ឪពុកម្ដាយអើយ ចូរបង្រៀនកូនឲ្យចេះផ្សព្វផ្សាយ
១ ពិតជាពរមែន ដែលក្រុមជំនុំរបស់យើងមានកូនក្មេងជាច្រើនដែលមានបំណងចិត្តដ៏ស្មោះក្នុងការបម្រើព្រះយេហូវ៉ា។ (សាស្ដ. ១២:១) កូនក្មេងក៏រួមបញ្ចូលក្នុងចំណោមអស់អ្នកដែលព្រះយេហូវ៉ាអញ្ជើញឲ្យសរសើរលោកដែរ។ (ទំនុក. ១៤៨:១២-១៤) ហេតុដូច្នេះហើយ ការបង្ហាត់បង្រៀនដែលឪពុកម្ដាយផ្ដល់ឲ្យកូនជាប្រចាំថ្ងៃ គួររួមបញ្ចូលការបង្ហាត់បង្រៀនកូនឲ្យចេះផ្សព្វផ្សាយអំពីជំនឿរបស់គេដល់អ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយរាជាណាចក្រព្រះ។—ចោ. ៦:៦, ៧
២ ចូរបង្រៀនកូនតាមជំហាននីមួយៗ: គួរបង្រៀនកូនតាំងតែពីនៅក្មេងតូច ឲ្យទៅផ្សព្វផ្សាយជាមួយនឹងឪពុកម្ដាយ។ មុននឹងទៅផ្សព្វផ្សាយ ចូររៀបចំតាមបែបដែលមានប្រយោជន៍ដើម្បីកូនអាចចូលរួមបាន។ ចូរគិតទុកជាមុនថាអ្នកចង់ឲ្យកូនធ្វើអ្វីពេលដល់មាត់ទ្វារផ្ទះ។ កូនដែលមានអាយុនៅតូច អាចហុចខិត្តប័ណ្ណនិងប័ណ្ណកម្មវិធីប្រជុំដល់ម្ចាស់ផ្ទះ។ កូនក្មេងដែលចេះអានល្អ អាចឲ្យអានខគម្ពីរ។ ពួកគេអាចផ្ដល់ទស្សនាវដ្ដីដោយនិយាយយ៉ាងខ្លី។ ពេលកូនមានបទពិសោធន៍ច្រើន ចូរបង្រៀនពួកគេឲ្យប្រើគម្ពីរពេលនិយាយជាមួយនឹងម្ចាស់ផ្ទះ។ ក្មេងៗជាច្រើនដែលជាអ្នកផ្សាយមានការត្រឡប់ទៅជួបដែលទទួលទស្សនាវដ្ដីយ៉ាងទៀងទាត់។ គឺជាការល្អឲ្យកូនទៅផ្សព្វផ្សាយជាមួយនឹងមនុស្សពេញវ័យ ជាជាងទៅជាមួយនឹងក្មេងៗដូចគ្នា។ មនុស្សពេញវ័យអាចពន្យល់ម្ចាស់ផ្ទះថាកូនត្រូវបានបង្ហាត់បង្រៀនក្នុងកិច្ចបម្រើផ្សាយ។
៣ ក្មេងស្រីម្នាក់បានសុំពួកអ្នកចាស់ទុំឲ្យជួយ ដើម្បីនាងមានលក្ខណៈគ្រប់គ្រាន់បម្រើជាអ្នកផ្សាយរាជាណាចក្រព្រះ។ ទោះជានាងមានអាយុតែប្រាំឆ្នាំក៏ដោយ ហើយមិនទាន់ចេះអានទេ នាងបានផ្សាយដោយប្រសិទ្ធភាពនៅតាមផ្ទះ។ នាងបានរៀនឲ្យចំណាំខគម្ពីរ ពេលផ្សព្វផ្សាយនាងសុំឲ្យម្ចាស់ផ្ទះអាន រួចមកនាងក៏ពន្យល់ខនោះ។
៤ គួរបង្ហាត់បង្រៀនកូនឲ្យធ្វើតាមគំរូរបស់ឪពុកម្ដាយ ស្តីអំពីប្រយោជន៍ដែលមកពីការមានកាលវិភាគល្អ ដើម្បីទៅផ្សព្វផ្សាយជាទៀងទាត់។ ពួកគាត់ត្រូវរៀបចំឲ្យមានកាលវិភាគរាល់សប្ដាហ៍ និងគួរធ្វើតាមផងដែរ។ យ៉ាងនេះ កូនៗនឹងដឹងថាពេលណាក្នុងសប្ដាហ៍នោះដែលពួកគេត្រូវទៅផ្សព្វផ្សាយ។
៥ នៅពេលកូនៗត្រូវបានបង្ហាត់បង្រៀនតាំងតែពីតូចឲ្យស្រឡាញ់និងសប្បាយក្នុងកិច្ចបម្រើផ្សាយ នោះពួកគេនឹងត្រូវជំរុញចិត្តឲ្យឈោងចាប់ឯកសិទ្ធិឯទៀតនៅពេលអនាគត ប្រហែលជារួមបញ្ចូលការធ្វើជាអ្នកត្រួសត្រាយពេញពេល។ (១កូ. ១៥:៥៨) យើងគ្រប់គ្នាគួរលើកទឹកចិត្តក្មេងៗឲ្យរីកចម្រើនជាអ្នកសរសើរព្រះយេហូវ៉ា។