ជំពូកទី១៧
អង្គការមួយដែលធ្វើតាមបំណង ប្រាថ្នារបស់ព្រះយេហូវ៉ា
ចូរនៅជិតអង្គការរបស់ព្រះយេហូវ៉ា
អ្នកកាន់តាមម្នាក់របស់លោកយេស៊ូឈ្មោះយ៉ាកុបបានសរសេរថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ា. ៤:៨) ទោះជាយើងជាមនុស្សគ្មានភាពល្អឥតខ្ចោះក្ដី ព្រះយេហូវ៉ាមិនខ្ពង់ខ្ពស់ពេកហើយក៏មិននៅឆ្ងាយពេកដែលលោកមិនស្ដាប់ពាក្យអធិដ្ឋានយើងនោះទេ។ (សកម្ម. ១៧:២៧) ប្រសិនបើយើងចាត់វិធានការដើម្បីចូលទៅជិតព្រះ នោះលោកក៏នឹងចូលមកជិតយើងដែរ។ យើងចូលទៅជិតព្រះយេហូវ៉ាដោយបណ្ដុះឲ្យមានចំណងមិត្តភាពផ្ទាល់ជាមួយនឹងលោក ហើយនេះរួមបញ្ចូលការប្រាស្រ័យទាក់ទងដ៏ស្មោះអស់ពីចិត្តជាមួយនឹងលោកដោយសេចក្ដីអធិដ្ឋាន។ (ទំនុក. ៣៩:១២) យើងក៏បង្កើតឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះ តាមរយៈការសិក្សាគម្ពីរជាទៀងទាត់។ ដោយសារយើងមានចំណេះនិងការយល់ដឹងត្រឹមត្រូវ នោះយើងស្គាល់ព្រះយេហូវ៉ា ស្គាល់គោលបំណងលោក និងស្គាល់បំណងប្រាថ្នារបស់លោកចំពោះយើង។ (២ធី. ៣:១៦, ១៧) ជាលទ្ធផល យើងរៀនចេះស្រឡាញ់ព្រះយេហូវ៉ា និងចេះកោតខ្លាចមិនធ្វើអ្វីឲ្យលោកមិនពេញចិត្ត។—ទំនុក. ២៥:១៤
យើងអាចមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាតាមរយៈលោកយេស៊ូជាបុត្ររបស់លោកតែប៉ុណ្ណោះ។ (យ៉ូន. ១៧:៣; រ៉ូម ៥:១០) មានតែលោកយេស៊ូទេដែលអាចជួយយើងឲ្យយល់ច្បាស់អំពីគំនិតនិងអារម្មណ៍ព្រះយេហូវ៉ាបាន។ លោកយេស៊ូមានភាពជិតស្និទ្ធនឹងបិតាលោកដល់ម្ល៉េះបានជាលោកអាចមានប្រសាសន៍ថា៖ «គ្មានអ្នកណាស្គាល់បុត្ររបស់ព្រះច្បាស់ជាងព្រះដែលជាបិតា ហើយគ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកសម្ដែងឲ្យស្គាល់នោះទេ»។ (លូក. ១០:២២) ដូច្នេះ នៅពេលយើងសិក្សាអំពីអ្វីដែលសៀវភៅដំណឹងល្អបើកឲ្យយើងស្គាល់នូវគំនិតនិងអារម្មណ៍របស់លោកយេស៊ូ នោះតាមពិត យើងកំពុងរៀនអំពីគំនិតនិងអារម្មណ៍របស់ព្រះយេហូវ៉ាដែរ។ ចំណេះបែបនេះជួយយើងឲ្យចូលកាន់តែជិតព្រះរបស់យើង។
ក្រោមការដឹកនាំនៃបុត្ររបស់ព្រះ យើងបង្កើតឲ្យមានចំណងមិត្តភាពផ្ទាល់ជាមួយនឹងព្រះយេហូវ៉ា ដោយនៅជិតអង្គការរបស់ព្រះយេហូវ៉ានៅផែនដីសព្វថ្ងៃនេះ ដែលជួយយើងឲ្យរៀនចេះធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ ដូចបានទាយនៅម៉ាថាយ ២៤:៤៥-៤៧ នោះម្ចាស់គឺលោកយេស៊ូគ្រិស្ត បានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលជាពួកគ្រិស្តសាសនិកនៅផែនដីដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដើម្បីផ្ដល់«អាហារ»សម្រាប់ពួកអ្នករួមជំនឿ«បរិភោគតាមត្រូវពេល»។ នៅសព្វថ្ងៃនេះ «ខ្ញុំបម្រើដ៏ស្មោះត្រង់»ផ្ដល់ចំណេះអំពីព្រះជាបរិបូរឲ្យយើង