អ្នកបង្កើតអាចបន្ថែមអត្ថន័យចំពោះជីវិតរបស់លោកអ្នក
«គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ា ដ្បិតទ្រង់បានចេញបង្គាប់ ហើយរបស់ទាំងនោះបានកើតមក»។—ទំនុកដំកើង ១៤៨:៥
១, ២. (ក) តើយើងគួរពិចារណាសំនួរអ្វី? (ខ) តើយ៉ាងដូចម្ដេចដែលការបង្កើតត្រូវរួមបញ្ចូលក្នុងសំនួររបស់អេសាយនោះ?
‹តើអ្នកមិនបានដឹងទេឬអី›? នោះប្រហែលជាឮដូចជាសំនួរលំនាំ ដែលនាំឲ្យមនុស្សជាច្រើនតបសួរថា៖ ‹ខ្ញុំបានដឹងអ្វី›? ក៏ប៉ុន្តែ នេះជាសំនួរមួយដ៏ធ្ងន់ធ្ងរមែន។ ហើយរបៀបល្អបំផុតដែលយើងអាចយល់តម្លៃនៃចម្លើយចំពោះសំនួរនោះ គឺដោយការកត់សម្គាល់បរិបទនោះ នៅក្នុងសៀវភៅព្រះគម្ពីរអេសាយ ជំពូកទី៤០។ ជនជាតិហេព្រើរពីបុរាណម្នាក់ឈ្មោះអេសាយជាអ្នកសរសេរ ដូច្នោះសំនួរនោះគឺចាស់មែន។ ក៏ប៉ុន្តែ សំនួរនោះក៏ទាន់សម័យផងដែរ ព្រមទាំងទាក់ទងនឹងខ្លឹមសារជាមូលដ្ឋាននៃជីវិតរបស់អ្នក។
២ ដោយមានសារៈសំខាន់ធំយ៉ាងនេះ នោះសំនួរនៅអេសាយ ៤០:២៨ គឺជាការគួរឲ្យយើងយកមកពិនិត្យពិច័យ៖ «តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត»។ ដូច្នេះ ការ‹បានដឹង›រួមបញ្ចូលអ្នកបង្កើតនៃផែនដី ហើយបរិបទបញ្ជាក់ថា អ្វីច្រើនជាងផែនដីបានត្រូវរួមបញ្ចូលដែរ។ ខពីរមុននោះ អេសាយបានសរសេរអំពីផ្កាយទាំងឡាយថា៖ «ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ . . . ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។
៣. ទោះបីអ្នកចេះដឹងច្រើនហើយអំពីអ្នកបង្កើត ហេតុអ្វីក៏យើងគួរចង់ដឹងថែមទៀត?
៣ មែនហើយ សំនួរដែលថា៖ ‹តើអ្នកបានដឹងទេឬអី›? តាមពិតសំដៅទៅលើអ្នកបង្កើតនៃសកលលោកយើងនេះ។ ប្រហែលជាអ្នកផ្ទាល់ជឿជាក់ថា«ព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត»។ ប្រហែលជាអ្នកក៏ដឹងច្រើនហើយអំពីបុគ្គលិកលក្ខណៈនិងការប្រព្រឹត្តរបស់ទ្រង់។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញបើសិនជាអ្នកជួបបុរសឬស្ត្រីម្នាក់ដែលសង្ស័យថាមានអ្នកបង្កើត ហើយច្បាស់ជាមិនដឹងថាទ្រង់គឺជាបុគ្គលបែបណា? ការប្រទះបែបនេះមិនគួរធ្វើឲ្យភ្ញាក់ផ្អើលទេ ពីព្រោះមានមនុស្សរាប់រយលាននាក់ដែលមិនដឹងឬមិនជឿលើអ្នកបង្កើត។—ទំនុកដំកើង ១៤:១; ៥៣:១
៤. (ក) ហេតុអ្វីបានជាការពិចារណាពីអ្នកបង្កើត នោះគឺជាការសមរម្យនៅពេលនេះ? (ខ) តើអ្វីជាសំនួរដែលវិទ្យាសាស្ត្រឆ្លើយមិនបាន?
៤ សាលាសិក្សាទាំងឡាយ បណ្ដាលឲ្យមនុស្សដែលចេះតែសង្ស័យ ហើយគិតថាវិទ្យាសាស្ត្រអាច(ឬក៏នឹងរកឃើញ)នូវចម្លើយចំពោះសំនួរអំពីប្រភពនៃសកលលោកនិងជីវិត។ ក្នុងសៀវភៅប្រភពនៃជីវិត (ចំណងជើងដើមភាសាបារាំងថា៖ អូ អរីស៊ីន ដេ ឡា វី) ពួកអ្នកនិពន្ធឈ្មោះ លោកអាហ្សាន និងលោកលិណេកត់សម្គាល់ថា៖ «ប្រភពនៃជីវិតនៅតែត្រូវគេពិភាក្សាតទល់នៅដើមសតវត្សទី២១។ បញ្ហានេះគឺជាពិបាកដោះស្រាយ ហើយត្រូវការនូវការស៊ើបអង្កេតក្នុងគ្រប់វិស័យ តាំងពីទំហំនៃអវកាស រហូតដល់របស់ដ៏តូចគ្មានកំណត់»។ ក៏ប៉ុន្តែ ជំពូកចុងក្រោយដែលមានចំណងជើង«នៅមានសំនួរ» សារភាពថា៖ «យើងបានស្ទង់នូវចម្លើយខាងវិទ្យាសាស្ត្រចំពោះសំនួរថា តើជីវិតនៅលើផែនដីបានលេចមកយ៉ាងដូចម្ដេច? ក៏ប៉ុន្តែហេតុអ្វីក៏ជីវិតបានលេចមក? តើជីវិតមានគោលបំណងឬទេ? វិទ្យាសាស្ត្រមិនអាចឆ្លើយសំនួរទាំងនេះឡើយ។ វិទ្យាសាស្ត្រគ្រាន់តែស្វែងរកថា‹យ៉ាងដូចម្ដេច›អ្វីៗបានកើតមក។ ‹យ៉ាងដូចម្ដេច›និង‹ហេតុអ្វី› គឺសំនួរពីរដែលខុសគ្នាស្រឡះ។ . . . ចំពោះសំនួរថា ‹ហេតុអ្វី› នោះទស្សនវិជ្ជា សាសនា ហើយជាសំខាន់បំផុត យើងម្នាក់ៗក៏ត្រូវតែរកឃើញចម្លើយនោះដែរ»។
ការរកឃើញចម្លើយនិងន័យ
៥. តើមនុស្សបែបណាដែលជាពិសេស អាចទទួលប្រយោជន៍ពីការរៀនពីអ្នកបង្កើត?
៥ មែនហើយ យើងចង់យល់ពីមូលហេតុដែលជីវិតគឺមាននៅ ហើយជាពិសេសមូលហេតុដែលយើងមាននៅ។ ម្ល៉ោះហើយ យើងគួរចាប់អារម្មណ៍លើមនុស្សដែលមិនទាន់សន្និដ្ឋានថាមានអ្នកបង្កើត ហើយពិតជាមិនដឹងអំពីការប្រព្រឹត្តរបស់ទ្រង់។ ឬក៏ចូរគិតអំពីមនុស្សដែលមានការចិញ្ចឹមអប់រំដែលរួមបញ្ចូលទស្សនៈមួយអំពីព្រះ ដែលខុសស្រឡះពីអ្វីក្នុងព្រះគម្ពីរ។ មនុស្សរាប់រយកោដិនាក់បានធំឡើងនៅបូព៌ាប្រទេសឬក៏កន្លែងផ្សេងដែល នៅកន្លែងនោះគេមិនគិតពីព្រះជាបុគ្គលមួយអង្គ ឬជាបុគ្គលពិតប្រាកដដែលមានបុគ្គលិកលក្ខណៈដ៏ទាក់ទាញឡើយ។ ចំពោះគេវិញ ពាក្យ«ព្រះ»នាំគេគិតដល់ឥទ្ធិពលស្រពិចស្រពិលមួយឬក៏បាតុភូតដ៏អរូបី។ គេមិនទាន់‹បានដឹងអ្នកបង្កើត›ឬការប្រព្រឹត្តរបស់ទ្រង់ឡើយ។ បើសិនជាពួកគេឬមនុស្សរាប់លាននាក់ផ្សេងដែលមានទស្សនៈស្រដៀងគ្នានឹងនេះ ក៏អាចជឿជាក់ថាអ្នកបង្កើតពិតជាមាននៅ តើគេនឹងមានប្រយោជន៍ជាច្រើនយ៉ាងណាទៅហ្ន៎ រួមបញ្ចូលជាសេចក្ដីសង្ឃឹមដ៏អស់កល្ប! គេក៏អាចទទួលអ្វីមួយដែលពិតជាពិបាករកមែន នោះជាអត្ថន័យពិត អំពីគោលបំណង និងសន្ដិសុខខាងគំនិតក្នុងជីវិត។
៦. សព្វថ្ងៃនេះ តើយ៉ាងដូចម្ដេចដែលជីវិតនៃមនុស្សជាច្រើន មានលក្ខណៈស្រដៀងគ្នានឹងបទពិសោធន៍នៃលោកប៉ុល កាវក្វិន និងគំនូរមួយរបស់គាត់?
៦ ជាឧទាហរណ៍៖ នៅឆ្នាំ១៨៩១ វិចិត្រករជនជាតិបារាំងម្នាក់ឈ្មោះ លោក ប៉ុល កាវក្វិន បានធ្វើដំណើរស្វែងរកជីវិតប្រភេទមួយដ៏ពេញចិត្ត គឺនាយនៃកោះផលីនីស៊ីបារាំង ដែលស្ទើរតែជាសួនមនោរម្យមួយ។ ក៏ប៉ុន្តែ ដោយសារអតីតកាលរបស់គាត់បានពោរពេញទៅដោយអំពើឥតសីលធម៌ នោះបាននាំនូវជម្ងឺមកដល់គាត់និងអ្នកដទៃ។ កាលគាត់ដឹងថាខ្លួនជិតស្លាប់ហើយ នោះគាត់បានគូរគំនូរមួយដ៏ធំ ដែលក្នុងនោះគឺហាក់ដូចជាគាត់‹កាត់ស្រាយជីវិតថា ជារឿងអាថ៌កំបាំងដ៏ធំ›។ តើអ្នកដឹងថាអ្វីជាឈ្មោះដែលលោកកាវក្វិនបានឲ្យដល់គំនូរនោះទេ? គឺជា«តើយើងមកពីណា? តើយើងជាអ្វី? តើយើងកំពុងតែទៅដល់ណា»? ប្រហែលជាអ្នកធ្លាប់ឮអ្នកដទៃសួរសំនួរស្រដៀងនេះដែរ។ មនុស្សជាច្រើនគឺសួរដូច្នេះ។ ក៏ប៉ុន្តែ ពេលពួកគេមិនអាចរកឃើញនូវចម្លើយដែលស្កប់ចិត្តឬក៏ន័យក្នុងជីវិត តើពួកគេអាចបែរពឹងពាក់ទៅខាងណាវិញ? ប្រហែលជាគេសន្និដ្ឋានថា ជីវិតគេមិនសូវខុសគ្នាពីជីវិតសត្វឡើយ។—ពេត្រុសទី២ ២:១២a
៧, ៨. ហេតុអ្វីបានជាការស៊ើបអង្កេតពីវិស័យវិទ្យាសាស្ត្រនោះ គឺមិនគ្រប់គ្រាន់ទេ?
៧ ដូច្នេះ អ្នកក៏អាចយល់ពីមូលហេតុដែលមនុស្សម្នាក់ ដូចជាសាស្ដ្រាចារ្យរូបវិទ្យាម្នាក់ឈ្មោះលោក ហ៊្វ្រីម៉ាន ដាយសុន អាចសរសេរថា៖ «ខ្ញុំក៏មានគំនិតដូចជាអ្នកដទៃដ៏គួរគោរព ពេលខ្ញុំសួរសំនួរដែលលោកយ៉ូបបានសួរនោះ។ ហេតុអ្វីបានជាយើងរងទុក្ខវេទនា? ហេតុអ្វីបានជាលោកីយ៍គឺអយុត្ដិធម៌ម្ល៉េះ? តើមានការឈឺចាប់ហើយសោកនាដកម្មដើម្បីអ្វី»? (យ៉ូប ៣:២០, ២១; ១០:២, ១៨; ២១:៧) ដូចបានត្រូវរៀបរាប់ហើយនោះ មនុស្សជាច្រើនបែរទៅពឹងពាក់លើវិទ្យាសាស្ត្រជាជាងព្រះ ដើម្បីទទួលនូវចម្លើយ។ អ្នកជីវវិទ្យា អ្នកសមុទ្រសាស្ត្រ ហើយអ្នកផ្សេងទៀតក៏បន្ថែមនូវចំណេះដឹងអំពីផែនដីនិងជីវិតលើផែនដី។ ដោយខំស្វះស្វែងទៅទិសមួយផ្សេង នោះអ្នកតារាសាស្ត្រនិងអ្នករូបវិទ្យាកំពុងតែរៀនកាន់តែច្រើនអំពីប្រព័ន្ធសុរិយារបស់យើង អំពីផ្កាយ ហើយសូម្បីតែអំពីតារាវលីនៅឆ្ងាយនោះផង។ (ប្រៀបមើល លោកុប្បត្តិ ១១:៦) តើហេតុការណ៍ទាំងនេះ ចង្អុលដល់សេចក្ដីសន្និដ្ឋានដ៏សមហេតុសមផលអ្វីខ្លះ?
៨ អ្នកវិទ្យាសាស្ត្រខ្លះ ប្រើពាក្យ«គំនិត»របស់ព្រះឬក៏«អក្សរដៃ»ដែលត្រូវសម្ដែងក្នុងសកលលោក។ ក៏ប៉ុន្តែ តើនេះប្រហែលជានឹងខានបញ្ជាក់នូវចំណុចសំខាន់បំផុតទេឬ? ទស្សនាវដ្ដីវិទ្យាសាស្ត្របានកត់សម្គាល់ថា៖ «ពេលអ្នកស្រាវជ្រាវនិយាយថា អវកាសវិទ្យាសម្ដែងនូវ‹គំនិត› ឬ‹អក្សរដៃ›របស់ព្រះ នោះគេកំពុងតែគោរពព្រះ ដោយព្រោះអ្វីដែលតាមការពិតប្រហែលជាលក្ខណៈអត់សូវសំខាន់នៃសកលលោក នោះជារចនាសម្ព័ន្ធទំរង់រូបរបស់វា»។ តាមពិត អ្នករូបវិទ្យាម្នាក់ឈ្មោះលោក ស្ទីវិញ វិញបឺក ដែលបានទទួលរង្វាន់ណូបែល បានសរសេរថា៖ «ដែលយើងយល់កាន់តែច្រើនអំពីសកលលោក នោះក៏កាន់តែទំនងថាសកលលោកគ្មានគោលបំណង»។
៩. តើភស្តុតាងអ្វីដែលអាចជួយយើងហើយអ្នកដទៃឲ្យរៀនអំពីអ្នកបង្កើត?
