បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៦ ជំ. ៧ ទំ. ៣-១៤
  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • កិច្ច​ប្រជុំ​ក្រុម​ជំនុំ
  • ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម
  • កិច្ច​ប្រជុំ​សាធារណៈ
  • ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ
  • សាលា​កិច្ច​បម្រើ​ផ្សាយ
  • ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ
  • ប្រជុំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ
  • កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ​ថ្មី​ឬ​ក្រុម​ជំនុំ​តូច
  • សន្និបាត​ពិសេស​និង​សន្និបាត​ប្រចាំ​មណ្ឌល
  • មហា​សន្និបាត
  • អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១១/០៦ ជំ. ៧ ទំ. ៣-១៤

ជំពូក​ទី​៧

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

កិច្ច​ប្រជុំ​ដែល​‹បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​ការ​ល្អ›​

គឺ​ជា​ការ​សមរម្យ​ណាស់! ដែល​មាន​ការ​រៀបចំ​សម្រាប់​ឲ្យ​គ្រិស្ត​សា​សនិក​ជួបជុំ​គ្នា​ជា​ទៀងទាត់ ដើម្បី​ថ្វាយ​បង្គំ​ហើយ​ទទួល​អាហារ​ខាង​វិញ្ញាណ។ គឺ​ជា​ការ​សំខាន់​ដែល​យើង​ទាំង​អស់​គ្នា​ជួបជុំ​គ្នា​ដើម្បី​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​បំណង​រៀន​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​យើង ហើយ​របៀប​ដែល​យើង​អាច​បម្រើ​ទ្រង់​បាន។ សព្វ​ថ្ងៃ​នេះ​ទាំង​ចាស់​ទាំង​ក្មេង​ត្រូវ​ជួបជុំ​គ្នា​ដូច្នេះ ដូច​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​សាសន៍​អ៊ី​ស្រា​អែ​ល​តាម​រយៈ​ម៉ូសេ​ឲ្យ​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ៧​ឆ្នាំ​ម្ដង​ក្នុង​អំឡុង​បុណ្យ​បារាំ ​«​ត្រូវ​ឲ្យ​ប្រមូល​បណ្ដា​ជន​ទាំង​ប្រុស​ទាំង​ស្រី​នឹង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្ដាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នេះ​»​។—ចោទិ. ៣១:១២

ខ​នោះ​នាំ​ឲ្យ​យល់​បាន​ថា គោល​បំណង​នៃ​ការ​ជួបជុំ​គ្នា​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​នៅ​សម័យ​បុរាណ​ដែរ គឺ​ដើម្បី​ស្ដាប់​និង​រៀន ហើយ​ធ្វើ​ជា​​«​សិស្ស​របស់​ព្រះ​យេហូវ៉ា​»​​ដោយ​ឲ្យ​ទ្រង់​បង្រៀន​យើង។ (​អេសា. ៥៤:​១៣​) នៅ​អ៊ី​ស្រា​អែ​ល​នា​សម័យ​បុរាណ គ្រា​ដែល​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​តែង​តែ​ជា​គ្រា​សប្បាយ​ណាស់។ ដាវីឌ​បាន​បញ្ជាក់​ចំណុច​នេះ​ដោយ​សរសេរ​ថា ​«​កាល​គេ​និយាយ​មក​ខ្ញុំ​ថា ‹ចូរ​យើង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា› នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់​»​។ (​ទំនុក. ១២២:១​) សាវ័ក​ប៉ុល​បាន​ប្រាប់​ពី​ហេតុ​មួយ​ទៀត​ដែល​ត្រូវ​មាន​អំណរ​ពេល​ជួបជុំ​ជា​មួយ​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា។ គាត់​សរសេរ​ថា ​«​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក . . . ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​»​។ (​ហេ. ១០:២៤​) កិច្ច​ប្រជុំ​ក្រុម​ជំនុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​គ្រិស្ត​សា​សនិក​នៅ​សម័យ​ដើម​ស្គាល់​គ្នា​កាន់​តែ​ច្បាស់​ឡើង​ៗ​ លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទទួល​កម្លាំង​ចិត្ត​ពី​ការ​សំណេះសំណាល​គ្នា។ កិច្ច​ប្រជុំ​ក្រុម​ជំនុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ក៏​ជា​គ្រា​បែប​នោះ​ដែរ ពេល​ពួក​គាត់​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។

កិច្ច​ប្រជុំ​ក្រុម​ជំនុំ

ព្រះ​គម្ពីរ​ដៅ​បញ្ជាក់​អំពី​សារៈ​ប្រយោជន៍​នៃ​ការ​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​និង​សរសើរ​ព្រះ​យេហូវ៉ា។ (​ទំនុក. ២៦:៨, ១២; ម៉ាថ. ១៨:​២០​) អ្នក​ដែល​បាន​ជឿ​តាម​សេចក្ដី​ពិត​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​គ.ស. មិន​បាន​ចាត់​ទុក​ការ​ជួបជុំ​គ្នា​ជា​រឿង​ស្រាល​នោះ​ទេ។ ពួក​គាត់​បាន​បន្ត​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​​«​រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះ​វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា​»​។ (​កិច្ច. ២:៤២, ៤៦​) នៅ​សម័យ​ក្រោយ​មក ពេល​គ្រិស្ត​សា​សនិក​បាន​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ ពួក​គាត់​បាន​អាន​សេចក្ដី​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​បម្រើ​ទ្រង់​កត់​ទុក។ នោះ​រួម​ទាំង​សំបុត្រ​សរសេរ​ដោយ​បណ្ដា​សាវ័ក​និង​គ្រិស្ត​សា​សនិក​ឯ​ទៀត។ (​១កូ. ១:១, ២; កូល. ៤:១៦; ១ថែ. ១:១; យ៉ា. ១:១​) ក្រុម​ជំនុំ​បាន​អធិស្ឋាន​ជា​មួយ​គ្នា។ (​កិច្ច. ៤:២៤​-​២៩; ២០:៣៦​) ជួន​កាល​អ្នក​ដែល​ជា​សាសនទូត​បាន​រៀប​រាប់​បទ​ពិសោធន៍។ (​កិច្ច. ១១:៥​-​១៨; ១៤:​២៧, ២៨​) ពួក​គាត់​បាន​ពិភាក្សា​អំពី​សេចក្ដី​បង្រៀន​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ និង​អំពី​ការ​សម្រេច​នូវ​បទ​ទំនាយ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ។ ពួក​គាត់​បាន​ទទួល​ការ​ណែនាំ​ស្តី​អំពី​កិរិយា​ប្រព្រឹត្ត​ដែល​សមរម្យ​សម្រាប់​គ្រិស្ត​សា​សនិក ហើយ​របៀប​គោរព​ប្រណិប័តន៍​ព្រះ។ គ្រិស្ត​សា​សនិក​គ្រប់​រូប​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្នះខ្នែង​ប្រកាស​ដំណឹង​ល្អ។—រ៉ូម ១០:៩, ១០; ១កូ. ១១:២៣​-​២៦; ១៥:៥៨; អេភ. ៥:១​-​៣៣

នៅ​សម័យ​យើង កិច្ច​ប្រជុំ​របស់​គ្រិស្ត​សា​សនិក​ពិត មាន​លក្ខណៈ​ជា​ច្រើន​ដែល​ស្រប​តាម​គំរូ​ពី​សម័យ​ពួក​សាវ័ក។ យើង​ធ្វើ​តាម​ការ​ទូន្មាន​នៅ​ហេព្រើរ ១០:២៥ ដោយ​​«​ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ [​តែ​]​ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ​»​។ ក្នុង​អំឡុង​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកិយ​អាក្រក់​និង​ពិបាក​រស់​នៅ​នេះ យើង​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត​ថែម​ទៀត។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​នោះ​ដោយ​ជួបជុំ​គ្នា​ជា​ទៀងទាត់​ដើម្បី​រក្សា​ឲ្យ​មាន​កម្លាំង​ខាង​វិញ្ញាណ និង​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ជា​គ្រិស្ត​សា​សនិក​ពិត។ (​រ៉ូម ១:១១, ១២​) ដូច​នៅ​សម័យ​ប៉ុល​ដែរ គ្រិស្ត​សា​សនិក​សព្វ​ថ្ងៃ​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​តំណ​មនុស្ស​ខិល​ខូច។ យើង​បាន​លះ​ចោល​នូវ​សេចក្ដី​ទមិឡ​ល្មើស និង​វិញ្ញាណ​ឬ​ចិត្ត​គំនិត​របស់​មនុស្ស​លោកិយ។ (​ភី. ២:១៥, ១៦; ទីត. ២:១២​-​១៤​) យើង​ចង់​នៅ​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​យេហូវ៉ា​ជា​ជាង​នៅ​កន្លែង​ណា​ផ្សេង​ទៀត មែន​ទេ? (​ទំនុក. ៨៤:១០​) ហើយ​ក៏​គ្មាន​អ្វី​ផ្ដល់​ប្រយោជន៍​ច្រើន​ជាង​ការ​ស្ដាប់​ការ​ពន្យល់​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ដែរ មែន​ទេ?

ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​អាហារ​ខាង​វិញ្ញាណ​ជា​បរិបូរ ដែល​ធ្វើ​ឲ្យ​ស្កប់ស្កល់​និង​ពេញ​ចិត្ត។ (​ទំនុក. ១៤៥:១៤, ១៥​) អាហារ​តាម​ត្រូវ​ពេល​កំពុង​តែ​ត្រូវ​ចែក​ចាយ តាម​រយៈ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​និង​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (​ម៉ាថ. ២៤:៤៥​) តើ​សមាជិក​ម្នាក់​ៗ​​ក្នុង​អង្គការ​របស់​ព្រះ​ទទួល​អាហារ​នេះ​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​តាម​រយៈ​កិច្ច​ប្រជុំ​នានា​ដែល​មាន​រាល់​សប្ដាហ៍​ក្នុង​ក្រុម​ជំនុំ។ ឥឡូវ​យើង​នឹង​រៀន​អំពី​កិច្ច​ប្រជុំ​ទាំង​នេះ​និង​ផល​ប្រយោជន៍​ដែល​យើង​ទទួល ពេល​ដែល​ជួបជុំ​ជា​ទៀងទាត់​ហើយ​‹បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​ការ​ល្អ›។

ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម

ទស្សនាវដ្ដី​ប៉ម​យាម​ដែល​ប្រកាស​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យេហូវ៉ា​ជា​វិធី​សំខាន់​បំផុត​ដែល​រាស្ត្រ​ព្រះ​យេហូវ៉ា​ទទួល​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល។ អត្ថបទ​មួយ​ចំនួន​ដែល​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​បាន​ត្រូវ​រៀបចំ​សម្រាប់​ការ​សិក្សា​ប្រចាំ​សប្ដាហ៍​ជា​ក្រុម​ជំនុំ។ អត្ថបទ​ទាំង​នោះ​មាន​ការ​ណែនាំ​ពិសេស​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ។ ព័ត៌មាន​ដែល​ក្រុម​ជំនុំ​ពិចារណា​យ៉ាង​ហ្មត់ចត់​ក្នុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម ញ៉ាំង​ចិត្ត ដាស់​សតិ​បង​ប្អូន​ហើយ​លើក​កម្លាំង​ខាង​វិញ្ញាណ​របស់​ពួក​គាត់។

អត្ថបទ​សម្រាប់​សិក្សា​ទាក់ទង​នឹង​ប្រធាន​បទ​ផ្សេង​ៗ​។ ច្រើន​ដង ព័ត៌មាន​នោះ​ទាក់ទង​នឹង​របៀប​អនុវត្ត​គោលការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជួយ​គ្រិស្ត​សា​សនិក​មិន​ឲ្យ​ទទួល​ឥទ្ធិពល​ពី​​«​វិញ្ញាណ​[​ឬ​​«​ចិត្ត​គំនិត​»​​]​របស់​លោកីយ​»​​ឬ​ក៏​ប្រព្រឹត្ត​អំពើ​ស្មោកគ្រោក។ (​១កូ. ២:១២; ព.ថ.​) ពន្លឺ​ខាង​វិញ្ញាណ​ភ្លឺ​កាន់​តែ​ច្បាស់​ឡើង​ៗ​​តាម​ទំព័រ​ទស្សនាវដ្ដី​ប៉មយាម ដែល​បំភ្លឺ​ភ្នែក​យើង​អំពី​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ​និង​អំពី​ការ​សម្រេច​នៃ​បទ​ទំនាយ​ផ្សេង​ៗ​​តាម​ដែល​ព្រះ​យេហូវ៉ា​បើក​សម្ដែង។ យ៉ាង​នេះ យើង​គ្រប់​គ្នា​អាច​តាម​ទាន់​នូវ​សេចក្ដី​ពិត​ដែល​ត្រូវ​បើក​សម្ដែង ហើយ​ក៏​អាច​បន្ត​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​សុចរិត។ (​ទំនុក. ៩៧:១១; សុ. ៤:១៨​) បើ​យើង​ចូល​រួម​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ទាំង​លើក​ដៃ​ឆ្លើយ​សំណួរ​ផ្សេង​ៗ​ នោះ​អាច​ជួយ​ឲ្យ​យើង​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត។ (​រ៉ូម ១២:១២; ២ពេ. ៣:១៣​) នោះ​ក៏​ជួយ​ឲ្យ​យើង​បង្ហាញ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ក្នុង​ជីវិត​យើង ហើយ​រក្សា​ឲ្យ​មាន​ចិត្ត​ប្រាថ្នា​ដ៏​ខ្លាំង​ក្នុង​ការ​ខ្នះខ្នែង​បម្រើ​ព្រះ​យេហូវ៉ា។ (​កា. ៥:២២, ២៣​) ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ជួយ​ពង្រឹង​ជំនឿ​របស់​យើង ប្រយោជន៍​ឲ្យ​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​ប្រមូល​​«​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំ​រាប់​ខ្លួន ដល់​ថ្ងៃ​ក្រោយ​វិញ​»​ ដើម្បី​​«​ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​»​។—១ធី. ៦:១៩; ១ពេ. ១:៦, ៧

យើង​អាច​ឃើញ​ច្បាស់​ថា ព័ត៌មាន​ដែល​ត្រូវ​ពិភាក្សា​រាល់​សប្ដាហ៍​ក្នុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​គឺ​ចាំបាច់​ណាស់។ ព័ត៌មាន​នោះ​ជួយ​ឲ្យ​យើង​រីក​ចម្រើន​ខាង​វិញ្ញាណ ក្រសោប​យក​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​របស់​ផង​ខ្លួន កែ​ប្រែ​របៀប​រស់​នៅ​របស់​យើង​ឲ្យ​សម​ស្រប​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ហើយ​មាន​សាមគ្គី​ភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​មួយ​បង​ប្អូន​របស់​យើង​ទូ​ទាំង​ពិភព​លោក។ តើ​យើង​ម្នាក់​ៗ​​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ប្រយោជន៍​ឲ្យ​ច្រើន​បំផុត ពី​ការ​រៀបចំ​នេះ​សម្រាប់​ផ្ដល់​អាហារ​ខាង​វិញ្ញាណ? ចូរ​សិក្សា​មេ​រៀន​នីមួយ​ៗ​​ទុក​ជា​មុន ដោយ​បើក​មើល​បទ​គម្ពីរ​ទាំង​អស់​ដែល​មិន​ដក​ស្រង់​ទី​នោះ រួច​លើក​ដៃ​ឆ្លើយ​សំណួរ​ក្នុង​អំឡុង​កិច្ច​ប្រជុំ។ ការ​ចូល​រួម​កិច្ច​ប្រជុំ​នឹង​ធ្វើ​ឲ្យ​ចំណុច​ដែល​ត្រូវ​ពិភាក្សា​ដិត​ជាប់​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍​ពេល​ដែល​ស្ដាប់​យើង​បញ្ជាក់​ពី​ជំនឿ​និង​សេចក្ដី​សង្ឃឹម​របស់​យើង។ បើ​ប្រុង​ស្ដាប់​នូវ​ចម្លើយ​របស់​អ្នក​ឯ​ទៀត យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​មេ​រៀន​នីមួយ​ៗ​​រាល់​សប្ដាហ៍។

ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ខាង​វិញ្ញាណ​និង​ជំនឿ​មុត​មាំ។ យើង​មិន​គួរ​ចាត់​ទុក​កិច្ច​ប្រជុំ​នេះ​ជា​កិច្ច​ប្រជុំ​ធម្មតា​ដែល​មិន​សូវ​សំខាន់។ គ្មាន​អ្នក​ណា​គួរ​ខាន​ទៅ​ទទួល​ប្រយោជន៍​ពី​សំវិធានការ​សំខាន់​នេះ ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ដើម្បី​លើក​កម្លាំង​របស់​អស់​អ្នក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សា​សនិក​ពិត។

កិច្ច​ប្រជុំ​សាធារណៈ

តាម​ធម្មតា កិច្ច​ប្រជុំ​សាធារណៈ​និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ប្រចាំ​សប្ដាហ៍​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​តែ​មួយ ប៉ុន្តែ​របៀប​ព័ត៌មាន​ត្រូវ​ថ្លែង​ជូន​គឺ​ខុស​គ្នា។ ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ជា​ការ​ពិភាក្សា​តាម​រយៈ​សំណួរ​និង​ចម្លើយ ដោយ​មាន​អ្នក​ស្ដាប់​ចូល​រួម​ដែរ រីឯ​កិច្ច​ប្រជុំ​សាធារណៈ​វិញ​ជា​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​ប្រធាន​បទ​មួយ​ពី​ព្រះ​គម្ពីរ។ កិច្ច​ប្រជុំ​ទាំង​នេះ​ជា​មធ្យោបាយ​សំខាន់​សម្រាប់​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​អ្នក​ថ្មី​និង​សមាជិក​ក្រុម​ជំនុំ។—កិច្ច. ១៨:​៤; ១៩:៩, ១០

បើ​យើង​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​ព្រម​ទាំង​សាធារណជន​ទូទៅ យើង​អាច​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្គាល់​សេចក្ដី​បង្រៀន​សំខាន់​ៗ​​ដំបូង​ពី​ព្រះ​គម្ពីរ។ កិច្ច​ប្រជុំ​សាធារណៈ​ជួយ​ទាំង​អស់​គ្នា​ឲ្យ​ដឹង​អំពី​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​សា​សនិក​ពិត ថែម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​រក្សា​សេចក្ដី​ខ្ជាប់ខ្ជួន​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ។

