ការសិក្សាសៀវភៅស្តើងចូរចាំយាមចុះ!
ក្រុមជំនុំទូទាំងផែនដីនឹងសិក្សាសៀវភៅស្តើងចូរចាំយាមចុះ!នៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៥ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៥នៅឯការសិក្សាសៀវភៅតាមក្រុមជំនុំ។ សូមប្រើសំនួរខាងក្រោមនេះដើម្បីរៀបចំនិងដឹកនាំប្រជុំតាមក្រុម។ ក្នុងកំឡុងការសិក្សា សូមអានវគ្គនីមួយៗ ហើយអានបទគម្ពីរនីមួយៗបើមានពេល។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែឧសភា
◼ ទំព័រ៣-៤: តើបញ្ហាណាមួយដែលត្រូវរៀបរាប់នៅទំព័រទាំងនេះធ្លាប់ជះឥទ្ធិពលលើជីវិតអ្នក? តើអ្វីបង្ហាញថាព្រឹត្ដិការណ៍ទាំងនេះមិនគ្រាន់តែកើតឡើងម្ដងម្កាលនៅកន្លែងមួយប៉ុណ្ណោះ?
◼ ទំព័រ៥: ហេតុអ្វីអ្នកជឿជាក់ថាព្រះពិតជាចាប់អារម្មណ៍នឹងសុខទុក្ខរបស់យើង? តើអ្វីបង្ហាញឲ្យដឹងថាយើងចាប់អារម្មណ៍ប៉ុនណានឹងព្រះហើយអ្វីដែលទ្រង់កំពុងតែធ្វើនោះ?
◼ ទំព័រ៦-៨: តើម៉ាថាយ ២៤:១-៨, ១៤ ចែងយ៉ាងណាអំពីអត្ថន័យនៃព្រឹត្ដិការណ៍ពិភពលោកនៅបច្ចុប្បន្នកាលនេះ? ដូចត្រូវរៀបរាប់នៅធីម៉ូថេទី២ ៣:១-៥ តើយើងកំពុងតែរស់នៅគ្រាណា? តើនេះជាជាន់ក្រោយបង្អស់នៃអ្វី? ហេតុអ្វីអ្នកជឿជាក់ថាព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះ? តើព្រះរាជាណាចក្រដែលយើងផ្សព្វផ្សាយនោះជាអ្វី?
◼ ទំព័រ៩-១០: ហេតុអ្វីយើងគួររិះគិតពិចារណាអំពីការសម្រេចចិត្តដែលយើងធ្វើរាល់ថ្ងៃហើយអ្វីដែលយើងចាត់ទុកជាអាទិភាពក្នុងជីវិត? (រ៉ូម ២:៦; កា. ៦:៧) ពេលដែលអ្នកពិចារណាសំនួរនៅទំព័រ១០ តើអ្នកនឹកឃើញបទគម្ពីរអ្វីខ្លះដែលគួរមានអានុភាពលើអ្វីដែលអ្នកធ្វើ?
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែឧសភា
◼ ទំព័រ១១: ហេតុអ្វីយើងគួរសួរខ្លួនឯងនូវសំនួរដែលមាននៅទំព័រនេះ? (១កូ. ១០:១២; អេភ. ៦:១០-១៨) តើចម្លើយរបស់យើងចំពោះសំនួរទាំងនេះបង្ហាញឲ្យដឹងអ្វីខ្លះអំពីទស្សនៈរបស់យើងចំពោះឱវាទរបស់ព្រះយេស៊ូនៅម៉ាថាយ ២៤:៤៤?
◼ ទំព័រ១២-១៤: តើ‹គ្រាជំនុំជំរះ›ដែលរៀបរាប់នៅវិវរណៈ ១៤:៦, ៧ សំដៅលើអ្វី? តើការ«កោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់»មានន័យអ្វី? តើបាប៊ីឡូនដ៏ធំជាអ្វី? តើអ្វីនឹងកើតឡើងដល់វា? តើយើងត្រូវប្រព្រឹត្តយ៉ាងណាចំពោះបាប៊ីឡូនដ៏ធំ? តើគ្រាជំនុំជំរះដែលបានត្រូវទាយទុកជាមុននោះរួមបញ្ចូលអ្វីទៀត? ដោយសារយើងមិនដឹង«ថ្ងៃណាឬពេលណា»ដែលព្រះនឹងសម្រេចការជំនុំជំរះតាមទំនាយនោះ តើនេះមានឥទ្ធិពលយ៉ាងណាមកលើយើង? (ម៉ាថ. ២៥:១៣)
◼ ទំព័រ១៥: តើរឿងអំពីអធិបតីភាពជាអ្វី? តើរឿងនេះទាក់ទងនឹងរូបអ្នកយ៉ាងដូចម្ដេច?
◼ ទំព័រ១៦-១៩: តើ«ផ្ទៃមេឃថ្មី»និង«ផែនដីថ្មី»ជាអ្វី? (២ពេ. ៣:១៣) តើអ្នកណាសន្យាអ្វីៗទាំងនេះ? តើផ្ទៃមេឃថ្មីនិងផែនដីថ្មីនឹងកែប្រែអ្វីខ្លះលើផែនដី? តើយើងម្នាក់ៗនឹងទទួលប្រយោជន៍ពីការកែប្រែនោះទេ?
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមិថុនា
◼ ទំព័រ២០-២១: នៅសតវត្សរ៍ទីមួយ តើព្រះយេស៊ូបានព្រមានអ្នកកាន់តាមទ្រង់យ៉ាងដូចម្ដេចខ្លះស្តីអំពីការរត់? (លូ. ២១:២០, ២១) តើពួកគេអាចរត់នៅពេលណា? ហេតុអ្វីជាការសំខាន់ដែលពួកគេរត់ភ្លាមៗដោយមិនបង្អែបង្អង់? (ម៉ាថ. ២៤:១៦-១៨, ២១) ហេតុអ្វីបានជាមនុស្សជាច្រើនធ្វើព្រងើយកន្តើយចំពោះការព្រមាន? តើមនុស្សរាប់ពាន់នាក់នៅប្រទេសចិននិងប្រទេសភីលីពីនបានទទួលប្រយោជន៍យ៉ាងណាដោយសារពួកគេស្ដាប់ការព្រមានដែលគួរឲ្យទុកចិត្តនោះ? ហេតុអ្វីការស្ដាប់តាមការព្រមានក្នុងព្រះគម្ពីរនៅឥឡូវនេះស្តីពីទីបញ្ចប់នៃលោកីយ៍គឺសំខាន់ជាងមុនៗទៅទៀត? ដោយសារពេលគឺបន្ទាន់ណាស់ហើយ តើយើងមានភារកិច្ចអ្វី? (សុ. ២៤:១១, ១២)
◼ ទំព័រ២២-២៣: នៅប្រទេសអូស្ដ្រាលីឆ្នាំ១៩៧៤ ហើយនៅប្រទេសកូឡុំប៊ីឆ្នាំ១៩៨៥ ហេតុអ្វីមនុស្សជាច្រើនមិនអើពើនឹងការព្រមានអំពីមហន្តរាយនោះ? តើមានលទ្ធផលយ៉ាងណា? ឧបមាថាអ្នកបាននៅទីនោះវិញ តើអ្នកគិតថាអ្នកនឹងប្រព្រឹត្តយ៉ាងណា? ហេតុអ្វី? តើអ្វីអាចបង្ហាញឲ្យដឹងថាយើងនឹងធ្វើតាមឬមិនធ្វើតាមការព្រមានបើយើងរស់នៅសម័យណូអេនោះ? នៅសម័យបុរាណហេតុអ្វីមនុស្សចង់រស់នៅក្នុងក្រុងសូដុំមឬនៅជិតទីនោះ? តើយើងអាចទទួលប្រយោជន៍ណាខ្លះពីការរិះគិតអំពីអ្វីដែលបានកើតឡើងនៅទីក្រុងសូដុំម?
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែមិថុនា
◼ ទំព័រ២៤-២៧: ប្រើ«សំនួរត្រិះរិះ»នៅទំព័រ២៧។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែមិថុនា
◼ ទំព័រ២៨-៣១: ប្រើ«សំនួរត្រិះរិះ»នៅទំព័រ៣១។
ការពិចារណាសៀវភៅស្តើងនេះនឹងជួយឲ្យយើង«ចាំយាម»ហើយប្រុងប្រៀបជាស្រេច។ សូមឲ្យកិច្ចផ្សព្វផ្សាយរបស់យើងបង្ហាញថា ពេលគឺបន្ទាន់ដូចពេលដែលទេវតាប្រកាសថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ! ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ»។—ម៉ាថ. ២៤:៤២, ៤៤; វិវរ. ១៤:៧