ចូរជួយអ្នកឯទៀតឲ្យស្ដាប់តាមអ្វីដែលព្រះគម្ពីរបង្រៀន
«ពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ»។ —លូកា ៨:១៥
១, ២. (ក) តើសៀវភៅព្រះគម្ពីរបង្រៀនបានត្រូវរៀបចំឡើងដើម្បីគោលបំណងអ្វី? (ខ) ក្នុងឆ្នាំថ្មីៗនេះ តើព្រះយេហូវ៉ាបានប្រទានពរយ៉ាងណាដល់ការខំប្រឹងប្រែងរបស់រាស្ត្រទ្រង់ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស?
«សៀវភៅព្រះគម្ពីរបង្រៀនគឺជាសៀវភៅមួយល្អបំផុត។ សិស្សព្រះគម្ពីររបស់ខ្ញុំចូលចិត្តណាស់។ ខ្ញុំពេញចិត្តណាស់។ សៀវភៅនេះអាចជួយយើងឲ្យចាប់ផ្ដើមការសិក្សាព្រះគម្ពីរនៅតាមមាត់ទ្វារផ្ទះ»។ នេះជាសម្ដីរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ដែលជាអ្នកត្រួសត្រាយពេញពេល ស្តីអំពីសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?a អ្នកផ្សព្វផ្សាយវ័យចំណាស់ម្នាក់បាននិយាយអំពីសៀវភៅនេះដោយពោលថា៖ «ក្នុងអំឡុង៥០ឆ្នាំដែលខ្ញុំមានឯកសិទ្ធិជួយមនុស្សជាច្រើនឲ្យស្គាល់ព្រះយេហូវ៉ាយ៉ាងសកម្មនោះ មិនដែលមានសៀវភៅណាល្អដូចសៀវភៅនេះទេ។ សៀវភៅនេះមានពាក្យប្រៀបធៀបដែលលើកទឹកចិត្ត និងរូបភាពផ្សេងៗដែលធ្វើឲ្យខ្ញុំរំភើបចិត្ត»។ តើអ្នកមានអារម្មណ៍ដូចនេះ ស្តីពីសៀវភៅព្រះគម្ពីរបង្រៀនទេ? សៀវភៅជំនួយក្នុងការសិក្សាព្រះគម្ពីរនេះ បានត្រូវរៀបចំឡើងដើម្បីជួយអ្នកឲ្យបំពេញតាមបង្គាប់របស់ព្រះយេស៊ូដែលថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . បង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។—ម៉ាថាយ ២៨:១៩, ២០
២ ព្រះយេហូវ៉ាពិតជាមានព្រះហឫទ័យរីករាយដោយឃើញស្មរបន្ទាល់របស់ទ្រង់ប្រមាណ៦.៦០០.០០០នាក់ស្ម័គ្រចិត្តធ្វើតាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (សុភាសិត ២៧:១១) ព្រះយេហូវ៉ាពិតជាប្រទានពរដល់ការខំប្រឹងប្រែងរបស់ពួកគេ។ ក្នុងអំឡុងកិច្ចបម្រើឆ្នាំ២០០៥ សារដំណឹងល្អបានផ្សព្វផ្សាយក្នុង២៣៥ប្រទេស និងមានការដឹកនាំការសិក្សាព្រះគម្ពីរជាង៦.០៦១.៥០០ជាមធ្យម។ ជាលទ្ធផលមនុស្សជាច្រើន‹បានទទួលព្រះបន្ទូលជាដំណឹងពីព្រះ មិនបានទទួលទុកដូចជាពាក្យរបស់មនុស្សទេ តែបានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះ›។ (ថែស្សាឡូនីចទី១ ២:១៣) ក្នុងអំឡុងពីរឆ្នាំកន្លងទៅនេះ មានសិស្សថ្មីជាងប្រាំសែននាក់ដែលបានកែប្រែជីវិត ហើយរស់នៅសមស្របតាមគោលការណ៍របស់ព្រះយេហូវ៉ា និងបានឧទ្ទិសថ្វាយខ្លួនដល់ទ្រង់។
៣. តើមានសំណួរអ្វីខ្លះដែលយើងនឹងពិចារណាក្នុងអត្ថបទនេះ ដើម្បីជួយយើងឲ្យចេះប្រើសៀវភៅព្រះគម្ពីរបង្រៀន?
