ចូរជួយមនុស្សឲ្យស្គាល់នូវសេចក្ដីពិតអំពីព្រះយេស៊ូ
១ ពួកគ្រីស្ទានចាក់ប្រេងតាំង ‹មានកិច្ចការដែលត្រូវធ្វើបន្ទាល់អំពីព្រះយេស៊ូ› ហើយពួកចៀមឯទៀតក៏ជាជំនួយរបស់ពួកគាត់ផងដែរ។ (វិវរ. ១២:១៧) នេះជាកិច្ចការសំខាន់ណាស់ ពីព្រោះមនុស្សអាចទទួលសេចក្ដីសង្គ្រោះតាមរយៈព្រះយេស៊ូតែមួយអង្គប៉ុណ្ណោះ។—យ៉ូន. ១៧:៣; កិច្ច. ៤:១២
២ «ជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត»: ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ (យ៉ូន. ១៤:៦) យើងអាចអធិស្ឋានទូលថ្វាយព្រះយេហូវ៉ា និងមានចំណងមេត្រីភាពជាមួយនឹងទ្រង់បាន តាមរយៈតែព្រះយេស៊ូប៉ុណ្ណោះ ដែលជា «ផ្លូវ»។ (យ៉ូន. ១៥:១៦) ព្រះយេស៊ូជា «សេចក្ដីពិត» ពីព្រោះបទទំនាយនិងគំរូក្នុងបទគម្ពីរភាសាហេព្រើរ នោះពិតជាបានសម្រេចមែនដោយសារតែព្រះយេស៊ូប៉ុណ្ណោះ។ (យ៉ូន. ១:១៧; កូល. ២:១៦, ១៧) យ៉ាងច្បាស់ណាស់ ទំនាយពិតតែងមានបំណងបំភ្លឺដោយបញ្ជាក់ពីមុខនាទីចំបងរបស់ព្រះយេស៊ូក្នុងការសម្រេចគោលបំណងរបស់ព្រះ ។ (វិវរ. ១៩:១០) ព្រះយេស៊ូក៏ជា «ជីវិត» ផងដែរ។ ដើម្បីទទួលអំណោយពរជាការរស់នៅជារៀងរហូតនោះ មនុស្សគ្រប់រូបត្រូវអនុវត្តជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។—យ៉ូន. ៣:១៦, ៣៦; ហេ. ២:៩
៣ ជាសិរសានិងជាស្តេចដែលកំពុងតែគ្រប់គ្រង: មនុស្សត្រូវទទួលស្គាល់អំណាចគ្រប់គ្រងដ៏ខ្លាំងក្លាដែលព្រះយេហូវ៉ាបានប្រគល់ដល់រាជបុត្រារបស់ទ្រង់។ ព្រះយេស៊ូបានត្រូវតែងតាំងឡើងជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះ ហើយ‹បណ្ដាជនទាំងឡាយគួរនឹងចុះចូលចំពោះទ្រង់›។ (លោ. ៤៩:១០) បន្ថែមទៅទៀត ព្រះយេហូវ៉ាបានតាំងព្រះយេស៊ូជាសិរសាលើពួកជំនុំផងដែរ។ (អេភ. ១:២២, ២៣) យើងត្រូវជួយសិស្សដែលរៀនព្រះគម្ពីរជាមួយនឹងយើងឲ្យយល់ដឹងអំពីរបៀបដែលព្រះយេស៊ូកំពុងតែដឹកនាំក្រុមជំនុំយើង ហើយបង្ហាញថា ទ្រង់ប្រើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដើម្បីផ្ដល់អាហារខាងវិញ្ញាណ«តាមត្រូវពេល»។—ម៉ាថ. ២៤:៤៥-៤៧
៤ សម្ដេចសង្ឃដែលមានព្រះទ័យមេត្ដាសន្ដោស: ដោយសារព្រះយេស៊ូធ្លាប់រងទុក្ខលំបាកនិងការល្បួងពេលដែលទ្រង់ជាមនុស្ស នោះទ្រង់«អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្ដីល្បួងបានដែរ»។ (ហេ. ២:១៧, ១៨) ការរៀនឲ្យដឹងថា ព្រះយេស៊ូចេះអាណិតអាសូរដល់មនុស្សជាតិដែលមានភាពខ្សោយ ហើយទ្រង់ក៏តែងតែអង្វរព្រះជំនួសយើងផង នេះពិតជាអ្វីដែលលើកទឹកចិត្តយើងណាស់ហ្ន៎! (រ៉ូម ៨:៣៤) ដើម្បីទទួល«ជំនួយតាមត្រូវពេល» យើងអាចទូលថ្វាយព្រះយេហូវ៉ា «ដោយសេរី» ដោយពឹងទៅលើយញ្ញបូជារបស់ព្រះយេស៊ូនិងកិច្ចបំរើរបស់ទ្រង់ជាសម្ដេចសង្ឃ។—ហេ. ៤:១៥, ១៦, ព.ថ.
៥ យើងសង្ឃឹមថាចិត្តរបស់មនុស្សឯទៀតនឹងជំរុញឲ្យខ្លួនគេស្ដាប់បង្គាប់ព្រះយេស៊ូ និងបំរើទ្រង់ជាមួយនឹងយើងដែរ ពីព្រោះយើងបានខំប្រឹងប្រែងជួយឲ្យគេស្គាល់នូវសេចក្ដីពិតអំពីព្រះយេស៊ូហើយ។—យ៉ូន. ១៤:១៥, ២១