របៀបប្រើសៀវភៅស្តើងថ្មីឲ្យបានប្រយោជន៍ច្រើនបំផុត
១ នៅឯមហាសន្និបាតឆ្នាំមុន អ្នកច្បាស់ជាបានរីករាយក្នុងពេលទទួលសៀវភៅស្តើងថ្មីដែលមានចំណងជើងថារបៀបទទួលបានជីវិតដ៏គាប់ចិត្ត។ តើអ្នកបានអានសៀវភៅស្តើងនេះរួចហើយឬ? សៀវភៅស្តើងជីវិតដ៏គាប់ចិត្តមិនប្រើពាក្យ «ព្រះគម្ពីរ» ទេទាល់តែជិតចប់មេរៀនទី២។ តាមវិធីនេះមនុស្សអាចមានឱកាសឃើញនូវប្រសិទ្ធភាពនៃ‹ពាក្យដែលប្រកបដោយប្រាជ្ញា›ដែលមានក្នុងព្រះគម្ពីរ ដោយមិនប្រកាន់សាសនាឡើយ។
២ ពាក្យផ្ដើមនៃមេរៀនទី១និងទី២មានប្រយោជន៍ពិសេសក្នុងការចាប់ផ្ដើមនូវការសន្ទនា។ បើអ្នកអានពាក្យផ្ដើមនៅទំព័រទី២ជូនម្ចាស់ផ្ទះស្ដាប់ នេះអាចធ្វើឲ្យគាត់ចាប់អារម្មណ៍ចង់អានសៀវភៅស្តើងនេះតទៅទៀត។ អ្នកប្រហែលជាអាចនិយាយដូចតទៅនេះថា: «យើងទាំងអស់គ្នាចង់បានជីវិតដ៏គាប់ចិត្តនេះសំរាប់ខ្លួនយើងផង និងក្រុមគ្រួសារយើងផងដែរ។ ក្នុងសៀវភៅស្តើងនេះ មានការស្ទង់មតិមួយដែលបានជួយខ្ញុំយល់ឃើញថាជីវិតជាក់ស្តែងសព្វថ្ងៃនេះគឺយ៉ាងណា។ (ឲ្យសៀវភៅស្តើងដល់ម្ចាស់ផ្ទះនិងអានវគ្គទីមួយក្នុងពាក្យផ្ដើម)។ គួរឲ្យស្ដាយណាស់ដែលមនុស្សជាច្រើនដែលចង់បានជីវិតដ៏គាប់ចិត្តនេះ ប៉ុន្តែមិនទាន់មាននៅឡើយ មែនទេ? សៀវភៅស្តើងនេះបានត្រូវរៀបចំដើម្បីជួយធ្វើឲ្យជីវិតយើងទៅជាជីវិតដ៏គាប់ចិត្ត។ (សូមម្ចាស់ផ្ទះបើកមើលទំព័រទី៣)។ មេរៀនទី១ពិភាក្សាអំពីកត្ដាផ្សេងៗដែលធ្វើឲ្យយើងពិបាកទទួលបានជីវិតដ៏គាប់ចិត្ត។ ខ្ញុំសូមមកជួបអ្នកម្ដងទៀតហើយជួយពន្យល់មេរៀននេះ បានទេ? (រៀបចំពេលនិងថ្ងៃជាក់លាក់)»។
៣ អ្នកក៏អាចប្រើមេរៀនទី១ដើម្បីចាប់ផ្ដើមការសន្ទនាដែរ។ យើងអាចនិយាយថា: «មនុស្សជាច្រើនក្នុងរបបប៉ុល ពត បានបាត់បង់ទ្រព្យសម្បត្ដិខ្លួនអស់រលីង។ ដូច្នេះ បើយើងពឹងពាក់លុយនិងទ្រព្យសម្បត្ដិហួសហេតុពេកក្នុងពិភពលោកនេះដែលគ្មានស្ថិរភាពនោះ យើងនឹងខកចិត្តយ៉ាងខ្លាំងពេលដែលបាត់បង់ទ្រព្យសម្បត្ដិរបស់យើង»។ បទពិសោធន៍នេះបានធ្វើឲ្យខ្ញុំរិះគិតពិចារណា។ (ចូរអានវគ្គទី៣ក្នុងមេរៀនទី១) ការគិតថ្លឹងថ្លែងសារជាថ្មីអំពីរបៀបរស់នៅរបស់យើងគឺមិនស្រួលទេ។ មេរៀនទី២ក្នុងសៀវភៅស្តើងនេះជូនយោបល់ល្អៗដែលមនុស្សជាច្រើនបានពិសោធន៍ឃើញថាមានប្រយោជន៍ពិតមែន។ (បើកទៅមេរៀនទី២និងឲ្យសៀវភៅស្តើងដល់ម្ចាស់ផ្ទះ)។ វគ្គ៦មានសុភាសិតខ្លះៗដែលជួយក្នុងការចាត់ចែងលុយកាក់។ ខ្ញុំសប្បាយចិត្តត្រឡប់មកវិញដើម្បីយើងអាចពិភាក្សាអំពីមេរៀននេះ»។
៤ មេរៀនទី២ក្នុងសៀវភៅស្តើងនេះមានលក្ខណៈពិសេសមួយ គឺផ្នែកនេះមាន ‹ពាក្យដែលប្រកបដោយប្រាជ្ញា› ជិត៤០ខដែលនឹងជួយធ្វើឲ្យជីវិតយើងឥឡូវនេះទៅជាជីវិតដ៏គាប់ចិត្តបើយើងយកមកអនុវត្តតាម។ វគ្គបញ្ចប់នៃមេរៀននេះ ប្រាប់ថាពាក្យដែលប្រកបដោយប្រាជ្ញាទាំងអស់នេះមានក្នុងព្រះគម្ពីរ។ ពត៌មាននេះអាចត្រូវយកមកប្រើពេលបង្ហាញសៀវភៅស្តើងនេះជាលើកដំបូង ឬមួយក៏ពេលត្រឡប់ទៅជួប។ ក្នុងនោះមានគោលការណ៍ព្រះគម្ពីរបីឬបួន ឬក៏ច្រើនជាងសំរាប់ប្រធាននិមួយៗ។ ដោយបង្ហាញគោលការណ៍ព្រះគម្ពីរមួយចំនួនសំរាប់ប្រធានតែមួយ យើងអាចជួយឲ្យអ្នកដែលមានប្រវត្ដិនិងវ័យខុសៗគ្នាជឿថា ព្រះគម្ពីរមានដំបូន្មានដ៏ល្អ។ អ្នកក៏អាចប្រើរូបភាពនិងអក្សរដែលពន្យល់រូបភាពនោះ ដើម្បីបញ្ជាក់ដោយមានប្រសិទ្ធភាពនូវគោលការណ៍ព្រះគម្ពីរក្នុងផ្នែកនិមួយៗដែរ។
៥ អ្នកអាចចាប់ផ្ដើមការសន្ទនាដូចតទៅនេះ: «ខ្ញុំយល់ថាអ្នកខិតខំព្យាយាមរកស៊ីដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់អ្នក។ ពេលយើងព្យាយាមអស់ពីសមត្ថភាព យើងសង្ឃឹមថាយើងនឹងបានអ្វីផ្សេងៗដូចបំណង។ ខ្ញុំជឿថា ក្រុមគ្រួសារត្រូវការគោលការណ៍ល្អៗដើម្បីការពារមិនឲ្យអនុលោមទៅតាមសង្គមមនុស្សនៅជុំវិញយើងដែលអាក្រក់ទៅៗ។ សុភាសិតនេះបានជួយខ្ញុំច្រើនណាស់។ (បង្ហាញគោលការណ៍ព្រះគម្ពីរមួយក្នុងវគ្គទី២។ ពាក្យផ្សព្វផ្សាយនេះអាចត្រូវប្រើសំរាប់ប្រធានផ្សេងទៀតដែរ)»។
៦ នេះគ្រាន់តែជាយោបល់ប៉ុណ្ណោះ។ យើងសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យស្វែងរកពាក្យផ្សព្វផ្សាយណាដែលសមនឹងតំបន់ផ្សាយរបស់អ្នកនិងមនុស្សដែលអ្នកជួបតាមតំបន់។ ចូរចាប់ផ្ដើមការសន្ទនាដោយប្រើមេរៀនណាដែលមានប្រយោជន៍បំផុតក្នុងការធ្វើឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍។
ចូរប្រើសៀវភៅជីវិតដ៏គាប់ចិត្តដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ
៧ មេរៀនទី២នៃសៀវភៅស្តើងថ្មីអាចជួយបានច្រើនក្នុងការចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ ដោយសារសៀវភៅនេះមានពត៌មានដែលមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ យើងអាចមានការពិភាក្សាដែលធ្វើឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍បាន។ ជាជាងផ្ដល់ពត៌មានជាច្រើននៅលើកដំបូងដែលយើងជួបម្ចាស់ផ្ទះ ចូរប្រមូលអារម្មណ៍ទៅលើប្រធានតែមួយសិន។ ចូរឆ្លៀតពេលដើម្បីវែកញែកជាមួយម្ចាស់ផ្ទះអំពីមូលហេតុដែលគោលការណ៍ទាំងនោះមានប្រយោជន៍។ តើការស្គាល់ឬមិនស្គាល់គោលការណ៍ទាំងនេះនឹងមានឥទ្ធិពលដូចម្ដេចទៅលើជីវិតរបស់មនុស្ស? តើមនុស្សអាចអនុវត្តតាមពាក្យប្រកបទៅដោយប្រាជ្ញាទាំងនេះយ៉ាងដូចម្ដេច? ចូរពិចារណាចំណុចជាក់លាក់ដែលសមស្របទៅតាមកាលៈទេសៈរបស់ម្ចាស់ផ្ទះ។
៨ បើអ្នកត្រឡប់ទៅជួបម្ចាស់ផ្ទះក្នុងរយៈពេលយ៉ាងខ្លី ដោយប្រើមេរៀនទីពីរនៃសៀវភៅស្តើងថ្មីនេះ អ្នកអាចចាប់ផ្ដើមការសិក្សាព្រះគម្ពីរបាន។ ចូរស្វែងយល់ពីទស្សនៈរបស់ម្ចាស់ផ្ទះចំពោះចំណុចទាំងប៉ុន្មានដែលអ្នកប្រាប់គាត់។ ចូរឲ្យគាត់ប្រាប់ទស្សនៈរបស់ខ្លួនដោយសេរីដោយមិនខំកែគំនិតគាត់ឡើយ។ បន្ដិចម្ដងៗ ចូរបណ្ដុះឲ្យគាត់យល់ក្នុងចិត្តថា គោលការណ៍ដែលអ្នកបានពន្យល់មានតម្លៃ។ ពេលគាត់ជឿជាក់ទៅលើប្រយោជន៍នៃគោលការណ៍ទាំងនេះ សូមពន្យល់គាត់ថាគោលការណ៍ទាំងនេះមកពីព្រះគម្ពីរ ដោយយោងទៅតាមវគ្គ១៥និង១៦។
៩ ក្រោយម្ចាស់ផ្ទះយល់តម្លៃនៃដំបូន្មានដ៏ល្អប្រសើរក្នុងព្រះគម្ពីរ អ្នកអាចបន្តពិភាក្សាអំពីមេរៀនទី៣ ដែលពន្យល់ការពិតថាព្រះគម្ពីរបានត្រូវបណ្ដាលឲ្យសរសេរដោយព្រះ។ ជួយម្ចាស់ផ្ទះឲ្យយល់ឃើញថា ព្រះគម្ពីរត្រូវនិពន្ធដោយបុគ្គលដែលខ្លាំងជាងមនុស្សជាតិឆ្ងាយណាស់។ រួចមកក្នុងមេរៀនទី៤ អ្នកអាចបញ្ជាក់អត្តសញ្ញាណនៃអ្នកនិពន្ធនោះ។
១០ ក្រោយអ្នកបានសិក្សាចប់មេរៀនទីមួយដល់បួន ម្ចាស់ផ្ទះទំនងជានឹងជឿជាក់ទៅលើអត្ថភាពនៃអ្នកបង្កើត ឬក៏យ៉ាងហោចណាស់គាត់នឹងទទួលស្គាល់ថា គឺជាការសមហេតុសមផលដែលជឿថាមានអ្នកបង្កើត។ នេះនឹងក្លាយជាមូលដ្ឋានសំខាន់សំរាប់ការពិភាក្សាមេរៀនសល់ទាំងប៉ុន្មានទៀតក្នុងសៀវភៅស្តើងនេះ និងសំរាប់ពេលដូរទៅសិក្សាសៀវភៅចំណេះក្រោយមក។ ចូរគិតអំពីសាសនារបស់ម្ចាស់ផ្ទះដែរ។ ខំស្វែងយល់សមត្ថភាពយល់ដឹងរបស់គាត់ បង្រៀនគាត់សមស្របតាមសមត្ថភាពនោះ ហើយម្ដងៗផ្អាកដើម្បីរៀនសាឡើងវិញ។
១១ ពេលសិក្សាមេរៀនទី៥ ជួយម្ចាស់ផ្ទះស្គាល់បុគ្គលិកលក្ខណៈរបស់ព្រះហើយរបៀបដែលអាចចូលទៅជិតទ្រង់។ ដោយជួយម្ចាស់ផ្ទះយល់ឃើញរបៀបគោលការណ៍ព្រះគម្ពីរបានធ្វើឲ្យជីវិតគាត់ប្រសើរជាងរួចទៅហើយ នេះអាចធ្វើឲ្យគាត់មានកតញ្ញូតាធម៌ច្រើនជាង។ មេរៀនទី៦ពន្យល់ពីមូលហេតុដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ និងពន្យល់ថាគូស្វាមីភរិយាដំបូងមានលទ្ធភាពមានជីវិតដ៏គាប់ចិត្តនិងរស់ជារៀងរហូត។ មេរៀនទី៧បង្ហាញរបៀបដែលបាបនិងសេចក្ដីស្លាប់បានចូលមកក្នុងលោកីយ៍។ ធម្មតា ដោយព្រោះជនជាតិខ្មែរមិនយល់ថាយើងបានទទួលបាបជាមរតកនោះ គឺជាការសំខាន់ដែលយើងជួយសិស្សព្រះគម្ពីរយល់ថាយើងទាំងអស់គ្នាមានបាប។ ពេលអ្នកសិក្សាមេរៀនទី៨ ចូរបណ្ដុះឲ្យសិស្សមានកតញ្ញូធម៌ចំពោះយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ។ សៀវភៅស្តើងនេះពន្យល់ពីយញ្ញបូជាលោះតាមវិធីដ៏ស្រួលយល់។ នៅចុងបញ្ចប់ មេរៀនទី៩លើកឡើងដោយពន្យល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលព្រះគម្ពីរផ្ដល់ចំពោះមនុស្សជាតិ។ ជាជាងបង្អែបង្អង់ពិភាក្សាអំពីចំណុចល្អិតល្អន់ ចូរបញ្ជាក់របៀបមនុស្សជាតិបាត់បង់លទ្ធភាពមានជីវិតដ៏គាប់ចិត្ត ហើយប្រាប់របៀបដែលព្រះយេហូវ៉ាបានផ្ដល់វិធីឲ្យយើងបានជីវិតបែបនោះមកវិញ។ នេះនឹងជួយម្ចាស់ផ្ទះយល់យ៉ាងសង្ខេបអំពីសេចក្ដីបង្រៀនគ្រីស្ទាន ហើយនិងជាមូលដ្ឋានដ៏ល្អមួយសំរាប់ការសិក្សាពត៌មានល្អិតល្អន់អំពីលទ្ធិសាសនាក្នុងសៀវភៅចំណេះនៅក្រោយមក។
១២ អ្នកអាចជួយម្ចាស់ផ្ទះយល់សេចក្ដីបង្រៀនឲ្យបានល្អជាង ដោយប្រើរូបភាពនិងឧទាហរណ៍ដែលមានក្នុងសៀវភៅស្តើង។ ជាឧទាហរណ៍ ពេលសិក្សាលោកុប្បត្តិជំពូកទី៣ អ្នកអាចប្រើរូបភាពនៅទំព័រ២៣និង២៤ ដើម្បីជួយគាត់ឃើញទិដ្ឋភាពនៃលទ្ធផលពីការសម្រេចចិត្តរបស់អ័ដាមនិងអេវ៉ា ហើយថានេះជាដើមហេតុនៃបញ្ហារបស់យើងសព្វថ្ងៃនេះ។ រួចមក អ្នកអាចប្រើរូបភាពនៅទំព័រ២៥ដើម្បីពន្យល់ពីរបៀបមនុស្សជាតិបានក្លាយជាអ្នកបំរើដែលរងទុក្ខក្រោមការគ្រប់គ្រងនៃបាបនិងសេចក្ដីស្លាប់។ ភាពផ្ទុយស្រឡះគ្នារវាងលទ្ធភាពប្រសើរឧត្តមដែលអ័ដាមនិងអេវ៉ាធ្លាប់មាននិងជីវិតលំបាកលំបិនដែលមកពីការសម្រេចខុសរបស់ពួកគេ នឹងជួយម្ចាស់ផ្ទះយល់ថា ឧបសគ្គធំបំផុតចំពោះការមានជីវិតដ៏គាប់ចិត្ត គឺជាបាបនិងសេចក្ដីស្លាប់។ វិធីដោះស្រាយតែមួយគត់គឺជាការមានទំនាក់ទំនងដ៏ល្អជាមួយព្រះ តាមរយៈយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ។
១៣ ទីមួយ ចូរអានឲ្យស្គាល់សៀវភៅស្តើងនេះខ្លួនឯងសិន។ រួចមក ចូរពិចារណាសាសនារបស់ម្ចាស់ផ្ទះនិងចំណាប់អារម្មណ៍របស់គាត់ និងសម្រេចចិត្តអំពីវិធីបង្រៀនដែលមានប្រសិទ្ធភាពខ្ពស់បំផុត។ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានផ្គត់ផ្គង់ឧបករណ៍ដ៏ប្រសើរមួយសំរាប់ការបង្រៀនមនុស្សក្នុងតំបន់ផ្សាយរបស់យើង។ (ម៉ាថាយ ២៤:៤៥-៤៧) បើយើងខ្នះខ្នែងប្រើសៀវភៅស្តើងនេះដើម្បីបង្កើនប្រសិទ្ធភាពរបស់យើងក្នុងការបង្រៀន នោះយើងពិតជានឹងជួយមនុស្សចូលទៅជិតព្រះយេហូវ៉ានិងរកឃើញ«ជីវិតដ៏គាប់ចិត្ត»យ៉ាងពិត។—កាឡាទី ៦:៩