តើអ្នកដឹងគុណព្រះយេហូវ៉ាចំពោះការមើលថែរក្សារបស់លោកឬទេ?
«ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»។—សុភ. ១៥:៣
១, ២. តើតាមរបៀបណាការមើលថែរក្សារបស់ព្រះយេហូវ៉ាខុសគ្នាពីការពិនិត្យមើលដោយប្រើកាមេរ៉ា?
នៅប្រទេសជាច្រើន កាមេរ៉ាដើម្បីត្រួតពិនិត្យចរាចរណ៍ត្រូវបានប្រើច្រើនជាងមុនដើម្បីពិនិត្យមើលចរាចរណ៍និងដើម្បីថតគ្រោះថ្នាក់ចរាចរណ៍ដែរ។ កាមេរ៉ាទាំងនោះក៏ថតអ្នកបើកបរដែលបុកអ្នកដើរតាមផ្លូវ ហើយព្យាយាមគេចខ្លួនជាជាងជួយជនរងគ្រោះ។ ការថតទុកបែបនេះជួយពួកអាជ្ញាធររកឃើញ ហើយចាប់បុគ្គលទាំងនេះ។ ដោយសារមានកាមេរ៉ាទាំងអស់នេះ ឧក្រិដ្ឋជនកាន់តែពិបាកគេចខ្លួនពេលពួកគេធ្វើខុស។
២ ប៉ុន្តែ ការប្រើកាមេរ៉ាដើម្បីត្រួតពិនិត្យនៅច្រើនកន្លែងមិនគួរធ្វើឲ្យយើងនឹកឃើញដល់ព្រះយេហូវ៉ាដែលជាបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ទេ។ គម្ពីរប្រាប់ថាភ្នែករបស់លោក«នៅគ្រប់អន្លើ»។ (សុភ. ១៥:៣) ប៉ុន្តែតើនេះមានន័យថាលោកពិនិត្យពិចារណាជានិច្ចនូវអ្វីទាំងអស់ដែលយើងកំពុងធ្វើឬទេ? តើព្រះពិនិត្យមើលយើងដើម្បីគ្រាន់តែបង្ខំយើងឲ្យធ្វើតាមច្បាប់របស់លោក ដោយមានបំណងដាក់ទោសយើងប៉ុណ្ណោះឬ? (យេ. ១៦:១៧; ហេ. ៤:១៣) មិនមែនទេ! ព្រះយេហូវ៉ាពិនិត្យមើលយើងដោយសារលោកស្រឡាញ់យើង ហើយលោកចង់ឲ្យយើងមានសុវត្ថិភាពនិងជីវិតសប្បាយ។—១ពេ. ៣:១២
៣. តើរបៀបប្រាំយ៉ាងអ្វី ដែលព្រះយេហូវ៉ាបង្ហាញថាលោកមើលថែរក្សាយើង?
៣ តើអ្វីនឹងជួយយើងយល់ថាព្រះពិនិត្យមើលយើងដោយសារលោកស្រឡាញ់យើង? សូមឲ្យយើងពិចារណាអំពីរបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់នេះ។ លោកធ្វើដូច្នេះ (១) ដោយព្រមានយើងកាលដែលយើងបង្ហាញទំនោរចិត្តមិនល្អ (២) ដោយកែតម្រូវយើងពេលយើងចាប់ផ្ដើមធ្វើអ្វីខុស (៣) ដោយណែនាំយើងតាមរយៈគោលការណ៍ដែលមានក្នុងបណ្ដាំរបស់លោក (៤) ដោយជួយយើងពេលយើងជួបនឹងទុក្ខលំបាកផ្សេងៗ ហើយ (៥) ដោយឲ្យពរយើងនៅពេលដែលលោកកត់សម្គាល់អ្វីល្អក្នុងយើង។
ព្រះដែលមើលយើងព្រមានយើង
៤. ហេតុអ្វីព្រះបានព្រមានកាអ៊ីនមុនគាត់ធ្វើអំពើខុសឆ្គង?
