ចូរប្រយ័ត្ននឹងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត!
១ រាស្ត្ររបស់ព្រះយេហូវ៉ាចូលចិត្តការសេពគប់ជាមួយគ្នាដែលប្រកបដោយក្ដីស្រឡាញ់។ ពួកគេចូលចិត្តនិយាយអំពីបទពិសោធន៍ពីកិច្ចបម្រើផ្សាយ ហើយសប្បាយនឹងឮអំពីព្រឹត្ដិការណ៍ដែលទាក់ទងនឹងស្មរបន្ទាល់ព្រះយេហូវ៉ា និងកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក។ ពួកគេចង់ដឹងអំពីអ្វីដែលកើតឡើងដល់បងប្អូនគ្នីគ្នា ដូចជាវិបត្ដិឬមហន្តរាយធម្មជាតិណាមួយ ហើយចង់ដឹងថា តើពួកគេអាចជួយបានឬទេ? ការយកចិត្តទុកដាក់បែបនេះបង្ហាញពីសាមគ្គីភាពនៃភាតរភាព ហើយជាភ័ស្តុតាងថាយើងប្រាកដជាស្រឡាញ់គ្នាទៅវិញទៅមក។—យ៉ូន. ១៣:៣៤, ៣៥
២ សព្វថ្ងៃនេះ យើងឮអំពីព្រឹត្ដិការណ៍ពិភពលោកបានយ៉ាងឆាប់រហ័ស។ ប្រព័ន្ធវិទ្យុនិងទូរទស្សន៍ផ្សាយបន្តផ្ទាល់អំពីព្រឹត្ដិការណ៍នោះយ៉ាងល្អិតល្អន់ ដល់ទស្សនិកជននៅទូទាំងផែនដី។ ប្រព័ន្ធទូរស័ព្ទក៏អនុញ្ញាតឲ្យការទាក់ទងជាមួយនឹងមនុស្សទូទាំងពិភពលោកក្នុងរយៈពេលតែមួយរំពេចដែរ។ ក្នុងចំណោមប្រព័ន្ធទាក់ទងដែលមនុស្សនិយមប្រើនៅកន្លែងកាន់តែច្រើនឡើងនោះគឺ ប្រព័ន្ធអ៊ីនធឺណិត។
៣ ការបង្កើតប្រព័ន្ធទូរស័ព្ទអនុញ្ញាតឲ្យមានការទាក់ទងផ្ទាល់ខ្លួនយ៉ាងលឿនទូទាំងពិភពលោក។ ទោះបីទូរស័ព្ទមានប្រយោជន៍មែនក៏ដោយ គួរតែប្រយ័ត្ននូវរបៀបប្រើប្រាស់ ពីព្រោះទូរស័ព្ទជាឧបករណ៍មួយដែលអាចនាំឲ្យយើងចូលរួមក្នុងសកម្មភាព ឬមានការសេពគប់មិនល្អ ហើយការប្រើប្រាស់ច្រើនពេកក៏អាចបង្ខាតលុយច្រើនដែរ។ ប្រព័ន្ធវិទ្យុនិងទូរទស្សន៍អាចប្រើដើម្បីអប់រំ។ តែគួរឲ្យស្ដាយណាស់ កម្មវិធីភាគច្រើនបង្ខូចសីលធម៌ ហើយការមើលឬស្ដាប់កម្មវិធីនោះគ្មានប្រយោជន៍សោះ។ ប្រាជ្ញាជំរុញឲ្យយើងចេះជ្រើសរើសដោយប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ប្រព័ន្ធវិទ្យុនិងទូរទស្សន៍។
៤ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ការមានទំនាក់ទំនងជាមួយនឹងមនុស្សរាប់លាននាក់ទូទាំងពិភពលោកគឺមិនសូវជាថ្លៃប៉ុន្មានទេ ហើយបើកឱកាសឲ្យមានព័ត៌មានច្រើនសន្ធឹកសន្ធាប់បាន។ យ៉ាងណាមិញ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយមិនពិនិត្យពិច័យនោះ អាចមានអានុភាពអាក្រក់លើចំណងមេត្រីភាពជាមួយព្រះ និងបណ្ដាលឲ្យមានគ្រោះថ្នាក់ខាងសីលធម៌។ តើតាមរបៀបណា?
៥ មនុស្សជាច្រើនខ្វល់ខ្វាយអំពីព័ត៌មាននៅតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញរបៀបធ្វើអាវុធ ហើយរួមបញ្ចូលគ្រាប់បែក។ ក្រុមហ៊ុនពាណិជ្ជកម្មត្អូញត្អែរអំពីពេលវេលាដែលអ្នកធ្វើការបង្ខាត ដោយសារប្រើអ៊ីនធឺណិត។ សៀវភៅដែលអង្គការយើងបានបោះពុម្ព រៀបរាប់ជាច្រើនអំពីគ្រោះថ្នាក់មកពីប្រព័ន្ធអ៊ីនធឺណិត ដែលអាចបង្ខូចចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ វើបសាយ (Web sites) ជាច្រើនបង្ហាញរូបភាពឃោរឃៅនិងរូបអាសអាភាស ដែលច្បាស់ជាមិនគួរសមសម្រាប់គ្រិស្តសាសនិកសោះ។ (ទំនុក. ១១៩:៣៧) បន្ថែមពីគ្រោះថ្នាក់ទាំងនេះ មានគ្រោះថ្នាក់ដ៏អាក្រក់ជាងនេះទៅទៀតដែលមិនងាយសម្គាល់ ហើយជាពិសេសស្មរបន្ទាល់ព្រះយេហូវ៉ា ត្រូវតែប្រុងប្រយ័ត្ន។ តើគ្រោះថ្នាក់នេះជាអ្វី?
៦ ប្រសិនបើមានមនុស្សចម្លែក តើអ្នកនឹងអញ្ជើញគាត់ឲ្យចូលទៅក្នុងផ្ទះរបស់អ្នកមុននឹងស្គាល់គាត់ជាមុនសិនទេ? ចុះយ៉ាងណាបើមិនមានវិធីដើម្បីស្គាល់គាត់? តើអ្នកនឹងអនុញ្ញាតឲ្យមនុស្សចម្លែកនេះ នៅតែម្នាក់ឯងជាមួយកូនរបស់អ្នកឬទេ? នេះជារឿងពិតមួយដែលអាចកើតឡើងជាមិនខាន តាមរយៈប្រព័ន្ធអ៊ីនធឺណិត។
៧ សារតាមប្រព័ន្ធអ៊ីនធឺណិតអាចផ្ញើ និងទទួលពីមនុស្សដែលអ្នកមិនស្គាល់។ ពេលទាក់ទងជាមួយអ្នកឯទៀតតាមរយៈប្រព័ន្ធនេះ ដូចជាការឆ្លើយឆ្លងគ្នា (Chat room) ជាមួយបុគ្គលម្នាក់ឬក្រុមមនុស្សណាមួយ អ្នកក៏មិនស្គាល់មនុស្សដែលអ្នកទាក់ទងជាមួយដែរ។ ពួកគេប្រហែលអះអាងថាគេជាស្មរបន្ទាល់ព្រះយេហូវ៉ា ប៉ុន្តែភាគច្រើនគេមិនមែនទេ។ បុគ្គលម្នាក់ប្រហែលអះអាងថាគេជាយុវវ័យម្នាក់ តែផ្ទុយទៅវិញគាត់ជាមនុស្សចាស់ ឬក៏បុគ្គលម្នាក់ប្រហែលកុហកថាគាត់ជាស្ត្រី តាមពិតគាត់ជាមនុស្សប្រុសវិញ។
៨ មនុស្សខ្លះប្រហែលផ្ញើឲ្យអ្នកនូវព័ត៌មានអំពីបទពិសោធន៍ ឬចំណុចខ្លះអំពីជំនឿរបស់យើង។ ព័ត៌មាននេះត្រូវបានផ្ញើដល់មនុស្សឯទៀត ហើយគេក៏ផ្ញើតដល់អ្នកដទៃដែរ។ ជាទូទៅព័ត៌មានដែលត្រូវបានផ្ញើតនេះ មិនអាចបញ្ជាក់ច្បាស់លាស់ ហើយប្រហែលមិនមែនជារឿងពិតផង។ ប្រហែលព័ត៌មាននេះផ្សាយពីគំនិតលាក់កំបាំងរបស់អ្នកក្បត់ជំនឿ។—២ថែ. ២:១-៣
៩ ដោយចាំអំពីគ្រោះថ្នាក់នេះ ប្រសិនបើអ្នកប្រើប្រព័ន្ធអ៊ីនធឺណិត សូមសួរខ្លួនឯងថា ‹តើខ្ញុំប្រើអ៊ីនធឺណិតសម្រាប់អ្វី? តាមរបៀបដែលខ្ញុំប្រើប្រាស់អ៊ីនធឺណិត តើខ្ញុំអាចបង្ខូចចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ាឬទេ? តើខ្ញុំកំពុងតែធ្វើឲ្យអ្នកឯទៀតបង្ខូចចំណងមិត្តភាពរបស់គេ ជាមួយនឹងព្រះយេហូវ៉ាទេ?›។
១០ វើបសាយដែលអះអាងថាជារបស់«ស្មរបន្ទាល់ព្រះយេហូវ៉ា» : សូមពិចារណាអំពីវើបសាយដែលត្រូវបានរៀបចំដោយអ្នកដែលអះអាងថាគេជាស្មរបន្ទាល់ព្រះយេហូវ៉ា។ គេអញ្ជើញអ្នកឲ្យមើលវើបសាយរបស់គេ ដើម្បីអានបទពិសោធន៍ដែលត្រូវបានសរសេរដោយអ្នកដែលអះអាងជាស្មរបន្ទាល់។ គេក៏លើកទឹកចិត្តអ្នកឲ្យប្រាប់មតិនិងទស្សនៈរបស់អ្នក អំពីសៀវភៅរបស់អង្គការយើង។ អ្នកខ្លះជូនយោបល់អំពីពាក្យផ្សាយដែលអាចប្រើក្នុងកិច្ចបម្រើផ្សាយ។ វើបសាយទាំងនេះមានវិធីឲ្យបុគ្គលផ្ញើសារឆ្លើយឆ្លងគ្នាទៅវិញទៅមកដោយផ្ទាល់ ស្រដៀងគ្នានឹងការនិយាយតាមប្រព័ន្ធទូរស័ព្ទ។ ជាញឹកញាប់ គេនាំអ្នកឲ្យមើលវើបសាយឯទៀត ហើយនៅវើបសាយនោះអ្នកអាចសេពគប់ជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោកតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែតើអ្នកអាចដឹងជាប្រាកដថា បុគ្គលនោះពិតជាមិនមែនអ្នកក្បត់ជំនឿទេ?
១១ ការសេពគប់តាមរយៈប្រព័ន្ធអ៊ីនធឺណិត ប្រហែលមិនសមស្របនឹងយោបល់នៅអេភេសូរ ៥:១៥-១៧ទេ។ សាវ័កប៉ុលបានសរសេរថា៖ «ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ។ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ»។
១២ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកជាវិធីដែលព្រះប្រើ ដើម្បីឲ្យយើងទទួលសេចក្ដីបង្រៀន តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថ. ២៤:៤៥-៤៧) នៅក្នុងអង្គការរបស់ព្រះ យើងមានការណែនាំនិងការការពារ ដើម្បីឲ្យយើងញែកខ្លួនពីលោកិយ ព្រមទាំងជំរុញចិត្តយើងឲ្យជាប់រវល់ក្នុងកិច្ចការរបស់ព្រះអម្ចាស់។ (១កូ. ១៥:៥៨) អ្នកតែងបទទំនុកដំកើងបង្ហាញប្រាប់ថាគាត់មានសេចក្ដីអំណរ និងមានអារម្មណ៍ថាខ្លួនមានសន្ដិសុខ ក្នុងក្រុមជំនុំរបស់ព្រះ។ (ទំនុក. ២៧:៤, ៥; ៥៥:១៤; ១២២:១) ក្រុមជំនុំក៏ផ្ដល់ការគាំទ្រនិងជំនួយដល់អស់អ្នកដែលជាសមាជិក ឲ្យរក្សាចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ នៅក្នុងក្រុមជំនុំ អ្នកនឹងមានមិត្តភក្ដិដែលប្រកបដោយសេចក្ដីស្រឡាញ់ យកចិត្តទុកដាក់ និងចេះថែរក្សា។ នេះជាមនុស្សដែលអ្នកស្គាល់ដោយផ្ទាល់ ហើយគេស្ម័គ្រចិត្តជួយនិងសម្រាលទុក្ខអ្នកឯទៀតនៅពេលជួបប្រទះទុក្ខលំបាក។ (២កូ. ៧:៥-៧) របៀបរៀបចំដែលមានមូលដ្ឋានមកពីព្រះគម្ពីរការពារសមាជិកក្នុងក្រុមជំនុំ ដោយបណ្ដាច់មិត្តភាពអស់អ្នកដែលធ្វើអំពើបាបមិនប្រែចិត្ត ឬអ្នកដែលផ្សាយគំនិតអ្នកក្បត់ជំនឿ។ (១កូ. ៥:៩-១៣; ទីត. ៣:១០, ១១) ពេលសេពគប់ជាមួយអ្នកឯទៀតតាមរយៈប្រព័ន្ធអ៊ីនធឺណិត តើមានរបៀបរៀបចំដ៏ប្រកបដោយសេចក្ដីស្រឡាញ់ដូចនេះទេ?
១៣ យើងអាចឃើញជាក់ស្តែងថា មិនមានរបៀបរៀបចំដូចនេះតាមរយៈប្រព័ន្ធអ៊ីនធឺណិតទេ។ វើបសាយខ្លះពិតជាវិធីដែលបានប្រើដើម្បីឃោសនាទស្សនៈរបស់អ្នកក្បត់ជំនឿ។ អ្នកដែលជួយឧបត្ថម្ភគាំទ្រវើបសាយនោះ ប្រហែលខំពន្យល់យ៉ាងល្អិតល្អន់ផ្ទុយពីនេះ ដើម្បីបញ្ជាក់ថាគេពិតជាស្មរបន្ទាល់ព្រះយេហូវ៉ាមួយរូបមែន។ គេប្រហែលសូមព័ត៌មានពីអ្នក ដើម្បីបញ្ជាក់ថាអ្នកពិតជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ដែរ។
១៤ ព្រះយេហូវ៉ាចង់ឲ្យយើងប្រើសមត្ថភាពវែកញែកចំពោះរឿងនេះ។ ហេតុអ្វី? ដោយសារទ្រង់ជ្រាបថានេះនឹងការពារអ្នកពីគ្រោះថ្នាក់ផ្សេងៗ។ សុភាសិត ២:១០-១៩ បានចាប់ផ្ដើមដោយចែងថា៖ «ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង។ គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង»។ តើការពារអ្នកពីអ្វី? ពី«ផ្លូវអាក្រក់» ពីអស់អ្នកដែលលែងដើរនៅផ្លូវសុចរិត ហើយពីមនុស្សដែលគ្មានសីលធម៌និងមិនទៀងត្រង់។
១៥ ពេលទៅសាលប្រជុំ យើងគ្មានការសង្ស័យចំពោះបងប្អូនអ្នកជឿគ្នីគ្នាទេ ដោយសារយើងស្គាល់ពួកគេ។ គ្មាននរណាម្នាក់សុំទីសំអាងពីយើងទេ ពីព្រោះសេចក្ដីស្រឡាញ់ជាបងប្អូនដែលបានសម្ដែងនោះ បញ្ជាក់យ៉ាងជាក់ស្តែងថាគេជាអ្នកបម្រើព្រះយេហូវ៉ាមែន។ យើងម្នាក់ៗមិនត្រូវការកាន់លិខិតបញ្ជាក់ ដើម្បីបង្ហាញថាយើងពិតជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ សាលប្រជុំជាកន្លែងដែលយើងទទួលការលើកទឹកចិត្តដ៏ពិតដូចអ្វីដែលប៉ុលបានមានប្រសាសន៍នៅហេព្រើរ ១០:២៤, ២៥។ យើងមិនអាចទុកចិត្តទៅលើការសេពគប់ដែលមកពីវើបសាយតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីទទួលការលើកទឹកចិត្តបែបនេះទេ។ ដោយចងចាំពាក្យនៅទំនុកដំកើង ២៦:៤, ៥ អាចជួយយើងឲ្យប្រយ័ត្ននឹងគ្រោះថ្នាក់ដែលអាចជួបប្រទះយ៉ាងងាយ ពេលកំពុងមើលវើបសាយតាមប្រព័ន្ធអ៊ីនធឺណិត។
១៦ ព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត គឺគ្មានកម្រិតឬការត្រួតពិនិត្យសោះឡើយ។ ជាញឹកញាប់ កូនក្មេងនិងក្មេងជំទង់ ទទួលការព្យាបាទនិងការជញ្ជក់យកប្រយោជន៍យ៉ាងងាយតាមប្រព័ន្ធអ៊ីនធឺណិត។ កូនក្មេងងាយទុកចិត្តអ្នកឯទៀត ចង់ដឹងចង់ឃើញ និងចង់ប្រើពិភពទំនាក់ទំនងថ្មីតាមប្រព័ន្ធអ៊ីនធឺណិត។ ហេតុនេះហើយបានជាមាតាបិតាត្រូវតែតាមដានកូន និងផ្ដល់ការណែនាំដ៏ត្រឹមត្រូវពីព្រះគម្ពីរ អំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដូចការណែនាំកូនពេលជ្រើសរើសតន្ត្រីឬភាពយន្តផងដែរ។—១កូ. ១៥:៣៣
១៧ គួរឲ្យស្ដាយណាស់ អ្នកខ្លះដែលធ្លាប់ជាបងប្អូនគ្រិស្តសាសនិករបស់យើង ត្រូវបានបណ្ដាច់មិត្តភាពដោយសារមានការសេពគប់ ដែលផ្ដើមចេញពីការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអ៊ីនធឺណិតជាមួយបុគ្គលដែលមិនមែនជាអ្នកជឿ ហើយនៅទីបំផុតបាននាំឲ្យគេប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ គួរឲ្យស្លុតចិត្តនិងមិនគួរឲ្យជឿថានេះអាចកើតឡើង ពួកអ្នកចាស់ទុំបានរាយការណ៍ថា មានអ្នកខ្លះដែលបែកចេញពីស្វាមីឬភរិយាដើម្បីបន្តមានទំនាក់ទំនងជាមួយបុគ្គលដែលគេបានជួបតាមប្រព័ន្ធអ៊ីនធឺណិត។ (២ធី. ៣:៦) អ្នកខ្លះទៀតលះបង់ចោលសេចក្ដីពិត ដោយសារគេជឿព័ត៌មានពីអ្នកក្បត់ជំនឿ។ (១ធី. ៤:១, ២) ដោយឃើញគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបែបនេះ គឺសមហេតុផលដែលយើងត្រូវប្រុងប្រយ័ត្នពីការចូលរួមឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត មែនទេ? ពិតមែន ការប្រើប្រាជ្ញា ចំណេះដឹង គំនិតវាងវៃ និងសមត្ថភាពវែកញែក ដែលត្រូវបានរៀបរាប់នៅសុភាសិត ២:១០-១៩ នឹងការពារយើងពីគ្រោះថ្នាក់ទាំងនេះ។
១៨ គួរឲ្យកត់សម្គាល់ មានបុគ្គលមួយចំនួនបានបង្កើតវើបសាយ ដែលមើលទៅដើម្បីផ្សព្វផ្សាយដំណឹងល្អ។ វើបសាយភាគច្រើនពីចំនួននេះ គឺត្រូវបានឧបត្ថម្ភគាំទ្រដោយស្មរបន្ទាល់ដែលមិនចេះប្រុងប្រយ័ត្ន។ វើបសាយឯទៀតប្រហែលជាបានឧបត្ថម្ភគាំទ្រដោយអ្នកក្បត់ជំនឿ ដែលមានចិត្តចង់ទាក់ទាញអស់អ្នកដែលមិននឹកស្មានថាព័ត៌មាននោះអាចនាំឲ្យមានគ្រោះថ្នាក់។ (២យ៉ូន. ៩-១១) ដូច្នេះ តើបងប្អូនគ្រិស្តសាសនិកត្រូវបង្កើតវើបសាយបែបនេះឬអត់? កិច្ចបម្រើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ១៩៩៧ទំព័រ៣ (ជាភាសាអង់គ្លេស) បានពន្យល់ថា៖ «មិនចាំបាច់ឲ្យបុគ្គលណាម្នាក់បង្កើតវើបសាយដែលរៀបរាប់អំពីស្មរបន្ទាល់ព្រះយេហូវ៉ា សកម្មភាពរបស់យើង ឬជំនឿរបស់យើងឡើយ។ វើបសាយជាផ្លូវការរបស់យើង [www.watchtower.org] មានព័ត៌មានដ៏ត្រឹមត្រូវឲ្យអស់អ្នកដែលចង់បាន»។
១៩ ជំនួយតាមអ៊ីនធឺណិតសម្រាប់រៀបចំប្រជុំ : អ្នកខ្លះមានអារម្មណ៍ថាខ្លួនកំពុងតែជួយបងប្អូនគ្រិស្តសាសនិកដោយស្រាវជ្រាវព័ត៌មានសម្រាប់កិច្ចប្រជុំនានាបញ្ចូលក្នុងអ៊ីនធឺណិត។ ជាឧទាហរណ៍ បុគ្គលម្នាក់ប្រហែលស្រាវជ្រាវព័ត៌មានដែលមានមូលដ្ឋានលើទម្រង់សុន្ទរកថាសាធារណៈ ហើយដាក់ក្នុងអ៊ីនធឺណិត ដោយគិតថាព័ត៌មានបែបនោះនឹងផ្ដល់ប្រយោជន៍ឲ្យអ្នកដែលត្រូវរៀបចំសុន្ទរកថាដដែលនោះ។ អ្នកឯទៀតស្រង់ពាក្យក្នុងខគម្ពីរទាំងអស់ពីអត្ថបទក្នុងទស្សនាវដ្ដីប៉មយាមដែលមិនទាន់សិក្សា ឬផ្ដល់ប្រភពព័ត៌មានដែលបានរៀបចំហើយសម្រាប់សាលាកិច្ចបម្រើផ្សាយ ឬក៏ការសិក្សាសៀវភៅតាមក្រុមជំនុំ។ អ្នកខ្លះប្រហែលរៀបចំឲ្យពីរបៀបនិយាយសម្រាប់កិច្ចបម្រើផ្សាយ។ តើអ្វីទាំងអស់នេះពិតជាមានប្រយោជន៍ឬទេ?
២០ សៀវភៅដែលបានបោះពុម្ពដោយអង្គការរបស់ព្រះយេហូវ៉ាជួយដាស់ស្មារតីយើងជាមួយនឹងគំនិតល្អៗ ហើយបង្រៀនយើង«ឲ្យបានដឹងខុសត្រូវ»។ (ហេ. ៥:១៤) ប្រសិនបើអ្នកដទៃស្រាវជ្រាវឲ្យយើង តើយើងអាចបានប្រយោជន៍ដូចនេះទេ?
២១ ពួកនៅក្រុងបេរាត្រូវបានរៀបរាប់ថា ពួកគេ«មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច»។ ហេតុអ្វី? ពីព្រោះ«គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ»។ (កិច្ច. ១៧:១១) ទោះបីប៉ុលនិងស៊ីឡាសបានផ្សព្វផ្សាយដល់ពួកគេក៏ដោយ គេមិនអាចក្រសោបយកសេចក្ដីពិតធ្វើជារបស់ខ្លួន បើមិនបានពិចារណាមើលបន្ទូលរបស់ព្រះដោយផ្ទាល់។
២២ ការប្រើការស្រាវជ្រាវរបស់បុគ្គលឯទៀតដើម្បីរៀបចំសុន្ទរកថាឬកិច្ចប្រជុំ តាមពិតធ្វើឲ្យការសិក្សាដោយខ្លួនឯងលែងមានប្រយោជន៍។ អ្នកប្រាថ្នាចង់ពង្រឹងជំនឿរបស់ខ្លួនលើព្រះបន្ទូលរបស់ព្រះ មែនទេ? បើអ្នកមានជំនឿស៊ប់ផ្ទាល់ខ្លួន អ្នកអាចថ្លែងប្រាប់ជាសាធារណៈអំពីជំនឿរបស់អ្នកតាមរយៈសុន្ទរកថា ចម្លើយនៅកិច្ចប្រជុំ និងនៅកិច្ចបម្រើផ្សាយ។ (រ៉ូម ១០:១០) ការប្រើការស្រាវជ្រាវរបស់បុគ្គលឯទៀតមិនសមស្របតាមអ្វីដែលបានរៀបរាប់នៅសុភាសិត ២:៤, ៥ ដែលឲ្យយើងផ្ទាល់ខ្លួន‹ខំរក ហើយស្វែងរកសេចក្ដីស្គាល់ដល់ព្រះអង្គ[ចំណេះពីព្រះ] ដូចខំស្វែងរកកំណប់ទ្រព្យ›។
២៣ ជាឧទាហរណ៍ ពេលមើលបទគម្ពីរតាមព្រះគម្ពីររបស់ខ្លួនផ្ទាល់ អ្នកអាចមើលបរិបទនៃបទគម្ពីរនោះត្រួសៗ។ អ្នកអាច‹ពិនិត្យយ៉ាងហ្មត់ចត់នូវហេតុការណ៍›ដែលកើតមានឡើងទាំងអស់ ដូចលូកាបានធ្វើពេលគាត់សរសេរសៀវភៅដំណឹងល្អរបស់គាត់។ (លក. [លូ.] ១:៣, ខ.ស.) ការខំប្រឹងបន្ថែមនេះក៏នឹងជួយអ្នកឲ្យចេះរកមើលបទគម្ពីរដោយប៉ិនប្រសព្វ នៅកិច្ចបម្រើផ្សាយនិងពេលថ្លែងសុន្ទរកថា។ អ្នកដទៃជាច្រើននាក់ ពោលថាគេបានស្ងើចនឹងស្មរបន្ទាល់ព្រះយេហូវ៉ាដោយសារពួកគេចេះប្រើព្រះគម្ពីរ។ ពាក្យដែលគេពោលនោះអាចទាក់ទងនឹងយើង បើយើងផ្ទាល់មានទម្លាប់បើកមើលបទគម្ពីរពីព្រះគម្ពីររបស់យើង។
២៤ ចូរប្រើពេលវេលាដោយប្រាជ្ញា : អ្វីមួយទៀតដែលត្រូវពិចារណាស្តីអំពីរឿងនេះទាក់ទងនឹងពេលវេលាដែលត្រូវចំណាយក្នុងការបង្កើត អាន និងតបឆ្លើយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។ ទំនុកដំកើង ៩០:១២បានលើកទឹកចិត្តយើងឲ្យអធិស្ឋានថា៖ «សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា»។ ប៉ុលក៏បានចែងថា៖ «ពេលវេលាចង្អៀតណាស់ហើយ»។ (១កូ. ៧:២៩) ហើយគាត់បន្ថែមទៀតថា៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។—កា. ៦:១០
២៥ ដំបូន្មានខាងលើនេះ បានបង្ហាញឲ្យយើងចេះប្រុងប្រយ័ត្នស្តីអំពីការប្រើប្រាស់ពេលវេលារបស់យើង។ ការចំណាយពេលដើម្បីអានព្រះបន្ទូលរបស់ព្រះ ច្បាស់ជាមានប្រយោជន៍ច្រើនជាង! (ទំនុក. ១:១, ២) នេះជាការសេពគប់ដ៏ល្អបំផុតដែលយើងអាចមាន។ (២ធី. ៣:១៦, ១៧) មាតាបិតាទាំងឡាយ តើអ្នកកំពុងបង្រៀនកូននូវប្រយោជន៍ដែលមកពីការប្រើពេលវេលារបស់គេដោយប្រាជ្ញា ក្នុងកិច្ចការខាងព្រះរាជាណាចក្រទេ? (សាស. ១២:១) ពេលវេលាដែលយើងចំណាយចំពោះការសិក្សាដោយខ្លួនឯងឬជាមួយក្រុមគ្រួសារ ចូលរួមកិច្ចប្រជុំ និងកិច្ចបម្រើផ្សាយ គឺសំខាន់ជាងឆ្ងាយណាស់ពីការចំណាយពេលប្រើប្រព័ន្ធអ៊ីនធឺណិតដោយសង្ឃឹមថានឹងទទួលប្រយោជន៍។
២៦ ស្តីអំពីរឿងនេះ វិធីដែលប្រកបដោយប្រាជ្ញា គឺឲ្យយើងផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើព្រះ ហើយទៅលើអ្វីដែលទាក់ទង និងចាំបាច់ក្នុងជីវិតរបស់យើងជាគ្រិស្តសាសនិក។ នេះតម្រូវឲ្យមានការជ្រើសរើសដែលបានពិចារណាដ៏ល្អ ចំពោះព័ត៌មានដែលយើងគួរគិតអំពី និងចំណាយពេលទៅលើ។ ក្នុងនាមជាគ្រិស្តសាសនិក ព្រះគ្រិស្តបានសរុបសេចក្ដីអំពីអ្វីដែលសំខាន់ក្នុងជីវិតរបស់យើង ដោយមានបន្ទូលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថ. ៦:៣៣) អ្នកសប្បាយជាងពេលជីវិតរបស់អ្នកពោរពេញទៅដោយកិច្ចការដើម្បីប្រយោជន៍ព្រះរាជាណាចក្រ ជាជាងកិច្ចការឯទៀត មែនទេ?
២៧ ផ្ញើសារតាមអ៊ីនធឺណិត : ទោះបីការផ្ញើសារតាមអ៊ីនធឺណិតអំពីបទពិសោធន៍ឬគំនិតផ្ទាល់ខ្លួនជាមួយនឹងសាច់ញាតិ ឬមិត្តភក្ដិដែលរស់នៅឆ្ងាយ មិនជាអ្វីដែលខុសក៏ដោយ តែបើផ្ញើសារទាំងនេះតទៅអ្នកឯទៀតដែលមិនស្គាល់សាច់ញាតិឬមិត្តភក្ដិរបស់អ្នក តើនេះជាទង្វើដែលប្រកបដោយសេចក្ដីស្រឡាញ់ឬទេ? ឬតើសារនេះត្រូវដាក់នៅលើទំព័រវើបសាយឲ្យនរណាអានក៏បានឬទេ? តើសារនេះត្រូវចម្លង និងផ្ញើតដោយមិនរើសមុខដល់មនុស្សដែលយើងប្រហែលស្គាល់ ឬមិនស្គាល់ទេ? ដូចគ្នាដែរ ប្រសិនបើអ្នកទទួលសារពីអ្នកដទៃដែលឃើញច្បាស់ថាគេមិនសរសេរឲ្យអ្នកទេ ហើយអ្នកនៅតែផ្ញើតទៅអ្នកឯទៀត តើនេះបង្ហាញសេចក្ដីស្រឡាញ់ទេ?
២៨ ចុះយ៉ាងណាប្រសិនបើបទពិសោធន៍នោះដែលអ្នកផ្ញើតមិនត្រឹមត្រូវ? នេះមានន័យថាអ្នកចូលរួមក្នុងការរក្សាភាពមិនពិត មែនទេ? (សុ. ១២:១៩; ២១:២៨; ៣០:៨; កូល. ៣:៩) ត្រូវហើយ ការ«ប្រយ័តដោយមធ្យ័ត ដែល[យើង]ដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ» នឹងជំរុញចិត្តយើងឲ្យពិចារណាអំពីរឿងនេះ។ (អេភ. ៥:១៥) យើងសប្បាយចិត្តណាស់ ដោយមានទស្សនាវដ្ដីប៉មយាម និងសៀវភៅផ្សេងៗដែលពោរពេញទៅដោយបទពិសោធន៍ដែលអាចបញ្ជាក់បាន ហើយបទពិសោធន៍នោះលើកទឹកចិត្តនិងជំរុញទឹកចិត្តយើងឲ្យបន្តដើរតាម«ផ្លូវ»របស់ព្រះ!—អេសា. ៣០:២០, ២១
២៩ មានគ្រោះថ្នាក់ម្យ៉ាងទៀត។ សាវ័កប៉ុលបានចែងចំពោះអ្នកខ្លះថា៖ «[ពួកគេ]ទំលាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ មិនត្រឹមតែនៅដៃទំនេរតែប៉ុណ្ណោះ គឺមានទាំងមាត់ប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរគប្បីថែមទៀតផង»។ (១ធី. ៥:១៣) នេះជាមូលហេតុដែលយើងមិនគួរចំណាយពេលនិងកម្លាំង ផ្ញើព័ត៌មានដែលឥតបានការ តទៅបងប្អូនគ្រិស្តសាសនិករបស់យើង។
៣០ ម្យ៉ាងទៀត សូមគិតអំពីពេលវេលាទាំងប៉ុន្មានដែលត្រូវការដើម្បីអានហើយឆ្លើយសារដែលមានចំនួនច្រើននោះ។ គួរឲ្យចាប់អារម្មណ៍មែន សៀវភៅមួយបានសរសេរថា៖ «នៅពេលបុគ្គលម្នាក់ចំណាយពេលវេលាប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតកាន់តែច្រើនឡើងៗ នោះការប្រើប្រាស់អ៊ីម៉ែលផ្លាស់ប្ដូរយ៉ាងលឿនពីអ្វីដែលថ្មីនិងសប្បាយ ទៅជាបន្ទុកមួយដែលស៊ីពេលវេលា ព្រោះមានសារច្រើនពេក ដែលត្រូវអាននិងតបឆ្លើយពីអ្នកធ្វើការ មិត្តភក្ដិ សាច់ញាតិ . . . និងពីអ្នកដែលចង់លក់វត្ថុណាមួយ»។ (សៀវភៅ Data Smog) សៀវភៅនេះបន្តថែមទៀតថា៖ «អ្នកដែលប្រើប្រាស់អ៊ីម៉ែលហួសប្រមាណបានបណ្ដុះទម្លាប់អាក្រក់មួយ ពោលគឺគេផ្ញើអ៊ីម៉ែលទាំងអស់ដែលគេទទួល តទៅអាសយដ្ឋានអ៊ីម៉ែលទាំងអស់ដែលគេមាន ដូចជារឿងកំប្លែង រឿងព្រេងជាដើម ហើយអ៊ីម៉ែលមួយទៀតតម្រូវឲ្យអ្នកដែលបានទទួលរឿងនោះផ្ញើតៗទៅមនុស្សមួយចំនួនទៀតដែលគេស្គាល់»។
៣១ ចំណុចនេះបានឃើញជាក់ស្តែងពីអ៊ីម៉ែលដែលបានផ្ញើទៅវិញទៅមក ក្នុងចំណោមបងប្អូនគ្រិស្តសាសនិកភាគច្រើន។ អ៊ីម៉ែលនោះមើលទៅគ្មានទោសទេ ដូចជារឿងកំប្លែងឬរឿងលេងសើចអំពីកិច្ចបម្រើផ្សាយ កំណាព្យដែលមានមូលដ្ឋានលើជំនឿរបស់យើង រឿងប្រៀបប្រដូចពីសុន្ទរកថានានាដែលបានឮនៅឯសន្និបាត មហាសន្និបាតឬនៅសាលប្រជុំ ហើយបទពិសោធន៍ពីកិច្ចបម្រើផ្សាយជាដើម។ បងប្អូនភាគច្រើនផ្ញើអ៊ីម៉ែលបែបនេះតទៅដោយមិនពិនិត្យមើលប្រភព ហើយធ្វើឲ្យពិបាកដឹងនរណាពិតជាអ្នកបង្កើតអ៊ីម៉ែលនោះ ដូច្នេះនេះគួរធ្វើឲ្យយើងសង្ស័យព័ត៌មាននោះជាការពិតឬអត់។—សុ. ២២:២០, ២១
៣២ សារដែលមិនមានប្រយោជន៍បែបនេះ គឺមិនជាពាក្យត្រឹមត្រូវតាមអ្វីដែលប៉ុលបានគិតទេ ពេលគាត់សរសេរទៅកាន់ធីម៉ូថេថា៖ «ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ ដែលអ្នកបានឮពីខ្ញុំ ទុកជាគំរូពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ (២ធី. ១:១៣, កំណែជាអក្សរទ្រេត) «បបូរមាត់ស្អាត[«ភាសាបរិសុទ្ធ», ព.ថ.]»នៃសេចក្ដីពិតពីព្រះគម្ពីរជួយឲ្យ«នឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ» ដែលច្រើនតែមានមូលដ្ឋានលើប្រធានបទព្រះគម្ពីរពោលគឺ ការបង្ហាញភាពត្រឹមត្រូវនៃអធិបតីភាពរបស់ព្រះយេហូវ៉ា តាមរយៈព្រះរាជាណាចក្រទ្រង់។ (សេផា. ៣:៩) យើងគួរតែព្យាយាមប្រើពេលទំនេរ និងកម្លាំងទាំងប៉ុន្មានរបស់យើងដើម្បីគាំទ្រភាពត្រឹមត្រូវនៃអធិបតីភាពរបស់ព្រះយេហូវ៉ា។
៣៣ ដោយសារគ្រាចុងបញ្ចប់របស់របបលោកិយនេះជិតផុតកំណត់ហើយ នេះមិនមែនជាពេលដែលយើងលែងប្រុងប្រយ័ត្ននិងឈប់ការពារខ្លួនទេ។ ព្រះគម្ពីរព្រមានយើងថា៖ «ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ! ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ (១ពេ. ៥:៨) ហើយក៏បន្ថែមថា៖ «ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។—អេភ. ៦:១១
៣៤ ប្រព័ន្ធអ៊ីនធឺណិតមានឥទ្ធិពលអាចទាក់ទាញចិត្តអស់អ្នកដែលប្រើប្រាស់ខុសទំនង ហើយនេះជាវិធីដែលសាតាំងប្រើដើម្បីយកឈ្នះលើអ្នកនោះ។ ទោះបីមានប្រយោជន៍ដែលមានកំណត់ក៏ដោយ តែមានគ្រោះថ្នាក់បើមិនប្រើដោយប្រុងប្រយ័ត្ន។ ជាពិសេសមាតាបិតាត្រូវយកចិត្តទុកដាក់អំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតរបស់កូន។
៣៥ ការមានទស្សនៈប្រកបទៅដោយតុល្យភាពអំពីប្រព័ន្ធអ៊ីនធឺណិតជាអ្វីដែលអាចការពារយើង។ យើងអបអរនឹងការរំលឹកដែលទាន់ពេលវេលាពីប៉ុលថា៖ «ពួកអ្នកដែលប្រើប្រាស់លោកីយនេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»។ (១កូ. ៧:២៩-៣១) ដោយចងចាំអំពីរឿងទាំងនេះ ជួយយើងនិងក្រុមគ្រួសារមិនឲ្យបង្វែរអារម្មណ៍ ពីអ្វីដែលមាននៅក្នុងលោកិយ ហើយនេះរួមបញ្ចូលអ្វីដែលមានតាមប្រព័ន្ធអ៊ីនធឺណិត។
៣៦ គឺសំខាន់ណាស់ដែលយើងនៅជិតបងប្អូនគ្រិស្តសាសនិកក្នុងក្រុមជំនុំ និងប្រើពេលវេលាដែលសេសសល់ដោយប្រាជ្ញា យ៉ាងនេះយើងចេះលៃពេលដើម្បីប្រយោជន៍ព្រះរាជាណាចក្រ។ នៅពេលរបបលោកិយនេះជិតផុតកំណត់ហើយ សូមឲ្យយើងកុំ«ដើរដូចជាសាសន៍ដទៃឯទៀត ដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេ» តែចូរឲ្យយើងខំ«យល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ»។—អេភ. ៤:១៧; ៥:១៧