៣ នៅពេលថ្មីៗនេះ តើអ្នកមានអំណរដោយបានដឹកនាំការសិក្សាព្រះគម្ពីរជាមួយនរណាម្នាក់ទេ? ទូទាំងផែនដី នៅតែមានមនុស្ស«ដែលមានចិត្តទៀងត្រង់ល្អ»បានឮព្រះបន្ទូលរបស់ព្រះហើយ«យកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ»។ (លូកា ៨:១១-១៥) ចូរយើងពិចារណាពីរបៀបដែលអ្នកអាចប្រើសៀវភៅព្រះគម្ពីរបង្រៀនក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ យើងនឹងពិភាក្សាសំណួរបីយ៉ាង (១) តើអ្នកអាចចាប់ផ្ដើមការសិក្សាព្រះគម្ពីរយ៉ាងដូចម្ដេច? (២) តើវិធីបង្រៀនណាដែលមានប្រសិទ្ធភាពបំផុត? (៣) តើអ្នកអាចជួយបុគ្គលម្នាក់ឲ្យក្លាយជាសិស្សព្រះគម្ពីរ និងក្រោយមកក្លាយទៅជាអ្នកបង្ហាត់បង្រៀនបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
របៀបដែលអ្នកអាចចាប់ផ្ដើមការសិក្សាព្រះគម្ពីរ
៤. ហេតុអ្វីបានជាអ្នកខ្លះស្ទាក់ស្ទើរក្នុងការសិក្សាព្រះគម្ពីរ? ហើយតើយើងអាចជួយពួកគេឲ្យយកឈ្នះចិត្តស្ទាក់ស្ទើរតាមរបៀបណា?
៤ ប្រសិនបើគេសុំឲ្យអ្នកលោតផ្លោះអូរដ៏ធំមួយតែមួយដង អ្នកប្រហែលជាបដិសេធសំណូមពរនោះ។ ក៏ប៉ុន្តែ បើសិនជាមានផ្ទាំងថ្មខ្លះៗល្មមជាន់ដើម្បីផ្លោះបាន ប្រហែលជាអ្នកចង់លោតជាង។ ដូចគ្នាដែរ មនុស្សម្នាក់ដែលជាប់រវល់អាចស្ទាក់ស្ទើរក្នុងការសិក្សាព្រះគម្ពីរ។ ម្ចាស់ផ្ទះអាចគិតថាដើម្បីសិក្សាព្រះគម្ពីរគឺត្រូវចំណាយពេលនិងត្រូវខំប្រឹងប្រែងច្រើន។ តើអ្នកអាចជួយម្ចាស់ផ្ទះឲ្យយកឈ្នះលើចិត្តស្ទាក់ស្ទើរយ៉ាងដូចម្ដេច? អ្នកអាចប្រើសៀវភៅព្រះគម្ពីរបង្រៀនដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះយ៉ាងទៀងទាត់ជាមួយម្ចាស់ផ្ទះ ដោយពិភាក្សាព័ត៌មានខ្លីៗដែលមានប្រយោជន៍មួយចំនួនសិន។ បើអ្នកសិក្សារៀបចំឲ្យបានល្អ ការត្រឡប់ទៅជួបម្ដងៗនឹងប្រៀបដូចជាផ្ទាំងថ្មដែលអាចជាន់ ដើម្បីជួយគាត់ឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។
៥. ហេតុអ្វីបានជាអ្នកត្រូវតែអានសៀវភៅព្រះគម្ពីរបង្រៀន?
៥ យ៉ាងណាក៏ដោយ មុនដែលអ្នកអាចជួយនរណាម្នាក់ឲ្យក្រសោបយកប្រយោជន៍ពីសៀវភៅព្រះគម្ពីរបង្រៀនបាន អ្នកចាំបាច់ត្រូវយល់ឲ្យច្បាស់ពីព័ត៌មាននៅក្នុងសៀវភៅនេះសិន។ តើអ្នកបានអានសៀវភៅនេះទាំងមូលហើយឬនៅ? ពេលទៅវិស្សមកាល ស្វាមីភរិយាមួយគូបានយកសៀវភៅនេះទៅជាមួយ ហើយចាប់ផ្ដើមអានពេលគាត់សម្រាកលំហែកាយនៅមាត់សមុទ្រ។ ពេលដែលស្ត្រីម្នាក់ដើរលក់អីវ៉ាន់មកជិតពួកគាត់ បានឃើញចំណងជើងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? នាងបានប្រាប់គូស្វាមីភរិយាថា ពីរបីម៉ោងមុននាងបានអធិស្ឋានដល់ព្រះពីសំណួរដូចនេះ ហើយក៏បានសូមឲ្យទ្រង់ផ្ដល់ចម្លើយដល់នាងដែរ។ ដោយចិត្តរីករាយគូស្វាមីភរិយាមួយគូនោះបានជូនសៀវភៅមួយក្បាលដល់នាង។ តើអ្នក«លៃយកឱកាស»ដើម្បីអានសៀវភៅនេះទេ? បើអានហើយប្រហែលអានជាលើកទីពីរ ពេលដែលរង់ចាំការណាត់ជួប ឬពេលសម្រាកនៅកន្លែងធ្វើការ ឬក៏នៅសាលារៀន។ (អេភេសូរ ៥:១៥, ១៦) បើអ្នកធ្វើដូច្នេះ អ្នកនឹងយល់ព័ត៌មានដែលមានក្នុងសៀវភៅនេះកាន់តែច្បាស់ ហើយអាចចាប់ផ្ដើមនិយាយប្រាប់អ្នកឯទៀតពីព័ត៌មានទាំងអស់នោះ។
៦, ៧. តើតាមរបៀបណាដែលអ្នកអាចប្រើសៀវភៅព្រះគម្ពីរបង្រៀនដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ?
៦ ពេលយើងផ្ដល់សៀវភៅនៅក្នុងកិច្ចបម្រើផ្សាយជាសាធារណៈ ចូរប្រើដោយប្រសិទ្ធភាពនូវរូបភាព បទគម្ពីរ និងសំណួរនៅទំព័របួន ប្រាំ និងប្រាំមួយ។ ជាឧទាហរណ៍ អ្នកអាចចាប់ផ្ដើមការសន្ទនាដោយសួរថា៖ «ដោយឃើញថាសព្វថ្ងៃនេះមានបញ្ហាច្រើនដល់ម្ល៉េះ តើអ្នកគិតថាយើងអាចរកឃើញការណែនាំដែលគួរឲ្យទុកចិត្តនៅទីណាបាន?»។ ក្រោយពីស្ដាប់ដោយយកចិត្តទុកដាក់នូវចម្លើយរបស់ម្ចាស់ផ្ទះ សូមអានធីម៉ូថេទី២ ៣:១៦, ១៧ រួចពន្យល់ថាព្រះគម្ពីរប្រាប់អំពីដំណោះស្រាយដ៏ពិតមួយចំពោះបញ្ហារបស់មនុស្សជាតិ។ រួចហើយបើកសៀវភៅព្រះគម្ពីរបង្រៀន នៅទំព័របួននិងប្រាំ ក្រោយមកបង្ហាញម្ចាស់ផ្ទះព្រមទាំងសួរថា៖ «តើរូបភាពមួយណានៅទំព័រនេះដែលអ្នកចាប់អារម្មណ៍ជាងគេ?»។ នៅពេលដែលម្ចាស់ផ្ទះចង្អុលរូបភាពណាមួយ សុំគាត់ឲ្យកាន់សៀវភៅ រួចអ្នកអានបទគម្ពីរដែលដកស្រង់នៅទីនោះពីព្រះគម្ពីររបស់អ្នក។ បន្ទាប់មកសូមអានទំព័រ៦ ហើយសួរម្ចាស់ផ្ទះថា៖ «តើសំណួរណាមួយដែលអ្នកចង់បានចម្លើយ ពីចំណោមសំណួរទាំង៦ដែលមាននៅចុងទំព័រនេះ?»។ ពេលគេប្រាប់សំណួរណាមួយហើយ ចូរបង្ហាញជំពូកដែលមានចម្លើយចំពោះសំណួរនោះ។ ចូរទុកសៀវភៅឲ្យម្ចាស់ផ្ទះ ហើយណាត់ពេលឲ្យបានត្រឹមត្រូវក្នុងការត្រឡប់មកវិញដើម្បីពិភាក្សាអំពីសំណួរនោះ។