តាមការរៀបចំផ្សេងៗដើម្បីរៀនគម្ពីរ។ តាមរយៈអង្គការនេះ ព្រះយេហូវ៉ាទូន្មានយើងឲ្យអានបណ្ដាំរបស់លោកជារៀងរាល់ថ្ងៃ ឲ្យចូលរួមកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកជាទៀងទាត់ និងចូលរួមផ្សាយ«ដំណឹងល្អនេះអំពីរាជាណាចក្រ»ដោយចិត្តខ្នះខ្នែង។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០; យ៉ូស. ១:៨; ទំនុក. ១:១-៣) កុំឲ្យយើងមានទស្សនៈចំពោះអង្គការរបស់ព្រះតាមទស្សនៈរបស់មនុស្សក្នុងពិភពលោកនេះឲ្យសោះ។ បើយើងមានទស្សនៈដូចមនុស្សក្នុងពិភពលោកនេះ យើងអាចភ្លេចថាព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក ហើយយើងអាចបដិសេធការខំប្រឹងរបស់លោកដើម្បីឲ្យយើងចូលទៅជិតលោក។ យកល្អឲ្យយើងខំប្រឹងនៅជិតអង្គការរបស់ព្រះយេហូវ៉ានៅផែនដី និងធ្វើតាមការដឹកនាំរបស់អង្គការនោះ។ នេះនឹងជួយយើងឲ្យចូលទៅជិតព្រះយេហូវ៉ា ហើយផ្ដល់កម្លាំងចិត្តនិងការពារយើងពេលប្រឈមមុខនឹងទុក្ខលំបាកផ្សេងៗ។
មូលហេតុដែលមានទុក្ខលំបាកកាន់តែច្រើនឡើង
អ្នកប្រហែលជាបម្រើព្រះយេហូវ៉ាជាច្រើនឆ្នាំមកហើយបើដូច្នេះមែន អ្នកប្រាកដជាដឹងថាការស៊ូទ្រាំនឹងការល្បងលចិត្តស្មោះគ្រប់លក្ខណៈរួមបញ្ចូលអ្វីខ្លះ។ ទោះជាអ្នកបានស្គាល់ព្រះយេហូវ៉ានិងសេពគប់ជាមួយនឹងរាស្ត្ររបស់លោកក្នុងរយៈពេលខ្លីក៏ដោយ អ្នកក៏ដឹងច្បាស់ថាសាថានជាមេកំណាចប្រឆាំងអស់អ្នកណាដែលចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (២ធី. ៣:១២) ទោះជាអ្នកបានស៊ូទ្រាំតិចតួចឬច្រើនក្ដី អ្នកមិនគួរខ្លាចឬធ្លាក់ទឹកចិត្តនោះទេ ព្រោះមានសេចក្ដីសន្យាដ៏ប្រាកដរបស់ព្រះយេហូវ៉ាថា លោកនឹងជួយគាំទ្រអ្នកនិងផ្ដល់រង្វាន់ដល់អ្នកដែលចេះស៊ូទ្រាំ ដោយសង្គ្រោះ និងផ្ដល់ជីវិតនៅពេលអនាគត។—ហេ. ១៣:៥, ៦; បប. ២:១០
យើងគ្រប់គ្នាប្រហែលជាប្រឈមមុខនឹងទុក្ខលំបាកណាមួយក្នុងអំឡុងគ្រាចុងក្រោយនៃរបបសាថាន។ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យសាថានចូលទៅស្ថានសួគ៌វិញឡើយតាំងតែពីសង្គ្រាមនៅស្ថានសួគ៌ ដែលកើតឡើងបន្ទាប់ពីរាជាណាចក្ររបស់ព្រះបានតាំងឡើងនៅឆ្នាំ១៩១៤។ វាត្រូវបានបោះទម្លាក់មកផែនដី ហើយនៅទីនោះ វានិងពួកទេវតាអាក្រក់របស់វាត្រូវបានឃុំទុកតាំងពីពេលនោះ។ តាំងតែពីឆ្នាំ១៩១៤មកគឺមានទុក្ខវេទនាកាន់តែច្រើនឡើងនៅផែនដីដោយសារសាថានមានកំហឹង។ នេះរួមបញ្ចូលការបៀតបៀនដែលរឹតតែខ្លាំងឡើងៗដល់អ្នកបម្រើព្រះយេហូវ៉ាដែលបានប្រគល់ខ្លួនចំពោះលោក។ ទុក្ខលំបាកទាំងនេះក៏ជាភ័ស្តុតាងថាយើងកំពុងរស់នៅគ្រាជាន់ក្រោយបង្អស់នៃការគ្រប់គ្រងដ៏អាក្រក់របស់វាលើមនុស្សជាតិ។—បប. ១២:១-១២
ដោយសារសាថានស្ថិតក្នុងស្ថានភាពដ៏ថោកទាបនេះធ្វើឲ្យវាមានកំហឹងខ្លាំងក្រៃលែង ដោយដឹងថាវាមានពេលតែបន្ដិចបន្តួច។ ដោយមានជំនួយពីពួកវិញ្ញាណកំណាច វាខំប្រឹងគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យការបង្រៀននិងកិច្ចការផ្សព្វផ្សាយនៃរាស្ត្រព្រះយេហូវ៉ាមានការពិបាក និងដើម្បីបំផ្លាញសាមគ្គីភាពរបស់យើង។ ដូច្នេះហើយ រាស្ត្ររបស់ព្រះយេហូវ៉ា ត្រូវតែធ្វើការប្រយុទ្ធដែលប្រៀបដូចជាការធ្វើសឹកសង្គ្រាមប្រឆាំងនឹងសាថាននិងពិភពលោករបស់វា ដូចបានរៀបរាប់នៅអេភេសូរ ៦:១២ ថា«ពីព្រោះយើងមានការប្រយុទ្ធ មិនមែនប្រយុទ្ធនឹងសាច់ឈាម ទេ តែប្រយុទ្ធនឹងរដ្ឋាភិបាលទាំងឡាយ ពួកអាជ្ញាធរ ពួកអ្នកគ្រប់គ្រងពិភពលោកងងឹតនេះ ពួកវិញ្ញាណទុច្ចរិតនៅស្ថានសួគ៌»។ ការប្រយុទ្ធនេះនឹងឈានទៅដល់គ្រាទុក្ខវេទនាដ៏ខ្លាំង ដែលជិតដល់ហើយ។ ប្រសិនបើយើងចង់ឈ្នះនៅខាងព្រះយេហូវ៉ា យើងមិនត្រូវបន្ថយការប្រយុទ្ធនេះឲ្យសោះ។ ប៉ុន្តែ យើងត្រូវពាក់គ្រប់គ្រឿងចម្បាំងពីព្រះ ហើយប្រយុទ្ធយ៉ាងអង់អាចទាស់នឹងគ្រប់កលល្បិចដ៏អាក្រក់របស់សាថាន។ (អេភ. ៦:១០-១៧) នេះមានន័យថាយើងត្រូវចេះស៊ូទ្រាំកាលដែលយើងបន្តក្នុងកិច្ចបម្រើផ្សាយដែលត្រូវបានប្រគល់ឲ្យយើងធ្វើ។ ប៉ុន្តែ តើការស៊ូទ្រាំរួមបញ្ចូលអ្វីខ្លះ? ហើយតើយើងអាចស៊ូទ្រាំយ៉ាងដូចម្ដេច?
ការបណ្ដុះឲ្យចេះស៊ូទ្រាំ
ការស៊ូទ្រាំមានន័យថា«ខំប្រឹងមិនលែង» «តាំងព្យាយាមមាំ»ពេលមានទុក្ខលំបាក។ ក្នុងនាមជាគ្រិស្តសាសនិក ការស៊ូទ្រាំសំដៅទៅចិត្តគំនិតរឹងប៊ឹងក្នុងការធ្វើអ្វីដែលត្រឹមត្រូវពេលប្រឈមមុខនឹងទុក្ខលំបាក ការប្រឆាំង ការបៀតបៀន ឬកត្ដាឯទៀតដែលអាចបង្វែរយើងពីការតាំងចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះ។ គ្រិស្តសាសនិកត្រូវបណ្ដុះឲ្យមានការស៊ូទ្រាំ ហើយនេះត្រូវការពេលវេលា។ កាលដែលយើងមានជំនឿនក្នុងការបម្រើព្រះ នោះយើងក៏បង្កើនសមត្ថភាពស៊ូទ្រាំដែរ។ កាលណាយើងស៊ូទ្រាំនឹងការល្បងលតូចតាចចំពោះជំនឿនៅពេលយើងចាប់ផ្ដើមបម្រើព្រះនៅដើមដំបូង និងរក្សាពាក្យសន្យារបស់យើងពេលដែលយើងប្រគល់ខ្លួនចំពោះព្រះ នោះយើងនឹងមានចិត្តគំនិតរឹងប៊ឹងជាង ហើយអាចស៊ូទ្រាំនឹងទុក្ខលំបាកធំៗដែលនឹងមកដល់ជាមិនខាន។ យើងមិនគួររង់ចាំរហូតដល់មានទុក្ខលំបាកធំៗទើបតាំងចិត្តរក្សាជំនឿឲ្យរឹងមាំនោះទេ។ យើងត្រូវតាំងចិត្តកាន់ជំហរមាំមួនមុននឹងប្រឈមមុខការល្បងលនោះ។ សាវ័កពេត្រុសបានចង្អុលប្រាប់ថាយើងត្រូវបណ្ដុះឲ្យចេះស៊ូទ្រាំ និងបណ្ដុះគុណសម្បត្ដិឯទៀតដែលព្រះពេញចិត្ត។ គាត់បានសរសេរថា៖ «ដោយខំប្រឹងយ៉ាងស្មោះអស់ពីចិត្តដើម្បីបន្ថែមគុណធម៌ទៅលើជំនឿរបស់អ្នករាល់គ្នា បន្ថែមចំណេះទៅលើគុណធម៌របស់អ្នករាល់គ្នា បន្ថែមការទប់ចិត្តទៅលើចំណេះរបស់អ្នករាល់គ្នា បន្ថែមការស៊ូទ្រាំទៅលើការទប់ចិត្ត បន្ថែមភក្ដីភាពចំពោះព្រះទៅលើការស៊ូទ្រាំ បន្ថែមការរាប់អានគ្នាជាបងប្អូនទៅលើភក្ដីភាពចំពោះព្រះ បន្ថែមសេចក្ដីស្រឡាញ់ទៅលើការរាប់អានគ្នាជាបងប្អូន»។—២ពេ. ១:៥-៧; ១ធី. ៦:១១
យ៉ាកុបបានគូសបញ្ជាក់ថាការបណ្ដុះឲ្យចេះស៊ូទ្រាំគឺសំខាន់ណាស់ ដ្បិតគាត់បានសរសេរថា៖ «បងប្អូនខ្ញុំអើយ ពេលដែលជួបនឹងទុក្ខលំបាកផ្សេងៗ ចូរចាត់ទុកការនោះជាអំណរសុទ្ធសាធ ព្រោះអ្នករាល់គ្នាដឹងថា ការសាកល្បងជំនឿរបស់អ្នករាល់គ្នាយ៉ាងនេះ ធ្វើឲ្យចេះស៊ូទ្រាំ។ ក៏ប៉ុន្តែ ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា ដើម្បីឲ្យអ្នករាល់គ្នាបានពេញលក្ខណៈ គ្មានគុណវិបត្ដិ ហើយឥតខ្វះគុណសម្បត្ដិណាមួយសោះឡើយ»។ (យ៉ា. ១:២-៤) យ៉ាកុបនិយាយថាពួកគ្រិស្តសាសនិកគួរទទួលយកទុក្ខលំបាកនិងមានចិត្តសប្បាយចំពោះទុក្ខលំបាកនោះ ពីព្រោះទុក្ខលំបាកទាំងនោះជួយយើងឲ្យបណ្ដុះការស៊ូទ្រាំ។ តើអ្នកធ្លាប់មានទស្សនៈបែបនេះទេ? រួចមក យ៉ាកុបបង្ហាញថា ការស៊ូទ្រាំមានតួនាទីដើម្បីធ្វើឲ្យបុគ្គលិកលក្ខណៈរបស់យើងជាគ្រិស្តសាសនិកបានល្អឥតខ្ចោះ និងដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងយើង។ មែនហើយ យើងនឹងបណ្ដុះការស៊ូទ្រាំរៀងរាល់ថ្ងៃ កាលដែលយើងប្រឈមមុខនិងយកឈ្នះទុក្ខលំបាកទាំងនេះ ទោះជាតូចឬធំក្ដី។ ជាលទ្ធផល ការស៊ូទ្រាំបង្កើតឲ្យមានគុណសម្បត្ដិល្អៗឯទៀត ដែលយើងត្រូវការ។ ប្រសិនបើយើងជៀសវាងស៊ូទ្រាំនឹងទុក្ខលំបាកតូចៗ នោះយើងប្រហែលជាមិនអាចប្រឈមមុខនឹងទុក្ខលំបាកធំៗដែលល្បងលជំនឿយើងឡើយ។—លូក. ១៦:១០
ព្រះយេហូវ៉ាពេញចិត្តដែលយើងចេះស៊ូទ្រាំ ហើយនេះនឹងជំរុញលោកឲ្យផ្ដល់ជីវិតជារៀងរហូតដល់យើង។ យ៉ាកុបមានប្រសាសន៍ទៀតថា៖ «អ្នកណាដែលបន្តស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះមានសុភមង្គល ពីព្រោះពេលដែលព្រះពេញចិត្តនឹងអ្នកនោះ អ្នកនោះនឹងទទួលមកុដជីវិត ដែលព្រះយេហូវ៉ាបានសន្យាឲ្យដល់ពួកអ្នកដែលរក្សាសេចក្ដីស្រឡាញ់ចំពោះលោក»។ (យ៉ា. ១:១២) មែនហើយ យើងស៊ូទ្រាំពីព្រោះនេះទាក់ទងនឹងជីវិតយើង។ បើយើងមិនចេះស៊ូទ្រាំទេ នោះយើងមិនអាចស្ថិតក្នុងសេចក្ដីពិតបានឡើយ។ ប្រសិនបើយើងចុះចាញ់នឹងការបង្ខិតបង្ខំពីពិភពលោក នោះយើងនឹងត្រូវបង្ខិតបង្ខំឲ្យចូលទៅក្នុងពិភពលោកនេះវិញ។ បើយើងមិនចេះស៊ូទ្រាំទេ យើងនឹងលែងមានសកម្មពលរបស់ព្រះយេហូវ៉ា ហើយក៏មិនអាចបង្កើតផលផ្លែនៃសកម្មពលនោះក្នុងជីវិតយើងដែរ។
ដើម្បីឲ្យយើងបន្តស៊ូទ្រាំក្នុងគ្រាពិបាកនេះ យើងត្រូវបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវចំពោះការរងទុក្ខក្នុងនាមជាគ្រិស្តសាសនិក។ សូមចាំថា យ៉ាកុបបានសរសេរថា៖ «ចូរចាត់ទុកការនោះជាអំណរសុទ្ធសាធ»។ នេះប្រហែលជាមិនស្រួលធ្វើទេ កាលណាយើងរងទុក្ខខាងរូបកាយឬមានការថប់បារម្ភយ៉ាងខ្លាំង។ ប៉ុន្តែ ចូរចាំថានេះទាក់ទងនឹងអនាគតរបស់យើង។ បទពិសោធន៍មួយរបស់ពួកសាវ័កជួយយើងឲ្យចេះអរសប្បាយពេលរងទុក្ខលំបាកនៅសព្វថ្ងៃនេះ។ កំណត់ហេតុនេះមាននៅក្នុងសៀវភៅសកម្មភាព ដែលមានសេចក្ដីថា៖ «រួចបានហៅពួកសាវ័កមក វាយពួកគាត់នឹងរំពាត់ ហើយបង្គាប់ឲ្យឈប់និយាយដោយអាងនាមលោកយេស៊ូ។ បន្ទាប់មក ពួកគេក៏ដោះលែងពួកគាត់ទៅ។ ម្ល៉ោះហើយ ពួកគាត់ចេញពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ដោយត្រេកអរ ពីព្រោះពួកគាត់បានត្រូវរាប់ជាសមនឹងទទួលការមើលងាយ ដោយសារនាមរបស់លោក»។ (សកម្ម. ៥:៤០, ៤១) ពួកគាត់បានយល់ថា ការរងទុក្ខនោះជាភ័ស្តុតាងថាពួកគាត់បានស្ដាប់បង្គាប់លោកយេស៊ូ ហើយដឹងថាព្រះយេហូវ៉ាពេញចិត្តនឹងពួកគាត់ដែរ។ ច្រើនឆ្នាំក្រោយមក នៅពេលពេត្រុសបានសរសេរសំបុត្រទីមួយដែលត្រូវបានសរសេរក្រោមការដឹកនាំរបស់ព្រះ នោះគាត់បានរៀបរាប់ពីប្រយោជន៍ដែលមកពីការរងទុក្ខលំបាកដោយសារសេចក្ដីសុចរិត។ សូមអាននូវអ្វីដែលគាត់បានមានប្រសាសន៍នៅពេត្រុសទី១ ៤:១២-១៦។
បទពិសោធន៍មួយទៀតគឺអំពីប៉ុលនិងស៊ីឡាស។ នៅពេលដែលពួកគាត់បំពេញកិច្ចការជាសាសនទូតនៅក្រុងភីលីព ពួកគាត់ត្រូវបានគេចាប់ទាំងចោទថា បានរំខានក្រុងខ្លាំងណាស់ និងផ្សាយទំនៀមទម្លាប់ដែលគេគ្មានច្បាប់ទទួលឬកាន់តាមទេ។ ជាលទ្ធផល ពួកគាត់ត្រូវបានគេវាយយ៉ាងខ្លាំងរួចមកគេយកដាក់គុក។ កំណត់ហេតុក្នុងគម្ពីរចែងថា កាលដែលពួកគាត់នៅក្នុងគុកនៅឡើយ ហើយមិនទាន់បានព្យាបាលរបួសផងនោះ «ប្រហែលកណ្ដាលអធ្រាត្រ ប៉ូលនិងស៊ីឡាសកំពុងអធិដ្ឋាននិងច្រៀងសរសើរព្រះ ហើយពួកអ្នកទោសឮ»។ (សកម្ម. ១៦:១៦-២៥) ប៉ុលនិងស៊ីឡាសមានទស្សនៈយ៉ាងត្រឹមត្រូវថា ការរងទុក្ខរបស់ពួកគាត់ដើម្បីគ្រិស្ត មិនគ្រាន់តែជាភ័ស្តុតាងថាពួកគាត់មានចិត្តស្មោះគ្រប់លក្ខណៈនៅចំពោះព្រះនិងមនុស្សប៉ុណ្ណោះទេ តែជាវិធីដើម្បីផ្សាយដំណឹងល្អដល់មនុស្សដែលចង់ស្ដាប់ដែរ។ នេះគឺទាក់ទងនឹងជីវិតនៃមនុស្សឯទៀត។ ក្រោយមក អ្នកយាមគុកនិងក្រុមគ្រួសារបានស្ដាប់ដំណឹងល្អហើយក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ (សកម្ម. ១៦:១៦-៣៤) ប៉ុលនិងស៊ីឡាសបានទុកចិត្តលើព្រះយេហូវ៉ា លើអំណាចរបស់លោក និងលើការចាត់វិធានការរបស់លោកដើម្បីគាំទ្រពួកគាត់ក្នុងកាលដែលមានទុក្ខលំបាក។ ពួកគាត់ពុំបានខកចិត្តឡើយ។
