បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៩ ជំ. ១៤ ទំ. ៥-១០
  • អង្គការមួយដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា
  • ២០០៩ កិច្ចបម្រើព្រះ
  • ចំណងជើងតូច
  • ​វិធី​ដោះ​ស្រាយ​រឿង​រ៉ាវ​តូច​តាច
  • ​ការ​ឲ្យ​ឱវាទ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ
  • ​ក្នុង​ករណី​ខ្លះ​ដែល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ
  • ​ចូរ​ចំណាំ​មើល​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គន្លង
  • ​របៀប​ដោះ​ស្រាយ​ករណី​ដែល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ
  • ​ការ​ប្រកាស​អំពី​ការ​ប្រដៅ​តម្រង់
  • ​ប្រសិនបើ​ត្រូវ​បណ្ដាច់​មិត្តភាព
  • ​ការ​ប្រកាស​អំពី​ការ​បណ្ដាច់​មិត្តភាព
  • ​ការ​ដក​ខ្លួន​ចេញ
  • ​ការ​ចូល​មិត្តភាព​វិញ
  • ​ពេល​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង
  • ​ករណី​ដែល​ទាក់​ទង​នឹង​ប្អូន​វ័យ​ក្មេង​ដែល​មិន​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ
  • ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ការ​គោរព​ប្រណិប័តន៍​ ដែល​មាន​ភាព​ស្អាត​ស្អំ​និង​មាន​សាមគ្គី​ភាព
២០០៩ កិច្ចបម្រើព្រះ
km ៣/០៩ ជំ. ១៤ ទំ. ៥-១០

ជំពូក​ទី​១៤

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា

​ចូរ​រក្សា​សេចក្ដី​សុខសាន្ត​ និង​ភាព​ស្អាត​ស្អំ​នៅ​ក្នុង​ក្រុម​ជំនុំ

ស្រប​តាម​ទំនាយ​ក្នុង​គម្ពីរ រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ច្រើន​ពាន់​នាក់​ចូល​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​មីកា ៤:១, ២​) យើង​មាន​ចិត្ត​សប្បាយ​រីករាយ​មែន​ដោយ​បាន​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​«​ក្រុម​ជំនុំ​របស់​ព្រះ​»​! (​សកម្ម. ២០:២៨​) ពួក​គេ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ឯកសិទ្ធិ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង និង​ទៅ​លើ​ឱកាស​នៅ​ជា​មួយ​នឹង​យើង​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។ ហេតុ​ដែល​មាន​ភាព​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍​និង​ស្ថានភាព​សុខសាន្ត​នេះ គឺ​ដោយ​សារ​ឥទ្ធិពល​នៃ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា និង​ដោយ​សារ​យើង​អនុវត្ត​តាម​ឱវាទ​ល្អ​ត្រឹម​ត្រូវ​ក្នុង​គម្ពីរ ដែល​ជា​បណ្ដាំ​របស់​ព្រះ។—ទំនុក. ១១៩:​១០៥; សាក. ៤:៦

បើ​យើង​អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ នោះ​យើង​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​គ្រិស្ត​សាសនិក។ (​កូឡ. ៣:១០​) យើង​ខំ​អស់ពី​សមត្ថភាព​ដើម្បី​កែប្រែ​ជីវិត​យើង​ឲ្យ​សម​ស្រប​នឹង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ អាស្រ័យ​ហេតុ​នេះ យើង​មិន​ឲ្យ​ទំនាស់​តូច​តាច​និង​ការ​ខ្វែង​គំនិត​គ្នា​បណ្ដាល​ឲ្យ​យើង​បែកសាមគ្គី​ទេ។ ដោយ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​យក​ឈ្នះ​ឥទ្ធិពល​នៃ​ពិភព​លោក ជា​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​បែកខ្ញែក​គ្នា។ ជា​លទ្ធផល នោះ​ជួយ​យើង​ឲ្យ​រួម​ធ្វើ​ការ​ដោយ​សាមគ្គី​ភាព​ក្នុង​ភាតរភាព​ទូ​ទាំង​ពិភព​លោក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។—សកម្ម. ១០:៣៤, ៣៥

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ម្ដង​ម្កាល​គឺ​មាន​បញ្ហា​ដែល​ប៉ះពាល់​ដល់​សេចក្ដី​សុខសាន្ត​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ តើ​អ្វី​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ? ក្នុង​ករណី​ភាគ​ច្រើន នោះ​ផ្ដើម​មក​ពី​ការ​មិន​ស្ដាប់​និង​មិន​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ។ យើង​នៅ​តែ​ត្រូវ​ខំ​ប្រឹង​យក​ឈ្នះ​ចិត្ត​របស់​យើង ដែល​ទោរ​ទន់​ទៅ​រក​អ្វី​ដែល​ខុស​ឆ្គង។ យើង​គ្រប់​គ្នា​មាន​ភាព​ខុស​ឆ្គង។ (​១យ៉ូន. ១:១០​) បុគ្គល​ម្នាក់​អាច​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន នាំ​ឲ្យ​មាន​ភាព​មិន​ស្អាត​ស្អំ​ខាង​សីលធម៌ ឬ​ខាង​ការ​គោរព​ប្រណិប័តន៍​ក្នុង​ក្រុម​ជំនុំ។ ដោយ​សារ​យើង​ប្រព្រឹត្ត​ដោយ​មិន​គិត ឬ​និយាយ​ដោយ​មិន​ចេះ​ទប់​អណ្ដាត នោះ​យើង​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ត ឬ​ប្រហែលជា​យើង​តូច​ចិត្ត​ដោយ​សារ​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​របស់​អ្នក​ណា​ម្នាក់​ដែរ។ (​រ៉ូម ៣:២៣​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បែប​នេះ?

យើង​មាន​អំណរ​គុណ​មែន ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​គិត​អំពី​រឿង​ទាំង​នេះ។ បណ្ដាំ​របស់​ព្រះ​មាន​ឱវាទ​ស្តី​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​មាន​បញ្ហា​ដែល​ផ្ដើម​ចេញ​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ឬ​ចំណុច​ខ្សោយ ហើយ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ពេល​មាន​អំពើ​ខុស​ឆ្គង​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ។ យើង​អាច​ទទួល​ជំនួយ​ពី​ពួក​គង្វាល​ដែល​ស្រឡាញ់​យើង។ ដោយ​អនុវត្ត​តាម​ឱវាទ​ដែល​ពួក​គាត់​ឲ្យ​ពី​គម្ពីរ នោះ​យើង​អាច​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ និង​រក្សា​ចំណង​មេត្រី​ភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ប្រសិនបើ​យើង​ទទួល​ការ​ប្រៀន​ប្រដៅ​ឬ​ការ​ស្តី​ប្រដៅ ដោយ​សារ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ណា​មួយ នោះ​យើង​អាច​ប្រាកដ​ថា ព្រះ​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​លោក​ស្រឡាញ់​យើង​ណាស់ បាន​ជា​លោក​កែ​តម្រង់​យើង​បែប​នេះ។—សុ. ៣:១១, ១២; ហេ. ១២:៦

​វិធី​ដោះ​ស្រាយ​រឿង​រ៉ាវ​តូច​តាច

ជួនកាល​មាន​ទំនាស់​តូច​តាច​និង​ការ​ខ្វែង​គំនិត​គ្នា​រវាង​សមាជិក​ក្នុង​ក្រុម​ជំនុំ។ យើង​ត្រូវ​ដោះ​ស្រាយ​រឿង​រ៉ាវ​ទាំង​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ដោយ​ប្រើ​វិធី​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។ (​អេភ. ៤:២៦; ភី. ២:​២​-​៤; កូឡ. ៣:១២​-​១៤​) ប្រហែលជា​អ្នក​នឹង​ឃើញ​ថា បញ្ហា​ភាគ​ច្រើន​ដែល​អ្នក​មាន​ជា​មួយ​នឹង​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ អាច​ត្រូវ​ដោះ​ស្រាយ​បាន​ដោយ​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ពេត្រុស ដែល​ណែនាំ​ឲ្យ​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពីព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។ (​១ពេ. ៤:៨​) បញ្ហា​តូច​តាច​បែប​នេះ​គឺ​ដោយ​សារ​យើង​មាន​ភាព​ខុស​ឆ្គង។ យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​ដែរ។ (​យ៉ា. ៣:២​) ដោយ​ទទួល​ស្គាល់​គោលការណ៍​នេះ និង​ដោយ​ប្រព្រឹត្ត​តាម​គោលការណ៍​សំខាន់​ដែល​ថា​យើង​គួរ​ប្រព្រឹត្ត​នឹង​អ្នក​ដទៃ​ដូច​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យើង​ដែរ នោះ​ធម្មតា​យើង​អាច​ដោះ​ស្រាយ​រឿង​រ៉ាវ​តូច​តាច ដោយ​អភ័យទោស ហើយ​បំភ្លេច​ចោល។—ម៉ាថ. ៧:១២

ប៉ុន្តែ ប្រសិនបើ​មាន​អ្វី​ធ្វើ​ឲ្យ​ប្រេះ​ឆា​ទំនាក់​ទំនង​របស់​អ្នក​ជា​មួយ​នឹង​សមាជិក​ម្នាក់​ទៀត​ក្នុង​ក្រុម​ជំនុំ រហូត​ដល់​អ្នក​គិត​ថា​ត្រូវ​តែ​ចាត់​វិធានការ​ផ្សេង​ទៀត​វិញ នោះ​យក​ល្អ​កុំ​បង្អង់​យូរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ពី​ព្រោះ​អ្នក​ដឹង​ថា នេះ​ក៏​ទាក់​ទង​នឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​ពួក​សិស្ស​លោក​ថា​៖ ​«​ដូច្នេះ ប្រសិនបើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ​»។ (​ម៉ាថ. ៥:២៣, ២៤​) ប្រហែលជា​មាន​ការ​យល់​ច្រឡំ​គ្នា។ បើ​ដូច្នេះ​មែន គឺ​ចាំ​បាច់​ដោះ​ស្រាយ​ឲ្យ​បាន​ជ្រះ​ស្រឡះ ដោយ​ខំ​ព្យាយាម​រក្សា​សាមគ្គី​ភាព​ដែល​យើង​មាន​ជា​គ្រិស្ត​សាសនិក ហើយ​ដោយ​រក្សា​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ​រវាង​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ ពិត​ជា​សំខាន់​ណាស់​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​គ្នា និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ។

​ការ​ឲ្យ​ឱវាទ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ

នៅ​ពេល​ខ្លះ អ្នក​ត្រួត​ពិនិត្យ​ប្រហែលជា​ត្រូវ​ឲ្យ​ឱវាទ​ដល់​បុគ្គល​ណា​ម្នាក់ ដើម្បី​កែ​តម្រង់​របៀប​គិត​គូរ​របស់​គាត់។ ការ​ឲ្យ​ឱវាទ​មិន​តែង​តែ​ស្រួល​ទេ។ សាវ័ក​ប៉ុល​បាន​សរសេរ​ជូន​គ្រិស្ត​សាសនិក​នៅ​ក្រុង​កាឡាទី​ថា​៖ ​«​បង​ប្អូន​អើយ ទោះ​ជា​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ជា​គ្រិស្ត​សាសនិក​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូតបូត​»។—កាឡ. ៦:១

ដោយ​សារ​ពួក​អ្នក​ត្រួត​ពិនិត្យ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ​ដោយ​ក្ដី​ស្រឡាញ់ នោះ​ពួក​គាត់​ការពារ​សមាជិក​ក្នុង​ក្រុម​ជំនុំ​ពី​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​ជួយ​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ។ ពួក​គង្វាល​នៃ​ហ្វូង​ចៀម​របស់​ព្រះ​គួរ​ខំ​ព្យាយាម​បម្រើ​ក្រុម​ជំនុំ​ឲ្យ​ដូច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​តាម​រយៈ​អេសាយ​ថា​៖ ​«​ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ​»។—អេសា. ៣២:២

​ក្នុង​ករណី​ខ្លះ​ដែល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ

ការ​ដែល​យើង​សុខ​ចិត្ត​បំភ្លេច​ចោល​កំហុស​ខ្លះ​និង​អភ័យទោស​ឲ្យ នោះ​មិន​មាន​ន័យ​ថា​យើង​មិន​អើពើ​ចំពោះ​អំពើ​ខុស​ឆ្គង ឬ​ពេញ​ចិត្ត​នឹង​អំពើ​ខុស​ឆ្គង​នោះ​ទេ។ មិន​មែន​អំពើ​ខុស​ឆ្គង​ទាំង​អស់​បណ្ដាល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​យើង​បាន​ទទួល​ជា​មត៌ក​នោះ​ទេ។ ហើយ​ក៏​មិន​ផ្ដល់​ប្រយោជន៍​ដល់​បង​ប្អូន ឬ​ដល់​ក្រុម​ជំនុំ​ដែរ បើ​បំភ្លេច​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ។ (​លេវី. ១៩:១៧; ទំនុក. ១៤១:៥​) កិច្ច​ព្រមព្រៀង​ខាង​ក្រឹត្យ​វិន័យ​បាន​ឲ្យ​ដឹង​ថា ការ​ខុស​ឆ្គង​និង​ការ​រំលង​ច្បាប់​ព្រះ​មិន​មាន​កម្រិត​ដូច​គ្នា​ទាំង​អស់​ទេ ព្រោះ​ខ្លះ​ជា​កំហុស​ស្រាល ខ្លះ​ជា​កំហុស​ធ្ងន់។ គ្រិស្ត​សាសនិក​ក៏​ទទួល​ស្គាល់​ហេតុ​ការណ៍​នេះ​ដែរ។—១យ៉ូន. ៥:១៦, ១៧

ព្រះ​យេស៊ូ​បាន​ពន្យល់​អំពី​របៀប​ជាក់​លាក់​ខ្លះ​ៗ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​រវាង​បង​ប្អូន​រួម​ជំនឿ។ ចូរ​កត់​សម្គាល់​នូវ​វិធានការ​ជាក់​លាក់​ដែល​លោក​បញ្ជាក់​៖ ​«​ប្រសិនបើ​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្វើ​ខុស​អ្វី​មួយ [​១​]  ចូរ​ទៅ​ជួប​គាត់​ម្នាក់​ឯង ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់។ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​បាន​បង​ប្អូន​នោះ​មក​វិញ។ ប៉ុន្តែ​បើ​គាត់​មិន​ស្ដាប់​អ្នក​ទេ [​២​]  ចូរ​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​រឿង​ទាំង​អស់​អាច​ត្រូវ​ទុក​ជា​ការ​ពិត ដោយ​ការ​បញ្ជាក់​របស់​សាក្សី ពីរ​ឬ​បី​នាក់។ បើ​គាត់​មិន​ស្ដាប់​ពួក​គេ​ទេ [​៣​]  ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ។ ប្រសិនបើ​គាត់​មិន​ស្ដាប់​ក្រុម​ជំនុំ​ទៀត នោះ​ចូរ​ចាត់​ទុក​គាត់​ជា​ជន​ជាតិ​ដទៃ និង​ជា​អ្នក​យក​ពន្ធ​»។—ម៉ាថ. ១៨:១៥​-​១៧

ឧទាហរណ៍​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ក្រោយ​ៗ​មក​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាថាយ ១៨:២៣​-​៣៥ ព្រះ​យេស៊ូ​បាន​ប្រាប់​រឿង​ប្រៀប​ប្រដូច​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា​អំពើ​ខុស​ឆ្គង​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ១៨:១៥​-​១៧ តាម​មើល​ទៅ​ទាក់​ទង​រឿង​លុយ​កាក់​ឬ​អចលនវត្ថុ ដោយ​សារ​មិន​បាន​សង​ប្រាក់​សម្រាប់​អ្វី​មួយ ឬ​ការ​ប្រព្រឹត្ត​ណា​មួយ​ដូច​ជា​បោក​ប្រាស​គេ ឬ​ធ្វើ​ឲ្យ​ខូច​កិត្ដិនាម​របស់​អ្នក​ណា​ម្នាក់ ដោយ​សារ​ការ​និយាយ​បង្កាច់​គេ។

ប្រសិនបើ​អ្នក​មាន​ភ័ស្តុតាង​ជាក់​ច្បាស់​ថា​បុគ្គល​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក កុំ​ប្រញាប់​ទៅ​ជួប​អ្នក​ត្រួត​ពិនិត្យ​ឬ​អ្នក​ឯ​ទៀត ដើម្បី​សុំ​ឲ្យ​ពួក​គាត់​ជួយ​ដោះ​ស្រាយ​ឡើយ។ ចូរ​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​សិន។ មុន​ដំបូង គឺ​អ្នក​ត្រូវ​ទៅ​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ដែល​ធ្វើ​ខុស​នឹង​អ្នក។ ចូរ​ខំ​ដោះ​ស្រាយ​បញ្ហា​នោះ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ ប្រសិនបើ​គាត់​មិន​ស្ដាប់​អ្នក​ទេ សូម​ទុក​ពេល​មួយ​រយៈ​សិន​មុន​នឹង​រក​វិធី​ដោះ​ស្រាយ​ទៀត។ ចូរ​ចាំ​ថា លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា ‹ចូរ​ទៅ​តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់›ទេ។ ដូច្នេះ ប្រសិនបើ​បុគ្គល​នោះ​មិន​សារភាព​កំហុស​ខ្លួន​និង​សុំ​ការ​អភ័យទោស​នៅ​លើក​ដំបូង​ទេ ប្រហែលជា​ការ​ល្អ​ឲ្យ​អ្នក​គិត​ទៅ​ជួប​គាត់​ម្នាក់​ឯង​នៅ​លើក​ក្រោយ​ទៀត។ បើ​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​តាម​វិធី​នេះ បុគ្គល​ដែល​ធ្វើ​ខុស​នោះ ច្បាស់​ជា​ដឹង​គុណ​ណាស់​ដែល​អ្នក​មិន​បាន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​កំហុស​របស់​គាត់ ឬ​ធ្វើ​ឲ្យ​ខូច​កិត្ដិនាម​គាត់​ក្នុង​ក្រុម​ជំនុំ។ អ្នក​នឹង​បាន​សម្រេច​គោល​បំណង​របស់​អ្នក ពោល​គឺ​«​អ្នក​បាន​បង​ប្អូន​នោះ​មក​វិញ​»។

ប្រសិនបើ​បុគ្គល​ដែល​ធ្វើ​ខុស​ទទួល​ស្គាល់​ថា​ខ្លួន​ខុស សុំ​ការ​អភ័យ​ទោស ហើយ​ដោះ​ស្រាយ​បញ្ហា​នោះ អ្នក​មិន​ចាំ​បាច់​ធ្វើ​អ្វី​ទៀត​ទេ។ នេះ​បង្ហាញ​ថា ថ្វី​បើ​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ អំពើ​ខុស​ឆ្គង​ផ្សេង​ៗ​ដែល​បាន​ត្រូវ​ពិគ្រោះ​នៅ​ទី​នេះ​គឺ​រួម​បញ្ចូល​តែ​អំពើ​ខុស​ឆ្គង ដែល​អាច​ដោះ​ស្រាយ​រវាង​ភាគី​ទាំង​ពីរ​ប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះ​អំពើ​ខុស​ឆ្គង​ដូច​ជា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​ផិត​ក្បត់ ការ​រួម​ដំណេក​រវាង​មនុស្ស​ភេទ​ដូច​គ្នា ការ​ពោល​ពាក្យ​ប្រមាថ ការ​ក្បត់​ជំនឿ ការ​គោរព​បូជា​រូប​ព្រះ និង​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ស្រ​ដៀង​នេះ គឺ​មិន​អាច​ដោះ​ស្រាយ​រវាង​ភាគី​ទាំង​ពីរ​បាន​ឡើយ។ (​១កូ. ៦:៩, ១០; កាឡ. ៥:១៩​-​២១​) ការ​សុំ​ការ​អភ័យទោស​ពី​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាំង​នេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ដោយ​សារ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ និង​ចំណង​មេត្រី​ភាព​របស់​ក្រុម​ជំនុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​ត្រូវ​ប្រាប់​រឿង​នេះ​ដល់​ពួក​អ្នក​ចាស់​ទុំ ហើយ​ទុក​ឲ្យ​ពួក​គាត់​ដោះ​ស្រាយ​វិញ។—១កូ. ៥:៦; យ៉ា. ៥:១៤, ១៥

ប្រសិនបើ​មិន​អាច​បាន​បង​ប្អូន​នោះ​មក​វិញ ដោយ‹លាត​ត្រដាង​កំហុស​របស់​គាត់​រវាង​អ្នក​និង​គាត់​ប៉ុណ្ណោះ› នោះ​អ្នក​អាច​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ ពោល​គឺ យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​នោះ​ម្ដង​ទៀត។ មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ដែល​អ្នក​យក​ទៅ​ជា​មួយ ក៏​គួរ​មាន​គោល​បំណង​ឲ្យ​បាន​បង​ប្អូន​នោះ​មក​វិញ​ដែរ។ គឺ​ល្អ​ជាង​បើ​អ្នក​ទាំង​នោះ​ជា​សាក្សី​អំពី​អំពើ​ខុស​ឆ្គង​នោះ។ ប៉ុន្តែ បើ​គ្មាន​សាក្សី​ណា​ម្នាក់​ទេ អ្នក​អាច​យក​បង​ប្រុស​ម្នាក់​ឬ​ពីរ​នាក់ ដើម្បី​ធ្វើ​ជា​សាក្សី​ពេល​មាន​ការ​ពិភាក្សា​គ្នា។ ពួក​គាត់​ប្រហែល​មាន​បទ​ពិសោធន៍​អំពី​រឿង​បែប​នោះ ហើយ​អាច​ដឹង​ថា​អ្វី​ដែល​បាន​កើត​ឡើង ពិត​ជា​កំហុស​មែន​ឬ​ក៏​អត់។ បើ​យក​អ្នក​ចាស់​ទុំ​ទៅ​ជា​មួយ​ធ្វើ​ជា​សាក្សី នោះ​ពួក​គេ​ឥត​តំណាង​ក្រុម​ជំនុំ​ទេ ពីព្រោះ​ក្រុម​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មិន​បាន​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​ជា​សាក្សី​ចំពោះ​រឿង​នេះ​ទេ។

ប្រសិនបើ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​រួម​ជំនឿ​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក ហើយ​អ្នក​មាន​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ ហើយ​រឿង​នោះ​មិន​បាន​ដោះ​ស្រាយ​រួច​រាល់​ទេ ទោះ​ជា​អ្នក​បាន​ខំ​ព្យាយាម​ដោះ​ស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ ពោល​គឺ​អ្នក​បាន​ទៅ​និយាយ​ជា​មួយ​គាត់​ម្នាក់​ឯង ហើយ​ក្រោយ​មក អ្នក​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៅ​និយាយ​ជា​មួយ​នឹង​គាត់​ដែរ ហើយ​អ្នក​គិត​ថា​អ្នក​ពុំ​អាច​បំភ្លេច​រឿង​នេះ​បាន​ទេ បើ​ដូច្នេះ អ្នក​គួរ​ប្រាប់​រឿង​នេះ​ដល់​ពួក​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ។ ចូរ​ចាំ​ថា ពួក​អ្នក​ចាស់​ទុំ​ក៏​មាន​បំណង​រក្សា​ភាព​ស្អាត​ស្អំ​និង​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ​ដែរ។ អ្នក​បាន​ចាត់​វិធានការ​សព្វ​គ្រប់​ហើយ​ដោយ​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​រឿង​នេះ។ ចូរ​ទុក​បញ្ហា​នេះ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ទាំង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ថា​រឿង​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​បាន។ អ្នក​មិន​គួរ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល ឬ​ធ្វើ​ឲ្យ​អ្នក​លែង​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។—ទំនុក. ១១៩:​១៦៥

ប្រសិនបើ​ពួក​គង្វាល​ហ្វូង​ចៀម​របស់​ព្រះ​ស៊ើបអង្កេត​ឃើញ​ថា បង​ប្អូន​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​មែន ហើយ​មិន​ព្រម​ប្រែ​ចិត្ត​និង​មិន​ព្យាយាម​សង​ការ​ខាត​បង់​ឲ្យ​បាន​សម​ត្រឹម​ត្រូវ​ទេ នោះ​គឺ​ចាំ​បាច់​ឲ្យ​ពួក​អ្នក​ត្រួត​ពិនិត្យ​បណ្ដេញ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នេះ​ដែល​មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​ក្រុម​ជំនុំ។ ធ្វើ​ដូច្នេះ ពួក​អ្នក​ត្រួត​ពិនិត្យ​ការពារ​ហ្វូង​ចៀម​របស់​ព្រះ​និង​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ក្នុង​ក្រុម​ជំនុំ។—ម៉ាថ. ១៨:១៧

​ចូរ​ចំណាំ​មើល​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គន្លង

នៅ​ក្នុង​សំបុត្រ​ទី​ពីរ​ជូន​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច ប៉ុល​បាន​ព្រមាន​អំពី​ពួក​អ្នក​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង ហើយ​បើ​នៅ​តែ​ចាត់​ទុក​គាត់​ជា​មនុស្ស​ល្អ នោះ​អាច​មាន​ឥទ្ធិពល​មិន​ល្អ​លើ​ក្រុម​ជំនុំ​វិញ។ ប៉ុល​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​ឲ្យ​«​ដក​ខ្លួន​ចេញ​ពី​បង​ប្អូន​ណា​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង មិន​ស្រប​តាម​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​យើង​»។ គាត់​បញ្ជាក់​ថែម​ទៀត ដោយ​សរសេរ​ថា​៖ ​«​ប្រសិនបើ​មាន​អ្នក​ណា​ដែល​មិន​ស្ដាប់​តាម​ពាក្យ​របស់​យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នក​នោះ ហើយ​ឈប់​សេពគប់​ជា​មួយ ដើម្បី​ឲ្យ​គាត់​អៀន​ខ្មាស។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កុំ​ចាត់​ទុក​គាត់​ជា​សត្រូវ តែ​ចូរ​បន្ត​ដាស់​តឿន​គាត់​ជា​បង​ប្អូន​»។—២ថែ. ៣:៦, ១៤, ១៥

ជួនកាល មាន​សមាជិក​ម្នាក់​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ណា​មួយ​ដែល​អាច​នាំ​ឲ្យ​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រុម​ជំនុំ​ទេ តែ​គាត់​មិន​គោរព​សោះ​នូវ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ដែល​គួរ​ដឹក​នាំ​ជីវិត​របស់​គ្រិស្ត​សាសនិក។ នេះ​អាច​រួម​បញ្ចូល​មនុស្ស​ដែល​ខ្ជិល​ហួស​ប្រមាណ​ឬ​ពូកែ​រិះ​គន់ ហើយ​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍​និង​«​ចេះ​តែ​ជ្រៀត​ជ្រែក​ក្នុង​រឿង​ដែល​មិន​ទាក់​ទង​នឹង​ពួក​គេ​»។ (​២ថែ. ៣:១១​) ឬ​នោះ​អាច​រួម​បញ្ចូល​សមាជិក​ដែល​មាន​ល្បិច​យក​ផល​ប្រយោជន៍​ពី​អ្នក​ឯ​ទៀត ឬ​ចូល​រួម​ការ​កម្សាន្ត​ដែល​មិន​សម​គួរ​សោះ។ ការ​ប្រព្រឹត្ត​ខុស​គន្លង​បែប​នេះ មិន​មែន​ជា​កំហុស​តូច​តាច ដែល​អាច​ដោះ​ស្រាយ​បាន​ដោយ​គ្រាន់តែ​ឲ្យ​ឱវាទ​ពី​គម្ពីរ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ក្រុម​ជំនុំ និង​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែរ។

ក្រោយ​ពី​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ឱវាទ​ជា​ច្រើន​ដង​ដល់​បុគ្គល​បែប​នេះ ហើយ​ឃើញ​ថា គាត់​នៅ​តែ​មិន​គោរព​គោលការណ៍​ដ៏​ច្បាស់​លាស់​ក្នុង​គម្ពីរ នោះ​ពួក​អ្នក​ចាស់​ទុំ​អាច​សម្រេច​ថា​ថ្លែង​សុន្ទរកថា​មួយ​ជូន​ក្រុម​ជំនុំ​ស្ដាប់ ដោយ​ឲ្យ​ឱវាទ​ត្រឹម​ត្រូវ​ស្តី​អំពី​ការ​ប្រព្រឹត្ត​ខុស​គន្លង​បែប​នេះ។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​គំនិត​សម​ហេតុ​ផល​និង​សមត្ថភាព​វែក​ញែក​ស្ថានការណ៍​ណា​មួយ​ថា​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា ដើម្បី​សម្រេច​ថ្លែង​សុន្ទរកថា​ព្រមាន​មួយ​ឬ​មិន​ថ្លែង។ អ្នក​ចាស់​ទុំ​មិន​ប្រាប់​ឈ្មោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គន្លង​នោះ​ក្នុង​សុន្ទរកថា​ទេ។ ប៉ុន្តែ ពួក​អ្នក​ដែល​ដឹង​អំពី​រឿង​នេះ​ដូច​បាន​រៀប​រាប់​ក្នុង​សុន្ទរកថា នឹង​យក​ចិត្ត​ទុក​ដាក់ ហើយ​គិត​ពិចារណា​អំពី​រឿង​នេះ ដោយ​កាត់​បន្ថយ​ការ​សេពគប់​ជា​មួយ​បុគ្គល​បែប​នេះ។

សមាជិក​ក្នុង​ក្រុម​ជំនុំ​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​ដោយ​ក្ដី​ស្រឡាញ់​ហើយ​កាន់​ជំហរ​មាំ​មួន អាច​ជំរុញ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​គន្លង​ឲ្យ​មាន​ការ​ស្ដាយ​ក្រោយ​និង​ឲ្យ​ប្រែ​ចិត្ត​វិញ។ ពេល​ឃើញ​ច្បាស់​ថា បុគ្គល​នេះ​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​ខុស​គន្លង នោះ​គឺ​មិន​ចាំ​បាច់​រាប់​គាត់​ទុក​ដូច​ជា​បុគ្គល​ដែល​ត្រូវ​បាន​ចំណាំ​ទុក​នោះ​ទៀត​ទេ។

​របៀប​ដោះ​ស្រាយ​ករណី​ដែល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ

ក្រោយ​ពី​ធ្វើ​តាម​ឱវាទ​នៅ​ម៉ាថាយ ១៨:១៥, ១៦ បង​ប្អូន​ប្រុស​ឬ​ស្រី​ខ្លះ​អាច​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​អំពី​ករណី​នៃ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ដែល​មិន​ទាន់​ដោះ​ស្រាយ។ (​ម៉ាថ. ១៨:១៧​) ម្យ៉ាង​ទៀត បុគ្គល​ខ្លះ​អាច​មក​ជួប​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​សារភាព​ប្រាប់​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ឬ​ប្រាប់​អ្វី​ដែល​គេ​ដឹង​អំពី​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត។ (​លេវី. ៥:១; យ៉ា. ៥:១៦​) ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ឮ​សេចក្ដី​រាយ​ការណ៍​ស្តី​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​របស់​សមាជិក​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ជ្រមុជ​ទឹក នោះ​មុន​បង្អស់​ពួក​អ្នក​ចាស់​ទុំ​ពីរ​នាក់​នឹង​ធ្វើ​ការ​ស៊ើបអង្កេត។ ប្រសិនបើ​ឃើញ​ថា​សេចក្ដី​រាយ​ការណ៍​នោះ​គឺ​ពិត​មែន ហើយ​មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា បុគ្គល​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ នោះ​ក្រុម​អ្នក​ចាស់​ទុំ​នឹង​រៀប​ចំ​ឲ្យ​មាន​គណៈកម្មាធិការ​វិនិច្ឆ័យ គឺ​យ៉ាង​តិច​មាន​អ្នក​ចាស់​ទុំ​បី​នាក់​ដើម្បី​រក​ដោះ​ស្រាយ​រឿង​នេះ។ ចំពោះ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​របស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ការ​ជ្រមុជ​ទឹក សូម​មើល​ទំព័រ​១០។

ក្នុង​ការ​ព្យាយាម​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ​ហើយ​ការពារ​ហ្វូង​ចៀម​ពី​អ្វី​ៗ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ នោះ​ពួក​អ្នក​ចាស់​ទុំ​នឹង​ខំ​ព្យាយាម​ប្រើ​បណ្ដាំ​របស់​ព្រះ​ដោយ​ប៉ិនប្រសប់ ដើម្បី​ប្រដៅ​តម្រង់​សមាជិក​ដែល​បាន​ធ្វើ​ខុស និង​ខំ​ជួយ​គាត់​ឲ្យ​កែ​ខ្លួន​ឲ្យ​ល្អ​ឡើង​វិញ។ (​យូ. ២១​-​២៣​) នេះ​គឺ​ស្រប​តាម​ការ​បង្គាប់​ដែល​សាវ័ក​ប៉ុល​បាន​ឲ្យ​ដល់​ធីម៉ូថេ ដែល​សរសេរ​ថា​៖ ​«​នៅ​ចំពោះ​មុខ​ព្រះ​និង​គ្រិស្ត​យេស៊ូ ជា​អ្នក​ដែល​ត្រូវ​វិនិច្ឆ័យ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់ . . . ចូរ​ប្រដៅ​តម្រង់ ស្តីបន្ទោស បំផុស​ទឹក​ចិត្ត ដោយ​មាន​ចិត្ត​ធ្ងន់​គ្រប់​យ៉ាង និង​ការ​ប៉ិនប្រសប់​សព្វ​គ្រប់​ក្នុង​ការ​បង្រៀន​»។ (​២ធី. ៤:១, ២​) ការ​ធ្វើ​បែប​នេះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​ច្រើន​និង​ការ​ខំ​ប្រឹង​ព្យាយាម ប៉ុន្តែ​នេះ​គឺជា​ផ្នែក​នៃ​ការងារ​របស់​ពួក​អ្នក​ចាស់​ទុំ។ គ្រិស្ត​សាសនិក​ក្នុង​ក្រុម​ជំនុំ ពិត​ជា​អបអរ​ចំពោះ​ការ​ព្យាយាម​របស់​ពួក​គាត់ ហើយ​លើក​កិត្ដិយស​ពួក​គាត់​មួយ​ជា​ពីរ។—១ធី. ៥:១៧

ក្នុង​គ្រប់​ករណី​ទាំង​អស់ ពេល​ណា​អ្នក​ចាស់​ទុំ​ឃើញ​ជាក់​ថា​បុគ្គល​នោះ​បាន​ធ្វើ​ខុស​ធ្ងន់​មែន នោះ​គោលដៅ​សំខាន់​បំផុត​របស់​ពួក​អ្នក​ត្រួត​ពិនិត្យ​គឺ​ខំ​ប្រឹង​ជួយ​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​នោះ​កែ​ខ្លួន​ឲ្យ​ល្អ​ឡើង​វិញ ប្រសិនបើ​គាត់​ប្រែ​ចិត្ត​ដោយ​ស្មោះ ដោយ​បង្ហាញ​ការ​«​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​»​ជា​ដើម។ (​សកម្ម. ២៦:២០​) ប្រសិនបើ​គាត់​ប្រែ​ចិត្ត ហើយ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​គាត់​បាន នោះ​ការ​ប្រដៅ​តម្រង់​គាត់​ដោយ​គ្មាន​អ្នក​ណា​ដឹង ឬ​នៅ​មុខ​មនុស្ស​ដែល​ដឹង​អំពី​រឿង​នេះ ទុក​ជា​ការ​ប្រៀន​ប្រដៅ​ដល់​គាត់ និង​ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ដឹង​អំពី​រឿង​នេះ​មាន​ការ​កោត​ខ្លាច​ព្រះ​ដែរ។ (​២សាំ. ១២:១៣; ១ធី. ៥:២០​) ក្នុង​គ្រប់​ករណី​ដែល​បង​ប្អូន​ណា​ម្នាក់​ទទួល​ការ​ប្រដៅ​តម្រង់​ដោយ​សារបាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ នោះ​ត្រូវ​ដាក់​កំហិត​លើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ នេះ​នឹង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង‹ធ្វើ​ផ្លូវ​ត្រង់​សម្រាប់​ជើង​ខ្លួន›ចាប់​ពី​ពេល​នោះ​ត​ទៅ។ (​ហេ. ១២:១៣​) នៅ​ពេល​ក្រោយ​មក ពួក​អ្នក​ចាស់​ទុំ​អាច​ដក​ចេញ​នូវ​កំហិត​ទាំង​នេះ​ពេល​ឃើញ​ច្បាស់​ថា បុគ្គល​នោះ​ចាប់​ផ្ដើម​មាំ​មួន​ឡើង​វិញ​ក្នុង​ការ​គោរព​ប្រណិប័តន៍។

​ការ​ប្រកាស​អំពី​ការ​ប្រដៅ​តម្រង់

ប្រសិនបើ​គណៈកម្មាធិការ​វិនិច្ឆ័យ​ដឹង​ថា បុគ្គល​ម្នាក់​នោះ​បាន​ប្រែ​ចិត្ត ប៉ុន្តែ​គ្រិស្ត​សាសនិក​ក្នុង​ក្រុម​ជំនុំ ឬ​មនុស្ស​ក្នុង​សហគមន៍​ទំនង​ជា​ដឹង​ឮ​អំពី​រឿង​នេះ ឬ​បើ​មាន​ហេតុ​ណា​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​គិត​ថា​បង​ប្អូន​រួម​ជំនឿ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ដឹង​អំពី​រឿង​នោះ នោះ​នឹង​មាន​ការ​ប្រកាស​មួយ​ក្នុង​អំឡុង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ។ ត្រូវ​ប្រកាស​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]បាន​ត្រូវ​ប្រដៅ​តម្រង់​»។ អ្នក​ចាត់​ចែង​កិច្ចការ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​អនុម័ត​សេចក្ដី​ជូន​ដំណឹង​នេះ។

​ប្រសិនបើ​ត្រូវ​បណ្ដាច់​មិត្តភាព

ក្នុង​ករណី​ខ្លះ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បែរ​ជា​មាន​ចិត្ត​រឹង​មិន​ប្រែ​ចិត្ត​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​ខ្លួន​ទេ ហើយ​ហេតុ​នេះ​គាត់​មិន​ធ្វើ​តាម​ឱវាទ​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​ខំ​ប្រឹង​ជួយ​គាត់​នោះ។ គាត់​មិន​បាន​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត ហើយ​នៅ​ពេល​គណៈកម្មាធិការ​វិនិច្ឆ័យ​និយាយ​ជា​មួយ​នឹង​គាត់​ក៏​គ្មាន​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​នោះ​ដែរ។ ដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា? ក្នុង​ករណី​បែប​នេះ គឺ​ត្រូវ​ចាំ​បាច់​បណ្ដេញ​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​ចេញ​ពី​ក្រុម​ជំនុំ មិន​ឲ្យ​គាត់​មាន​ការ​សេពគប់​ជា​មួយ​នឹង​ក្រុម​ជំនុំ​ដ៏​ស្អាត​ស្អំ​របស់​ព្រះ​យេហូវ៉ា។ ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​បំបាត់​ឥទ្ធិពល​អាក្រក់​របស់​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ពី​ក្រុម​ជំនុំ ហើយ​ការពារ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​និង​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​ក្រុម​ជំនុំ ថែម​ទាំង​ការពារ​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​ក្រុម​ជំនុំ​ដែរ។ (​ចោទិ. ២១:២០, ២១; ២២:២៣, ២៤​) នៅ​ពេល​ដែល​សាវ័ក​ប៉ូល​បាន​ដឹង​ថា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​គួរ​ឲ្យ​អាម៉ាស់​មុខ នោះ​គាត់​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​ឲ្យ ​«​ប្រគល់​បុរស​បែប​នេះ​ទៅ​សាថាន . . . ដើម្បី​រក្សា​ការពារ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​»។ (​១កូ. ៥:៥, ១១​-​១៣​) ប៉ូល​ក៏​បាន​រៀប​រាប់​អំពី​អ្នក​ឯ​ទៀត​ដែល​បាន​បះបោរ​នឹង​សេចក្ដី​ពិត​នៅ​សតវត្សរ៍​ទី​១ ហើយ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។—១ធី. ១:២០

នៅ​ពេល​ដែល​គណៈកម្មាធិការ​វិនិច្ឆ័យ​សន្និដ្ឋាន​ថា ត្រូវ​បណ្ដាច់​មិត្តភាព​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​មិន​ព្រម​ប្រែ​ចិត្ត នោះ​គួរ​ជម្រាប​គាត់​អំពី​ការ​សម្រេច​នេះ ដោយ​ប្រើ​បទ​គម្ពីរ​ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​មូលហេតុ​ផ្សេង​ៗ​ដែល​គាត់​នឹង​ត្រូវ​បណ្ដាច់​មិត្តភាព។ នៅ​ពេល​ដែល​ប្រាប់​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អំពី​ការ​សម្រេច​នេះ នោះ​គណៈកម្មាធិការ​វិនិច្ឆ័យ​គួរ​ប្រាប់​គាត់​ថា បើ​គាត់​គិត​ថា​ពួក​អ្នក​ចាស់​ទុំ​បាន​ធ្វើ​ការ​វិនិច្ឆ័យ​សេចក្ដី​មិន​ត្រឹម​ត្រូវ ហើយ​គាត់​ចង់​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​ចិត្ត​នោះ គាត់​អាច​ធ្វើ​បាន​ដោយ​សរសេរ​សំបុត្រ​ប្រាប់​យ៉ាង​ច្បាស់​នូវ​មូលហេតុ​ដែល​គាត់​ប្ដឹង​ឧទ្ធរណ៍​នោះ។ ចាប់​ពី​ថ្ងៃ​ដែល​គណៈកម្មាធិការ​ប្រាប់​គាត់​អំពី​ការ​សម្រេច​បណ្ដាច់​មិត្តភាព​នោះ គាត់​មាន​រយៈ​ពេល​៧​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍។ បើ​ពួក​អ្នក​ចាស់​ទុំ​ទទួល​សំបុត្រ​បណ្ដឹង​ឧទ្ធរណ៍​បែប​នេះ​ពី​បុគ្គល​នោះ ពួក​គាត់​ត្រូវ​ទាក់​ទង​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ដែល​នឹង​រៀប​ចំ​ចាត់​តាំង​ពួក​អ្នក​ចាស់​ទុំ​ផ្សេង​ដើម្បី​បង្កើត​គណៈកម្មាធិការ​ឧទ្ធរណ៍ ដើម្បី​ស្ដាប់​រឿង​ក្ដី​នេះ​ម្ដង​ទៀត។ ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ទទួល​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ គួរ​មាន​បទ​ពិសោធន៍​និង​មាន​សមត្ថភាព​គ្រប់​គ្រាន់។ ពួក​គាត់​គួរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ដឹក​នាំ​ស​វន​ការ​រឿង​ក្ដី​នោះ​ក្នុង​អំឡុង​មួយ​សប្ដាហ៍ ក្រោយ​ពី​ទទួល​សំបុត្រ​ប្ដឹង​ឧទ្ធរណ៍​នោះ។ ប្រសិនបើ​មាន​ការ​ប្ដឹង​ឧទ្ធរណ៍ នោះ ការ​ប្រកាស​អំពី​ការ​បណ្ដាច់​មិត្តភាព​នឹង​ត្រូវ​ផ្អាក។ ប៉ុន្តែ​ចន្លោះ​ពេល​នោះ បុគ្គល​ដែល​ជាប់​ចោទ​មិន​អាច​ឆ្លើយ​ឬ​អធិដ្ឋាន​នៅ​ឯ​សាល​ប្រជុំ​ឬ​ទទួល​ឯកសិទ្ធិ​ពិសេស​ណា​មួយ​បាន​ឡើយ។

ការ​ឲ្យ​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​នេះ គឺជា​ការ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​អ្នក​ដែល​ជាប់​ចោទ ហើយ​ផ្ដល់​ឱកាស​ឲ្យ​គាត់​ប្រាប់​អំពី​រឿង​ខ្លួន​ត​ទៅ​ទៀត​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ស្ដាប់។ ដូច្នេះ​ហើយ បើ​គាត់​មិន​មក​បង្ហាញ​ខ្លួន​ដោយ​ចេតនា​នៅ​ឯ​ស​វន​ការ​សម្រាប់​វិនិច្ឆ័យ​សេចក្ដី​សា​ជា​ថ្មី ហើយ​ពួក​អ្នក​ចាស់​ទុំ​បាន​ខំ​ប្រឹង​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ទាក់​ទង​គាត់ នោះ​គួរ​ប្រកាស​អំពី​ការ​បណ្ដាច់​មិត្តភាព​ចុះ។

ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​មិន​ចង់​ប្ដឹង​ឧទ្ធរណ៍​ទេ នោះ​គណៈកម្មាធិការ​វិនិច្ឆ័យ​គួរ​ពន្យល់​ប្រាប់​គាត់​អំពី​សារៈសំខាន់​នៃ​ការ​ប្រែ​ចិត្ត ហើយ​ប្រាប់​អំពី​អ្វី​ដែល​គាត់​អាច​ធ្វើ ដើម្បី​ចូល​មិត្តភាព​វិញ​នៅ​ពេល​ក្រោយ។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​គាត់ ហើយ​ជា​របៀប​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​គាត់ ដោយ​សង្ឃឹម​ថា គាត់​នឹង​កែ​ខ្លួន ហើយ​ក្រោយ​មក​មាន​សិទ្ធិ​ត្រឡប់​មក​អង្គការ​របស់​ព្រះ​យេហូវ៉ា​វិញ។—២កូ. ២:៦, ៧

​ការ​ប្រកាស​អំពី​ការ​បណ្ដាច់​មិត្តភាព

ពេល​ដែល​ត្រូវ​បណ្ដាច់​មិត្តភាព​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត ការ​ប្រកាស​យ៉ាង​ខ្លី​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​ប្រកាស​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​] លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ហើយ​»។ គឺ​មិន​ចាំ​បាច់​ពន្យល់​នូវ​មូលហេតុ​ណា​ឡើយ។ ការ​ប្រកាស​ដូច្នេះ​ធ្វើ​ឲ្យ​សមាជិក​ស្មោះ​ត្រង់​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ដឹង​ថា​ត្រូវ​ឈប់​សេពគប់​ជា​មួយ​នឹង​បុគ្គល​នោះ។ (​១កូ. ៥:១១​) អ្នក​ចាត់​ចែង​កិច្ចការ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​អនុម័ត​សេចក្ដី​ជូន​ដំណឹង​នេះ។

​ការ​ដក​ខ្លួន​ចេញ

ពាក្យ​ថា​«​ការ​ដក​ខ្លួន​ចេញ​»​ គឺ​សំដៅ​ទៅ​សកម្មភាព​របស់​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំ តែ​គាត់​បោះបង់​ចោល​អត្តសញ្ញាណ​ជា​គ្រិស្ត​សាសនិក​ដោយ​ចេតនា ហើយ​បោះបង់​ចោល​ក្រុម​ជំនុំ​តាម​រយៈ​សកម្មភាព​របស់​គាត់ ឬ​ក៏​ដោយ​ប្រកាស​ឬ​សរសេរ​ជា​ផ្លូវ​ការ​ថា​គាត់​លែង​ចង់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទៀត។ ពីព្រោះ​គាត់​បាន​ដក​ខ្លួន​ចេញ នោះ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ខុស​គ្នា​ឆ្ងាយ​ពី​គ្រិស្ត​សាសនិក​ដែល​អសកម្ម ដែល​លែង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ គ្រិស្ត​សាសនិក​ដែល​អសកម្ម​ប្រហែលជា​មិន​បាន​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់ ឬ​ដោយ​សារ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ឬ​ការ​បៀតបៀន គាត់​បាត់បង់​នូវ​ចិត្ត​ខ្នះខ្នែង​ចំពោះ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ចាស់​ទុំ​និង​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​នឹង​បន្ត​ជួយ​បង​ប្អូន​អសកម្ម​នេះ​ឲ្យ​មាន​កម្លាំង​ចិត្ត​បម្រើ​ព្រះ​ឡើង​វិញ។ (​រ៉ូម ១៥:១; ១ថែ. ៥:១៤; ហេ. ១២:១២​) ក៏​ប៉ុន្តែ បុគ្គល​ដែល​ដក​ខ្លួន​ចេញ​ដោយ​បោះបង់​ចោល​ជំនឿ និង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ចេតនា បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​បុគ្គល​ដែល​ត្រូវ​បាន​បណ្ដាច់​មិត្តភាព​ដែរ។ ដើម្បី​ជម្រាប​ក្រុម​ជំនុំ​ឲ្យ​ដឹង នោះ​សេចក្ដី​ជូន​ដំណឹង​យ៉ាង​ខ្លី​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​ប្រកាស​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ហើយ​»។

សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​ពួក​អ្នក​ដែល​បាន​បោះបង់​ជំនឿ​ខ្លួន​នៅ​សម័យ​គាត់​ថា​៖ ​«​ពួក​គេ​បាន​ចេញ​ពី​ចំណោម​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ ពីព្រោះ​បើ​ជា​គ្នា​យើង​មែន នោះ​ពួក​គេ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​យើង​»។ (​១យ៉ូន. ២:១៩​) ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​អាច​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក​តាម​រយៈ​សកម្មភាព​របស់​ខ្លួន ដូច​ជា ដោយ​ក្លាយ​ទៅ​ជា​សមាជិក​អង្គការ​ណា​មួយ​របស់​ពិភព​លោក​នេះ ដែល​មាន​គោលដៅ​ខុស​ស្រឡះ​ពី​គម្ពីរ ហើយ​ហេតុ​នេះ ជា​អង្គការ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដន្ទា​ទោស។ (​អេសា. ២:៤; បប. ១៩:១៧​-​២១​) ប្រសិនបើ​គ្រិស្ត​សាសនិក​ម្នាក់​ទៅ​រួម​ចំណែក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ព្រះ​មិន​ពេញ​ចិត្ត នោះ​សេចក្ដី​ជូន​ដំណឹង​យ៉ាង​ខ្លី​មួយ​ដល់​ក្រុម​ជំនុំ​នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​មាន​ការ​ប្រកាស​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]​លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ហើយ​»។ យើង​ត្រូវ​ចាត់​ទុក​បុគ្គល​បែប​នេះ​ដូច​ជា​បុគ្គល​ដែល​ត្រូវ​បាន​បណ្ដាច់​មិត្តភាព​ដែរ។ អ្នក​ចាត់​ចែង​កិច្ចការ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​អនុម័ត​សេចក្ដី​ជូន​ដំណឹង​នេះ។

​ការ​ចូល​មិត្តភាព​វិញ

បុគ្គល​ដែល​ត្រូវ​បណ្ដាច់​មិត្តភាព​អាច​ចូល​មិត្តភាព​វិញ ពេល​ដែល​គាត់​បង្ហាញ​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា​គាត់​បាន​ប្រែ​ចិត្ត និង​បង្ហាញ​ឲ្យ​ឃើញ​អស់​មួយ​រយៈ​ពេល​សម​គួរ​ថា គាត់​បាន​បោះបង់​ចោល​ការ​ប្រព្រឹត្ត​ដ៏​ខុស​ឆ្គង ហើយ​ចង់​មាន​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​វិញ។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ទុក​ពេល​ឲ្យ​បាន​គ្រប់​គ្រាន់ ប្រហែលជា​ច្រើន​ខែ មួយ​ឆ្នាំ ឬ​យូរ​ជាង​នេះ​ទៀត ដើម្បី​ឲ្យ​បុគ្គល​ដែល​ត្រូវ​បណ្ដាច់​មិត្តភាព​បង្ហាញ​ថា គាត់​បាន​ប្រែ​ចិត្ត​ដោយ​ស្មោះ។ នៅ​ពេល​ដែល​ក្រុម​អ្នក​ចាស់​ទុំ​ទទួល​សំបុត្រ​សុំ​ចូល​មិត្តភាព​វិញ នោះ​គណៈកម្មាធិការ​វិនិច្ឆ័យ​ដែល​បាន​បណ្ដាច់​មិត្តភាព​បុគ្គល​នោះ គួរ​ជា​គណៈកម្មាធិការ​វិនិច្ឆ័យ​ដែល​នឹង​និយាយ​ជា​មួយ​នឹង​បុគ្គល​នេះ បើ​អាច​ធ្វើ​បាន។ គណៈកម្មាធិការ​នោះ​នឹង​ពិនិត្យ​មើល​នូវ​ទី​សំ​អាង​ដែល​បង្ហាញ​ថា​គាត់​បាន​ប្រែ​ចិត្ត​ដោយ​ស្មោះ រួច​នឹង​សម្រេច​ថា​គាត់​ចូល​មិត្តភាព​វិញ​នៅ​ពេល​នោះ ឬ​មិន​ចូល។

ប្រសិនបើ​បុគ្គល​ដែល​សុំ​ចូល​មិត្តភាព​វិញ បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ដោយ​ក្រុម​ជំនុំ​ផ្សេង នោះ​គណៈកម្មាធិការ​វិនិច្ឆ័យ​នៅ​ក្រុម​ជំនុំ​ថ្មី​អាច​ជួប​ជា​មួយ​នឹង​បុគ្គល​នេះ ហើយ​ពិនិត្យ​មើល​សំណូម​ពរ​គាត់។ ក្រោយ​មក គណៈកម្មាធិការ​វិនិច្ឆ័យ​នៅ​ក្រុម​ជំនុំ​ថ្មី​នឹង​ទាក់​ទង​ក្រុម​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​ដែល​បាន​បណ្ដាច់​មិត្តភាព​បុគ្គល​នោះ ហើយ​ប្រាប់​អំពី​យោបល់​របស់​ពួក​គាត់។ គណៈកម្មាធិការ​វិនិច្ឆ័យ​ទាំង​ពីរ​ក្រុម​ជំនុំ​នឹង​សហការ​គ្នា ដើម្បី​ធានា​ថា​ព័ត៌មាន​បាន​ត្រូវ​ប្រមូល​សព្វ​គ្រប់ ហើយ​ថា​ពួក​គាត់​ធ្វើ​ការ​សម្រេច​ដោយ​យុត្ដិធម៌។ ប៉ុន្តែ ការ​សម្រេច​ឲ្យ​បុគ្គល​ម្នាក់​ចូល​មិត្តភាព​វិញ គឺ​ត្រូវ​សម្រេច​ដោយ​គណៈកម្មាធិការ​វិនិច្ឆ័យ​ដំបូង​នៃ​ក្រុម​ជំនុំ ដែល​បាន​បណ្ដាច់​មិត្តភាព​គាត់។ ប្រសិនបើ​សមាជិក​ខ្លះ​នៃ​គណៈកម្មាធិការ​វិនិច្ឆ័យ​ដំបូង​លែង​បម្រើ​នៅ​ក្រុម​ជំនុំ​នោះ ឬ​លែង​មាន​សមត្ថភាព​បម្រើ នោះ​អ្នក​ចាស់​ទុំ​ផ្សេង​ទៀត​ពី​ក្រុម​ជំនុំ​ដើម​អាច​ត្រូវ​ជ្រើស​រើស​ឲ្យ​ជំនួស​ពួក​គាត់​បាន។

នៅ​ពេល​ដែល​គណៈកម្មាធិការ​វិនិច្ឆ័យ​ប្រាកដ​ថា​បុគ្គល​ដែល​ត្រូវ​បណ្ដាច់​មិត្តភាព បាន​ប្រែ​ចិត្ត​ដោយ​ស្មោះ ហើយ​គួរ​នឹង​ចូល​មិត្តភាព​វិញ នោះ​នឹង​មាន​ការ​ប្រកាស​អំពី​ការ​ចូល​មិត្តភាព​វិញ​នៅ​ក្រុម​ជំនុំ​ដែល​បុគ្គល​នោះ​ត្រូវ​បាន​បណ្ដាច់​មិត្តភាព។ ប្រសិនបើ​បុគ្គល​នោះ​នៅ​ក្រុម​ជំនុំ​ផ្សេង នោះ​ក៏​ត្រូវ​ប្រកាស​អំពី​ការ​ចូល​មិត្តភាព​វិញ​នៅ​ក្រុម​ជំនុំ​ថ្មី​ដែរ។ ត្រូវ​ប្រកាស​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]បាន​ចូល​មិត្តភាព​វិញ ជា​សាក្សី​ម្នាក់​របស់​ព្រះ​យេហូវ៉ា​»។

​ពេល​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

ចុះ​យ៉ាង​ណា​ចំពោះ​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក តែ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ? ដោយ​សារ​ពួក​គេ​ជា​សមាជិក​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ពួក​គេ​ពុំ​អាច​ត្រូវ​បណ្ដាច់​មិត្តភាព​ជា​ផ្លូវ​ការ​ទេ។ ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ប្រហែលជា​មិន​យល់​ច្បាស់​អំពី​ខ្នាត​តម្រា​ក្នុង​គម្ពីរ ដូច្នេះ​បើ​ឲ្យ​ឱវាទ​ដោយ​ចិត្ត​សប្បុរស នោះ​អាច​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ផ្លូវ​ត្រង់​សម្រាប់​ជើង​ខ្លួន។

ប្រសិនបើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ធ្ងន់ ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​មិន​ព្រម​ប្រែ​ចិត្ត​ក្រោយ​ពី​អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​ជួប​គាត់ និង​ខំ​ប្រឹង​ជួយ​គាត់ នោះ​គឺ​ចាំ​បាច់​ប្រាប់​ក្រុម​ជំនុំ​អំពី​រឿង​នេះ។ សេចក្ដី​ជូន​ដំណឹង​ដ៏​ខ្លី​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រកាស​ថា​៖ ​«​ក្រុម​ជំនុំ​លែង​ទទួល​ស្គាល់[​ឈ្មោះ​បុគ្គល​នោះ​]ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​ទៀត​ហើយ​»​។ ក្រោយ​មក ក្រុម​ជំនុំ​នឹង​ចាត់​ទុក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នេះ​ដូច​មនុស្ស​ខាង​ពិភព​លោក។ ទោះ​ជា​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​នេះ​មិន​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ក៏​ដោយ តែ​គ្រិស្ត​សាសនិក​គ្រប់​គ្នា​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​សេពគប់​ជា​មួយ​នឹង​គាត់។ (​១កូ. ១៥:៣៣​) ក្រុម​ជំនុំ​ក៏​មិន​ត្រូវ​ទទួល​របាយការណ៍​អំពី​កិច្ច​ផ្សព្វ​ផ្សាយ​ពី​គាត់​ទៀត​ដែរ។

ក្រោយ​មក អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក (​មនុស្ស​ពេញ​វ័យ​ឬ​កូន​ក្មេង​) ដែល​ត្រូវ​បាន​ដក​សិទ្ធិ​ជា​អ្នក​ផ្សាយ​ម្នាក់ ប្រហែល​ជា​ចង់​សេពគប់​ជា​មួយ​នឹង​ក្រុម​ជំនុំ​ម្ដង​ទៀត ហើយ​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ម្ដង​ទៀត។ បើ​ដូច្នេះ​មែន អ្នក​ចាស់​ទុំ​ពីរ​នាក់​នឹង​ជួប​គាត់ ពិនិត្យ​មើល​ថា​តើ​គាត់​បាន​កែប្រែ​ច្រើន​ប៉ុណ្ណា។ ប្រសិនបើ​គាត់​មាន​ចិត្ត​គំនិត​ល្អ នោះ​បង​ប្អូន​ម្នាក់​អាច​សិក្សា​គម្ពីរ​ជា​មួយ​នឹង​គាត់។ ប្រសិនបើ​គាត់​មាន​ជំនឿន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​កាន់​តែ​ល្អ សេចក្ដី​ជូន​ដំណឹង​ដ៏​ខ្លី​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រកាស​ថា​៖ ​«​[​ឈ្មោះ​របស់​បុគ្គល​នោះ​]​បាន​ត្រូវ​ទទួល​ស្គាល់​ម្ដង​ទៀត​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​»។

​ករណី​ដែល​ទាក់​ទង​នឹង​ប្អូន​វ័យ​ក្មេង​ដែល​មិន​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ

ពេល​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ នោះ​អ្នក​ដែល​ដឹង​រឿង​នោះ​ត្រូវ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ។ នៅ​ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ពិចារណា​ករណី​នៃ​អំពើ​ខុស​ឆ្គង​ធ្ងន់​ដែល​ទាក់​ទង​ប្អូន​ៗ​វ័យ​ក្មេង ជា​ការ​ល្អ​បើ​ឪពុក​ម្ដាយ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​របស់​ប្អូន​នោះ មាន​វត្តមាន ហើយ​សហការ​ជា​មួយ​នឹង​គណៈកម្មាធិការ​វិនិច្ឆ័យ។ ឪពុក​ម្ដាយ​មិន​គួរ​ការពារ​កូន​ដែល​ធ្វើ​ខុស​នោះ​មិន​ឲ្យ​ទទួល​ការ​ប្រៀន​ប្រដៅ​ឡើយ។ គណៈកម្មាធិការ​វិនិច្ឆ័យ​ខំ​ប្រដៅ​តម្រង់​និង​ជួយ​ក្មេង​ដែល​ធ្វើ​ខុស​យ៉ាង​ធ្ងន់​នេះ​ឲ្យ​វិល​មក​វិញ ដូច​ជា​ពួក​គាត់​ខំ​ជួយ​បុគ្គល​ពេញ​វ័យ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ដែរ។ ប៉ុន្តែ ប្រសិនបើ​ប្អូន​វ័យ​ក្មេង​ម្នាក់​នេះ​មិន​ប្រែ​ចិត្ត​ទេ គឺ​ត្រូវ​បណ្ដាច់​មិត្តភាព​គាត់​ពី​ក្រុម​ជំនុំ។

​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ការ​គោរព​ប្រណិប័តន៍​ ដែល​មាន​ភាព​ស្អាត​ស្អំ​និង​មាន​សាមគ្គី​ភាព

គ្រប់​គ្នា​ដែល​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ អាច​រីករាយ​នឹង​ស្ថានភាព​ដែល​បង្ហាញ​នូវ​ការ​ចម្រើន​លូត​លាស់​ក្នុង​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​លោក។ ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ​របស់​យើង​ពិត​ជា​ប្រៀប​បាន​ទៅ​នឹង​វាល​ស្មៅ​ខៀវ​ស្រងាត់​មែន ហើយ​យើង​បាន​ទទួល​ទឹក​យ៉ាង​សម្បូរ​ហូរហៀរ​ដែល​ជា​សេចក្ដី​ពិត ដែល​នាំ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត។ យើង​បាន​ទទួល​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា តាម​រយៈ​របៀប​រៀប​ចំ​របស់​លោក ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត។ (​ទំនុក. ២៣; អេសា. ៣២:១, ២​) ការ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន​ក្នុង​គ្រា​ជាន់​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុខសាន្ត​មែន។

ដោយ​រក្សា​ការ​ប្រព្រឹត្ត​ដ៏​ល្អ​និង​សាមគ្គី​ភាព​ដែល​យើង​មាន​ក្នុង​នាម​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ នោះ​យើង​នឹង​បន្ត​ឲ្យ​ពន្លឺ​នៃ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​ទាំង​ឡាយ។ (​ម៉ាថ. ៥:​១៦​) ដោយ​មាន​ពរ​ពី​ព្រះ​យេហូវ៉ា យើង​នឹង​មាន​ចិត្ត​រីករាយ​ពេល​ឃើញ​មនុស្ស​កាន់​តែ​ច្រើន​ទៀត​មាន​ចំណេះ​ដឹង​អំពី​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​មួយ​នឹង​យើង​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក