ចូរបន្តផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន
១ ដោយសារយើងជាគ្រីស្ទានដែលធ្វើកិច្ចបំរើផ្សាយយើងដឹងថា មិនមែនមនុស្សទាំងអស់នឹងស្ដាប់ពេលដែលយើងផ្សព្វផ្សាយនោះទេ។ (ម៉ាថ. ១០:១៤) ក៏ប៉ុន្តែទោះបីជាគេមិនចាប់អារម្មណ៍នឹងអ្វីដែលយើងផ្សាយនោះក៏ដោយ យើងមិនអនុញ្ញាតឲ្យនេះរារាំងយើងពីការផ្សាយដំណឹងល្អឡើយ។ (សុ. ២៩:២៥) តើអ្វីជួយយើងបន្តផ្សាយព្រះបន្ទូលព្រះដោយចិត្តក្លាហាន?
២ សាវ័កប៉ុលបានចាត់ទុកការ«ស្គាល់ព្រះគ្រីស្ទយេស៊ូវ»ជា«សេចក្ដីដែលប្រសើរជាង»។ នេះបានជំរុញគាត់ឲ្យនិយាយដោយ«សេចក្ដីជំនឿដ៏មោះមុតជាខ្លាំង»។ (ភី. ៣:៨; ១ថែ. ១:៥) ថ្វីបើអ្នកខ្លះបានចាត់ទុកសារដែលប៉ុលផ្សាយថាអន់ឬជារឿងចំកួតក៏ដោយ គាត់បានដឹងថាសារនោះសម្ដែងពី«ព្រះចេស្ដានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ»។ (រ៉ូម ១:១៦) ហេតុដូច្នេះ សូម្បីតែពេលដែលប៉ុលប្រឈមមុខនឹងការប្រឆាំងក៏ដោយ គាត់បានបន្ត«អធិប្បាយយ៉ាងក្លៀវក្លា»ឬចិត្តក្លាហាន«ដោយនូវព្រះអម្ចាស់»។—កិច្ច. ១៤:១-៧; ២០:១៨-២១, ២៤
៣ ប្រភពនៃកំឡាំងរបស់យើង: ប៉ុលបានធ្វើបន្ទាល់ដោយចិត្តក្លាហាន មិនមែនដោយអាងកំឡាំងខ្លួនគាត់ផ្ទាល់ទេ។ ប៉ុលបានសរសេរអំពីខ្លួនគាត់និងស៊ីឡាសថា៖ «ក្រោយដែលយើងខ្ញុំបានរងទុក្ខ នឹងត្រូវគេជេរប្រមាថនៅក្រុងភីលីព . . . យើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះ មកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង»។ (១ថែ. ២:២, កំណែជាអក្សរទ្រេត; កិច្ច. ១៦:១២, ៣៧) ម្យ៉ាងទៀត ពេលជាប់គុកនៅក្រុងរ៉ូម ប៉ុលបានសុំឲ្យបងប្អូនឯទៀតអធិស្ឋានសូមឲ្យព្រះជួយគាត់ដើម្បីឲ្យគាត់អាចបន្តផ្សាយដំណឹងល្អដោយ‹សេចក្ដីក្លាហាន ប្រយោជន៍ឲ្យបាននិយាយតាមដែលគួរគប្បី›។ (អេភ. ៦:១៨-២០) ដោយពឹងផ្អែកទៅលើព្រះជាជាងទៅលើខ្លួនឯង ប៉ុលអាចបន្តផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន។—២កូ. ៤:៧; ភី. ៤:១៣
៤ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ បុរសជាស្មរបន្ទាល់ម្នាក់មិនហ៊ាននិយាយប្រាប់អ្នកធ្វើការជាមួយថាខ្លួនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាទេ ហើយគាត់ក៏មិនហ៊ានធ្វើបន្ទាល់ដល់អស់អ្នកនៅកន្លែងធ្វើការនោះដែរ។ ដូច្នេះ គាត់បានអធិស្ឋានអំពីរឿងនេះហើយបានចាប់ផ្ដើមធ្វើបន្ទាល់។ ជាដំបូង បុរសម្នាក់ដែលធ្វើការជាមួយគាត់មិនចង់ស្ដាប់ទេ ប៉ុន្តែពេលបងប្រុសជាស្មរបន្ទាល់បាននិយាយអំពីសេចក្ដីសង្ឃឹមពីដំណើររស់ឡើងវិញនោះ បុរសនោះក៏សុខចិត្តសិក្សាព្រះគម្ពីរ។ ចាប់តាំងពីពេលនោះមក បងប្រុសជាស្មរបន្ទាល់នោះបានឆ្លៀតគ្រប់ឱកាសទាំងអស់ដើម្បីធ្វើបន្ទាល់។ ក្រោយមក បងប្រុសជាស្មរបន្ទាល់បានផ្លាស់កន្លែងធ្វើការ។ ក្នុងរយៈពេល១៤ឆ្នាំនៅទីនោះ គាត់បានជួយមនុស្ស៣៤នាក់ឲ្យទទួលបុណ្យជ្រមុជទឹក។ ស្រដៀងគ្នាដែរ យើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងពង្រឹងកម្លាំងយើងឲ្យ«ផ្សាយព្រះបន្ទូលដោយសេចក្ដីក្លាហានដ៏ពេញលេញ»។—កិច្ច. ៤:២៩