កិច្ចការដែលតម្រូវឲ្យមានចិត្តរាបទាប
១ បន្ទូលរបស់ព្រះដាស់តឿនយើងឲ្យមានចិត្ត«សុភាព ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ . . . គឺត្រូវឲ្យពរវិញ»។ (១ពេ. ៣:៨, ៩) ឱវាទនេះប្រាកដជាទាក់ទងនឹងកិច្ចការផ្សព្វផ្សាយដំណឹងល្អ។ ប្រាកដហើយ កិច្ចបំរើផ្សាយគឺអាចសាកល្បងចិត្តរាបទាបរបស់យើង។
២ ចិត្តរាបទាបគឺជាគុណសម្បត្ដិមួយដែលជួយយើងឲ្យស៊ូទ្រាំនឹងស្ថានការណ៍មិនល្អ។ ពេលយើងផ្សព្វផ្សាយដំណឹងល្អ យើងទៅជួបមនុស្សចម្លែកដែលគេមិនបានអញ្ជើញយើងឲ្យមកនោះទេ ហើយយើងដឹងថាមនុស្សខ្លះនឹងប្រព្រឹត្តតបមិនល្អឡើយ។ ដើម្បីបន្តផ្សព្វផ្សាយទោះជាមានគេប្រព្រឹត្តដូច្នេះមកលើយើងក៏ដោយ នេះតម្រូវឲ្យយើងមានចិត្តរាបទាប។ នៅក្នុងតំបន់ផ្សាយមួយដែលមនុស្សមិនសូវយកចិត្តទុកដាក់ស្ដាប់ បងស្រីពីរនាក់ដែលជាអ្នកត្រួសត្រាយបានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជារៀងរាល់ថ្ងៃអស់រយៈពេលពីរឆ្នាំ ដោយគ្មានអ្នកណាម្នាក់បើកទ្វារទេ! ប៉ុន្តែ ពួកគេបានខំព្យាយាម ហើយសព្វថ្ងៃនេះ មានក្រុមជំនុំពីរនៅកន្លែងនោះ។
៣ របៀបប្រឈមមុខនឹងការប្រព្រឹត្តមិនគួរសម: ចិត្តរាបទាបនឹងជួយយើងឲ្យយកតម្រាប់តាមព្រះយេស៊ូ ពេលអ្នកដទៃប្រព្រឹត្តមិនល្អ ឬក៏គ្មានការគួរសមដាក់យើង។ (១ពេ. ២:២១-២៣) នៅផ្ទះមួយ បងស្រីម្នាក់ត្រូវបានគេជេរប្រមាថ មុនដំបូងដោយប្រពន្ធហើយបន្ទាប់មកដោយប្ដី ដែលបញ្ជាឲ្យបងស្រីនោះចេញពីបរិវេណផ្ទះរបស់គេ។ បងស្រីនោះគ្រាន់តែញញឹម ហើយបានពោលថា គាត់សង្ឃឹមនឹងបាននិយាយជាមួយគេនៅថ្ងៃក្រោយ។ គូស្វាមីភរិយានេះស្ងើចចិត្តណាស់ រហូតដល់ធ្វើឲ្យពួកគេសុខចិត្តស្ដាប់ស្មរបន្ទាល់ម្នាក់ទៀតដែលបានមកផ្សព្វផ្សាយ និងសុខចិត្តទទួលសេចក្ដីអញ្ជើញដោយទៅប្រជុំនៅឯសាលប្រជុំ។ បងស្រីម្នាក់ដែលត្រូវពួកគាត់បដិសេធមិនចង់ស្ដាប់លើកដំបូង ក៏មកជំរាបសួរគូស្វាមីភរិយានេះ និងធ្វើបន្ទាល់ថែមទៀត។ យើងក៏អាចបន្ទន់ចិត្តរបស់អ្នកដែលមិនចង់ស្ដាប់ ដោយសម្ដែងនូវ «[ចិត្ត]សុភាពហើយកោតខ្លាច»។—១ពេ. ៣:១៥; សុ. ២៥:១៥
៤ ចូរជៀសវាងភាពក្រអឺតក្រអោង: ចំណេះដឹងរបស់យើងអំពីព្រះគម្ពីរ មិននាំឲ្យយើងមានហេតុមើលងាយ ឬក៏និយាយមើលងាយគេនោះទេ។ (យ៉ូន. ៧:៤៩) ផ្ទុយទៅវិញ បន្ទូលរបស់ព្រះប្រាប់យើងឲ្យប្រយ័ត្ន«មិនត្រូវនិយាយអាក្រក់ពីអ្នកណា»ឡើយ។ (ទីត. ៣:២) ដូចព្រះយេស៊ូដែរ ពេលយើងមានចិត្តសុភាព នោះយើងចំរើនកម្លាំងចិត្តរបស់អ្នកដទៃវិញ។ (ម៉ាថ. ១១:២៨, ២៩) ការប្រព្រឹត្តដោយចិត្តរាបទាបក៏ទាក់ទាញឲ្យគេចង់ស្ដាប់សាររបស់យើងផងដែរ។
៥ ត្រូវហើយ ចិត្តរាបទាបនឹងជួយយើងឲ្យស៊ូទ្រាំក្នុងតំបន់ផ្សាយដែលមនុស្សមិនសូវយកចិត្តទុកដាក់ស្ដាប់។ នេះអាចបន្ទន់ចិត្តរបស់អ្នកដែលមិនចង់ស្ដាប់ និងក៏ទាក់ទាញចិត្តអ្នកដទៃឲ្យស្ដាប់សារព្រះរាជាណាចក្រវិញ។ អ្វីដែលសំខាន់បំផុត ចិត្តរាបទាបផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដែល«ទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន[«មនុស្សរាបទាប, ព.ថ.»]វិញ»។—១ពេ. ៥:៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