«[ចូរ]ផ្សាយព្រះបន្ទូល . . . ដោយឥតភ័យខ្លាច»
១ តើអ្នកជួនកាលស្ទាក់ស្ទើរប្រាប់អំពីជំនឿរបស់អ្នកពេលមានឱកាសនៅសាលារៀន ឬកន្លែងធ្វើការទេ? តើការផ្សព្វផ្សាយក្រៅផ្លូវការដល់ញាតិសន្ដាន និងអ្នកជិតខាង ឬមនុស្សដែលយើងមិនស្គាល់ ពិបាកសម្រាប់អ្នកទេ? តើអ្វីនឹងជួយយើងគ្រប់រូបឲ្យយកឱកាសដែលសមរម្យដើម្បី«ផ្សាយព្រះបន្ទូល . . . ដោយឥតភ័យខ្លាច»?—ភី. ១:១៤
២ ចូរកុំស្ទាក់ស្ទើរ: ប្រសិនបើគេកំពុងតែចោទប្រកាន់ដោយមិនពិតអំពីមិត្តជិតស្និទ្ធឬញាតិសន្ដាន តើអ្នកនឹងស្ទាក់ស្ទើរការពារគាត់ទេ? ព្រះយេហូវ៉ាជាមិត្តជិតស្និទ្ធបំផុតរបស់យើង ត្រូវបានគេនិយាយបង្កាច់បង្ខូចយ៉ាងអាក្រក់អស់រយៈរាប់ពាន់ឆ្នាំទៅហើយ។ យើងមានឯកសិទ្ធិដ៏ល្អឯកក្នុងការធ្វើបន្ទាល់ដើម្បីព្រះដ៏ឧត្តមរបស់យើង។ (អេសា. ៤៣:១០-១២) សេក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ាអាចជួយយើងតស៊ូនឹងអារម្មណ៍អៀនខ្មាសឬការភ័យខ្លាច ហើយក៏អាចជំរុញយើងឲ្យមិនស្ទាក់ស្ទើរនិយាយឬធ្វើបន្ទាល់អំពីសេចក្ដីពិតដោយចិត្តក្លាហាន។—កិច្ច. ៤:២៦, ២៩, ៣១
៣ ចូរចាំថាសាររបស់យើងជាដំណឹងល្អ។ ដំណឹងល្អនេះនឹងនាំឲ្យមានប្រយោជន៍ជាយូរអង្វែង ដល់អស់អ្នកដែលប្រព្រឹត្តតាម។ ការផ្ដោតអារម្មណ៍ទៅលើតម្លៃនៃកិច្ចផ្សព្វផ្សាយ ជាជាងលើខ្លួនឬអ្នកដែលប្រឆាំងយើង នឹងជួយយើងឲ្យផ្សព្វផ្សាយដោយចិត្តក្លាហាន។
៤ គំរូរបស់អ្នកឯទៀត: យើងអាចទទួលកម្លាំងពីគំរូនៃការប្រព្រឹត្តដ៏ស្មោះត្រង់របស់អ្នកឯទៀត ដែលផ្សាយព្រះបន្ទូលរបស់ព្រះដោយឥតភ័យខ្លាច។ ជាឧទាហរណ៍ លោកហេណុកបានប្រកាសសេក្ដីកាត់ទោសរបស់ព្រះយេហូវ៉ាដោយចិត្តក្លាហាន ដល់ពួកទមិឡល្មើសដ៏មានបាប។ (យូ. ១៤, ១៥) លោកណូអេបានផ្សព្វផ្សាយដោយស្មោះដល់មនុស្សដែលមិនអើពើ។ (ម៉ាថ. ២៤:៣៧-៣៩) គ្រិស្តសាសនិកនៅសតវត្សរ៍ទីមួយដែល«មិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មាន» បានបន្តផ្សព្វផ្សាយ ទោះបីមានការប្រឆាំងយ៉ាងខ្លាំងក៏ដោយ។ (កិច្ច. ៤:១៣, ១៨-២០) ម្ដងម្កាលសៀវភៅយើងមានប្រវត្ដិជីវិតនៃបងប្អូនពីសម័យយើង ដែលបានយកឈ្នះលើការភ័យខ្លាចមនុស្ស និងទៅជាអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែង ដោយអនុវត្តជំនឿលើព្រះយេហូវ៉ា។
៥ យើងអាចមានចិត្តក្លាហានដោយពិចារណាជីវិតរបស់អ្នកបម្រើស្មោះត្រង់ពីសម័យបុរាណ ដែលបានឆ្លងកាត់ស្ថានការណ៍ពិបាក។ (១ពង្ស. ១៩:២, ៣; ម៉ាក. ១៤:៦៦-៧១) ពួកគេបាន«មានចិត្តក្លាហាន ដោយសារព្រះនៃយើង» និងផ្សាយដោយឥតភ័យខ្លាច។ យើងក៏អាចធ្វើដូច្នេះដែរ!—១ថែ. ២:២