បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៩ ជំ. ១៦ ទំ. ៣-៦
  • អង្គការមួយដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា
  • ២០០៩ កិច្ចបម្រើព្រះ
  • ចំណងជើងតូច
  • ការ​កែប្រែ​ចិត្ត​គំនិត
  • ការ​រក្សា​សាមគ្គី​ភាព​ ដែល​យើង​មាន​ទូ​ទាំង​ពិភព​លោក
  • ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក
  • ទុក​ដោយ​ឡែក​ ដើម្បី​ធ្វើ​តាម​បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា
២០០៩ កិច្ចបម្រើព្រះ
km ៥/០៩ ជំ. ១៦ ទំ. ៣-៦

ជំពូក​ទី​១៦

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា

ភាតរភាព​ដែល​មាន​សាមគ្គី​ភាព

បន្ទាប់​ពី​ទាក់​ទង​ដោយ​ឡែក​អស់​រយៈ​ពេល​២.០០០​ឆ្នាំ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​អ័ប្រាហាំ ហើយ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​ជា​កូន​ចៅ​របស់​គាត់ នោះ​ព្រះ​យេហូវ៉ា​បាន​«​បង្ហាញ​ចំណាប់​អារម្មណ៍ . . . ទៅ​លើ​ប្រជាជាតិ​នានា ដើម្បី​រើស​យក​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្ម. ១៥:១៤​) រាស្ត្រ​ទុក​សម្រាប់​នាម​ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ទៅ​ជា​សាក្សី​របស់​ទ្រង់ ដែល​មាន​សាមគ្គី​ភាព​ទាំង​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត មិន​ថា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ក្ដី។ នៅ​ទី​បំផុត​ការ​ប្រមូល​រាស្ត្រ​សម្រាប់​នាម​របស់​ព្រះ​នឹង​សម្រេច​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្គាប់​ទៅ​សិស្ស។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្ម​ពល បរិសុទ្ធ​របស់​លោក ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។—ម៉ាថ. ២៨:១៩, ២០

ដោយ​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​និង​ជ្រមុជ​ទឹក​ហើយ យើង​បាន​ក្លាយ​ទៅ​ជា​សិស្ស​របស់​លោក​យេស៊ូ​គ្រិស្ត​ព្រម​ទាំង​រួម​ចំណែក​ក្នុង​ភាតរភាព​នៃ​គ្រិស្ត​សាសនិក​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​មាន​សាមគ្គី​ភាព។ សមាជិក​ក្នុង​ភាតរភាព​នេះ​មិន​អនុញ្ញាត​ឲ្យ​ភាព​ខុស​គ្នា​រវាង​ជាតិ​សាសន៍ កុលសម្ព័ន្ធ​ឬ​សេដ្ឋកិច្ច​បំបាក់បំបែក​ពួក​គេ​ឡើយ។ (​ទំនុក. ១៣៣:១​) ជា​លទ្ធផល​ទោះ​បី​បង​ប្អូន​គ្រិស្ត​សាសនិក​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​មក​ពី​សាសន៍​ឬ​ជាតិ​ផ្សេង​ក្ដី យើង​ស្រឡាញ់​និង​គោរព​បង​ប្អូន​ទាំង​នោះ។ ប្រហែល​បង​ប្អូន​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​យើង តែ​ពី​មុន​យើង​មិន​ដែល​គិត​ថា​គាត់​អាច​ជា​មិត្ត​របស់​យើង​ទេ ដោយ​សារ​តែ​សាសន៍ វប្បធម៌ ការ​អប់រំ ឬ​សេដ្ឋកិច្ច​ខុស​គ្នា។ ដោយ​សាមគ្គី​ភាព យើង​មាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ដែល​ឥត​ពុត​មាយា ហើយ​សេចក្ដី​ស្រឡាញ់​នេះ​ជា​ចំណង​ដែល​មិន​អាច​បំបែកបំបាក់​បាន ថែម​ទាំង​ខ្លាំងក្លា​ជាង​ទំនាក់​ទំនង​ឯ​ទៀត មិន​ថា​ទំនាក់​ទំនង​ក្នុង​សង្គម សាសនា ឬ​ក្រុម​គ្រួសារ​ក្ដី។—ម៉ាក. ១០:​២៩, ៣០; កូឡ. ៣:១៤; ១ពេ. ១:២២

ការ​កែប្រែ​ចិត្ត​គំនិត

ប្រសិនបើ​បង​ប្អូន​ខ្លះ​ពិបាក​លះ​ចោល​ការ​ប្រកាន់​ជាតិ​សាសន៍ នយោបាយ វណ្ណៈ ឬ​ការ​ប្រកាន់​ឯ​ទៀត​ដែល​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​នោះ សូម​បង​ប្អូន​ពិចារណា​អំពី​គ្រិស្ត​សាសនិក​ដែល​ជា​សាសន៍​យូដា​ពី​សម័យ​ដើម។ ពួក​គាត់​ឈប់​ប្រកាន់​ជាតិ​សាសន៍​តាម​ទម្លាប់​មួយ​ដែល​មាន​ក្នុង​សាសនា​យូដា​ត​ទៅ​ទៀត។ សូម​នឹក​គិត​អំពី​ពេត្រុស​ដែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ទៅ​ផ្ទះ​របស់​កូនេលាស​ជា​មេ​ទាហាន​សាសន៍​រ៉ូម ហើយ​ដោយ​សេចក្ដី​សប្បុរស​ព្រះ​យេហូវ៉ា​បាន​ជួយ​ពេត្រុស​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​បំពេញ​ភារកិច្ច​នោះ។ សូម​បង​ប្អូន​អាន​កំណត់​ហេតុ​ទាំង​មូល​នេះ​នៅ សកម្មភាព​ជំពូក​ទី​១០។

ក្នុង​ការ​បើក​សម្ដែង​ឲ្យ​ឃើញ​ក្នុង​គំនិត​មួយ ពេត្រុស​ត្រូវ​បាន​ប្រាប់​ឲ្យ​សម្លាប់ ព្រម​ទាំង​បរិភោគ​សត្វ​ខ្លះ​ដែល​ជន​ជាតិ​យូដា​ចាត់​ទុក​ជា​ស្មោកគ្រោក​សូម្បី​តែ​ពាល់​ក៏​មិន​បាន​ដែរ។ ពេល​ពេត្រុស​ប្រកែក នោះ​មាន​សំឡេង​ពី​ស្ថាន​សួគ៌​ប្រាប់​គាត់​ថា​៖ ​«​ឈប់​ហៅ​អ្វី​ៗ​ដែល​ព្រះ​បាន​សម្អាត ថា​មិន​ស្អាត​»។ (​សកម្ម. ១០:១៥​) ព្រះ​យេហូវ៉ា​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​ពេត្រុស​កែប្រែ​ចិត្ត​គំនិត​របស់​ខ្លួន​សម្រាប់​ភារកិច្ច​ដែល​គាត់​នឹង​ទទួល​នោះ ពោល​គឺ​ទៅ​ជួប​បុរស​ម្នាក់​ជា​សាសន៍​ផ្សេង។ ប៉ុន្តែ​ពេល​គាត់​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា នោះ​ពេត្រុស​បាន​ប្រកាស​ទៅ​អស់​អ្នក​ដែល​ជុំ​គ្នា​នៅ​ទី​នោះ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ជន​ជាតិ​យូដា​គ្មាន​ច្បាប់​ចូល​ទៅ​ជិត​ឬ​ទាក់​ទង​ជា​មួយ​នឹង​ជាតិ​សាសន៍​ដទៃ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ហៅ​មនុស្ស​ណា​ម្នាក់​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ឡើយ។ ហេតុ​នេះ ពេល​ដែល​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ដោយ​មិន​ជំទាស់​ទេ​»។ (​សកម្ម. ១០:២៨, ២៩​) បន្ទាប់​មក ពេត្រុស​បាន​ឃើញ​ពី​ទី​សំ​អាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​លោក​កូនេលាស​និង​ក្រុម​គ្រួសារ​របស់​គាត់។—១ពេ. ៣:១០​-​១២

សុល​ពី​ទី​ក្រុង​តើ​សុស​ជា​ផារិស៊ី​ម្នាក់​ដែល​ចេះ​ដឹង​ជ្រៅ​ជ្រះ តែ​លោក​ត្រូវ​បន្ទាប​ខ្លួន​ហើយ​សេពគប់​ជា​មួយ​មនុស្ស​ដែល​លោក​មិន​អាច​សេពគប់​ជា​មួយ​ពី​មុន​ដោយ​សារ​លោក​មាន​ឋានៈ​ខ្ពស់។ លោក​ក៏​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពួក​គាត់​ដែរ។ (​សកម្ម. ៤:១៣; កាឡ. ១:១៣​-​២០; ភី. ៣:៤​-​១១​) យើង​អាច​ជឿ​ជាក់​ថា មនុស្ស​ដូច​ជា​ស៊ើគាស​ប៉ូឡូស ឌីយ៉ូនីស ដាម៉ារីស ភីលេម៉ូន អូណេស៊ីម​និង​អ្នក​ឯ​ទៀត​ច្បាស់​ជា​បាន​កែប្រែ​ទស្សនៈ​របស់​ខ្លួន​ពេល​បាន​ទទួល​សារ​ដំណឹង​ល្អ ទើប​អាច​ក្លាយ​ទៅ​ជា​សិស្ស​របស់​លោក​យេស៊ូ​គ្រិស្ត។—សកម្ម. ១៣:៦​-​១២; ១៧:២២, ៣៣, ៣៤; ភីលេ. ៨​-​២០

ការ​រក្សា​សាមគ្គី​ភាព​ ដែល​យើង​មាន​ទូ​ទាំង​ពិភព​លោក

សេចក្ដី​ស្រឡាញ់​ពី​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ក្រុម​ជំនុំ​របស់​យើង ពិត​ជា​ជួយ​ទាក់​ទាញ​ចិត្ត​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់។ យើង​មិន​ធ្លាប់​ពិសោធន៍​សេចក្ដី​ស្រឡាញ់​ដូច​នេះ​ក្នុង​ក្រុម​ឬ​អង្គការ​ឯ​ទៀត​ទេ។ យើង​បាន​ឃើញ​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គី​ភាព​ដែល​សិស្ស​ពិត​របស់​លោក​យេស៊ូ​គ្រិស្ត​នឹង​មាន ដូច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូន. ១៣:៣៤, ៣៥​) ប៉ុន្តែ​ពេល​យើង​ដឹង​ថា​សេចក្ដី​ស្រឡាញ់​ដែល​យើង​ឃើញ​ក្នុង​ក្រុម​ជំនុំ គឺ​គ្រាន់តែ​មួយ​ភាគ​តូច​នៃ​សេចក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក នោះ​នាំ​ឲ្យ​យើង​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន​ឡើង​ៗ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​លើ​មនុស្ស​ជាតិ! យើង​ជា​សាក្សី ហើយ​យើង​ក៏​រួម​ចំណែក​ក្នុង​ការ​សម្រេច​ទំនាយ​ក្នុង​គម្ពីរ​ដែល​បញ្ជាក់​អំពី​ការ​ប្រមូល​មនុស្ស​នៅ​គ្រា​ជាន់​ក្រោយ ឲ្យ​មក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​មាន​ភាព​សុខសាន្ត​និង​សាមគ្គី​ភាព។ ទំនាយ​នេះ​គឺ​កត់​ទុក​នៅ​ក្នុង​សៀវភៅ​មីកា ៤:១​-​៥ ដូច្នេះ​សូម​អញ្ជើញ​បង​ប្អូន​អាន​ទំនាយ​នេះ​ចុះ។

