ឱកាសមានកាន់តែច្រើនដើម្បីសរសើរព្រះយេហូវ៉ា
១. តើការរៀបចំថ្មីអ្វីនឹងជួយយើងសរសើរឬ«អរព្រះគុណដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង»?
១ ខែមីនាឆ្នាំនេះ មានការរៀបចំថ្មីដើម្បីឲ្យអ្នកផ្សព្វផ្សាយអាចត្រួសត្រាយជំនួយក្នុងចំនួន៣០ម៉ោងនៅរាល់ខែមីនានិងមេសា ថែមទាំងក្នុងខែដែលមានទស្សនកិច្ចធម្មតារបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ បើទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមានក្នុងចន្លោះខែពីរជាប់គ្នា អ្នកផ្សាយដែលចុះឈ្មោះត្រួសត្រាយជំនួយ៣០ម៉ោង អាចសម្រេចជ្រើសយកខែមួយណាដែលគាត់ចង់ធ្វើជាអ្នកត្រួសត្រាយជំនួយ។ អ្នកត្រួសត្រាយជំនួយទាំងអស់អាចចូលរួមកិច្ចប្រជុំទាំងមូលដែលអ្នកត្រួតពិនិត្យមានជាមួយអ្នកត្រួសត្រាយពេញពេលនិងអ្នកត្រួសត្រាយពិសេស។ នេះមានន័យថា បើយើងមិនអាចបំពេញចំនួន៥០ម៉ោងបាន យើងនៅតែអាចសរសើរឬ«អរព្រះគុណដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង»ដោយធ្វើជាអ្នកត្រួសត្រាយជំនួយចំនួន៣០ម៉ោង ដល់ទៅបួនដងក្នុងមួយឆ្នាំ!—ទំនុក. ១០៩:៣០; ១១៩:១៧១
២. ក្នុងអំឡុងទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល តើបងប្អូនដែលត្រួសត្រាយជំនួយមានឱកាសអ្វី?
២ ក្នុងអំឡុងពេលទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល: ឥឡូវបងប្អូនច្រើនជាងនឹងមានឱកាសដើម្បីត្រួសត្រាយជំនួយក្នុងអំឡុងទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយទទួលការលើកទឹកចិត្តគ្នាទៅវិញទៅមកពីការផ្សព្វផ្សាយជាមួយគាត់។ (រ៉ូម ១:១១, ១២) អ្នកត្រួសត្រាយជំនួយជាច្រើននឹងទំនងជារៀបចំសុំច្បាប់មួយថ្ងៃដើម្បីផ្សព្វផ្សាយជាមួយអ្នកត្រួតពិនិត្យ។ បងប្អូនដែលត្រូវធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអាចស្នើសុំផ្សព្វផ្សាយជាមួយគាត់នៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យបាន។ បន្ថែមទៅទៀត សម្រាប់កិច្ចប្រជុំអ្នកត្រួសត្រាយ អ្នកត្រួសត្រាយជំនួយពិតជានឹងទទួលការលើកទឹកចិត្តដោយចូលរួមជាមួយនឹងអ្នកត្រួសត្រាយពេញពេល និងអ្នកត្រួសត្រាយពិសេស!
៣. ហេតុអ្វីក្នុងអំឡុងខែដែលមានពិធីរំលឹកជាពេលល្អប្រសើរដើម្បីត្រួសត្រាយជំនួយ?
៣ ក្នុងខែមីនានិងមេសា: ពីមុនមានការរៀបចំឲ្យបងប្អូនធ្វើជាអ្នកត្រួសត្រាយជំនួយចំនួន៣០ម៉ោង ក្នុងអំឡុងខែដែលមានពិធីរំលឹក តែឥឡូវអាចមានឱកាសពីរដងដើម្បីជូន«សេចក្ដីសរសើរជាគ្រឿងបូជា»។ (ហេ. ១៣:១៥) ខែមីនានិងមេសាជាពេលល្អប្រសើរដើម្បីបង្កើនកិច្ចផ្សព្វផ្សាយជាអ្នកត្រួសត្រាយជំនួយ។ ជារៀងរាល់ឆ្នាំ ក្នុងខែទាំងនោះយើងចូលរួមក្នុងសកម្មភាពដ៏គួរឲ្យរីករាយដើម្បីអញ្ជើញអ្នកឯទៀតមកពិធីរំលឹក។ ម្យ៉ាងវិញទៀត ដោយសារបងប្អូនជាច្រើនបង្កើនកិច្ចបម្រើផ្សាយក្នុងអំឡុងខែដែលមានពិធីរំលឹក នោះយើងមានឱកាសផ្សព្វផ្សាយជាមួយអ្នកផ្សាយផ្សេងៗ។ ក្រោយពីពិធីរំលឹក យើងចង់ត្រឡប់ទៅជួបអ្នកចូលរួមដែលបង្ហាញចំណាប់អារម្មណ៍ ដើម្បីជួយគាត់ឲ្យមានចិត្តរំភើបមកស្ដាប់សុន្ទរកថាពិសេស។ តើចិត្តរបស់អ្នកនឹងជំរុញអ្នកឲ្យឆ្លៀតយកឱកាសនេះដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយឬទេ?—លូក. ៦:៤៥