សំបុត្រពីគណៈអភិបាល
ជូនចំពោះបងប្អូនរួមជំនឿ :
សាវ័កប៉ុលបានឆ្លៀតគ្រប់ឱកាសដើម្បីបង្ហាញសេចក្ដីស្រឡាញ់និងកតញ្ញុតាធម៌ចំពោះបងប្អូនរួមជំនឿ។ គាត់បានសរសេរទៅកាន់គ្រិស្តសាសនិកនៅទីក្រុងរ៉ូមថា៖ «ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំដោយនូវព្រះយេស៊ូវគ្រីស្ទពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយទាំងមូលពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា»។ (រ៉ូម ១:៨) ពិតមែនហើយ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានត្រូវគេស្គាល់ទូទាំងចក្រភពរ៉ូមថា ជាមនុស្សដែលមានជំនឿដ៏រឹងមាំ ហើយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ (១ថែ. ១:៨) ហេតុនេះហើយបានជាប៉ុលមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនគ្រិស្តសាសនិក។
ដូចសាវ័កប៉ុល យើងអរគុណព្រះយេហូវ៉ារាល់ដង ពេលដែលយើងគិតអំពីបងប្អូន។ យើងស្រឡាញ់បងប្អូនទាំងអស់គ្នាអស់ពីដួងចិត្ត! ហើយបងប្អូនអាចជឿជាក់ថា ព្រះយេហូវ៉ាក៏មានក្ដីស្រឡាញ់ចំពោះបងប្អូនម្នាក់ៗផងដែរ។ ទោះជាបងប្អូនខ្លះកំពុងតែប្រឈមមុខនឹងការបៀតបៀនយ៉ាងខ្លាំងក៏ពិតមែន តែឃើញថាបងប្អូននៅតែបន្តផ្សព្វផ្សាយ។ ចិត្តក្លាហានរបស់បងប្អូន ពិតជាធ្វើឲ្យព្រះយេហូវ៉ារីករាយក្រៃលែង!—សុ. ២៧:១១
សៀវភៅប្រចាំឆ្នាំរបស់សាក្សីព្រះយេហូវ៉ាជាភាសាអង់គ្លេស បង្ហាញភ័ស្តុតាងជាច្រើនដែលបញ្ជាក់ថាលោកយេស៊ូគ្រិស្តកំពុង«ចេញទៅទាំងមានជ័យជំនះហើយឲ្យបានឈ្នះតទៅ» ហើយថាគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើងទាស់នឹងអ្នកកាន់តាមគ្រិស្តមិនអាចឈ្នះលើពួកគេបានឡើយ។—វិវរ. ៦:២; អេសា. ៥៤:១៧
ប៉ុលបានសរសេរទៅគ្រិស្តសាសនិកនៅទីក្រុងភីលីពថា៖ «ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ . . . ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ»។ (ភី. ១:៣-៥) យើងខ្ញុំដែលជាសមាជិកនៃគណៈអភិបាលក៏មានអារម្មណ៍ដូចគ្នាចំពោះបងប្អូនទាំងអស់គ្នាដែរ។ ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០០៧ អ្នកផ្សាយ៦.៦៩១.៧៩០នាក់ បានចំណាយ១.៤៣១.៧៦១.៥៥៤ម៉ោងក្នុងការផ្សាយដំណឹងល្អនៅ២៣៦ប្រទេស។ បងប្អូនពិតជាព្យាយាមក្នុងការផ្សាយដំណឹងល្អមែន! ការខំប្រឹងព្យាយាមរបស់យើងក្នុងការផ្សព្វផ្សាយ បានមានឥទ្ធិពលលើជីវិតរបស់មនុស្សរាប់ម៉ឺននាក់ ហើយនេះបាននាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងមែន!
នៅពេលផ្សេងទៀត ប៉ុលបានបង្ហាញនូវការចេះយល់ចិត្តបងប្អូនរួមជំនឿ។ គាត់បានសរសេរទៅបងប្អូននៅទីក្រុងថែស្សាឡូនីចថា៖ «[យើង]នឹកចាំជាដរាបពីការដែលអ្នករាល់គ្នាធ្វើ . . . ដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង»។ (១ថែ. ១:២, ៣) មែនហើយ ជីវិតរបស់យើងមានបញ្ហាលំបាកផ្សេងៗ តែគឺសំខាន់ណាស់ឲ្យយើងស៊ូទ្រាំ។ តើអ្នកកំពុងតែប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? តើបងប្អូនធ្លាក់ទឹកចិត្តដោយសារមានជំងឺតម្កាត់ដែលបានដាក់កម្រិតលើសកម្មភាពរបស់ខ្លួនក្នុងកិច្ចបម្រើព្រះទេ? តើបងប្អូនបានបាត់បង់គូអាពាហ៍ពិពាហ៍ជាទីស្រឡាញ់របស់ខ្លួនដោយសេចក្ដីស្លាប់ឬទេ? (សុ. ៣០:១៥, ១៦) ដោយខំធ្វើតាមការណែនាំពីគម្ពីរអំពីការរៀបការក្នុងព្រះអម្ចាស់ តើអ្នកពិបាករកគូអាពាហ៍ពិពាហ៍ដែលស្រឡាញ់ព្រះយេហូវ៉ាដូចអ្នកទេ? (១កូ. ៧:៣៩) តើបងប្អូនខំចិញ្ចឹមអប់រំកូនក្នុងស្ថានភាពដែលមានការខ្វះខាតយ៉ាងខ្លាំងខាងសេដ្ឋកិច្ចឬទេ? មិនថាមានកាលៈទេសៈណាក៏ដោយ ប្រសិនបើអ្នកចាត់ទុករាជាណាចក្រព្រះជាអាទិភាពក្នុងជីវិត នោះអ្នកអាចជឿជាក់ថាព្រះយេហូវ៉ានឹងមិន«ភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»ឡើយ។ បងប្អូន សូមមេត្ដាកុំឲ្យ«ណាយចិត្តនឹងធ្វើការល្អឡើយ»!—ហេ. ៦:១០; កា. ៦:៩
តើអ្វីនឹងជួយបងប្អូនឲ្យអាចស៊ូទ្រាំបាន? ដូចបងប្អូននៅទីក្រុងថែស្សាឡូនីច អ្វីដែលអាចជួយយើងឲ្យស៊ូទ្រាំបាន គឺ«សេចក្ដីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ ដោយហេតុនេះ បានជាក្រោយមក ប៉ុលប្រដូច«សេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ»ទៅនឹងមួកសឹកដ៏រឹងមាំដែលអាចការពារគ្រិស្តសាសនិកម្នាក់ពីការគិតគូរដែលនាំឲ្យធ្លាក់ទឹកចិត្ត និងការសង្ស័យផ្សេងៗ។—១ថែ. ៥:៨
តាមការពិត ដោយបន្តស៊ូទ្រាំដោយអំណរ បងប្អូនអាចផ្ដល់ចម្លើយចំពោះចំណោទរបស់សាតាំងដែលទាក់ទងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ។ សាតាំងអះអាងថា អ្នកបម្រើព្រះមានទំនោរចិត្តទោរទន់ទៅរកប្រយោជន៍ខ្លួន ហើយថាពួកគេនឹងកាត់បន្ថយសកម្មភាពក្នុងកិច្ចបម្រើព្រះ បើមានការល្បងលច្រើនជាង ឬបើរបបពិភពលោកនេះនៅយូរជាងគេនឹកស្មាន។ បងប្អូនមានឱកាសដ៏សំខាន់ដើម្បីបង្ហាញថា មេកំណាចជាអ្នកកុហកដ៏ថោកទាបបំផុត! មួយថ្ងៃៗដែលកន្លងផុតទៅ បង្ហាញថាពិភពលោកថ្មីរបស់ព្រះកាន់តែជិតមកដល់។
ប៉ុលបានឆ្លៀតឱកាសដើម្បីសរសើរបងប្អូនគ្រិស្តសាសនិកដោយសារពួកគេបានប្រព្រឹត្តស្របតាមជំនឿ ផ្សព្វផ្សាយយ៉ាងខ្នះខ្នែង និងព្យាយាមស៊ូទ្រាំ។ ដូចគ្នាដែរ យើងក៏សូមឆ្លៀតឱកាសនេះដើម្បីសរសើរបងប្អូន ហើយបញ្ជាក់ពីសេចក្ដីស្រឡាញ់ដែលយើងមានចំពោះបងប្អូនដែរ។ សូមបន្តធ្វើការយ៉ាងល្អនេះតទៅទៀត!
សូមឲ្យយើងទទួលពរដ៏បរិបូរពីព្រះយេហូវ៉ាក្នុងឆ្នាំ២០០៨នេះ។ យើងសូមផ្ញើសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅនិងសេចក្ដីរាប់អាន។
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)