សំបុត្រពីគណៈអភិបាល
ពេលយើងចាប់ផ្ដើមឆ្នាំដំបូងៗនៃសតវត្សទី២១នេះ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការសរសេរសំបុត្រមួយនេះជូនចំពោះពួកអ្នកជា«បងប្អូនរួមជំនឿ»ទូទាំងពិភពលោក ក៏សូមសរសើរបងប្អូនដោយសារកិច្ចការនឿយហត់របស់បងប្អូន។ (១ពេ. ២:១៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ជិត២.០០០ឆ្នាំមុននេះ ព្រះយេស៊ូបានមានបន្ទូលសួរថា៖ «កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្ដេច?»។ (លូ. ១៨:៨) ការខ្នះខ្នែងរបស់អ្នកក្នុងកំឡុងឆ្នាំកិច្ចបំរើកន្លងទៅនេះជួយផ្ដល់ចម្លើយចំពោះសំនួររបស់ព្រះយេស៊ូនោះដោយថា ពិតជាមានជំនឿមែន! អ្នកខ្លះៗបានត្រូវអ្នកដទៃដៀលនិងប្រមាថមើលងាយ ដោយសារជំនឿរបស់អ្នក។ នៅតំបន់ជាច្រើន បងប្អូនយើងនៅតែបន្តបំរើព្រះទោះជាមានសង្គ្រាម មហន្តរាយផ្សេងៗ ជម្ងឺឈឺថ្កាត់ ឬការអត់ឃ្លានជាដើម។ (លូ. ២១:១០, ១១) ដោយសារចិត្តខ្នះខ្នែងរបស់អ្នកក្នុងកិច្ចការដ៏សុចរិតនេះ ព្រះយេស៊ូនៅតែអាច‹រកឃើញជំនឿនៅផែនដី›នៅឡើយ។ ហេតុនេះហើយប្រាកដជាមានការអរសប្បាយនៅស្ថានសួគ៌!
យើងដឹងថា ការស៊ូទ្រាំមិនតែងតែងាយស្រួលទេ។ សូមគិតមើលអំពីទុក្ខលំបាករបស់បងប្អូនយើងនៅប្រទេសមួយនាអាស៊ីប៉ែកខាងលិច។ ប្រជាជាតិទាំងនោះនិយមប្រព្រឹត្តយ៉ាងឃោរឃៅមកលើស្មរបន្ទាល់ព្រះយេហូវ៉ា។ ពេលថ្មីៗនេះ ពួកនគរបាលជាតិបានកំចាត់កំចាយមនុស្សដែលមានប្រមាណ៧០០នាក់បានមកជួបជុំគ្នាធ្វើសន្និបាតដែលគ្រប់គ្នាបានអង្គុយយ៉ាងស្ងៀមស្ងាត់។ ពួកគេក៏បានបិទផ្លូវមិនឲ្យមនុស្សប្រមាណ១.៣០០នាក់ទៀតមកចូលរួមសន្និបាតនោះ។ មនុស្សមួយហ្វូងឥតសណ្ដាប់ធ្នាប់ដែលពាក់របាំងមុខ រួមមាននគរបាលជាតិខ្លះៗផងដែរ បានសម្រុកចូលកន្លែងសន្និបាតវាយពួកជំនុំជាច្រើននាក់ ថែមទាំងដុតកន្លែងសន្និបាតដែរ។ មានគ្រាផ្សេងៗទៀត អ្នកនិយមជ្រុលខាងសាសនានោះបានប្រើដំបងដែកគោលវាយបងប្អូនយើងយ៉ាងសាហាវយង់ឃ្នង។
ការពាធាបែបនេះគួរឲ្យរន្ធត់ណាស់ តែមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ។ ព្រះបានបណ្ដាលឲ្យសាវ័កប៉ុលសរសេរថា៖ «អស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។ (២ធី. ៣:១២) ពួកគ្រីស្ទាននៅសតវត្សទីមួយបានស៊ូទ្រាំនឹងការប្រមាថតិះដៀល ហើយបានរងការបៀតបៀនខាងរាងកាយ រហូតដល់អ្នកខ្លះត្រូវគេសម្លាប់ចោលផង។ (កិច្ច. ៥:៤០; ១២:២; ១៦:២២-២៤; ១៩:៩) គឺមានដូចនោះដែរនៅសតវត្សទី២០ ហើយយើងដឹងថានឹងមានដូច្នេះជាបន្តនៅសតវត្សទី២១យើងនេះផង។ យ៉ាងណាក្ដី ព្រះយេហូវ៉ាមានបន្ទូលប្រាប់យើងថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។ (អេសា. ៥៤:១៧) ការធានានេះអស្ចារ្យណាស់ហ្ន៎! ដ្បិតព្រះយេហូវ៉ារាប់អានយើងជាមនុស្សពិសេសដល់ម្ល៉េះបានជាទ្រង់មានបន្ទូលតាមរយៈព្យាការីទ្រង់ឈ្មោះសាការីថា៖ «អ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ»។ (សាក. ២:៨) បច្ចាមិត្តនៃពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ា នោះគ្មានលទ្ធភាពឈ្នះទាំងស្រុងបានឡើយ។ ការថ្វាយបង្គំបរិសុទ្ធនឹងមានជ័យជំនះវិញ!
ជាក់ស្តែងដូចក្នុងកំឡុងឆ្នាំកិច្ចបំរើ២០០១ ស្មរបន្ទាល់ព្រះយេហូវ៉ាអរសប្បាយណាស់នឹងចំនួនអ្នកផ្សាយឡើងដល់កំពូលពីរដង នៅប្រទេសដែលត្រូវរៀបរាប់ខាងលើនេះ។ មែនហើយ បងប្អូនយើងបានបន្តស៊ូទ្រាំនឹងការលំបាកនៅទីនោះ ទោះជាមានការពិបាក ដូចបងប្អូនទូទៅមានដែរក៏ដោយ។ ក្នុងកំឡុងពេលឆ្នាំកិច្ចបំរើកន្លងទៅនេះ ទូទាំងពិភពលោកមានប្រមាណ៥.០៦៦នាក់បានទទួលបុណ្យជ្រមុជទឹក ជាការសម្ដែងនូវការឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ ឥឡូវបងប្អូនថ្មីៗទាំងនេះប្ដេជ្ញាចិត្តជាមួយនឹងយើងដែរ ចង់«រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំចំពោះព្រះហឫទ័យនៃព្រះគ្រប់ជំពូក»។—កូល. ៤:១២, ព.ថ.
សូមពិចារណាមើលដែរ នូវអ្វីៗដែលបានកើតមានឡើងនៅប្រទេសក្រិចក្នុងពេលថ្មីៗនេះ។ ថ្វីបើមានការប្រឆាំងដ៏ខ្លាំងច្រើនឆ្នាំមកហើយពីសំណាក់ពួកសាសនាក្រិកអូធូដុក្សក៏ដោយ ឥឡូវនេះរដ្ឋាភិបាលនៅប្រទេសនោះចាត់ទុកពួកស្មរបន្ទាល់ព្រះយេហូវ៉ាជាសាសនាមួយដែលគេទទួលស្គាល់។ ឯកសារដែលសម្គាល់ពីស្មរបន្ទាល់ព្រះយេហូវ៉ាក៏ចែងដូច្នេះទៀតថា អាគារបេតអែលនៅប្រទេសក្រិចនោះជា«ទីកន្លែងដ៏ពិសិដ្ឋបរិសុទ្ធថ្វាយដល់ព្រះទុកជាកន្លែងថ្វាយបង្គំទ្រង់»។ យើងក៏រំភើបចិត្តប្រាប់បងប្អូនថា ក្នុងកំឡុងឆ្នាំកិច្ចបំរើកន្លងទៅនេះ តុលាការផ្សេងៗបានកាត់ក្ដីគាំទ្រខាងយើងស្តីពីការថ្វាយបង្គំរបស់យើងនៅប្រទេសកាណាដា ជប៉ុន ប៊ុលហ្គារី រុស្សី រ៉ូម៉ានី សហរដ្ឋអាមេរិក ហើយប្រទេសអាល្លឺម៉ង់ផងដែរ។ យើងអរព្រះគុណព្រះយេហូវ៉ាជាអនេកកប្បការ! ដោយទ្រង់ជួយរក្សាទុកឲ្យទ្វារនៅបើកចំហដើម្បីមានសកម្មភាពផ្សាយនៅប្រទេសទាំងប៉ុន្មាននោះ។
ពេលយើងពិចារណាមើលនូវរបៀបព្រះយេហូវ៉ាគាំទ្ររាស្ត្រទ្រង់នាពេលបច្ចុប្បន្នក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ នោះយើងដឹងខ្លួនថា យើងអាចមានទ្រង់ជាមិត្តសំឡាញ់ដ៏ឧត្តមរបស់យើង។ យើងត្រេកអរព្រោះយើងមានទំនាក់ទំនងនេះជាមួយនឹងទ្រង់ យើងក៏ដឹងថាទ្រង់ស្រឡាញ់យើង ទាំងបង្រៀនយើង និងតម្រង់ផ្លូវយើងផងដែរ។ ច្បាស់ជានឹងមានហេតុល្បួងយើងជាបន្តមែន តែជំនឿរឹងមាំទៅលើព្រះយេហូវ៉ានឹងទ្រទ្រង់យើងបាន។ យ៉ាកុបបានសរសេរថា៖ «បងប្អូនអើយ! កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន[«ការស៊ូទ្រាំ», ព.ថ.]»។ (យ៉ា. ១:២, ៣) ម្យ៉ាងទៀត ការស៊ូទ្រាំរបស់យើងតែងបញ្ជាក់ពីសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា ហើយនេះក៏នាំឲ្យយើងមានអំណរក្រៃលែងដែរ! បងប្អូនទាំងឡាយអើយ! សូមដឹងជាប្រាកដថា ព្រះយេហូវ៉ានឹងជួយគាំទ្រយើងម្នាក់ៗមែន។ បើយើងរក្សាជំហរស្មោះត្រង់នោះ ទ្រង់នឹងជួយយើងជាដាច់ខាតឲ្យចូលទៅក្នុងពិភពលោកថ្មី។ ទ្រង់ចង់ឲ្យយើងមានជោគជ័យ។
ហេតុនេះហើយបានជាយើងសូមដាស់តឿនបងប្អូនប្រុសស្រី ទាំងចាស់ទាំងក្មេងផង ចូររក្សាឲ្យជាប់ក្នុងចិត្តនូវពរដ៏អស្ចារ្យដែលមាននៅខាងមុខនេះ។ សូមឲ្យយើងមានចិត្តគំនិតដូចសាវ័កប៉ុលដែលបានសរសេរថា៖ «ខ្ញុំរាប់អស់ទាំងសេចក្ដីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្ដីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ»។ (រ៉ូម ៨:១៨) ចូរទីពឹងព្រះយេហូវ៉ាចុះ! ទោះជាអ្នកជួបប្រទះនឹងទុក្ខវេទនាណាក៏ដោយ។ ចូរស៊ូទ្រាំចុះ! កុំចុះចាញ់ឡើយ។ បើធ្វើដូច្នេះ អ្នកនឹងមិនស្ដាយក្រោយឡើយ។ ព្រះបន្ទូលរបស់ព្រះធានាថា៖ «មនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន»។—ហាបា. ២:៤
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា)