ប្រអប់សំណួរ
◼ តើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›យល់ព្រមឲ្យស្មរបន្ទាល់មួយចំនួនប្រជុំគ្នាខ្លួនឯងដោយឡែក ដើម្បីស្រាវជ្រាវឬជជែកអំពីបទគម្ពីរទេ?—ម៉ាថ. ២៤:៤៥, ៤៧
អ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អមិនយល់ព្រមទេ។ ប៉ុន្តែនៅកន្លែងផ្សេងៗទូទាំងពិភពលោក មានបងប្អូនខ្លះក្នុងអង្គការរបស់យើងបានបង្កើតក្រុមដើម្បីស្រាវជ្រាវអំពីរឿងដែលទាក់ទងនឹងគម្ពីរដោយខ្លួនឯង។ ក្រុមឯទៀតសិក្សាភាសាហេព្រើរនិងភាសាក្រិចដោយខ្លួនឯង ហើយបងប្អូនខ្លះបានចូលរួមនឹងក្រុមនោះ ដើម្បីពិនិត្យពិច័យភាពត្រឹមត្រូវរបស់គម្ពីរដែលអង្គការបានបកប្រែនិងបោះពុម្ព ពោលគឺសេចក្ដីបកប្រែពិភពលោកថ្មី (New World Translation)។ បងប្អូនឯទៀត ស្រាវជ្រាវរឿងខាងវិទ្យាសាស្ត្រដែលទាក់ទងនឹងគម្ពីរ។ បងប្អូនទាំងនោះបានបង្កើតវើបសាយ និងការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអ៊ីនធឺណិតក្នុងបំណងផ្លាស់ប្ដូរនិងជជែកអំពីទស្សនៈរបស់ខ្លួន។ ពួកគេក៏បានធ្វើសន្និសីទ ហើយបោះពុម្ពសៀវភៅដើម្បីរាយការណ៍អំពីអ្វីដែលពួកគេបានស្រាវជ្រាវឃើញដែរ។ ណាមួយទៀត ពួកគេប្រើព័ត៌មាននោះ បន្ថែមពីអ្វីដែលអង្គការយើងបានផ្ដល់នៅឯកិច្ចប្រជុំរបស់គ្រិស្តសាសនិក និងសៀវភៅផ្សេងៗរបស់យើង។
ទូទាំងពិភពលោក រាស្ត្ររបស់ព្រះយេហូវ៉ាកំពុងតែទទួលការបង្ហាត់បង្រៀនពីទ្រង់ និងការលើកទឹកចិត្តជាបរិបូរនៅឯកិច្ចប្រជុំក្រុមជំនុំ សន្និបាត មហាសន្និបាត ព្រមទាំងសៀវភៅផ្សេងៗរបស់អង្គការទ្រង់ដែរ។ នៅក្រោមការណែនាំពីសកម្មពលរបស់ព្រះ ហើយដោយមានមូលដ្ឋានលើបណ្ដាំដ៏ពិតរបស់ទ្រង់ ព្រះយេហូវ៉ាប្រទានអ្វីដែលត្រូវការដើម្បីរាស្ត្ររបស់ទ្រង់ទាំងឡាយអាច«រួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ» ហើយនៅ«ខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ»។ (១កូ. ១:១០; កូល. ២:៦, ៧) យើងពិតជាមានចិត្តកតញ្ញូចំពោះអ្វីដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ ដើម្បីជួយរក្សាឲ្យមានចំណងមិត្តភាពល្អជាមួយទ្រង់ នៅជាន់ក្រោយបង្អស់នេះ។ យ៉ាងនេះ សៀវភៅផ្សេងៗ កិច្ចប្រជុំ ឬវើបសាយណាមួយដែលមិនត្រូវបានរៀបចំ និងបោះពុម្ពដោយ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› នោះយើងមិនយល់ព្រមឡើយ។—ម៉ាថ. ២៤:៤៥-៤៧
គួរឲ្យកោតសរសើរមែន ដែលបុគ្គលម្នាក់ចង់ប្រើសមត្ថភាពរិះគិតដើម្បីគាំទ្រដំណឹងល្អ។ យ៉ាងណាក៏ដោយ មិនគួរឲ្យរឿងទាំងនេះបំបែរអារម្មណ៍យើងពីអ្វីដែលព្រះយេស៊ូគ្រិស្តកំពុងតែផ្ដល់តាមរយៈក្រុមជំនុំរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះឡើយ។ នៅសតវត្សរ៍ទីមួយ សាវ័កប៉ុលបានព្រមានកុំឲ្យចូលរួមនិយាយអំពីរឿងដែលស៊ីកម្លាំងនិងស៊ីពេល ដូចជារឿងអំពី«ពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមានសេចក្ដីដេញដោល ជាជាងចំរើនការនៃព្រះក្នុងសេចក្ដីជំនឿ»។ (១ធី. ១:៣-៧) គួរគប្បីឲ្យគ្រិស្តសាសនិកទាំងឡាយខំប្រឹង«ចៀសវាងពីសេចក្ដីដេញដោលយ៉ាងល្ងីល្ងើ នឹងពីរឿងពង្សាវតារ ហើយពីសេចក្ដីឈ្លោះប្រកែក នឹងសេចក្ដីជជែកពីក្រិត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់»។—ទីត. ៣:៩
ចំពោះបងប្អូនណាដែលមានចិត្តចង់ស្រាវជ្រាវនិងសិក្សាគម្ពីរបន្ថែម យើងលើកទឹកចិត្តឲ្យពិនិត្យមើលអត្ថបទទស្សនាវដ្ដីប៉មយាមអំពីទំនាយនៅសៀវភៅដានីយ៉ែល អេសាយ និងវិវរណៈ។ ទស្សនាវដ្ដីប៉មយាមនោះ ផ្ដល់ព័ត៌មានជាបរិបូរសម្រាប់ការសិក្សាគម្ពីរនិងការរំពឹងគិត ដោយហេតុនោះយើងអាច«ស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យ[យើង]បានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង»។—កូល. ១:៩, ១០