លោកយេស៊ូបានទៅសួរសុខទុក្ខម្ដាយក្មេករបស់ពេត្រុស ហើយបានធ្វើឲ្យគាត់ជាសះស្បើយពីជំងឺ។—ម៉ាថាយ ៨:១៤, ១៥; ម៉ាកុស ១:២៩-៣១
តើភាពនៅលីវគឺជាតម្រូវការដើម្បីធ្វើជាបព្វជិតសាសនាឬ?
សាសនានៅទូទាំងពិភពលោកដូចជាពុទ្ធសាសនា និងនិកាយផ្សេងៗនៃគ្រិស្តសាសនាជាដើម តម្រូវឲ្យបព្វជិតនិងអ្នកដឹកនាំសាសនារបស់ពួកគេនៅលីវ។ ក៏ប៉ុន្តែ មនុស្សជាច្រើនគិតថាទំនៀមទម្លាប់បែបនេះ គឺជាដើមហេតុដែលនាំឲ្យមានរឿងអាស្រូវកើនឡើងនៅពេលថ្មីៗនេះដែលទាក់ទងនឹងពួកបព្វជិត។
ដូច្នេះ គឺសមហេតុផលណាស់ដែលមានសំណួរថា តើបទគម្ពីរតម្រូវឲ្យគ្រិស្តសាសនាពិតនៅលីវឬទេ? ដើម្បីឆ្លើយសំណួរនេះ សូមយើងពិចារណាអំពីដើមកំណើតនៃទំនៀមទម្លាប់នេះ និងទស្សនៈរបស់ព្រះស្តីអំពីរឿងនេះ។
ភាពនៅលីវនៅក្នុងប្រវត្ដិសាសនា
សព្វវចនាធិប្បាយមួយបកស្រាយពាក្យនៅលីវក្នុងតម្រូវការសាសនាថា៖ «បព្វជិតសាសនាមិនរៀបការនិងរួមដំណេកឡើយ» (Encyclopædia Britannica)។ នៅឆ្នាំ២០០៦ ពួកអ្នកដឹកនាំសាសនានិងសម្ដេចប៉ាបបេណេឌិចទី១៦បានបញ្ចូលតម្រូវការនៅលីវទៅក្នុង«ទំនៀមទម្លាប់មួយដែលមានតាំងពីសម័យពួកសាវ័ក»។
ទោះជាយ៉ាងនោះក៏ដោយ ភាពនៅលីវមិនមែនជាទំនៀមទម្លាប់គ្រិស្តសាសនិកពិតនៅសតវត្សរ៍ទី១ឡើយ។ តាមពិត សាវ័កប៉ូលដែលរស់នៅសតវត្សរ៍ទី១បានព្រមានអ្នកជឿអំពីមនុស្សដែលនឹងប្រកាស«បណ្ដាំមិនពិតដែលហាក់ដូចជាមកពីព្រះ»និង«ហាមមិនឲ្យរៀបការ»។—ធីម៉ូថេទី១ ៤:១-៣
ក្នុងអំឡុងសតវត្សរ៍ទី២ ទំនៀមទម្លាប់នៃភាពនៅលីវបានទៅជាទំនៀមទម្លាប់របស់និកាយផ្សេងៗនៃគ្រិស្តសាសនា។ និកាយផ្សេងៗទាំងនេះក្រោយមកបានទៅជាសាសនាកាតូលិក។ យោងទៅតាមសៀវភៅមួយ ទំនៀមទម្លាប់នេះគឺ«តាមទំនោរនៃសង្គមចក្រភពរ៉ូមដែលចាប់ផ្ដើមនិយមការមិនរួមដំណេក» (Celibacy and Religious Traditions)។
នៅសតវត្សរ៍ក្រោយមក ពួកអ្នកដឹកនាំនិកាយសាសនាបានលើកស្ទួយភាពនៅលីវរបស់ពួកបព្វជិត។ ពួកគេគិតថាការរួមដំណេកគឺជាអ្វីដែលស្មោកគ្រោកនិងមិនសមរម្យសម្រាប់ពួកអ្នកដែលមានតំណែងជាបព្វជិតទេ។ ទោះជាយ៉ាងនោះក្ដី សព្វវចនាធិប្បាយមួយលើកឡើងថា៖ «រហូតដល់សតវត្សរ៍ទី១០ បូជាចារ្យនិងបព្វជិតជាច្រើននាក់នៅតែរៀបការ» (Encyclopædia Britannica)។
ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកបព្វជិតនាឆ្នាំ១១២៣និងឆ្នាំ១១៣៩ដែលបានត្រូវធ្វើឡើងនៅប្រទេសរ៉ូម គេបានអនុម័តច្បាប់នៅលីវរបស់ពួកបព្វជិត ហើយនេះបានរក្សាតំណែងពួកបព្វជិតសាសនាកាតូលិករហូតមកដល់ពេលបច្ចុប្បន្ន។ ដោយហេតុនេះហើយ ពួកបព្វជិតបានការពារកុំឲ្យបាត់បង់អំណាចនិងប្រាក់ចំណូល ពេលដែលបូជាចារ្យដែលរៀបការចង់ប្រគល់ទ្រព្យសម្បត្ដិទៅកូនរបស់ពួកគេ។
ទស្សនៈរបស់ព្រះចំពោះភាពនៅលីវ
ក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះបានបង្ហាញយ៉ាងច្បាស់អំពីទស្សនៈរបស់លោកចំពោះភាពនៅលីវ។ ក្នុងគម្ពីរក៏មានប្រសាសន៍របស់លោកយេស៊ូអំពីពួកអ្នកដែលរក្សាភាពនៅលីវដូចលោក «ព្រោះតែរាជាណាចក្រស្ថានសួគ៌»។ (ម៉ាថាយ ១៩:១២) ដូចគ្នាដែរ សាវ័កប៉ូលបាននិយាយអំពីគ្រិស្តសាសនិកពិតដែលសម្រេចចិត្តនៅលីវដូចគាត់ «ដើម្បីដំណឹងល្អ»។—កូរិនថូសទី១ ៧:៣៧, ៣៨; ៩:២៣
ទោះជាយ៉ាងនេះក៏ដោយ លោកយេស៊ូនិងប៉ូលមិនបានបង្គាប់គ្រិស្តសាសនិកឲ្យនៅលីវទេ។ លោកយេស៊ូបានមានប្រសាសន៍ថាភាពនៅលីវគឺជា«អំណោយទាន» ដែលមិនមែនអ្នកកាន់តាមលោកទាំងអស់អាចទទួលឡើយ។ ពេលប៉ូលបានសរសេរអំពី«អ្នកដែលនៅលីវ» គាត់បានសារភាពដោយស្មោះថា៖ «ខ្ញុំគ្មានបទបញ្ជាណាមួយពីលោកម្ចាស់ទេ ប៉ុន្តែខ្ញុំសូមជូនយោបល់របស់ខ្ញុំ»។—ម៉ាថាយ ១៩:១១; កូរិនថូសទី១ ៧:២៥
លើសពីនេះទៅទៀត គម្ពីរបង្ហាញថាគ្រិស្តសាសនិកពិតជាច្រើននាក់នៅសតវត្សរ៍ទី១បានរៀបការ រួមទាំងសាវ័កពេត្រុសដែរ។ (ម៉ាថាយ ៨:១៤; ម៉ាកុស ១:២៩-៣១; កូរិនថូសទី១ ៩:៥) ដោយសារពេលនោះនៅចក្រភពរ៉ូមមានអំពើប្រាសចាកសីលធម៌ជាច្រើន ហេតុនោះហើយប៉ូលបានសរសេរថាគ្រិស្តសាសនិកដែលជាអ្នកត្រួតពិនិត្យត្រូវ«មានប្រពន្ធតែមួយ» ហើយ«មានកូនដែលចុះចូល»។—ធីម៉ូថេទី១ ៣:២, ៤
នេះមិនមែនជាអាពាហ៍ពិពាហ៍ដែលប្ដីប្រពន្ធមិនរួមដំណេកនោះទេ។ ដោយសារគម្ពីរចែងយ៉ាងចំៗថា៖ «ប្ដីត្រូវបំពេញករណីយកិច្ចរបស់ខ្លួនចំពោះប្រពន្ធ» ហើយក៏ថាប្ដីប្រពន្ធមិនគួរ«បង្អត់គ្នា»ខាងរួមដំណេកឡើយ។ (កូរិនថូសទី១ ៧:៣-៥) យើងឃើញច្បាស់ថា ព្រះមិនបានតម្រូវឲ្យគ្រិស្តសាសនិកនៅលីវទេ ហើយក៏គ្មានច្បាប់អំពីរឿងនេះដែរ។
ដើម្បីដំណឹងល្អ
បើភាពនៅលីវមិនមែនជាច្បាប់ ហេតុអ្វីលោកយេស៊ូនិងប៉ូលបាននិយាយអំពីអំណរដែលមកពីភាពនៅលីវ? ដោយសារមនុស្សដែលនៅលីវអាចមានឱកាសច្រើនជាងដើម្បីផ្សព្វផ្សាយដំណឹងល្អពីគម្ពីរដល់អ្នកឯទៀត។ អ្នកនៅលីវអាចបម្រើព្រះបានច្រើនជាង ដោយសារពួកគេគ្មានទុក្ខកង្វល់ដែលគូអាពាហ៍ពិពាហ៍ជួបប្រទះទេ។—កូរិនថូសទី១ ៧:៣២-៣៥
សូមគិតអំពីគំរូរបស់ដាវីឌ គាត់បានសម្រេចចិត្តលាឈប់ពីការងារដែលផ្ដល់ប្រាក់ខែល្អនៅក្រុងម៉ិកស៊ីកូដើម្បីរើទៅជនបទនៅប្រទេសកូស្ដារីកា ក្នុងគោលបំណងបង្រៀនគម្ពីរដល់អ្នកឯទៀត។ តើដាវីឌគិតថាភាពនៅលីវរបស់គាត់បានជួយគាត់ឲ្យធ្វើដូច្នេះឬទេ? គាត់និយាយថា៖ «ពិតប្រាកដណាស់ គឺមិនស្រួលទេដែលត្រូវសម្របខ្លួនទៅតាមវប្បធម៌និងស្ថានភាពរស់នៅផ្សេងនោះ ប៉ុន្តែដោយសារខ្ញុំមានតែម្នាក់ឯង ដូច្នេះខ្ញុំងាយស្រួលជាងដើម្បីសម្របខ្លួនទៅតាមអ្វីទាំងនេះ»។
ខ្លោឌៀជាគ្រិស្តសាសនិកនៅលីវដែលបានរើទៅបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយអំពីរាជាណាចក្រព្រះច្រើនជាង នាងនិយាយថា៖ «ខ្ញុំចូលចិត្តកិច្ចបម្រើព្រះណាស់។ ខ្ញុំមានជំនឿនិងចំណងមិត្តភាពជាមួយនឹងលោកកាន់តែខ្លាំងឡើង ពេលខ្ញុំឃើញអំពីរបៀបដែលលោកថែរក្សាខ្ញុំ»។
«វាមិនសំខាន់ទេ។ ទោះជាយើងរៀបការហើយ ឬនៅលីវក៏ដោយ បើយើងជូនអ្វីដែលល្អបំផុតទៅព្រះយេហូវ៉ា នោះយើងនឹងមានសុភមង្គល»។—ខ្លោឌៀ
ភាពនៅលីវមិនមែនមានន័យថាយើងនឹងមិនមានសុភមង្គលទេ។ ខ្លោឌៀបន្ថែមទៀតថា៖ «វាមិនសំខាន់ទេ។ ទោះជាយើងរៀបការហើយ ឬនៅលីវក៏ដោយ បើយើងជូនអ្វីដែលល្អបំផុតទៅព្រះយេហូវ៉ា នោះយើងនឹងមានសុភមង្គល»។—ទំនុកតម្កើង ១១៩:១, ២