ប្រអប់សំណួរ
◼ តើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីទាក់ទងមនុស្សចម្លែកមានគ្រោះថ្នាក់អ្វី?
វើបសាយជាច្រើនត្រូវបានរៀបចំដើម្បីឲ្យមនុស្សទាក់ទងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត។ ភាគច្រើនវើបសាយទាំងនេះ អនុញ្ញាតឲ្យបុគ្គលបង្កើតនិងដាក់ជីវប្រវត្ដិរបស់គាត់ រួមបញ្ចូលរូបថតនិងព័ត៌មានផ្ទាល់ខ្លួនឯទៀត។ អស់អ្នកដែលមើលជីវប្រវត្ដិនេះអាចទាក់ទងជាមួយបុគ្គលនោះ។ វើបសាយបែបនេះ ពេញនិយមណាស់ក្នុងចំណោមមនុស្សវ័យក្មេង ហើយយុវវ័យខ្លះក្នុងក្រុមជំនុំក៏បានប្រើវើបសាយបែបនោះដែរ ដើម្បីទាក់ទងអ្នកឯទៀតដែលអះអាងថាគេជាស្មរបន្ទាល់ព្រះយេហូវ៉ា។
បុគ្គលដែលយើងទាក់ទងតាមប្រព័ន្ធអ៊ីនធឺណិត ស្រួលធ្វើឲ្យយើងយល់ខុសអំពីអត្តសញ្ញាណរបស់គាត់ ចំណងមេត្រីភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា ឬបំណងចិត្តរបស់គាត់។ (ទំនុក. ២៦:៤) បុគ្គលម្នាក់ដែលអះអាងថាខ្លួនជាស្មរបន្ទាល់ព្រះយេហូវ៉ា តាមពិតប្រហែលជាគាត់មិនមែនជាស្មរបន្ទាល់ ឬជាអ្នកដែលបានបណ្ដាច់មិត្តភាព ឬក៏អ្នកក្បត់ជំនឿដែលព្យាយាមធ្វើឲ្យគ្រិស្តសាសនិកមានគ្រោះថ្នាក់ខាងជំនឿ។ (កា. ២:៤) អ្នកបៀតបៀនកេរ្ដិ៍ខ្មាសកូនក្មេងប្រើវើបសាយបែបនេះដើម្បីរកមនុស្សដែលគេអាចទាក់ទាញបាន។
សូម្បីតែយើងជឿជាក់ថាអ្នកដែលយើងទាក់ទងនោះមានឋានៈល្អក្នុងក្រុមជំនុំក៏ដោយ ការសន្ទនាតាមវិធីបែបនេះអាចបែរទៅជានិយាយអំពីរឿងដែលមិនគួរសមយ៉ាងងាយ។ ដោយសារគេមិនបានជួបនិយាយដោយផ្ទាល់ នេះធ្វើឲ្យគេហ៊ាននិយាយច្រើនជាង។ ពួកគេក៏ប្រហែលមានទស្សនៈថា ការទាក់ទងតាមប្រព័ន្ធអ៊ីនធឺណិតជារឿងសម្ងាត់ ហើយមានអារម្មណ៍ថាអ្នកឯទៀតមិនដឹងអ្វីដែលគេនិយាយទេ ដូចជាមាតាបិតា ឬពួកអ្នកចាស់ទុំ។ គួរឲ្យស្ដាយណាស់ យុវវ័យគ្រិស្តសាសនិកមួយចំនួនត្រូវបានជាប់អន្ទាក់នេះ ហើយបានចូលរួមប្រើពាក្យអាសអាភាស។ (អេភ. ៥:៣, ៤; កូល. ៣:៨) តាមរយៈជីវប្រវត្ដិនៅប្រព័ន្ធអ៊ីនធឺណិត អ្នកឯទៀតបានដាក់រូបថតរបស់ខ្លួនដែលធ្វើឲ្យស្រើបស្រាល មានរហស្សនាមដែលអាសអាភាស ឬមានការតភ្ជាប់ពីវើបសាយនោះទៅវីដេអូចម្រៀងដែលមានរូបភាពនិងពាក្យអាសអាភាស។
ដោយមានព័ត៌មានខាងលើនេះ គួរគប្បីឲ្យមាតាបិតាត្រួតពិនិត្យមើលរបៀបដែលកូនប្រើកុំព្យូទ័រ។ (សុ. ២៩:១៥) ការអញ្ជើញមនុស្សចម្លែកឲ្យចូលក្នុងផ្ទះយើង ឬអនុញ្ញាតឲ្យគាត់នៅតែម្នាក់ឯងជាមួយកូនយើង ច្បាស់ជាមានគ្រោះថ្នាក់មែន។ ស្រដៀងគ្នាដែរ គឺមានគ្រោះថ្នាក់មែនបើយើងឬកូនរបស់យើង មានទំនាក់ទំនងជាមួយមនុស្សចម្លែកតាមប្រព័ន្ធអ៊ីនធឺណិត សូម្បីតែគេអះអាងថាគេជាស្មរបន្ទាល់ព្រះយេហូវ៉ាក្ដី។—សុ. ២២:៣