បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ៤ ទំ. ១០-១១
  • ខ្ញុំមិនជឿថាមានព្រះទេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ្ញុំមិនជឿថាមានព្រះទេ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • របៀបដែលខ្ញុំបានរកឃើញចម្លើយចំពោះភាពអយុត្តិធម៌
    ភ្ញាក់រឭក! ២០១១
  • «មើលទៅ ខ្ញុំដូចជាមានអ្វីៗទាំងអស់ដែលខ្ញុំចង់បាន»
    គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ៤ ទំ. ១០-១១
អាន់ដ្រេអាសនិងតាប៊ីថា ហ្គូឡិច

ខ្ញុំ​និង​តាប៊ីថា​ប្រពន្ធ​ខ្ញុំ កំពុង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ខ្ញុំ​មិន​ជឿ​ថា​មាន​ព្រះ​ទេ

រៀប​រាប់​ដោយ អាន់ដ្រេអាស ហ្គូឡិច

  • ឆ្នាំ​កំណើត: ១៩៧៤

  • ប្រទេស​កំណើត: អតីត​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់

  • ប្រវត្ដិ: អ្នក​ដែល​ជឿ​ថា​គ្មាន​ព្រះ

អតីតកាល​របស់​ខ្ញុំ

កាលអាន់ដ្រេអាស ហ្គូឡិចនៅយុវវ័យ

ខ្ញុំ​បាន​កើត​នៅ​ភូមិ​មួយ​ក្នុង​រដ្ឋ​សាសូនី ដែល​ស្ថិត​នៅ​ក្នុង​អតីត​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (​GDR​)។ ក្នុង​ក្រុម​គ្រួសារ​ខ្ញុំ​ពោរ​ពេញ​ដោយ​ភាព​កក់​ក្ដៅ​និង​សេចក្ដី​ស្រឡាញ់ ហើយ​ឪ​ពុក​ម្ដាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​ឲ្យ​មាន​គោល​ការណ៍​សីលធម៌​ល្អ។ អតីត​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​កាន់​របប​កុម្មុយនីស្ត ដូច្នេះ​មនុស្ស​ភាគ​ច្រើន​នៅ​រដ្ឋ​សាសូនី​មិន​ឲ្យ​តម្លៃ​ទៅ​លើ​សាសនា​ឡើយ។ ម្យ៉ាង​ទៀត ខ្ញុំ​មិន​ជឿ​ថា​មាន​ព្រះ​ទេ។ ទស្សនៈ​ថា​គ្មាន​ព្រះ​និង​របប​កុម្មុយនីស្ត​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ​តាំង​ពី​តូច​រហូត​ដល់​ខ្ញុំ​អាយុ​១៨​ឆ្នាំ។

មូលហេតុ​ដែល​ខ្ញុំ​ចូល​ចិត្ត​របប​កុម្មុយនីស្ត​គឺ​ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ស្មើ​ភាព​គ្នា។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ជឿ​ថា​មនុស្ស​នឹង​មាន​ទ្រព្យ​សម្បត្ដិ​ស្មើ​ៗ​គ្នា នេះ​មាន​ន័យ​ថា​នឹង​លែង​មាន​វណ្ណៈ​អ្នក​មាន​អ្នក​ក្រ​ទៀត។ ដូច្នេះ ខ្ញុំ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​អង្គ​ការ​យុវជន​កុម្មុយនីស្ត។ ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ជួយ​កិច្ច​ការ​ខាង​បរិស្ថាន​ដោយ​កែ​ច្នៃ​ក្រដាស​ដែល​គេ​បោះ​ចោល។ ពួក​អាជ្ញាធរ​ក្នុង​ក្រុង​អោរ​បាន​បង្ហាញ​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខំ​ប្រឹង​របស់​ខ្ញុំ ហេតុ​នេះ​បាន​ជា​ពួក​គេ​បាន​ប្រគល់​ពាន​រង្វាន់​ដល់​ខ្ញុំ។ ទោះ​ជា​ខ្ញុំ​នៅ​ក្មេង​ក្ដី ខ្ញុំ​បាន​ស្គាល់​បុគ្គល​មួយ​ចំនួន​ដែល​មាន​មុខ​មាត់​ក្នុង​ឆាក​នយោបាយ​នៅ​អតីត​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់។ ខ្ញុំ​គិត​ថា​ខ្ញុំ​កំពុង​ចាប់​យក​គោល​ដៅ​ត្រឹម​ត្រូវ ហើយ​ថា​អនាគត​របស់​ខ្ញុំ​នឹង​ត្រចះ​ត្រចង់។

ប៉ុន្តែ ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ក្នុង​មួយ​រំពេច។ នៅ​ឆ្នាំ​១៩៨៩ ជញ្ជាំង​បែរឡាំង​បាន​ដួល​រលំ ហើយ​របប​កុម្មុយនីស្ត​នៃ​ទ្វីប​អឺរ៉ុប​ខាង​កើត​ក៏​បាន​រលំ​ដែរ។ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ មិន​យូរ​ក្រោយ​មក ខ្ញុំ​ដឹង​ថា​មាន​អំពើ​អយុត្ដិធម៌​ច្រើន​ណាស់​នៅ​អតីត​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់។ ជា​ឧទាហរណ៍ បើ​អ្នក​ណា​មិន​គាំ​ទ្រ​របប​កុម្មុយនីស្ត គេ​នឹង​ចាត់​ទុក​ជន​នោះ​ជា​មនុស្ស​បាត​សង្គម។ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ក្រែង​អ្នក​ដែល​កាន់​របប​កុម្មុយនីស្ត​ជឿ​ថា​មនុស្ស​ទាំង​អស់​គឺ​ស្មើ​ភាព​គ្នា មែន​ទេ? តើ​លទ្ធិ​កុម្មុយនីស្ត​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ឬ? នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​និង​កើត​ទុក្ខ​ជា​ខ្លាំង។

ដូច្នេះ​ខ្ញុំ​បាន​ផ្លាស់​ប្រែ​គោល​ដៅ​របស់​ខ្ញុំ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​វិចិត្រសិល្បៈ​និង​តន្ត្រី។ ដោយ​សារ​ខ្ញុំ​អាច​ចូល​រៀន​នៅ​សាលា​តន្ត្រី​មួយ​ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​អាច​បន្ត​ទៅ​សាកលវិទ្យាល័យ ហេតុ​នេះ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​ជា​តន្ត្រីករ។ មួយ​វិញ​ទៀត ខ្ញុំ​លែង​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​ដែល​ខ្ញុំ​បាន​រៀន​កាល​នៅ​តូច។ អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​នៅ​ពេល​នោះ​គឺ​ការ​សប្បាយ ហើយ​ខ្ញុំ​ក៏​មាន​មិត្ត​ស្រី​ច្រើន​ក្នុង​ពេល​តែ​មួយ​ដែរ។ ទោះ​ជា​ខ្ញុំ​មាន​សិល្បៈ តន្ត្រី និង​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ក៏​ដោយ តែ​ខ្ញុំ​នៅ​តែ​មាន​ទុក្ខ​កង្វល់ដដែល។ សូម្បី​តែ​គំនូរ​ដែល​ខ្ញុំ​គូ​ក៏​បង្កប់​នូវ​ភាព​ភ័យ​ព្រួយ​ដែរ។ តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា? តើ​អ្វី​ជា​គោល​បំណង​ក្នុង​ជីវិត?

ទី​បំផុត ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​ខ្ញុំ​ចង់​ដឹង ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ណាស់។ ល្ងាច​មួយ​នៅ​សាលា ខ្ញុំ​បាន​អង្គុយ​ជុំ​គ្នា​ជា​មួយ​សិស្ស​មួយ​ក្រុម​ដែល​កំពុង​ពិភាក្សា​គ្នា​អំពី​អនាគត។ មេនឌីaរៀន​នៅ​សាលា​នោះ​ដែរ ហើយ​នាង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ នៅ​ល្ងាច​នោះ នាង​បាន​ឲ្យ​យោបល់​ល្អ​មួយ​ដល់​ខ្ញុំ នាង​និយាយ​ថា​៖ ​«​អាន់ដ្រេអាស សូម​ពិនិត្យ​មើល​គម្ពីរ បើ​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​អំពី​ជីវិត​និង​អនាគត​»។

ខ្ញុំ​មិន​សូវ​ជឿ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​ពិត​ជា​ចង់​ដឹង​យ៉ាង​ខ្លាំង ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ពិនិត្យ​មើល​គម្ពីរ​ដើម្បី​រក​ចម្លើយ។ មេនឌី​បាន​ប្រាប់​ខ្ញុំ​ឲ្យ​មើល​សៀវភៅ​ដានីយ៉ែល​ជំពូក​ទី២ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​អាន​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ជា​ខ្លាំង។ ទំនាយ​នេះ​រៀប​រាប់​អំពី​មហា​អំណាច​ជា​បន្ត​បន្ទាប់ រហូត​ដល់​សម័យ​យើង។ មេនឌី​បាន​បង្ហាញ​ខ្ញុំ​នូវ​ទំនាយ​ឯ​ទៀត​ក្នុង​គម្ពីរ​ស្តី​អំពី​អនាគត​របស់​យើង។ ទី​បំផុត ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ! ប៉ុន្តែ តើ​អ្នក​ណា​ជា​អ្នក​សរសេរ​ទំនាយ​ទាំង​នោះ ហើយ​តើ​អ្នក​ណា​អាច​ប្រាប់​អំពី​អនាគត​យ៉ាង​ត្រឹម​ត្រូវ​បាន? តើ​នេះ​មាន​ន័យ​ថា​មាន​ព្រះ​ឬ?

របៀប​ដែល​គម្ពីរ​បាន​កែ​ប្រែ​ជីវិត​របស់​ខ្ញុំ

មេនឌី​បាន​ឲ្យ​ខ្ញុំ​ជួប​ជា​មួយ​នឹង​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា គឺ​ហូស​និង​អេនជីលីកា ពួក​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​គម្ពីរ​កាន់​តែ​ច្រើន។ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ទេ​ដែល​ជា​អង្គ​ការ​សាសនា​ដែល​តែង​តែ​ប្រើ​និង​ចាប់​អារម្មណ៍​នឹង​នាម​របស់​ព្រះ ពោល​គឺ​យេហូវ៉ា។ (​ទំនុក​តម្កើង ៨៣:១៨; ម៉ាថាយ ៦:៩​) ខ្ញុំ​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​មនុស្ស​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ ទំនុក​តម្កើង ៣៧:៩ ចែង​ថា​៖ ​«​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ផែន​ដី​ជា​មរដក​»។ នេះ​បង្ហាញ​ថា​សេចក្ដី​សង្ឃឹម​នេះ​គឺ​សម្រាប់​អស់​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​តាម​ខ្នាត​តម្រា​របស់​ព្រះ ដែល​មាន​នៅ​ក្នុង​គម្ពីរ។

ប៉ុន្តែ ខ្ញុំ​នៅ​តែ​ពិបាក​កែ​ប្រែ​របៀប​រស់​នៅ​របស់​ខ្ញុំ​ឲ្យ​ស្រប​តាម​គម្ពីរ។ ខ្ញុំ​គឺ​ជា​តន្ត្រីករ​ម្នាក់​ដែល​មាន​ភាព​ជោគ​ជ័យ ដោយ​ហេតុ​នោះ​ខ្ញុំ​បាន​ទៅ​ជា​មនុស្ស​មាន​អំណួត ដូច្នេះ​ដំបូង​ខ្ញុំ​ត្រូវ​រៀន​ឲ្យ​មាន​ចិត្ត​រាប​ទាប​សិន។ ម្យ៉ាង​ទៀត ខ្ញុំ​ពិបាក​លះ​ចោល​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​អត់​ធ្មត់ មេត្ដា​ករុណា និង​យោគ​យល់​ដល់​អស់​អ្នក​ដែល​ខំ​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​បាន​រៀន​ពី​គម្ពីរ។

