សំនួរពីមិត្តអ្នកអាន
តើតាមរបៀបណាដែលពួក«ចៀមឯទៀត»ទទួលផលប្រយោជន៍នៅគ្រាឥឡូវនេះ ពីកិច្ចបំរើជាសម្ដេចសង្ឃរបស់ព្រះយេស៊ូគ្រីស្ទ ដែលបានរៀបរាប់មកនៅក្នុងហេព្រើរ ៤:១៥, ១៦នោះ?
ថ្វីបើមុខងារនៃព្រះយេស៊ូជាសម្ដេចសង្ឃ មានសារៈសំខាន់បំផុតចំពោះពួកអ្នកដែលនឹងនៅជាមួយទ្រង់ក្នុងស្ថានសួគ៌ក្ដី ពួកគ្រីស្ទានដែលសង្ឃឹមរស់នៅលើផែនដី ក៏បានទទួលផលប្រយោជន៍ពីកិច្ចបំរើជាសង្ឃនៃព្រះយេស៊ូក្នុងពេលឥឡូវនេះដែរ។
តាំងពីជំនាន់អ័ដាមរហូតមក មនុស្សលោកទាំងអស់បានរងបន្ទុកដោយសារអំពើបាប។ យើងរងទុក្ខពីភាពមិនល្អឥតខ្ចោះដែលបានទទួលមកពីកំណើត ដូចជាពួកអ៊ីស្រាអែលដែរ។ ពួកគេបានបែរទៅរកសម្ដេចសង្ឃនិងសង្ឃជាបន្តបន្ទាប់ ដែលបានថ្វាយយញ្ញបូជាសំរាប់បាបរបស់ខ្លួន ព្រមទាំងបាបរបស់ពួកបណ្ដាជនផង។ ក្រោយមក ព្រះយេស៊ូត្រូវបានចាក់ប្រេងតាំងជាសង្ឃ «តាមរបៀបលោកមិលគីស្សាដែក»។ ក្រោយពីបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញហើយ ព្រះយេស៊ូក៏បានគង់នៅចំពោះព្រះយេហូវ៉ា ដើម្បីនឹងថ្វាយតម្លៃយញ្ញបូជានៃទ្រង់ជាមនុស្សល្អឥតខ្ចោះ។—ទំនុកដំកើង ១១០:១, ៤
តើនេះមានន័យយ៉ាងដូចម្ដេចសំរាប់យើងនៅសព្វថ្ងៃនេះ? ក្នុងសំបុត្ររបស់លោកសំរាប់ពួកហេព្រើរ ប៉ុលបានពិគ្រោះអំពីកិច្ចបំរើរបស់ព្រះយេស៊ូជាសម្ដេចសង្ឃ។ ក្នុងហេព្រើរ ៥:១ យើងអានថា៖ «អស់ទាំងសំដេចសង្ឃដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ នឹងយញ្ញបូជា ដោយព្រោះបាប»។ បន្ទាប់មក ក្នុងខ៥និង៦ ប៉ុលបានបង្ហាញថា ព្រះយេស៊ូបានក្លាយទៅជាសម្ដេចសង្ឃ ដែលអាចនាំមកនូវផលប្រយោជន៍សំរាប់យើង។
ម្ដេចក៏យ៉ាងដូច្នេះ? ប៉ុលបានសរសេរថា៖ «ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្ដាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់»។ (ហេព្រើរ ៥:៨, ៩) ជាដំបូង ខនោះប្រហែលជាធ្វើឲ្យយើងគិតអំពីរបៀបដែលយើងនឹងអាចទទួលផលប្រយោជន៍នៅក្នុងពិភពលោកថ្មី កាលដែលសេចក្ដីបាបត្រូវបានដកចេញពីពួកស្មោះត្រង់ចំពោះព្រះនិងព្រះយេស៊ូ ហើយនឹងទទួលជីវិតអស់កល្បជានិច្ច។ នោះជាសេចក្ដីសង្ឃឹមត្រឹមត្រូវ សំអាងទៅលើតម្លៃលោះនៃយញ្ញបូជារបស់ព្រះយេស៊ូ និងកិច្ចបំរើរបស់ទ្រង់ជាសម្ដេចសង្ឃ។
ប៉ុន្តែតាមពិតទៅ យើងក៏អាចទទួលនូវផលប្រយោជន៍ក្នុងគ្រាឥឡូវនេះដែរ ពីមុខងារឬកិច្ចបំរើរបស់ទ្រង់ជាសម្ដេចសង្ឃ។ ចូរកត់សម្គាល់មើលនៅហេព្រើរ ៤:១៥, ១៦៖ «សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្ដា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ»។ តើពេលណាដែលជា«ពេលត្រូវការ»នោះ? គឺពេលដែលយើងត្រូវការសេចក្ដីមេត្ដា និងព្រះគុណ។ ដោយសារតែភាពមានខ្ចោះនោះ ពួកយើងទាំងអស់គ្នា គួរតែដឹងថាយើងត្រូវការក្នុងគ្រាឥឡូវនេះមែន។
ហេព្រើរ ៤:១៥, ១៦ បញ្ជាក់ឲ្យឃើញថាព្រះយេស៊ូ ដែលឥឡូវនេះជាសង្ឃក្នុងស្ថានសួគ៌ក្ដី ក៏ទ្រង់ធ្លាប់បានគង់នៅជាមនុស្ស ដូច្នេះទ្រង់អាចមានព្រះទ័យយោគយល់បាន។ តើយោគយល់ចំពោះអ្នកណា? គឺចំពោះយើង។ តើនៅពេលណា? គឺក្នុងគ្រាឥឡូវនេះ។ ពេលដែលទ្រង់គង់នៅជាមនុស្ស ព្រះយេស៊ូធ្លាប់បានពិសោធនឹងសេចក្ដីតានតឹងនិងសេចក្ដីបង្ខិតបង្ខំ ដែលមនុស្សមានជាទូទៅ។ នៅគ្រាខ្លះ ព្រះយេស៊ូទ្រង់បានស្រេកហើយឃ្លាន។ ហើយថ្វីបើទ្រង់ជាមនុស្សល្អឥតខ្ចោះក្ដី ទ្រង់ក៏បានអស់កម្លាំងដែរ។ នេះគួរតែធ្វើឲ្យយើងអាចទុកចិត្តបាន។ ហេតុអ្វី? ពីព្រោះព្រះយេស៊ូធ្លាប់បានពិសោធពីការខ្សោយអស់កម្លាំងធម្មតា ដូច្នេះទ្រង់ក៏ជ្រាបអំពីការពិសោធរបស់យើងដែរ។ ចូរនឹកមើលដែរអំពីព្រះយេស៊ូ ដែលទ្រង់ត្រូវបានទ្រាំប្រឈមនឹងពួកសាវ័កទ្រង់ប្រឈ្លោះឈ្នានីសនឹងគ្នា។ (ម៉ាកុស ៩:៣៣-៣៧; លូកា ២២:២៤) ពិតហើយ ទ្រង់បានអាក់អន់ព្រះទ័យមែន។ តើនេះមិនគួរធ្វើឲ្យយើងទុកចិត្តជឿទេឬ ដែលថាទ្រង់នឹងមានព្រះទ័យយោគយល់ចំពោះយើងដែរ នៅពេលដែលយើងបានត្រូវអាក់អន់ចិត្ត និងបាក់ទឹកចិត្តនោះ? គឺពិតមែនហើយ។
នៅពេលដែលអ្នកបានបាក់ទឹកចិត្ត តើអ្នកអាចធ្វើយ៉ាងដូចម្ដេចបាន? តើប៉ុលបានមានប្រសាសន៍ថា អ្នកត្រូវតែចាំលុះដល់សម្ដេចសង្ឃគឺព្រះយេស៊ូ ជួយអ្នកឲ្យបានល្អឥតខ្ចោះទាំងចិត្តទាំងកាយក្នុងពិភពលោកថ្មីឬ? មិនមែនទេ។ ប៉ុលមានប្រសាសន៍ថា៖ «យើងរាល់គ្នា . . . នឹងទទួលសេចក្ដីមេត្ដា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ» ហើយនេះគឺមានរួមគ្រាបច្ចុប្បន្ននេះដែរ។ ថែមទៅទៀត ពេលព្រះយេស៊ូគង់នៅជាមនុស្ស ទ្រង់បានពិសោធនឹងការឈឺចាប់និងទុក្ខលំបាកដោយ«បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ»។ ដូច្នេះ ពេលយើងជួបប្រទះនឹងការបែបនេះ ទ្រង់អាចជួយយើងបាន ដោយសំអាងទៅលើការដែលទ្រង់យល់អំពីអ្វីៗដែលយើងកំពុងតែជួបប្រទះ។ តើនេះនឹងមិនទាក់ទាញចិត្តអ្នកឲ្យចូលទៅជិតទ្រង់ទេឬ?