កិច្ច​ប្រជុំ​សាធារណៈ​ពន្យល់​នូវ​ប្រធាន​បទ​ផ្សេង​ៗ​។ សុន្ទរកថា​នានា​ទាក់ទង​នឹង​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ឬ​បទ​ទំនាយ ឬ​មួយ​ក៏​គោលការណ៍​និង​ឱវាទ​ក្នុង​បទ​គម្ពីរ​ស្តី​អំពី​ជីវិត​គ្រួសារ អាពាហ៍ពិពាហ៍ បញ្ហា​ដែល​ពួក​យុវជន​យុវនារី​ជួប​ប្រទះ ឬ​សីលធម៌​របស់​គ្រិស្ត​សា​សនិក​ពិត។ សុន្ទរកថា​ខ្លះ​ទាក់ទង​នឹង​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ ចំណែក​សុន្ទរកថា​ឯ​ទៀត​វិញ នោះ​លើក​បញ្ជាក់​នូវ​គំរូ​ល្អ​ប្រសើរ​របស់​មនុស្ស​ផ្សេង​ៗ​​ក្នុង​ព្រះ​គម្ពីរ​ដែល​ធ្លាប់​បង្ហាញ​ជំនឿ សេចក្ដី​ក្លាហាន និង​ភក្ដីភាព ហើយ​របៀប​យើង​អាច​យក​តម្រាប់​តាម​ពួក​គាត់។ កិច្ច​ប្រជុំ​សាធារណៈ​ពិត​ជា​គ្រា​មួយ​សម្រាប់​ទទួល​អាហារ​ខាង​វិញ្ញាណ​ដែល​បង្កើន​ចំណេះ​ដឹង​និង​លើក​កម្លាំង​ចិត្ត​របស់​យើង។

ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​កិច្ច​ប្រជុំ​សាធារណៈ យើង​ត្រូវ​តែ​ទៅ​ប្រជុំ​ជា​ទៀងទាត់ ត្រូវ​ប្រុង​ស្ដាប់ ត្រូវ​បើក​បទ​គម្ពីរ​តាម​ការ​អញ្ជើញ​របស់​អ្នក​ថ្លែង ហើយ​ត្រូវ​ផ្ទៀង​តាម​ពេល​គាត់​អាន​និង​ពន្យល់​បទ​គម្ពីរ​នីមួយ​ៗ​​នោះ។ (​លូ. ៨:១៨​) ធ្វើ​ដូច្នេះ យើង​នឹង​ចេះ​បើក​រក​បទ​គម្ពីរ​ឲ្យ​បាន​ស្ទាត់​ជាង ថែម​ទាំង​នឹង​បង្កើន​ចំណេះ​របស់​យើង​អំពី​បទ​គម្ពីរ។ យើង​គួរ​ផ្ទៀង​តាម​អ្វី​ដែល​ត្រូវ​ថ្លែង​នោះ ដោយ​តាំង​ចិត្ត​កាន់​ខ្ជាប់​តាម​អ្វី​ដែល​យើង​រៀន​ហើយ​អនុវត្ត​ដោយ​ខ្លួន​ឯង។—១ថែ. ៥:២១

ប្រសិន​បើ​មាន​អ្នក​ថ្លែង​គ្រប់គ្រាន់ ក្រុម​ជំនុំ​ប្រាកដ​ជា​នឹង​មាន​សុន្ទរកថា​សាធារណៈ​រាល់​សប្ដាហ៍។ ច្រើន​ដង ក្រុម​ជំនុំ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​អញ្ជើញ​អ្នក​ថ្លែង​ពី​ក្រុម​ជំនុំ​ឯ​ទៀត​ដែល​នៅ​ជិត​ៗ​។ បើ​ខ្វះ​អ្នក​ថ្លែង​នៅ​តំបន់​ណា​មួយ ក្រុម​ជំនុំ​ត្រូវ​ចាត់​ចែង​ឲ្យ​មាន​សុន្ទរកថា​សាធារណៈ​ច្រើន​បំផុត​តាម​លទ្ធភាព។

ព្រះ​គ្រិស្ត​យេស៊ូ សាវ័ក​របស់​ទ្រង់ និង​សហការី​របស់​ពួក​គាត់​បាន​ធ្វើ​កិច្ច​ប្រជុំ​សាធារណៈ​ស្រ​ដៀង​នឹង​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ។ ព្រះ​យេស៊ូ​ពិត​ជា​អ្នក​ប៉ិន​ប្រសប់​បំផុត​ក្នុង​ការ​ថ្លែង​សុន្ទរកថា។ មនុស្ស​ធ្លាប់​និយាយ​អំពី​ទ្រង់​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»​។ (​យ៉ូន. ៧:៤៦​) របៀប​ព្រះ​យេស៊ូ​មាន​បន្ទូល​ស​ឲ្យ​ឃើញ​ថា​ទ្រង់​មាន​ជំនឿ​ជឿជាក់ ហើយ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ស្ដាប់​ទ្រង់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ (​ម៉ាថ. ៧:២៨, ២៩​) មនុស្ស​ដែល​ធ្វើ​តាម​បន្ទូល​ទ្រង់​បាន​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន។ (​ម៉ាថ. ១៣:១៦, ១៧​) ពួក​សាវ័ក​បាន​ធ្វើ​តាម​គំរូ​របស់​ទ្រង់។ នៅ​កិច្ចការ ២:២២​-​៣៦ យើង​អាច​អាន​សុន្ទរកថា​ដែល​ពេត្រុស​បាន​ថ្លែង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​គ.ស.។ សុន្ទរកថា​នោះ​បាន​ញ៉ាំង​ចិត្ត​អ្នក​ស្ដាប់​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ ដែល​ពួក​គាត់​ខ្លះ​បាន​អនុវត្ត​តាម​អ្វី​ដែល​បាន​ឮ​ពេល​នោះ។ ក្រោយ​មក​ទៀត នៅ​ទី​ក្រុង​អាថែន មនុស្ស​មួយ​ចំនួន​បាន​ទទួល​ប្រយោជន៍​ពី​សុន្ទរកថា​ថ្លែង​ដោយ​សាវ័ក​ប៉ុល។ (​កិច្ច. ១៧:២២​-​៣៤​) ស្រ​ដៀង​គ្នា​ដែរ នៅ​សម័យ​យើង​នេះ មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​សាធារណៈ​ប្រចាំ​សប្ដាហ៍ ព្រម​ទាំង​សុន្ទរកថា​សាធារណៈ​ដែល​ត្រូវ​ថ្លែង​នៅ​សន្និបាត​មណ្ឌល នៅ​មហា​សន្និបាត សន្និបាត​ជាតិ និង​សន្និបាត​អន្តរជាតិ។ យើង​គួរ​ទៅ​កិច្ច​ប្រជុំ​សាធារណៈ​ជា​ទៀងទាត់។

ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ

ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ផ្ដោត​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ កិច្ច​ប្រជុំ​នោះ​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​ចូល​រួម​ច្រើន​បំផុត​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ការ​នាំ​មនុស្ស​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ផ្សព្វផ្សាយ​ថា ពេល​កំណត់​ដែល​ព្រះ​នឹង​សម្រេច​តាម​ការ​ជំនុំ​ជម្រះ​គឺ​ជិត​ដល់​ហើយ។ (​ម៉ាថ. ២៨:២០; ម៉ាក. ១៣:១០; ២ពេ. ៣:៧​) ភាគ​ច្រើន យើង​បំពេញ​កិច្ច​បម្រើ​នេះ​ដោយ​និយាយ​ជា​មួយ​បុគ្គល​ម្នាក់​ៗ​​ហើយ​ជូន​សៀវភៅ​អំពី​ព្រះ​គម្ពីរ។ ប៉ុន្តែ​ការ​អនុវត្ត​គោលការណ៍​សុចរិត​របស់​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​របស់​យើង មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្រសិទ្ធភាព​របស់​យើង​ក្នុង​កិច្ច​ផ្សព្វផ្សាយ ហើយ​ទៅ​លើ​ផល​ដែល​យើង​បង្កើត។ (​ម៉ាថ. ១៣:២៣; យ៉ូន. ១៥:៨​) ដោយ​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ យើង​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា ការ​ប្រព្រឹត្ត​តាម​បទ​គម្ពីរ​មាន​ឥទ្ធិពល​ល្អ។ ហេតុ​នេះ​ហើយ ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ផ្ដោត​ទៅ​លើ​រឿង​ទាំង​អស់​នេះ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បម្រើ​ព្រះ។

ជា​រៀង​រាល់​ខែ កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​បញ្ជាក់​នូវ​កម្មវិធី​សម្រាប់​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ប្រចាំ​សប្ដាហ៍។ អ្នក​នឹង​ទទួល​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​មួយ​សន្លឹក​ពី​ក្រុម​ជំនុំ។ នៅ​ពេល​ក្រុម​ជំនុំ​ទទួល​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​ថ្មី នោះ​ប្រធាន​អ្នក​ចាស់​ទុំ​វិភាគ​មើល​យ៉ាង​ហ្មត់ចត់​នូវ​អ្វី​ៗ​​ក្នុង​នោះ ហើយ​កំណត់​ឲ្យ​បង​ប្រុស​ផ្សេង​ៗ​​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ថ្លែង​ផ្នែក​នានា​ជូន​ក្រុម​ជំនុំ។ ប្រធាន​អ្នក​ចាស់​ទុំ​អាច​ចាត់​ចែង​ឲ្យ​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​កំណត់​ផ្នែក​នីមួយ​ៗ​​នោះ។

អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ត្រូវ​កំណត់​ឲ្យ​ថ្លែង​ផ្នែក​ផ្សេង​ៗ​​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ។ ពួក​គាត់​គួរ​ប្រុង​ប្រយ័ត្ន​មិន​បញ្ចូល​ព័ត៌មាន​ក្រៅ តែ​គួរ​បកស្រាយ​ផ្នែក​នោះ​ដូច​ត្រូវ​ណែនាំ​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ នេះ​មាន​ន័យ​ថា​បង​ប្រុស​ផ្សេង​ៗ​​ដែល​ត្រូវ​កំណត់​ឲ្យ​ធ្វើ​ផ្នែក​នានា ត្រូវ​តែ​សិក្សា​ព័ត៌មាន​នោះ​យ៉ាង​ហ្មត់ចត់​ដើម្បី​ស្វែង​យល់​ថា តើ​អ្វី​ជា​គោល​ចំណុច​ដែល​ត្រូវ​បង្រៀន? ហើយ​តើ​អាច​បកស្រាយ​យ៉ាង​ដូច​ម្ដេច​ប្រយោជន៍​ឲ្យ​បង​ប្អូន​ស្រួល​យល់​និង​ស្រួល​ចង​ចាំ​ចំណុច​ទាំង​នោះ? ពួក​គាត់​ក៏​គួរ​គិត​វែង​ឆ្ងាយ​អំពី​របៀប​ពន្យល់​ព័ត៌មាន​ឲ្យ​ស្រប​តាម​កាលៈទេសៈ​របស់​ក្រុម​ជំនុំ។

