សំបុត្រពីគណៈអភិបាល
បងប្អូនសាក្សីព្រះយេហូវ៉ាជាទីស្រឡាញ់ :
យើងពិតជាមានចិត្តរីករាយក្នុងការសរសេរសំបុត្រមកបងប្អូនជាទីស្រឡាញ់។ យើងមានអារម្មណ៍ដូចសាវ័កយ៉ូហានដែលបានមានប្រសាសន៍ថាគាត់«ស្រឡាញ់យ៉ាងស្មោះ»ចំពោះបងប្អូនរួមជំនឿ ហើយមានអំណរក្រៃលែងដោយឃើញថាពួកគាត់«កំពុងប្រព្រឹត្តតាមសេចក្ដីពិត»។ (២យ៉ូន. ១, ៤) សេចក្ដីពិតគឺជាពរដ៏វិសេសចំពោះយើងទាំងអស់គ្នាមែន! សេចក្ដីពិតបានរំដោះយើងឲ្យរួចពីបាប៊ីឡូនដ៏ខ្លាំងក្លានិងសេចក្ដីបង្រៀនរបស់វា ព្រមទាំងទំនៀមទម្លាប់ដែលធ្វើឲ្យព្រះអាប់ឱនកិត្ដិយស។ ការធ្វើតាមអ្វីដែលគម្ពីរបង្រៀនបានជួយយើងឲ្យក្លាយជាមនុស្សដែលមានសេចក្ដីស្រឡាញ់ មានចិត្តសប្បុរស មានចិត្តមេត្ដាករុណា។ សេចក្ដីពិតក៏បានបើកផ្លូវឲ្យយើងមានកេរ្ដិ៍ឈ្មោះជាមនុស្សស្អាតស្អំនៅចំពោះព្រះ ព្រមទាំងមានសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់ដែរ។
យើងក៏មានកតញ្ញុតាដែរ ចំពោះសកម្មពលរបស់ព្រះដែលដឹកនាំនិងពង្រឹងកម្លាំងយើងជារៀងរាល់ថ្ងៃ។ យើងសង្ឃឹមថាបងប្អូនសប្បាយរីករាយណាស់ដោយបានពិនិត្យមើលនូវរបៀបផ្សេងៗដែលព្រះយេហូវ៉ាដឹកនាំនិងពង្រឹងកម្លាំងយើង ដោយសេចក្ដីស្រឡាញ់តាមរយៈសកម្មពលរបស់លោកនៅឯមហាសន្និបាតពេលថ្មីៗនេះ ដែលមានប្រធានថា «សកម្មពលរបស់ព្រះដឹកនាំយើង»។ កាលដែលស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅៗ គឺជាការសំខាន់ណាស់ដែលយើងពឹងផ្អែកលើសកម្មពលដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាដើម្បីដឹកនាំយើងឆ្លងផុតគ្រាដ៏លំបាកដែលនៅខាងមុខយើងនេះ។
យើងជឿជាក់ថាចិត្តបងប្អូនបានត្រូវជំរុញ ពេលអានក្នុងសៀវភៅប្រចាំឆ្នា (Yearbook) នូវកំណត់ហេតុដ៏គួរឲ្យរំភើបចិត្តរបស់បងប្អូនយើង ដែលបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងខ្លាំងដោយសារជំនឿរបស់ខ្លួន។ គួរឲ្យអស្ចារ្យណាស់ពេលគិតថាកាលដែលស្ថានការណ៍ដ៏ពិបាកបានកើតឡើងនោះ បងប្អូនជាច្រើននាក់ក្នុងចំណោមបងប្អូនដ៏ស្មោះភក្ដីទាំងនេះទើបតែបានទទួលការជ្រមុជទឹក ឬក៏មិនទាន់បានជ្រមុជទឹកផង។ យើងពិតជាស្រឡាញ់ពួកគាត់មែន! ចំពោះភក្ដីភាពនិងជំហររបស់ពួកគាត់ខាងសេចក្ដីសុចរិត។ ពិតមែន គំរូដ៏ប្រសើររបស់ពួកគាត់ពង្រឹងការតាំងចិត្តរបស់យើង ដើម្បីបន្តរក្សាភក្ដីភាពចំពោះរាជាណាចក្រព្រះ ទោះជាយើងជួបប្រទះការលំបាកអ្វីក៏ដោយ។—១ថែ. ១:៦-៨
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងដឹងថាមានបញ្ហាជាច្រើន ដូចជាបញ្ហាសេដ្ឋកិច្ចនិងរឿងជាច្រើនទៀតក្នុងជីវិតរស់នៅដែលបងប្អូនត្រូវដោះស្រាយ ដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់បងប្អូនមានសាមគ្គីភាពដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ ចំពោះបងប្អូនខ្លះ ការចូលរួមក្នុងកិច្ចផ្សព្វផ្សាយនិងកិច្ចប្រជុំឲ្យបានទៀងទាត់គឺជាការពិបាកណាស់។ អាស្រ័យហេតុនេះ បន្ទាប់ពីយើងបានពិភាក្សាគ្នាហើយអធិដ្ឋានជាច្រើន យើងបានធ្វើការកែប្រែខ្លះក្នុងកិច្ចប្រជុំក្រុមជំនុំដែលចាប់ផ្ដើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៩។ យើងសង្ឃឹមថាបងប្អូននឹងឆ្លៀតយកប្រយោជន៍ពីការកែប្រែនេះ ដើម្បីចំណាយពេលឲ្យបានច្រើនជាងក្នុងការសិក្សាផ្ទាល់ខ្លួននិងការសិក្សាជាក្រុមគ្រួសារ។
នៅឯសន្និបាតនិងមហាសន្និបាតនាឆ្នាំនេះ យើងពិតជាមានអំណរដោយបានឃើញបងប្អូនជាច្រើននាក់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក។ ក្នុងចំណោមបងប្អូនទាំងនោះ មានប្អូនខ្លះនៅក្មេងនៅឡើយ។ យើងសូមសរសើរបងប្អូនដែលជាមាតាបិតាដែលបានចិញ្ចឹមអប់រំកូនឲ្យមានចិត្តអបអរចំពោះសេចក្ដីពិត ហើយបានលើកទឹកចិត្តពួកគេឲ្យឧទ្ទិសខ្លួនដើម្បីបម្រើព្រះយេហូវ៉ាកាលដែលពួកគេនៅក្មេង។ ប្អូនៗដែលជាទីស្រឡាញ់ទាំងនេះជួបប្រទះការពិបាកជាច្រើននៅឯសាលារៀន។ ទោះជាយ៉ាងនោះក៏ដោយ ក៏ប្អូនៗមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកដែរ។ នេះបង្ហាញឲ្យឃើញនូវការអប់រំដ៏ល្អដែលពួកគេបានទទួលនៅក្នុងផ្ទះ។—ទំនុក. ១២៨:១-៦
យើងក៏ចង់និយាយអំពីការកើនឡើងដ៏គួរឲ្យសរសើរនៃសិស្សគម្ពីរដែរ។ ការខំប្រឹងប្រែងរបស់សាសនទូតនិងអ្នកត្រួសត្រាយពិសេសដែលធ្វើការយ៉ាងនឿយហត់បានរួមចំណែកយ៉ាងធំក្នុងការកើនឡើងនេះ។ យើងទាំងអស់គ្នាដែលបម្រើក្នុងគណៈអភិបាលចាត់ទុកការរួមចំណែករបស់បងប្អូនប្រុសស្រីនៅទូទាំងពិភពលោកថាមានតម្លៃណាស់ ក្នុងការនិយាយទៅកាន់ពួកអ្នកដែលមានចិត្តស្មោះត្រង់ថា«មកចុះ!» ដោយអញ្ជើញអស់អ្នកដែលស្រេកឲ្យមកយក‹ទឹកដែលផ្ដល់ជីវិតដោយឥតគិតថ្លៃ›។ (បប. ២២:១៧) យើងសូមទទួលស្វាគមន៍យ៉ាងកក់ក្ដៅចូលមកក្នុងក្រុមជំនុំ នូវបងប្អូន២៨៩.៦៧៨នាក់ដែលបានបង្ហាញការឧទ្ទិសខ្លួនដោយទទួលការជ្រមុជទឹកនាឆ្នាំកន្លងទៅនេះ!
ជាការល្អបើយើងបន្តរំលឹកខ្លួនយើងអំពីពាក្យរបស់សាវ័កយ៉ូហានដែលបានសរសេរថា៖ «ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។ (១យ៉ូន. ២:១៧) សូមគិតទៅមើល គ្រាដែលពិភពលោកនេះនឹង«សាបសូន្យ»ទៅ គឺជិតណាស់ហើយ! ជាការប្រសើរ បើយើងប្រមូលអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយ«ចាំយាម»។ (ម៉ាថ. ២៤:៤២) យើងនឹងមិនស្ដាយក្រោយសោះឡើយបើយើងធ្វើដូច្នេះ ហើយយើងនឹងទទួលប្រយោជន៍ពីសេចក្ដីមេត្ដាករុណាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។—អេសា. ៦៣:៧
យើងសង្ឃឹមថាកំណត់ហេតុដែលជំរុញចិត្តពីប្រទេសជាច្រើនដែលមាននៅក្នុងសៀវភៅប្រចាំឆ្នានេះ នឹងលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចាត់ទុកកិច្ចបម្រើព្រះជាអាទិភាពក្នុងជីវិត។ សូមមានទំនុកចិត្តថាយើងតែងតែគិតអំពីបងប្អូននិងអធិដ្ឋានឲ្យបងប្អូន ហើយថាយើងស្រឡាញ់បងប្អូនខ្លាំងណាស់។ សូមព្រះយេហូវ៉ាឲ្យពរបងប្អូនយ៉ាងបរិបូរ។
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)