៧ ពាក្យផ្សាយដែលទើបតែរៀបរាប់ខាងលើនេះត្រូវការប្រហែលតែប្រាំនាទីប៉ុណ្ណោះ។ ក្នុងរយៈពេលតែប្រាំនាទីនោះ អ្នកបានស្គាល់ចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះ បានអាននិងពន្យល់បទគម្ពីរពីរ ហើយបានរៀបចំឲ្យមានមូលដ្ឋានដើម្បីត្រឡប់ទៅជួបគាត់។ ការសន្ទនាយ៉ាងខ្លីជាមួយម្ចាស់ផ្ទះប្រហែលជាការលើកទឹកចិត្ត និងជាការសម្រាលទុក្ខល្អបំផុតដែលគាត់មិនធ្លាប់មានយូរមកហើយ។ ជាលទ្ធផល សូម្បីតែមនុស្សដែលជាប់រវល់ក៏ដោយប្រហែលជាចង់ចំណាយពេលថែមបន្ដិចទៀតជាមួយអ្នក ជាឱកាសដែលអ្នកអាចជួយពួកគេឲ្យឈានទៅរក‹ផ្លូវដែលនាំទៅឯជីវិត›។ (ម៉ាថាយ ៧:១៤) ក្នុងពេលដែលម្ចាស់ផ្ទះកាន់តែចាប់អារម្មណ៍ ការសិក្សាក៏គួរចំណាយពេលយូរជាងដែរ។ ការនេះអាចសម្រេចបានដោយស្នើម្ចាស់ផ្ទះអង្គុយនិងសិក្សាយូរជាង។
វិធីបង្រៀនដែលមានប្រសិទ្ធភាពបំផុត
៨, ៩. (ក) តើអ្នកអាចបង្ហាត់សិស្សព្រះគម្ពីរឲ្យត្រៀមខ្លួនដើម្បីយកឈ្នះលើឧបសគ្គនិងការល្បងលដែលគាត់នឹងជួបប្រទះយ៉ាងដូចម្ដេច? (ខ) តើសម្ភារៈដែលធន់នឹងភ្លើងអាចរកបាននៅទីណា?
៨ នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមធ្វើតាមអ្វីដែលព្រះគម្ពីរបង្រៀន គាត់ទំនងជាជួបឧបសគ្គដែលអាចរារាំងការរីកចម្រើនរបស់គាត់។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។ (ធីម៉ូថេទី២ ៣:១២) ប៉ុលប្រៀបធៀបទុក្ខលំបាកទាំងនេះទៅនឹងភ្លើងដែលអាចបំផ្លាញសម្ភារៈដែលមានគុណភាពមិនល្អ ក៏ប៉ុន្តែមិនអាចបង្ខូចដល់សម្ភារៈដូចជាមាស ប្រាក់ និងត្បូងដែលមានតម្លៃបានឡើយ។ (កូរិនថូសទី១ ៣:១០-១៣; ពេត្រុសទី១ ១:៦, ៧) អ្នកត្រូវជួយសិស្សព្រះគម្ពីរឲ្យបណ្ដុះនូវគុណសម្បត្ដិដូចសម្ភារៈដែលធន់នឹងភ្លើង ដើម្បីទប់ទល់នឹងការល្បងលដែលគាត់ប្រហែលជាជួបប្រទះក្នុងជីវិត។
៩ អ្នកតែងបទទំនុកដំកើងប្រដូច«ព្រះបន្ទូលនៃព្រះយេហូវ៉ា»ទៅនឹង«ប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដង»។ (ទំនុកដំកើង ១២:៦) ប្រាកដណាស់ ព្រះគម្ពីរមានសម្ភារៈដែលមានតម្លៃទាំងអស់នោះ ដែលអាចប្រើដើម្បីកសាងជំនឿឲ្យបានរឹងមាំ។ (ទំនុកដំកើង ១៩:៧-១១; សុភាសិត ២:១-៦) សៀវភៅព្រះគម្ពីរបង្រៀនបង្ហាញអ្នកពីរបៀបប្រើបទគម្ពីរដោយប្រសិទ្ធភាព។
១០. តើអ្នកអាចជួយសិស្សឲ្យយកចិត្តទុកដាក់ទៅលើព្រះគម្ពីរយ៉ាងដូចម្ដេច?
