មនុស្សគ្រប់គ្នាត្រូវតែ‹ទទួលពាក្យហ្នឹងដោយអំណរ›!
១ មនុស្សជាច្រើនលាននាក់ កំពុងតែសិក្សាព្រះគម្ពីរជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា។ ដើម្បីឲ្យអាចទទួលជីវិតអស់កល្បជានិច្ច នោះគេត្រូវតែ‹ទទួលពាក្យហ្នឹងដោយអំណរ› ដូចពួក៣.០០០នាក់ដែលបានប្រែចិត្ត ហើយបានទទួលបុណ្យជ្រមុជទឹក នៅថ្ងៃនៃបុណ្យភិន្ដាកុសក្នុងឆ្នាំ៣៣ ស.យ.។ (កិច្ចការ ២:៤១) ដោយហេតុនេះតើភារកិច្ចអ្វីដែលមានមកលើយើងសព្វថ្ងៃនេះ?
២ យើងត្រូវតែជួយសិស្សព្រះគម្ពីររបស់យើង បណ្ដុះឲ្យមានភក្ដីភាពចំពោះព្រះយេហូវ៉ា។ (ធីម៉ូថេទី១ ៤:៧-១០) ដើម្បីនឹងសម្រេចគោលបំណងនេះ នោះទំព័របន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង នៃខែមិថុនា ឆ្នាំ១៩៩៦ វគ្គ២០ ឲ្យយោបល់ថា៖ «ក្នុងដំណើរសិក្សា ចូររកឱកាសដើម្បីបណ្ដុះនូវការអបអររបស់គេ ចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ ចូរសម្ដែងនូវអារម្មណ៍ដ៏ជ្រាលជ្រៅរបស់អ្នកចំពោះព្រះ។ ចូរជួយឲ្យសិស្សគិតតាមរបៀបចង់បណ្ដុះឲ្យមានទំនាក់ទំនងដ៏កក់ក្ដៅ ជាមួយនឹងព្រះយេហូវ៉ា»។
៣ សេចក្ដីពិបាកដែលយើងប្រឈមមុខ: មនុស្សភាគច្រើនបានត្រូវសាសនាមិនពិតមានឥទ្ធិពលលើគេ ហើយស្កប់ចិត្តនឹងការថ្វាយបង្គំ ដែលត្រូវការការខំប្រឹងនិងពេលវេលាដ៏តិចតួចពីគេ ដោយឥតត្រូវការប្រែប្រួលដ៏ធំអ្វីក្នុងជីវិតរបស់គេនោះឡើយ។ (ធីម៉ូថេទី២ ៣:៥) សេចក្ដីពិបាកដែលប្រឈមមុខយើង នោះគឺដើម្បីជួយសិស្សព្រះគម្ពីររបស់យើងឲ្យឃើញថា ការថ្វាយបង្គំពិតទាក់ទងច្រើនទៀត មិនគ្រាន់តែការធ្វើជាអ្នកឮពាក្យបន្ទូលរបស់ព្រះនោះប៉ុណ្ណោះទេ។ គេត្រូវតែអនុវត្តក្នុងជីវិតរបស់គេ នូវអ្វីៗដែលគេរៀន។ (យ៉ាកុប ១:២២-២៥) ប្រសិនបើមានអ្វីមួយខាងចរិយាផ្ទាល់របស់គេ ដែលព្រះមិនពេញព្រះហឫទ័យ នោះគេត្រូវតែទទួលស្គាល់នូវកាតព្វកិច្ចរបស់គេ ឲ្យ«វិលមក» និងធ្វើអ្វីដ៏ត្រឹមត្រូវដើម្បីឲ្យទ្រង់សព្វព្រះហឫទ័យ។ (កិច្ចការ ៣:១៩) ដើម្បីឲ្យទទួលបានជីវិតអស់កល្បជានិច្ច គេត្រូវតែ«ខំប្រឹងយ៉ាងអស់ពីចិត្ត» ហើយកាន់ជំហរឲ្យមាំមួនចំពោះសេចក្ដីពិត។—លូកា ១៣:២៤, ២៥
៤ នៅពេលដែលពិគ្រោះនូវលក្ខណៈផ្សេងៗខាងសីលធម៌ នោះចូរសួរសិស្សព្រះគម្ពីររបស់អ្នក ថាតើគាត់ពិតជាមានទស្សនៈយ៉ាងណាអំពីរឿងទាំងនេះ ហើយតើគាត់ត្រូវធ្វើយ៉ាងណា ប្រសិនបើគាត់ឃើញថាគាត់ត្រូវធ្វើការប្រែប្រួលក្នុងជីវិតរបស់គាត់នោះ។ ចូរនាំស្មារតីគាត់ឲ្យមកឯអង្គការព្រះ ដែលតាមរយៈនេះហើយដែលគាត់កំពុងតែរៀនសេចក្ដីពិត ហើយលើកទឹកចិត្តគាត់ឲ្យមកប្រជុំនៅឯក្រុមជំនុំជារឿយៗ។—ហេព្រើរ ១០:២៥
៥ ចូរឲ្យយើងតាំងចិត្តក្នុងការបង្រៀនរបស់យើង ធ្វើយ៉ាងណាឲ្យជ្រួតជ្រាបដល់ចិត្តរបស់សិស្សយើង។ យើងនឹងមានចិត្តអរសប្បាយ កាលដែលយើងជំរុញទឹកចិត្តពួកអ្នកថ្មីៗទាំងនេះ ឲ្យទទួលពាក្យបន្ទូលរបស់ព្រះដោយអំណរ ហើយឲ្យគេទទួលបុណ្យជ្រមុជទឹកនោះ!—ថែស្សាឡូនីចទី១ ២:១៣