តើលោកអ្នកដឹងឬទេ?
នៅសម័យគម្ពីរ ពេលបុគ្គលម្នាក់ហែកសម្លៀកបំពាក់របស់ខ្លួនដោយចេតនា តើនោះមានន័យអ្វី?
គម្ពីររៀបរាប់អំពីស្ថានភាពខ្លះដែលមានបុគ្គលហែកសម្លៀកបំពាក់របស់ខ្លួន។ ការធ្វើបែបនេះប្រហែលជាចម្លែកចំពោះយើងនៅសព្វថ្ងៃនេះ ប៉ុន្តែក្នុងចំណោមជនជាតិយូដា នេះបញ្ជាក់អំពីអារម្មណ៍យ៉ាងខ្លាំងដោយសារបុគ្គលនោះអស់សង្ឃឹម កើតទុក្ខ អាម៉ាស់មុខ ខឹង ឬព្រួយចិត្ត។
ជាឧទាហរណ៍ រូបេនបាន«ហែកសំលៀកបំពាក់របស់ខ្លួន»នៅពេលដែលគាត់ឃើញថាគម្រោងរបស់គាត់ដើម្បីរំដោះប្អូនប្រុសបានត្រូវបង្ខូច ពីព្រោះយ៉ូសែបបានត្រូវគេលក់ឲ្យធ្វើជាទាសករ។ យ៉ាកុបដែលជាឪពុករបស់ពួកគេ បាន«ហែកសំលៀកបំពាក់ខ្លួន»កាលដែលគាត់ស្មានថាសត្វសាហាវបានហែកស៊ីយ៉ូសែប។ (លោ. ៣៧:១៨-៣៥) យ៉ូបបាន«ហែកអាវខ្លួន»ពេលគេប្រាប់គាត់ថាកូនទាំងអស់របស់គាត់បានស្លាប់។ (យ៉ូប ១:១៨-២០) អ្នកនាំពាក្យដែល«មានសំលៀកបំពាក់រហែក»បានមកជួបសម្ដេចសង្ឃអេលីដើម្បីប្រាប់គាត់ថាជនជាតិអ៊ីស្រាអែលបានចាញ់សង្គ្រាម កូនទាំងពីរនាក់របស់អេលីបានស្លាប់ ហើយហឹបនៃកិច្ចព្រមព្រៀងបានត្រូវគេចាប់យកទៅ។ (១សាំ. ៤:១២-១៧) ពេលយ៉ូសៀសបានស្ដាប់គេអានពាក្យនៃក្រិត្យវិន័យ ហើយបានទទួលស្គាល់កំហុសរបស់រាស្ត្រគាត់ គាត់បាន«ហែក»សម្លៀកបំពាក់របស់ខ្លួន។—២ព. ២២:៨-១៣
នៅការវិនិច្ឆ័យទោសរបស់លោកយេស៊ូ សម្ដេចសង្ឃកៃផាបាន«ហែកសម្លៀកបំពាក់ក្រៅរបស់គាត់»ពេលដែលគាត់បានឮពាក្យដែលគាត់វិនិច្ឆ័យខុសថាជាពាក្យប្រមាថព្រះ។ (ម៉ាថ. ២៦:៥៩-៦៦) តាមទម្លាប់របស់អ្នកបង្រៀនខាងសាសនាយូដា អ្នកណាដែលឮការប្រមាថនាមព្រះ ត្រូវតែហែកសម្លៀកបំពាក់របស់ខ្លួន។ ប៉ុន្តែ មតិមួយទៀតរបស់អ្នកបង្រៀនខាងសាសនាយូដាក្រោយពីការបំផ្លាញវិហារនៅក្រុងយេរូសាឡិម បានប្រាប់ថា៖ «សព្វថ្ងៃនេះ អ្នកដែលឮគេប្រមាថនាមរបស់ព្រះ មិនចាំបាច់ហែកសម្លៀកបំពាក់របស់ខ្លួនទេ បើធ្វើដូច្នេះ សម្លៀកបំពាក់របស់ខ្លួននឹងរហែកជាចម្រៀក»។
ការហែកសម្លៀកបំពាក់របស់ខ្លួននឹងមានតម្លៃចំពោះព្រះ លុះត្រាតែបុគ្គលនោះកើតទុក្ខយ៉ាងស្មោះ។ អាស្រ័យហេតុនេះ ព្រះយេហូវ៉ាបានប្រាប់រាស្ត្ររបស់លោកថា៖ «មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា»។—យ៉ូល. ២:១៣