ទោះ​ជា​មាន​វិធី​ផ្សេង​ៗ​​ដែល​ព័ត៌មាន​អាច​ត្រូវ​ថ្លែង​ក៏​ពិត​មែន តែ​របៀប​ថ្លែង​មិន​ត្រូវ​លេច​ធ្លោ​ជាង​ព័ត៌មាន​ដែល​កំពុង​តែ​ត្រូវ​ថ្លែង​នោះ​ទេ។ ការ​សម្ដែង​មិន​ត្រូវ​ស្មុគស្មាញ​ដោយ​យក​របស់​ច្រើន​មក​តែង​ឆាក​ដូច​ឈុត​សម្ដែង​នោះ​ទេ។ ចូរ​ប្រើ​លំដាប់​រៀបចំ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ធម្មតា ដូច​នៅ​កន្លែង​ធ្វើ​ការ ពេល​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពេល​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​នៅ​ផ្ទះ ឬ​ការ​ពិភាក្សា​គ្នា​ជា​ក្រុម​គ្រួសារ។ លំដាប់​រៀបចំ​ត្រូវ​សម​ស្រប​តាម​កាលៈទេសៈ​ដែល​មាន​តាម​តំបន់ ប្រយោជន៍​ឲ្យ​អ្នក​ផ្សាយ​អាច​យល់​របៀប​យក​តម្រាប់​តាម​គំរូ​នោះ។

អ្នក​ផ្សាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​និង​ជា​ជន​គំរូ ព្រម​ទាំង​កូន​មិន​ទាន់​គ្រប់​អាយុ​របស់​ពួក​គាត់​ដែល​មាន​កិរិយា​ល្អ អាច​ត្រូវ​ប្រើ​សម្រាប់​ផ្នែក​ផ្សេង​ៗ​​ដូច​ជា​ការ​សម្ដែង។ ពួក​គាត់​អាច​ត្រូវ​សម្ភាស​ឬ​អញ្ជើញ​ឲ្យ​រៀប​រាប់​បទ​ពិសោធន៍​របស់​ខ្លួន។ បើ​អ្នក​មាន​ឱកាស​ចូល​រួម​យ៉ាង​នេះ ចូរ​ធ្វើ​តាម​ការ​ណែនាំ​របស់​បង​ប្រុស​នោះ​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​សប្បាយ​ចិត្ត ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ទៀត​ផង ដោយ​ទទួល​ស្គាល់​ថា នោះ​ជា​ផ្នែក​នៃ​កិច្ច​បម្រើ​ដែល​អ្នក​ថ្វាយ​ចំពោះ​ព្រះ​យេហូវ៉ា។

គ្រិស្ត​សា​សនិក​ម្នាក់​ៗ​​គួរ​ប៉ង​ប្រាថ្នា​មាន​របៀប​រស់​នៅ​ដែល​ទាក់ទាញ​អ្នក​ឯ​ទៀត​ឲ្យ​កាន់​តាម​ព្រះ​យេស៊ូ​គ្រិស្ត​ដោយ​ថ្វាយ​ខ្លួន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ក្នុង​បំណង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នោះ ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​គោល​ដៅ​ដូច​ត​ទៅ​៖ (​១​) លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ​អស់​ពី​លទ្ធភាព​(​មិន​ថា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តាម​ផ្លូវ ឬ​កន្លែង​ណា​ផ្សេង​ទៀត​ដែល​មាន​មនុស្ស​នៅ​) ហើយ​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ (​២​) បង្រៀន​យើង​របៀប​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ឬ​អ្នក​ដែល​យើង​បាន​ជូន​សៀវភៅ។ (​៣​) ញ៉ាំង​ចិត្ត​យើង​ឲ្យ​លៃ​ទុក​ពេល​ជា​ទៀងទាត់​សម្រាប់​បង្រៀន​សិស្ស​ព្រះ​គម្ពីរ និង​ជួយ​ពួក​គាត់​ឲ្យ​ស្គាល់​អង្គការ​របស់​ព្រះ។ (​៤​) ជួយ​ជា​យោបល់​អំពី​របៀប​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ។ (​៥​) បង្ហាញ​យើង​របៀប​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​អ្នក​ថ្មី កូន​របស់​យើង និង​យុវជន​យុវនារី​ឯ​ទៀត​ឲ្យ​ថ្វាយ​ខ្លួន​ជា​សិស្ស​ព្រះ​យេស៊ូ។

អ្នក​នឹង​ទទួល​ប្រយោជន៍​បើ​អ្នក​មើល​ដោយ​ហ្មត់ចត់​ទុក​ជា​មុន​នូវ​ព័ត៌មាន​សម្រាប់​កិច្ច​ប្រជុំ​នោះ​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ ជួន​កាល អត្ថបទ​ពី​សៀវភៅ​ផ្សេង​ៗ​​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ពិភាក្សា​ឬ​ពន្យល់។ ការ​ស្រាវជ្រាវ​ទុក​ជា​មុន​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​បង្កើន​ចំណេះ​ដឹង តែ​ក៏​នឹង​ផ្ដល់​សមត្ថភាព​ឲ្យ​អ្នក​ចូល​រួម​ពេល​ដែល​ផ្នែក​នោះ​សួរ​យោបល់​របស់​អ្នក​ស្ដាប់។ កាល​អ្នក​រៀន​កាន់​តែ​ច្រើន​ពី​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ នោះ​កិច្ច​ផ្សព្វផ្សាយ​របស់​អ្នក​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ដែរ។

នៅ​ពេល​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ទៅ​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ជា​ទៀងទាត់ លទ្ធផល​គឺ​ក្រុម​ជំនុំ​មាន​សាមគ្គី​ភាព​ក្នុង​កិច្ច​បម្រើ។ ដោយសារ​ស្មរបន្ទាល់​គ្រប់​រូប​ជា​អ្នក​ផ្សព្វផ្សាយ យើង​ត្រូវ​ទៅ​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ជា​ចាំបាច់​ដើម្បី​ទទួល​ជំនួយ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​យើង។ កិច្ច​ប្រជុំ​នេះ​ក៏​មាន​ប្រយោជន៍​ដែរ​សម្រាប់​អស់​អ្នក​ដែល​ចង់​ថ្វាយ​ខ្លួន​ជា​អ្នក​បម្រើ​ព្រះ។ ចូរ​ទៅ​កិច្ច​ប្រជុំ​នេះ​ជា​ទៀងទាត់​រាល់​សប្ដាហ៍។

កិច្ច​ប្រជុំ​បែប​នេះ​មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​មាន​នៅ​សម័យ​យើង​ទេ តែ​មាន​មូលដ្ឋាន​លើ​គំរូ​ជាក់​ច្បាស់​ក្នុង​បទ​គម្ពីរ។ មុន​ដែល​ព្រះ​យេស៊ូ​ចាត់​សិស្ស​របស់​ទ្រង់​ទៅ​ផ្សព្វផ្សាយ ទ្រង់​បាន​ផ្ដល់​ការ​ណែនាំ​ល្អិតល្អន់​ស្តី​អំពី​អ្វី​ដែល​ត្រូវ​និយាយ​និង​ធ្វើ។ (​ម៉ាថ. ១០:៥​-​១១:១; លូ. ១០:១​-​១៦​) ក្រោយ​មក សិស្ស​របស់​ទ្រង់​បាន​បន្ត​រៀបចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​បែប​នេះ ដែល​ក្នុង​កម្មវិធី​ប្រជុំ​នោះ​ពួក​គាត់​បាន​រៀប​រាប់​បទ​ពិសោធន៍​ពី​កិច្ច​ផ្សព្វផ្សាយ ហើយ​ការ​ឮ​ព័ត៌មាន​បែប​នេះ​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គាត់​ឲ្យ​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ។ (​កិច្ច. ៤:២៣​-​៣១​) យើង​ធ្វើ​តាម​ទម្លាប់​នោះ​សព្វ​ថ្ងៃ​នេះ។

សាលា​កិច្ច​បម្រើ​ផ្សាយ

សាលា​កិច្ច​បម្រើ​ផ្សាយ​ជា​របៀប​រៀបចំ​មួយ​ដែល​បាន ហើយ​កំពុង​តែ​អប់រំ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។ កម្មវិធី​សិក្សា​នោះ​រួម​បញ្ចូល​ការ​អាន​ព្រះ​គម្ពីរ សុន្ទរកថា​អំពី​ព្រះ​គម្ពីរ សុន្ទរកថា​ថ្លែង​ដោយ​សិស្ស និង​ការ​បង្ហាត់​បង្រៀន​ឯ​ទៀត​សម្រាប់​កិច្ច​ផ្សព្វផ្សាយ។ ឱវាទ​ត្រូវ​បាន​ផ្ដល់​ដើម្បី​ជួយ​សិស្ស​រីក​ចម្រើន​បន្ដិច​ម្ដង​ៗ​​ក្នុង​ការ​ថ្លែង​ព័ត៌មាន។ ទោះ​ជា​សាលា​កិច្ច​បម្រើ​ផ្សាយ​មាន​ព័ត៌មាន​ផ្សេង​ៗ​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទាំង​មាន​ប្រយោជន៍​សម្រាប់​ក្រុម​ជំនុំ​ទាំង​មូល​ក៏​ពិត​មែន អ្នក​ចូល​រួម​ទាំង​អ្នក​ស្ដាប់​មាន​ឱកាស​បង្កើន​សមត្ថភាព​ផ្ទាល់​ខ្លួន​ក្នុង​លក្ខណៈ​ណា​មួយ​នៃ​កិច្ច​បម្រើ។ ការ​រៀន​សា​ឡើង​វិញ​ម្ដង​ម្កាល​ផ្ដល់​ឱកាស​ឲ្យ​យើង​ពិចារណា​ថា តើ​យើង​បាន​រីក​ចម្រើន​ប៉ុន្មាន​ក្នុង​កិច្ច​បម្រើ​សម​ស្រប​តាម​ការ​បង្ហាត់​បង្រៀន​ដែល​យើង​បាន​ទទួល?

ជា​រៀង​រាល់​ឆ្នាំ អង្គការ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​កម្មវិធី​សម្រាប់​សាលា​កិច្ច​បម្រើ​ផ្សាយ។ កាលវិភាគ​នេះ​បញ្ជាក់​ព័ត៌មាន​ដែល​ត្រូវ​ប្រើ​ជា​មូលដ្ឋាន ហើយ​របៀប​សុន្ទរកថា​នីមួយ​ៗ​​ត្រូវ​ថ្លែង។ អស់​ជា​ច្រើន​ឆ្នាំ សាលា​កិច្ច​បម្រើ​ផ្សាយ​បាន​ស​ឲ្យ​ឃើញ​ថា​មាន​តម្លៃ​ខ្ពស់​ក្នុង​ការ​អប់រំ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​អ្នក​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ។ អស់​អ្នក​ដែល​កំពុង​តែ​ចូល​រួម​ជា​ទៀងទាត់​ជា​មួយ​ក្រុម​ជំនុំ រួម​ទាំង​អ្នក​ថ្មី​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ដែរ អាច​ចុះ​ឈ្មោះ​ជា​សិស្ស​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ​បាន ឲ្យ​តែ​ពួក​គាត់​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ហើយ​របៀប​រស់​នៅ​របស់​ពួក​គាត់​គឺ​សម​ស្រប​តាម​គោលការណ៍​គ្រិស្ត​សា​សនិក។

ដោយ​ចុះ​ឈ្មោះ​ជា​សិស្ស​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ យើង​បង្ហាញ​ថា​យើង​ចង់​ជឿន​ទៅ​មុខ​ខាង​វិញ្ញាណ។ ការ​ណែនាំ​ដែល​ទទួល​ពី​សាលា​នោះ​អាច​ជួយ​ឲ្យ​យើង​ប្រព្រឹត្ត​​«​ការ​ល្អ​»​​ជា​អ្នក​សរសើរ​ព្រះ​យេហូវ៉ា​ជា​សាធារណៈ។ (​ម៉ាថ. ៥:១៦​) កិច្ច​ប្រជុំ​នោះ​ក៏​ជួយ​ឲ្យ​យើង​សម្រេច​ការ​ច្រើន​ជាង ក្នុង​ពេល​ដែល​យើង​ផ្សព្វផ្សាយ ហើយ​ក៏​ជួយ​យើង​ចេះ​ឆ្លើយ​យ៉ាង​ល្អ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ដើម្បី​បណ្ដាល​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ។ ចំណែក​បង​ប្រុស​វិញ ការ​បង្ហាត់​បង្រៀន​ដែល​ទទួល​ពី​កិច្ច​ប្រជុំ​នឹង​ជួយ​គាត់​យ៉ាង​ច្រើន​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ងារ​ជំនួយ​ឬ​អ្នក​ចាស់​ទុំ ហើយ​នៅ​ទីបំផុត​មាន​សមត្ថភាព​ថ្លែង​សុន្ទរកថា​សាធារណៈ​និង​ដឹក​នាំ​ផ្នែក​សំខាន់​ៗ​​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ។

ពេល​មាន​សុន្ទរកថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ​រួច​ហើយ​នឹង​ត្រូវ​ជម្រាប​ទុក​ជា​មុន ល្មម​ឲ្យ​រៀបចំ​សុន្ទរកថា​ខ្លួន​ដោយ​ហ្មត់ចត់។ នៅ​ពេល​យើង​មាន​សុន្ទរកថា គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​មក​មុន​ប្រជុំ​ចាប់​ផ្ដើម។ យើង​គួរ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​មក​ថ្លែង​សុន្ទរកថា​របស់​យើង។ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​រឿង​អាសន្ន ហើយ​យើង​មិន​អាច​ថ្លែង​សុន្ទរកថា​របស់​យើង​បាន យើង​គួរ​ប្រាប់​អ្នក​ត្រួត​ពិនិត្យ​សាលា​ភ្លាម​ៗ​​ឬ​អ្នក​ជំនួយ​របស់​គាត់ ដើម្បី​គាត់​អាច​រៀបចំ​ឲ្យ​អ្នក​ផ្សេង​ទៀត​ថ្លែង​ជំនួស។

សាលា​កិច្ច​បម្រើ​ផ្សាយ​ជា​ផ្នែក​ទៀងទាត់​នៃ​កម្មវិធី​របស់​យើង​សម្រាប់​ទទួល​អាហារ​ខាង​វិញ្ញាណ ហើយ​សាលា​នោះ​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន។ ព្យាការី​អេសាយ​បាន​ពោល​ថា​៖ ​«​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំ​ដី នឹង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង​»​។ (​អេសា. ៥០:៤​) សាលា​នោះ​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បង្ហាត់​បង្រៀន​បង​ប្អូន​រាប់​លាន​នាក់ ឲ្យ​មាន​វោហារ​ដូច​ជា​អ្នក​ដែល​បាន​រៀន​ពី​ព្រះ​យេហូវ៉ា។ តាំង​ពី​ឆ្នាំ​ដំបូង​មក​ម្ល៉េះ ការ​រៀបចំ​នេះ​បាន​ជួយ​ឲ្យ​អ្នក​ដែល​ចុះ​ឈ្មោះ​រីក​ចម្រើន​ខាង​វិញ្ញាណ ហើយ​រៀន​របៀប​និយាយ​ស្ទាត់​ជាង​និង​ដោយ​ប្រសិទ្ធភាព​ច្រើន​ជាង ពេល​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ដោយ​មាន​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ នោះ​ការ​បង្ហាត់​បង្រៀន​នេះ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​រាស្ត្រ​ព្រះ​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​ពួក​គាត់។ ការ​អប់រំ​តាម​របៀប​នេះ​អំពី​របៀប​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ពិត​ជា​ពរ​មួយ។

អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ជា​សិស្ស​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ អាច​ទទួល​ប្រយោជន៍​ជា​ច្រើន​បើ​ប្រើ​សៀវភៅ​ក្នុង​បណ្ណាល័យ​នៅ​សាល​ព្រះ​រាជាណាចក្រ។ បណ្ណាល័យ​នោះ​គួរ​មាន​សៀវភៅ​នានា​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​លិបិក្រម​ប្រកាសនវត្ថុ​ប៉មយាម និង​សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ពីរ​បី​ប្រភេទ ហើយ​ឯកសារ​យោង​ផ្សេង​ៗ​​ទៀត​ដែល​មាន​ប្រយោជន៍។ យើង​អាច​ប្រើ​សៀវភៅ​ទាំង​អស់​នោះ​ដោយ​សេរី​មុន​ឬ​ក្រោយ​កិច្ច​ប្រជុំ។

ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ

សមាជិក​ក្រុម​ជំនុំ​និង​អ្នក​ឯ​ទៀត​ដែល​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ ទទួល​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ច្រើន​ណាស់​ពី​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ ដែល​តាម​ធម្មតា ជា​កិច្ច​ប្រជុំ​តូច​ជាង​កិច្ច​ប្រជុំ​ឯ​ទៀត។ ពីរ​បី​គ្រួសារ​និង​មនុស្ស​ខ្លះ​ទៀត​ជួបជុំ​គ្នា​សម្រាប់​កិច្ច​ប្រជុំ​នេះ។ ក្រុម​សិក្សា​នីមួយ​ៗ​​ជួបជុំ​គ្នា​នៅ​ទី​តាំង​សមរម្យ នៅ​កន្លែង​ផ្សេង​ៗ​​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ។ តាម​ធម្មតា នោះ​គឺ​ក្នុង​ផ្ទះ​របស់​បង​ប្អូន​រួម​ជំនឿ។ សាល​ព្រះ​រាជាណាចក្រ​ក៏​អាច​ត្រូវ​ប្រើ​សម្រាប់​កិច្ច​ប្រជុំ​នេះ​ដែរ។

ក្រុម​សិក្សា​នេះ​ផ្ដល់​ផល​ប្រយោជន៍​ខ្លះ ដែល​មិន​អាច​ទទួល​ភ្លាម​ៗ​​ពី​ការ​រៀបចំ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ តើ​ហេតុ​អ្វី​គឺ​ដូច្នេះ? គឺ​ដោយសារ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​មិន​ត្រឹម​តែ​ផ្ដល់​ឱកាស​ឲ្យ​យើង​សិក្សា​ប្រធាន​បទ​ពី​ព្រះ​គម្ពីរ​ដោយ​ហ្មត់ចត់ តែ​ក៏​ផ្ដល់​លទ្ធភាព​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដោយ​ផ្ទាល់​ខ្លួន​ចំពោះ​ភាព​រីក​ចម្រើន​ខាង​វិញ្ញាណ​របស់​បុគ្គល​ម្នាក់​ៗ​​ក្នុង​ក្រុម​តូច​នោះ​ដែរ។ ជំនួយ​នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​ឲ្យ​ឱវាទ​ពី​បទ​គម្ពីរ ការ​លើក​ទឹក​ចិត្ត​និង​ការ​ណែនាំ​ស្តី​អំពី​របៀប​បំពេញ​កិច្ច​បម្រើ ព្រម​ទាំង​ជំនួយ​ផ្សេង​ទៀត​ដ៏​ចាំបាច់​ខាង​វិញ្ញាណ សម​ស្រប​តាម​តម្រូវ​ការ​របស់​បុគ្គល​នោះ។ ជំនួយ​នេះ​ផុស​ចេញ​ពី​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ទ្រង់​ចំពោះ​រាស្ត្រ​ទ្រង់។—អេសា. ៤០:១១

