ចម្រៀងថ្មីសម្រាប់ការគោរពប្រណិប័តន៍ព្រះ!
១ ថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ មានសេចក្ដីជូនដំណឹងមួយអំពីការកែសម្រួលសៀវភៅចម្រៀងរបស់យើងសាជាថ្មី។ នេះជាសេចក្ដីជូនដំណឹងដ៏គួរឲ្យរំភើបចិត្តមែន! បងប្អូនដែលបានចូលរួមបានត្រូវរំលឹកអំពីសារៈសំខាន់នៃចម្រៀងរាជាណាចក្រក្នុងការគោរពប្រណិប័តន៍ព្រះ។—ទំនុក. ៩៦:២
២ អ្នកប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីចាំបាច់កែសម្រួលសៀវភៅចម្រៀងរបស់យើង?›។ មានមូលហេតុខ្លះៗ។ ដំបូងបង្អស់ គឺដោយសារយើងមានការយល់ដឹងអំពីខគម្ពីរកាន់តែច្បាស់ឡើងៗ ហើយនេះអាចប៉ះពាល់ទៅលើពាក្យចម្រៀងរបស់យើង។ (សុភ. ៤:១៨) មូលហេតុមួយទៀតគឺដោយសារក្នុងភាសាជាច្រើន ឃ្លាផ្សេងៗក្នុងសៀវភៅចម្រៀងសព្វថ្ងៃនេះបានត្រូវដកស្រង់ពីសេចក្ដីបកប្រែពិភពលោកថ្មី ដែលមានពីមុន។ ហេតុនេះ ពាក្យចម្រៀងត្រូវកែតម្រូវឲ្យស្របតាមពាក្យក្នុងសេចក្ដីបកប្រែពិភពលោកថ្មីកំណែថ្មី។ ម្យ៉ាងទៀត ដោយសារការកែសម្រួលនេះត្រូវការចំណាយពេលវេលានិងកម្លាំងជាច្រើន ដើម្បីឲ្យពាក្យចម្រៀងទៅជាថ្មីបំផុត គណៈអភិបាលបានសម្រេចចិត្តបន្ថែមបទចម្រៀងថ្មីខ្លះក្នុងសៀវភៅចម្រៀងរបស់យើង។
៣ តើយើងត្រូវចាំរហូតដល់សៀវភៅចម្រៀងថ្មីបានត្រូវបោះពុម្ព មុនយើងអាចចាប់ផ្ដើមប្រើចម្រៀងថ្មីឬ? មិនចាំបាច់ទេ។ យើងរីករាយជម្រាបបងប្អូនថា នាប៉ុន្មានខែខាងមុខនេះ បទចម្រៀងថ្មីៗនោះនឹងត្រូវចេញជាបន្តបន្ទាប់ក្នុងគេហទំព័ររបស់យើងjw.org។ ពេលបទចម្រៀងថ្មីចេញមក បទចម្រៀងទាំងនោះនឹងត្រូវប្រាប់ថាជា«ចម្រៀងថ្មី» ហើយនឹងត្រូវច្រៀងនៅពេលបញ្ចប់ការប្រជុំអប់រំកិច្ចបម្រើ។
៤ របៀបរៀនច្រៀងបទចម្រៀងថ្មី: ការរៀនច្រៀងបទចម្រៀងថ្មីអាចជាការពិបាក។ ទោះជាយ៉ាងនេះក៏ដោយ ដូចអ្នកតែងទំនុកតម្កើង យើងចង់ច្រៀងនៅកិច្ចប្រជុំក្រុមជំនុំ ហើយ«ឥតនៅស្ងៀមឡើយ»។ (ទំនុក. ៣០:១២) ដើម្បីរៀនច្រៀងបទចម្រៀងថ្មី សូមធ្វើតាមជំហានដូចខាងក្រោម។
• សូមបើកស្ដាប់ភ្លេងនៃចម្រៀងម្ដងហើយម្ដងទៀត ដែលនឹងមានក្នុងគេហទំព័ររបស់យើង។ បើអ្នកឧស្សាហ៍ស្ដាប់បទភ្លេងនៃចម្រៀងនោះ អ្នកនឹងឆាប់ចងចាំ។
• សូមខំយល់អត្ថន័យនៃពាក្យចម្រៀង និងព្យាយាមចងចាំពាក្យទាំងនោះ។
• សូមច្រៀងជាមួយបទភ្លេង ហើយធ្វើដូច្នេះរហូតដល់អ្នកចេះច្រៀងស្ទាត់។
• ពេលអ្នកមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ សូមហាត់ច្រៀងបទចម្រៀងថ្មីៗទាំងនោះពីរឬបីដង រហូតដល់ក្រុមគ្រួសាររបស់អ្នកចេះច្រៀងបទចម្រៀងទាំងនោះ។
៥ នាប៉ុន្មានខែខាងមុខ ពេលក្រុមជំនុំត្រូវច្រៀងបទចម្រៀងថ្មីក្រោយការប្រជុំអប់រំកិច្ចបម្រើ បងប្អូននឹងស្ដាប់បទភ្លេងមួយដងសិន។ បន្ទាប់មក បងប្អូននឹងច្រៀងជាមួយបទភ្លេងនោះ ដូចដែលយើងធ្លាប់ច្រៀងបទចម្រៀងឯទៀតដែរ។
៦ សូមចាំថា ការច្រៀងក្នុងកិច្ចប្រជុំនាំឲ្យយើងមានអំណរក្នុងការចូលរួមសរសើរព្រះយេហូវ៉ាជាមួយបងប្អូនរបស់យើង។ ដូច្នេះ យើងមិនគួរមានទម្លាប់ចេញពីកៅអីរបស់យើងដោយគ្មានមូលហេតុត្រឹមត្រូវ នៅពេលដែលយើងចាប់ផ្ដើមច្រៀងក្នុងកិច្ចប្រជុំគ្រិស្តសាសនិកឡើយ។
៧ មានមូលហេតុមួយទៀតដែលយើងអាចបង្ហាញថា យើងឲ្យតម្លៃទៅលើបទចម្រៀងដ៏ពិសិដ្ឋរបស់យើង។ នៅសន្និបាតនិងមហាសន្និបាត មានការចាក់បទភ្លេងមុនចាប់ផ្ដើមកម្មវិធី។ ក្នុងមួយឆ្នាំពីរដង បងប្អូនដែលលះបង់ប្រយោជន៍ខ្លួន ដែលមកពីប្រទេសផ្សេងៗបានចំណាយប្រាក់កាសផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៅផាតឺសិន រដ្ឋញូវយ៉ក ដើម្បីតែងទំនុកភ្លេងនិងបទចម្រៀងដ៏ពីរោះសម្រាប់ការគោរពប្រណិប័តន៍ព្រះ។ ដូច្នេះ ពេលអ្នកបើកកម្មវិធីអញ្ជើញយើងឲ្យអង្គុយចុះនិងស្ដាប់បទភ្លេងដែលបានថតពីក្រុមតន្ត្រី យើងទាំងអស់គ្នាគួរធ្វើតាម។ ការធ្វើដូច្នេះនឹងជួយយើងឲ្យត្រៀមចិត្តដើម្បីទទួលព័ត៌មានពីកម្មវិធីនោះ។—អែស. ៧:១០
៨ យើងនឹងបញ្ចប់កិច្ចប្រជុំថ្ងៃនេះ ដោយច្រៀងបទចម្រៀងថ្មីមួយដែលមានចំណងជើងថា«សូមឲ្យរាជាណាចក្រព្រះមកដល់!»។ បទចម្រៀងនេះបានត្រូវចាក់នៅកិច្ចប្រជុំប្រចាំឆ្នាំនាពេលថ្មីៗនេះ ហើយបានត្រូវតែងជាពិសេសសម្រាប់ខួប១០០ឆ្នាំនៃការគ្រប់គ្រងរបស់រាជាណាចក្រព្រះ។
៩ បទចម្រៀងថ្មីៗទាំងនោះគឺពិតជា«អ្វីដ៏ល្អ»មែនពីព្រះយេហូវ៉ា។ (ម៉ាថ. ១២:៣៥ក) សូមឲ្យយើងទាំងអស់គ្នាតាំងចិត្តរៀនឲ្យចេះច្រៀងចម្រៀងថ្មីៗទាំងនោះ ហើយច្រៀងអស់ពីចិត្តដើម្បីផ្ដល់ការសរសើរនិងកិត្ដិយសដល់ព្រះរបស់យើង!—ទំនុក. ១៤៧:១