របប​កុម្មុយនីស្ត​និង​ទស្សនៈ​ថា​គ្មាន​ព្រះ​បាន​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​អស់​រយៈ​ពេល​១៨​ឆ្នាំ។ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​រៀន​គម្ពីរ ជីវិត​របស់​ខ្ញុំ​បាន​កែ​ប្រែ​ចាប់​តាំង​ពី​ពេល​នោះ​មក។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អនាគត ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គោល​បំណង​ក្នុង​ជីវិត។ នៅ​ឆ្នាំ​១៩៩៣ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​នៅ​ឆ្នាំ​២០០០ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​តាប៊ីថា​ដែល​ជា​សាក្សី​ដ៏​ខ្នះ​ខ្នែង​ម្នាក់។ យើង​ខំ​ប្រឹង​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​រៀន​គម្ពីរ។ យើង​ជួប​មនុស្ស​ជា​ច្រើន​ដែល​មាន​ប្រវត្ដិ​ដូច​ខ្ញុំ គឺ​មនុស្ស​ដែល​មាន​ទស្សនៈ​ថា​គ្មាន​ព្រះ និង​ដែល​ទទួល​ឥទ្ធិពល​ពី​របប​កុម្មុយនីស្ត។ ពេល​ខ្ញុំ​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ក្រៃ​លែង។

ប្រយោជន៍​ដែល​ខ្ញុំ​បាន​ទទួល

អាន់ដ្រេអាស ហ្គូឡិច

ពេល​ខ្ញុំ​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ខឹង។ ក៏​ប៉ុន្តែ​ក្រោយ​មក ពួក​គាត់​បាន​ឃើញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ល្អ​មក​លើ​ជីវិត​ខ្ញុំ។ ខ្ញុំ​រីក​រាយ​ណាស់ ដោយ​សារ​ឥឡូវ​ពួក​គាត់​អាន​គម្ពីរ ហើយ​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។

ខ្ញុំ​និង​តាប៊ីថា​មាន​ចំណង​អាពាហ៍​ពិពាហ៍​ដ៏​មាន​សុភមង្គល ដោយ​សារ​យើង​ព្យាយាម​ធ្វើ​តាម​យ៉ាង​ដិត​ដល់​នូវ​ឱវាទ​ក្នុង​គម្ពីរ​សម្រាប់​ប្ដី​ប្រពន្ធ។ ជា​ឧទាហរណ៍ ការ​ធ្វើ​តាម​ឱវាទ​ស្តី​អំពី​ការ​រក្សា​ភាព​ស្មោះ​ត្រង់​ជា​ប្ដី​ប្រពន្ធ​បាន​ជួយ​ពង្រឹង​ចំណង​អាពាហ៍​ពិពាហ៍​របស់​យើង។—ហេប្រឺ ១៣:៤

ខ្ញុំ​លែង​ភ័យ​ខ្លាច​ក្នុង​ជីវិត និង​លែង​ព្រួយ​បារម្ភ​អំពី​អនាគត។ ខ្ញុំ​បាន​ទៅ​ជា​សមាជិក​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ។ ក្រុម​គ្រួសារ​នេះ​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព​ពិត​ប្រាកដ។ ម្យ៉ាង​ទៀត ក្នុង​ក្រុម​គ្រួសារ​នេះ យើង​ប្រព្រឹត្ត​ដោយ​ស្មើ​ភាព​ចំពោះ​គ្នា។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ជឿ​និង​ចង់​បាន​យូរ​មក​ហើយ។

a ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក