មនុស្សមួយក្រុមដែលសប្បាយរីករាយជាងគេក្នុងពិភពលោកនេះ
១ «សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ!»។ (ទំនុក. ១៤៤:១៥) បន្ទូលនេះបញ្ជាក់ថា ស្មរបន្ទាល់ព្រះយេហូវ៉ាគឺជាមនុស្សដែលសប្បាយជាងគេក្នុងពិភពលោកនេះ។ គ្មានអ្វីដែលបណ្ដាលឲ្យមានអំណរច្រើនជាងការបំរើព្រះយេហូវ៉ា ជាព្រះដ៏ពិតនិងមានព្រះជន្មរស់នោះទេ។ ដោយព្រោះទ្រង់ជា«ព្រះដ៏សប្បាយ»នោះ អស់អ្នកដែលថ្វាយបង្គំទ្រង់ក៏សប្បាយរីករាយដូចទ្រង់ដែរ។ (១ធី. ១:១១, ព.ថ.) តើលក្ខណៈអ្វីនៃការថ្វាយបង្គំរបស់យើងដែលធ្វើឲ្យយើងសប្បាយរីករាយដូច្នេះ?
២ មូលហេតុដែលយើងសប្បាយរីករាយ: ព្រះយេស៊ូបានធានាថា យើងអាចទទួលសុភមង្គលពីការ«ទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ»។ (ម៉ាថ. ៥:៣, ព.ថ.) ការសិក្សាព្រះគម្ពីរ និងការមានវត្តមាននៅកិច្ចប្រជុំគ្រីស្ទាន នឹងបំពេញសេចក្ដីត្រូវការខាងវិញ្ញាណបាន។ សេចក្ដីពិតដែលយើងរៀនអាចរំដោះយើងឲ្យរួចផុតពីសេចក្ដីបង្រៀនដ៏មិនពិតនិងការប្រព្រឹត្តដ៏ខុសឆ្គង។ (យ៉ូន. ៨:៣២) បទគម្ពីរក៏បានបង្រៀនយើងអំពីរបៀបរស់នៅដ៏ល្អបំផុតផងដែរ។ (អេសា. ៤៨:១៧) ហេតុនេះហើយ យើងអាចរីករាយនឹងការសេពគប់ ការសំណេះសំណាលជាមួយបងប្អូនគ្រីស្ទានក្នុងភាតរភាពដ៏សប្បាយនេះ។—១ថែ. ២:១៩, ២០; ១ពេ. ២:១៧
៣ ការអនុវត្តតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះក៏នាំឲ្យយើងសប្បាយរីករាយដែរ ដ្បិតយើងដឹងថាការធ្វើដូច្នេះនឹងការពារយើង ថែមទាំងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យសប្បាយទៀតផង។ (សុ. ២៧:១១) អ្នកកាសែតមួយរូបបានកត់សម្គាល់ថា៖ «ទោះជាស្មរបន្ទាល់ព្រះយេហូវ៉ាមានខ្នាតតម្រាដ៏តឹងរ៉ឹងក៏ដោយនោះ យើងមិនដែលមើលឃើញថា ពួកគេគ្មានភាពសប្បាយរីករាយនោះឡើយ។ ផ្ទុយទៅវិញ ពួកយុវជននិងអ្នកចាស់វ័យមើលទៅដូចជាសប្បាយរីករាយខុសពីធម្មតា ថែមទាំងមានតុល្យភាពក្នុងការសប្បាយនោះផងដែរ»។ ដូច្នេះ តើយើងអាចជួយអ្នកផ្សេងទៀតឲ្យមានសុភមង្គលដូចយើងយ៉ាងដូចម្ដេចបាន?
៤ ជួយអ្នកដទៃឲ្យទទួលបានសុភមង្គល: ក្នុងពិភពលោកនេះពោរពេញទៅដោយមនុស្សដែលមិនមានចិត្តសប្បាយ។ ជាទូទៅមនុស្សមានទស្សនៈបែបទុទិដ្ឋិនិយមអំពីរឿងអនាគត។ ក៏ប៉ុន្តែ យើងមានទស្សនៈដ៏ប្រកបទៅដោយឧត្តមគតិដោយព្រោះយើងដឹងថា នៅថ្ងៃមួយការសោកសង្រេងនឹងលែងមានតទៅទៀតហើយ។ (វិវរ. ២១:៣, ៤) ដូច្នេះ យើងត្រូវចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយ និងខំស្វែងរកអ្នកចិត្តស្មោះដែលយើងអាចប្រាប់អំពីសេចក្ដីសង្ឃឹមរបស់យើងនិងជំនឿរបស់យើងចំពោះព្រះយេហូវ៉ា។—អេសេ. ៩:៤
៥ បងស្រីមួយរូបដែលជាអ្នកត្រួសត្រាយបានស្រដីថា៖ «គ្មានអ្វីដែលធ្វើឲ្យពេញចិត្តជាងការជួយអ្នកដទៃស្គាល់អំពីព្រះយេហូវ៉ានិងសេចក្ដីពិតនោះឡើយ»។ ចូរឲ្យយើងខំអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តអ្នកជាច្រើនទៀតឲ្យសិក្សាព្រះគម្ពីរ។ ការបំរើព្រះយេហូវ៉ានិងការព្យាយាមជួយអ្នកឯទៀតបំរើទ្រង់នោះ គឺជាប្រភពនៃសុភមង្គលដ៏ប្រសើរបំផុត។—កិច្ច. ២០:៣៥