តើអ្នកអបអរនឹងព្រះហឫទ័យអត់ធ្មត់របស់ព្រះយេហូវ៉ាឬទេ?
១ បើសិនជាព្រះយេហូវ៉ាមិនបានអត់ធ្មត់អស់រយៈពេល១០ឆ្នាំ ២០ឆ្នាំ ឬច្រើនឆ្នាំជាងនេះ ទាំងមិនអនុញ្ញាតឲ្យមានការផ្សាយពង្រីកឡើងអ៊ីចឹង តើអ្នកនឹងមានឱកាសរៀននូវសេចក្ដីពិតឬទេ? យើងពិតជាមានការដឹងគុណណាស់ ដែលទ្រង់បានអនុញ្ញាតឲ្យមានមនុស្សរឹតតែច្រើនទៀតបាន«ប្រែចិត្តវិញ»។ ក៏ប៉ុន្តែ ថ្ងៃដ៏ធំខាងសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ា «នោះនឹងមកដូចជាចោរប្លន់»។ (ពេត្រុសទី២ ៣:៩, ១០) ដូច្នេះហើយ ព្រះហឫទ័យអត់ធ្មត់របស់ព្រះមិនគួរត្រូវយល់ខុសថា ជាការបង្អង់ក្នុងការនាំមកនូវទីបញ្ចប់នៃរបបលោកីយ៍នេះទេ។—ហាបាគុក ២:៣
២ ចូរមានចិត្តអាណិតអាសូរចំពោះមនុស្ស: ការអត់ទ្រាំយ៉ាងយូររបស់ព្រះយេហូវ៉ា នោះហួសលើសពីសមត្ថភាពយល់ដឹងរបស់យើង។ យើងមិនត្រូវភ្លេចនូវគោលបំណងនៃការអត់ទ្រាំនោះទេ។ (យ៉ូណាស ៤:១-៤, ១១) ព្រះយេហូវ៉ាទ្រង់ទតឃើញនូវស្ថានភាពដ៏គួរឲ្យអាណិតនៃមនុស្សលោក ហើយទ្រង់មានព្រះហឫទ័យមេត្ដាករុណាចំពោះគេ។ ព្រះយេស៊ូក៏មានព្រះហឫទ័យអ៊ីចឹងដែរ។ ដោយទ្រង់មានព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សទាំងហ្វូងៗដែលទ្រង់បានផ្សព្វផ្សាយដល់នោះ ទ្រង់មានព្រះហឫទ័យចង់ឲ្យកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សរីកចំរើនឡើង ដើម្បីឲ្យមនុស្សច្រើនជាងអាចមានឱកាសទទួលបានជីវិតជារៀងរហូត។—ម៉ាថាយ ៩:៣៥-៣៨
៣ នៅពេលដែលមានសោកនាដកម្មនិងមហន្តរាយកើតមានឡើងនោះ យើងមានចិត្តអាណិតដល់មនុស្សដែលឥតស្គាល់នូវសេចក្ដីពិត មែនទេ? មនុស្សសព្វថ្ងៃនេះក៏ប្រៀបដូចនឹង«ចៀមដែលគ្មានអ្នកគង្វាល»ដែរ ពេលដែលគេខំទ្រាំទ្រហើយរកយល់ដឹងនូវមូលហេតុដែលមានភាពច្របូកច្របល់ក្នុងលោកីយ៍នេះ។ (ម៉ាកុស ៦:៣៤) ដោយផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែង នោះយើងសំរាលទុក្ខនូវអស់អ្នកដែលមានទំនោរចិត្តត្រឹមត្រូវ ហើយក៏បង្ហាញថាយើងអបអរនឹងព្រះហឫទ័យអត់ធ្មត់របស់ព្រះយេហូវ៉ា។—កិច្ចការ ១៣:៤៨
៤ កិច្ចការរបស់យើងជាការបន្ទាន់: ឆ្នាំមុនមាន៣២៣.៤៣៩នាក់បានទទួលបុណ្យជ្រមុជទឹក ហើយជាង១៤.០០០.០០០នាក់បានចូលរួមពិធីបុណ្យរំឭក។ មានលទ្ធភាពច្រើនមែនហ្ន៎! ឲ្យមនុស្សច្រើននាក់ទៀតរួចរស់ជីវិតពីការបំផ្លាញចោលនូវរបបអាក្រក់ជួជាតិនេះ! យើងមិនដឹងថា«មនុស្ស១ហ្វូងយ៉ាងធំ»នឹងទៅជាធំប៉ុនណា ទេ។ (វិវរណៈ ៧:៩) យើងក៏មិនដឹងដែរថា សេចក្ដីបញ្ជាឲ្យយើងផ្សព្វផ្សាយនឹងបន្តជាយូរប៉ុន្មានទៀត ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់ជ្រាបដឹង។ ដំណឹងល្អនឹងត្រូវផ្សព្វផ្សាយរហូតដល់ទ្រង់សព្វព្រះហឫទ័យ «នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៤
៥ ពេលវេលាគឺចង្អៀតណាស់ និងថ្ងៃរបស់ព្រះក៏កៀកណាស់ហើយដែរ។ (កូរិនថូសទី១ ៧:២៩ក; ហេព្រើរ ១០:៣៧) ជាប្រាកដណាស់ «សេចក្ដីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ»។ (រ៉ូម ១៣:១១) កុំឲ្យយើងខានយល់នូវគោលបំណងនៃព្រះហឫទ័យអត់ធ្មត់របស់ព្រះ។ ផ្ទុយទៅវិញ ចូរឲ្យយើងផ្សព្វផ្សាយយ៉ាងបន្ទាន់ដើម្បីឲ្យមនុស្សច្រើនទៀតដែលប្រាថ្នាចង់បានសេចក្ដីសុចរិត នោះអាចពិសោធបាននូវព្រះហឫទ័យអាណិតអាសូរដ៏ឧឡារិករបស់ព្រះយេហូវ៉ា។