បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១១ ទំ. ៩៩-១០៤
  • ហេតុអ្វីបានជាព្រះបណ្ដោយឲ្យមានអំពើសហ័ស?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីបានជាព្រះបណ្ដោយឲ្យមានអំពើសហ័ស?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • រឿង​ចំណោទ​សំខាន់​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ
  • ការ​ដោះ​ស្រាយ​រឿង​ចំណោទ​នោះ
  • ហេតុ​អ្វី​បាន​ជា​យូរ​ម្ល៉េះ?
  • មូលហេតុដែលព្រះមិនទាន់ដកចេញមនុស្សអាក្រក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • សេចក្ដីទុក្ខវេទនារបស់មនុស្ស ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមាន?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការឈឺចាប់កើតឡើង?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១១ ទំ. ៩៩-១០៤

ជំពូក​ទី១១

ហេតុ​អ្វី​បាន​ជា​ព្រះ​បណ្ដោយ​ឲ្យ​មាន​អំពើ​សហ័ស?

១ (​ក​) តើ​ស្ថានភាព​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ដែរ? (​ខ​) តើ​មនុស្ស​ខ្លះ​មាន​ការ​ត្អូញត្អែរ​យ៉ាង​ណា?

នៅ​ទីណា​ក៏​ដោយ​ក្នុង​ពិភពលោក​នេះ គឺ​ឃើញ​មាន​តែ​ឧក្រិដ្ឋកម្ម សេចក្ដី​សម្អប់​និង​បញ្ហា។ ជា​ញឹកញាប់ គឺ​ជន​និរទោស​ដែល​ជា​អ្នក​រង​ទុក្ខ។ មនុស្ស​ខ្លះ​ដាក់​កំហុស​ទៅ​លើ​ព្រះ។ ពួកគេ​ប្រហែល​ជា​ពោល​ថា​៖ ‹ប្រសិន​បើ​មាន​ព្រះ​មែន ហេតុ​អ្វី​បាន​ជា​ទ្រង់​បណ្ដោយ​ឲ្យ​អំពើ​ដ៏​ខ្លោចផ្សា​ទាំងអស់​នេះ​កើត​មាន​ឡើង​ដូច្នេះ›?

២ (​ក​) តើ​អ្នក​ណា​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​សហ័ស​ទាំង​នេះ? (​ខ​) តើ​សេចក្ដី​វេទនា​ភាគ​ច្រើន​នៅ​លើ​ផែនដី​អាច​ត្រូវ​បង្ការ​បាន​យ៉ាង​ណា?

២ ប៉ុន្តែ តើ​អ្នក​ណា​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​សហ័ស​ទាំង​នេះ​ដល់​អ្នក​ដទៃ? គឺ​ជា​មនុស្ស​លោក មិន​មែន​ព្រះ​ទេ។ អំពើ​សហ័ស​ព្រះ​ទ្រង់​ចាត់​ថា​ខុស។ តាម​ការ​ពិត​ទៅ សេចក្ដី​ទុក្ខវេទនា​ភាគ​ច្រើន​នៅ​លើ​ផែនដី​នេះ នឹង​អាច​បង្ការ​បាន ប្រសិន​បើ​មនុស្ស​លោក​បាន​គោរព​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ។ ទ្រង់​បញ្ជា​ឲ្យ​យើង​ស្រឡាញ់​គ្នា។ ទ្រង់​ហាមឃាត់​នូវ​ឃាតកម្ម ការ​លួច​ប្លន់ ការ​សហាយស្មន់ អំពើ​ល្មោភ ប្រមឹក និង​ការ​ប្រព្រឹត្ត​អំពើ​ខុស​ផ្សេង​ៗ​ទៀត​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​ទុក្ខវេទនា។ (​រ៉ូម ១៣:៩; អេភេសូរ ៥:៣, ១៨​) ព្រះ​បាន​បង្កើត​អ័ដាម​និង​នាង​អេវ៉ា​ដោយ​មាន​ខួរក្បាល​និង​រាង​កាយ​ដ៏​អស្ចារ្យ ហើយ​និង​សមត្ថភាព​ដើម្បី​សប្បាយ​នឹង​ជីវិត​ឲ្យ​បាន​ពេញលេញ។ ទ្រង់​មិន​ដែល​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​ពួកគេ​ឬ​ក៏​កូនចៅ​របស់​ពួកគេ​ឈឺចាប់​ឬ​ក៏​មាន​បញ្ហា​អ្វី​ឡើយ។

៣ (​ក​) តើ​អ្នក​ណា​ដែល​ទទួល​ការ​ខុសត្រូវ​ចំពោះ​អំពើ​សហ័ស? (​ខ​) អ្វី​ដែល​បង្ហាញ​ថា អ័ដាម​និង​នាង​អេវ៉ា​អាច​ទប់ទល់​នឹង​សេចក្ដី​ល្បួង​របស់​សាតាំង​បាន?

៣ គឺ​ជា​អារក្ស​សាតាំង ជា​អ្នក​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មាន​អំពើ​សហ័ស​នៅ​លើ​ផែនដី។ ប៉ុន្តែ​អ័ដាម​និង​នាង​​អេវ៉ា​ក៏​ត្រូវ​ទទួល​ទោស​ដែរ។ ពួកគេ​មិន​មែន​ជា​ខ្សោយ​ណាស់​ណា ដែល​គេ​មិន​អាច​ទប់ទល់ ពេល​ដែល​អារក្ស​បាន​ល្បួង​ពួកគេ​នោះ​ទេ។ ពួកគេ​អាច​ប្រាប់​សាតាំង​ឲ្យ​«​ថយចេញ​»​ ដូច​ជា​បុរស​ល្អ​ឥតខ្ចោះ​ព្រះ​​យេស៊ូវ​បាន​ធ្វើ​នៅ​ពេល​ក្រោយ​មក​នោះ។ (​ម៉ាថាយ ៤:១០​) ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ។ ជា​លទ្ធផល ពួកគេ​បាន​ទៅ​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ។ កូនចៅ​របស់​គេ​ទាំងអស់ រួម​ទាំង​យើង​ផង បាន​ទទួល​ជា​មរតក​នូវ​ភាព​មិន​ល្អ​ឥតខ្ចោះ​នោះ ដែល​បាន​នាំ​មក​ជា​មួយ​នូវ ជម្ងឺ សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្លាប់។ (​រ៉ូម ៥:១២​) ប៉ុន្តែ ហេតុ​អ្វី​ក៏​ព្រះ​បាន​បណ្ដោយ​ឲ្យ​សេចក្ដី​ទុក្ខវេទនា​មាន​បន្ត​រហូត​មក​ដូច្នេះ?

៤ តើ​អ្វី​ដែល​ជួយ​យើង​ឲ្យ​យល់​ថា ព្រះ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​បណ្ដោយ​ឲ្យ​មាន​អំពើ​សហ័ស​ជា​បណ្ដោះអាសន្ន​នោះ?

៤ ជា​មុន​ដំបូង មនុស្ស​ម្នាក់​ប្រហែល​ជា​គិត​ថា ព្រះ​មិន​អាច​មាន​មូលហេតុ​ដ៏​ល្អ​គ្រប់គ្រាន់​ណា ក្នុង​ការ​បណ្ដោយ​ឲ្យ​មនុស្ស​បាន​ពិសោធ​សេចក្ដី​ទុក្ខវេទនា អស់​រាប់​សតវត្ស​កន្លង​មក​នេះ​ទេ។ ប៉ុន្តែ តើ​ការ​​សន្និដ្ឋាន​បែប​នេះ​ត្រឹម​ត្រូវ​ទេ? តើ​មិន​ដែល​មាន​ឪពុក​ម្ដាយ​ណា ដែល​ពិត​ជា​ស្រឡាញ់​កូន​របស់​ខ្លួន បាន​បណ្ដោយ​ឲ្យ​កូន​ទទួល​នូវ​ការ​វះកាត់​ដ៏​ឈឺចាប់​ដើម្បី​កែ​នូវ​បញ្ហា​ណា​មួយ​ទេ​ឬ? មែន​ហើយ ការ​បណ្ដោយ​ឲ្យ​ឈឺចាប់​ជា​បណ្ដោះអាសន្ន តែង​តែ​ធ្វើ​ឲ្យ​កូន​មាន​លទ្ធភាព​អាច​សប្បាយ​នឹង​សុខភាព​ដ៏​ប្រសើរ​នៅ​ក្នុង​ជីវិត​គេ​ក្រោយ​មក។ តើ​ការ​បណ្ដោយ​របស់​ព្រះ​ឲ្យ​មាន​អំពើ​សហ័ស​នេះ បាន​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ហើយ?