៩ ក៏ប៉ុន្តែ ប្រហែលជាអ្នកគឺក្នុងចំណោមរាប់លាននាក់ ដែលបានយករឿងនោះមកសិក្សាយ៉ាងយកចិត្តទុកដាក់ ហើយបានយល់ថា ន័យខ្លឹមសារពិតប្រាកដ នោះទាក់ទងនឹងការស្គាល់អ្នកបង្កើត។ សូមនឹកចាំពីអ្វីដែលសាវ័កប៉ុលបានសរសេរថា៖ «មនុស្សមិនអាចនិយាយថាគេមិនស្គាល់ព្រះទេ។ តាំងពីដើមកំណើតលោកីយ៍មក នោះមនុស្សអាចឃើញថាទ្រង់គឺដូចម្ដេចដោយអ្វីដែលទ្រង់បានបង្កើត។ នេះបង្ហាញតេជានុភាពដ៏អស់កល្បរបស់ទ្រង់។ នោះបង្ហាញថាទ្រង់ជាព្រះ»។ (រ៉ូម ១:២០, ព្រះគម្ពីរបរិសុទ្ធជីវិតថ្មី) មែនហើយ មានហេតុការណ៍អំពីពិភពលោករបស់យើង ហើយអំពីយើងផ្ទាល់ ដែលអាចជួយមនុស្សទទួលស្គាល់អ្នកបង្កើត ហើយរកឃើញនូវន័យខ្លឹមសារតាមរយៈទ្រង់។ សូមពិចារណាផ្នែកបីក្នុងនេះ៖ សកលលោកនៅជុំវិញយើង ប្រភពនៃជីវិត ហើយសមត្ថភាពសតិរបស់យើង។
មូលហេតុសំរាប់ឲ្យជឿ
១០. ហេតុអ្វីបានជា យើងគួរគិតពី«ទីចាប់ផ្ដើម»? (លោកុប្បត្តិ ១:១; ទំនុកដំកើង ១១១:១០)
១០ តើសកលលោករបស់យើងបានមកពីណា? ប្រហែលជាអ្នកដឹងដោយសារសេចក្ដីរាយការណ៍អំពីកែវយឹតនិងម៉ាស៊ីនស្ទង់ ដែលអ្នកវិទ្យាសាស្ត្រភាគច្រើនទទួលស្គាល់ថា សកលលោករបស់យើងនេះមិនតែងតែមាននោះទេ។ សកលលោកយើងមានទីចាប់ផ្ដើម ហើយកំពុងរីករាលដាល។ តើនេះមានន័យអ្វី? សូមស្ដាប់អ្វីដែលអ្នកតារាសាស្ត្រម្នាក់ឈ្មោះលោក បឺណាត ឡូវិល បាននិយាយ៖ «បើសិនជានៅគ្រាមួយនៅអតីតកាល សកលលោកសឹងតែមានភាពតូចនិងទំងន់ដែលគ្មានកំណត់ នោះយើងត្រូវតែសួរថា តើមានអ្វីនៅពីមុនមានសកលលោក . . . យើងត្រូវតែប្រឈមបញ្ហានៃទីចាប់ផ្ដើម»។
១១. (ក) តើសកលលោកគឺធំប៉ុនណា? (ខ) តើភាពទៀងទាត់ក្នុងសកលោកនោះនាំឲ្យមានការសន្និដ្ឋានអ្វី?
១១ សមាសភាពនៃសកលលោក រួមបញ្ចូលផែនដីរបស់យើងនេះ ទាំងនោះសម្ដែងកំណែទំរង់ដ៏អស្ចារ្យ។ ជាឧទាហរណ៍ លក្ខណៈពីរដ៏គួរកត់សម្គាល់នៃសុរិយារបស់យើង ហើយផ្កាយផ្សេងទៀត គឺប្រសិទ្ធិភាពដ៏យូរអង្វែងនិងស្ថេរភាព។ នៅសម័យនេះ ការប៉ាន់ប្រមាណនូវចំនួនតារាវលីក្នុងសកលលោកដ៏អាចត្រូវមើលឃើញនោះ មានពី៥.០០០កោដិ (៥០.០០០.០០០.០០០) រហូតដល់១២.៥០០កោដិ។ តារាវលីជើងភ្នាយយើងនេះ មានរាប់រយកោដិផ្កាយក្នុងនោះ។ ឥឡូវសូមពិចារណា៖ យើងដឹងថាម៉ាស៊ីនឡានត្រូវការជាចំនួនទៀងទាត់នូវប្រេងសាំងនិងខ្យល់។ បើសិនជាអ្នកមានឡានមួយ ប្រហែលជាអ្នកជួលជាងឡានដ៏ចំណានម្នាក់ឲ្យជួសជុលម៉ាស៊ីនឡាន ដើម្បីឲ្យឡានអ្នកនឹងដើរស្រួលជាង ហើយខ្លាំងជាង។ បើសិនជាការផ្ទៀងផ្ទាត់បែបនេះគឺសំខាន់ចំពោះអ្វីដ៏មិនស្មុគស្មាញដូចម៉ាស៊ីនឡានមួយ ចុះយ៉ាងណាវិញចំពោះប្រសិទ្ធិភាពនៃសុរិយារបស់យើងដែល«កំពុងតែឆេះ»នោះ? យ៉ាងច្បាស់ហើយ កម្លាំងសំខាន់ដែលមានចំណែកក្នុងនោះ គឺបានត្រូវជួសជុលឲ្យទៀងទាត់ដើម្បីគាំទ្រឲ្យមានជីវិតនៅលើផែនដីនេះ។ តើនេះកើតឡើងដោយចៃដន្យឬទេ? លោកយ៉ូបពីបុរាណកាលបានត្រូវសួរថា៖ «តើអ្នកបានប្រកាសច្បាប់ដែលកាន់កាប់អវកាស ឬក៏តាំងច្បាប់ធម្មជាតិនៅលើផែនដីឬទេ»? (យ៉ូប ៣៨:៣៣, ព្រះគម្ពីរភាសាអង់គ្លេសថ្មី) គ្មានមនុស្សណាម្នាក់ដែលបានធ្វើទេ។ ដូច្នេះ តើការផ្ទៀងផ្ទាត់នោះបានមកពីណា?—ទំនុកដំកើង ១៩:១
១២. ហេតុអ្វីបានជាសមហេតុសមផលដែលសន្និដ្ឋានថា មានសតិបញ្ញាដ៏ខ្លាំងក្លាមួយដែលបានធ្វើការបង្កើត?
១២ តើនោះប្រហែលជាអាចមកពីអ្វីមួយឬក៏បុគ្គលមួយ ដ៏មើលមិនឃើញដោយភ្នែកមនុស្សបានឬទេ? សូមពិចារណាសំនួរនេះក្នុងវិស័យនៃវិទ្យាសាស្ត្រសម័យនេះ។ អ្នកតារាសាស្ត្រភាគច្រើន ឥឡូវទទួលស្គាល់ថាមានតួអវកាសដ៏ខ្លាំងក្លា ហៅជារូងងងឹត។ រូងងងឹតទាំងនេះគឺមើលមិនឃើញទេ ក៏ប៉ុន្តែអ្នកជំនាញទាំងឡាយជឿជាក់ថា ពិតជាមាន។ ស្រដៀងគ្នានឹងនេះ ព្រះគម្ពីររាយការណ៍ថា ក្នុងស្ថានមួយទៀតមានបុគ្គលខ្លាំងក្លាដ៏មើលមិនឃើញដែរ ជាបុគ្គលវិញ្ញាណ។ បើសិនជាបុគ្គលដ៏ខ្លាំងក្លាបែបនេះពិតជាមាននៅ តើមិនមែនសមហេតុសមផលទេ ដែលភាពទៀងទាត់ដែលបានត្រូវសម្ដែងក្នុងសកលលោក នោះបានមកដោយសារសតិបញ្ញាដ៏ខ្លាំងក្លា?—នេហេមា ៩:៦
១៣, ១៤. (ក) តើវិទ្យាសាស្ត្របានស្ថាបនាអ្វីខ្លះអំពីប្រភពដើមនៃជីវិត? (ខ) តើជីវិតនៅលើផែនដីនេះ ចង្អុលឲ្យដឹងអ្វី?
១៣ ភស្តុតាងម្យ៉ាងទៀត ដែលអាចជួយមនុស្សទទួលស្គាល់អ្នកបង្កើត នោះទាក់ទងនឹងប្រភពនៃជីវិត។ តាំងពីសម័យដែលលោក លូអ៊ី ផាសទឺ បានធ្វើការពិសោធន៍នោះ ហេតុការណ៍ដែលថាជីវិតមិនអាចមកពីការគ្មាន ដោយការកើតមួយរំពេចនោះឡើយ។ ដូច្នេះ តើជីវិតបានមកពីណា? នៅទសវត្ស១៩៥០ ពួកអ្នកវិទ្យាសាស្ត្របានខិតខំបង្ហាញភស្តុតាងថា ជីវិតគឺអាចបានកើតមកបន្ដិចម្ដងៗ ក្នុងសមុទ្រនៅបុរាណកាល ពេលដែលបរិយាកាសនៃយុគដំបូងតែងតែត្រូវបាញ់ដោយរន្ទះ។ ក៏ប៉ុន្តែ ភស្តុតាងដ៏ទាន់សម័យជាងបង្ហាញថា ប្រភពនៃជីវិតនៅលើផែនដីមិនអាចមកពីនោះទេ ពីព្រោះបរិយាកាសបែបនោះមិនដែលមាននោះឡើយ។ ដូច្នេះ អ្នកវិទ្យាសាស្ត្រខ្លះកំពុងតែស្វែងរកការពន្យល់ដែលគ្មានកំហុសច្រើនអ៊ីចឹង។ ក៏ប៉ុន្តែ តើពួកគេកំពុងតែខានយល់ចំណុចសំខាន់ទេ?
១៤ ក្រោយអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសម្នាក់ឈ្មោះលោក ហ្វិដ ហូយិលបានចំណាយអស់ប៉ុន្មានទសវត្សដោយស្រាវជ្រាវសកលលោកហើយជីវិតក្នុងនោះ គាត់បានអធិប្បាយថា៖ «ជាជាងទទួលលទ្ធិភាពដ៏តិចមិនគួរឲ្យជឿ នៃការកើតមកនៃជីវិតពីកម្លាំងធម្មជាតិដែលគ្មានសតិនោះ គឺហាក់ដូចជាល្អជាងឲ្យសន្និដ្ឋានថា ប្រភពនៃជីវិតគឺជាសកម្មភាពដោយចេតនានៃសតិបញ្ញាមួយ»។ មែនហើយ ពេលយើងរៀនកាន់តែច្រើនអំពីភាពអស្ចារ្យនៃជីវិត នោះគឺសមហេតុសមផលជាងដែលសន្និដ្ឋានថា ជីវិតបានមកពីប្រភពដែលប្រកបដោយប្រាជ្ញា។—យ៉ូប ៣៣:៤; ទំនុកដំកើង ៨:៣, ៤; ៣៦:៩; កិច្ចការ ១៧:២៨
១៥. ហេតុអ្វីបានជាអាចនិយាយថា អ្នកគឺពិសេស?
១៥ ការវែកញែកទីមួយរបស់យើង គឺទាក់ទងជាមួយនឹងសកលលោក ហើយទីពីរគឺទាក់ទងនឹងប្រភពនៃជីវិតនៅលើផែនដី។ សូមគត់សម្គាល់នូវការវែកញែកទីបី គឺជាភាពពិសេសរបស់យើង។ ក្នុងលក្ខណៈជាច្រើន មនុស្សគឺពិសេស ដូច្នេះនេះមានន័យថា អ្នកក៏ពិសេសដែរ។ តើយ៉ាងដូចម្ដេច? អ្នកប្រហែលជាធ្លាប់ឮថា ខួរក្បាលបានត្រូវប្រៀបធៀបទៅនឹងកុំព្យូទ័រដ៏ខ្លាំងមួយ។ ក៏ប៉ុន្តែ តាមការពិត ការរកឃើញនៅពេលថ្មីៗនេះបង្ហាញថា ការប្រៀបធៀបនេះគឺមិនគ្រប់គ្រាន់ទេ។ អ្នកវិទ្យាសាស្ត្រម្នាក់នៅស្ថាប័នបច្ចេកទេសនៃរដ្ឋម៉ាស្សាឈូសេតប្រាប់ថា៖ «កុំព្យូទ័រទាំងប៉ុន្មានសព្វថ្ងៃនេះ គឺឆ្ងាយពីសមត្ថភាពនៃមនុស្សម្នាក់អាយុ៤ឆ្នាំក្នុងការមើលឃើញ និយាយ ចលនា ឬក៏ប្រើការវែកញែកធម្មតា។ . . . បានត្រូវគេប៉ាន់ប្រមាណថា សូម្បីតែសមត្ថភាពប្រើពត៌មាននៃកុំព្យូទ័រដ៏ខ្លាំងបំផុត នោះក៏មិនស្មើនឹងប្រព័ន្ធសរសៃប្រសាទរបស់ខ្យង។ នោះគ្រាន់តែជា មួយផ្នែកតូចនៃកម្លាំងសមត្ថភាពក្នុងខួរក្បាលរបស់អ្នក»។
១៦. ដែលអ្នកមានសមត្ថភាពខាងភាសា នោះចង្អុលឲ្យដឹងអ្វី?
១៦ ភាសាគឺជាសមត្ថភាពមួយដែលអ្នកមាន ដោយសារខួរក្បាលរបស់អ្នក។ មនុស្សខ្លះអាចនិយាយពីរបីភាសាឬក៏ច្រើនទៀត។ ក៏ប៉ុន្តែ សូម្បីតែសមត្ថភាពនិយាយភាសាតែមួយ នោះសម្គាល់យើងជាពិសេស។ (អេសាយ ៣៦:១១; កិច្ចការ ២១:៣៧-៤០) សាស្ដ្រាចារ្យលោក រ.ស. និង ដ.ហ. ហ្វោត្ស បានសួរថា៖ «តើមានតែមនុស្សលោក . . . ដែលមានសមត្ថភាពទាក់ទងតាមរយៈភាសាទេឬ? . . . សត្វថ្នាក់ខ្ពស់ប្រាកដជាទាក់ទងដោយ . . . កាយវិការ ក្លិន ការហៅ ការស្រែក និងបង្កូក ហើយសូម្បីតែចលនា។ ក៏ប៉ុន្តែ ក្រៅពីមនុស្ស តាមប្រមើលទៅ សត្វគ្មានពាក្យសម្ព័ន្ធទេ។ ហើយប្រហែលក៏ជាសំខាន់មែនដែលថា សត្វមិនអាចគូររូបតំណាងក្នុងគំនិតរបស់ពួកវាទេ យ៉ាងច្រើនបំផុតពួកវាអាចគូរខ្វៀកប៉ុណ្ណោះ»។ ពិតមែន មានតែមនុស្សទេដែលអាចប្រើខួរក្បាលរបស់គេ ដើម្បីនិយាយភាសាហើយគូររូបដ៏មានន័យ។—ប្រៀបមើល អេសាយ ៨:១; ៣០:៨; លូកា ១:៣
១៧. តើអ្វីជាការខុសគ្នាសំខាន់បំផុត រវាងការឆ្លុះមើលកញ្ចក់របស់មនុស្ស ហើយការឆ្លុះរបស់សត្វមួយ?
១៧ ម្យ៉ាងវិញទៀត អ្នកមានសតិសម្បជញ្ញៈ គឺអ្នកមានស្មារតី។ (សុភាសិត ១៤:១០) តើអ្នកធ្លាប់មើលចាប ឆ្កែ ឬក៏ឆ្មា ពេលវាឆ្លុះកញ្ចក់ហើយនឹងចាប់ផ្ដើមចឹក គ្រហឹមឬវាយឬទេ? វាគិតថាវាឃើញសត្វមួយទៀត ដោយព្រោះមិនទទួលស្គាល់ខ្លួនវា។ ផ្ទុយទៅវិញ ពេលអ្នកឆ្លុះកញ្ចក់ អ្នកដឹងថានោះជាអ្នក។ (យ៉ាកុប ១:២៣, ២៤) ប្រហែលជាអ្នកនឹងមើលអាការក្រៅរបស់អ្នកឬក៏ឆ្ងល់អំពីអាការរបស់អ្នកពីរបីឆ្នាំទៅមុខ។ សត្វមិនធ្វើអ៊ីចឹងទេ។ ត្រូវហើយ ខួរក្បាលរបស់អ្នកធ្វើឲ្យអ្នកពិសេស។ តើកិត្ដិយសនឹងធ្លាក់ទៅលើអ្នកណា? តើខួរក្បាលរបស់អ្នកមកពីណាបើសិនជាមិនបានមកពីព្រះ?
១៨. តើសមត្ថភាពសតិអ្វីខ្លះ ដែលធ្វើឲ្យអ្នកខុសគ្នាពីសត្វ?
១៨ ខួរក្បាលរបស់អ្នកក៏ឲ្យអ្នកអបអរនឹងសិល្បៈនិងភ្លេង ព្រមទាំងមានការគិតពីសីលធម៌។ (និក្ខមនំ ១៥:២០; ចៅហ្វាយ ១១:៣៤; ពង្សាវតារក្សត្រទី១ ៦:១, ២៩-៣៥; ម៉ាថាយ ១១:១៦, ១៧) ហេតុអ្វីអ្នកគឺអ៊ីចឹងហើយសត្វមិនអ៊ីចឹងទេ? ពួកវាប្រើខួរក្បាលវាច្រើនតែដើម្បីរក្សាសេចក្ដីត្រូវការភ្លាមៗរបស់វា ដូចជា ការប្រមូលចំណី ការរកឃើញគូ ឬក៏ការធ្វើសំបុក។ មានតែមនុស្សទេ ដែលគិតហួសពីបច្ចុប្បន្នកាល។ មនុស្សខ្លះក៏គិតអំពីរបៀបដែលការប្រព្រឹត្តរបស់គេ នឹងមានអានុភាពលើបរិយាកាសឬក៏កូនចៅរបស់គេយូរអង្វែងនៅអនាគត។ ហេតុអ្វីអ៊ីចឹង? សាស្ដា ៣:១១ និយាយអំពីមនុស្សថា៖ «ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ»។ មែនហើយ សមត្ថភាពរបស់អ្នកដើម្បីគិតអំពីវេលាអស់កល្បឬក៏នឹកគិតអំពីជីវិតជារៀងរហូត នោះគឺពិសេស។
ចូរឲ្យអ្នកបង្កើតបន្ថែមអត្ថន័យចំពោះជីវិតរបស់អ្នក
១៩. តើការវែកញែកដែលមានបីចំណុចអ្វី ដែលអ្នកអាចប្រើក្នុងការជួយអ្នកដទៃគិតអំពីអ្នកបង្កើត?
១៩ យើងបានរៀបរាប់ពីវិស័យបីតែប៉ុណ្ណោះ៖ នោះគឺភាពទៀងទាត់ដែលត្រូវសម្ដែងក្នុងសកលលោកដ៏ធំធេងនេះ ប្រភពនៃជីវិតនៅលើផែនដី ហើយភាពពិសេសដ៏បដិសេធមិនបាននៃខួរក្បាលរបស់មនុស្សលោក ទាំងសមត្ថភាពផ្សេងៗរបស់វា។ តើចំណុចទាំងបីនេះចង្អុលបញ្ជាក់អ្វី? នេះជារបៀបវែកញែកមួយ ដែលប្រហែលជាអ្នកអាចប្រើក្នុងការជួយអ្នកដទៃធ្វើការសន្និដ្ឋាន។ មុនដំបូងអ្នកអាចសួរថា៖ តើសកលលោកមានទីចាប់ផ្ដើមទេ? មនុស្សភាគច្រើននឹងយល់ព្រមថា មានមែន។ ក្រោយពីនោះសួរថា៖ តើទីចាប់ផ្ដើមនោះគ្មានដើមកំណើតទេឬ ឬក៏តើនោះមានដើមកំណើត? មនុស្សភាគច្រើនមានគំនិតថា ទីចាប់ផ្ដើមនៃសកលោកបានត្រូវមានដើមកំណើត។ នេះនាំទៅដល់សំនួរចុងបង្អស់៖ តើទីចាប់ផ្ដើមនោះត្រូវបង្កបង្កើតដោយអ្វីមួយដ៏អស់កល្ប ឬក៏បុគ្គលមួយដ៏អស់កល្ប? ដោយមានមូលហេតុដែលបានត្រូវជូនដូច្នេះតាមរបៀបច្បាស់និងសមហេតុសមផល នោះមនុស្សជាច្រើនអាចត្រូវនាំឲ្យសន្និដ្ឋានថា: ត្រូវតែមានអ្នកបង្កើត! ដូច្នោះ តើជីវិតមិនគួរមានន័យទេឬ?
២០, ២១. ហេតុអ្វីបានជាការស្គាល់អ្នកបង្កើតនោះ ជាអ្វីដ៏ចាំបាច់ចំពោះការមានន័យក្នុងជីវិត?
២០ ការរស់រវើករបស់យើង រួមបញ្ចូលគំនិតអំពីសីលធម៌របស់យើង ហើយសីលធម៌ នោះគួរទាក់ទងនឹងអ្នកបង្កើត។ លោក រ៉ឡូ មេ បានសរសេរម្ដងថា៖ «មានតែសម្ព័ន្ធសីលធម៌ដែលមានមូលដ្ឋានលើន័យដ៏ឧត្តមបំផុតនៃជីវិតនោះ ដែលជាគ្រប់គ្រាន់»។ តើនោះត្រូវរកឃើញនៅកន្លែងណា? គាត់បានបន្តថា៖ «រចនាសម្ព័ន្ធដ៏ឧត្តមបំផុតនោះ គឺជាភាពរបស់ព្រះ។ គោលការណ៍របស់ព្រះនោះ គឺជាគោលការណ៍ដែលជាមូលដ្ឋានសំរាប់ជីវិតពីដើមរហូតដល់ទីបញ្ចប់»។
២១ ដូច្នេះយើងអាចយល់យ៉ាងច្បាស់ ពីមូលហេតុអ្នកតែងទំនុកដំកើងបានបង្ហាញភាពរាបសា និងប្រាជ្ញាពេលគាត់បានអង្វរអ្នកបង្កើតថា៖ «ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់ សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ»។ (ទំនុកដំកើង ២៥:៤, ៥) ពេលដែលគាត់រៀនស្គាល់អ្នកបង្កើតច្រើនឡើង នោះជីវិតរបស់អ្នកតែងបទទំនុកដំកើង ប្រាកដជាបានមានន័យ គោលបំណង និងទិសដៅច្រើនទៀត។ នេះក៏អាចដូច្នេះដែរចំពោះយើងម្នាក់ៗ។—និក្ខមនំ ៣៣:១៣
២២. តើការស្គាល់ផ្លូវច្រករបស់អ្នកបង្កើតនោះ រួមបញ្ចូលអ្វី?
២២ ការស្គាល់អំពី«ផ្លូវច្រក»របស់អ្នកបង្កើត នោះរួមបញ្ចូលការស្គាល់ទ្រង់ច្បាស់ជាងបែបយ៉ាងណា ក្នុងបុគ្គលិកលក្ខណៈរបស់ទ្រង់ និងការប្រព្រឹត្តរបស់ទ្រង់។ ពីព្រោះអ្នកបង្កើតគឺមើលមិនឃើញហើយក៏មានតេជានុភាពដ៏ខ្លាំងលើសលប់ តើយ៉ាងដូចម្ដេចដែលយើងអាចស្គាល់ទ្រង់ច្បាស់បាន? អត្ថបទជាបន្ទាប់នឹងពិចារណាសំនួរនេះ។
[កំណត់សម្គាល់]
a ដោយអាងទៅលើបទពិសោធន៍ពីជំរំឃុំឃាំងមនុស្សនៃពួកណាត្ស៊ី នោះបណ្ឌិតម្នាក់ឈ្មោះ វិកទ័រ ហ្វ្រាងកិល បានទទួលស្គាល់ថា៖ «ការស្វះស្វែងរបស់មនុស្សលោកនូវន័យខ្លឹមសារ នោះគឺជាឥទ្ធិពលបឋមក្នុងជីវិតរបស់គេ ហើយមិនមែនជាការគិតគូរដ៏បន្ទាប់បន្សំនូវហេតុផលដោយការជំរុញពីសភាវគតិ»ដូចសត្វមាននោះទេ។ គាត់បាននិយាយបន្ថែមថា ប្រមាណពីរទសវត្សក្រោយពីសង្គ្រាមលោកលើកទីពីរ ការស្ទង់មតិនៅប្រទេសបារាំង«បានបង្ហាញថា ៨៩ភាគរយនៃមនុស្សដែលបានត្រូវគេស្ទង់មតិនោះ បានសារភាពថាមនុស្សលោកត្រូវការ‹អ្វីមួយ›ជាគោលបំណងនៃការរស់នៅ»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីបានជាយើងត្រូវធ្វើច្រើនជាងការគ្រាន់តែប្រមូលពត៌មានអំពីសកលលោករបស់យើង?
◻ ក្នុងការជួយអ្នកដទៃឲ្យគិតពីអ្នកបង្កើត តើអ្នកអាចចង្អុលបញ្ជាក់អ្វី?
◻ ហេតុអ្វីបានជាការស្គាល់អ្នកបង្កើត គឺជាចំណុចសំខាន់មួយ ក្នុងការមានន័យជីវិតដ៏ពេញចិត្ត?
[រូប/រូបភាពនៅទំព័រ២៥]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
តើអ្វីជាសេចក្ដីសន្និដ្ឋានរបស់អ្នក?
សកលលោករបស់យើង
↓ ↓
គ្មានទីចាប់ផ្ដើម មានទីចាប់ផ្ដើម
↓ ↓
គ្មានដើមកំណើត មានដើមកំណើត
↓ ↓
អ្វីមួយដ៏អស់កល្ប បុគ្គលមួយដ៏អស់កល្ប
[រូបភាពនៅទំព័រ២៣]
ភាពធំធេងនិងភាពទៀងទាត់ដែលត្រូវសម្ដែងក្នុងសកលលោក នោះបាននាំមនុស្សជាច្រើនឲ្យគិតពីអ្នកបង្កើត
[អ្នកផ្ដល់សិទ្ធិ]
Pages 15 and 18: Jeff Hester (Arizona State University) and NASA