នៅសព្វថ្ងៃនេះដែរ ព្រះយេហូវ៉ាផ្ដល់របស់សព្វគ្រប់ដើម្បីគាំទ្រយើងក្នុងកាលដែលមានទុក្ខលំបាក។ លោកចង់ឲ្យយើងស៊ូទ្រាំ។ ព្រះបានឲ្យបណ្ដាំដែលត្រូវបានសរសេរក្រោមការដឹកនាំរបស់លោក ដើម្បីឲ្យយើងមានចំណេះត្រឹមត្រូវស្តីអំពីគោលបំណងរបស់លោក។ នេះក៏ពង្រឹងជំនឿយើងដែរ។ យើងមានឱកាសសេពគប់ជាមួយនឹងអ្នករួមជំនឿ សិក្សាបណ្ដាំរបស់ព្រះ និងបំពេញកិច្ចបម្រើបរិសុទ្ធរបស់យើង។ យើងក៏មានឯកសិទ្ធិរក្សាភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិដ្ឋាន។ លោកស្ដាប់ពាក្យសរសើររបស់យើង និងពាក្យអង្វរករសុំលោកជួយយើងរក្សាភាពស្អាតស្អំចំពោះលោក។ (ភី. ៤:១៣) ហើយសូមកុំភ្លេចសេចក្ដីសង្ឃឹមដែលជួយឲ្យយើងមានកម្លាំងចិត្តដែរ។—ម៉ាថ. ២៤:១៣; បប. ២១:១-៤
ការស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ
ទុក្ខលំបាកដែលយើងប្រឈមមុខនៅសព្វថ្ងៃក៏ដូចទុក្ខលំបាកដែលអ្នកកាន់តាមលោកយេស៊ូគ្រិស្តធ្លាប់រងទុក្ខនោះដែរ។ នៅសព្វថ្ងៃ សាក្សីព្រះយេហូវ៉ាក៏រងការវាយប្រហារដោយសម្ដីនិងខាងរូបកាយ ពីអ្នកប្រឆាំងដែលទទួលព័ត៌មានមិនត្រឹមត្រូវអំពីយើងដែលធ្វើឲ្យគេយល់ច្រឡំ។ ដូចនៅសម័យពួកសាវ័ក ការបៀតបៀនភាគច្រើនគឺត្រូវបានអុជអាលដោយពួកអ្នកជ្រុលនិយមខាងសាសនា ពីព្រោះដំណឹងល្អនៃរាជាណាចក្ររបស់ព្រះបើកឲ្យឃើញនូវការបង្រៀនមិនពិតនិងការប្រព្រឹត្តរបស់គេ។ (សកម្ម. ១៧:៥-៩, ១៣) នៅពេលខ្លះ រាស្ត្ររបស់ព្រះយេហូវ៉ាបានធូរស្រាលពីការប្រឆាំងទាំងនោះដោយទាមទារសិទ្ធិតាមច្បាប់ពីរដ្ឋាភិបាលក្នុងប្រទេសនោះ។ (សកម្ម. ២២:២៥; ២៥:១១) ប៉ុន្តែ រដ្ឋាភិបាលខ្លះក៏ដាក់បម្រាមលើកិច្ចការយើង ដោយខំប្រឹងបញ្ឈប់កិច្ចការផ្សព្វផ្សាយ។ (ទំនុក. ២:១-៣) ក្រោមកាលៈទេសៈបែបនេះ ដោយចិត្តក្លាហាន យើងធ្វើតាមគំរូរបស់ពួកសាវ័កស្មោះត្រង់ និងដោយបន្ត«ស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។—សកម្ម. ៥:២៩
កាលដែលជាតិនិយមមានកាន់តែច្រើនឡើងនៅទូទាំងផែនដី នោះនាំឲ្យមានការបង្ខិតបង្ខំកាន់តែច្រើនទៀតលើអ្នកផ្សាយដំណឹងល្អឲ្យបោះបង់ចោលកិច្ចបម្រើផ្សាយដែលព្រះបានប្រគល់ឲ្យ។ អ្នកបម្រើទាំងអស់របស់ព្រះយល់កាន់តែច្បាស់នូវការព្រមានក្នុងការបើកបង្ហាញ ១៤:៩-១២ ស្តីអំពីការគោរពប្រណិប័តន៍«សត្វសាហាវនិងរូបរបស់វា»។ យើងយល់នូវសារៈសំខាន់នៃពាក្យរបស់យ៉ូហានថា៖ «ការនោះតម្រូវឲ្យពួកអ្នកបរិសុទ្ធចេះស៊ូទ្រាំ គឺអ្នកដែលកាន់តាមបញ្ញត្ដិរបស់ព្រះ និងកាន់ខ្ជាប់តាមជំនឿលោកយេស៊ូ»។
ការល្បងលចំពោះជំនឿដោយសារសង្គ្រាម បដិវត្តន៍ឬការបៀតបៀននិងបម្រាមជាផ្លូវការ ប្រហែលជាធ្វើឲ្យយើងមិនអាចគោរពប្រណិប័តន៍ព្រះដោយឥតលាក់លៀម។ ប្រហែលជាមានស្ថានភាពដែលយើងពុំអាចមានការប្រជុំធំៗ។ យើងប្រហែលជាទាក់ទងការិយាល័យសាខាមិនបានអស់មួយរយៈពេល។ អ្នកត្រួតពិនិត្យមណ្ឌលប្រហែលជាពុំអាចមកលេងក្រុមជំនុំយើង។ យើងមិនបានទទួលសៀវភៅថ្មីៗ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពណាមួយដូចបានរៀបរាប់នេះ តើអ្នកគួរធ្វើយ៉ាងណា?
បើស្ថិតនៅក្នុងស្ថានភាពនោះ សូមធ្វើអ្វីដែលអ្នកអាចធ្វើបាន សមស្របទៅតាមស្ថានភាពនោះ និងតាមសមត្ថភាពរបស់អ្នកក្នុងការគោរពប្រណិប័តន៍បរិសុទ្ធ។ អ្នកអាចសិក្សាដោយខ្លួនឯង។ ធម្មតាក្រុមតូចៗអាចមកប្រជុំតាមផ្ទះ។ សៀវភៅផ្សេងៗដែលធ្លាប់សិក្សានិងគម្ពីរ ក៏អាចប្រើជាមូលដ្ឋានសម្រាប់ការប្រជុំដែរ។ ចូរកុំបារម្ភពេក។ ធម្មតា គណៈអភិបាលនឹងអាចទាក់ទងបងប្អូនដែលមើលខុសត្រូវតាមរបៀបណាមួយក្នុងរយៈពេលយ៉ាងខ្លី។
ប៉ុន្តែ ទោះជាអ្នកនឹងត្រូវនៅដាច់ឆ្ងាយពីបងប្អូនគ្រិស្តសាសនិកទាំងអស់ក៏ដោយ ចូរចាំថាអ្នកមិននៅដាច់ឆ្ងាយពីព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តជាបុត្ររបស់លោកនោះទេ។ អ្នកអាចនៅមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន។ ព្រះយេហូវ៉ាក៏នៅតែស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នក ហើយតាមរយៈសកម្មពល លោកអាចពង្រឹងកម្លាំងចិត្តអ្នក។ ចូររកការណែនាំពីលោកចុះ។ សូមចាំថា អ្នកជាអ្នកបម្រើរបស់ព្រះយេហូវ៉ានិងជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ដូច្នេះកាលណាមានឱកាសផ្សព្វផ្សាយដំណឹងល្អ សូមឆ្លៀតឱកាសនោះចុះ។ ព្រះយេហូវ៉ានឹងឲ្យពរដល់ការខ្នះខ្នែងរបស់អ្នក ហើយមិនយូរប៉ុន្មានទៀតអាចមានអ្នកឯទៀតមកចូលរួមគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងអ្នកដែរ។—សកម្ម. ៤:១៣-៣១; ៥:២៧-៤២; ភី. ១:២៧-៣០; ៤:៦, ៧; ២ធី. ៤:១៦-១៨
សូម្បីតែអ្នកប្រឈមមុខនឹងសេចក្ដីស្លាប់ដូចពួកសាវ័កនិងអ្នកឯទៀតក្ដី ចូរទុកចិត្ត«ព្រះដែលប្រោសមនុស្សឲ្យរស់ពីស្លាប់ឡើងវិញ»។ (២កូ. ១:៨-១០) ជំនឿដែលអ្នកមានលើព្រះយេហូវ៉ា ថាលោកនឹងប្រោសអ្នកឲ្យរស់ឡើងវិញ អាចជួយអ្នកឲ្យស៊ូទ្រាំនឹងការប្រឆាំងយ៉ាងខ្លាំងបំផុត។ (លូក. ២១:១៩) លោកយេស៊ូគ្រិស្តបានតាំងគំរូដោយដឹងថា ការរក្សាភាពស្មោះត្រង់ក្រោមការល្បងលនឹងពង្រឹងកម្លាំងចិត្តអ្នកឯទៀតឲ្យចេះស៊ូទ្រាំដែរ។ អ្នកអាចជាប្រភពនៃកម្លាំងចិត្តដល់បងប្អូនតាមរបៀបដូច្នោះដែរ។—យ៉ូន. ១៦:៣៣; ហេ. ១២:២, ៣; ១ពេ. ២:២១
ក្រៅពីការបៀតបៀននិងការប្រឆាំងយ៉ាងចំៗចំពោះកិច្ចបម្រើផ្សាយ អ្នកក៏ត្រូវស៊ូទ្រាំនឹងស្ថានការណ៍ដ៏ពិបាកឯទៀតដែរ។ ថ្វីបើអ្នកមានសេរីភាពផ្សព្វផ្សាយដំណឹងល្អដោយឥតលាក់លៀមក៏ដោយ តែបងប្អូនខ្លះបានធ្លាក់ទឹកចិត្ត ហើយបានឈប់បម្រើព្រះយេហូវ៉ា ដោយសារមនុស្សក្នុងតំបន់មិនចាប់អារម្មណ៍នឹងដំណឹងល្អ។ បងប្អូនឯទៀតត្រូវប្រឈមមុខនឹងជំងឺឬបញ្ហាខាងផ្លូវចិត្ត ឬត្រូវស៊ូទ្រាំនឹងពិការភាពឬបញ្ហាសុខភាពដែលដាក់កម្រិតទៅលើកិច្ចបម្រើរបស់ពូកគាត់។ សាវ័កប៉ុលត្រូវតែស៊ូទ្រាំនឹងទុក្ខលំបាកម្យ៉ាងដែលរំខានដល់ការបម្រើរបស់គាត់ ឬដែលបានធ្វើឲ្យគាត់ពិបាកនៅពេលខ្លះ។ (២កូ. ១២:៧) អេប៉ាប្រូឌីតដែលជាគ្រិស្តសាសនិកពីក្រុងភីលីពនៅសតវត្សរ៍ទីមួយ បាន«ធ្លាក់ទឹកចិត្តពីព្រោះ[មិត្តភក្ដិគាត់]បានឮថាគាត់ឈឺ»។ (ភី. ២:២៥-២៧) ភាពមិនល្អឥតខ្ចោះរបស់យើងនិងរបស់អ្នកដទៃអាចជាបញ្ហាដែលពិបាកស៊ូទ្រាំណាស់។ ភាពមិនល្អឥតខ្ចោះអាចនាំឲ្យមានទំនាស់ខាងបុគ្គលិកលក្ខណៈរវាងគ្រិស្តសាសនិករួមជំនឿ។ ប៉ុន្តែយើងក៏អាចស៊ូទ្រាំ ហើយយកឈ្នះឧបសគ្គបែបនេះដោយជោគជ័យ បើយើងធ្វើតាមឱវាទក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា។—អេស. ២:៣-៥; ១កូ. ៩:២៧; ១៣:៨; កូឡ. ៣:១២-១៤; ១ពេ. ៤:៨
ចូរតាំងចិត្តនៅស្មោះត្រង់ជានិច្ច
យើងត្រូវតែកាន់ខ្ជាប់តាមអ្នកដែលព្រះយេហូវ៉ាបានតែងតាំងជាប្រមុខនៃក្រុមជំនុំ ពោលគឺលោកយេស៊ូគ្រិស្ត។ (កូឡ. ២:១៨, ១៩) យើងត្រូវរួមគ្នាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» និងជាមួយនឹងពួកអ្នកដែលត្រូវបានតែងតាំងឲ្យបម្រើជាអ្នកត្រួតពិនិត្យ។ (ហេ. ១៣:៧, ១៧) ដោយធ្វើតាមការរៀបចំក្នុងអង្គការរបស់ព្រះយ៉ាងដិតដល់ ហើយសហការគ្នាជាមួយនឹងពួកអ្នកនាំមុខ នោះយើងនឹងត្រៀមលក្ខណៈបានគ្រប់គ្រាន់ដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា។ យើងត្រូវឆ្លៀតយកប្រយោជន៍យ៉ាងពេញលេញពីឯកសិទ្ធិនៃការអធិដ្ឋាន។ សូមចាំថា ទោះជាជញ្ជាំងគុកឬការឃុំឃាំងឲ្យនៅតែឯងក៏ដោយ មិនអាចបណ្ដាច់ការប្រាស្រ័យទាក់ទងជាមួយនឹងព្រះដែលជាបិតានៅស្ថានសួគ៌ ឬបង្ខូចសាមគ្គីភាពដែលយើងមានជាមួយនឹងអ្នករួមជំនឿ។
ដោយការតាំងចិត្តនិងការស៊ូទ្រាំ សូមឲ្យយើងគ្រប់គ្នាខំអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចការផ្សព្វផ្សាយ ដោយនៅខ្ជាប់ខ្ជួននឹងកិច្ចការដែលលោកយេស៊ូគ្រិស្តដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ បានបង្គាប់ឲ្យអ្នកកាន់តាមលោកធ្វើ គឺ៖ «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ (ម៉ាថ. ២៨:១៩, ២០) ដូចលោកយេស៊ូដែរ សូមឲ្យយើងស៊ូទ្រាំ ហើយរក្សាទុកសេចក្ដីសង្ឃឹមអំពីរាជាណាចក្រនិងជីវិតដែលគ្មានទីបញ្ចប់ឲ្យបានភ្លឺច្បាស់ក្នុងចិត្តគំនិតយើង។ (ហេ. ១២:២) ជាអ្នកកាន់តាមគ្រិស្ត ដែលបានជ្រមុជទឹកហើយ យើងមានឯកសិទ្ធិចូលរួមបំពេញទំនាយរបស់លោកយេស៊ូស្តីអំពី«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ លោកមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:៣, ១៤) ប្រសិនបើយើងខំប្រឹងផ្សព្វផ្សាយអស់ពីចិត្តក្នុងអំឡុងពេលនេះ យើងនឹងមានអំណរបានជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះយេហូវ៉ា!