សេចក្ដីទុក្ខវេទនារបស់មនុស្ស ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមាន?
នៅដើមដំបូងនៃប្រវត្ដិសាស្ត្ររបស់មនុស្ស ឥតមានទឹកភ្នែកនៃសេចក្ដីទុក្ខព្រួយ ឬក៏ការឈឺចាប់អ្វីឡើយ។ មនុស្សលោកពុំមានសេចក្ដីទុក្ខវេទនាទេ។ ព្រះបានប្រទានឲ្យមនុស្សលោកនូវការចាប់ផ្ដើមជីវិតយ៉ាងល្អឥតខ្ចោះ។ «រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។—លោកុប្បត្តិ ១:៣១
ប៉ុន្តែមនុស្សខ្លះជំទាស់ថា ‹រឿងអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែន គឺគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ›។ គួរឲ្យស្ដាយណាស់ ដែលបព្វជិតជាច្រើននៃពិភពគ្រីស្ទសាសនាបាននិយាយបែបនេះ។ យ៉ាងណាក៏ដោយ ព្រះយេស៊ូដែលមានអំណាចជាច្រើននោះ ទ្រង់បានបញ្ជាក់ថា ព្រឹត្ដិការណ៍នៅសួនច្បារអេដែនជាប្រវត្ដិសាស្ត្រដ៏ពិតមួយ។ (ម៉ាថាយ ១៩:៤-៦) ម្យ៉ាងវិញទៀត ផ្លូវតែមួយដែលអាចយល់ពីមូលហេតុដែលព្រះបានអនុញ្ញាតឲ្យមនុស្សមានសេចក្ដីទុក្ខវេទនា គឺត្រូវពិនិត្យមើលព្រឹត្ដិការណ៍ទាំងនេះក្នុងប្រវត្ដិសាស្ត្រពីដើមរបស់មនុស្ស។
ព្រះបានប្រទានឲ្យអ័ដាមដែលជាមនុស្សប្រុសទីមួយនូវការងារដ៏ស្កប់ចិត្ត គឺកិច្ចការថែរក្សាសួនច្បារអេដែន។ ព្រះក៏បានផ្ដល់ឲ្យគាត់នូវគោលដៅមួយ គឺត្រូវពង្រីកសួនច្បារអេដែនរបស់គាត់ឲ្យទៅជាសួនមនោរម្យនៅជុំវិញពិភពលោក។ (លោកុប្បត្តិ ១:២៨; ២:១៥) ដើម្បីនឹងជួយអ័ដាមក្នុងការសំរេចកិច្ចការដ៏ធំសម្បើមនេះ ព្រះបានផ្ដល់ឲ្យប្រពន្ធមួយ ឈ្មោះអេវ៉ា ហើយទ្រង់បានមានបន្ទូលប្រាប់ពួកគេឲ្យបង្កើតកូនឲ្យបានច្រើនឡើង ហើយឲ្យបង្ក្រាបផែនដីផង។ ប៉ុន្តែត្រូវតែមានអ្វីមួយជាចាំបាច់ ដើម្បីឲ្យគោលបំណងរបស់ព្រះបានជោគជ័យចំពោះផែនដីនិងមនុស្សលោក។ ដោយសារតែបានបង្កើតមកដូចរូបអង្គទ្រង់ មនុស្សមានចិត្តសេរី។ ដូច្នេះហើយនេះជាការចាំបាច់ណាស់ ដែលគោលបំណងរបស់មនុស្សមិនត្រូវប្រឆាំងជាមួយនឹងគោលបំណងរបស់ព្រះ។ ពុំសោតនោះ នឹងច្បាស់ជាមានការច្របូកច្របល់នៅក្នុងសកលលោក ហើយគោលបំណងរបស់ព្រះក្នុងការបំពេញផែនដីដោយគ្រួសារមនុស្សដ៏សុខសាន្តនោះ នឹងមិនបានសម្រេចឡើយ។
ការចុះចូលនឹងការគ្រប់គ្រងរបស់ព្រះមិនមែនជាការស្វ័យប្រវត្តទេ។ តែជាការសំដែងចិត្តសេរីដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ទៅវិញ។ ជាឧទាហរណ៍ យើងអានអំពីព្រះយេស៊ូគ្រីស្ទ ពេលដែលទ្រង់បានជួបប្រទះការសាកល្បងជាខ្លាំង ទ្រង់បានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។—លូកា ២២:៤២
ដូចបែបនេះដែរ ការនេះគឺស្រេចទៅលើអ័ដាមនិងអេវ៉ាក្នុងការបង្ហាញជាភស្តុតាង ថាតើគេចង់ចុះចូលនឹងការគ្រប់គ្រងរបស់ព្រះឬក៏មិនចង់។ ចំពោះរឿងនេះ ព្រះយេហូវ៉ាបានរៀបចំការសាកល្បងដ៏តូចមួយ។ នៅក្នុងសួនច្បារអេដែន មានដើមឈើមួយដែលហៅថា«ដើមសំរាប់ដឹងខុសត្រូវ»។ ដើមឈើនេះតំណាងសិទ្ធិរបស់ព្រះក្នុងការដាក់បមាណីយនៃចរិយាត្រឹមត្រូវ។ បើនិយាយឲ្យស្រួលយល់ទៅ គឺព្រះបានហាមកុំឲ្យបរិភោគផលផ្លែពីដើមមួយនេះ។ បើសិនជាអ័ដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់តាមទេ សេចក្ដីស្លាប់ច្បាស់ជាធ្លាក់មកលើគេជាមិនខាន។—លោកុប្បត្តិ ២:៩, ១៦, ១៧
ការចាប់ផ្ដើមនៃសេចក្ដីទុក្ខវេទនារបស់មនុស្ស
នៅថ្ងៃមួយ មានបុត្រវិញ្ញាណរបស់ព្រះម្នាក់បានហ៊ានជំទាស់នឹងរបៀបគ្រប់គ្រងរបស់ព្រះ។ ដោយប្រើសត្វពស់ជាឧបករណ៍សំរាប់និយាយឆ្លងឆ្លើយ វាបានសួរនាងអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ»? (លោកុប្បត្តិ ៣:១) ដូច្នេះគ្រាប់ពូជនៃការសង្ស័យត្រូវបានបណ្ដុះនៅក្នុងគំនិតរបស់នាងអេវ៉ា ថាតើរបៀបដែលព្រះគ្រប់គ្រងនោះត្រឹមត្រូវឬក៏មិនត្រឹមត្រូវ។a នាងបានតបឆ្លើយថាការគ្រប់គ្រងរបស់ព្រះគឺជាការត្រឹមត្រូវ ដែលនាងបានរៀនពីប្ដីរបស់នាងមក។ យ៉ាងណាក៏ដោយ បុគ្គលវិញ្ញាណនោះបាននិយាយប្រឆាំងនឹងព្រះ ហើយបានភូតអំពីកម្មផលនៃការមិនស្ដាប់បង្គាប់ ដោយនិយាយថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្តិ ៣:៤, ៥
គួរឲ្យស្ដាយណាស់ ដែលនាងអេវ៉ាត្រូវបានអារក្សបញ្ឆោតឲ្យគិតថា ការមិនស្ដាប់បង្គាប់នឹងនាំឲ្យមានជីវិតល្អប្រសើរ ជាជាងសេចក្ដីទុក្ខវេទនានោះ។ ពេលដែលនាងចេះតែសម្លឹងមើលទៅឯផ្លែនោះ នាងចង់បានផ្លែនោះរឹតតែខ្លាំងឡើង ហើយនាងក៏បានចាប់ផ្ដើមបរិភោគទៅ។ បន្ទាប់មក នាងបានអន្ទងអ័ដាមឲ្យបរិភោគផ្លែនោះដែរ។ ជាការសោកស្ដាយណាស់ ដែលអ័ដាមបានជ្រើសយកផ្លូវគាប់ចិត្តប្រពន្ធរបស់គាត់ ជាជាងគាប់ព្រះហឫទ័យព្រះទៅវិញ។—លោកុប្បត្តិ ៣:៦; ធីម៉ូថេទី១ ២:១៣, ១៤
ដោយបានចាប់ផ្ដើមការបះបោរ បុគ្គលវិញ្ញាណមួយនេះបានធ្វើខ្លួនវាឲ្យទៅជាអ្នកប្រឆាំងនឹងព្រះ។ ដូច្នេះ វាក៏ត្រូវបានហៅថា សាតាំង ជាពាក្យហេព្រើរដែលមានន័យថា «អ្នកប្រឆាំង»។ វាក៏បានភូតអំពីព្រះដែរ ធ្វើឲ្យខ្លួនវាទៅជាអ្នកនិយាយបង្កាច់គេ។ ដូច្នេះ វាក៏ត្រូវបានហៅថា អារក្ស ជាពាក្យក្រិកដែលមានន័យថា «អ្នកបង្កាច់»។—វិវរណៈ ១២:៩
ដូច្នេះ សេចក្ដីទុក្ខវេទនារបស់មនុស្សក៏បានចាប់ផ្ដើមឡើង។ បុគ្គលបីរូបនេះបានប្រើចិត្តសេរីរបស់គេតាមផ្លូវខុស ដោយជ្រើសរើសយកជីវភាពរស់នៅអាត្មានិយម ជាការប្រឆាំងនឹងព្រះជាអ្នកបង្កើតរបស់គេ។ ឥឡូវនេះមានការចោទឡើងថា តើតាមរបៀបយុត្ដិធម៌ណាដែលព្រះនឹងដោះស្រាយរឿងនេះ ដើម្បីធ្វើឲ្យបុគ្គលដែលមានប្រាជ្ញាទាំងអស់ រួមទាំងពួកទេវតាដ៏ស្មោះត្រង់នៅឯស្ថានសួគ៌ និងកូនចៅរបស់អ័ដាមនិងអេវ៉ានៅអនាគតនោះ មានការទុកចិត្តឡើងវិញ?
ការតបឆ្លើយរបស់ព្រះដោយប្រាជ្ញា
មនុស្សខ្លះប្រហែលនិយាយប្រកែកថា បើសិនជាព្រះបានកំទេចចោលអារក្ស អ័ដាម និងអេវ៉ាទៅ នោះជាការប្រសើរជាង។ ប៉ុន្តែបើធ្វើដូច្នោះ ច្បាស់ជាមិនបានដោះស្រាយនូវរឿងចំណោទដែលបានកើតឡើងពីការបះបោរនោះទេ។ សាតាំងបានចោទសួរពីរបៀបដែលព្រះគ្រប់គ្រងដោយផ្ដល់យោបល់ថា ជាការប្រសើរជាង បើមនុស្សមិនពឹងពាក់ទៅលើការគ្រប់គ្រងរបស់ព្រះ។ ថែមទៅទៀត ជ័យជំនះរបស់វាក្នុងការបែរមនុស្សពីរនាក់ឲ្យប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះនោះ ក៏បានធ្វើឲ្យមានសំនួរឯទៀតដែរ។ ដោយសារអ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាបនោះ តើមានអ្វីខុសនឹងរបៀបដែលព្រះបានបង្កើតមនុស្សមកឬ? តើនឹងមានអ្នកណានៅលើផែនដីអាចរក្សាភក្ដីភាពចំពោះទ្រង់ទេ? ចុះយ៉ាងណាដែរ ចំពោះពួកទេវតារបស់ព្រះ ដែលបានឃើញនូវការបះបោររបស់សាតាំងនោះ? តើពួកគេនឹងគាំទ្រនូវសេចក្ដីសុចរិតនៃអធិបតេយ្យភាពរបស់ទ្រង់ទេ? ជាការច្បាស់ណាស់ គឺត្រូវតែមានពេលវេលាគ្រប់គ្រាន់ ដើម្បីនឹងដោះស្រាយរឿងចំណោទទាំងនេះ។ ដូច្នេះហើយ បានជាព្រះអនុញ្ញាតឲ្យសាតាំងមានជីវិតរស់នៅរហូតមកដល់សព្វថ្ងៃនេះ។
រីឯអ័ដាមនិងអេវ៉ាវិញ នៅថ្ងៃដែលគេមិនបានស្ដាប់បង្គាប់នោះ ព្រះបានដាក់ទោសឲ្យគេស្លាប់។ ដូច្នេះដំណើរស្លាប់ក៏បានចាប់ផ្ដើមឡើង។ កូនចៅរបស់គេ ដែលបានកើតមកបន្ទាប់ពីអ័ដាមនិងអេវ៉ាដែលបានប្រព្រឹត្តអំពើបាប ក៏បានទទួលនូវអំពើបាបនិងសេចក្ដីស្លាប់ពីឪពុកម្ដាយដែលមានខ្ចោះរបស់គេដែរ។—រ៉ូម ៥:១៤
សាតាំងបានចាប់ផ្ដើមឡើងដោយមានមនុស្សពីរនាក់ចូលដៃគាំទ្រវាចំពោះរឿងចំណោទនេះ។ វាបានប្រើពេលវេលាដែលព្រះបានអនុញ្ញាតឲ្យវា ដើម្បីព្យាយាមទុកកូនចៅរបស់អ័ដាមឲ្យនៅក្រោមការត្រួតត្រារបស់វា។ វាក៏មានជ័យជំនះក្នុងការទាក់ចិត្តពួកទេវតាមួយចំនួនធំឲ្យមកចូលរួមក្នុងការបះបោររបស់វាដែរ។ យ៉ាងណាក៏ដោយ ពួកទេវតារបស់ព្រះភាគច្រើនបានគាំទ្រយ៉ាងស្មោះត្រង់នូវសេចក្ដីសុចរិតនៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។—លោកុប្បត្តិ ៦:១, ២; យូដាស ៦; វិវរណៈ ១២:៣, ៩
រឿងចំណោទនេះ គឺការគ្រប់គ្រងរបស់ព្រះប្រឆាំងនឹងការគ្រប់គ្រងរបស់សាតាំង បានមានសកម្មភាពយ៉ាងខ្លាំងនៅជំនាន់លោកយ៉ូប។ តាមរយៈចរិយារបស់គាត់ បុរសដ៏ស្មោះត្រង់ម្នាក់នេះបានបង្ហាញថា គាត់អបអរនឹងការគ្រប់គ្រងដ៏សុចរិតរបស់ព្រះ ជាជាងការគ្រប់គ្រងដោយឯករាជ្យរបស់សាតាំង ក៏ដូចពួកបុរសដែលកោតខ្លាចដល់ព្រះ ដូចជាអេបិល ហេណុក ណូអេ អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូសែបដែលធ្លាប់សម្ដែងមកដែរ។ លោកយ៉ូបបានក្លាយទៅជាកម្មវត្ថុនៃការសន្ទនា ដែលមានឡើងនៅស្ថានសួគ៌ នៅចំពោះមុខពួកទេវតាដ៏ស្មោះរបស់ព្រះ។ ក្នុងការគាំទ្រដល់ការគ្រប់គ្រងដ៏សុចរិតរបស់ទ្រង់ ព្រះបានមានបន្ទូលទៅសាតាំងថា៖ «ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។—យ៉ូប ១:៦-៨
ដោយមិនព្រមចុះចាញ់ សាតាំងអះអាងថា យ៉ូបបំរើព្រះដោយសារតែមូលហេតុអាត្មានិយម ព្រោះព្រះបានប្រទានពរដល់យ៉ូបនូវទ្រព្យសម្បត្ដិជាច្រើន។ រួចវាអះអាងថា៖ «ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។ (យ៉ូប ១:១១) សាតាំងថែមទាំងចោទដល់ចិត្តស្មោះគ្រប់ល័ក្ខណ៍នៃបុគ្គលទាំងអស់ដែលព្រះបានបង្កើតមក៖ «មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។ (យ៉ូប ២:៤) ការនិយាយបង្កាច់ទិតៀននេះមិនត្រឹមតែទាក់ទងនឹងលោកយ៉ូបប៉ុណ្ណោះទេ តែទាក់ទងដល់អ្នកថ្វាយបង្គំដ៏ស្មោះត្រង់របស់ព្រះទាំងអស់នៅស្ថានសួគ៌ ហើយនិងនៅលើផែនដីដែរ។ សាតាំងនិយាយផ្ដោះផ្ដងថា ពួកគេនឹងលះបង់ចោលនូវទំនាក់ទំនងរបស់គេជាមួយនឹងព្រះយេហូវ៉ា បើសិនជាមានគ្រោះថ្នាក់ដល់ជីវិតគេ។
ព្រះយេហូវ៉ាមានការទុកចិត្តទាំងស្រុងទៅលើចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យ៉ូប។ ជាទីសំអាងនៃការនេះ ទ្រង់បានអនុញ្ញាតឲ្យសាតាំងធ្វើឲ្យមានសេចក្ដីទុក្ខវេទនាមកលើយ៉ូប។ ដោយសេចក្ដីស្មោះត្រង់របស់គាត់ យ៉ូបមិនត្រឹមតែសំអាតឈ្មោះរបស់គាត់ប៉ុណ្ណោះទេ តែសំខាន់ជាងនេះទៅទៀត គាត់បានលើកដំកើងសេចក្ដីសុចរិតនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា។ នេះបង្ហាញថា អារក្សជាអ្នកកំភូត។—យ៉ូប ២:១០; ៤២:៧
យ៉ាងណាក៏ដោយ គំរូដ៏ល្អបំផុតចំពោះសេចក្ដីស្មោះត្រង់ក្រោមការសាកល្បង គឺព្រះយេស៊ូគ្រីស្ទ។ ព្រះបានយកជីវិតព្រះរាជបុត្រទ្រង់ពីស្ថានសួគ៌ ទៅដាក់ក្នុងស្បូនរបស់នាងព្រហ្មចារីម្នាក់។ ដូច្នេះ ព្រះយេស៊ូពុំបានទទួលនូវអំពើបាប និងភាពមានខ្ចោះនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានធំឡើងទៅជាបុរសមួយដ៏ល្អឥតខ្ចោះ មានភាពស្មើនឹងបុរសទីមួយ មុននឹងបុគ្គលនោះបានបាត់បង់នូវភាពល្អឥតខ្ចោះរបស់គាត់។ សាតាំងបានដំរង់រើសយកព្រះយេស៊ូ ធ្វើឲ្យមានការល្បួងជាច្រើន និងសេចក្ដីទុក្ខលំបាកមកលើទ្រង់ រហូតដល់មរណភាពដ៏អាម៉ាស់មុខ។ ប៉ុន្តែ សាតាំងពុំបានបំបែកនូវចិត្តស្មោះគ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូទេ។ តាមវិធីគ្រប់បែបយ៉ាង ព្រះយេស៊ូបានលើកដំកើងសេចក្ដីសុចរិតនៃការគ្រប់គ្រងរបស់ព្រះវរបិតាទ្រង់។ ទ្រង់ក៏បានបង្ហាញថា អ័ដាមដែលជាបុរសល្អឥតខ្ចោះ ពុំមានការដោះសាអ្វីទាល់តែសោះក្នុងការចូលរួមនឹងការបះបោររបស់សាតាំងនោះ។ អ័ដាមអាចនៅស្មោះត្រង់បានចំពោះការសាកល្បងដ៏តូចរបស់គាត់។
តើត្រូវបានបង្ហាញឲ្យឃើញអ្វីទៀត?
សេចក្ដីទុក្ខវេទនារបស់មនុស្សមានប្រមាណ៦.០០០ឆ្នាំមកហើយ តាំងតែពីការបះបោររបស់អ័ដាមនិងអេវ៉ានោះ។ ក្នុងរយ:ពេលនេះ ព្រះបានបណ្ដោយឲ្យមនុស្សពិសោធនូវរដ្ឋាភិបាលគ្រប់បែបយ៉ាង។ ប្រវត្ដិដ៏អាក្រក់ក្រៃលែងនៃសេចក្ដីទុក្ខវេទនារបស់មនុស្សបង្ហាញឲ្យឃើញថា មនុស្សឥតមានសមត្ថភាពគ្រប់គ្រងខ្លួនឯងទេ។ ជាការពិត អនាធិបតេយ្យកំពុងតែរាលដាលជាច្រើនកន្លែងនៅលើផែនដីនេះ។ ឯករាជ្យពីព្រះដែលសាតាំងបានគាំទ្រនោះ គឺជាការហិនហោចទៅវិញ។
ព្រះយេហូវ៉ាមិនចាំបាច់បញ្ជាក់ពីរឿងនេះទេចំពោះអង្គទ្រង់។ ទ្រង់ជ្រាបថា ការគ្រប់គ្រងរបស់ទ្រង់ជាសុចរិត ហើយជាការមានប្រយោជន៍សំរាប់សត្តនិកររបស់ទ្រង់។ យ៉ាងណាក៏ដោយ ដើម្បីនឹងផ្ដល់នូវចម្លើយដ៏ស្កប់ចិត្តចំពោះសំនួរទាំងប៉ុន្មាន ដែលបានកើតឡើងពីការបះបោររបស់សាតាំងនោះ ទ្រង់បានអនុញ្ញាតឲ្យបុគ្គលប្រាជ្ញារបស់ទ្រង់មានឱកាស ដើម្បីនឹងបង្ហាញនូវការជ្រើសរើសរបស់គេ ចំពោះការគ្រប់គ្រងដ៏សុចរិតរបស់ទ្រង់។
រង្វាន់ចំពោះការស្រឡាញ់ព្រះនិងការស្មោះត្រង់ចំពោះទ្រង់ ល្អលើសលុបជាងការឈឺចាប់បណ្ដោះអាសន្នក្នុងកណ្ដាប់ដៃរបស់អារក្ស។ រឿងរបស់យ៉ូបបង្ហាញពីសេចក្ដីនេះ។ ព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបជាឡើងវិញពីជំងឺដែលអារក្សបាននាំមកលើគាត់។ បន្ថែមទៀត «ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត»។ ជាទីបំផុត បន្ទាប់ពីគាត់បានរស់នៅរហូតដល់១៤០ឆ្នាំ «យ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង»។—យ៉ូប ៤២:១០-១៧
យ៉ាកុបជាអ្នកសរសេរព្រះគម្ពីរគ្រីស្ទានម្នាក់ បានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់លោកយ៉ូបហើយក៏បានឃើញនូវលទ្ធផលដែលព្រះយេហូវ៉ាបានប្រទានឲ្យ ដ្បិតព្រះយេហូវ៉ាទ្រង់មានសេចក្ដីស្រឡាញ់យ៉ាងថ្នាក់ថ្នមនិងមេត្ដាករុណាយ៉ាងក្រៃលែង»។—យ៉ាកុប ៥:១១, ពថ
ឥឡូវនេះ ពេលវេលាគឺដល់ហើយចំពោះសាតាំងនិងលោកីយ៍របស់វា។ បន្ដិចទៀត ព្រះនឹងធ្វើបញ្ច្រាសទៅវិញនូវសេចក្ដីទុក្ខវេទនាទាំងអស់ ដែលការបះបោររបស់សាតាំងបាននាំមកលើមនុស្សលោក។ សូម្បីតែពួកអ្នកដែលបានស្លាប់ទៅ ក៏នឹងត្រូវធ្វើឲ្យរស់ឡើងវិញដែរ។ (យ៉ូហាន ១១:២៥) បន្ទាប់មក ពួកបុរសស្មោះត្រង់ដូចជាយ៉ូប នឹងមានឱកាសទទួលជីវិតជានិរន្តរ៍ ក្នុងសួនមនោរម្យនៅលើផែនដីនេះ។ ការប្រទានពរនៅខាងមុខនេះ ដែលព្រះនឹងចាក់មកលើអ្នកបំរើរបស់ទ្រង់ បង្ហាញឲ្យឃើញថា ទ្រង់គ្មានទោសអ្វីសោះឡើយ ទ្រង់ជាព្រះមហាក្សត្រដ៏សុចរិត ជាបុគ្គលដែល«មានសេចក្ដីស្រឡាញ់យ៉ាងថ្នាក់ថ្នមនិងមេត្ដាករុណាយ៉ាងក្រៃលែង»។
[កំណត់សម្គាល់]
a លោកហ្វីលីព ម៉ូរ៉ូ ដែលជាមេធាវីនិងជាអ្នកនិពន្ធនៃដើមសតវត្សទី២០នេះ បានវែកញែកបញ្ហានេះក្នុងសេចក្ដីពិភាក្សារបស់គាត់ដែលមានចំណងជើងថា «ដើមកំណើតនៃសេចក្ដីអាក្រក់ជួជាតិ» ហើយគាត់ក៏បានសន្និដ្ឋានថា នេះហើយជា«ប្រភពនៃបញ្ហាទាំងឡាយរបស់មនុស្សលោកយើង»។