ជំពូកទី១៥
អង្គការមួយដែលធ្វើតាមបំណង ព្រះហឫទ័យព្រះយេហូវ៉ា
របៀបដែលយើងអាចទទួលប្រយោជន៍ ពីការចុះចូលចំពោះការរៀបចំរបស់ព្រះ ស្តីអំពីប្រមុខភាព
ការចុះចូលចំពោះព្រះយេហូវ៉ាដែលជាព្រះមហាក្សត្រនៃសកលលោកគឺជាការចាំបាច់ ទើបយើងអាចរៀបចំជាអង្គការមួយដើម្បីធ្វើតាមបំណងចិត្តរបស់ទ្រង់បាន។ ការទទួលស្គាល់ប្រមុខភាពនៃបុត្ររបស់ទ្រង់មកលើក្រុមជំនុំគ្រិស្តសាសនិកក៏ចាំបាច់ណាស់ដែរ។ យើងក៏ត្រូវតែពិនិត្យពិចារណាពីគោលការណ៍ប្រមុខភាពក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើងផង។ ចុះចូលចំពោះការរៀបចំរបស់ព្រះស្តីអំពីប្រមុខភាពផ្ដល់ប្រយោជន៍ដល់អស់អ្នកដែលយកចិត្តទុកដាក់ប្រព្រឹត្តតាម។
គោលការណ៍នៃការចុះចូលនឹងអំណាចគ្រប់គ្រងបានចាប់ផ្ដើមនៅសួនច្បារអេដែន។ គោលការណ៍នៃការចុះចូលមាននៅក្នុងបណ្ដាំរបស់ព្រះ ហើយក៏បានកត់ទុកនៅសៀវភៅលោកុប្បត្តិ ១:២៨ និង២:១៦, ១៧។ សត្វនានាត្រូវចុះចូលនឹងមនុស្ស អ័ដាមនិងអេវ៉ាត្រូវចុះចូលនឹងអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយពួកគេក៏ត្រូវតែធ្វើតាមឆន្ទៈរបស់ទ្រង់ផងដែរ។ ការគោរពអំណាចគ្រប់គ្រងរបស់ព្រះនាំឲ្យមានសន្ដិសុខ និងសណ្ដាប់ធ្នាប់។ នៅកូរិនថូសទី១ ១១:៣ សាវ័កប៉ុលបានសរសេរថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ»។ ដូច្នេះ នេះបញ្ជាក់ថា មនុស្សគ្រប់រូបត្រូវតែចុះចូលនឹងប្រមុខភាពរៀងៗខ្លួនក្នុងការរៀបចំទាំងអស់ លើកលែងតែព្រះយេហូវ៉ាប៉ុណ្ណោះ។
មនុស្សភាគច្រើនសព្វថ្ងៃនេះមិនព្រមទទួលស្គាល់ឬប្រតិបត្ដិតាមគោលការណ៍ប្រមុខភាពទេ។ តើហេតុអ្វី? រឿងរ៉ាវបានចាប់ផ្ដើមនៅសួនអេដែន ពេលដែលឪពុកម្ដាយទីមួយរបស់យើង ដោយចេតនាមិនចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះដ៏ខ្ពស់បំផុត។ (លោ. ៣:៤, ៥) យ៉ាងណាក៏ដោយ ពួកគេមិនមានសេរីភាពច្រើនជាងមុនទេ។ ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្រោមអំណាចរបស់បុគ្គលវិញ្ញាណអាក្រក់មួយរូប គឺសាតាំងដែលជាមេកំណាច។ ការបះបោរលើកដំបូងបង្អស់នោះបានពង្រាត់មនុស្សជាតិឲ្យឃ្លាតឆ្ងាយពីព្រះ។ (កូល. ១:២១) ជាលទ្ធផល សព្វថ្ងៃនេះមនុស្សភាគច្រើនស្ថិតនៅក្រោមឱវាទនៃមេកំណាច។—១យ៉ូន. ៥:១៩
ដោយសារបានរៀនសេចក្ដីពិតពីបណ្ដាំរបស់ព្រះ និងបានប្រព្រឹត្តតាម នោះយើងលែងស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំងទៀតហើយ។ ក្នុងនាមជាសាក្សីដែលបានឧទ្ទិសថ្វាយខ្លួននិងទទួលការជ្រមុជទឹក តើយើងទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតក្នុងជីវិតទេ? តើយើងយល់ស្របនឹងស្តេចដ៏ស្មោះត្រង់ម្នាក់នាមដាវីឌដែលទទួលស្គាល់ថាព្រះយេហូវ៉ាជា«ប្រធានលើទាំងអស់»ទេ? (១របា. ២៩:១១) យើងពិតជាយល់ស្របមែន! យើងប្រកាសជាចំហដោយចិត្តរាបទាបថា៖ «ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់។ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់»។ (ទំនុក. ១០០:៣) ដោយហេតុថា ទ្រង់បានបង្កើតរបស់សព្វសារពើទាំងអស់ យើងទទួលស្គាល់ភាពឧត្តុង្គឧត្តមរបស់ទ្រង់ ហើយថាមានតែទ្រង់ទេដែលសមនឹងទទួលការចុះចូលដោយឥតល័ក្ខខ័ណ្ឌ។ (វិវរ. ៤:១១) ជាអ្នកបម្រើព្រះពិត យើងធ្វើតាមព្រះយេស៊ូគ្រិស្តដែលបានតាំងគំរូយ៉ាងល្អឥតខ្ចោះក្នុងការចុះចូលចំពោះព្រះ។
តើទ្រង់បានរៀនអ្វីខ្លះពីការដែលទ្រង់រងទុក្ខលំបាកនៅផែនដី? ហេព្រើរ ៥:៨ចែងថា៖ «ទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្ដាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ»។ ពិតមែន ព្រះយេស៊ូនៅតែស្មោះត្រង់ចំពោះបិតាដែលគង់នៅស្ថានសួគ៌ សូម្បីតែស្ថិតនៅក្រោមកាលៈទេសៈដ៏លំបាកលំបិនយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត ព្រះយេស៊ូមិនបានធ្វើអ្វីដោយខ្លួនឯងសូម្បីតែបន្ដិច ទ្រង់មិនបាននិយាយដោយអាងខ្លួនទ្រង់ ហើយក៏មិនដែលចង់លើកតម្កើងខ្លួនទ្រង់ដែរ។ (យ៉ូន. ៥:១៩, ៣០; ៦:៣៨; ៧:១៦-១៨) ក្នុងអំឡុងកិច្ចបម្រើរបស់ទ្រង់ ទ្រង់មានក្ដីសោមនស្សរីករាយក្នុងការបំពេញតាមឆន្ទៈរបស់បិតា ទោះបីជាការប្រព្រឹត្តរបស់ទ្រង់បាននាំមកនូវការប្រឆាំងនិងការធ្វើទុក្ខបុកម្នេញក្ដី។ (យ៉ូន. ១៥:២០) យ៉ាងណាក៏ដោយ ព្រះយេស៊ូបានបង្ហាញការចុះចូលចំពោះព្រះដោយ‹បន្ទាបអង្គទ្រង់›រហូតដល់‹សុគតជាប់លើបង្គោលទារុណកម្ម›។ លទ្ធផលដែលបានមកពីការចុះចូលទាំងស្រុងចំពោះព្រះយេហូវ៉ា គឺជាពរដែលអាចនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាតិ លើកតម្កើងអង្គទ្រង់ និងលើកតម្កើងសិរីល្អដល់ព្រះដែលជាវរបិតា។—ភី. ២:៥-១១; ហេ. ៥:៩
ទិដ្ឋភាពផ្សេងៗនៃការចុះចូល ចំពោះការរៀបចំរបស់ព្រះស្តីអំពីប្រមុខភាព
យើងត្រូវតែចុះចូលចំពោះទ្រង់ទាំងស្រុង ពីព្រោះព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃសកលលោក។ (អេសា. ៣៣:២២) ការរស់នៅរបស់យើងជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែលបានថ្វាយខ្លួនរួចហើយ យើងគួរតែបង្ហាញឲ្យឃើញច្បាស់ថាយើងពិតជាចុះចូលចំពោះទ្រង់មែន។ ដោយចាត់ទុកព្រះជាសំខាន់ចម្បងក្នុងជីវិត និងធ្វើតាមឆន្ទៈរបស់ទ្រង់ នោះយើងបាននាំទៅកាន់ផ្លូវដ៏ត្រឹមត្រូវហើយ។ (ទំនុក. ១៦:៨) យើងអាចគេចផុតពីទុក្ខកង្វល់និងការខកចិត្តច្រើនបែបច្រើនយ៉ាង ដែលអស់អ្នកដែលមិនព្រមចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាតែងតែជួបប្រទះ។ អារក្សដែលជាខ្មាំងសត្រូវរបស់យើងតែងតែរកឱកាសដើម្បីបោកបញ្ឆោត និងត្របាក់លេបយើង។ បើយើងកាន់ជំហរឲ្យបានរឹងប៊ឹងដើម្បីប្រឆាំងនឹងអារក្ស ហើយបន្ទាបខ្លួនដោយបង្ហាញការចុះចូលដោយស្ម័គ្រពីចិត្តចំពោះព្រះយេហូវ៉ា នោះយើងនឹងទទួលការរំដោះឲ្យរួចពីកណ្ដាប់ដៃអារក្សដែលជាមេកំណាច។—ម៉ាថ. ៦:១០, ១៣; ១ពេ. ៥:៦-៩
អត្ថប្រយោជន៍ដែលបានមកពីការចុះចូលចំពោះព្រះ នោះនឹងជួយយើងឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងបន្ដិចម្ដងៗជាមួយអ្នកឯទៀត។ យើងអាចគេចផុតពីបញ្ហាដែលរួបរឹតអស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះ ហើយដែលប្រកាន់យកតែគំនិតខ្លួនឯងដូចមនុស្សនៃពិភពលោកនេះ។ ការចុះចូលចំពោះព្រះយេហូវ៉ានាំឲ្យមានអាពាហ៍ពិពាហ៍និងជីវិតគ្រួសារដែលសប្បាយ មានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយអ្នករួមការងារព្រមទាំងនិយោជកផង។ ចំពោះអំណាចគ្រប់គ្រងនៃរដ្ឋាភិបាល បើយើងគោរពច្បាប់របស់រដ្ឋ នោះនឹងនាំឲ្យយើងមានមនសិការល្អ។ យើងក៏មានការសេពគប់ល្អបំផុតជាមួយបងប្អូនគ្រិស្តសាសនិកគ្នីគ្នាថែមទៀត។
នៅក្នុងក្រុមជំនុំគ្រិស្តសាសនិក ពេលយើងទទួលស្គាល់ប្រមុខភាពនិងអំណាចគ្រប់គ្រងដែលបានប្រគល់ដល់អ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ នេះនឹងមានអានុភាពទៅលើចិត្តគំនិតនិងកិរិយាប្រព្រឹត្តដែលបងប្អូនមានចំពោះគ្នាទៅវិញទៅមក។ បើយើងទទួលស្គាល់គោលការណ៍នៃការចុះចូលចំពោះព្រះដែលមាននៅក្នុងក្រុមជំនុំ នោះនឹងជំរុញយើងឲ្យធ្វើតាមបណ្ដាំរបស់ព្រះក្នុងគ្រប់ផ្នែកនៃការថ្វាយបង្គំរបស់យើង។ នេះក៏រួមបញ្ចូលកិច្ចបម្រើផ្សាយ ចូលរួមកិច្ចប្រជុំនិងរួមចំណែកដោយលើកដៃឆ្លើយ មានទំនាក់ទំនងល្អជាមួយអ្នកចាស់ទុំ និងរួមដៃគ្នាបំពេញភារកិច្ចដែលបានរៀបចំនៅក្នុងអង្គការរបស់ព្រះ។—ម៉ាថ. ២៤:៤៥-៤៧; ២៨:១៩, ២០; ហេ. ១០:២៤, ២៥; ១៣:៧, ១៧
ការចុះចូលចំពោះព្រះនាំឲ្យយើងមានភាពសុខសាន្ត និងសុវត្ថិភាព និងនាំឲ្យមានរបៀបរៀបរយនៅក្នុងក្រុមជំនុំរបស់ពួកគ្រិស្តសាសនិក។ យើងអាចឃើញច្បាស់នូវគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា តាមរយៈអ្នកបម្រើដែលទ្រង់ពេញចិត្តដែលចុះសម្រុងគ្នា។ (១កូ. ១៤:៣៣, ៤០) តាមការសង្កេតផ្ទាល់ខ្លួននិងការពិសោធន៍ដែលយើងមានជាមួយអង្គការរបស់ព្រះយេហូវ៉ា បាននាំឲ្យយើងមានអារម្មណ៍ប្រហាក់ប្រហែលនឹងអារម្មណ៍របស់ស្តេចដាវីឌដែលជាអ្នកបម្រើរបស់ព្រះដែរ។ ក្រោយពីបានកត់សម្គាល់ភាពខុសគ្នារវាងអ្នកបម្រើព្រះយេហូវ៉ា និងមនុស្សអាក្រក់ដែលអួតក្អេងក្អាងតែពីអំណាចនិងទ្រព្យសម្បត្ដិរបស់ខ្លួននោះ ដាវីឌបានពោលដោយរំភើបចិត្តថា៖ «សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ»។—ទំនុក. ១៤៤:១៥
«ឯបុរសវិញ នោះជាក្បាលនៃស្ត្រី» នេះជាច្បាប់ដែលបានរៀបចំឡើងក្នុងចំណងអាពាហ៍ពិពាហ៍និងក្រុមគ្រួសារ។ ទន្ទឹមគ្នានោះបុរសក៏ត្រូវតែចុះចូលនឹងព្រះគ្រិស្ត ហើយសិរសានៃព្រះគ្រិស្ត គឺជាព្រះ។ (១កូ. ១១:៣) ភរិយាទាំងឡាយត្រូវតែចុះចូលនឹងប្ដីរបស់ខ្លួន រីឯបុត្រធីតាក៏ត្រូវតែចុះចូលនឹងមាតាបិតារបស់ខ្លួនដែរ។ (អេភ. ៥:២២-២៤; ៦:១) បើសមាជិកនៃក្រុមគ្រួសារម្នាក់ៗអនុវត្តគោលការណ៍ប្រមុខភាពក្នុងជីវិតរបស់ពួកគេ នោះពួកគេនឹងមានសេចក្ដីសុខជាមិនខាន។
នេះតម្រូវឲ្យស្វាមីទាំងឡាយទម្លាប់បំពេញតួនាទីរបស់ខ្លួនជាអ្នកនាំមុខដោយសេចក្ដីស្រឡាញ់ ទាំងយកតម្រាប់តាមព្រះគ្រិស្ត។ (អេភ. ៥:២៥-២៩) ពេលដែលពួកគាត់មិនបំពានឬក៏មិនបោះបង់ចោលភារកិច្ចជាមេគ្រួសារ នោះនឹងនាំឲ្យភរិយាព្រមទាំងបុត្រធីតា ដែលស្ថិតនៅក្រោមអំណាចរបស់ពួកគាត់បានសប្បាយមែន។ រីឯភរិយា គាត់ក៏ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាអ្នកជំនួយឬជាអ្នកបង្គ្រប់ដែរ។ (លោ. ២:១៨) ពេលភរិយាគាំទ្រនិងគោរពស្វាមីរបស់នាងដោយចិត្តអត់ធ្មត់ ប្ដីនាងក៏ពេញចិត្តនឹងនាង ហើយនាងក៏សរសើរតម្កើងព្រះផងដែរ។ (១ពេ. ៣:១-៤) ពេលស្វាមីភរិយាធ្វើតាមគោលការណ៍ក្នុងគម្ពីរស្តីអំពីប្រមុខភាព នោះពួកគាត់បានតាំងគំរូល្អដល់បុត្រធីតាក្នុងការបង្ហាញការចុះចូលចំពោះព្រះ។
កាលដែលយើងចុះចូលចំពោះព្រះក៏អាចមានឥទ្ធិពលទៅលើទស្សនៈដែលយើងមានចំពោះ«រាជការ» ដែល«ព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច»។ (រ៉ូម ១៣:១-៧) ជាពលរដ្ឋដែលគោរពច្បាប់ គ្រិស្តសាសនិកទាំងអស់ត្រូវតែបង់ពន្ធដារ ពួកគាត់តាំងចិត្ត«ថ្វាយរបស់សេសារទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ (ម៉ាថ. ២២:២១) ការចុះចូលនិងការគោរពច្បាប់របស់រាជការដែលមិនប្រឆាំងនឹងច្បាប់ដ៏សុចរិតរបស់ព្រះយេហូវ៉ា នោះធ្វើឲ្យយើងមានឱកាសដើម្បីប្រមូលកម្លាំងទៅលើកិច្ចការដ៏សំខាន់ ពោលគឺការផ្សព្វផ្សាយដំណឹងល្អពីរាជាណាចក្ររបស់ព្រះ។—ម៉ាក. ១៣:១០; កិច្ច. ៥:២៩
ដោយកាន់ខ្ជាប់តាមគោលការណ៍ក្នុងគម្ពីរ គ្រិស្តសាសនិកទាំងអស់រក្សាឲ្យមានទំនាក់ទំនងរវាងថៅកែនិងកម្មករឲ្យបានកាន់តែល្អឡើង។ សូម្បីតែពេលខ្លះរឿងនោះមិនតែងតែស្រួលក្ដី អ្នកបម្រើព្រះក៏ខំរស់នៅជាមេត្រីនឹងមនុស្សទាំងអស់។ ពួកគាត់ជាមនុស្សដែលអាចទុកចិត្តបាន និងបំពេញការងារចិញ្ចឹមជីវិតរបស់ខ្លួនដោយទៀងត្រង់ទៀតផង។ (រ៉ូម ១២:១៨; ១ពេ. ២:១៨) ដូច្នេះ ពួកគាត់មិនចូលប្រឡូកក្នុងរឿងទំនាស់ផ្សេងៗ ឬធ្វើផ្ទុយពីមនសិការរបស់ខ្លួនដែលបានហ្វឹកហ្វឺនដោយគោលការណ៍ក្នុងគម្ពីររបស់ព្រះទេ។
ការរៀបចំរបស់ព្រះស្តីអំពីប្រមុខភាពមានអានុភាពទៅលើការរស់នៅរបស់យើងគ្រប់ផ្នែកទាំងអស់។ ដោយភ្នែកនៃជំនឿ យើងពិតជាឃើញថ្ងៃដែលមនុស្សគ្រប់រូបចុះចូលនឹងអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (១កូ. ១៥:២៧, ២៨) អស់អ្នកដែលទទួលស្គាល់ដោយអំណរនូវការគ្រប់គ្រងដ៏ខ្ពស់បំផុតរបស់ព្រះយេហូវ៉ា ព្រមទាំងចុះចូលចំពោះទ្រង់ជារៀងរហូត នោះពិតជាការប្រសើរមែន!