មូលហេតុដែលព្រះមិនទាន់ដកចេញមនុស្សអាក្រក់
គម្ពីរចែងថា ព្រះយេហូវ៉ាជាព្រះដែល«សុចរិតក្នុងគ្រប់ទាំងផ្លូវ»។ (ទំនុកដំកើង ១៤៥:១៧; វិវរណៈ ១៥:៣) លោកម៉ូសេជាអ្នកថ្លែងទំនាយរបស់ព្រះបានប្រកាសថា៖ ‹ព្រះយេហូវ៉ាជាថ្មដា ការរបស់លោកសុទ្ធតែគ្រប់ល័ក្ខណ៍ ហើយអស់ទាំងផ្លូវរបស់លោកសុទ្ធតែប្រកបដោយយុត្ដិធម៌។ ព្រះយេហូវ៉ាជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ក៏ត្រឹមត្រូវហើយទៀងត្រង់ផង›។ (ចោទិយកថា ៣២:៤) បទគម្ពីរនៅសៀវភៅយ៉ាកុប ៥:១១ ក៏ចែងថា៖ ‹ព្រះយេហូវ៉ាមានចិត្តមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ›។ ដូច្នេះ ព្រះយេហូវ៉ាមិនចេះហើយក៏មិនដែលបណ្ដាលឲ្យមានការអាក្រក់ឡើយ។
លោកយ៉ាកុបបានសរសេរទៀតថា៖ ‹កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះអង្គល្បួងខ្លួនឡើយ! ពីព្រោះសេចក្ដីអាក្រក់ពុំអាចនឹងល្បួងព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ›។ (យ៉ាកុប ១:១៣) ព្រះយេហូវ៉ាមិនធ្លាប់ល្បួងមនុស្សដោយមានបំណងអាក្រក់ ហើយលោកក៏មិនដែលញុះញង់មនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់ដែរ។ បើដូច្នេះ តើអ្នកណាបណ្ដាលឲ្យមានការអាក្រក់និងទុក្ខលំបាក?
តើអ្នកណាបណ្ដាលឲ្យមានទុក្ខលំបាក?
លោកយ៉ាកុបដែលសរសេរសៀវភៅយ៉ាកុបក្នុងគម្ពីរក៏ទទួលស្គាល់ថា មនុស្សមានទោសខ្លះជាអ្នកដែលបណ្ដាលឲ្យមានទុក្ខលំបាក។ គាត់សរសេរថា៖ «គ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញហើយលួងលោមទេ។ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់»។ (យ៉ាកុប ១:១៤, ១៥) ជួនកាល មនុស្សចេះតែប្រព្រឹត្តតាមក្ដីប៉ងប្រាថ្នាមិនល្អរបស់ពួកគេ។ ណាមួយទៀត មនុស្សទាំងឡាយក៏មានទំនោរចិត្តទោរទន់ទៅរកអំពើបាប ជាមត៌កដែលយើងបានទទួលពីជីដូនជីតាដំបូង។ ចំណង់ចំណូលចិត្តមិនល្អអាចរីកកាន់តែធំឡើងដោយសារទំនោរចិត្តនោះ ហើយនេះអាចនាំឲ្យមានលទ្ធផលអាក្រក់ដែរ។ (រ៉ូម ៧:២១-២៣) ប្រាកដហើយ ទំនោរចិត្តទោរទន់ទៅរកអំពើបាបប្រៀបដូចជាស្តេចដែល«សោយរាជ្យ»លើមនុស្សជាតិ ទាំងបង្ខំមនុស្សឲ្យធ្វើការអាក្រក់ដែលនាំឲ្យមានទុក្ខវេទនាយ៉ាងខ្លាំង។ (រ៉ូម ៥:២១) ម្យ៉ាងទៀត មនុស្សអាក្រក់តែងតែមានឥទ្ធិពលមិនល្អទៅលើអ្នកដទៃ ដែលនាំពួកគេឲ្យធ្វើអាក្រក់ដែរ។—សុភាសិត ១:១០-១៦
យ៉ាងណាក៏ដោយ ដើមហេតុចម្បងនៃការអាក្រក់ គឺសាតាំងដែលជាមេកំណាច។ វាបានធ្វើអំពើអាក្រក់មុនគេបង្អស់។ ព្រះយេស៊ូគ្រិស្តហៅសាតាំងថា ជា«មារកំណាច»និង«ចៅហ្វាយ»របស់ពិភពលោកដ៏ទុច្ចរិតនេះ។ បើនិយាយជាទូទៅ មនុស្សជាតិចេះតែចុះញ៉មទៅតាមសាតាំងដែលបបួលមនុស្សឲ្យធ្វើព្រងើយកន្តើយនឹងតម្រូវការរបស់ព្រះយេហូវ៉ាដែលចង់ឲ្យយើងប្រព្រឹត្តល្អវិញ។ (ម៉ាថាយ ៦:១៣, ខ.ស.; យ៉ូហាន ១៤:៣០; យ៉ូហានទី១ ២:១៥-១៧) បទគម្ពីរមួយទៀតចែងថា៖ «មនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច»។ (យ៉ូហានទី១ ៥:១៩, ខ.ស.) តាមពិត សាតាំងនិងទេវតារបស់វាកំពុង‹នាំមនុស្សលោកទាំងមូលឲ្យវង្វេង› ដែលបណ្ដាលឲ្យមាន‹ទុក្ខវេទនា›ផង។ (វិវរណៈ ១២:៩, ១២) អាស្រ័យហេតុនេះហើយ បានជាសាតាំងដែលជាមេកំណាចមានកំហុសធ្ងន់ជាងគេ ជាអ្នកដែលបណ្ដាលឲ្យមានការអាក្រក់និងទុក្ខលំបាក។
ប៉ុន្តែសៀវភៅសាស្ដា ៩:១១ បញ្ជាក់ពីមូលហេតុមួយទៀតដែលមនុស្សតែងតែរងទុក្ខលំបាក។ បទគម្ពីរនោះចែងថា៖ «គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ»។ ព្រះយេស៊ូគ្រិស្តបានរៀបរាប់អំពីគ្រោះមហន្តរាយដែលបានកើតឡើងពេលប៉មខ្ពស់មួយបានរលំមកលើមនុស្ស១៨នាក់ ហើយកិនពួកគេស្លាប់។ (លូកា ១៣:៤) ពួកគេបានរងទុក្ខដោយចៃដន្យ ពីព្រោះមានគ្រោះថ្នាក់នៅទីនោះនៅពេលនោះឯង។ នៅសព្វថ្ងៃនេះ មនុស្សខ្លះក៏រងគ្រោះថ្នាក់ដោយចៃដន្យដូចគ្នាដែរ។ ជាឧទាហរណ៍ បើឥដ្ឋការ៉ូធ្លាក់ពីដំបូលអគារខ្ពស់ទៅលើអ្នកដែលដើរក្បែរអគារនោះ តើយើងអាចដាក់ទោសទៅលើព្រះបានទេ? មិនបានទេ។ គ្មាននរណាធ្វើឲ្យឥដ្ឋការ៉ូធ្លាក់ចំពេលនោះទេ ហើយប្រហែលជាគ្មាននរណាអាចដឹងជាមុនដែរ។ គឺដូចគ្នាដែរ ពេលជំងឺញាំញីក្រុមគ្រួសារហើយបន្សល់ទុកតែកូនកំព្រាឪពុក ឬម្ដាយ នោះក៏ជារឿងចៃដន្យផង។
គឺច្បាស់ហើយថា ព្រះយេហូវ៉ាមិនបណ្ដាលឲ្យមនុស្សធ្វើអំពើអាក្រក់ ហើយលោកក៏មិននាំឲ្យមានទុក្ខលំបាកឡើយ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាមានគោលបំណងដកចេញមនុស្សអាក្រក់និងទុក្ខវេទនាទាំងឡាយ។ (សុភាសិត ២:២២) តាមពិត ព្រះយេហូវ៉ាមានបំណងសម្រេចការដ៏អស្ចារ្យថែមទៀត។ បទគម្ពីររៀបរាប់ថា ព្រះយេហូវ៉ាមានគោលបំណងចាត់ព្រះយេស៊ូឲ្យ‹បំផ្លាញការរបស់មេកំណាចចេញ›។ (យ៉ូហានទី១ ៣:៨) ពិភពលោកនាសម័យនេះដែលពេញទៅដោយចិត្តលោភលន់ សម្អប់និងការអាក្រក់ជួជាតិ នឹងកន្លងផុតទៅ។ ព្រះយេហូវ៉ានឹង«ជូតអស់ទាំងទឹកភ្នែកពីភ្នែក[មនុស្ស]ចេញ» ដែលមានន័យថា មនុស្សនឹងលែងរងទុក្ខទៀត។ (វិវរណៈ ២១:៤) ប៉ុន្តែ លោកអ្នកប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីបានជាព្រះអង្គមិនទាន់ធ្វើដូច្នេះ? ម្ដេចក៏ព្រះអនុញ្ញាតឲ្យមនុស្សអាក្រក់រស់រហូតមកដល់សព្វថ្ងៃនេះ ទាំងនាំឲ្យមានទុក្ខលំបាក?›។ កំណត់ហេតុក្នុងគម្ពីរដែលរៀបរាប់អំពីបុរសនិងស្ត្រីឈ្មោះអ័ដាមនិងអេវ៉ា អាចឆ្លើយសំណួរទាំងនេះបាន។
រឿងសំខាន់មួយ
មូលហេតុដែលព្រះយេហូវ៉ាមិនទាន់ដកចេញមនុស្សអាក្រក់ គឺទាក់ទងនឹងព្រឹត្ដិការណ៍ដែលបានកើតឡើងនៅដើមកំណើតនៃមនុស្សជាតិ។ នៅគ្រានោះ មានព្រឹត្ដិការណ៍កើតឡើងដែលនាំឲ្យមានរឿងសំខាន់មួយទាក់ទងនឹងព្រះដែលជាអ្នកបង្កើតរបស់ទាំងអស់។ រឿងនោះមិនងាយដោះស្រាយភ្លាមទេ។ សូមយើងមើលព្រឹត្ដិការណ៍ទាំងនោះឲ្យបានល្អិតល្អន់បន្ដិច។
ព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុសស្រីដំបូងជាមនុស្សល្អឥតខ្ចោះ ហើយលោកឲ្យពួកគេរស់នៅក្នុងសួនមនោរមដ៏ស្អាតមួយ។ ព្រះបានបង្កើតមនុស្សទាំងនោះឲ្យមានលក្ខណៈពិសេសមួយដែលសត្វនានាអត់មានទេ គឺចិត្តសេរី។ (លោកុប្បត្តិ ១:២៨; ២:១៥, ១៩) ដោយសារអ័ដាមនិងអេវ៉ាមានចិត្តសេរី ពួកគេអាចសម្រេចចិត្តស្រឡាញ់ បម្រើនិងស្ដាប់បង្គាប់ព្រះដែលបានបង្កើតពួកគេមក។ ឬមួយក៏ ពួកគេអាចប្រកាន់យកតែគំនិតខ្លួនឯងដោយសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះ។
ព្រះយេហូវ៉ាបើកឱកាសឲ្យអ័ដាមនិងអេវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកជាព្រះពិត ដោយដាក់បម្រាមតែមួយគត់ទៅលើពួកគេ។ ព្រះយេហូវ៉ាបង្គាប់អ័ដាមថា៖ ‹អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវបរិភោគឡើយ ពីព្រោះថ្ងៃណាដែលអ្នកបរិភោគនោះ អ្នកនឹងស្លាប់ជាមិនខាន›។ (លោកុប្បត្តិ ២:១៦, ១៧) បើអ័ដាមនិងអេវ៉ាចង់ផ្គាប់ចិត្តព្រះយេហូវ៉ា ហើយចង់ឲ្យខ្លួនឯងទទួលប្រយោជន៍ ព្រមទាំងនាំឲ្យកូនចៅទាំងឡាយទទួលប្រយោជន៍នៅពេលអនាគតដែរ នោះពួកគេមិនត្រូវបរិភោគផ្លែពីដើមឈើមួយនោះទេ។ តើពួកគេធ្វើតាមបង្គាប់នោះឬទេ?
គម្ពីររៀបរាប់ពីអ្វីដែលបានកើតឡើង។ សាតាំងដែលជាមេកំណាចបាននិយាយជាមួយនាងអេវ៉ា ដោយធ្វើហាក់ដូចជាសត្វពស់កំពុងនិយាយ។ សាតាំងសួរនាងថា៖ ‹តើព្រះមិនឲ្យអ្នកបរិភោគផ្លែឈើណាសោះនៅក្នុងសួនច្បារមែនឬ?›។ ក្រោយអេវ៉ាបានរៀបរាប់យ៉ាងច្បាស់ពីបង្គាប់របស់ព្រះ សាតាំងពោលប្រាប់នាងថា៖ ‹អ្នកនឹងមិនស្លាប់ទេ! ព្រះយេហូវ៉ាជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង›។ ជាលទ្ធផល អេវ៉ាចង់បានផ្លែឈើនោះណាស់! ដល់ម្ល៉េះបានជា‹នាងយកផ្លែមកបរិភោគ›មែន។ កំណត់ហេតុក្នុងគម្ពីររៀបរាប់ទៀតថា ក្រោយនោះមក នាងក៏‹ចែកឲ្យប្ដីដែរ ហើយគាត់ក៏បរិភោគតាម›។ (លោកុប្បត្តិ ៣:១-៦) ពេលធ្វើដូច្នេះ អ័ដាមនិងអេវ៉ាបានធ្វើអំពើបាបដោយមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមិនដែលមានបំណងឲ្យពួកគេប្រើចិត្តសេរីបែបនោះទេ។
តើលោកអ្នកយល់ថា ទង្វើទាំងប៉ុន្មាននោះមានកំហុសធ្ងន់ប៉ុណ្ណាទេ? មុនដំបូង មេកំណាចបាននិយាយខុសផ្ទុយពីអ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់អ័ដាម។ ពាក្យរបស់សាតាំងក៏ញុះញង់អ័ដាមនិងអេវ៉ាឲ្យគិតថា ពេលសម្រេចចិត្តអំពីអ្វីដែលខុសនិងត្រូវ នោះពួកគេមិនចាំបាច់ពឹងផ្អែកទៅលើព្រះយេហូវ៉ាទេ។ ដូច្នេះ រឿងដែលសាតាំងបង្កឡើងនោះ នាំឲ្យសង្ស័យថា តើព្រះយេហូវ៉ាពិតជាមានសិទ្ធិគ្រប់គ្រងទៅលើមនុស្សជាតិមែនឬ? រឿងនោះសំខាន់ណាស់! ពីព្រោះវាចោទថា មនុស្សមិនត្រូវការព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងទេ។ តើព្រះយេហូវ៉ាដោះស្រាយរឿងនោះដោយរបៀបណា?
ព្រះយេហូវ៉ាទុកពេលឲ្យ
ព្រះយេហូវ៉ាមានអំណាចបំផ្លាញចោលសាតាំង អ័ដាមនិងអេវ៉ា ដែលជាអ្នកបះបោរ។ ព្រះយេហូវ៉ាពិតជាមានកម្លាំងខ្លាំងជាងពួកគេ។ ប៉ុន្តែ សាតាំងមិនបានចោទថា ព្រះយេហូវ៉ាគ្មានអំណាចខ្លាំងក្លាទេ។ តែវាចោទថា ព្រះយេហូវ៉ាគ្មានសិទ្ធិគ្រប់គ្រងទៅវិញ។ យ៉ាងនេះ អស់ទាំងមនុស្សនិងទេវតាដែលមានចិត្តសេរី ត្រូវតែគិតពីរឿងនេះដែរ។ ពួកគេត្រូវតែយល់ថា ចិត្តសេរីមានល័ក្ខខ័ណ្ឌ ហើយពួកគេត្រូវតែសម្រេចចិត្តស្របទៅតាមការណែនាំរបស់ព្រះស្តីអំពីច្បាប់ធម្មជាតិ គោលការណ៍សីលធម៌ ព្រមទាំងក្នុងរឿងដែលទាក់ទងនឹងការថ្វាយបង្គំផង។ ពុំនោះ ពួកគេនឹងរងទុក្ខវេទនា ដូចជាមនុស្សដែលលោតចេញពីលើដំបូលផ្ទះដោយមិនគិតដល់ច្បាប់ធម្មជាតិ។ ដោយសារទំនាញផែនដី គាត់ច្បាស់ជានឹងរងរបួសមែន! (កាឡាទី ៦:៧, ៨) ដូចគ្នាដែរ ពេលមនុស្សនិងទេវតាមើលលទ្ធផលអាក្រក់ដែលមកពីការប្រកាន់យកតែគំនិតខ្លួនឯងដោយមិនចុះចូលចំពោះព្រះ ពួកគេក៏អាចទាញយកមេរៀនល្អផងដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាត្រូវទុកពេលឲ្យពួកគេ ដើម្បីឃើញលទ្ធផលឲ្យបានច្បាស់លាស់។
ឧទាហរណ៍មួយបង្ហាញថា យើងត្រូវការពេលមួយរយៈដើម្បីដោះស្រាយរឿងរ៉ាវផ្សេងៗ។ ឧបមាថា បុរសម្នាក់ប្រកួតប្រជែងនឹងបុរសម្នាក់ទៀតស្តីអំពីមួយណាដែលមានកម្លាំងខ្លាំងជាងគេ។ ការប្រកួតប្រជែងនោះមិនពិបាកដោះស្រាយទេ។ ពួកគេអាចលើកដុំថ្មធ្ងន់ៗ ហើយអ្នកដែលលើកដុំថ្មធ្ងន់ជាងគេ នោះក៏ជាអ្នកដែលខ្លាំងជាងគេ។ ប៉ុន្តែ ចុះយ៉ាងណាបើយើងចង់ដឹងថា បុរសមួយណាស្រឡាញ់កូនច្រើនជាងគេ ឬតើកូនៗរបស់បុរសមួយណាស្រឡាញ់ឪពុកច្រើនជាងគេ? ឬមួយក៏ ចុះយ៉ាងណាបើយើងចង់ដឹងថា តើបុរសមួយណាជាមេគ្រួសារល្អជាងគេ? ក្នុងករណីទាំងនេះ ពាក្យសម្ដីនិងអំណាចខ្លាំងក្លាមិនអាចដោះស្រាយរឿងនោះទេ។ បើចង់ដោះស្រាយរឿងនោះឲ្យបានច្បាស់លាស់ ពួកគេត្រូវការពេលយូរបន្ដិចដើម្បីសឲ្យឃើញនូវលក្ខណៈរបស់ខ្លួន។ នៅទីបំផុត អ្នកដទៃអាចសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដោយផ្អែកទៅលើអ្វីដែលពួកគេឃើញក្នុងអំឡុងពេលនោះ។
តើប្រវត្ដិមនុស្សបង្ហាញយ៉ាងណា?
ប្រមាណ៦.០០០ឆ្នាំបានកន្លងផុតទៅ តាំងពីសាតាំងចោទថា ព្រះយេហូវ៉ាគ្មានសិទ្ធិគ្រប់គ្រង។ តើប្រវត្ដិមនុស្សបង្ហាញយ៉ាងណា? សូមគិតអំពីគំនិតពីរយ៉ាងរបស់សាតាំងក្នុងការប្រឆាំងនឹងព្រះយេហូវ៉ា។ មុនដំបូង សាតាំងនិយាយប្រាប់នាងអេវ៉ាដោយអង់អាចថា៖ ‹អ្នកនឹងមិនស្លាប់ទេ!›។ (លោកុប្បត្តិ ៣:៤) ពេលសាតាំងពោលថា អ័ដាមនិងអេវ៉ានឹងមិនស្លាប់ពេលបរិភោគផ្លែឈើដែលព្រះយេហូវ៉ាអត់ឲ្យពួកគេបរិភោគនោះ នេះគឺហាក់ដូចជាវាចោទថា ព្រះយេហូវ៉ាបានកុហកពួកគេ។ នេះជារឿងសំខាន់មែន! ពីព្រោះបើព្រះយេហូវ៉ានិយាយមិនពិតក្នុងរឿងតូចនេះ ធ្វើដូចម្ដេចឲ្យមនុស្សនិងទេវតាទុកចិត្តទៅលើព្រះក្នុងរឿងឯទៀត? យ៉ាងណាក៏ដោយ តើប្រវត្ដិមនុស្សបង្ហាញយ៉ាងណា?
អ័ដាមនិងអេវ៉ាចាប់ផ្ដើមរងការឈឺចាប់ ចេះតែចាស់ទៅៗ ហើយនៅទីបំផុតក៏ស្លាប់។ គម្ពីរចែងថា៖ «អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ»។ (លោកុប្បត្តិ ៣:១៩; ៥:៥) គួរឲ្យស្ដាយណាស់! មនុស្សជាតិទាំងឡាយដែលជាកូនចៅរបស់អ័ដាម បានទទួលផលវិបាកទាំងនេះជាមត៌កពីគាត់។ (រ៉ូម ៥:១២) ប្រវត្ដិមនុស្សបង្ហាញថា សាតាំង«ជាអ្នកកំភូត ហើយជាឪពុក»ឬអ្នកភូតកុហកមុនគេបង្អស់។ ណាមួយទៀត នេះក៏បង្ហាញថា ព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីពិត»។—យ៉ូហាន ៨:៤៤; ទំនុកដំកើង ៣១:៥
សាតាំងក៏និយាយទៅកាន់នាងអេវ៉ាថា ព្រះយេហូវ៉ា«ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ[ផ្លែពីដើមដែលព្រះដាក់បម្រាម] នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នក[រួមទាំងអ័ដាម] នឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោកុប្បត្តិ ៣:៥) ពេលសាតាំងពោលពាក្យបញ្ឆោតនោះ វាញុះញង់មនុស្សឲ្យឆ្លៀតយកឱកាសដើម្បីគ្រប់គ្រងទៅលើខ្លួនឯង។ សាតាំងនិយាយបញ្ឆិតបញ្ឆៀងថា បើមនុស្សមិនចុះចូលចំពោះព្រះ ហើយប្រកាន់យកតែគំនិតខ្លួនឯង ពួកគេអាចទទួលប្រយោជន៍ច្រើនជាង។ តើការគ្រប់គ្រងទៅលើខ្លួនឯងពិតជានាំមនុស្សឲ្យមានប្រយោជន៍មែនឬ?
ទូទាំងប្រវត្ដិមនុស្ស ចក្រភពផ្សេងៗបានកាន់អំណាចមួយរយៈ ហើយក៏រលំបាត់ទៅ។ មនុស្សបានសាកល្បងរដ្ឋាភិបាលគ្រប់បែបយ៉ាង។ ប៉ុន្តែ ម្ដងហើយម្ដងទៀតមនុស្សជាតិបានរងទុក្ខវេទនា។ ប្រមាណ៣.០០០ឆ្នាំមុន បុរសម្នាក់ដែលរួមដៃក្នុងការសរសេរគម្ពីរបានសន្និដ្ឋានថា៖ «មនុស្សម្នាក់មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) លោកយេរេមាដែលជាអ្នកថ្លែងទំនាយរបស់ព្រះបានសរសេរថា៖ «ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) សូម្បីតែនាសម័យទំនើបនេះ ទោះបើមានការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកទេសក្ដី ពាក្យទាំងនោះនៅតែពិតប្រាកដនៅឡើយ។ ប្រវត្ដិមនុស្សបង្ហាញថា ទស្សនៈរបស់អ្នកទាំងនោះ ជាការពិតណាស់!
តើលោកអ្នកសម្រេចចិត្តយ៉ាងណា?
សាតាំងចោទថា មនុស្សមិនត្រូវការព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងទេ តែពេលវេលាដែលព្រះយេហូវ៉ាទុកឲ្យសាតាំងនោះ បញ្ជាក់យ៉ាងច្បាស់ថា វាបាននិយាយមិនពិត។ ព្រះយេហូវ៉ាជាមហាក្សត្រនៃសកលលោកទាំងមូល។ ព្រះយេហូវ៉ាពិតជាមានសិទ្ធិគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកបានបង្កើតមក ហើយព្រះយេហូវ៉ាតែងតែគ្រប់គ្រងដោយវិធីល្អបំផុត។ ត្រង់ចំណុចនេះ ពួកទេវតាដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ានៅឯស្ថានសួគ៌យ៉ាងយូរហើយ ពួកគេទទួលស្គាល់ថា៖ ‹ឱលោកម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ! លោកគួរនឹងទទួលសិរីល្អ កិត្ដិនាមនឹងព្រះចេស្ដា ពីព្រោះលោកបានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងចិត្តលោកហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង›។—វិវរណៈ ៤:១១
ស្តីអំពីការគ្រប់គ្រងរបស់ព្រះ តើលោកអ្នកសម្រេចចិត្តយ៉ាងណា? តើអ្នកឯកភាពថា ព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងលើអ្នកឬទេ? បើឯកភាពមែន អ្នកក៏ត្រូវទទួលស្គាល់ព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត។ របៀបដែលលោកអ្នកអាចធ្វើដូច្នេះបាន គឺដោយសម្របវិថីជីវិតឲ្យមានលក្ខណៈគ្រប់សព្វទៅតាមសេចក្ដីពិតនិងយោបល់ល្អៗក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះយេហូវ៉ា។ ‹ព្រះជាសេចក្ដីស្រឡាញ់› ដែលមានន័យថា ព្រះយេហូវ៉ាបង្គាប់ឲ្យយើងធ្វើតាមច្បាប់លោក ដោយព្រោះព្រះអង្គស្រឡាញ់យើង។ (យ៉ូហានទី១ ៤:៨) ព្រះយេហូវ៉ាមិនដកហូតអ្វីដែលអាចនាំឲ្យយើងទទួលប្រយោជន៍ទេ។ អាស្រ័យហេតុនេះ បានជាគួរគប្បីឲ្យយើងធ្វើតាមដំបូន្មានក្នុងគម្ពីរដែលដាស់តឿនថា៖ ‹ចូរពឹងដល់ព្រះយេហូវ៉ាឲ្យអស់ពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ចូរទទួលស្គាល់ព្រះយេហូវ៉ានៅគ្រប់ទាំងផ្លូវចុះ! នោះព្រះនឹងដំរង់អស់ទាំងផ្លូវច្រករបស់អ្នក›ផង។—សុភាសិត ៣:៥, ៦
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៤]
© Jeroen Oerlemans/Panos Pictures