៤ មុនដំបូង សូមយើងពិចារណាអំពីរបៀបដែលព្រះព្រមានយើងកាលដែលយើងចាប់ផ្ដើមមានទំនោរចិត្តមិនល្អ។ (១រប. ២៨:៩) ជាឧទាហរណ៍ កាអ៊ីន«ក្ដៅក្រហាយ»នៅពេលដែលព្រះយេហូវ៉ាមិនពេញចិត្តនឹងគាត់។ (សូមអាន លោកុប្បត្តិ ៤:៣-៧) ព្រះយេហូវ៉ាបានដាស់តឿនកាអ៊ីនឲ្យ«ធ្វើល្អ»វិញ។ បើគាត់មិនធ្វើល្អទេ ព្រះយេហូវ៉ាបានព្រមានគាត់ថាអំពើខុសឆ្គងបាន«ដេកនៅមាត់ទ្វារ»ឬតាមព្រះគម្ពីរភាសាខ្មែរសម្រាយ «ក្រាបនៅមាត់ទ្វាររបស់អ្នកដើម្បីជំរុញអ្នកអោយធ្វើតាមវា»។ ព្រះបានសួរគាត់ថា តើគាត់នឹង«មានអំណាចលើវា»ឬបង្ក្រាបវាឬទេ? លោកចង់ឲ្យកាអ៊ីនធ្វើតាមការព្រមាន ហើយមាន«ទឹកមុខរីករាយវិញ»ឬទទួលការពេញចិត្តពីលោកឡើងវិញ។ បើកាអ៊ីនបានស្ដាប់ការព្រមាននោះ គាត់នឹងបន្តមានទំនាក់ទំនងដ៏ល្អជាមួយនឹងព្រះ។
៥. តើតាមរបៀបណាខ្លះដែលព្រះយេហូវ៉ាព្រមានយើងអំពីបំណងចិត្តមិនល្អដែលយើងប្រហែលជាមាន?
៥ ចំពោះយើងសព្វថ្ងៃនេះក៏ដូចគ្នាដែរ។ ភ្នែករបស់ព្រះយេហូវ៉ាមើលឃើញធ្លុះចិត្តរបស់យើង ហើយយើងមិនអាចលាក់ទំនោរចិត្តពិតប្រាកដនិងបំណងចិត្តរបស់យើងពីលោកបានទេ។ បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ ចង់ឲ្យយើងដើរតាមផ្លូវសុចរិត ប៉ុន្តែលោកមិនបង្ខំយើងឲ្យកែប្រែការប្រព្រឹត្តរបស់យើងទេ។ ដូច្នេះបើលោកឃើញអ្វីមិនល្អក្នុងចិត្តគំនិតយើង លោកព្រមានយើង។ តើលោកព្រមានយើងតាមរបៀបណា? នៅពេលដែលយើងអានគម្ពីរជារៀងរាល់ថ្ងៃ យើងច្រើនតែឃើញបទគម្ពីរដែលជួយយើងយកឈ្នះទំនោរចិត្តអាក្រក់និងបំណងចិត្តមិនល្អ។ ម្យ៉ាងទៀត សៀវភៅរបស់យើងអាចជួយយើងយល់អំពីបញ្ហាមួយដែលយើងប្រហែលជាខំប្រឹងយកឈ្នះ ហើយជួយបង្ហាញវិធីដែលយើងអាចយកឈ្នះបញ្ហានោះ។ នៅកិច្ចប្រជុំរបស់យើង យើងទាំងអស់គ្នាទទួលឱវាទដែលមកចំពេល!
៦, ៧. (ក) តើយើងមានភ័ស្តុតាងអ្វីដែលបញ្ជាក់ថាព្រះយេហូវ៉ាថែរក្សាអ្នកបម្រើរបស់លោកម្នាក់ៗ? (ខ) តើតាមរបៀបណាអ្នកអាចទទួលប្រយោជន៍ពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាចំពោះអ្នកផ្ទាល់?
៦ តាមពិត ការព្រមានទាំងអស់នោះជាភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាមើលថែរក្សាយើងម្នាក់ៗដោយសេចក្ដីស្រឡាញ់។ ពិតមែនតែគម្ពីរ សៀវភៅរបស់យើង និងកិច្ចប្រជុំរបស់យើង ផ្ដល់ប្រយោជន៍ដល់មនុស្សរាប់លាននាក់ ប៉ុន្តែព្រះយេហូវ៉ាសុំអ្នកយកចិត្តទុកដាក់ចំពោះការព្រមានរបស់លោកនៅក្នុងគម្ពីរដើម្បីឲ្យអ្នកអាចធ្វើអ្វីដែលត្រឹមត្រូវ។ ដូច្នេះយើងអាចនិយាយថា នេះជាភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាថែរក្សាអ្នកផ្ទាល់ដោយសេចក្ដីស្រឡាញ់។
៧ ដើម្បីទទួលប្រយោជន៍ពីការព្រមានរបស់ព្រះ មុនដំបូងយើងត្រូវទទួលស្គាល់ថាលោកពិតជាយកចិត្តទុកដាក់នឹងយើង។ បន្ទាប់មក យើងត្រូវធ្វើតាមបណ្ដាំរបស់លោក ដោយព្យាយាមបំបាត់គំនិតដែលធ្វើឲ្យព្រះមិនពេញចិត្ត។ (សូមអាន អេសាយ ៥៥:៦, ៧) ប្រសិនបើយើងធ្វើតាមការព្រមានរបស់ព្រះ យើងនឹងរួចផុតពីការឈឺចាប់ជាច្រើន។ ប៉ុន្តែ ឧបមាថាយើងធ្វើតាមទំនោរចិត្តអាក្រក់របស់យើង តើបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងផ្ដល់ជំនួយអ្វី?
បិតាដែលយកចិត្តទុកដាក់ចំពោះយើងកែតម្រូវយើង
៨, ៩. ពេលអ្នកណាម្នាក់ឲ្យឱវាទដល់យើងពីគម្ពីរ តើនេះបញ្ជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងយើងយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។
៨ យើងប្រហែលជាឃើញច្បាស់នូវការថែរក្សារបស់ព្រះយេហូវ៉ាកាលណាយើងទទួលការកែតម្រូវ។ (សូមអាន ហេប្រឺ ១២:៥, ៦) គឺជាការពិតដែលយើងមិនចូលចិត្តទទួលឱវាទឬការប្រដៅឡើយ។ (ហេ. ១២:១១) ប៉ុន្តែសូមគិតអំពីអ្វីដែលអ្នកផ្ដល់ឱវាទនោះត្រូវពិចារណា។ គាត់ត្រូវដឹងអំពីអ្វីដែលយើងកំពុងធ្វើដែលអាចមានឥទ្ធិពលលើចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា គាត់ត្រូវយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់យើង ហើយគាត់ត្រូវសុខចិត្តចំណាយពេល និងកម្លាំងដើម្បីបង្ហាញយើងពីគម្ពីរនូវរបៀបដែលយើងអាចកែប្រែការប្រព្រឹត្តរបស់យើងដើម្បីធ្វើឲ្យព្រះពេញចិត្ត។ យើងយកចិត្តទុកដាក់ចំពោះឱវាទនេះ ពីព្រោះឱវាទនេះមកពីព្រះយេហូវ៉ា។
៩ យើងនឹងពិចារណាគំរូមួយអំពីរបៀបដែលអ្នកផ្ដល់ឱវាទអាចបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់ព្រះ។ បងប្រុសម្នាក់ធ្លាប់មើលរូបអាសអាភាសមុនគាត់រៀនសេចក្ដីពិត ប៉ុន្តែគាត់បានយកឈ្នះទម្លាប់នោះ។ ប៉ុន្តែគាត់នៅតែមានទំនោរចិត្តចាស់នោះ ដូចរងើកភ្លើងដែលក្ដៅហុយនៅឡើយ។ ពេលគាត់បានទូរស័ព្ទថ្មីមួយ ចំណង់យ៉ាងខ្លាំងដែលគាត់ធ្លាប់មានពីមុនបានឆេះឡើងវិញ។ (យ៉ា. ១:១៤, ១៥) គាត់បានប្រើទូរស័ព្ទដើម្បីបើកមើលគេហទំព័រដែលមានរូបអាសអាភាស។ ថ្ងៃមួយ ពេលគាត់ផ្សព្វផ្សាយតាមទូរស័ព្ទ គាត់បានឲ្យអ្នកចាស់ទុំម្នាក់ខ្ចីទូរស័ព្ទគាត់ដើម្បីឲ្យគាត់អាចរកមើលអាសយដ្ឋានខ្លះ។ ពេលដែលអ្នកចាស់ទុំនោះចាប់ផ្ដើមប្រើទូរស័ព្ទ នោះគេហទំព័រដែលគួរឲ្យសង្ស័យបានលេចមក។ ភ្លាមនោះ អ្នកចាស់ទុំបានឲ្យឱវាទដល់បងប្រុសនោះ។ បងប្រុសនោះបានស្ដាប់ឱវាទរបស់អ្នកចាស់ទុំ ហើយនៅទីបំផុតបានយកឈ្នះទម្លាប់អាក្រក់។ ព្រះយេហូវ៉ាឃើញអំពើខុសឆ្គងដែលយើងលាក់បាំង ហើយអាចកែតម្រូវយើង មុនយើងធ្វើឲ្យខូចចំណងមិត្តភាពរវាងយើងនិងលោក។ យើងមានចិត្តដឹងគុណចំពោះការថែរក្សារបស់ព្រះយេហូវ៉ា។
យើងទទួលប្រយោជន៍ពីការអនុវត្តគោលការណ៍គម្ពីរ
១០, ១១. (ក) តើអ្នកអាច«ទទួលស្គាល់»ការណែនាំរបស់ព្រះយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាក្រុមគ្រួសារមួយបានឃើញថាការធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាគឺមានប្រយោជន៍?
១០ អ្នកតែងទំនុកតម្កើងបានច្រៀងជូនព្រះយេហូវ៉ាថា៖ «ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់»។ (ទំនុក. ៧៣:២៤) ពេលណាយើងត្រូវការការណែនាំ យើងអាច«ទទួលស្គាល់»ព្រះយេហូវ៉ា ដោយរកព័ត៌មានក្នុងបណ្ដាំរបស់លោកដើម្បីដឹងទស្សនៈរបស់លោកចំពោះរឿងផ្សេងៗ។ ការអនុវត្តគោលការណ៍គម្ពីរមិនត្រឹមតែជួយយើងឲ្យមានចំណងមិត្តភាពដ៏ល្អជាមួយនឹងព្រះប៉ុណ្ណោះទេ ប៉ុន្តែជួនកាលជួយយើងឲ្យបំពេញសេចក្ដីត្រូវការរបស់យើងខាងសម្ភារ។—សុភ. ៣:៦
១១ ជាឧទាហរណ៍ នៅប្រទេសហ្វីលីពីន កសិករម្នាក់ ប្រពន្ធរបស់គាត់ និងក្រុមគ្រួសារធំរបស់ពួកគេបានរស់នៅកសិដ្ឋានមួយដែលពួកគេបានជួល។ គាត់និងប្រពន្ធរបស់គាត់បានបម្រើជាអ្នកត្រួសត្រាយពេញពេលផង ហើយចិញ្ចឹមអប់រំក្រុមគ្រួសារធំមួយផងដែរ។ នៅថ្ងៃមួយ ពួកគេបានតក់ស្លុតដោយទទួលសំបុត្របណ្ដេញចេញមួយពីម្ចាស់ដី។ តើមានមូលហេតុអ្វី? មានគេចោទថាក្រុមគ្រួសារនោះបានប្រព្រឹត្តដោយមិនទៀងត្រង់។ ទោះបីជាបងប្រុសនេះបារម្ភថាគាត់នឹងរកកន្លែងណាឲ្យក្រុមគ្រួសារគាត់រស់នៅក្ដី គាត់បាននិយាយថា៖ «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់យើង។ លោកតែងតែយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់យើងជានិច្ច ទោះជាមានអ្វីកើតឡើងក៏ដោយ»។ ទំនុកចិត្តរបស់បងប្រុសនេះលើព្រះមិនខុសទេ។ ប៉ុន្មានថ្ងៃក្រោយមក ក្រុមគ្រួសារនេះបានធូរចិត្តពេលពួកគេបានឮថាពួកគេមិនចាំបាច់ចេញពីដីនោះទេ។ តើអ្វីបានកើតឡើង? ម្ចាស់ដីបានសង្កេតឃើញថា ទោះជាមានការចោទប្រកាន់ក៏ដោយ ក្រុមគ្រួសារសាក្សីព្រះយេហូវ៉ានោះដែលមានការដឹកនាំពីគោលការណ៍គម្ពីរ នៅតែបានបង្ហាញការគោរពនិងរក្សាចិត្តស្ងប់។ នេះបានធ្វើឲ្យម្ចាស់ដីស្ងើចសរសើរពួកគេដល់ម្ល៉េះបានជាគាត់មិនត្រឹមតែអនុញ្ញាតឲ្យពួកគេរស់នៅតទៅទៀតប៉ុណ្ណោះទេ ប៉ុន្តែគាត់បានឲ្យដីបន្ថែមទៀតដល់ពួកគេដើម្បីដាំដុះ។ (សូមអាន ពេត្រុសទី១ ២:១២) ពិតមែន ព្រះយេហូវ៉ាណែនាំយើងតាមរយៈបណ្ដាំរបស់លោកដើម្បីជួយយើងដោះស្រាយបញ្ហាក្នុងជីវិត។
មិត្តភក្ដិដែលជួយយើងស៊ូទ្រាំទុក្ខលំបាក
១២, ១៣. តើមានស្ថានភាពអ្វី ដែលមនុស្សខ្លះប្រហែលជាឆ្ងល់ថាព្រះពិតជាឃើញការឈឺចាប់របស់ពួកគេឬទេ?
១២ ជាអ្នកបម្រើព្រះយេហូវ៉ា យើងជួបប្រទះទុក្ខលំបាកជាច្រើន ហើយទុក្ខលំបាកខ្លះហាក់ដូចជាបន្តអស់រយៈពេលជាយូរ ដូចជាជំងឺ ការបៀតបៀន ឬការប្រឆាំងពីសមាជិកក្រុមគ្រួសារជាដើម។ អ្វីមួយដែលពិបាកស៊ូទ្រាំ គឺការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជាមួយបងប្អូនម្នាក់នៅក្នុងក្រុមជំនុំដោយសារមានបុគ្គលិកលក្ខណៈខុសគ្នា។
១៣ ជាឧទាហរណ៍ អ្នកប្រហែលជាឈឺចិត្តដោយសារពាក្យសម្ដីដែលអ្នកចាត់ទុកថាមិនសប្បុរស។ អ្នកលាន់មាត់ថា៖ ‹នេះមិនគួរកើតឡើងក្នុងអង្គការរបស់ព្រះទេ!›។ ប៉ុន្តែបងប្រុសដែលបានពោលពាក្យទាំងនេះទទួលឯកសិទ្ធិផ្សេងៗក្នុងក្រុមជំនុំ ហើយគាត់ហាក់ដូចជាមានកេរ្ដិ៍ឈ្មោះល្អដែរ។ អ្នកឆ្ងល់ថា ‹ហេតុអ្វីដូច្នេះ? តើព្រះយេហូវ៉ាមិនឃើញឬ? តើលោកនឹងចាត់វិធានការឬទេ?›។—ទំនុក. ១៣:១, ២; ហាប. ១:២, ៣
១៤. តើប្រហែលជាមានមូលហេតុមួយអ្វី ដែលព្រះមិនចាត់វិធានការដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់យើង?
១៤ ប្រហែលជាមានមូលហេតុត្រឹមត្រូវដែលព្រះយេហូវ៉ាមិនចាត់វិធានការ។ ជាឧទាហរណ៍ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកឯទៀតមានកំហុសច្រើនជាង តែព្រះប្រហែលជាមានទស្សនៈខុសគ្នាពីអ្នក។ តាមទស្សនៈរបស់លោក អ្នកប្រហែលជាមានកំហុសច្រើនជាងអ្នកគិតស្មាន។ ពាក្យសម្ដីដែលអ្នកចាត់ទុកថាជាពាក្យសម្ដីដែលធ្វើឲ្យឈឺចិត្ត តាមពិត ប្រហែលជាឱវាទដែលអ្នកសមនឹងទទួល ហើយគួរតែពិចារណា។ នៅក្នុងជីវប្រវត្ដិរបស់បងប្រុសខាល ខ្លាញដែលធ្លាប់បម្រើជាសមាជិកគណៈអភិបាល គាត់បានរៀបរាប់អំពីពេលមួយដែលគាត់បានទទួលការប្រដៅតម្រង់យ៉ាងចំៗពីបងចូសេហ្វ រ៉ូធើហ្វឺត។ ក្រោយមកបងរ៉ូធើហ្វឺតបានសួរសុខទុក្ខបងខ្លាញដោយសេចក្ដីរីករាយថា៖ «សួស្តីខាល!»។ ប៉ុន្តែបងខ្លាញនៅឈឺចិត្តដោយសារពាក្យប្រដៅតម្រង់ដែលគាត់បានទទួល បានតបទៅវិញដោយឥតរំភើបចិត្ត។ បងរ៉ូធើហ្វឺតបានឃើញថាបងខ្លាញនៅតែឈឺចិត្តដោយសារឱវាទនោះ។ បងរ៉ូធើហ្វឺតបានព្រមានបងខ្លាញថា៖ «ប្រយ័ត្ន មេកំណាចចង់ចាប់អ្នក»។ បងខ្លាញបានសរសេរក្រោយមកថា៖ «ពេលដែលយើងនៅតែខឹងនឹងបងប្អូនយើង ជាពិសេសចំពោះអ្វីដែលគាត់មានភារកិច្ចនិយាយ យើងបណ្ដោយខ្លួនយើងឲ្យចូលក្នុងអន្ទាក់របស់មេកំណាច»។a
១៥. តើយើងត្រូវចាំអ្វីនៅពេលដែលយើងប្រឈមមុខនឹងទុក្ខលំបាក?
១៥ ប៉ុន្តែ យើងប្រហែលជាពិបាកមានចិត្តអត់ធ្មត់កាលណារយ:ពេលដែលយើងមានទុក្ខលំបាកហាក់ដូចជាមិនចេះចប់។ តើយើងអាចស៊ូទ្រាំបានយ៉ាងដូចម្ដេច? ទុក្ខលំបាកអាចប្រៀបដូចជាពេលអ្នកបើកបរតាមផ្លូវដែលមានយានយន្តច្រើន ហើយស្ទះចរាចរណ៍។ អ្នកមិនដឹងថាត្រូវស្ទះចរាចរណ៍យូរប៉ុន្មានទេ។ បើអ្នកខឹង ហើយព្យាយាមរកផ្លូវផ្សេង អ្នកប្រហែលជាវង្វេងផ្លូវ។ នៅទីបំផុត អ្នកប្រហែលជាត្រូវចំណាយពេលយូរជាងដើម្បីទៅដល់ទិសដៅ។ បើអ្នកចាំដោយចិត្តអត់ធ្មត់នៅលើផ្លូវដដែលនោះ អ្នកប្រហែលជាបានទៅដល់មុន។ នេះស្រដៀងគ្នានឹងពេលដែលយើងជួបទុក្ខលំបាក។ បើយើងមានចិត្តអត់ធ្មត់ ហើយធ្វើតាមគោលការណ៍គម្ពីរ ព្រះយេហូវ៉ានឹងជួយយើងស៊ូទ្រាំ។
១៦. តើមានមូលហេតុអ្វីទៀតដែលព្រះយេហូវ៉ាប្រហែលជាមិនចាត់វិធានការដើម្បីដោះស្រាយទុក្ខលំបាករបស់យើង?
១៦ ព្រះយេហូវ៉ាប្រហែលជាមិនចាត់វិធានការភ្លាមដើម្បីជួយយើងពេលយើងមានទុក្ខលំបាកទេ ដោយសារលោកចង់ឲ្យយើងទទួលការអប់រំដែលសំខាន់ចាំបាច់។ (សូមអាន ពេត្រុសទី១ ៥:៦-១០) ព្រះមិនមែនជាដើមហេតុនៃទុក្ខលំបាកទេ។ (យ៉ា. ១:១៣) «មេកំណាច ដែលជាសត្រូវរបស់អ្នក»ជាដើមហេតុនៃទុក្ខលំបាកជាច្រើន។ ប៉ុន្តែ ព្រះអាចប្រើស្ថានភាពពិបាកដើម្បីជួយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ លោកឃើញការឈឺចាប់របស់យើង និងដោយសារ«លោករមែងគិតអំពី»យើង លោកនឹងធ្វើយ៉ាងណាដើម្បីប្រាកដថាការឈឺចាប់របស់យើងមានតែ«មួយរយៈពេលខ្លី»។ តើអ្នកដឹងគុណចំពោះការមើលថែរក្សារបស់ព្រះយេហូវ៉ានៅពេលដែលអ្នករងទុក្ខ ដោយមានទំនុកចិត្តថាលោកនឹងរៀបចំផ្លូវចេញសម្រាប់អ្នកឬទេ?—២កូ. ៤:៧-៩
ចូរទទួលពរពីព្រះយេហូវ៉ា
១៧. តើព្រះយេហូវ៉ាកំពុងស្វែងរកអ្នកណា ហើយហេតុអ្វី?
១៧ ព្រះយេហូវ៉ាពិនិត្យមើលចិត្តរបស់មនុស្សទាំងអស់ដើម្បីរកឃើញបុគ្គលដែលពិតជាស្រឡាញ់លោក។ តាមរយៈអ្នកប្រកាសទំនាយហាណានី លោកបានប្រកាសប្រាប់ស្តេចអេសាថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (២រប. ១៦:៩) ទោះជាពេលនោះព្រះមិនបានឃើញថាស្តេចអេសាបង្ហាញចិត្តស្មោះត្រង់ក៏ដោយ បើអ្នកបន្តធ្វើអ្វីដែលត្រឹមត្រូវ លោកនឹង«ជួយ»អ្នក។
១៨. ហេតុអ្វីយើងគួរមានទំនុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ឲ្យយើងបើយើងធ្វើអ្វីដែលល្អ? (សូមមើលរូបភាពនៅដើមអត្ថបទ)។
១៨ ព្រះចង់ឲ្យយើង«ស្វែងរកសេចក្ដីល្អ» «ស្រឡាញ់អំពើល្អ» ហើយ«ធ្វើអ្វីដែលល្អ» ដើម្បីលោកអាចបង្ហាញ«ករុណាគុណ»ដល់យើង ឬលោកបង្ហាញការពេញចិត្តនឹងយើង។ (អេម. ៥:១៤, ១៥; ១ពេ. ៣:១១, ១២) ព្រះយេហូវ៉ាកត់សម្គាល់មនុស្សសុចរិត ហើយឲ្យពរពួកគេ។ (ទំនុក. ៣៤:១៥) ជាឧទាហរណ៍សូមពិចារណាអំពីឆ្មបជនជាតិហេប្រឺពីរនាក់ឈ្មោះស៊ីប្រា និងពូអា។ ពេលជនជាតិអ៊ីស្រាអែលជាខ្ញុំបម្រើនៅស្រុកអេស៊ីប ស្ត្រីទាំងពីរនាក់នេះបានកោតខ្លាចព្រះជាជាងកោតខ្លាចផារ៉ូ ដែលបានបង្គាប់ពួកគាត់ឲ្យសម្លាប់កូនប្រុសជនជាតិហេប្រឺទាំងអស់នៅពេលកើតមក។ សមត្ថភាពវិនិច្ឆ័យរបស់ពួកគាត់ទំនងជាបានជំរុញពួកគាត់ឲ្យរក្សាជីវិតរបស់ទារកទាំងនោះ។ នៅពេលក្រោយមក ព្រះយេហូវ៉ាបាន«ចំរើនពូជ»ឲ្យស៊ីប្រានិងពូអា ឬឲ្យពួកគាត់មានក្រុមគ្រួសារ។ (និក្ខ. ១:១៥-១៧, ២០, ២១) ភ្នែករបស់ព្រះយេហូវ៉ាបានឃើញការប្រព្រឹត្តដ៏ល្អរបស់ពួកគាត់។ ម្ដងម្កាលយើងប្រហែលជាមានអារម្មណ៍ថាគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះការប្រព្រឹត្តដ៏ល្អរបស់យើងទេ។ ប៉ុន្តែព្រះយេហូវ៉ាយកចិត្តទុកដាក់។ លោកកត់សម្គាល់ការប្រព្រឹត្តទាំងអស់ដែលយើងបានធ្វើ ហើយលោកនឹងផ្ដល់រង្វាន់ឲ្យយើង។—ម៉ាថ. ៦:៤, ៦; ១ធី. ៥:២៥; ហេ. ៦:១០
១៩. តើតាមរបៀបណាបងស្រីម្នាក់បានរៀនថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះការប្រព្រឹត្តដ៏ល្អរបស់គាត់?
១៩ បងស្រីម្នាក់នៅប្រទេសអូទ្រីសបានរៀនថាព្រះបានយកចិត្តទុកដាក់ចំពោះការខំប្រឹងរបស់គាត់។ ដោយសារគាត់មានដើមកំណើតជាជនជាតិហុងគ្រី គាត់បានទទួលអាសយដ្ឋានរបស់បុគ្គលម្នាក់ដែលនិយាយភាសាហុងគ្រីដើម្បីឲ្យគាត់ទាក់ទងក្នុងកិច្ចបម្រើផ្សាយ។ គាត់បានទៅផ្ទះនោះភ្លាមៗ ប៉ុន្តែគ្មានអ្នកណានៅផ្ទះទេ។ គាត់ត្រឡប់ទៅម្ដងហើយម្ដងទៀត។ ពេលខ្លះគាត់មានអារម្មណ៍ថាមានមនុស្សនៅផ្ទះ ប៉ុន្តែគ្មានអ្នកណាបើកទ្វារទេ។ គាត់បានទុកសៀវភៅ សរសេរសំបុត្រដែលមានលេខទូរស័ព្ទ និងអ្វីៗផ្សេងទៀត។ ក្រោយពីគាត់បានមកម្ដងហើយម្ដងទៀតអស់មួយឆ្នាំកន្លះ មានថ្ងៃមួយ គេបានបើកទ្វារ! ស្ត្រីម្នាក់បានជម្រាបសួរគាត់យ៉ាងរាក់ទាក់ ដោយនិយាយថា៖ «សូមអញ្ជើញចូល។ ខ្ញុំបានអានអ្វីៗទាំងអស់ដែលបងបានទុកឲ្យខ្ញុំ ហើយខ្ញុំបានរង់ចាំបងមកលេង»។ ម្ចាស់ផ្ទះបានទទួលការព្យាបាលដោយការចាក់បញ្ចូលធាតុគីមី ហើយដោយសារគាត់មិនស្រួលខ្លួន គាត់មិនចង់ជួបអ្នកណាទេ។ បងស្រីយើងបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយគាត់។ ព្រះពិតជាបានឲ្យពរដល់បងស្រីនោះសម្រាប់ការខំព្យាយាមរបស់គាត់!
២០. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការមើលថែរក្សារបស់ព្រះយេហូវ៉ា?
២០ ព្រះយេហូវ៉ាឃើញអ្វីក៏ដោយដែលអ្នកកំពុងធ្វើ ហើយនៅទីបំផុតលោកនឹងឲ្យរង្វាន់អ្នក។ អ្នកមិនគួរមានអារម្មណ៍ថាលោកកំពុងរកកំហុសរបស់អ្នកឬកត់ទុកកំហុសនីមួយៗរបស់អ្នកទេ។ ផ្ទុយទៅវិញ សូមឲ្យអ្នកចូលទៅកាន់តែជិតព្រះដែលពិតជាយកចិត្តទុកដាក់នឹងអ្នក!
a ជីវប្រវត្ដិរបស់បងខ្លាញបានត្រូវបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៨៤ ជាភាសាអង់គ្លេស។