អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកអ្នកអាចរកឃើញការសម្រាលទុក្ខនៅឯណា?
ការសម្រាលទុក្ខក្នុងគ្រាលំបាក
មនុស្សជួបប្រទះទុក្ខលំបាកផ្សេងៗជាច្រើន។ យើងមិនអាចរៀបរាប់អំពីទុក្ខលំបាកទាំងអស់បានទេ។ ប៉ុន្តែ សូមឲ្យយើងពិចារណាបន្ថែមទៀតអំពីបទពិសោធន៍របស់មនុស្សបួននាក់ដែលជួបទុក្ខលំបាកដូចបានរៀបរាប់នៅអត្ថបទដំបូង។ សូមកត់សម្គាល់អំពីរបៀបដែលមនុស្សផ្សេងៗទទួលការសម្រាលទុក្ខពីព្រះ ទោះជាពួកគេជួបប្រទះទុក្ខលំបាកខុសៗគ្នាក្ដី។
ពេលបាត់បង់ការងារ
«ខ្ញុំរៀនចេះទទួលការងារណាក៏បាន ហើយយើងកាត់បន្ថយចំណាយដែលមិនចាំបាច់» (យ៉ូណាថាន)។
បុរសម្នាក់ឈ្មោះសេតaនិយាយថា៖ «ខ្ញុំនិងប្រពន្ធខ្ញុំបានបាត់បង់ការងារនៅពេលដំណាលគ្នា។ អស់រយៈពេលពីរឆ្នាំ យើងរស់ដោយសារជំនួយពីគ្រួសារ និងការងារមិនទៀងទាត់។ ជាលទ្ធផល ព្រីស៊ីលដែលជាប្រពន្ធខ្ញុំបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំគ្មានប្រយោជន៍សោះ»។
សេតរៀបរាប់បន្តថា៖ «តើយើងស៊ូទ្រាំយ៉ាងដូចម្ដេច? ព្រីស៊ីលតែងតែរំលឹកខ្លួនគាត់អំពីប្រសាសន៍របស់លោកយេស៊ូនៅម៉ាថាយ ៦:៣៤ ថាយើងមិនគួរខ្វល់ខ្វាយអំពីថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ ម្យ៉ាងទៀត ប្រពន្ធខ្ញុំបានអធិដ្ឋានយ៉ាងអស់ពីចិត្ត ហើយនេះបានជួយគាត់ឲ្យបន្តស៊ូទ្រាំ។ ចំពោះខ្ញុំវិញ ខ្ញុំទទួលការសម្រាលទុក្ខពីទំនុកតម្កើង ៥៥:២២។ ដូចអ្នកតែងទំនុកតម្កើងដែរ ខ្ញុំបានផ្ទេរបន្ទុករបស់ខ្ញុំទៅលើព្រះយេហូវ៉ា ហើយខ្ញុំឃើញថាលោកបានជួយខ្ញុំឲ្យបន្តស៊ូទ្រាំ។ នៅឥឡូវនេះ ទោះបីជាខ្ញុំមានការងារធ្វើឡើងវិញក៏ដោយ ខ្ញុំនិងប្រពន្ធខ្ញុំបន្តមានជីវិតសាមញ្ញដូចឱវាទរបស់លោកយេស៊ូក្នុងម៉ាថាយ ៦:២០-២២។ សំខាន់បំផុត យើងបានចូលទៅកាន់តែជិតព្រះ ហើយចំណងអាពាហ៍ពិពាហ៍របស់យើងកាន់តែរឹងមាំថែមទៀត»។
បុរសម្នាក់ឈ្មោះយ៉ូណាថានសារភាពថា៖ «ខ្ញុំភ័យព្រួយអំពីអនាគតខ្លាំងណាស់ ពេលមុខរបរតូចមួយរបស់ក្រុមគ្រួសារយើងបានដួលរលំ ដោយសារវិបត្ដិសេដ្ឋកិច្ច។ យើងបានខំព្យាយាមធ្វើការអស់រយៈពេល២០ឆ្នាំ តែយើងគ្មាននៅសល់អ្វីទេ។ ខ្ញុំនិងប្រពន្ធខ្ញុំចាប់ផ្ដើមឈ្លោះគ្នាអំពីរឿងលុយកាក់។ យើងថែមទាំងមិនអាចប្រើកាតឥណទានដើម្បីទិញអ្វីឡើយ ដោយខ្លាចថាគេនឹងបដិសេធកាតឥណទានរបស់យើង»។
យ៉ូណាថាននិយាយបន្ថែមថា៖ «ប៉ុន្តែបណ្ដាំរបស់ព្រះនិងសកម្មពលរបស់លោកបានជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ។ ខ្ញុំរៀនចេះទទួលការងារណាក៏បាន ហើយយើងកាត់បន្ថយចំណាយដែលមិនចាំបាច់។ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងក៏បានទទួលការគាំទ្រពីអ្នករួមជំនឿដែរ។ ពួកគេជួយយើងឲ្យមានទំនុកចិត្តលើខ្លួនឯងវិញ ហើយផ្ដល់ជំនួយដល់យើងពេលយើងជួបទុក្ខលំបាក»។
ពេលចំណងអាពាហ៍ពិពាហ៍បែកបាក់
រ៉ាឃែលប្រាប់ថា៖ «ពេលប្ដីរបស់ខ្ញុំបានចាកចោលខ្ញុំភ្លាម ខ្ញុំឈឺចិត្តនិងខឹងខ្លាំងណាស់។ ខ្ញុំកើតទុក្ខយ៉ាងខ្លាំង។ ប៉ុន្តែ ខ្ញុំបានចូលទៅជិតព្រះ ហើយលោកបានសម្រាលទុក្ខខ្ញុំ។ ពេលខ្ញុំអធិដ្ឋានទៅលោកជារៀងរាល់ថ្ងៃ សេចក្ដីសុខសាន្តរបស់លោកបានការពារចិត្តខ្ញុំ។ ខ្ញុំគិតថាលោកបានជួយព្យាបាលរបួសបេះដូងខ្ញុំ»។
រ៉ាឃែលនិយាយបន្តថា៖ «ម្យ៉ាងទៀត តាមរយៈគម្ពីរបរិសុទ្ធដែលជាបណ្ដាំរបស់ព្រះ ខ្ញុំបានឈប់ខឹងនិងលែងចងគំនុំទៀត។ ខ្ញុំចាំពាក្យរបស់សាវ័កប៉ូលនៅរ៉ូម ១២:២១ ថា៖ ‹កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ›»។
«មានពេលសម្រាប់‹បោះបង់ចោល›។ . . . ខ្ញុំឈប់គិតអំពីបញ្ហារបស់ខ្ញុំ ហើយចាប់ផ្ដើមធ្វើអ្វីផ្សេងទៀតដែលនាំឲ្យខ្ញុំមានអំណរ» (រ៉ាឃែល)។
រ៉ាឃែលរៀបរាប់ទៀតថា៖ «មិត្តល្អម្នាក់បានជួយខ្ញុំឲ្យយល់ថាខ្ញុំត្រូវបំភ្លេចអតីតកាល។ គាត់បានបង្ហាញខគម្ពីរនៅសាស្ដា ៣:៦ ហើយប្រាប់ខ្ញុំដោយសប្បុរសថាមានពេលសម្រាប់‹បោះបង់ចោល›។ ឱវាទនេះមិនស្រួលធ្វើតាមទេ តែខ្ញុំពិតជាត្រូវការឱវាទនោះមែន។ ឥឡូវ ខ្ញុំឈប់គិតអំពីបញ្ហារបស់ខ្ញុំ ហើយចាប់ផ្ដើមធ្វើអ្វីផ្សេងទៀតដែលនាំឲ្យខ្ញុំមានអំណរ»។
ស្ត្រីម្នាក់ឈ្មោះអេលីសាបិតនិយាយថា៖ «ពេលចំណងអាពាហ៍ពិពាហ៍បែកបាក់ អ្នកពិតជាត្រូវការការគាំទ្រ។ ខ្ញុំមានមិត្តសម្លាញ់ម្នាក់ដែលផ្ដល់ជំនួយដល់ខ្ញុំជារៀងរាល់ថ្ងៃ។ នាងយំជាមួយខ្ញុំ សម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំមានតម្លៃ។ ខ្ញុំជឿជាក់ថាព្រះយេហូវ៉ាបានប្រើនាងដើម្បីព្យាបាលរបួសផ្លូវចិត្តរបស់ខ្ញុំ»។
ពេលមានជំងឺឬមានវ័យចាស់
«ក្រោយពីអធិដ្ឋានរួចហើយ ខ្ញុំមានអារម្មណ៍ថាសកម្មពលរបស់ព្រះបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំ» (លូអ៊ីស)។
បងលូអ៊ីសដែលបានត្រូវរៀបរាប់នៅអត្ថបទដំបូង មានជំងឺបេះដូងធ្ងន់ធ្ងរ។ គាត់ជិតស្លាប់ពីរដង។ ឥឡូវ គាត់ត្រូវប្រើម៉ាស៊ីនអុកស៊ីហ៊្សែនរយៈពេល១៦ម៉ោងក្នុងមួយថ្ងៃ។ គាត់និយាយថា៖ «ខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ាជានិច្ច។ ក្រោយពីអធិដ្ឋានរួចហើយ ខ្ញុំមានអារម្មណ៍ថាសកម្មពលរបស់ព្រះបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ សេចក្ដីអធិដ្ឋានជួយខ្ញុំឲ្យមានចិត្តក្លាហានដើម្បីបន្តរស់នៅ ពីព្រោះខ្ញុំមានជំនឿលើលោក ហើយខ្ញុំដឹងថាលោករមែងគិតអំពីខ្ញុំ»។
បងប៉េត្រាដែលជាស្ត្រីវ័យចាស់ម្នាក់អាយុ៨០ប្លាយបានពន្យល់ថា៖ «ខ្ញុំចង់ធ្វើអ្វីៗជាច្រើន តែខ្ញុំមិនអាចធ្វើបានទេ។ ខ្ញុំពិបាកចិត្តពេលឃើញថាខ្ញុំកាន់តែខ្សោយទៅៗ។ ខ្ញុំអស់កម្លាំងខ្លាំងណាស់ហើយត្រូវពឹងផ្អែកលើថ្នាំពេទ្យ។ ជាញឹកញយ ខ្ញុំគិតអំពីពេលលោកយេស៊ូសុំបិតាលោកឲ្យទុក្ខលំបាកកន្លងផុតទៅ បើអាចធ្វើបាន។ ប៉ុន្តែ ព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យលោកយេស៊ូវិញ ហើយលោកក៏ផ្ដល់កម្លាំងឲ្យខ្ញុំដែរ។ សេចក្ដីអធិដ្ឋានជារៀងរាល់ថ្ងៃគឺជាអ្វីដែលចាំបាច់។ ក្រោយពីអធិដ្ឋានទៅព្រះ ខ្ញុំមានអារម្មណ៍ល្អជាង»។—ម៉ាថាយ ២៦:៣៩
ស្រដៀងគ្នាដែរ ហ៊ូលយ៉ាន់ត្រូវស៊ូទ្រាំនឹងជំងឺធ្ងន់ម្យ៉ាងអស់រយៈពេលជិត៣០ឆ្នាំ។ គាត់បាននិយាយថា៖ «ពីមុនខ្ញុំធ្លាប់អង្គុយលើកៅអីក្នុងឋានៈជានាយក តែឥឡូវខ្ញុំអង្គុយលើរទេះរុញវិញ។ ប៉ុន្តែ ជីវិតខ្ញុំមានន័យខ្លឹមសារពីព្រោះខ្ញុំព្យាយាមជួយអ្នកឯទៀត។ ការឲ្យអ្នកឯទៀតអាចជួយសម្រាលការឈឺចាប់របស់ខ្ញុំ ហើយព្រះយេហូវ៉ាពិតជាផ្ដល់កម្លាំងដែលយើងត្រូវការដូចលោកបានសន្យា។ ដូចសាវ័កប៉ូលដែរ ខ្ញុំអាចនិយាយថា៖ ‹ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ›»។—ភីលីព ៤:១៣
ពេលមនុស្សជាទីស្រឡាញ់ស្លាប់
បុរសម្នាក់ឈ្មោះអាន់តូនយូនិយាយថា៖ «ពេលឪពុកខ្ញុំស្លាប់ដោយសារឡានបុក មុនដំបូងខ្ញុំមិនចង់ជឿទេ។ មុនគ្រោះថ្នាក់ គាត់គ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ។ ពិតជាអយុត្ដិធម៌ណាស់! ប៉ុន្តែ គ្មានអ្វីដែលខ្ញុំអាចធ្វើបានឡើយ។ ក្រោយពីគ្រោះថ្នាក់ គាត់បានសន្លប់អស់ប្រាំថ្ងៃ ហើយក្រោយមកគាត់បានស្លាប់។ ខ្ញុំមិនបានយំនៅមុខម្ដាយខ្ញុំទេ តែពេលខ្ញុំនៅម្នាក់ឯង ខ្ញុំទ្រហោយំយ៉ាងខ្លាំង។ ពេលនោះ ខ្ញុំសួរខ្លួនឯងថា ‹ហេតុអ្វី? ហេតុអ្វី?›»។
អាន់តូនយូបន្តថា៖ «ក្នុងអំឡុងគ្រាដ៏ពិបាកនោះ ខ្ញុំបន្តសុំព្រះយេហូវ៉ាជួយខ្ញុំឲ្យទប់អារម្មណ៍ ហើយផ្ដល់ឲ្យខ្ញុំនូវសេចក្ដីសុខសាន្តក្នុងចិត្ត។ បន្ដិចម្ដងៗ ខ្ញុំមានអារម្មណ៍ស្ងប់ជាង។ ខ្ញុំចាំថាគម្ពីរបរិសុទ្ធពន្យល់ថាយើងអាចជួបគ្រោះថ្នាក់ដោយសារ‹ពេលវេលានិងឱកាស› ឬដោយចៃដន្យ។ ដោយសារព្រះមិនអាចកុហក ខ្ញុំជឿជាក់ថាខ្ញុំនឹងជួបឪពុកខ្ញុំម្ដងទៀតនៅគ្រាដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ»។—សាស្ដា ៩:១១; យ៉ូហាន ១១:២៥; ទីតុស ១:២
«ទោះបីជាកូនប្រុសរបស់យើងបានស្លាប់ដោយសារធ្លាក់យន្តហោះក្ដី ពួកខ្ញុំនៅតែមានអនុស្សាវរីយ៍អំពីពេលដ៏សប្បាយដែលយើងបានចំណាយជាមួយគ្នា» (រ៉ូបឺត)។
ស្រដៀងគ្នាដែរ រ៉ូបឺតដែលបានត្រូវរៀបរាប់នៅអត្ថបទដំបូងនិយាយថា៖ «ខ្ញុំនិងប្រពន្ធខ្ញុំបានទទួលសេចក្ដីសុខសាន្តក្នុងចិត្តដូចបានចែងទុកក្នុងភីលីព ៤:៦, ៧ ក្រោយពីយើងអធិដ្ឋានទៅព្រះយេហូវ៉ា។ សេចក្ដីសុខសាន្តនោះបានជួយពួកខ្ញុំឲ្យនិយាយទៅកាន់អ្នកយកព័ត៌មានអំពីសេចក្ដីសង្ឃឹមនៃការប្រោសឲ្យរស់ឡើងវិញ។ ទោះបីជាកូនប្រុសរបស់យើងបានស្លាប់ដោយសារធ្លាក់យន្តហោះក្ដី ពួកខ្ញុំនៅតែមានអនុស្សាវរីយ៍អំពីពេលដ៏សប្បាយដែលយើងបានចំណាយជាមួយគ្នា។ ពួកខ្ញុំព្យាយាមផ្ដោតអារម្មណ៍ទៅលើអនុស្សាវរីយ៍ទាំងនោះ»។
រ៉ូបឺតនិយាយថែមទៀតថា៖ «ពេលសាក្សីព្រះយេហូវ៉ាឯទៀតបានប្រាប់យើងថា ពួកគេឃើញយើងពន្យល់អំពីជំនឿរបស់យើងក្នុងទូរទស្សន៍ដោយមានអារម្មណ៍ស្ងប់ យើងបានប្រាប់ពួកគេវិញថានេះគឺដោយសារបងប្អូនរួមជំនឿបានអធិដ្ឋានឲ្យយើង។ ខ្ញុំពិតជាជឿថាព្រះយេហូវ៉ាកំពុងគាំទ្រ និងសម្រាលទុក្ខយើងតាមរយៈសំបុត្ររាប់មិនអស់ពីបងប្អូនរួមជំនឿ»។
ដូចបានរៀបរាប់ក្នុងបទពិសោធន៍ខាងលើនេះ ព្រះអាចផ្ដល់ការសម្រាលទុក្ខដល់អស់អ្នកដែលជួបប្រទះនឹងទុក្ខលំបាកនិងបញ្ហាផ្សេងៗ។ ចុះលោកអ្នកវិញ? ទោះជាលោកអ្នកជួបប្រទះទុក្ខលំបាកណាក៏ដោយក្នុងជីវិត លោកអ្នកអាចទទួលការសម្រាលទុក្ខបាន។b ដូច្នេះ សូមស្វែងរកជំនួយពីព្រះយេហូវ៉ា ពីព្រោះលោកជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។—កូរិនថូសទី២ ១:៣
a ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
b បើលោកអ្នកចង់ទទួលជំនួយដើម្បីចូលទៅកាន់តែជិតព្រះ ហើយទទួលការសម្រាលទុក្ខពីលោក សូមទាក់ទងសាក្សីព្រះយេហូវ៉ាក្នុងតំបន់របស់លោកអ្នក ឬសរសេរសំបុត្រទៅកាន់ការិយាល័យសាខាដែលនៅជិតលោកអ្នក។