១០ ក្នុងអំឡុងពេលសិក្សា សូមជួយសិស្សឲ្យប្រមូលអារម្មណ៍ទៅលើបទគម្ពីរដែលមានក្នុងជំពូកនីមួយៗ។ សូមប្រើសំណួរដើម្បីជួយសិស្សឲ្យយល់បទគម្ពីរសំខាន់ៗ និងរបៀបដែលគាត់អាចអនុវត្តតាមក្នុងជីវិត។ ចូរប្រយ័ត្នកុំប្រាប់គាត់ថាត្រូវធ្វើអ្វី។ ផ្ទុយទៅវិញ ចូរយកតម្រាប់តាមព្រះយេស៊ូ។ ពេលបុរសម្នាក់ដែលចេះច្បាប់បានសួរសំណួរដល់ព្រះយេស៊ូ ទ្រង់មានបន្ទូលសួរថា៖ «ក្នុងក្រិត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្ដេចខ្លះ? តើអ្នកមើលយល់ដូចម្ដេច?»។ បុរសនោះផ្ដល់ចម្លើយពីព្រះគម្ពីរ ព្រះយេស៊ូក៏ជួយគាត់ឲ្យយល់ និងបញ្ជាក់ពីរបៀបដែលគាត់អាចធ្វើតាមគោលការណ៍នោះក្នុងជីវិត។ ដោយប្រើឧទាហរណ៍និទស្សន៍ ព្រះយេស៊ូក៏បានជួយបុរសនោះឲ្យយល់ពីសេចក្ដីបង្រៀនដែលគួរមានអានុភាពយ៉ាងណាទៅលើគាត់។ (លូកា ១០:២៥-៣៧) សៀវភៅព្រះគម្ពីរបង្រៀនមានឧទាហរណ៍និទស្សន៍ដែលស្រួលយល់ជាច្រើន ដែលអ្នកអាចជួយសិស្សឲ្យយល់និងអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។
១១. តើប៉ុន្មានវគ្គដែលអ្នកគួរបង្រៀនសិស្សក្នុងពេលសិក្សាម្ដងៗ?
១១ សៀវភៅព្រះគម្ពីរបង្រៀនប្រើពាក្យងាយយល់ហើយចំៗដើម្បីបកស្រាយបន្ទូលរបស់ព្រះ ដូចព្រះយេស៊ូបានពន្យល់អ្វីដែលស្មុគស្មាញដោយប្រើពាក្យស្រួលយល់ដែរ។ (ម៉ាថាយ ៧:២៨, ២៩) ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូ ដោយធ្វើឲ្យព័ត៌មានទៅជាងាយយល់ ច្បាស់ និងត្រឹមត្រូវ។ កុំសិក្សាលឿនពេក។ ផ្ទុយទៅវិញ ចំនួនវគ្គពេលសិក្សាម្ដងៗ អាស្រ័យទៅតាមកាលៈទេសៈនិងសមត្ថភាពរបស់សិស្ស។ ព្រះយេស៊ូយល់កម្រិតសមត្ថភាពរបស់សិស្សទ្រង់ ដូច្នេះ ទ្រង់បង្រៀនទៅតាមអ្វីដែលពួកគេត្រូវការនឹងអាចទទួលបាននៅពេលនោះ។—យ៉ូហាន ១៦:១២
១២. តើគួរប្រើការពន្យល់បន្ថែមតាមរបៀបណា?
១២ សៀវភៅព្រះគម្ពីរបង្រៀនមានការពន្យល់បន្ថែម១៤ប្រធាន។ យោងទៅតាមសេចក្ដីត្រូវការរបស់សិស្ស យើងជាអ្នកបង្ហាត់បង្រៀនអាចកំណត់ថាការពន្យល់បន្ថែមនេះត្រូវប្រើយ៉ាងណាដើម្បីឲ្យបានប្រយោជន៍ច្រើនបំផុត។ ជាឧទាហរណ៍ បើសិស្សពិបាកយល់ពីប្រធានណាមួយ ឬក៏មានសំណួរពីបញ្ហាជាក់លាក់ណាមួយដោយព្រោះធ្លាប់មានជំនឿសាសនាពីមុន អ្នកគ្រាន់តែបង្ហាញការពន្យល់បន្ថែមដែលទាក់ទងនឹងចម្ងល់របស់គាត់ និងឲ្យគាត់ពិចារណាដោយខ្លួនឯងប្រហែលជាគ្រប់គ្រាន់ហើយ។ ផ្ទុយទៅវិញ សិស្សប្រហែលជាត្រូវការអ្នកដើម្បីសិក្សាព័ត៌មាននោះជាមួយគ្នា។ ការពន្យល់បន្ថែមមានប្រធានពីបទគម្ពីរដ៏សំខាន់ដូចជា«តើអ្វីជាអត្ថន័យពិតប្រាកដនៃពាក្យ‹ព្រលឹង›និង‹វិញ្ញាណ›?» និង«ការសម្គាល់‹បាប៊ីឡូនដ៏ជាធំ›»។ អ្នកប្រហែលជាចង់ពិភាក្សាប្រធានទាំងនេះជាមួយសិស្សរបស់អ្នក។ ដោយហេតុថាគ្មានសំណួរនៅក្នុងការពន្យល់បន្ថែម ហេតុនេះហើយអ្នកចាំបាច់ត្រូវសិក្សាឲ្យបានដិតដល់ដើម្បីចងក្រងជាសំណួរ។
១៣. តើសេចក្ដីអធិស្ឋានសំខាន់យ៉ាងណាក្នុងការពង្រឹងជំនឿ?
១៣ ទំនុកដំកើង ១២៧:១ចែងថា៖ «បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ»។ ដូច្នេះហើយ សូមអធិស្ឋានសុំជំនួយពីព្រះយេហូវ៉ាពេលអ្នករៀបចំសិក្សាមុនទៅបង្រៀនសិស្ស។ ចូរបង្ហាញពីចំណងមេត្រីភាពយ៉ាងកក់ក្ដៅរបស់អ្នកជាមួយព្រះយេហូវ៉ា ពេលអ្នកអធិស្ឋានចាប់ផ្ដើមនិងបញ្ចប់ការសិក្សាម្ដងៗ។ ចូរលើកទឹកចិត្តសិស្សឲ្យអធិស្ឋានដល់ព្រះយេហូវ៉ាសុំប្រាជ្ញាដើម្បីយល់បន្ទូលរបស់ទ្រង់ និងសុំកម្លាំងដើម្បីធ្វើតាមឱវាទទ្រង់។ (យ៉ាកុប ១:៥) បើគាត់ធ្វើដូច្នេះ សិស្សព្រះគម្ពីរនឹងទទួលកម្លាំងដើម្បីស៊ូទ្រាំទុក្ខលំបាក ហើយនឹងបន្តលូតលាស់ក្នុងជំនឿឲ្យកាន់តែរឹងមាំដែរ។
ចូរជួយសិស្សព្រះគម្ពីរឲ្យក្លាយទៅជាអ្នកបង្ហាត់បង្រៀន
១៤. តើសិស្សព្រះគម្ពីរត្រូវធ្វើអ្វីដើម្បីរីកចម្រើន?
១៤ បើសិស្សព្រះគម្ពីរព្រមស្ដាប់«គ្រប់ទាំងសេចក្ដី»ដែលព្រះយេស៊ូបង្គាប់ដល់សិស្សទ្រង់ នោះពួកគេត្រូវមានការរីកចម្រើនពីសិស្សទៅជាអ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១:៦-៨) តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីជួយសិស្សឲ្យមានការរីកចម្រើនបែបនេះ?
១៥. ហេតុអ្វីបានជាអ្នកគួរតែលើកទឹកចិត្តសិស្សព្រះគម្ពីរឲ្យចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក?
១៥ ចូរអញ្ជើញសិស្សឲ្យចូលរួមកិច្ចប្រជុំជាមួយអ្នកចាប់ពីការសិក្សាដំបូងតែម្ដង។ ចូរពន្យល់សិស្សថានៅកិច្ចប្រជុំគាត់នឹងទទួលបានការហ្វឹកហ្វឺនដើម្បីឲ្យទៅជាអ្នកបង្ហាត់បង្រៀនបន្ទូលរបស់ព្រះ។ អស់ប៉ុន្មានសប្ដាហ៍ដំបូង សូមយកពីរបីនាទីនៅចុងការសិក្សាដើម្បីរៀបរាប់ពីការបង្រៀនខាងបន្ទូលរបស់ព្រះនៅកិច្ចប្រជុំ និងសន្និបាតនានា។ ចូររៀបរាប់ដោយចិត្តរំភើបអំពីអត្ថប្រយោជន៍ដែលអ្នកបានទទួលពីកិច្ចប្រជុំទាំងនោះ។ (ហេព្រើរ ១០:២៤, ២៥) នៅពេលដែលសិស្សចាប់ផ្ដើមចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់ គាត់ទំនងជានឹងក្លាយទៅជាអ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ។
១៦, ១៧. តើគោលដៅអ្វីខ្លះដែលសិស្សព្រះគម្ពីរអាចមាន និងអាចសម្រេចបាន?
១៦ ចូរជួយសិស្សព្រះគម្ពីរឲ្យមានគោលដៅដែលគាត់អាចសម្រេចបាន។ ជាឧទាហរណ៍ លើកទឹកចិត្តគាត់ឲ្យប្រាប់ដល់មិត្តភក្ដិ ឬសាច់ញាតិពីអ្វីដែលគាត់កំពុងតែរៀន។ សូមជូនយោបល់ឲ្យគាត់មានគោលដៅដើម្បីអានព្រះគម្ពីរទាំងមូល។ បើអ្នកជួយគាត់ឲ្យមាននិងរក្សាទម្លាប់ក្នុងការអានព្រះគម្ពីរជាទៀងទាត់ ទម្លាប់នេះនឹងមានប្រយោជន៍ចំពោះគាត់ពេលក្រោយ ទោះជាបានទទួលបុណ្យជ្រមុជទឹកយូរហើយក៏ដោយ។ បន្ថែមទៅទៀត គួរផ្ដល់យោបល់ឲ្យសិស្សមានគោលដៅយ៉ាងហោចណាស់ចាំបទគម្ពីរមួយ ដែលឆ្លើយសំណួរសំខាន់ពីជំពូកនីមួយៗនៃសៀវភៅព្រះគម្ពីរបង្រៀន។ ដោយធ្វើដូច្នេះ គាត់នឹងក្លាយ«ជាអ្នកធ្វើការដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។—ធីម៉ូថេទី២ ២:១៥
១៧ ជាជាងគ្រាន់តែបង្រៀនសិស្សឲ្យសូត្រតាមអ្វីដែលគេចាំពីបទគម្ពីរ ឬសង្ខេបពីចំណុចសំខាន់ៗ សូមលើកទឹកចិត្តគាត់ឲ្យពន្យល់ពីរបៀបដែលបទគម្ពីរត្រូវអនុវត្តតាមក្នុងការតបឆ្លើយចំពោះអស់អ្នកដែលសួរពីមូលហេតុនៃជំនឿរបស់គាត់។ ការហាត់សាកយ៉ាងខ្លីជាមួយគ្នាអាចមានប្រយោជន៍។ អ្នកអាចដើរតួជាសាច់ញាតិ ឬជាអ្នករួមការងារដែលសុំឲ្យគាត់ពន្យល់ពីជំនឿរបស់គាត់។ ចូរបង្ហាញសិស្សឲ្យចេះឆ្លើយតបដោយ«សុភាពហើយកោតខ្លាច[គោរព]»។—ពេត្រុសទី១ ៣:១៥
១៨. ពេលសិស្សមានលក្ខណៈគ្រប់គ្រាន់ជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក តើជំនួយអ្វីទៀតដែលអ្នកអាចជួយគាត់?
១៨ អស់មួយរយៈក្រោយមក សិស្សប្រហែលជាមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកិច្ចបម្រើផ្សាយ។ ចូរគូសបញ្ជាក់ថានេះជាឯកសិទ្ធិដ៏ប្រសើរមែន! ដែលអាចចូលរួមក្នុងកិច្ចបម្រើផ្សាយ។ (កូរិនថូសទី២ ៤:១, ៧) នៅពេលដែលអ្នកចាស់ទុំកំណត់ថាសិស្សមានលក្ខណៈគ្រប់គ្រាន់ជាអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក សូមជួយគាត់ឲ្យរៀបចំពាក្យផ្សាយដ៏ស្រួល រួចហើយទៅផ្សព្វផ្សាយជាមួយគាត់។ ចូរបន្តផ្សព្វផ្សាយជាទៀងទាត់ជាមួយគាត់តាមរបៀបផ្សេងៗ និងបង្រៀនគាត់ឲ្យចេះរៀបចំដើម្បីធ្វើការត្រឡប់ទៅជួបដោយមានប្រសិទ្ធភាព។ គំរូដ៏ល្អរបស់អ្នកផ្ទាល់នឹងមានឥទ្ធិពលល្អទៅលើគាត់ដែរ។—លូកា ៦:៤០
«អ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»
១៩, ២០. តើយើងគួរមានគោលដៅអ្វី? ហើយហេតុអ្វី?
១៩ ពិតណាស់ យើងត្រូវតែខំប្រឹងធ្វើការយ៉ាងនឿយហត់ដើម្បីជួយមនុស្សម្នាក់ «ឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) យ៉ាងណាក្ដី កម្រមានអំណរណាដែលធ្វើឲ្យយើងពេញចិត្តអាចប្រៀបផ្ទឹមនឹងការជួយមនុស្សឲ្យស្ដាប់តាមអ្វីដែលព្រះគម្ពីរបង្រៀនឡើយ។ (ថែស្សាឡូនីចទី១ ២:១៩, ២០) ប្រាកដណាស់ ពិតជាឯកសិទ្ធិដ៏អស្ចារ្យមែន! ដែលបានក្លាយជា«អ្នកធ្វើការជាមួយនឹងព្រះ»។—កូរិនថូសទី១ ៣:៩
២០ តាមរយៈព្រះយេស៊ូនិងពួកទេវតាដែលមានអំណាចដ៏ខ្លាំងក្លា ព្រះយេហូវ៉ានឹងជំនុំជម្រះអស់«អ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (ថែស្សាឡូនីចទី២ ១:៦-៨) ជីវិតមនុស្សកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់។ តើអ្នកអាចរៀបចំឲ្យមានគោលដៅដើម្បីដឹកនាំការសិក្សាព្រះគម្ពីរតាមផ្ទះ យ៉ាងហោចណាស់ឲ្យបានម្នាក់ដោយប្រើសៀវភៅព្រះគម្ពីរបង្រៀនទេ? ពេលអ្នកចូលរួមក្នុងកិច្ចការនេះ អ្នកមានឱកាសដើម្បី«សង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង»។ (ធីម៉ូថេទី១ ៤:១៦) ពេលឥឡូវនេះជាពេលបន្ទាន់ជាងមុនៗទៅទៀត ដែលយើងត្រូវជួយអ្នកឯទៀតឲ្យស្ដាប់តាមអ្វីដែលព្រះគម្ពីរបង្រៀន។
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកបានរៀនអ្វីខ្លះ?
• តើសៀវភៅព្រះគម្ពីរបង្រៀនបានរៀបចំឡើងដើម្បីគោលបំណងអ្វី?
• តើអ្នកអាចចាប់ផ្ដើមការសិក្សាព្រះគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀនយ៉ាងដូចម្ដេច?
• តើវិធីបង្រៀនណាដែលមានប្រសិទ្ធភាពបំផុត?
• តើអ្នកអាចជួយសិស្សឲ្យក្លាយទៅជាអ្នកបង្ហាត់បង្រៀនបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៨]
តើយើងព្យាយាមប្រើសៀវភៅនេះដើម្បីបានប្រយោជន៍ច្រើនបំផុតទេ?
[រូបភាពនៅទំព័រ១៩]
ការពិភាក្សាខ្លីៗអាចជំរុញចិត្តមនុស្ស ឲ្យចង់បានចំណេះពីព្រះគម្ពីរ
[រូបភាពនៅទំព័រ២០]
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទាក់ទាញអារម្មណ៍សិស្សទៅលើព្រះគម្ពីរ?
[រូបភាពនៅទំព័រ១៨]
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
[រូបភាពនៅទំព័រ២១]
ចូរជួយសិស្សព្រះគម្ពីរឲ្យរីកចម្រើន