ្រាដែលយើងកំពុងតែរស់នៅ ឬខកខានមិនបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់និងប្រព្រឹត្តការល្អទៅវិញទៅមកនោះ។ (ម៉ាកុស ១៣:២៨-៣៣; ហេព្រើរ ១០:២៤, ២៥) សូមឲ្យយើងទុកឲ្យអំពើប្រព្រឹត្តទាំងមូលរបស់យើង បានដឹកនាំដោយការធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយចូរឲ្យដឹងថា យើងកំពុងតែរស់នៅក្នុង‹គ្រាចុងបញ្ចប់›។—ដានីយ៉ែល ១២:៤
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ចំណេះរបស់ព្រះយេស៊ូដែលថាទ្រង់ជិតសោយទិវង្គត បានមានឥទ្ធិពលយ៉ាងណាលើកិច្ចបំរើចុងក្រោយរបស់ទ្រង់នៅឯព្រះវិហារក្នុងទីក្រុងយេរូសាឡិម?
• តើអ្វីដែលបង្ហាញថាព្រះយេស៊ូ‹ស្រឡាញ់ពួកសិស្សទ្រង់រហូតដល់ទីបញ្ចប់›?
• តើព្រឹត្ដិការណ៍ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនៃព្រះជន្មរបស់ព្រះយេស៊ូ បញ្ជាក់អ្វីអំពីទ្រង់នោះ?
• តើយើងអាចយកតម្រាប់តាមព្រះគ្រីស្ទយេស៊ូក្នុងកិច្ចបំរើយើងយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៣២]
ព្រះយេស៊ូ‹ស្រឡាញ់ពួកគេរហូតដល់ទីបញ្ចប់›