ឥឡូវចូរសម្គាល់មើលខ១៦។ ប៉ុលមានប្រសាសន៍ថាយើងរាល់គ្នា គឺទាំងពួកអ្នកបានត្រូវចាក់ប្រេងតាំងនិងពួកអ្នកក្នុងចំណោមចៀមឯទៀត អាចអធិស្ឋានទៅព្រះដោយសិទ្ធិសេរីភាព។ (យ៉ូហាន ១០:១៦) សាវ័កប៉ុលមិនបានមានន័យថា យើងអាចអធិស្ឋានថាអ្វីតាមតែចិត្ត ទាំងបញ្ចេញសំដីខឹងមួម៉ៅដ៏គ្មានទាក់ទង់នោះទេ។ តែផ្ទុយទៅវិញ ដោយសំអាងលើយញ្ញបូជារបស់ព្រះយេស៊ូនិងមុខងាររបស់ទ្រង់ជាសម្ដេចសង្ឃ នោះយើងអាចចូលទៅជិតព្រះបាន ថ្វីបើយើងជាមនុស្សមានបាបក្ដី។
របៀបម្យ៉ាងទៀតដែលយើងអាចទទួលផលប្រយោជន៍ពីកិច្ចបំរើនៃព្រះយេស៊ូគ្រីស្ទដែលជាសម្ដេចសង្ឃរបស់យើង នោះគឺទាក់ទងនឹងអំពើបាបឬការខុសឆ្គងរបស់យើង។ ជាប្រាកដ យើងនឹងមិនទន្ទឹងថានៅក្នុងរបបលោកីយ៍បច្ចុប្បន្ននេះ ព្រះយេស៊ូនឹងផ្ដល់ឲ្យយើងនូវផលប្រយោជន៍យ៉ាងពេញកំរិតនៃយញ្ញបូជានៃទ្រង់នោះឡើយ។ ទោះបីជាទ្រង់ផ្ដល់ឲ្យយើងពេញកំរិតក្ដី នោះក៏យើងនៅតែមិនបានជីវិតអស់កល្បជានិច្ចដែរ។ តើអ្នកនៅចាំទេអំពីរឿងដែលចែងទុកក្នុងលូកា ៥:១៨-២៦ អំពីបុរសស្លាប់ដៃស្លាប់ជើងម្នាក់ដែលគេសំរូតគ្រែរបស់គាត់ចុះទៅក្នុងផ្ទះតាមប្រហោងធំលើដំបូលនោះ? ព្រះយេស៊ូមានបន្ទូលប្រាប់គាត់ថា៖ «អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ»។ នោះមិនមែនមានន័យថាបាបជាក់លាក់ណាមួយ ដែលបណ្ដាលឲ្យគាត់ពិការស្លាប់ដៃស្លាប់ជើងនោះទេ។ នេះគឺត្រូវតែមានន័យថាអំពើបាបរបស់មនុស្សជាធម្មតា ហើយនេះក៏អាចមានទាក់ទងមួយកំរិតដែរនឹងភាពមានខ្ចោះពីកំណើតរបស់គាត់ ដែលបណ្ដាលឲ្យពិការនោះ។
ដោយសំអាងលើយញ្ញបូជាដែលទ្រង់នឹងផ្ដល់ ព្រះយេស៊ូអាចដកយកអំពើបាបរបស់បុរសនោះចេញ ដូចជាសត្វពពែសំរាប់បំបរបង់ទៅបានដកយកបាបសាសន៍អ៊ីស្រាអែលចេញនៅថ្ងៃធួននឹងបាបដែរ។ (លេវីវិន័យ ១៦:៧-១០) ប៉ុន្តែបុរសពិការនេះនៅតែជាមនុស្សម្នាក់។ គាត់នឹងប្រព្រឹត្តអំពើបាបទៀត ហើយក្រោយមកនឹងត្រូវស្លាប់ទៅ ដូចពួកអ្នកមានបាបដទៃទៀត។ (រ៉ូម ៥:១២; ៦:២៣) បន្ទូលត្រង់នេះរបស់ព្រះយេស៊ូមិនមែនបានសេចក្ដីថា បុរសនោះបានទទួលជីវិតអស់កល្បភ្លាមៗតែម្ដងនោះទេ។ តែបុរសនោះបានពរដោយបានទទួលនូវសេចក្ដីអត់ទោសមួយកំរិតនៅគ្រានោះ។
ឥឡូវចូរពិចារណាមើលនូវស្ថានភាពរបស់យើង។ ជាមនុស្សមិនល្អឥតខ្ចោះ យើងតែងតែធ្វើខុសរាល់តែថ្ងៃ។ (យ៉ាកុប ៣:២) តើយើងអាចធ្វើយ៉ាងដូចម្ដេចដែរ អំពីរឿងនេះ? យើងមានសម្ដេចសង្ឃដ៏មេត្ដាករុណាមួយអង្គក្នុងស្ថានសួគ៌ ហើយដោយសេចក្ដីអធិស្ឋាន យើងអាចចូលទៅជិតព្រះយេហូវ៉ាបានតាមរយៈសម្ដេចសង្ឃនេះ។ មែនហើយ ដូចជាប៉ុលបានសរសេរប្រាប់ យើងទាំងអស់គ្នាអាច«មកដល់បល្ល័ង្ក នៃព្រះគុណ[របស់ព្រះ]ដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្ដា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ»។ ដោយហេតុនេះហើយ យើងទាំងអស់គ្នាសព្វថ្ងៃនេះដែលនៅក្នុងចំណោមចៀមឯទៀត ប្រាកដជាបានទទួលផលប្រយោជន៍ដ៏ល្អអស្ចារ្យ គឺមានរួមទាំងមនសិការជ្រះថ្លា ពីកិច្ចបំរើជាសម្ដេចសង្ឃរបស់ព្រះគ្រីស្ទ។
គ្រីស្ទានទាំងអស់ដែលសង្ឃឹមអំពីជីវិតអស់កល្បជានិច្ចលើផែនដី អាចទន្ទឹងចាំទទួលផលប្រយោជន៍ដ៏រឹតតែល្អប្រសើរ ក្នុងពិភពលោកថ្មីដែលជិតមកដល់នេះ។ នៅគ្រានោះសម្ដេចសង្ឃក្នុងស្ថានសួគ៌របស់យើង ទ្រង់នឹងផ្ដល់ឲ្យយើងបានពេញគ្រប់សព្វនូវផលប្រយោជន៍នៃយញ្ញបូជារបស់ទ្រង់ ដើម្បីឲ្យយើងបានទទួលនូវសេចក្ដីអត់ទោសពេញកំរិតចំពោះអំពើបាបរបស់យើង។ ទ្រង់ក៏នឹងផ្ដល់ផលប្រយោជន៍ជាច្រើនថែមទៀត ដោយថែរក្សាសុខភាពខាងរូបកាយនិងខាងវិញ្ញាណរបស់មនុស្ស។ ហើយព្រះយេស៊ូទ្រង់នឹងចំរើនការអប់រំដល់រាស្ត្ររបស់ព្រះលើផែនដី ពីព្រោះការបង្រៀនច្បាប់វិន័យគឺជាភារៈដ៏សំខាន់មួយរបស់ពួកសង្ឃនៅអ៊ីស្រាអែល។ (លេវីវិន័យ ១០:៨-១១; ចោទិយកថា ២៤:៨; ៣៣:៨, ១០) ដូច្នេះ ថ្វីបើយើងទទួលផលប្រយោជន៍ពីកិច្ចបំរើជាសម្ដេចសង្ឃរបស់ព្រះយេស៊ូក្នុងគ្រាឥឡូវនេះក្ដី ក៏យើងនឹងទទួលផលប្រយោជន៍ច្រើនថែមទៀតនៅក្នុងអនាគតដែរ!