ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ
ហេតុអ្វីព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនា?
ការសន្ទនាខាងក្រោមនេះជាឧទាហរណ៍អំពីប្រធានបទមួយដែលសាក្សី ព្រះយេហូវ៉ាតាមធម្មតាសន្ទនាជាមួយនឹងម្ចាស់ផ្ទះ។ ឧទាហរណ៍សាក្សី ព្រះយេហូវ៉ាម្នាក់ឈ្មោះមីហ្សែល បានទៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះសឺហ្វៀ។
តើព្រះមានអារម្មណ៍យ៉ាងណាចំពោះទុក្ខវេទនារបស់យើង?
មីហ្សែល: សួស្តី! បងសឺហ្វៀ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបងនៅផ្ទះ។
សឺហ្វៀ: ខ្ញុំក៏សប្បាយជួបបងដែរ។
មីហ្សែល: លើកមុន ខ្ញុំបានមក ហើយយើងបាននិយាយអំពីព្រះមានអារម្មណ៍យ៉ាងណាចំពោះទុក្ខវេទនារបស់យើង ហើយបងបានប្រាប់ថា នេះជារឿងដែលបងឆ្ងល់យូរមកហើយ ជាពិសេសក្រោយពីម្ដាយបងបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ និយាយអ៊ីចឹង ម្ដាយបងឥឡូវយ៉ាងម៉េចដែរ?
សឺហ្វៀ: ចាស គាត់មួយថ្ងៃកាត់មួយថ្ងៃកោរ។ តែថ្ងៃនេះគាត់សុខសប្បាយធម្មតាទេ។
មីហ្សែល: ខ្ញុំសប្បាយចិត្តឮដូចនេះ។ ស្ថានភាពបែបនេះពិបាកឲ្យបងមានសង្ឃឹមណាស់ មែនទេ?
សឺហ្វៀ: មែនហើយ ជួនកាលខ្ញុំឆ្ងល់ថា តើម្ដាយខ្ញុំត្រូវរងទុក្ខយូរប៉ុនណា?
មីហ្សែល: នេះជាចម្ងល់ធម្មតាទេ។ បងប្រហែលនៅចាំចំណុចចុងក្រោយដែលយើងបាននិយាយគ្នាលើកមុន។ ហើយខ្ញុំបានទុកសំណួរមួយថា បើព្រះមានឫទ្ធានុភាពបំបាត់ចោលទុក្ខវេទនាមែន ហេតុអ្វីលោកអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនាដូច្នេះ?
សឺហ្វៀ: ចាស ខ្ញុំនៅចាំ។
មីហ្សែល: មុនយើងពិចារណាមើលចម្លើយក្នុងគម្ពីរអំពីរឿងនេះ។ សូមយើងសាឡើងវិញអំពីចំណុចខ្លះៗដែលយើងបាននិយាយគ្នាលើកមុន បានទេ?
សឺហ្វៀ: ចាសបាន។
មីហ្សែល: ចំណុចទី១ យើងបានរៀនថា សូម្បីតែបុរសស្មោះត្រង់នៅសម័យគម្ពីរក៏ធ្លាប់ឆ្ងល់អំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនាដែរ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះមិនបានស្តីបន្ទោសគាត់ដោយសារគាត់ឆ្ងល់បែបនេះឡើយ ហើយលោកក៏មិនបានប្រាប់គាត់ថាត្រូវមានជំនឿថែមទៀតនោះដែរ។
សឺហ្វៀ: នេះជារឿងថ្មីសម្រាប់ខ្ញុំ។
មីហ្សែល: ចំណុចទី២ យើងបានរៀនថាព្រះយេហូវ៉ាពិបាកចិត្តណាស់ពេលឃើញយើងរងទុក្ខ។ ជាឧទាហរណ៍ គម្ពីរប្រាប់ថាពេលរាស្ត្ររបស់លោករងទុក្ខ ‹លោកក៏រងទុក្ខដែរ›។a ដោយដឹងថាព្រះយល់អារម្មណ៍របស់យើងពេលយើងរងទុក្ខ នោះពិតជាសម្រាលទុក្ខយើងណាស់ មែនទេ?
សឺហ្វៀ: ចាសមែនហើយ។
មីហ្សែល: ចំណុចចុងក្រោយ យើងបានរៀនថា ព្រះដែលជាអ្នកបង្កើតយើង លោកមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត។ ដូច្នេះ លោកច្បាស់ជាអាចធ្វើអន្តរាគមន៍ និងបំបាត់ចោលទុក្ខវេទនារបស់យើងនៅពេលណាក៏បាន។
សឺហ្វៀ: ចាស នេះជាអ្វីដែលខ្ញុំឆ្ងល់។ បើព្រះមានឫទ្ធានុភាពដើម្បីបំបាត់ចោលអំពើអាក្រក់មែន ហេតុអ្វីលោកអនុញ្ញាតឲ្យមានអំពើទាំងនេះកើតឡើង?
តើអ្នកណាបាននិយាយពាក្យពិត?
មីហ្សែល: អ៊ីចឹង សូមឲ្យយើងរកចម្លើយក្នុងគម្ពីរ សូមបងបើកទៅសៀវភៅលោកុប្បត្តិ។ តើបងស្គាល់រឿងអាដាម នាងអេវ៉ា និងផ្លែឈើដែលព្រះបានហាមទេ?
សឺហ្វៀ: ចាសស្គាល់ ខ្ញុំធ្លាប់រៀនរឿងនេះនៅវិហាររបស់ខ្ញុំ។ ព្រះបានប្រាប់ថាកុំឲ្យពួកគាត់ញ៉ាំផ្លែពីដើមឈើមួយ។ តែពួកគាត់នៅតែញ៉ាំ។
មីហ្សែល: បងឆ្លើយត្រឹមត្រូវ។ ឥឡូវ យើងសូមផ្ដោតអារម្មណ៍ទៅលើហេតុការណ៍ខ្លះដែលនាំឲ្យអាដាមនិងនាងអេវ៉ាធ្វើអំពើខុសឆ្គង។ ហេតុការណ៍ទាំងនោះបានបញ្ជាក់ចំៗចំពោះសំណួរអំពីមូលហេតុដែលយើងរងទុក្ខវេទនា។ សូមបងជួយអានលោកុប្បត្តិ ជំពូកទី៣ ខ១ដល់ខ៥ បានទេ?
សឺហ្វៀ: ចាសបាន។ «ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា៖ ‹តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?›។ ស្ត្រីឆ្លើយតបថា៖ ‹យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្ដាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់›។ រួចពស់ក៏និយាយទៅស្ត្រីថា៖ ‹អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង›»។
មីហ្សែល: អរគុណបង។ ឥឡូវយើងសូមពិនិត្យមើលខទាំងនេះមួយភ្លែត។ មុនដំបូង សូមកត់សម្គាល់ថាសត្វពស់បាននិយាយទៅកាន់ស្ត្រីនោះជានាងអេវ៉ា។ នៅសៀវភៅមួយទៀតក្នុងគម្ពីរបង្ហាញថាគឺជាមេកំណាចសាថាន ដែលបាននិយាយទៅកាន់នាងអេវ៉ាតាមរយៈសត្វពស់។b សាថានបានសួរនាងអេវ៉ាអំពីបង្គាប់របស់ព្រះដែលថាមិនឲ្យញ៉ាំផ្លែពីដើមឈើមួយ។ បងបានកត់សម្គាល់ឃើញទេ បើអាដាមនិងនាងអេវ៉ាញ៉ាំផ្លែពីដើមឈើនោះ តើព្រះប្រាប់ថាពួកគេមានទោសអ្វី?
សឺហ្វៀ: ពួកគាត់នឹងស្លាប់។
មីហ្សែល: ចាសត្រឹមត្រូវ។ រួចមកសាថានបាននិយាយថែមទៀត ដែលជាការចោទប្រកាន់ព្រះយ៉ាងខ្លាំង។ សូមកត់សម្គាល់ តើវាបាននិយាយអ្វី? វាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។ ដោយនិយាយដូច្នេះ វាចង់និយាយថាព្រះជាអ្នកកុហកហើយ!
សឺហ្វៀ: ខ្ញុំអត់ដែលឮចំណុចនេះពីមុនទេ។
មីហ្សែល: ចាស ពេលសាថានហៅព្រះជាអ្នកកុហក វាបានលើកឡើងរឿងមួយ ហើយរឿងនោះត្រូវការពេលវេលាដើម្បីដោះស្រាយ។ តើបងដឹងហេតុអ្វីទេ?
សឺហ្វៀ: អ្ហឺម ខ្ញុំអត់ដឹងច្បាស់ដែរ។
មីហ្សែល: ដូច្នេះ ដើម្បីយល់រឿងនេះ ខ្ញុំសូមលើកឧទាហរណ៍មួយ។ ឧទាហរណ៍ថា ថ្ងៃមួយខ្ញុំទៅជួបបង ហើយខ្ញុំនិយាយថាខ្ញុំមានកម្លាំងខ្លាំងជាងបង។ តើបងអាចធ្វើយ៉ាងណាដើម្បីឲ្យដឹងថាខ្ញុំខ្លាំងមែនឬមិនមែន?
សឺហ្វៀ: ខ្ញុំគិតថា យើងត្រូវល្បងកម្លាំងគ្នាមើល។
មីហ្សែល: ចាសមែនហើយ។ ប្រហែលយើងត្រូវលើកទម្ងន់ ហើយកំណត់ទម្ងន់នោះថាអ្នកណាអាចលើករួចឬមិនរួច។ ការពិតធ្វើបែបនោះស្រួលដឹងថាអ្នកណាខ្លាំងជាងអ្នកណា មែនទេ?
សឺហ្វៀ: ចាសមែន។
មីហ្សែល: ប៉ុន្តែ ចុះបើខ្ញុំចង់ប្រៀបធៀបអ្វីផ្សេងវិញ ដូចជា ខ្ញុំនិយាយថា ខ្ញុំជាមនុស្សទៀងត្រង់ជាងបង? នោះជារឿងពិបាកដឹងជាង មែនទេ?
សឺហ្វៀ: ចាស ខ្ញុំក៏គិតអ៊ីចឹងដែរ។
មីហ្សែល: ចាស ពីព្រោះភាពទៀងត្រង់មិនមែនដូចជាកម្លាំង ដែលយើងអាចបង្ហាញដោយការល្បងគ្នាបានទេ មែនទេ?
សឺហ្វៀ: ចាសមែន។
មីហ្សែល: ដូច្នេះហើយ មានតែវិធីមួយគត់ដើម្បីដោះស្រាយរឿងនេះ គឺដោយទុកពេលវេលាគ្រប់គ្រាន់ឲ្យអ្នកឯទៀតមើលយើងទាំងពីរនាក់ ហើយដើម្បីឲ្យគេដឹងថាអ្នកណាពិតជាទៀងត្រង់ជាងអ្នកណា។
សឺហ្វៀ: ចាស ការធ្វើដូចនេះគឺទំនងជាង។
មីហ្សែល: ឥឡូវសូមមើលកំណត់ហេតុនេះក្នុងសៀវភៅលោកុប្បត្តិម្ដងទៀត។ តើសាថានបានអះអាងថាវាខ្លាំងជាងព្រះទេ?
សឺហ្វៀ: អត់ទេ។
មីហ្សែល: ចាស បើវាអះអាងដូចនោះមែន ព្រះអាចបង្ហាញភ្លាមៗថាវានិយាយមិនត្រូវទេ។ តែផ្ទុយទៅវិញ សាថានបានអះអាងថា វាទៀងត្រង់ជាងព្រះ។ នេះប្រៀបដូចជាវានិយាយទៅអេវ៉ាថា៖ ‹ព្រះនិយាយកុហកអ្នក តែខ្ញុំនិយាយប្រាប់អ្នកការពិត›។
សឺហ្វៀ: ចំណុចនេះគួរឲ្យចាប់អារម្មណ៍។
មីហ្សែល: ដោយសារព្រះមានប្រាជ្ញា លោកដឹងនូវវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានោះ គឺដោយទុកឲ្យពេលវេលាកន្លងទៅដើម្បីបញ្ជាក់រឿងនោះ។ នៅទីបំផុត គេអាចឃើញច្បាស់ថាអ្នកណានិយាយពិត អ្នកណានិយាយកុហក។
រឿងមួយដ៏សំខាន់
សឺហ្វៀ: ប៉ុន្តែ ពេលអេវ៉ាស្លាប់ភ្លាម តើនោះមិនបង្ហាញថាព្រះនិយាយពាក្យពិតទេឬ?
មីហ្សែល: ចាស នេះត្រូវម្យ៉ាងដែរ។ តែមានរឿងមួយទៀតដែលសាថានបានលើកឡើង។ សូមមើលម្ដងទៀតនៅខ៥។ បងកត់សម្គាល់ទេ តើសាថានបានប្រាប់អេវ៉ាអ្វីទៀត?
សឺហ្វៀ: វានិយាយថា បើនាងញ៉ាំផ្លែនោះ ភ្នែកនាងនឹងបានភ្លឺឡើង។
មីហ្សែល: ចាសមែន ហើយថានាងនឹងបាន«ដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ ដូច្នេះ សាថានបាននិយាយថា ព្រះបានលាក់អ្វីល្អពីមនុស្សជាតិ។
សឺហ្វៀ: ខ្ញុំយល់ហើយ។
មីហ្សែល: ហើយរឿងនោះក៏ជារឿងមួយដ៏សំខាន់ដែរ។
សឺហ្វៀ: តើបងចង់មានន័យយ៉ាងណា?
មីហ្សែល: តាមរយៈពាក្យសម្ដីរបស់សាថាន វាបាននិយាយបញ្ឆិតបញ្ឆៀងថា អេវ៉ារួមទាំងមនុស្សជាតិទាំងអស់នឹងមានជីវិតប្រសើរជាង បើគ្មានព្រះគ្រប់គ្រងពួកគេ។ ស្តីអំពីរឿងនេះដែរ ព្រះយេហូវ៉ាដឹងថាវិធីដ៏ល្អបំផុតដើម្បីដោះស្រាយរឿងនេះ គឺទុកពេលឲ្យសាថានខំបង្ហាញភ័ស្តុតាងចំពោះការអះអាងរបស់វា។ ដូច្នេះ ព្រះបានអនុញ្ញាតឲ្យសាថានគ្រប់គ្រងពិភពលោកនេះអស់មួយរយៈ។ ឥឡូវយើងយល់មូលហេតុដែលយើងឃើញមនុស្សរងទុក្ខវេទនាច្រើនម្ល៉េះ នេះគឺដោយសារសាថានជាអ្នកគ្រប់គ្រងពិភពលោកនេះ មិនមែនព្រះទេ។c ទោះជាយ៉ាងនោះក៏ដោយ យើងមានដំណឹងល្អ។
សឺហ្វៀ: ដំណឹងល្អអ្វី?
មីហ្សែល: គម្ពីរបង្រៀនសេចក្ដីពិតដ៏អស្ចារ្យពីរអំពីព្រះ។ ទី១ យើងរៀនថាពេលយើងរងទុក្ខព្រះយេហូវ៉ាប្រុងប្រៀបជួយយើងជានិច្ច។ ជាឧទាហរណ៍ សូមពិចារណាពាក្យរបស់ស្តេចដាវីឌ ដែលកត់ទុកនៅទំនុកតម្កើង ៣១:៧។ ក្នុងជីវិតដាវីឌ គាត់បានរងទុក្ខវេទនាជាច្រើន តែសូមកត់សម្គាល់ពាក្យដែលគាត់បាននិយាយក្នុងសេចក្ដីអធិដ្ឋានរបស់គាត់ទៅព្រះ។ តើបងជួយអានខនេះបានទេ?
សឺហ្វៀ: ចាសបាន។ ខនេះអានថា៖ «ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយ ក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ»។
មីហ្សែល: ដូច្នេះ ទោះបីជាដាវីឌរងទុក្ខវេទនាក៏ដោយ គាត់បានទទួលការសម្រាលទុក្ខដោយដឹងថា ព្រះយេហូវ៉ាបានឃើញអ្វីៗទាំងអស់ដែលគាត់កំពុងឆ្លងកាត់។ ស្រដៀងគ្នាដែរ ពេលដែលយើងរងទុក្ខ ព្រះយេហូវ៉ាក៏បានឃើញដែរ សូម្បីតែការឈឺចាប់ក្នុងចិត្តដែលគ្មាននរណាម្នាក់ស្គាល់ច្បាស់ក៏ដោយ។ ការដឹងបែបនេះពិតជាសម្រាលទុក្ខយើងណាស់ មែនទេបង?
សឺហ្វៀ: ចាស នេះសម្រាលទុក្ខខ្ញុំមែន។
មីហ្សែល: សេចក្ដីពិតដ៏អស្ចារ្យទី២ គឺថាព្រះនឹងមិនអនុញ្ញាតឲ្យយើងរងទុក្ខវេទនារហូតនោះទេ។ គម្ពីរបង្រៀនថា ឆាប់ៗខាងមុខនេះលោកនឹងបំផ្លាញចោលការគ្រប់គ្រងរបស់សាថាន។ ហើយលោកនឹងបំបាត់ចោលទាំងស្រុងនូវផលវិបាកដែលមកពីការគ្រប់គ្រងរបស់វា រួមទាំងទុក្ខវេទនាដែលបងនិងម្ដាយបងមានផង។ ខ្ញុំសូមមកវិញសប្ដាហ៍ក្រោយ ហើយបង្ហាញបងនូវមូលហេតុដែលយើងអាចប្រាកដថានៅពេលឆាប់ៗខាងមុខនេះ ព្រះនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់។ បានទេបង?d
សឺហ្វៀ: ចាសបាន ខ្ញុំចង់ដឹង។
តើមានរឿងណាមួយក្នុងគម្ពីរដែលលោកអ្នកធ្លាប់ឆ្ងល់ទេ? តើលោកអ្នកធ្លាប់ឆ្ងល់អំពីជំនឿឬការប្រព្រឹត្តណាមួយរបស់សាក្សីព្រះយេហូវ៉ាទេ? បើមានមែន សូមសួរសាក្សីព្រះយេហូវ៉ាណាម្នាក់។ គាត់នឹងរីករាយនិយាយជាមួយលោកអ្នកអំពីរឿងនោះ។
[កំណត់សម្គាល់]
a សូមមើល អេសាយ ៦៣:៩។
b សូមមើល ការបើកបង្ហាញ ១២:៩។
c សូមមើល យ៉ូហាន ១២:៣១; យ៉ូហានទី១ ៥:១៩។
d ដើម្បីដឹងព័ត៌មានថែមទៀត សូមមើលជំពូកទី៩ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។ លោកអ្នកក៏អាចមើលក្នុងគេហទំព័រwww.jw.org/km។