តើលោកអ្នកដឹងឬទេ?
នៅសម័យលោកយេស៊ូ តើគេដាក់វិភាគទានវិហារយ៉ាងដូចម្ដេច?
ឃ្លាំងប្រាក់របស់វិហារគឺនៅទីលានស្ត្រី។ សៀវភៅមួយបានប្រាប់ថា៖ «នៅល្វែងជុំវិញនៃទីលានស្ត្រីនោះ គេឃើញមានប្រដាប់ដាក់កាក់ឬ‹ត្រែ›ចំនួន១៣ដែលនៅអែបនឹងជញ្ជាំងសម្រាប់ដាក់ប្រាក់វិភាគទាន» (The Temple—Its Ministry and Services)។
គេហៅប្រដាប់ដាក់កាក់នោះថាត្រែ ពីព្រោះវាមានមាត់តូច ហើយមានបាតរីកធំ។ ត្រែនីមួយៗមានបិទស្លាកសម្គាល់ខុសៗគ្នា ហើយប្រាក់ដែលគេប្រមូលពីត្រែទាំងនោះទុកសម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ។ លោកយេស៊ូបាននៅក្នុងទីលានស្ត្រី ពេលលោកសង្កេតមើលមនុស្សជាច្រើនកំពុងដាក់វិភាគទាន ហើយក្នុងនោះក៏មានស្ត្រីមេម៉ាយក្រីក្រម្នាក់ដែរ។—លូកា ២១:១, ២
ត្រែទី១និងទី២ គេប្រើសម្រាប់ថ្លៃពន្ធវិហារ។ មួយសម្រាប់ឆ្នាំនេះ ហើយមួយទៀតសម្រាប់ឆ្នាំមុន។ ត្រែទី៣ដល់ទី៧ គឺសម្រាប់ថ្លៃសត្វលលក ព្រាប ឧស គ្រឿងក្រអូប និងប្រដាប់ប្រដាដែលធ្វើពីមាស។ ពេលដែលមនុស្សជូនថ្លៃសម្រាប់គ្រឿងបូជា គាត់បានបម្រុងទុកប្រាក់រួចហើយ។ តែបើគាត់នៅសល់ប្រាក់ពីថ្លៃនោះ គាត់អាចដាក់នៅក្នុងត្រែមួយក្នុងចំណោមត្រែឯទៀត ដូចជាត្រែទី៨ គឺសម្រាប់ប្រាក់ដែលនៅសល់ពីគ្រឿងបូជាលោះអំពើខុសឆ្គង។ ត្រែទី៩ដល់ទី១២ គឺសម្រាប់ប្រាក់ដែលនៅសល់ពីគ្រឿងបូជានៃការរំលង ពីគ្រឿងបូជាសត្វស្លាប ពីគ្រឿងបូជារបស់ពួកន៉ាសារីត និងពីគ្រឿងបូជារបស់អ្នកកើតឃ្លង់ដែលបានជាស្អាតហើយ។ ចំណែកត្រែទី១៣វិញ គឺសម្រាប់វិភាគទានស្ម័គ្រចិត្ត។
តើលូកាបានកត់ត្រាកំណត់ហេតុគម្ពីរត្រឹមត្រូវតាមប្រវត្ដិសាស្ត្រឬទេ?
លូកាបានសរសេរសៀវភៅដំណឹងល្អដែលហៅតាមឈ្មោះរបស់គាត់ រួមទាំងសៀវភៅសកម្មភាពរបស់ពួកសាវ័កដែរ។ លូកាបានរៀបរាប់ថាគាត់«បានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវហេតុការណ៍ទាំងអស់ដែលបានកើតឡើងតាំងពីដើមដំបូង ហើយបានព័ត៌មានត្រឹមត្រូវ»។ (លូកា ១:៣) ប៉ុន្តែបណ្ឌិតខ្លះបានឆ្ងល់អំពីព្រឹត្ដិការណ៍ផ្សេងៗក្នុងកំណត់ហេតុរបស់លូកា។ ដូច្នេះ តើលូកាបានសរសេរព័ត៌មានត្រឹមត្រូវយ៉ាងណា?
លូកាបានរៀបរាប់អំពីប្រវត្ដិសាស្ត្រដែលមានទីសំអាងជាក់លាក់មែន។ ជាឧទាហរណ៍ ក្នុងភាសាដើម គាត់បានប្រើឋានៈរបស់មន្ត្រីអាជ្ញាធររ៉ូមបានយ៉ាងត្រឹមត្រូវ។ ដោយសារនៅសព្វថ្ងៃនេះមនុស្សមិនសូវស្គាល់ពាក្យដែលសំដៅទៅលើឋានៈទាំងនោះ ដូច្នេះពាក្យទាំងនេះបានត្រូវបកប្រែដោយប្រើពាក្យផ្សេងវិញ ដូចជាពួកអាជ្ញាធរស៊ីវិលនៅក្រុងភីលីព អ្នកគ្រប់គ្រងនៅក្រុងថែស្សាឡូនិច និងពួកបុរសដែលជាអ្នកចាត់ចែងពិធីបុណ្យក្នុងក្រុងអេភេសូរជាដើម។ (សកម្មភាព ១៦:២០; ១៧:៦; ១៩:៣១) លូកាបានហៅហេរ៉ូឌអាន់ទីប៉ាសថាជាអភិបាលស្រុក និងស៊ើគាសប៉ូឡូសថាជាអភិបាលខេត្តគីប្រុស។—សកម្មភាព ១៣:១, ៧
គួរឲ្យកត់សម្គាល់ដែលលូកាបានប្រើឋានៈយ៉ាងត្រឹមត្រូវ ពីព្រោះឋានៈរបស់អ្នកគ្រប់គ្រងក្នុងតំបន់ដែលចំណុះក្រោមរដ្ឋាភិបាលរ៉ូមបានត្រូវផ្លាស់ប្ដូរស្របទៅតាមសិទ្ធិអំណាចដែលរ៉ូមបានតែងតាំងឲ្យគ្រប់គ្រងនៅតំបន់នោះ។ ក៏ប៉ុន្តែយោងតាមសម្ដីរបស់លោកប៊្រូស មិសហ្គឺដែលជាបណ្ឌិតខាងគម្ពីរម្នាក់ បានរៀបរាប់ថា៖ «ម្ដងហើយម្ដងទៀតឋានៈដែលមាននៅក្នុងសៀវភៅសកម្មភាពបង្ហាញឲ្យឃើញច្បាស់ថាគឺត្រឹមត្រូវស្របតាមទីកន្លែងនិងពេលវេលា»។ បណ្ឌិតខាងគម្ពីរលោកវីល្លាម រ៉ាមសេបានហៅលូកាថា«អ្នកប្រវត្ដិសាស្ត្រម្នាក់ដែលបានកត់ត្រាយ៉ាងត្រឹមត្រូវបំផុត»។