រឿង​ចំណោទ​សំខាន់​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ

៥ (​ក​) តើ​សាតាំង​បាន​និយាយ​ប្រឆាំង​នឹង​ព្រះ​យ៉ាង​ណា? (​ខ​) តើ​សាតាំង​បាន​សន្យា​អ្វី​ខ្លះ​ឲ្យ​នាង​អេវ៉ា?

៥ ការ​បះបោរ​ប្រឆាំង​នឹង​ព្រះ​នៅ​ក្នុង​សួនច្បារ​អេដែន បាន​បង្កើត​នូវ​រឿង​ចំណោទ​ឬ​ក៏​សំនួរ​ដ៏​សំខាន់​មួយ។ យើង​ត្រូវ​តែ​ពិនិត្យ​រឿង​នេះ​ជា​ចាំបាច់ ដើម្បី​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះ​បាន​បណ្ដោយ​ឲ្យ​មាន​អំពើ​សហ័ស។ ព្រះ​យេហូវ៉ា​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ទៅ​អ័ដាម​ថា កុំ​ឲ្យ​បរិភោគ​ពីដើម​ឈើ​មួយ​នៅ​ក្នុង​សួនច្បារ​អេដែន​ឡើយ។ ប្រសិន​បើ​អ័ដាម​បរិភោគ តើ​នឹង​កើត​មាន​លទ្ធផល​យ៉ាង​ណា? ព្រះ​បាន​មាន​បន្ទូល​ថា​៖ ​«​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៧​) ទោះជា​យ៉ាង​ណា សាតាំង​បាន​និយាយ​ផ្ទុយ​ស្រឡះ​ទៅ​វិញ។ វា​បាន​ប្រាប់​ទៅ​ប្រពន្ធ​របស់​អ័ដាម នាង​អេវ៉ា​ថា ចូរ​បរិភោគ​ពីដើម​ឈើ​ដែល​បាន​ហាមឃាត់​ទៅ។ សាតាំង​បាន​និយាយ​ថា ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ​»។ តាម​ការ​ពិត វា​បាន​ប្រាប់​នាង​អេវ៉ា​តទៅ​ទៀត​ថា​៖ ​«​ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុសត្រូវ​ផង​»។—លោកុប្បត្តិ ៣:១​-​៥

៦ (​ក​) ហេតុ​អ្វី​បាន​ជា​នាង​អេវ៉ា​មិន​គោរព​ប្រតិបត្ដិ​ដល់​ព្រះ? (​ខ​) តើ​ការ​បរិភោគ​ពីដើម​ឈើ​ដែល​ហាមឃាត់​មាន​ន័យ​យ៉ាង​ណា?

៦ នាង​អេវ៉ា​មិន​បាន​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ទេ ហើយ​ក៏​បាន​បរិភោគ​ទៅ។ ហេតុ​អ្វី? នាង​អេវ៉ា​បាន​ជឿ​តាម​សាតាំង។ នាង​បាន​គិត​ដោយ​អញនិយម​ថា នាង​នឹង​បាន​ប្រយោជន៍​ពី​ការ​មិន​គោរព​ស្ដាប់បង្គាប់​ដល់​ព្រះ។ នាង​បាន​វែកញែក​ឃើញ​ថា នាង​និង​អ័ដាម​លែង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​ទៀត​ហើយ។ ពួកគេ​លែង​ចុះ​ចូល​នៅ​ក្រោម​ក្រិត្យ​វិន័យ​របស់​ទ្រង់​ទៀត​ហើយ។ ពួកគេ​អាច​សម្រេច​ចិត្ត​​ចំពោះ​អ្វី​ដែល​«​ល្អ​»​ហើយ​អ្វី​ដែល​«​អាក្រក់​»​ដោយ​ខ្លួន​ឯង​បាន។ អ័ដាម​ក៏​បាន​ប្រព្រឹត្ត​តាម​នាង​អេវ៉ា ហើយ​ក៏​បាន​បរិភោគ​ដែរ។ ក្នុង​ការ​ពិភាក្សា​អំពី​អំពើ​បាប​របស់​មនុស្ស​ពីដើម​ដែល​បាន​ប្រឆាំង​នឹង​ព្រះ ​កំណត់​ចំណាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​យេរូសាឡិម​បាន​ចែង​មក​ថា​៖ ​«​នេះ​ជា​អំណាច​នៃ​ការ​សម្រេច​ចិត្ត​សំរាប់​ខ្លួន​គេ ចំពោះ​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់ ហើយ​និង​ការ​ប្រព្រឹត្ត​ទៅ​តាម​នោះ ជា​ការ​ទាមទារ​មិន​ពឹងផ្អែក​ខាង​សីលធម៌​លើ​អ្នក​ឯ​ទៀត​សោះ . . . បាបកម្ម​ទី​មួយ​ជា​ការ​ប្រយុទ្ធ​ទៅ​លើ​អធិបតេយ្យភាព​របស់​ព្រះ​»។ នេះ​ជា​ការ​ប្រយុទ្ធ​មួយ​ទៅ​លើ​សិទ្ធិ​របស់​ព្រះ ក្នុង​ការ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដាច់​មុខ​លើ​មនុស្ស​លោក ឬ​ជា​ព្រះ​មហាក្សត្រ​ដ៏​ខ្ពស់​បំផុត។

៧ (​ក​) តើ​រឿង​ចំណោទ​អ្វី​ដែល​បាន​ចោទ​ឡើង​ដោយសារ​ការ​មិន​គោរព​ស្ដាប់បង្គាប់​របស់​មនុស្ស? (​ខ​) តើ​សំនួរ​អ្វី​ខ្លះ​ដែល​ត្រូវ​ការ​នូវ​ចម្លើយ​ដែល​ជាប់​ទាក់ទង​នឹង​រឿង​ចំណោទ​នេះ?

៧ ដូច្នេះ ដោយសារ​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​បាន​ហាមឃាត់​នោះ អ័ដាម​និង​នាង​អេវ៉ា​បាន​ដក​ខ្លួន​គេ​ចេញ​ពី​ការ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ។ ពួកគេ​បាន​ដើរ​ចេញ​ទៅ​ដោយ​ខ្លួន​ឯង នឹង​ធ្វើ​អ្វី​ដែល​«​ល្អ​»​ឬ​«​អាក្រក់​»​តាម​តែ​សេចក្ដី​សម្រេច​របស់​គេ​ផ្ទាល់។ ដូច្នេះ រឿង​ចំណោទ​ឬ​សំនួរ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​ចោទ​ឡើង​គឺ​៖ តើ​ព្រះ​ទ្រង់​មាន​សិទ្ធិ​ជា​អ្នក​គ្រប់​គ្រង​ដាច់​មុខ​លើ​មនុស្ស​លោក​បាន​ទេ? បើ​និយាយ​ឲ្យ​ចំ​ទៅ តើ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​ដែល​ត្រូវ​សម្រេច​អ្វី​ជា​សេចក្ដី​ល្អ​ឬ​អ្វី​ជា​សេចក្ដី​អាក្រក់​ឲ្យ​មនុស្ស​លោក​បាន​ទេ? តើ​ទ្រង់​ជា​អ្នក​ដែល​មាន​បន្ទូល​ប្រាប់​អ្វី​ជា​ចរិយា​ត្រឹម​ត្រូវ ហើយ​អ្វី​ជា​មិន​ត្រឹម​ត្រូវ​បាន​ទេ? ឬ​ក៏​តើ​មនុស្ស​អាច​ធ្វើ​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន​ប្រសើរ​ជាង​ព្រះ​ទៅ​ទៀត​ឬ? តើ​របៀប​គ្រប់​គ្រង​របស់​អ្នក​ណា​ប្រសើរ​ជាង​គេ​បង្អស់? តើ​មនុស្ស​លោក ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​ដែល​មើល​មិន​ឃើញ​របស់​សាតាំង អាច​គ្រប់​គ្រង​ដ៏​ជោគជ័យ​ដោយ​គ្មាន​ការ​ដឹក​នាំ​ពី​ព្រះ​យេហូវ៉ា​បាន​ទេ? ឬ​ក៏​តើ​ត្រូវ​ការ​ការ​ដឹក​នាំ​របស់​ព្រះ​ទេ ដើម្បី​រៀបចំ​រដ្ឋាភិបាល​ដ៏​សុចរិត​មួយ ដែល​នឹង​នាំ​មក​នូវ​សន្ដិភាព​ដ៏​យូរ​អង្វែង​នៅ​លើ​ផែនដី​នេះ? សំនួរ​ទាំងអស់​បែប​នេះ​បាន​ចោទ​ឡើង​ក្នុង​ការ​វាយលុក​ទៅ​លើ​អធិបតេយ្យភាព​របស់​ព្រះ ទៅ​លើ​សិទ្ធិ​របស់​ទ្រង់​ជា​អ្នក​គ្រប់​គ្រង​តែមួយ​គត់​និង​ដាច់​មុខ​លើ​មនុស្ស​លោក។

៨ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​បាន​កំទេច​ពួក​បះបោរ​នោះ​ភ្លាម​ទៅ?

៨ ជា​ប្រាកដ​ហើយ បន្ទាប់​ពី​ការ​បះបោរ​បាន​កើត​ឡើង​ភ្លាម ព្រះ​យេហូវ៉ា​អាច​កំទេច​អ្នក​បះបោរ​ទាំង​បី​នាក់​នោះ​ចោល​បាន។ គ្មាន​ការ​សង្ស័យ​ទេ​ថា ទ្រង់​ខ្លាំង​ជាង​សាតាំង​ឬ​ក៏​អ័ដាម​និង​អេវ៉ា​នោះ។ ប៉ុន្តែ​ការ​កំទេច​ពួកគេ មិន​អាច​ដោះ​ស្រាយ​រឿង​ទាំង​នេះ​ដោយ​វិធី​ដ៏​ប្រសើរ​បំផុត​បាន​ទេ។ ឧទាហរណ៍ ការ​នេះ​នឹង​មិន​អាច​ឆ្លើយ​នូវ​សំនួរ​ដែល​ថា តើ​មនុស្ស​លោក​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដ៏​ជោគជ័យ​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​បាន​ឬ​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា ដើម្បី​ដោះ​ស្រាយ​នូវ​រឿង​ចំណោទ​ដ៏​សំខាន់​ដែល​បាន​ចោទ​ឡើង​នោះ។

ការ​ដោះ​ស្រាយ​រឿង​ចំណោទ​នោះ

៩, ១០ តើ​ការ​ព្យាយាម​របស់​មនុស្ស​លោក​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង ដោយ​គ្មាន​ការ​ដឹក​នាំ​ពី​ព្រះ​បាន​ទទួល​លទ្ធផល​យ៉ាង​ណា​ខ្លះ?

៩ ឥឡូវ​នេះ ពេល​វេលា​បាន​កន្លង​ទៅ​ហើយ តើ​លទ្ធផល​បាន​យ៉ាង​ណា​ដែរ? អញ្ចឹង តើ​អ្នក​នឹង​មាន​ប្រសាសន៍​យ៉ាង​ណា? តើ​៦.០០០​ឆ្នាំ​កន្លង​មក​ក្នុង​ប្រវត្ដិសាស្ត្រ បាន​បង្ហាញ​ថា​មនុស្ស​លោក​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដ៏​ជោគជ័យ​ដោយ​គ្មាន​ការ​ដឹក​នាំ​ពី​ព្រះ​បាន​ទេ? តើ​មនុស្ស​លោក​បាន​ស្ថាបនា​រដ្ឋាភិបាល​ដ៏​ល្អ​មួយ​ឬ​នៅ ដែល​អាច​ផ្ដល់​ឲ្យ​សុភមង្គល​និង​ពរ​ជា​ច្រើន​ដល់​មនុស្ស​គ្រប់​រូប​នោះ? ឬ​ក៏ តើ​ឯកសារ​នៃ​ប្រវត្ដិសាស្ត្រ​បាន​សម្ដែង​ភាព​ត្រឹម​ត្រូវ​នៃ​ពាក្យ​សម្ដី​របស់​ហោរា​យេរេមា​ដែល​ថា​៖ ​«​ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ​»​?—យេរេមា ១០:២៣

១០ ក្នុង​ប្រវត្ដិសាស្ត្រ​ទាំងអស់ រដ្ឋាភិបាល​គ្រប់​ប្រភេទ​បាន​ត្រូវ​យក​មក​ពិសោធ​មើល ប៉ុន្តែ​គ្មាន​មួយ​ណា​នាំ​មក​នូវ​សន្ដិសុខ​និង​សុភមង្គល​ពិត​ប្រាកដ​បាន សំរាប់​មនុស្ស​ទាំងអស់​ដែល​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួកគេ​ទេ។ មនុស្ស​ខ្លះ​ប្រហែល​ជា​លើក​ការ​ជាក់​ស្តែង​នៃ​ការ​ជឿនលឿន​មក​និយាយ។ ប៉ុន្តែ តើ​មាន​អ្នក​ណា​ម្នាក់​អាច​និយាយ​អំពី​ការ​ជឿនលឿន​ពិត​ប្រាកដ​បាន​ទេ បើ​ធ្នូ​និង​ព្រួញ​បាន​ប្ដូរ​ដោយ​គ្រាប់បែក​បរមាណូ ហើយ​ពិភពលោក​ឥឡូវ​នេះ​កំពុង​តែ​មាន​ការ​ភ័យ​ព្រួយ​ចំពោះ​សង្គ្រាម​លោក​មួយ​ទៀត​នោះ? តើ​ជា​ការ​ជឿនលឿន​ប្រភេទ​ណា បើ​មនុស្ស​លោក​អាច​ដើរ​នៅ​លើ​លោកខែ​បាន ប៉ុន្តែ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សន្ដិភាព​នៅ​លើ​ផែនដី​នេះ​បាន​ផង? តើ​មាន​ប្រយោជន៍​អ្វី​ចំពោះ​មនុស្ស ដែល​បាន​សង់​ផ្ទះ​ប្រដាប់​ដោយ​គ្រឿង​សម្រួល​ដ៏​ទាន់​សម័យ​គ្រប់​ប្រភេទ ប៉ុន្តែ​គ្រួសារ​ដែល​រស់​នៅ​ក្នុង​នោះ បាន​បែក​បាក់​គ្នា​ដោយ​ទុក្ខ​កង្វល់​ជា​ច្រើន? តើ​កុប្បកម្ម​នៅ​តាម​វិថី ការ​បំផ្លាញ​កម្មសិទ្ធិ​និង​ជីវិត ហើយ​និង​អំពើ​ល្មើស​ច្បាប់​ជា​ទូទៅ ជា​ការ​ដែល​គួរ​ឲ្យ​កោត​សរសើរ​ឬ? មិន​មែន​ទាល់តែ​សោះ! ប៉ុន្តែ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ខំ​ប្រឹងប្រែង​របស់​មនុស្ស ក្នុង​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ដែល​បែក​ចេញ​ពី​ព្រះ។—សុភាសិត ១៩:៣

១១ ដូច្នេះ​យ៉ាង​ជាក់​ស្តែង​ណាស់ តើ​មនុស្ស​លោក​ត្រូវ​ការ​អ្វី​ជា​ចាំបាច់?

១១ ភស្តុតាង​ទាំង​នោះ​គួរ​តែ​ជា​ការ​ជាក់​ស្តែង​ណាស់​ចំពោះ​មនុស្ស​គ្រប់​រូប។ ការ​ខំ​ប្រឹង​របស់​មនុស្ស​ក្នុង​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង មិន​ពឹងផ្អែក​លើ​ព្រះ បាន​ទទួល​បរាជ័យ​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា។ បរាជ័យ​នេះ​បាន​ផ្ដល់​នូវ​លទ្ធផល​ជា​ការ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស។ ព្រះ​គម្ពីរ​ពន្យល់​ថា​៖ ​«​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា​»។ (​សាស្ដា ៨:៩​) ជា​ការ​ច្បាស់​ណាស់ មនុស្ស​លោក​ត្រូវ​ការ​ជា​ចាំបាច់ នូវ​ការ​ដឹក​នាំ​របស់​ព្រះ​ក្នុង​ការ​គ្រប់​គ្រង​មើល​កិច្ចការ​របស់​ពួកគេ។ ដូច​ជា​ព្រះ​បាន​បង្កើត​មនុស្ស​មក​ដោយ​មាន​សេចក្ដី​ត្រូវ​ការ​នឹង​បរិភោគ​ម្ហូបអាហារ​និង​ទទួល​ទាន​ទឹក​នោះ មនុស្ស​ក៏​បាន​បង្កើត​មក​ដោយ​មាន​សេចក្ដី​ត្រូវ​ការ​នឹង​គោរព​ប្រតិបត្ដិ​ក្រិត្យ​វិន័យ​របស់​ព្រះ​ដែរ។ កាលណា​មនុស្ស​មិន​អើពើ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​ទេ គេ​នឹង​ត្រូវ​ជួបប្រទះ​ភាព​ពិបាក ហើយ​គេ​ក៏​ច្បាស់​ជា​នឹង​ត្រូវ​រង​ទុក្ខវេទនា​ដូច​នោះ​ដែរ បើ​កាលណា​គេ​មិន​អើពើ​នឹង​សេចក្ដី​ត្រូវ​ការ​នៃ​រូបកាយ​គេ ក្នុង​ការ​ទទួល​អាហារ​និង​ទឹក​នោះ។​—សុភាសិត ៣:៥, ៦

ហេតុ​អ្វី​បាន​ជា​យូរ​ម្ល៉េះ?

១២ ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​យូរ​ម្ល៉េះ ដើម្បី​នឹង​ដោះ​ស្រាយ​រឿង​ចំណោទ​នេះ?

១២ ទោះជា​យ៉ាង​ណា​ក៏​ដោយ ជន​ម្នាក់​ប្រហែល​ជា​សួរ​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ពេល​ច្រើន​ម្ល៉េះ ប្រមាណ​៦.០០០​ឆ្នាំ​មក​ហើយ ដើម្បី​ដោះ​ស្រាយ​រឿង​ចំណោទ​នេះ? តើ​មិន​អាច​ត្រូវ​ដោះ​ស្រាយ​តាម​វិធី​ជា​ទី​ពេញ​ចិត្ត​ជា​យូរ​យារ​ណាស់​មក​ហើយ​ទេ​ឬ›? មិន​អាច​ទេ ប្រសិន​បើ​ព្រះ​បាន​លូក​ព្រះ​ហស្ត​ដោះ​ស្រាយ​ជា​យូរ​យារ​មក​ហើយ​នោះ ការ​ចោទ​នឹង​អាច​មាន​ឡើង​ទៀត​ថា ទ្រង់​មិន​បាន​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​មនុស្ស​លោក​ធ្វើ​ការ​ពិសោធន៍​ទេ។ ប៉ុន្តែ​តាម​ការ​ពិត​ទៅ មនុស្ស​បាន​មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល ដែល​អាច​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​គ្រប់​ប្រជា​រាស្ត្រ ហើយ​ព្រម​ទាំង​ធ្វើ​ការ​ស្រាវជ្រាវ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ដែល​អាច​ជួយ​ផ្ដល់​ដល់​ភាព​ចម្រើន​នៃ​មនុស្ស​គ្រប់​រូប​ដែរ។ អស់រយៈ​ពេល​ជា​ច្រើន​សតវត្ស​កន្លង​មក​ហើយ មនុស្ស​លោក​បាន​សាកល្បង​ស្ទើរតែ​គ្រប់​សណ្ឋាន​នៃ​រដ្ឋាភិបាល។ ហើយ​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ឃើញ​ថា​គួរ​ឲ្យ​អស្ចារ្យ​មែន។ ពួកគេ​បាន​យក​បរមាណូ​មក​ប្រើ​ប្រាស់​បាន ហើយ​បាន​ធ្វើ​ដំណើរ​រហូត​ដល់​លោកខែ។ ប៉ុន្តែ​លទ្ធផល​បាន​ជា​យ៉ាង​ណា? តើ​ការ​ទាំង​នេះ​បាន​នាំ​មក​នូវ​របប​ថ្មី​មួយ ដើម្បី​ជា​ពរ​ដល់​មនុស្ស​លោក​ទេ?

១៣ (​ក​) ថ្វី​បើ​មនុស្ស​មាន​ការ​លូត​លាស់​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ក៏​ដោយ តើ​សព្វ​ថ្ងៃ​នេះ​មាន​ស្ថានភាព​យ៉ាង​ណា? (​ខ​) តើ​ការ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​អ្វី?

១៣ មិន​ទាល់តែ​សោះ! ផ្ទុយ​ទៅ​វិញ បាន​នាំ​មក​នូវ​អពមង្គល​និង​បញ្ហា​នៅ​លើ​ផែនដី លើស​ជាង​ពីមុន​ទៅ​ទៀត។ តាម​ពិត​ទៅ ឧក្រិដ្ឋកម្ម ការ​ធ្វើ​ឲ្យ​ក្រខ្វក់ សង្គ្រាម ការ​បាក់​បែក​គ្រួសារ និង​បញ្ហា​ផ្សេង​ៗ​ទៀត បាន​មក​ដល់​កម្រិត​ដ៏​គ្រោះថ្នាក់​មួយ ដែល​ពួក​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ជា​ការ​គួរ​ឲ្យ​ភិតភ័យ​ចំពោះ​វត្តមាន​របស់​មនុស្ស​ទៀត​ផង។ មែន​ហើយ ក្រោយ​ពី​ការ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​​ប្រហែល​ជា​៦.០០០​ឆ្នាំ​កន្លង​មក ហើយ​ក្រោយ​ពី​បាន​ឡើង​ទៅ​ដល់​កំពូល​នៃ​«​ការ​រីក​ចម្រីន​»​ខាង​ផ្នែក​វិទ្យាសាស្ត្រ សព្វ​ថ្ងៃ​នេះ​មនុស្ស​លោក​កំពុង​តែ​ជួបប្រទះ​នូវ​សេចក្ដី​ហិនវិនាស​ដោយ​ខ្លួន​ឯង! យ៉ាង​ច្បាស់​លាស់​ណាស់ ក្រៅ​ពី​ព្រះ​មនុស្ស​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​ដ៏​ជោគជ័យ​បាន​ទេ! ហើយ​ឥឡូវ​នេះ​ក៏​គ្មាន​អ្នក​ណា​មួយ​អាច​ត្អូញត្អែរ​ថា ព្រះ​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​នឹង​ដោះ​ស្រាយ​រឿង​ចំណោទ​នេះ​ឡើយ។

១៤ ហេតុ​អ្វី​ក៏​យើង​ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត ឲ្យ​ពិនិត្យ​នូវ​រឿង​ចំណោទ​ដ៏​សំខាន់​ផ្សេង​ទៀត​ដែល​បាន​ចោទ​ឡើង​ដោយ​សាតាំង?

១៤ ពិត​ហើយ​ព្រះ​ទ្រង់​មាន​មូលហេតុ​ដ៏​ល្អ ក្នុង​ការ​បណ្ដោយ​ឲ្យ​មនុស្ស​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សាតាំង ដែល​បង្ក​នូវ​អំពើ​សហ័ស​ដែល​មាន​ជា​យូរ​មក​ហើយ​នេះ។ ដោយសារ​ការ​បះបោរ​របស់​វា សាតាំង​បាន​ចោទ​នូវ​រឿង​មួយ​ទៀត ដែល​ត្រូវ​ការ​ពេល​វេលា​ដើម្បី​នឹង​ដោះ​ស្រាយ​ដែរ។ ការ​ពិនិត្យ​នូវ​រឿង​ចំណោទ​នេះ នឹង​ជួយ​យើង​ឲ្យ​យល់​ថែម​ទៀត​អំពី​មូលហេតុ​ដែល​ព្រះ​បាន​បណ្ដោយ​ឲ្យ​មាន​អំពើ​សហ័ស។ លោក​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​ចំពោះ​រឿង​ចំណោទ​នេះ ពីព្រោះ​លោក​អ្នក​មាន​ការ​ជាប់​ទាក់ទង​ផ្ទាល់​ខ្លួន​ក្នុង​រឿង​នេះ​ដែរ។

[​រូបភាព​នៅ​ទំព័រ​១០០​]

ដោយ​មាន​មូលហេតុ​ដ៏​ល្អ ឪពុក​ម្ដាយ​បណ្ដោយ​ឲ្យ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ទទួល​នូវ​ការ​វះកាត់​ដ៏​ឈឺចាប់​មួយ​គ្រា។ ព្រះ​ទ្រង់​ក៏​មាន​មូលហេតុ​ដ៏​ល្អ​ដែរ ដែល​ទ្រង់​បណ្ដោយ​ឲ្យ​មនុស្ស​រង​ទុក្ខ​ជា​បណ្ដោះអាសន្ន​នោះ

[​រូបភាព​នៅ​ទំព័រ​១០១​]

អ័ដាម​និង​នាង​អេវ៉ា​បាន​បោះបង់​ចោល​ការ​គ្រប់​គ្រង​របស់​ព្រះ ដោយសារ​ការ​បរិភោគ​ផ្លែ​ឈើ​ហាមឃាត់។ ពួកគេ​ក៏​ចាប់​បាន​ផ្ដើម​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​ល្អ​ឬ​អាក្រក់

[​រូបភាព​នៅ​ទំព័រ​១០៣​]

ដូច​ជា​មនុស្ស​ត្រូវ​បាន​បង្កើត​មក​ដោយ​មាន​សេចក្ដី​ត្រូវ​ការ​នឹង​បរិភោគ​ម្ហូបអាហារ​និង​ទទួល​ទាន​ទឹក​នោះ គេ​ក៏​ត្រូវ​បាន​បង្កើត​មក​ដោយ​មាន​សេចក្ដី​ត្រូវ​ការ​នូវ​ការ​ដឹក​នាំ​របស់​ព្រះ​ដែរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក