អ្នកបង្កើតដ៏ឧត្តមរបស់យើង យកព្រះទ័យទុកដាក់លើយើង!
១ នៅពេលដែលព្រះយេហូវ៉ាបានព្យាយាមបញ្ជាក់ហេតុផលជាមួយសាសន៍អ៊ីស្រាអែលដែលមិនស្ដាប់បង្គាប់នោះ ទ្រង់បានមានបន្ទូលសួរថា៖ «តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត»។ (អេសាយ ៤០:២៨) យើងស្គាល់អ្នកបង្កើតដ៏ឧត្តមរបស់យើង ហើយយើងមើលឃើញថាទ្រង់យកព្រះទ័យទុកដាក់លើយើង។ ក៏ប៉ុន្តែ មនុស្សរាប់លាននាក់សង្ស័យថាមានព្រះ ឬក៏មានមតិមួយអំពីទ្រង់ដែលមិនស្របតាមព្រះគម្ពីរ។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
២ សៀវភៅថ្មី តើមានអ្នកបង្កើតដែលយកព្រះទ័យទុកដាក់លើអ្នកទេ? បានត្រូវរៀបចំដើម្បីជួយមនុស្សបែបនេះ។ សៀវភៅនោះអញ្ជើញមនុស្សដែលចេះគិតឲ្យត្រិះរិះពីហេតុការណ៍ទាំងឡាយ។ ក្នុងសៀវភៅនេះ ពត៌មានដែលជក់ចិត្ត ហើយសំអាងហេតុផលដែលនាំឲ្យជឿ គួរធ្វើឲ្យអ្នកអានចាប់អារម្មណ៍។ ពីព្រោះសៀវភៅនេះមិនមានជាភាសាខ្មែរទេ យើងអាចប្រើសៀវភៅស្តើង តើអ្វីជាគោលបំណងនៃជីវិត—តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ដើម្បីបានលទ្ធផលដូចនេះដែរ។
៣ តើអ្នកពិតជាស្គាល់សៀវភៅស្តើង គោលបំណងនៃជីវិត ហើយឬនៅ? នឹកចាំយ៉ាងសើៗអំពីមាតិកាវា។ ជំពូកទី២ពិចារណានូវរបៀបដែលសកលលោក ជីវិត ហើយនិងមនុស្សបានកើតមក ហើយអ្វីជាដើមហេតុនៃរបស់ទាំងអស់។ ជំពូកទី៣ ពន្យល់អំពីព្រះគម្ពីរហើយអ្នកនិពន្ធរបស់វា ហើយជាពិសេស ថាតើព្រះគម្ពីរគួរជាទីទុកចិត្តរបស់យើងទេ។ ជំពូកទី៦ផ្ដល់នូវចម្លើយមួយដែលធ្វើឲ្យស្កប់ចិត្ត នូវសំនួរមួយដ៏ធ្វើឲ្យអល់អែកជាងគេដែលមនុស្សជាតិធ្លាប់សួរ គឺជា៖ «បើអ្នកបង្កើតយកព្រះទ័យទុកដាក់លើយើង ហេតុអ្វីមានការរងទុក្ខវេទនាច្រើនម្ល៉េះ»?
៤ ខំប្រឹងបញ្ជាក់ហេតុផលឲ្យមនុស្សណាដែលសង្ស័យ: ទំព័រ ៧៨-៧៩ ក្នុងសៀវភៅ អ្នកបង្កើត ផ្ដល់ហេតុផលដែលអ្នកអាចប្រើដើម្បីជួយអ្នកដទៃធ្វើការសន្និដ្ឋានដ៏ត្រឹមត្រូវអំពីព្រះ។ សួរគេ៖ «តើសកលលោកមានដើមកំណើតឬទេ»? មនុស្សភាគច្រើននឹងយល់ព្រមថាមាន។ បើដូច្នេះ សួរថា៖ «តើដើមកំណើតនោះគឺដោយគ្មានដើមហេតុ ឬក៏តើវាមានដើមហេតុ»? មនុស្សភាគច្រើនទទួលស្គាល់ថាវាបានត្រូវបង្កើតមក។ នេះនាំទៅដល់សំនួរចុងបង្អស់៖ «តើដើមដំបូងនៃសកលលោកបានត្រូវបង្កដោយអ្វីមួយដែលបាននៅពីអស់កល្ប ឬក៏អ្នកណាមួយដែលបាននៅពីអស់កល្ប»? ការពន្យល់បែបនេះអាចនាំមនុស្សជាច្រើនដើម្បីឲ្យឃើញថា ពិតជាមានអ្នកបង្កើតមួយអង្គ។
៥ សៀវភៅស្តើង គោលបំណងនៃជីវិត គឺចំនឹងតម្រូវការរបស់មនុស្សជាច្រើន។ សូមចែកសៀវភៅនោះ ជូនសាច់ញាតិ ពួកសហការី មិត្តថ្នាក់ ហើយអ្នកផ្សេងទៀតដែលអ្នកស្គាល់។ សូមយកវាទៅជាមួយអ្នកក្នុងកិច្ចផ្សព្វផ្សាយ ដើម្បីផ្ដល់ឲ្យអ្នកដែលមានការសង្ស័យថាគ្មានព្រះ។ ដល់កំរិតណាដែលយើងកាន់តែស្គាល់សៀវភៅស្តើងនេះ នោះសេចក្ដីស្រឡាញ់របស់យើងសំរាប់អ្នកបង្កើតរបស់យើងនឹងកាន់តែខ្លាំងឡើងដែរ។ នេះនឹងជំរុញយើងឲ្យដើរតាមខ្នាតគំរូដ៏ខ្ពង់ខ្ពស់របស់ទ្រង់។—អេភេសូរ ៥:១; វិវរណៈ ៤:១១