នៅ​សព្វ​ថ្ងៃ​នេះ​មាន​ហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​បែកខ្ញែក​គ្នា ដូច្នេះ​ហើយ​មនុស្ស​ភាគ​ច្រើន​គិត​ថា ការ​ប្រមូល​មនុស្ស​«​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»​ នោះ​មិន​អាច​ធ្វើ​បាន​ឡើយ។ (​បប. ៧:៩​) សូម​ពិចារណា​ពី​ភាព​ខុស​គ្នា​រវាង​សង្គម​ដែល​ជំនាញ​ខាង​បច្ចេកវិជ្ជា និង​សង្គម​ដែល​កាន់​តាម​ទំនៀម​ទម្លាប់​កុលសម្ព័ន្ធ​ពី​បុរាណ។ សូម​គិត​អំពី​សាសនា​ដែល​ប្រជែង​គ្នា​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​រួម​សាសន៍​និង​រួម​ជាតិ​ដូច​គ្នា។ ពេល​មាន​ស្នេហា​ជាតិ​លេច​ឡើង មនុស្ស​កាន់​តែ​ច្រើន​ទៅ​ៗ បាន​បែកបាក់​គ្នា​ខាង​នយោបាយ។ ណា​មួយ​ទៀត បើ​យើង​ពិចារណា​អំពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ខាង​សេដ្ឋកិច្ច​រវាង​មនុស្ស​នៅ​គ្រប់​ទី​កន្លែង ព្រម​ទាំង​គិត​អំពី​ការ​បែកខ្ញែក​គ្នា​ឯ​ទៀត​ដែល​រាប់​មិន​បាន នោះ​ការ​ប្រមូល​មនុស្ស​ពី​គ្រប់​ប្រទេស បក្ស ក្រុម និង​គ្រប់​វណ្ណៈ​ឲ្យ​មាន​ចំណង​ដែល​បំបែក​បំបាក់​មិន​បាន​ហើយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ភាព​សុខ​សាន្ត នោះ​គឺជា​អព្ភូតហេតុ​មែន។ មាន​តែ​ព្រះ​ដែល​មាន​គ្រប់​ទាំង​ចេស្ដា​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​អព្ភូតហេតុ​នោះ​បាន។—សាក. ៤:៦

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សាមគ្គី​ភាព​ដូច​នេះ​មាន​ជា​ពិត​ប្រាកដ ហើយ​ពេល​យើង​បាន​ថ្វាយ​ខ្លួន​និង​ជ្រមុជ​ទឹក​ធ្វើ​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា យើង​បាន​រួម​ចំណែក​ក្នុង​ភាតរភាព​ដែល​មាន​សាមគ្គី​ភាព។ ជំនឿ​របស់​យើង​បាន​នាំ​ឲ្យ​យើង​មាន​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​មនោរម។ ដោយ​ទទួល​ប្រយោជន៍​ពី​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​មនោរម​នេះ យើង​មាន​ភារកិច្ច​ជួយ​រក្សា​ស្ថានភាព​នោះ។ យើង​អាច​ជួយ​រក្សា​ស្ថានភាព​នោះ​ដោយ​ធ្វើ​តាម​ពាក្យ​របស់​សាវ័ក​ប៉ុល​នៅ​កាឡាទី ៦:១០ ដែល​ថា​៖ ​«​ម្ល៉ោះ​ហើយ ដរាប​ណា​យើង​មាន​ឱកាស នោះ​ចូរ​យើង​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេស​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​»។ ការ​រក្សា​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​សួន​មនោរម​ក៏​មាន​ន័យ​ថា យើង​«​មិន​ធ្វើ​អ្វី​ក្នុង​បំណង​ទាស់​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ឬ​លើក​ខ្លួន​ហួស​ប្រមាណ ប៉ុន្តែ​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​»។ (​ភី. ២:៣, ៤​) ដរាប​ណា​ដែល​យើង​បង្រៀន​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ចំពោះ​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​យើង​ដូច​ព្រះ​យេហូវ៉ា ហើយ​មិន​គិត​អំពី​ភាព​ខាង​ក្រៅ​របស់​គាត់ ឬ​មិន​ប្រមូល​អារម្មណ៍​ទៅ​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​នៅ​ទី​បំផុត​នឹង​លែង​មាន​ត​ទៅ​ទៀត​នោះ យើង​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង​ដែល​ប្រកប​ដោយ​ភាព​សុខសាន្ត​និង​សុភមង្គល​ជា​មួយ​បង​ប្អូន​យើង។—អេភ. ៤:២៣, ២៤

ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

ដូច​ជា​សាវ័ក​ប៉ុល​បាន​ពន្យល់​យ៉ាង​ល្អ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​មួយ សមាជិក​ក្នុង​ក្រុម​ជំនុំ​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ (​១កូ. ១២:១៤​-​២៦​) អ្វី​ដែល​ប៉ះពាល់​ដល់​ផ្នែក​មួយ​ឬ​ចំណែក​ណា​មួយ​នៃ​អង្គការ នោះ​ក៏​មាន​ឥទ្ធិពល​លើ​រាស្ត្រ​របស់​ព្រះ​ទាំង​ឡាយ​ដែរ។ ទោះ​បី​ជា​យើង​ប្រហែល​រស់​នៅ​ឆ្ងាយ​ពី​បង​ប្អូន​ខ្លះ​ដែល​ជា​សមាជិក​នៃ​ភាតរភាព​នៅ​ទូ​ទាំង​ពិភព​លោក​ក៏​ដោយ តែ​យើង​ក៏​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​របស់​ពួក​គាត់​ដែរ។ ប្រសិនបើ​មាន​បង​ប្អូន​ខ្លះ​កំពុង​តែ​រង​ទុក្ខ​ការ​បៀតបៀន បង​ប្អូន​ឯ​ទៀត​ក៏​កើត​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ដែរ។ ប្រសិនបើ​បង​ប្អូន​ខ្លះ​កំពុង​តែ​ខ្វះ​ខាត​អ្វី​ដែល​ត្រូវ​ការ ឬ​រង​ទុក្ខ​ដោយ​សារ​គ្រោះ​មហន្តរាយ សង្គ្រាម និង​ភាព​ចលាចល​ក្នុង​ស្រុក នោះ​បង​ប្អូន​ឯ​ទៀត​ខំ​ព្យាយាម​ស្វែងរក​វិធី​ផ្សេង​ៗ​ដើម្បី​ផ្ដល់​ជំនួយ​ឲ្យ​ពួក​គាត់​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ព្រម​ទាំង​ផ្ដល់​ជំនួយ​ខាង​ទ្រព្យ​សម្បត្ដិ​ផង​ដែរ។—២កូ. ១:៨​-​១១

គប្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​អធិដ្ឋាន​ឲ្យ​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​យើង​រៀង​រាល់​ថ្ងៃ។ មាន​បង​ប្អូន​ខ្លះ​ដែល​កំពុង​តែ​ជួប​ប្រទះ​ការ​ល្បួង​ឲ្យ​ធ្វើ​អំពើ​អាក្រក់។ ប្រហែល​គេ​ដឹង​គ្រប់​គ្នា​អំពី​ការ​រង​ទុក្ខ​របស់​បង​ប្អូន​យើង ប៉ុន្តែ​គេ​មិន​សូវ​ដឹង​អំពី​ការ​ប្រឆាំង​ដែល​បង​ប្អូន​ខ្លះ​ទៀត​ជួប​ប្រទះ​ជា​ប្រចាំ​ថ្ងៃ​នៅ​កន្លែង​ធ្វើ​ការ និង​ពី​ក្រុម​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​គ្នា​ទេ។ (​ម៉ាថ. ១០:៣៥, ៣៦; ១ថែ. ២:១៤​) នេះ​ជា​អ្វី​ដែល​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ខ្វល់ខ្វាយ ពីព្រោះ​យើង​ជា​បង​ប្អូន​នឹង​គ្នា​ដែល​នៅ​ក្នុង​ពិភព​លោក​នេះ។ (​១ពេ. ៥:៩​) ណា​មួយ​ទៀត ក៏​មាន​បង​ប្អូន​ដែល​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ដែល​នាំ​មុខ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ និង​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ។ ចំណែក​បង​ប្អូន​ខ្លះ​ទៀត​ក៏​ទទួល​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​លើ​កិច្ចការ​ទូ​ទាំង​ពិភព​លោក​នៃ​អង្គការ​របស់​ព្រះ​ដែរ។ បង​ប្អូន​ទាំង​អស់​នេះ​ត្រូវ​ការ​ឲ្យ​យើង​អធិដ្ឋាន​ចំពោះ​ពួក​គាត់ ហើយ​តាម​រយៈ​ការ​អធិដ្ឋាន​នេះ​យើង​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ស្មោះ​ចំពោះ​បង​ប្អូន​យើង ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ពួក​គាត់​ដែរ សូម្បី​តែ​មិន​មាន​អ្វី​ទៀត​ដែល​យើង​អាច​ធ្វើ​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​គាត់​ក្ដី។—អេភ. ១:១៦; ១ថែ. ១:២, ៣; ៥:២៥

ដោយ​មាន​ភាព​ចលាចល​នៅ​លើ​ផែនដី​ក្នុង​អំឡុង​គ្រា​ជាន់​ក្រោយ​បង្អស់​នេះ ព្រម​ទាំង​ភាព​អាសន្ន ហើយ​មហន្តរាយ​ដែល​មាន​ជា​ញឹក​ញយ​ដូច​ជា​រញ្ជួយ​ផែនដី​និង​ទឹក​ជំនន់ នោះ​សាក្សី​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជួនកាល​នេះ​មាន​ន័យ​ថា យើង​ត្រូវ​ចាត់​វិធានការ​ផ្ដល់​ជំនួយ​និង​រៀប​ចំ​ជំនួយ​ខាង​សម្ភារៈ​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក។ ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​តាំង​គំរូ​ល្អ​ចំពោះ​រឿង​នេះ។ សិស្ស​របស់​លោក​យេស៊ូ​នៅ​ប្រទេស​ឯ​ទៀត​បាន​បញ្ជូន​ទ្រព្យ​សម្បត្ដិ​ដល់​បង​ប្អូន​នៅ​ស្រុក​យូដា​ពេល​មាន​គ្រា​អំណត់​នៅ​ទី​នោះ ហើយ​ពួក​គេ​សប្បាយ​ចិត្ត​ធ្វើ​ដូច​នេះ ដោយ​នឹក​ចាំ​ពី​ដំបូន្មាន​របស់​លោក។ (​សកម្ម. ១១:​២៧​-​៣០; ២០:៣៥​) សាវ័ក​ប៉ុល​បាន​រៀប​ផ្ញើ​ជំនួយ​ដើម្បី​ឲ្យ​មាន​របៀប​រៀប​រយ​ក្នុង​ការ​ចាត់​ចែង​ជំនួយ​នោះ។ (​២កូ. ៩:១​-​១៥​) នៅ​ពេល​ថ្មី​ៗ​នេះ ពេល​បង​ប្អូន​គ្រិស្ត​សាសនិក​ឆ្លង​កាត់​កាលៈទេសៈ​ពិបាក នោះ​អង្គការ​និង​បង​ប្អូន​ម្នាក់​ៗ​បាន​ផ្ដល់​ជំនួយ​និង​ជូន​អ្វី​ៗ​ដែល​ត្រូវ​ការ​យ៉ាង​រហ័ស។

ទុក​ដោយ​ឡែក​ ដើម្បី​ធ្វើ​តាម​បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា

ភាតរភាព​របស់​យើង​ដែល​មាន​សាមគ្គី​ភាព​នៅ​ទូ​ទាំង​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ដើម្បី​បំពេញ​តាម​បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា។ នៅ​ពេល​ឥឡូវ​នេះ បំណង​ចិត្ត​របស់​ទ្រង់ គឺ​ឲ្យ​យើង​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​លើ​ផែនដី​ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ។ (​ម៉ាថ. ២៤:១៤​) ណា​មួយ​ទៀត បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​យើង​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ គឺ​ឲ្យ​យើង​រមែង​ប្រព្រឹត្ត​សម​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់។ (​១ពេ. ១:១៤​-​១៦​) ដើម្បី​ឲ្យ​បំពេញ​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​បាន គប្បី​ឲ្យ​យើង​សុខ​ចិត្ត​ចុះ​ចូល​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជួយ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​បាន​ច្រើន​ឡើង។ (​អេភ. ៥:២១​) ពេល​ឥឡូវ​នេះ​ជា​ពេល​បន្ទាន់​ជាង​មុន​ៗ​ទៅ​ទៀត ដូច្នេះ​នេះ​មិន​មែន​ជា​ពេល​ដើម្បី​ស្វែងរក​ប្រយោជន៍​ខ្លួន​ឡើយ តែ​ជា​ពេល​ដើម្បី​ចាត់​ទុក​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិភាព​ក្នុង​ជីវិត​យើង។ (​ម៉ាថ. ៦:​៣៣​) ដោយ​ចង​ចាំ​ពី​រឿង​នេះ​ហើយ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​មាន​សាមគ្គី​ភាព​ដើម្បី​ប្រយោជន៍​ដំណឹង​ល្អ នោះ​នឹង​នាំ​ឲ្យ​យើង​មាន​អំណរ​ហើយ​ស្កប់​ចិត្ត​ពី​ឥឡូវ​នេះ ព្រម​ទាំង​នាំ​ឲ្យ​មាន​ពរ​ជា​រៀង​រហូត​ដែរ។

ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ពិសេស​ដោយ​ឡែក​ពី​មនុស្ស​ឯ​ទៀត។ យើង​ជា​មនុស្ស​ស្អាត​ស្អំ​ដែល​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​របស់​យើង។ (​ទីត. ២:១៤​) យើង​មិន​មែន​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត​និង​ញែក​ខ្លួន​ពី​គេ​ដោយ​សារ​យើង​ចង់​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​យើង​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត។ យើង​មិន​គ្រាន់តែ​ធ្វើ​ការ​ជា​មួយ​បង​ប្អូន​របស់​យើង​នៅ​ទូ​ទាំង​ពិភព​លោក តែ​យើង​ក៏​និយាយ​ភាសា​ដូច​គ្នា ពោល​គឺ​ភាសា​នៃ​សេចក្ដី​ពិត ហើយ​យើង​ទាំង​អស់​គ្នា​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដី​ពិត​ដែល​យើង​និយាយ​នោះ។ នេះ​បាន​ទាយ​មក​ពេល​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ប្រកាស​ទំនាយ​របស់​ទ្រង់​ឈ្មោះ​សេផានា​ឲ្យ​ប្រកាស​ថា​៖ ​«​អញ​នឹង​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ មាន​បបូរ​មាត់​ស្អាត​[​ឬ​«​ភាសា​បរិសុទ្ធ​»​] ដើម្បី​ឲ្យ​គេ​បាន​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់​»។—សេផា. ៣:​៩; ព.ថ.

បន្ទាប់​មក​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សេផានា​រៀប​រាប់​អំពី​ភាតរភាព​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ភាតរភាព​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​ស្អាត​ស្អំ​និង​មាន​សាមគ្គី​ភាព​ថា​៖ ​«​ពួក​សំណល់​នៃ​អ៊ីស្រាអែល​នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី​ហើយ​ដេក​ចុះ​ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ​»។ (​សេផា. ៣:១៣​) សាក្សី​របស់​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​សាមគ្គី​ភាព ពីព្រោះ​ពួក​គេ​បាន​រៀន​យល់​ច្បាស់​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​កែប្រែ​ចិត្ត​គំនិត​ព្រម​ទាំង​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ទ្រង់។ ពួក​គេ​អាច​បំពេញ​នូវ​អ្វី​ដែល​តាម​ទស្សនៈ​របស់​មនុស្ស​គិត​ថា មិន​អាច​បំពេញ​បាន​ឡើយ។ ត្រូវ​ហើយ បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​ទូ​ទាំង​ពិភព​លោក​ជា​មនុស្ស​ដែល​ខុស​ប្លែក​មែន ពីព្រោះ​ពួក​គេ​ជា​រាស្ត្រ​របស់​ព្រះ​ដែល​លើក​កិត្ដិយស​ទ្រង់​នៅ​ពេញ​ផែនដី។—មីកា ២:១២

ភាតរភាព​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក បង្ហាញ​ថា​ពួក​គេ​ខំ​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្គាប់ ហើយ​ជា​អ្វី​ដែល​លោក​បាន​បញ្ជាក់​ថា​ជា​ទី​សម្គាល់​នៃ​សិស្ស​ពិត​របស់​លោក។ អស់​អ្នក​ដែល​ខំ​ស្វែងរក​ដើម្បី​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា ជឿ​ពិត​ប្រាកដ​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​រាស្ត្រ​របស់​ទ្រង់​មែន ដូច​បាន​ស​ឲ្យ​ឃើញ​តាម​រយៈ​សេចក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​ចំណោម​ពួក​គេ។ ដោយ​សារ​យើង​រួម​ចំណែក​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​ត្រូវ​បាន​រៀប​ចំ ហើយ​ដែល​មាន​ឯកសិទ្ធិ​បន្ត​ធ្វើ​ការ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នៅ​គ្រា​ចុង​បញ្ចប់​នេះ នោះ​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត​មែន! ដោយ​បន្ត​ប្រដាប់​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​មនុស្ស​ស្គាល់​យើង​ពី​ទី​សម្គាល់​នេះ យើង​អាច​ទុក​ចិត្ត​ថា​យើង​នឹង​មាន​ឯកសិទ្ធិ​ដ៏​រីករាយ​ជា​ច្រើន ក្នុង​ភាតរភាព​របស់​យើង​ដែល​មាន​សាមគ្គី​ភាព​នៅ​ទូ​ទាំង​ពិភព​លោក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក