បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៦ ជំ. ២ ទំ. ៣-៥
  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • តួ​នាទី​របស់​ព្រះ​គ្រីស្ទ
  • តើ​ការ​ទទួល​ស្គាល់​តួ​នាទី​របស់​ទ្រង់​ រួម​បញ្ចូល​អ្វី​ខ្លះ?
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៧/០៦ ជំ. ២ ទំ. ៣-៥

ជំពូក​ទី២

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

ចូរ​ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ

​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ អ្វី​ៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​«​ជា​ការ​ល្អ​ប្រពៃ​»។ (​លោ. ១:១, ៣១​) ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ជាតិ​ឲ្យ​មាន​អនាគត​ដ៏​អស្ចារ្យ។ ក៏​ប៉ុន្តែ សុភមង្គល​របស់​មនុស្ស​ជាតិ​បាន​ត្រូវ​បង្អាក់​ជា​បណ្ដោះ​អាសន្ន ដោយសារ​មាន​ការ​ប្រឆាំង​នឹង​ទ្រង់​នៅ​សួន​អេដែន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បាន​ផ្លាស់ប្ដូរ​គោល​បំណង​របស់​ទ្រង់​សម្រាប់​ផែនដី​និង​មនុស្ស​ជាតិ​ទេ។ សូម្បី​តែ​ពេល​ទ្រង់​មាន​បន្ទូល​កាត់​ទោស​អ្នក​ដែល​បាន​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់គ្រង​របស់​ទ្រង់​នោះ បន្ទូល​របស់​ទ្រង់​ក៏​បាន​បញ្ជាក់​ថា កូន​ចៅ​របស់​អ័ដាម​ដែល​ស្ដាប់​បង្គាប់ នឹង​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន។ ការ​ថ្វាយ​បង្គំ​ពិត​នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ ហើយ​ព្រះ​នឹង​បំផ្លាញ​មេ​កំណាច​និង​ការ​របស់​វា​ចេញ។ (​លោ. ៣:១៥​) នៅ​ពេល​នោះ អ្វី​ទាំង​អស់​នឹង​មាន​លក្ខណៈ​«​ល្អ​ប្រពៃ​»​ឡើង​វិញ។ ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​នេះ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់។ (​១យ៉ូន. ៣:៨​) ហេតុ​នេះ​ហើយ គឺ​ជា​ការ​ចាំបាច់​ដែល​យើង​ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ។—កិច្ច. ៤:១២; ភី. ២:៩, ១១

តួ​នាទី​របស់​ព្រះ​គ្រីស្ទ

នៅ​ពេល​យើង​គិត​អំពី​តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ យើង​ត្រូវ​យល់​ថា តួ​នាទី​របស់​ទ្រង់​រួម​បញ្ចូល​មុខ​ងារ​ផ្សេង​ៗ។ ព្រះ​យេស៊ូ​ជា​អ្នក​លោះ​មនុស្ស​ជាតិ ជា​សម្ដេច​សង្ឃ ជា​សិរសា​ឬ​អ្នក​នាំ​មុខ​ក្រុមជំនុំ និង​ឥឡូវ​នេះ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ការ​រំពឹង​គិត​អំពី​តួ​នាទី​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​អបអរ​ថែម​ទៀត​ចំពោះ​របៀប​រៀបចំ​របស់​ព្រះ ហើយ​ក៏​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​ព្រះ​គ្រីស្ទ​យេស៊ូ​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ ព្រះ​គម្ពីរ​ពណ៌នា​អំពី​មុខ​ងារ​ផ្សេង​ៗ​របស់​ព្រះ​យេស៊ូ។

ពេល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​បំពេញ​កិច្ច​បម្រើ​នៅ​ផែនដី ទ្រង់​បាន​ស​ឲ្យ​ឃើញ​ថា​មនុស្ស​ដែល​ស្ដាប់​បង្គាប់​នឹង​ត្រូវ​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ​ឡើង​វិញ​តាម​រយៈ​ទ្រង់។ (​យ៉ូន. ១៤:៦​) ដោយសារ​ព្រះ​យេស៊ូ​ជា​អ្នក​លោះ​មនុស្ស ទ្រង់​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ (​ម៉ាថ. ២០:២៨​) ដូច្នេះ ព្រះ​យេស៊ូ​មិន​ត្រឹម​តែ​ទុក​គំរូ​ល្អ​អំពី​ការ​ប្រព្រឹត្ត​សម​ស្រប​តាម​គោលការណ៍​របស់​ព្រះ​ប៉ុណ្ណោះ​ទេ។ ទ្រង់​បាន​ទៅ​ជា​អ្នក​ដែល​មាន​តួ​នាទី​សំខាន់​បំផុត​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្ស​ជាតិ។ គឺ​តាម​រយៈ​ព្រះ​យេស៊ូ​តែ​ប៉ុណ្ណោះ​ដែល​យើង​អាច​ត្រូវ​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ​ឡើង​វិញ ហើយ​ទទួល​ព្រះ​គុណ​ពី​ទ្រង់។ (​កិច្ច. ៥:៣១; ២កូ. ៥:១៨, ១៩​) ក្រោយ​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ជា​យញ្ញបូជា​ហើយ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ទទួល​ពរ​ជានិច្ច​ជា​កាល ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

នៅ​ស្ថានសួគ៌ ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​មាន​មុខ​ងារ​ជា​សម្ដេច​សង្ឃ។ ក្នុង​ឋានៈ​នេះ ទ្រង់​អាច​«​អាណិតអាសូរ​ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​»​ ហើយ​លុប​លាង​បាប​របស់​អ្នក​កាន់​តាម​ទ្រង់​នៅ​ផែនដី ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ។ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា​៖ ​«​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ​»។ សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​ទទួល​ប្រយោជន៍​ពេញលេញ​ពី​ការ​រៀបចំ​របស់​ព្រះ​សម្រាប់​ការ​ផ្សះផ្សា​ទំនាក់ទំនង​ជា​មួយ​ទ្រង់ ដោយ​ប្រាប់​ថា​៖ ​«​ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​ក្លាហាន . . . សំរាប់[​«​ទទួល​ជំនួយ​»​]ពេល​ត្រូវ​ការ​»។—ហេ. ៤:១៤​-​១៦; ព.ថ.; ១យ៉ូន. ២:២

ព្រះ​យេស៊ូ​ក៏​ជា​សិរសា​ឬ​អ្នក​នាំ​មុខ​ក្រុមជំនុំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​នៅ​សតវត្សរ៍​ទី​មួយ​ដែរ យើង​មិន​ត្រូវ​ការ​មនុស្ស​ជា​អ្នក​នាំ​មុខ​យើង​ឡើយ។ ព្រះ​យេស៊ូ​ប្រទាន​ការ​ណែនាំ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ បទ​គម្ពីរ​បរិសុទ្ធ និង​តាម​រយៈ​អ្នក​គង្វាល​ដែល​បំពេញ​មុខ​ងារ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ។ អ្នក​គង្វាល​ទាំង​នេះ​មាន​លក្ខណៈ​គ្រប់គ្រាន់​ថែម​ទាំង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេស៊ូ​និង​ព្រះ​វរបិតា​របស់​ទ្រង់ ស្តី​អំពី​របៀប​ដែល​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ។ (​ហេ. ១៣:​១៧; ១ពេ. ៥:២, ៣​) ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​ព្រះ​យេស៊ូ​ថា​៖ ​«​មើល! អញ​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជាជាតិ​ទាំង​ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ​»។ (​អេសា. ៥៥:៤​) ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា​ទំនាយ​នេះ​សំដៅ​លើ​ទ្រង់ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​ថា​៖ ​«​ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា‹សាស្ដា›ឡើយ ដ្បិត​មាន​សាស្ដា​[​ឬ​«​អ្នក​នាំ​មុខ​»​]តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​គ្រីស្ទ​»។—ម៉ាថ. ២៣:​១០; ព.ថ.

ដើម្បី​បញ្ជាក់​នូវ​គុណសម្បត្ដិ​ទ្រង់ ថែម​ទាំង​ឲ្យ​យល់​ថា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ជួយ​យើង នោះ​ព្រះ​យេស៊ូ​អញ្ជើញ​យើង​ថា​៖ ​«​អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថ. ១១:២៨​-​៣០​) ដោយសារ​ព្រះ​យេស៊ូ​ដឹក​នាំ​ក្រុមជំនុំ​គ្រីស្ទាន​តាម​របៀប​ស្លូតបូត​ដែល​ធ្វើ​ឲ្យ​យើង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង​នោះ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្ហាញ​ថា ទ្រង់​ជា​«​អ្នក​គង្វាល​ល្អ​»​ ហើយ​ទ្រង់​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌។—យ៉ូន. ១០:១១; អេសា. ៤០:១១

ពេល​ប៉ុល​សរសេរ​សំបុត្រ​ទី​មួយ​ទៅ​កាន់​បងប្អូន​នៅ​ទី​ក្រុង​កូរិនថូស​នោះ គាត់​ពន្យល់​មុខ​ងារ​មួយ​ទៀត​នៃ​តួ​នាទី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ គាត់​សរសេរ​ថា ​«​គួរ​ឲ្យ​ទ្រង់​បាន​សោយ​រាជ្យ ទាល់តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់។ ហើយ​កាល​ណា​ទ្រង់​បាន​បង្ក្រាប​គ្រប់​របស់​ទាំង​អស់​នៅ​ក្រោម​ទ្រង់​នោះ​ព្រះ​រាជបុត្រា​នោះ​ឯង ក៏​នឹង​ត្រូវ​ក្រាប​ក្រោម​ព្រះ ដែល​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​ដែរ ដើម្បី​ឲ្យ​ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់​»។ (​១កូ. ១៥:២៥, ២៨​) ព្រះ​បាន​បង្កើត​ព្រះ​យេស៊ូ​មុន​អ្វី​ទាំង​អស់ ហើយ​មុន​ដែល​ព្រះ​យេស៊ូ​យាង​មក​ផែនដី ទ្រង់​ធ្លាប់​គង់​នៅ​ស្ថានសួគ៌​ហើយ​មាន​ឋានៈ​ជា​«​មេ​ជាង​»​របស់​ព្រះ។ (​សុ. ៨:​២២​-​៣១​) ពេល​ព្រះ​ចាត់​ព្រះ​យេស៊ូ​ឲ្យ​យាង​មក​ផែនដី ទ្រង់​បាន​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​គ្រប់​ពេល​វេលា។ ទ្រង់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បងល​ដ៏​ខ្លាំង​បំផុត ហើយ​ពេល​សោយ​ទិវង្គត​ទ្រង់​នៅ​តែ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​វរបិតា​ទ្រង់។ (​យ៉ូន. ៤:​៣៤; ១៥:១០​) ដោយសារ​ព្រះ​យេស៊ូ​ស្មោះ​ត្រង់​នឹង​ព្រះ​រហូត​ដល់​សោយ​ទិវង្គត នោះ​ទ្រង់​បាន​ទទួល​រង្វាន់។ ព្រះ​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌ រួច​ប្រទាន​សិទ្ធិ​គ្រប់​គ្រង​ព្រះ​រាជាណាចក្រ​ស្ថានសួគ៌​ទៀត​ផង។ (​កិច្ច. ២:៣២​-​៣៦​) ក្នុង​ឋានៈ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ព្រះ​គ្រីស្ទ​យេស៊ូ​បាន​ទទួល​មុខ​ងារ​ដ៏​អស្ចារ្យ​ក្រៃលែង​ពី​ព្រះ គឺ​ការ​នាំ​ពល​ទេវតា​ខ្លាំង​ក្លា​ច្រើន​សន្ធឹក​មក​បំផ្លាញ​ការ​គ្រប់គ្រង​មនុស្ស​ជាតិ​ចេញ​ពី​ផែនដី ហើយ​បំបាត់​អំពើ​ទុច្ចរិត​ឲ្យ​សូន្យ​ទៅ។ (​សុ. ២:២១, ២២; ២ថែ. ១:៦​-​៩; វិវរ. ១៩:១១​-​២១; ២០:១​-​៣​) រួច​មក ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថានសួគ៌​ដែល​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះ​គ្រីស្ទ នឹង​ទៅ​ជា​រដ្ឋាភិបាល​តែ​មួយ​គត់​លើ​ផែនដី​ទាំង​មូល។—វិវរ. ១១:១៥

តើ​ការ​ទទួល​ស្គាល់​តួ​នាទី​របស់​ទ្រង់​ រួម​បញ្ចូល​អ្វី​ខ្លះ?

ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​គំរូ​របស់​យើង ទ្រង់​គ្រប់​លក្ខណ៍។ ទ្រង់​បាន​ត្រូវ​បង្គាប់​ឲ្យ​ថែរក្សា​យើង។ ព្រះ​យេហូវ៉ា​បាន​ប្រគល់​មុខ​ងារ​ដ៏​សំខាន់​ណាស់​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​ជា​មុខ​ងារ​ជា​អ្នក​នាំ​មុខ​និង​អ្នក​បង្គាប់​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ។ ហេតុ​ដូច្នេះ ការ​ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ​មាន​ន័យ​ថា យើង​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​និង​ជឿន​ទៅ​មុខ​ជា​មួយ​អង្គការ​របស់​ទ្រង់។

អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សតវត្សរ៍​ទី​មួយ​បាន​ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ។ អ្នក​ទាំង​នោះ​បាន​បង្ហាញ​ថា​ពួក​គេ​ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ដោយ​រួម​ចិត្ត​រួម​គំនិត​តែ​មួយ​បំពេញ​កិច្ច​បម្រើ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ ហើយ​ចុះ​ចូល​ចំពោះ​ការ​ដឹក​នាំ​របស់​ទ្រង់​ដែល​មក​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​និង​បទ​គម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​កត់​ទុក។ (​កិច្ច. ១៥:១២​-​២១; វិវរ. ១:១​) សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​សាមគ្គីភាព​របស់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ថា ​«​ដោយ​កាន់​តាម​សេចក្ដី​ពិត ដោយ​សេចក្ដី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះ​គ្រីស្ទ ដែល​រូប​កាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​និ​មួយ​ៗ នោះ​រូប​កាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្ដី​ស្រឡាញ់​»។—អេភ. ៤:១៥, ១៦

ក្រុម​អ្នក​ចាក់​ប្រេង​តាំង​និង​«​ចៀម​ឯ​ទៀត​»​ក៏​ដូច​ជា​រូប​កាយ​មនុស្ស​ដែរ ដ្បិត​មាន​សមាជិក​ផ្សេង​ៗ​ដូច​ជា​រូប​កាយ​មាន​អវយវៈ​ទីទៃ​ពី​គ្នា​ដែរ។ នៅ​ពេល​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុមជំនុំ​សាមគ្គី​គ្នា​ជា​មួយ​សមាជិក​ឯ​ទៀត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ នោះ​មាន​កំណើន​ឬ​ការ​រីក​ចម្រើន​ឡើង ហើយ​យើង​រក្សា​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​កក់ក្ដៅ ដែល​ជា​«​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​»។—យ៉ូន. ១០:១៦; កូល. ៣:១៤; ១កូ. ១២:១៤​-​២៦

ព្រឹត្ដិការណ៍​ពិភពលោក​ដែល​កំពុង​តែ​សម្រេច​តាម​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ បញ្ជាក់​យ៉ាង​ច្បាស់​ថា​តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទទួល​អំណាច​ជា​ស្តេច​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ទ្រង់​កំពុង​តែ​គ្រប់គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​ទ្រង់។ (​ទំនុក. ២:១​-​១២; ១១០:១, ២​) តើ​នេះ​ជា​ភ្លើង​សញ្ញា​បញ្ជាក់​អ្វី​អំពី​សម័យ​យើង? ចំពោះ​សត្រូវ​របស់​ទ្រង់ នេះ​បញ្ជាក់​ថា​ព្រះ​យេស៊ូ​នឹង​សម្ដែង​ឫទ្ធិ​តេជះ​ខ្លាំង​ក្លា​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច​និង​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ពេល​ទ្រង់​សម្រេច​តាម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ទៅ​លើ​ពួក​គេ។ (​វិវរ. ១១:១៥; ១២:១០; ១៩:១៦​) មិន​យូរ​ប៉ុន្មាន​ទៀត សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​សេចក្ដី​សង្គ្រោះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ក្រោយ​មនុស្ស​ដំបូង​បាន​បះបោរ​ប្រឆាំង​ទ្រង់ នោះ​នឹង​ត្រូវ​សម្រេច​ចំពោះ​អ្នក​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ (​រ៉ូម ១៦:​២០​) យើង​ពិត​ជា​សប្បាយ​ណាស់! ដែល​យើង​បាន​ទទួល​ស្គាល់​តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ ហើយ​មាន​សាមគ្គីភាព​ដើម្បី​សម្រេច​កិច្ច​បម្រើ​ទូទាំង​ពិភពលោក​ក្រោម​ការ​នាំ​មុខ​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​គ្រា​ចុង​ក្រោយ​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក