អ្នកជំនាញខាងការប្រើបណ្ដាំរបស់ព្រះ យ៉ាងត្រឹមត្រូវ
១ គម្ពីរចែងត្រូវណាស់ថា ពួកគ្រិស្តសាសនិកជា«អ្នករួមការងារជាមួយនឹងព្រះ»។ (១កូ. ៣:៩) យើងគួរមានគោលដៅបណ្ដុះឲ្យមានជំនាញជាអ្នកធ្វើការដែលបង្រៀននិងពន្យល់«បណ្ដាំនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។—២ធី. ២:១៥
២ ដើម្បីជួយយើងមានជំនាញក្នុងកិច្ចបម្រើផ្សាយ សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចមានជំនួយផ្សេងៗដែលល្អ។ តើអ្នកដឹងថាជំនួយទាំងនេះជាអ្វីទេ? តើអ្នកប្រើជំនួយនេះពេលសិក្សាគម្ពីរដោយខ្លួនឯងនិងពេលចូលរួមកិច្ចផ្សាយទេ?
៣ គម្ពីរមួយដែលមានសារៈប្រយោជន៍ជាច្រើន: ពេលយើងទទួលសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច យើងឃើញក្នុងគម្ពីរនោះមានកំណត់សម្គាល់ សេចក្ដីពន្យល់បន្ថែម និងព័ត៌មានឯទៀតៗដែលជួយយើងបានយ៉ាងច្រើនពេលផ្សព្វផ្សាយ រៀបចំសម្រាប់កិច្ចប្រជុំ ឬសិក្សាគម្ពីរដោយខ្លួនឯង។ គម្ពីរនេះពិតជាជំនួយដ៏ល្អឯកសម្រាប់យើងមែន! កាលដែលយើងព្យាយាមប្រឹងប្រែងឲ្យក្លាយជាអ្នកជំនាញខាងការប្រើបណ្ដាំរបស់ព្រះយ៉ាងត្រឹមត្រូវ។ បើយើងឧស្សាហ៍ប្រើគម្ពីរនេះដែលមានសារៈប្រយោជន៍ជាច្រើន នេះប្រៀបដូចជាយើងមានឧបករណ៍បរិបូរ ដើម្បីបណ្ដុះឲ្យមានគុណសម្បត្ដិជាគ្រិស្តសាសនិកប្រសើរជាងមុន ហើយដើម្បីជួយអ្នកឯទៀតធ្វើដូច្នេះដែរ។—ម៉ាថ. ៧:២៤; ១ធី. ៤:១៦; ហេ. ៥:១៤
៤ ផ្នែកមួយដែលមានចំណងជើងថា «ប្រធានបទសម្រាប់ការពិភាក្សាដោយប្រើបទគម្ពីរ»ផ្ដល់ជំនួយយ៉ាងច្រើនសម្រាប់កិច្ចផ្សាយ។ ពេលយើងផ្សព្វផ្សាយនៅតំបន់ដែលក្រុមជំនុំចុះផ្សាយជាញឹកញាប់ យើងអាចប្រើប្រធានបទមួយផ្សេងទៀតដែលមានក្នុងផ្នែកនោះ ជាជាងប្រើតែប្រធានបទដែលមានក្នុងកិច្ចបម្រើព្រះ។ ក្នុងផ្នែកនោះមានចំណងជើងផ្សេងៗដូចជា«គ្រាចុងក្រោយ» «ផែនដី» និង«រាជាណាចក្រ» ហើយក្រោមចំណងជើងទាំងនោះមានបទគម្ពីរខ្លះៗដែលយើងអាចប្រើក្នុងកិច្ចផ្សព្វផ្សាយឬពេលត្រឡប់ទៅជួបគេ។
៥ ជំនួយសម្រាប់ចងចាំបទគម្ពីរ: ពេលអ្នកកំពុងផ្សព្វផ្សាយ ហើយចង់រកបទគម្ពីរមួយតែមិនដឹងថាបទគម្ពីរនោះនៅកន្លែងណា អ្នកអាចរកខគម្ពីរនោះដោយមើលអក្សរនៅលើរឹមទំព័រ ឬបើកមើល«លិបិក្រមពាក្យសំខាន់ៗក្នុងគម្ពីរ»ដែលមាននៅចុងសៀវភៅគម្ពីរ។ តើអ្នកប្រើជំនួយដ៏វិសេសទាំងនេះទេ?
៦ បុព្វកថានៅទំព័រ៥បញ្ជាក់សក្ខីភាពថា សេចក្ដីបកប្រែពិភពលោកថ្មី បានត្រូវបកប្រែដោយផ្អែកលើការស្រាវជ្រាវយ៉ាងហ្មត់ចត់។ នៅមានសេចក្ដីពន្យល់បន្ថែមដែលបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុដែលការប្រើនាមរបស់ព្រះគឺត្រឹមត្រូវ ហើយក៏ជួយឲ្យយល់អត្ថន័យពាក្យដូចជា«ហ្គេហេណា» «បង្គោលទារុណកម្ម» «វិញ្ញាណ» និង«ព្រលឹង»ដោយមានទីសំអាងពីបទគម្ពីរ។ បន្ថែមទៅទៀត នៅទំព័រ៦៧៦មាន«តារាងនៃសៀវភៅផ្សេងៗក្នុងបទគម្ពីរភាសាក្រិចដែលបានត្រូវសរសេរនៅគ្រិស្តសករាជ»។ តារាងនោះប្រាប់ពីអ្នកណាសរសេរសៀវភៅនីមួយៗ ទីកន្លែងសរសេរ និងពេលសរសេរចប់។
៧ ព្រះយេហូវ៉ាពិតជាបានផ្ដល់អ្វីយើងត្រូវការដែលជួយឲ្យ«ត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។ (២ធី. ៣:១៧) ដោយប្រើសេចក្ដីបកប្រែពិភពលោកថ្មីជាមួយនឹងសៀវភៅឯទៀតដែលយើងជូនក្នុងកិច្ចបម្រើផ្សាយ នោះយើងអាចមានប្រសិទ្ធភាពក្នុងកិច្ចការដែលព្រះបានប្រគល់ឲ្យ។ (លូក. ៦:៤៧, ៤៨) បើយើងមានជំនាញខាងការប្រើបណ្ដាំរបស់ព្រះយ៉ាងត្រឹមត្រូវ នោះយើងមានហេតុជឿជាក់ថា លោកម្ចាស់នឹងមានប្រសាសន៍ថា៖ «អ្នកធ្វើការបានល្អណាស់»!—ម៉ាថ. ២៥:២១