ជំពូកទី១០៣
លោកសម្អាតវិហារម្ដងទៀត
ម៉ាថាយ ២១:១២, ១៣, ១៨, ១៩ ម៉ាកុស ១១:១២-១៨ លូកា ១៩:៤៥-៤៨ យ៉ូហាន ១២:២០-២៧
លោកយេស៊ូដាក់បណ្ដាសាដើមល្វាតូច ហើយសម្អាតវិហារ
លោកយេស៊ូត្រូវស្លាប់ដើម្បីឲ្យមនុស្សឯទៀតទទួលជីវិត
ក្រោយពីលោកយេស៊ូនិងពួកអ្នកកាន់តាមបានចេញពីក្រុងយេរីខូ ពួកគាត់ស្នាក់នៅភូមិបេថានីអស់បីយប់។ ឥឡូវ នៅព្រឹកព្រលឹមថ្ងៃច័ន្ទ ទី១០ ខែណែសាន ពួកគាត់ធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិម។ នៅពេលធ្វើដំណើរ លោកយេស៊ូក៏ចាប់ផ្ដើមឃ្លាន ដូច្នេះពេលលោកឃើញដើមល្វាតូចមួយ លោកដើរទៅដើមនោះ។ តើដើមល្វាតូចនោះមានផ្លែឬទេ?
ឥឡូវនេះគឺចុងខែមីនាហើយ តែរដូវផ្លែល្វាគឺនៅខែមិថុនា។ យ៉ាងណាក្ដី ដើមល្វាតូចនោះចេញស្លឹកមុនរដូវ។ ហេតុនេះ លោកយេស៊ូគិតថាដើមល្វាតូចនោះប្រហែលជាមានផ្លែមុនរដូវ។ ប៉ុន្តែ ពេលទៅដល់ លោកឃើញថាវាគ្មានផ្លែសោះ។ ដើមនោះចេញស្លឹកដែលធ្វើឲ្យគេច្រឡំថាវាមានផ្លែ។ ដូច្នេះ លោកយេស៊ូស្រដីទៅកាន់ដើមនោះថា៖ «ចាប់តាំងពីឥឡូវនេះរហូតទៅ កុំឲ្យមានអ្នកណាបរិភោគផ្លែរបស់ឯងទៀតឡើយ»។ (ម៉ាកុស ១១:១៤) រំពេចនោះដើមល្វាតូចបានក្រៀមស្វិតទៅ។ អ្នកកាន់តាមលោកនឹងរៀនមេរៀនអំពីដើមល្វានោះនៅព្រឹកថ្ងៃបន្ទាប់។
មិនយូរប៉ុន្មានក្រោយមក លោកយេស៊ូនិងពួកអ្នកកាន់តាមទៅដល់ក្រុងយេរូសាឡិម។ រួចលោកចូលទៅក្នុងវិហារដែលលោកបានសង្កេតមើលនៅពេលរសៀលម្សិលមិញ។ ថ្ងៃនេះ លោកមិនគ្រាន់តែសង្កេតមើលវិហារប៉ុណ្ណោះទេ តែលោកបានធ្វើអ្វីមួយដូចដែលលោកបានធ្វើនៅបីឆ្នាំមុនក្នុងបុណ្យរំលងឆ្នាំ៣០ គ.ស.។ (យ៉ូហាន ២:១៤-១៦) លើកនេះ លោកយេស៊ូបណ្ដេញ«ទាំងអ្នកលក់ទាំងអ្នកទិញ» ហើយលោកក៏ផ្កាប់«តុរបស់អ្នកដូរប្រាក់ និងជើងម៉ាវែងរបស់អ្នកលក់សត្វព្រាប»។ (ម៉ាកុស ១១:១៥) ម្យ៉ាងទៀត លោកក៏មិនអនុញ្ញាតឲ្យអ្នកណាជញ្ជូនរបស់របរកាត់តាមទីធ្លាវិហារដែរ។
ហេតុអ្វីលោកយេស៊ូចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដូរប្រាក់និងអ្នកលក់សត្វក្នុងវិហារ? លោកមានប្រសាសន៍ថា៖ «បទគម្ពីរចែងថា៖ ‹កន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ឲ្យប្រជាជាតិទាំងអស់មកអធិដ្ឋាន› មែនទេ? ប៉ុន្តែអ្នករាល់គ្នាបានយកធ្វើជាសម្បុកចោរវិញ»។ (ម៉ាកុស ១១:១៧) មូលហេតុដែលលោកហៅអ្នកលក់ដូរទាំងនោះថាជាចោរ គឺដោយសារពួកគេយកតម្លៃហួសប្រមាណពីអស់អ្នកដែលត្រូវការទិញសត្វដើម្បីប្រគល់ជាគ្រឿងបូជា។ លោកយេស៊ូចាត់ទុកការប្រព្រឹត្តរបស់ពួកគេ គឺប្រៀបដូចជាការប្លន់ឬការគំរាមយកទ្រព្យ។
ពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកអ្នកខ្លះដែលមានមុខមាត់ច្បាស់ជាបានឮអំពីអ្វីដែលលោកយេស៊ូបានធ្វើ។ ដូច្នេះពួកគេចាប់ផ្ដើមរកមធ្យោបាយម្ដងទៀត ដើម្បីសម្លាប់លោក។ ក៏ប៉ុន្តែ ពួកគេមានបញ្ហាមួយ គឺពួកគេមិនដឹងថាពួកគេអាចសម្លាប់លោកយេស៊ូតាមរបៀបណានោះទេ ពីព្រោះបណ្ដាជនកំពុងចោមរោមស្ដាប់លោក។
ទាំងជនជាតិយូដាទាំងអ្នកដែលចូលសាសនាយូដា បានមកចូលរួមបុណ្យរំលង ហើយក៏មានជនជាតិក្រិចមួយចំនួនដែរ។ ជនជាតិក្រិចទាំងនោះបានទៅជួបភីលីពដើម្បីសុំជួបលោកយេស៊ូ។ ពួកគេទៅជួបភីលីពប្រហែលជាដោយសារគាត់មានឈ្មោះជាភាសាក្រិច។ ភីលីពប្រហែលជាមិនសូវដឹងច្បាស់ថាការជួបបែបនេះគឺសម ឬក៏មិនសមនោះទេ ដូច្នេះគាត់ពិគ្រោះគ្នាជាមួយនឹងអនទ្រេ។ រួចពួកគាត់យករឿងនោះទៅជម្រាបលោកយេស៊ូ។ តាមមើលទៅ លោកនៅឯវិហារនៅឡើយ។
លោកយេស៊ូដឹងថាពីរបីថ្ងៃទៀតលោកនឹងស្លាប់ ដូច្នេះនេះមិនមែនជាពេលសម្រាប់បំពេញបំណងចិត្តរបស់មនុស្ស ឬក៏ជាពេលដើម្បីស្វែងរកឈ្មោះល្បីនោះឡើយ។ លោកឆ្លើយតបនឹងសាវ័កទាំងពីរនាក់នោះដោយលើកឧទាហរណ៍មួយថា៖ «គឺដល់ពេលឲ្យកូនមនុស្សទទួលសិរីរុងរឿងហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើគ្រាប់ស្រូវសាលីមួយមិនធ្លាក់ដល់ដីហើយងាប់ទៅ នោះវានៅតែជាគ្រាប់មួយប៉ុណ្ណោះ។ ប៉ុន្តែបើគ្រាប់នោះងាប់វិញ វាបង្កើតផលជាច្រើន»។—យ៉ូហាន ១២:២៣, ២៤
តាមមើលទៅ គ្រាប់ស្រូវសាលីមួយប្រហែលជាមិនសូវមានតម្លៃទេ។ ប៉ុន្តែ បើគ្រាប់ស្រូវនោះបានត្រូវកប់ក្នុងដី ហើយ«ងាប់» នោះវាអាចចេញពន្លក ហើយមួយរយៈពេលក្រោយមក វាបែកចេញជាកួរស្រូវដែលមានគ្រាប់ស្រូវសាលីជាច្រើន។ ស្រដៀងគ្នាដែរ លោកយេស៊ូគឺជាបុរសល្អឥតខ្ចោះម្នាក់។ ប៉ុន្តែ បើលោកយេស៊ូរក្សាភាពស្មោះត្រង់ចំពោះព្រះរហូតដល់ស្លាប់ នោះលោកនឹងទៅជាខ្សែរយៈដែលព្រះប្រើ ដើម្បីផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់មនុស្សជាច្រើន ដែលមានចិត្តគំនិតលះបង់ប្រយោជន៍ខ្លួនដូចលោកយេស៊ូដែរ។ ម្ល៉ោះហើយ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកណាដែលស្រឡាញ់ជីវិតខ្លួន អ្នកនោះបំផ្លាញជីវិតខ្លួនវិញ ប៉ុន្តែអ្នកដែលស្អប់ជីវិតខ្លួនក្នុងពិភពលោកនេះ នឹងរក្សាជីវិតដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ១២:២៥
ពេលលោកយេស៊ូមានប្រសាសន៍ដូច្នេះ លោកក៏គិតអំពីអ្នកឯទៀតដែរ ពីព្រោះលោកមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ហើយកន្លែងណាដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះនឹងទទួលកិត្ដិយសពីបិតាដែលស្ថិតនៅស្ថានសួគ៌»។ (យ៉ូហាន ១២:២៦) នេះពិតជារង្វាន់ដ៏អស្ចារ្យណាស់! អស់អ្នកដែលទទួលកិត្ដិយសពីបិតា នឹងទៅជាអ្នកគ្រប់គ្រងជាមួយនឹងគ្រិស្តក្នុងរាជាណាចក្រ។
បន្ទាប់មក លោកយេស៊ូចាប់ផ្ដើមគិតអំពីការឈឺចាប់និងសេចក្ដីស្លាប់ដ៏វេទនាដែលលោកនឹងជួបប្រទះ នោះលោកក៏មានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំពិបាកចិត្តណាស់ ហើយតើខ្ញុំអាចនិយាយយ៉ាងណា? បិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចពីគ្រានេះ»។ ប៉ុន្តែ លោកយេស៊ូមិនចង់គេចវេះពីការធ្វើតាមគោលបំណងរបស់ព្រះនោះឡើយ។ ហេតុនេះ លោកមានប្រសាសន៍បន្តថា៖ «ប៉ុន្តែហេតុនេះហើយបានជាខ្ញុំមក គឺដើម្បីឆ្លងកាត់គ្រានេះ»។ (យ៉ូហាន ១២:២៧) លោកយេស៊ូយល់ស្របនឹងគោលបំណងទាំងអស់របស់ព្រះ រួមទាំងការស្លាប់របស់លោកជាគ្រឿងបូជាទៀតផង។