អ្នក​ត្រួត​ពិនិត្យ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​ចេះ​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ហ្មត់ចត់ ហើយ​មាន​សមត្ថភាព​ជួយ​អ្នក​ឯ​ទៀត​បង្កើន​ចំណេះ​អំពី​ព្រះ​គម្ពីរ​និង​អនុវត្ត​ចំណេះ​នេះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​ដឹក​នាំ​ក្រុម​សិក្សា អ្នក​ត្រួត​ពិនិត្យ​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខុមាលភាព​របស់​បង​ប្អូន​ម្នាក់​ៗ​​ក្នុង​ក្រុម​សិក្សា​របស់​គាត់​និង​ភាព​ខាង​វិញ្ញាណ​របស់​ពួក​គាត់ ដោយ​ជួយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ ហើយ​ទៅ​ជួប​លើក​ទឹក​ចិត្ត​និង​ណែនាំ​ពួក​គាត់​និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ពេល​ដែល​ត្រូវ​ការ។ អ្នក​ងារ​ជំនួយ​ដែល​មាន​សមត្ថភាព​អាច​ដឹក​នាំ​ក្រុម​សិក្សា​បើ​មិន​មាន​អ្នក​ចាស់​ទុំ​គ្រប់គ្រាន់។

កិច្ច​ប្រជុំ​នេះ​ជា​ការ​សិក្សា​ជា​ក្រុម ដោយ​ប្រើ​សៀវភៅ​មួយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ បើ​និយាយ​ឲ្យ​ចំ​ទៅ ប្រជុំ​នេះ​មាន​លំនាំ​ដូច​ប្រជុំ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម។ ការ​សិក្សា​ចាប់​ផ្ដើម​និង​បញ្ចប់​ដោយ​មាន​សេចក្ដី​អធិស្ឋាន មាន​អ្នក​អាន​វគ្គ​នីមួយ​ៗ​ អ្នក​ដឹក​នាំ​សួរ​សំណួរ​អំពី​វគ្គ​នោះ បង​ប្អូន​ឆ្លើយ ហើយ​បទ​គម្ពីរ​នានា​ក៏​ត្រូវ​អាន​តាម​ដែល​មាន​ពេល។ ដើម្បី​ធ្វើ​ឲ្យ​ចំណុច​សំខាន់​ៗ​​ដិត​ជាប់​ក្នុង​គំនិត​បង​ប្អូន​ម្នាក់​ៗ​ អ្នក​ដឹក​នាំ​អាច​លៃ​ពេល​សម្រាប់​រៀន​សា​ឡើង​វិញ​យ៉ាង​ខ្លី ពេល​ដែល​រៀន​ចប់​ហើយ។ ពេល​ដែល​យើង​ទៅ​កិច្ច​ប្រជុំ​នេះ​រាល់​សប្ដាហ៍ យើង​បង្កើន​នូវ​ចំណេះ​និង​ការ​យល់​ដឹង​របស់​យើង។ យើង​នឹង​រៀន​ចំណុច​ជា​មូលដ្ឋាន​នៃ​អ្វី​ដែល​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​សិក្សា ហើយ​របៀប​គាំទ្រ​ចំណុច​ទាំង​នោះ​ដោយ​ប្រើ​ព្រះ​គម្ពីរ ព្រម​ទាំង​របៀប​ពិភាក្សា​ព័ត៌មាន​ដដែល​នោះ​ជា​មួយ​អ្នក​ដែល​យើង​ខំ​ជួយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ (​២ធី. ២:១៥​) កិច្ច​ប្រជុំ​នេះ​នឹង​ជួយ​យើង​យ៉ាង​ច្រើន​ឲ្យ​ចេះ​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​ឲ្យ​បាន​ល្អ​ជាង។

ក្នុង​ក្រុម​តូច​បែប​នេះ យើង​មាន​ឱកាស​ច្រើន​ជាង​ដើម្បី​ឆ្លើយ​សំណួរ។ យ៉ាង​នេះ យើង​ទាំង​អស់​គ្នា រួម​ទាំង​អ្នក​ថ្មី មាន​ឱកាស​ទម្លាប់​ខ្លួន​នឹង​ការ​ថ្លែង​ប្រាប់​ជា​សាធារណៈ​អំពី​ជំនឿ​របស់​យើង​នៅ​មុខ​អ្នក​ឯ​ទៀត។ (​ហេ. ១៣:១៥​) ជា​ការ​ល្អ​បើ​យើង​រៀន​ឆ្លើយ​ចេញ​ពី​ចិត្ត ជា​ជាង​អាន​ពី​សៀវភៅ។

បង​ប្អូន​ណា​ក៏​ដោយ​ក៏​អាច​អាន​បទ​គម្ពីរ​ដែរ។ ក៏​ប៉ុន្តែ​មាន​បង​ប្អូន​តែ​ម្នាក់​ដែល​អាន​វគ្គ​នីមួយ​ៗ​។ អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​នឹង​កំណត់​ជា​មុន​ឲ្យ​បង​ប្រុស​ម្នាក់​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ និង​ចេះ​អាន​ស្ទាត់ អាន​វគ្គ​នីមួយ​ៗ​។ រាល់​សប្ដាហ៍​គាត់​អាច​កំណត់​ឲ្យ​បង​ប្រុស​ម្នាក់​ទៀត​អាន​វគ្គ​នីមួយ​ៗ​។ ប្រសិន​បើ​គ្មាន​បង​ប្រុស​ម្នាក់​ដែល​មាន​សមត្ថភាព នោះ​អ្នក​ត្រួត​ពិនិត្យ​អាច​អាន​ខ្លួន​ឯង​ឬ​មួយ​បង​ស្រី​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​អាន​បាន។

ដោយសារ​ក្រុម​សិក្សា​មាន​នៅ​កន្លែង​ផ្សេង​ៗ​​ក្នុង​តំបន់​ផ្សាយ នោះ​ធ្វើ​ឲ្យ​យើង​និង​អ្នក​ចាប់​អារម្មណ៍​ថ្មី​ៗ​​ក្នុង​សហគមន៍​ស្រួល​ទៅ​កិច្ច​ប្រជុំ​នេះ។ យើង​គួរ​ព្យាយាម​នាំ​អ្នក​ឯ​ទៀត​មក​កិច្ច​ប្រជុំ​នេះ​ជា​មួយ​យើង ដើម្បី​ពួក​គាត់​អាច​ស្គាល់​នូវ​ការ​ពិភាក្សា​ដែល​លើក​កម្លាំង​ខាង​វិញ្ញាណ និង​ការ​សំណេះសំណាល​គ្នា​យ៉ាង​ស្និទ្ធស្នាល​ដែល​យើង​មាន។

ទី​តាំង​សម្រាប់​ក្រុម​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​មិន​ត្រឹម​តែ​សម្រាប់​សិក្សា​ប៉ុណ្ណោះ តែ​ក៏​អាច​ជា​កន្លែង​ប្រជុំ​គ្នា​មុន​ចេញ​ទៅ​ផ្សព្វផ្សាយ​ដែរ។ នៅ​ទី​តាំង​ការ​សិក្សា ក្រុម​នោះ​អាច​ជួបជុំ​គ្នា​នៅ​ម៉ោង​ដែល​ល្អ​សម្រាប់​បង​ប្អូន​មុន​ចេញ​ទៅ​ផ្សព្វផ្សាយ។ ដោយ​ធ្វើ​តាម​ការ​រៀបចំ​ទាំង​អស់​នេះ ក្រុម​សិក្សា​នីមួយ​ៗ​​រួម​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​សម្រេច​គោល​បំណង​ពីរ​យ៉ាង ពោល​គឺ​ការ​សិក្សា​និង​ការ​ផ្សព្វផ្សាយ។

ប្រជុំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ

នៅ​ថ្ងៃ​និង​ម៉ោង​ផ្សេង​ៗ​​រាល់​សប្ដាហ៍ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជួបជុំ​ជា​ក្រុម​ដើម្បី​រៀបចំ​ចេញ​ទៅ​ផ្សព្វផ្សាយ។ តាម​ធម្មតា​នៅ​កិច្ច​ប្រជុំ​ទាំង​នេះ ពួក​គាត់​ពិភាក្សា​បទ​គម្ពីរ​មួយ​(​យក​ល្អ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​ប្រសិន​បើ​ទាក់ទង​នឹង​កិច្ច​ផ្សព្វផ្សាយ​) យោបល់​អំពី​របៀប​ប្រព្រឹត្ត​ក្នុង​កាលៈទេសៈ​ផ្សេង​ៗ​​ដែល​យើង​ជួប​ប្រទះ​ក្នុង​កិច្ច​ផ្សព្វផ្សាយ ឬ​ក៏​ចំណុច​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ បន្ទាប់​ពី​នោះ បង​ប្អូន​ធ្វើ​ការ​រៀបចំ ហើយ​បង​ប្អូន​ម្នាក់​អធិស្ឋាន​ដើម្បី​ក្រុម​នោះ។ ពេល​អធិស្ឋាន​ហើយ បង​ប្អូន​អាច​ចេញ​ទៅ​ផ្សព្វផ្សាយ​បាន។ កិច្ច​ប្រជុំ​បែប​នេះ​ផ្ដល់​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​ថែម​ទាំង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​សម្រាប់​អ្នក​ដែល​ចេញ​ទៅ​ផ្សព្វផ្សាយ។ នៅ​ឯ​កិច្ច​ប្រជុំ​នេះ អ្នក​ដឹក​នាំ​អាច​ចាត់​ចែង​ដើម្បី​ឲ្យ​អ្នក​ផ្សាយ​ថ្មី​ឬ​អ្នក​ផ្សេង​ទៀត​ទទួល​ជំនួយ​ណា​ដែល​ចាំបាច់​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ កិច្ច​ប្រជុំ​ទាំង​នេះ​មាន​រយៈ​ពេល​១០​ទៅ​ដល់​១៥​នាទី។

កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ​ថ្មី​ឬ​ក្រុម​ជំនុំ​តូច

កាល​ដែល​មនុស្ស​កាន់​តែ​ច្រើន​ក្លាយ​ទៅ​ជា​សិស្ស​ព្រះ​យេស៊ូ ចំនួន​ក្រុម​ជំនុំ​ក៏​កើន​ឡើង​ដែរ។ មិន​ថា​ក្រុម​ជំនុំ​ថ្មី​នោះ​កើត​ពី​ការ​បែក​ក្រុម​ជំនុំ​ដ៏​ធំ​មួយ ឬ​ត្រូវ​បង្កើត​ដោយ​អ្នក​ផ្សព្វផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក៏​ដោយ ត្រូវ​តែ​មាន​អ្នក​ផ្សព្វផ្សាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​និង​អ្នក​ឯ​ទៀត​ដែល​ទទួល​ស្គាល់​អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ ហើយ​ចង់​ចុះ​ចូល​ចំពោះ​ការ​ណែនាំ​ពី​ពួក​គាត់។ ធម្មតា អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ផ្ញើ​សេចក្ដី​ស្នើ​សុំ​ធ្វើ​ជា​ក្រុម​ជំនុំ​ថ្មី។ ក្នុង​ករណី​ខ្លះ ក្រុម​តូច​ៗ​​ប្រហែល​ជា​ទទួល​ប្រយោជន៍​ច្រើន​ជាង ប្រសិន​បើ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ជំនុំ​មួយ​ដែល​នៅ​ជិត។

ជួន​កាល​ក្រុម​ជំនុំ​តូច​មាន​សមាជិក​សុទ្ធតែ​ជា​បង​ប្អូន​ស្រី​ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ បង​ស្រី​ម្នាក់​ដែល​អធិស្ឋាន​តាង​នាម​ក្រុម​ជំនុំ​ឬ​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រូវ​ពាក់​អ្វី​មួយ​លើ​ក្បាល សម​ស្រប​តាម​ការ​រៀបចំ​ដែល​បញ្ជាក់​ក្នុង​ព្រះ​គម្ពីរ។ (​១កូ. ១១:៣​-​១៦​) ក្នុង​ករណី​ភាគ​ច្រើន ពួក​គាត់​នឹង​អង្គុយ​ហើយ​បែរ​មុខ​មើល​បង​ប្អូន។ បង​ស្រី​ទាំង​នោះ​មិន​ថ្លែង​សុន្ទរកថា​ជូន​ក្រុម​ជំនុំ​ស្ដាប់​ទេ។ ពួក​គាត់​អាន​និង​ប្រាប់​យោបល់​ពី​ព័ត៌មាន​ដែល​ត្រូវ​រៀបចំ​ដោយ​អង្គការ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឬ​បើ​មិន​ចង់​ប្រើ​របៀប​ដដែល​ៗ​ ពួក​គាត់​អាច​ពិភាក្សា​ព័ត៌មាន​នោះ​ដោយ​សំណួរ​និង​ចម្លើយ​ឬ​ការ​សម្ដែង​ក៏​បាន។

ធម្មតា អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​ជូន​យោបល់​ការិយាល័យ​សាខា​ស្តី​អំពី​បង​ប្អូន​ប្រុស​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ក្នុង​ក្រុម​ជំនុំ​ថ្មី​មួយ។ ប្រសិន​បើ​គ្មាន​បង​ប្រុស​ណា​ម្នាក់​មាន​លក្ខណៈ​គ្រប់គ្រាន់ ដូច​ក្នុង​ករណី​ក្រុម​ជំនុំ​ដែល​មាន​តែ​បង​ស្រី​ប៉ុណ្ណោះ នោះ​ការិយាល័យ​សាខា​នឹង​កំណត់​ឲ្យ​បង​ស្រី​ម្នាក់​ដឹក​នាំ​កិច្ច​ប្រជុំ​ហើយ​មើល​ការ​ខុស​ត្រូវ​លើ​ការ​ផ្ញើ​និង​ទទួល​សំបុត្រ​ពី​ការិយាល័យ​សាខា។ ក្រោយ​មក ពេល​មាន​បង​ប្អូន​ប្រុស​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ អាច​ត្រូវ​តែងតាំង​បាន នោះ​ពួក​គាត់​នឹង​មើល​ការ​ខុស​ត្រូវ​លើ​ភារកិច្ច​ទាំង​នេះ​វិញ។

សន្និបាត​ពិសេស​និង​សន្និបាត​ប្រចាំ​មណ្ឌល

កិច្ច​ប្រជុំ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​តាំង​ពី​កិច្ច​ប្រជុំ​តូច​ដែល​មាន​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ រហូត​ដល់​សន្និបាត​ធំ​ដែល​មាន​រាប់​ពាន់​នាក់។ ជា​រៀង​រាល់​ឆ្នាំ មាន​ការ​រៀបចំ​ឲ្យ​ក្រុម​ជំនុំ​ផ្សេង​ៗ​​ដែល​ស្ថិត​ក្នុង​មណ្ឌល​ជា​មួយ​គ្នា​ឲ្យ​ជួបជុំ​គ្នា​មួយ​ថ្ងៃ​សម្រាប់​សន្និបាត​ពិសេស ហើយ​ពីរ​ថ្ងៃ​សម្រាប់​សន្និបាត​ប្រចាំ​មណ្ឌល។ គ្រា​សប្បាយ​ទាំង​នេះ​ផ្ដល់​ឱកាស​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​​«​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​»​ ពេល​សំណេះសំណាល​ជា​បង​ប្អូន​គ្រិស្ត​សា​សនិក។ (​២កូ. ៦:១១​-​១៣​) ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​រៀបចំ​ប្រធាន​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ថែម​ទាំង​រៀបចំ​សុន្ទរកថា​ផ្សេង​ៗ​​សម្រាប់​កម្មវិធី​ទាំង​នោះ។ ព័ត៌មាន​នោះ​ត្រូវ​ផ្ដល់​តាម​របៀប​ផ្សេង​ៗ​ ដូច​ជា​សុន្ទរកថា ការ​ពិភាក្សា​គ្នា ការ​សម្ដែង និង​បទ​សម្ភាសន៍។ តាម​ធម្មតា កម្មវិធី​មាន​សុន្ទរកថា​ផ្សេង​ៗ​​ដែល​ទាក់ទង​នឹង​កាលៈទេសៈ​តាម​តំបន់​ឬ​ឱវាទ​ដែល​ជូន​ជា​ពិសេស​សម្រាប់​មណ្ឌល​នោះ។ ការ​ណែនាំ​ដែល​ផ្ដល់​តាម​ត្រូវ​ពេល​ដូច្នេះ លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​ទៅ​សន្និបាត។

នៅ​សន្និបាត​ពិសេស​និង​សន្និបាត​ប្រចាំ​មណ្ឌល មាន​ឱកាស​ឲ្យ​សិស្ស​ថ្មី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ អស់​អ្នក​ដែល​ទៅ​សន្និបាត​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ស្ដាប់​សេចក្ដី​រាយ​ការណ៍​និង​បទ​ពិសោធន៍​ដែល​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។

មហា​សន្និបាត

មួយ​ឆ្នាំ​ម្ដង មាន​កិច្ច​ប្រជុំ​ធំ​ជាង​ដែល​រៀបចំ​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ធម្មតា​នោះ​គឺ​មហា​សន្និបាត​បី​ថ្ងៃ ដែល​រួម​បញ្ចូល​ក្រុម​ជំនុំ​ពី​មណ្ឌល​ផ្សេង​ៗ​។ ក៏​ប៉ុន្តែ ប្រហែល​ជា​ស្រួល​ជាង​និង​សម​ហេតុ​សម​ផល​ជាង បើ​ការិយាល័យ​សាខា​នៅ​ប្រទេស​ដែល​មិន​មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ច្រើន រៀបចំ​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ការិយាល័យ​សាខា​នោះ​ជួបជុំ​គ្នា​នៅ​កន្លែង​តែ​មួយ។ នៅ​ប្រទេស​ខ្លះ​ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​ទាំង​នេះ​ប្រហែល​ជា​មាន​លក្ខណៈ​ខុស​ៗ​​គ្នា​សម​ស្រប​តាម​កាលៈទេសៈ​តាម​តំបន់ ឬ​ស្រប​តាម​ការ​ណែនាំ​ពី​គណៈ​អភិបាល។ មហា​សន្និបាត​ជាតិ​ក៏​មាន​ដែរ។ ជា​ទៀងទាត់​មាន​មហា​សន្និបាត​អន្តរជាតិ​ទូ​ទាំង​ផែនដី ដែល​ប្រហែល​ជា​មាន​ស្មរបន្ទាល់​រាប់​ម៉ឺន​នាក់​ចូល​រួម​ពី​ប្រទេស​ផ្សេង​ៗ​។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មនុស្ស​ជា​ច្រើន​នាក់​បាន​រៀន​អំពី​ដំណឹង​ល្អ​ដោយសារ​ការ​ផ្សាយ​ព័ត៌មាន​នៅ​ជិត​ឆ្ងាយ​អំពី​កិច្ច​ប្រជុំ​ធំ​ៗ​​ទាំង​នេះ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

សម្រាប់​រាស្ត្រ​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន​នោះ មហា​សន្និបាត សន្និបាត​ជាតិ និង​សន្និបាត​អន្តរជាតិ​ជា​គ្រា​សប្បាយ​សម្រាប់​ជួបជុំ​គ្នា​ថ្វាយ​បង្គំ​ដោយ​សាមគ្គី​ភាព។ សន្និបាត​ទាំង​នេះ​ជា​ឱកាស​ឲ្យ​ទទួល​ពន្លឺ​ថែម​ទៀត​អំពី​សេចក្ដី​ពិត ថែម​ទាំង​ចេញ​សៀវភៅ​ថ្មី​សម្រាប់​សិក្សា​ផ្ទាល់​ខ្លួន​ឬ​ជា​ក្រុម​ជំនុំ​ឬ​មួយ​ក៏​សម្រាប់​កិច្ច​ផ្សព្វផ្សាយ ហើយ​ក៏​ជា​ឱកាស​សម្រាប់​ពិធី​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​មហា​សន្និបាត​ជា​ការ​រៀបចំ​សំខាន់​ណាស់​សម្រាប់​ជួយ​ឲ្យ​រីក​ចម្រើន​ខាង​វិញ្ញាណ ហើយ​សម្រាប់​ពិចារណា​ការ​ជឿន​ទៅ​មុខ​ក្នុង​ការ​បំពេញ​សេចក្ដី​បង្គាប់​របស់​ព្រះ​គ្រិស្ត​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ នៅ​ប្រទេស​ខ្លះ​ៗ​​ដែល​តូច​ជាង មហា​សន្និបាត​មួយ​ៗ​​ប្រហែល​ជា​សន្និបាត​ជាតិ​តែ​ម្ដង។ សន្និបាត​ធំ​បែប​នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ភាតរភាព​អន្តរជាតិ​ជា​គ្រិស្ត​សា​សនិក​ដែល​បាន​ថ្វាយ​ខ្លួន ថែម​ទាំង​មាន​ទី​សម្គាល់​ដែល​បញ្ជាក់​ថា​ពួក​គាត់​ជា​សិស្ស​ពិត​របស់​ព្រះ​យេស៊ូ​គ្រិស្ត។—យ៉ូន. ១៣:៣៥

ដោយ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ព្រម​ទាំង​សន្និបាត​និង​មហា​សន្និបាត​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា យើង​ពង្រឹង​ការ​តាំង​ចិត្ត​ឲ្យ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​ក៏​ត្រូវ​ការ​ពារ​ពី​ឥទ្ធិពល​លោកិយ​ដែល​អាច​បំផ្លាញ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​គ្រិស្ត។ យើង​ទាំង​អស់​គ្នា​គួរ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​បាន​រៀបចំ​ឱកាស​ទាំង​នេះ​ដើម្បី​ផ្ដល់​កម្លាំង​ខាង​វិញ្ញាណ​ដល់​រាស្ត្រ​របស់​ទ្រង់​នៅ​គ្រា​ចុង​បញ្ចប់​នេះ។

អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់

មួយ​ឆ្នាំ​ម្ដង នៅ​ថ្ងៃ​ខួប​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​គ្រិស្ត ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​បុណ្យ​រំលឹក​ការ​សោយ​ទិវង្គត​របស់​ព្រះ​គ្រិស្ត ឬ​ហៅ​ថា​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់។ (​១កូ. ១១:២០, ២៣, ២៤​) នេះ​ជា​កិច្ច​ប្រជុំ​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា។ យើង​បាន​ត្រូវ​បង្គាប់​ដោយ​ចំ​ៗ​​ឲ្យ​ធ្វើ​បុណ្យ​រំលឹក។—លូ. ២២:១៩

ថ្ងៃ​ខែ​បុណ្យ​រំលឹក​គឺ​ចំ​នឹង​ថ្ងៃ​ខែ​បុណ្យ​រំលង​ដែល​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ព្រះ​គម្ពីរ។ (​និក្ខ. ១២:២, ៦; ម៉ាថ. ២៦:១៧, ២០, ២៦​) បុណ្យ​រំលង​គឺ​ជា​បុណ្យ​ប្រចាំ​ឆ្នាំ​ដែល​រំលឹក​ពី​ពេល​ជន​ជាតិ​អ៊ី​ស្រា​អែ​ល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​នៅ​ឆ្នាំ​១៥១៣​មុន​គ.ស.។ នៅ​ឆ្នាំ​នោះ ព្រះ​យេហូវ៉ា​បាន​កំណត់​ថ្ងៃ​ទី​១៤​នៃ​ខែ​ដំបូង​តាម​ប្រតិ​ទិន​ចន្ទ​គតិ​របស់​សាសន៍​អ៊ី​ស្រា​អែ​ល ជា​ថ្ងៃ​ពួក​គាត់​ត្រូវ​បរិភោគ​សាច់​ចៀម​បុណ្យ​រំលង​ហើយ​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ១២:១​-​៥១​) កាល​បរិច្ឆេទ​នោះ​ត្រូវ​កំណត់​ដោយ​រង់ចាំ​អយន​កាល​ឬ​ថ្ងៃ​ដែល​មាន​យប់​១២​ម៉ោង​និង​ថ្ងៃ​១២​ម៉ោង​នៅ​រដូវ​ផ្កា​រីក។ ថ្ងៃ​នោះ​ហៅ​ថា​អយន​កាល។ បន្ទាប់​មក​ពួក​គាត់​ចាំ​ទាល់តែ​ឃើញ​ព្រះ​ចន្ទ​ដើម​ខ្នើ​ត​នៅ​ទី​ក្រុង​យេរូសាឡិម។ ពេល​ឃើញ​ហើយ ពួក​គាត់​រាប់​១៤​ថ្ងៃ​បន្ទាប់​ពី​នោះ។ ធម្មតា បុណ្យ​រំលឹក​គឺ​ចំ​នឹង​ថ្ងៃ​ព្រះ​ចន្ទ​ពេញ​បូណ៌​មី​ជា​លើក​ទី​មួយ​បន្ទាប់​ពី​អយន​កាល។

ម៉ាថាយ ២៦:២៦​-​២៨​មាន​បន្ទូល​របស់​ព្រះ​យេស៊ូ​ផ្ទាល់​ស្តី​អំពី​របៀប​ធ្វើ​បុណ្យ​រំលឹក។ បុណ្យ​នោះ​មិន​មែន​ជា​ក្បួន​រីតិ៍​ដែល​ជាប់​ទាក់ទង​នឹង​មន្តអាគម​ទេ តែ​ជា​ពិធី​និមិត្តរូប សម្រាប់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​គ្រង​មត៌ក​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត។ (​លូ. ២២:២៨​-​៣០​) គ្រិស្ត​សា​សនិក​ឯ​ទៀត​ដែល​បាន​ថ្វាយ​ខ្លួន​រួច​ហើយ និង​អ្នក​ចាប់​អារម្មណ៍​ដែល​ទៅ​ពិធី​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ ទៅ​ក្នុង​បំណង​ជា​អ្នក​សង្កេត​មើល។ ដោយ​ទៅ​ពិធី​នោះ ពួក​គាត់​បង្ហាញ​នូវ​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​សម្រាប់​សំ​វិធានការ​ដែល​ទ្រង់​រៀបចំ​តាម​រយៈ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រិស្ត ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​ទាំង​ឡាយ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​បុណ្យ​រំលឹក​ជា​កិច្ច​ប្រជុំ​ពិសេស​ហើយ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ទៅ​ជា​រៀង​រាល់​ឆ្នាំ។

ធម្មតា រាល់​ឆ្នាំ នៅ​ដើម​ឆ្នាំ​មិន​យូរ​ក្រោយ​បុណ្យ​រំលឹក មាន​សុន្ទរកថា​ពិសេស​មួយ​ដែល​ត្រូវ​ថ្លែង​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពួក​គាត់​ព្យាយាម​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​ទាំង​អស់​ឲ្យ​ចូល​រួម។ សុន្ទរកថា​នោះ​មាន​ព័ត៌មាន​ដ៏​ត្រូវ​ពេល​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ។ សុន្ទរកថា​នោះ​ក៏​បាន​ត្រូវ​រៀបចំ​ដើម្បី​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​ទៅ​លើ​ការ​សិក្សា​ព្រះ​គម្ពីរ។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អំណរ​ដោយ​រង់ចាំ​ឱកាស​ជួបជុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ ដែល​ទី​នោះ​យើង​​«​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក . . . ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​»​។ (​ហេ. ១០:២៤​) ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​យក​ចិត្ត​ទុក​ដាក់​រៀបចំ​កិច្ច​ប្រជុំ​ទាំង​នេះ​សម​ស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​យើង។ គួរ​គប្បី​ឲ្យ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​ឡាយ​ព្រម​ទាំង​អ្នក​ចាប់​អារម្មណ៍​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​រៀបចំ​ទាំង​នេះ​សម្រាប់​ជួបជុំ​គ្នា។ ដោយ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អង្គការ​របស់​ទ្រង់ អ្នក​បម្រើ​របស់​ព្រះ​មាន​សាមគ្គី​ភាព។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក