បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៦ ទំ. ៣-៤
  • សំបុត្រពីគណៈអភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំបុត្រពីគណៈអភិបាល
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៣/០៦ ទំ. ៣-៤

សំបុត្រ​ពី​គណៈ​អភិបាល

​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ នឹង​សេចក្ដី​សុខសាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង ហើយ​អំពី​ព្រះ​អម្ចាស់​យេស៊ូ​វ​គ្រីស្ទ​»។ ប៉ុល​ប្រើ​ពាក្យ​ទាំង​នេះ​ច្រើន​ដង​ក្នុង​សំបុត្រ​ដែល​គាត់​ផ្ញើ​ជូន​ក្រុមជំនុំ​ទាំង​ឡាយ។ ពាក្យ​ទាំង​នេះ​បញ្ជាក់​អំពី​អ្វី​ដែល​យើង​ចង់​បាន​ចំពោះ​បងប្អូន។—អេភ. ១:២

យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​គុណ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ​មែន! តាម​រយៈ​តម្លៃ​លោះ យើង​អាច​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​បាន។ យើង​មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​បាន​ទេ បើ​ពឹង​លើ​សមត្ថភាព​របស់​ខ្លួន ទោះ​ជា​យើង​ខំ​ប្រឹង​សិក្សា​ព្រះ​គម្ពីរ ផ្សព្វផ្សាយ​ដំណឹង​ល្អ​ឬ​ធ្វើ​ការ​ល្អ​ផ្សេង​ទៀត​ក៏​ដោយ។ ទោះ​ជា​មនុស្ស​មិន​គួរ​ទទួល​ក៏​ដោយ ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះ​គុណ​ឬ​ព្រះទ័យ​សប្បុរស​ដល់​យើង​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។ ទ្រង់​ធ្វើ​ដូច្នេះ​ដោយ​អត់​ទោស​បាប​ឲ្យ​យើង និង​ឲ្យ​សង្ឃឹម​រស់​ជា​រៀង​រហូត ទុក​ជា​អំណោយ​ទាន មិន​មែន​ជា​ឈ្នួល​សម្រាប់​ការ​ដែល​យើង​ប្រព្រឹត្ត​ទេ។—រ៉ូម ១១:៦

ប៉ុល​បាន​សរសេរ​ឲ្យ​បងប្អូន​រួម​ជំនឿ​ថា​៖ ​«​យើង​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ។ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា‹នៅ​វេលា​ដែល​គាប់​ចិត្ត​ដល់​អញ នោះ​អញ​បាន​ស្ដាប់​ឯង ហើយ​ក្នុង​ថ្ងៃ​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង› មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ​ហឫទ័យ​ទ្រង់ មើល! ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ​»។ មុន​សេចក្ដី​ហិនវិនាស​នៃ​ទី​ក្រុង​យេរូសាឡិម​នៅ​សតវត្សរ៍​ទី​មួយ គឺ​មាន​«​វេលា​ដែល​គាប់​ចិត្ត​»។ មនុស្ស​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ខាង​វិញ្ញាណ។ ជាយថាហេតុ អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បាន​រត់​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម មុន​សេចក្ដី​ហិនវិនាស​នៅ​ឆ្នាំ​៧០ គ.ស.។ ពួក​គេ​បាន​ទទួល​សេចក្ដី​សង្គ្រោះ។—២កូ. ៦:១, ២

សព្វ​ថ្ងៃ​នេះ យើង​ក៏​កំពុង​តែ​រស់​នៅ​«​វេលា​ដែល​គាប់​ចិត្ត​»​ ហើយ​«​ថ្ងៃ​សង្គ្រោះ​»​ផង​ដែរ។ ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​អស់​អ្នក​បម្រើ​ទ្រង់ ដែល​កំពុង​តែ​ទទួល​សេចក្ដី​សង្គ្រោះ​ខាង​វិញ្ញាណ។ ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ជីវិត​នៅ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។—សេផា. ១:១៤

ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​យេហូវ៉ា​ដែល​ជិត​ដល់​ហើយ នាំ​ឲ្យ​យើង​មាន​ភារកិច្ច​ធ្ងន់ធ្ងរ​មែន។ យើង​ក៏​ត្រូវ​ព្រមាន​មនុស្ស​ពី​ថ្ងៃ​ដ៏​ធំ​នោះ ថែម​ទាំង​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះ​គុណ​របស់​ព្រះ​យេហូវ៉ា។ ប៉ុល​បាន​យល់​យ៉ាង​ច្បាស់​ថា​នេះ​ជា​ភារកិច្ច​ធ្ងន់ធ្ងរ​មែន​ទែន។ គាត់​បាន​សរសេរ​ថា​៖ ​«​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ!​»។ គាត់​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​តាម​ពាក្យ​ទាំង​នេះ​ថា​៖ ​«​ខ្ញុំ​មាន​សេចក្ដី​ជំពាក់ . . . ទាំង​អ្នកប្រាជ្ញ នឹង​អ្នក​ខ្លៅ​ផង ដូច្នេះ ឯ​ខ្ញុំ​ៗ​ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​»។—១កូ. ៩:១៦; រ៉ូម ១:១៤, ១៥

យើង​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា ប្រសិន​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ដ៏​សំខាន់​នេះ គឺ​ការ​ព្រមាន​មនុស្ស។ យើង​ដឹង​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​ព្យាការី​អេសេគាល​ថា​៖ ​«​កូន​មនុស្ស​អើយ! អញ​បាន​តាំង​ឯង​ឲ្យ​ជា​អ្នក​យាម ដល់​ពូជ​ពង្ស​អ៊ីស្រាអែល ដូច្នេះ ត្រូវ​ឲ្យ​ឯង​ស្ដាប់​ពាក្យ​ពី​មាត់​អញ រួច​ទៅ​ប្រាម​ប្រាប់​គេ​ឲ្យ​អញ​ផង។ កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា​៖ ‹ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត› នោះ​បើ​ឯង​មិន​ទៅ​ប្រាប់​គេ ឬ​ប្រាម​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះបង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត យ៉ាង​នោះ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​អញ​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​ឯង​វិញ​»។—អេសេ. ៣:​១៧, ១៨

ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ជា​គ្រា​ដ៏​ពិបាក​ណាស់។ ការ​រក្សា​តុល្យភាព​រវាង​រឿង​ទាក់ទង​នឹង​ក្រុម​គ្រួសារ ភារកិច្ច​នៅ​កន្លែង​ធ្វើ​ការ ភារកិច្ច​ក្នុង​ក្រុមជំនុំ និង​កិច្ច​ផ្សព្វផ្សាយ​មិន​សូវ​ស្រួល​ប៉ុន្មាន​ទេ។ ម្យ៉ាង​វិញ​ទៀត បងប្អូន​ជា​ច្រើន​អាច​ធ្លាក់​ខ្លួន​ឈឺ បាក់​ទឹក​ចិត្ត មាន​បញ្ហា​ដោយ​ព្រោះ​ភាព​ចាស់​ជរា ហើយ​ជួបប្រទះ​ការ​ប្រឆាំង​ផង​ដែរ។ បងប្អូន​ភាគ​ច្រើន​មាន​«​ផ្ទុក​ធ្ងន់​»​រួច​ហើយ។ យើង​អាណិត​បងប្អូន​ណាស់ ហើយ​សូម​មាន​ប្រសាសន៍​ដូច​ព្រះ​យេស៊ូ​ដែល​មាន​បន្ទូល​ថា​៖ ​«​អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​»។ (​ម៉ាថ. ១១:២៨​) យើង​ចង់​សរសើរ​ដោយ​អស់​ពី​ចិត្ត ដល់​បងប្អូន​ដែល​ខំ​ប្រឹង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ស្មោះ​ភក្ដី​ទោះបី​មាន​ការ​ពិបាក​ធំ​ឬ​តូច​ក្ដី។

ជា​មធ្យម ទូទាំង​ពិភពលោក​ជា​រៀង​រាល់​សប្ដាហ៍ មាន​ចំនួន​៤​.​៧៦២​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នេះ​ជា​លទ្ធផល​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​របស់​បងប្អូន​យ៉ាង​ខ្នះខ្នែង។ ក្នុង​កំលុង​ឆ្នាំ​កិច្ច​បម្រើ​កន្លង​ទៅ មាន​១​.​៣៧៥​ក្រុមជំនុំ​ថ្មី។ យើង​សង្ឃឹម​និង​អធិស្ឋាន សូម​ឲ្យ​សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​៖ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​មាន​ជាង​១២០​ភាសា​រួច​ហើយ នឹង​ជួយ​មនុស្ស​រាប់​លាន​នាក់​ទទួល​ប្រយោជន៍​ពី​ព្រះ​គុណ​និង​ភាព​សុខសាន្ត​ដែល​មក​ពី​ព្រះ​យេហូវ៉ា​នា​«​ថ្ងៃ​សង្គ្រោះ​»​នេះ។

សូម​មាន​ទំនុក​ចិត្ត​ថា គណៈ​អភិបាល​ស្រឡាញ់​បងប្អូន​និង​អធិស្ឋាន​ជូន​បងប្អូន។ យើង​ក៏​អរគុណ​បងប្អូន​ដែល​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ប្រយោជន៍​ឲ្យ​យើង​ដែរ។

ពី​បងប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក