បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/១០ ទំ. ២-ទំ. ៤
  • សេចក្ដីបកប្រែគម្ពីរដែលលើកតម្កើងព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីបកប្រែគម្ពីរដែលលើកតម្កើងព្រះ
  • ២០១០ កិច្ចបម្រើព្រះ
  • ចំណងជើងតូច
  • គ្មាន​ពាក្យ​រាជសព្ទ
  • របៀប​តប​ឆ្លើយ​ពេល​មាន​មនុស្ស​ជំទាស់
  • ការ​ផ្លាស់​ប្ដូរ​ពាក្យ​ឯ​ទៀត
២០១០ កិច្ចបម្រើព្រះ
km ៩/១០ ទំ. ២-ទំ. ៤

សេចក្ដី​បក​ប្រែ​គម្ពីរ​ដែល​លើក​តម្កើង​ព្រះ

១ នៅ​ឯ​មហាសន្និបាត​ប្រចាំ​តំបន់​ឆ្នាំ​២០០៨ ដែល​មាន​ប្រធាន​ថា​«​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង​»​ យើង​បាន​ទទួល​ពរ​ដ៏​វិសេស​មួយ​ពី​ព្រះ​យេហូវ៉ា ពោល​គឺ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ចេញ​ជា​ភាសា​ខ្មែរ! ឥឡូវ ដោយ​សារ​យើង​អាច​អាន​បណ្ដាំ​របស់​ព្រះ​ហើយ​យល់​គំនិត​របស់​លោក​ច្បាស់​ជាង នោះ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ! ម្យ៉ាង​ទៀត ជំនួយ​ដ៏​ពិសេស​នេះ​ក៏​បាន​ជួយ​ឲ្យ​យើង​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​«​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»​ ពេល​ចូល​រួម​កិច្ចការ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ ពោល​គឺ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។—២ធី. ២:​១៥; ម៉ាថ. ២៨:១៩, ២០

២ អ្នក​បក​ប្រែ​តែង​ជួប​នឹង​ការ​ពិបាក​ផ្សេង​ៗ ដូច​ជា​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ប្រើ​ពាក្យ​បែប​ណា? ហើយ​តើ​ត្រូវ​បក​ប្រែ​យ៉ាង​ដូច​ម្ដេច ទើប​អ្នក​អាន​អាច​យល់​បាន? ការ​សម្រេច​ចិត្ត​នេះ​គឺ​កាន់​តែ​ពិបាក ពេល​ដែល​អ្នក​បក​ប្រែ​ទទួល​ភារកិច្ច​បក​ប្រែ​បណ្ដាំ​របស់​ព្រះ។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​ខ្មែរ​បាន​លះ​ចោល​ទាំង​ស្រុង នូវ​ទម្លាប់​ជា​ច្រើន​ដែល​គម្ពីរ​ខ្មែរ​មុន​ៗ​បាន​ធ្វើ​តាម។ ហេតុ​អ្វី​ក៏​ដូច្នេះ?

គ្មាន​ពាក្យ​រាជសព្ទ

៣ លក្ខណៈ​លេច​ធ្លោ​ជាង​គេ​មួយ​របស់​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ភាសា​ខ្មែរ គឺ​គម្ពីរ​នេះ​គ្មាន​ពាក្យ​រាជសព្ទ​ទេ។ នេះ​ធ្វើ​ឲ្យ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ខុស​ប្លែក​ពី​គម្ពីរ​ខ្មែរ​ឯ​ទៀត។ ហេតុ​អ្វី​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ដូច​នេះ? វគ្គ​ទី​៣​នៃ​បុព្វកថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ចែង​ថា​៖ ​«​សេចក្ដី​បក​ប្រែ​នៃ​គម្ពីរ​បរិសុទ្ធ​នេះ គឺ​សៀវភៅ​ម៉ាថាយ ដល់​សៀវភៅ​ការ​បើក​បង្ហាញ ប្រើ​ភាសា​ដែល​មនុស្ស​សាមញ្ញ​អាច​យល់​បាន ដូច​បទ​គម្ពីរ​ភាសា​ដើម​បាន​ត្រូវ​សរសេរ​ដោយ​ប្រើ​ពាក្យ​និយាយ​ធម្មតា​នៅ​សម័យ​នោះ​ដែរ។ នោះ​ស្រប​តាម​គោល​បំណង​របស់​ព្រះ​ដែល​ត្រូវ​បញ្ជាក់​នៅ​ធីម៉ូថេទី១ ២:៣, ៤​៖ ‹ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​យើង​ចាត់​ទុក​ការ​នោះ​ជា​ការ​ប្រសើរ ហើយ​ក៏​ពេញ​ចិត្ត​នឹង​ការ​នោះ ហើយ​លោក​មាន​បំណង​ប្រាថ្នា​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត›​»។ បើ​ប្រើ​ពាក្យ​រាជសព្ទ គោលដៅ​នេះ​គឺ​ពិបាក​សម្រេច។ ហេតុ​អ្វី​ពិបាក?

៤ មូលហេតុ​ទី​១​គឺ មនុស្ស​ត្រូវ​ស្គាល់​ពាក្យ​រាជសព្ទ​ច្បាស់​ទើប​អាច​យល់​បាន។ ពិត​មែន​តែ​មនុស្ស​ជា​ច្រើន​យល់​ពាក្យ​រាជសព្ទ​ខ្លះ ដូច​ជា​ព្រះ​អង្គ ទ្រង់ និង​ប្រទាន ប៉ុន្តែ​ដើម្បី​បក​ប្រែ​យ៉ាង​ត្រឹម​ត្រូវ ក៏​ចាំ​បាច់​ប្រើ​ពាក្យ​ដែល​មនុស្ស​មិន​សូវ​ស្គាល់​ដែរ ដូច​ជា​ព្រះ​ឩរូ ព្រះ​ពាហុ និង​ព្រះ​ឱង្ការ។ មូលហេតុ​ទី​២​គឺ ការ​បក​ប្រែ​ដោយ​ប្រើ​ពាក្យ​រាជសព្ទ​តម្រូវ​ឲ្យ​ប្រើ​ឃ្លា​ដែល​វែង​និង​ស្មុគ​ស្មាញ ដូច​ជា​ឃ្លា​ព្រះ​ទ្រង់​ព្រះ​តម្រិះ ដើម្បី​បញ្ជាក់​គំនិត​ដ៏​ស្រួល​យល់​ថា​ព្រះ​ដឹង​អ្វី​មួយ។ ពេល​ដែល​បក​ប្រែ​ដោយ​ប្រើ​ឃ្លា​បែប​នេះ អ្នក​អាន​ប្រហែលជា​រីក​ចម្រើន​យឺត​ជាង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដោយ​សារ​ពួក​គេ​ពិបាក​យល់​បណ្ដាំ​របស់​ព្រះ ទោះ​ជា​បណ្ដាំ​នោះ​មាន​អត្ថន័យ​មិន​ពិបាក​យល់​ក៏​ដោយ។ (​១កូ. ១៤:​៩​) មូលហេតុ​ទី​៣​គឺ ការ​បក​ប្រែ​ដោយ​ប្រើ​ពាក្យ​រាជសព្ទ​អាច​ធ្វើ​ឲ្យ​គម្ពីរ​ទៅ​ជា​សៀវភៅ​ដែល​មាន​តែ​អ្នក​ចេះ​ដឹង​អាច​យល់​បាន។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​សរសើរ​ព្រះ​ជា​បិតា​របស់​លោក​ជា​សាធារណៈ ពីព្រោះ​ព្រះ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​ដែល​មិន​មែន​ជា​អ្នក​ចេះ​ដឹង​អាច​យល់​បាន។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​យ៉ាង​ល្អ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង ហើយ​បាន​បើក​សម្ដែង​ឲ្យ​កូន​តូច​ៗ​យល់​វិញ ពីព្រោះ​នេះ​គឺ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ជា​បិតា​»។ (​លូក. ១០:២១​) សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ខំ​ធ្វើ​តាម​គោលការណ៍​នេះ។

៥ តើ​នេះ​មាន​ន័យ​ថា យើង​មិន​អាច​ប្រើ​ពាក្យ​រាជសព្ទ​ពេល​ផ្សព្វ​ផ្សាយ​ឬ​ពេល​ថ្លែង​សុន្ទរកថា​ឬ​ទេ? មិន​ដូច្នេះ​ទេ។ បើ​បង​ប្អូន​ណា​ម្នាក់​គិត​ថា​ម្ចាស់​ផ្ទះ​ឬ​អ្នក​ស្ដាប់​យល់​ពាក្យ​រាជសព្ទ ហើយ​សម្រេច​ចិត្ត​ប្រើ​ពាក្យ​ទាំង​នោះ នេះ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ គ្មាន​អ្នក​ណា​ត្រូវ​រិះ​គន់​គាត់​ឡើយ។ ប៉ុន្តែ ដូច​គ្នា​ដែរ​បើ​បង​ប្អូន​ណា​សម្រេច​ចិត្ត​មិន​ប្រើ​ពាក្យ​រាជសព្ទ គ្មាន​អ្នក​ណា​ត្រូវ​រិះ​គន់​ការ​សម្រេច​ចិត្ត​របស់​គាត់​ទេ។ (​១ធី. ៦:៤​) សៀវភៅ​របស់​យើង​នឹង​បន្ត​ប្រើ​ពាក្យ​ទាន់​សម័យ​ដែល​បង្ហាញ​ការ​គោរព ហើយ​ដែល​ស្រួល​យល់ ដូច​ពាក្យ​ដែល​មនុស្ស​ប្រើ​ពេល​និយាយ​ទៅ​កាន់​មន្ត្រី​រាជការ​ដែរ។

របៀប​តប​ឆ្លើយ​ពេល​មាន​មនុស្ស​ជំទាស់

៦ ចុះ​បើ​ម្ចាស់​ផ្ទះ​ជំទាស់​នឹង​ពាក្យ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ជា​ពិសេស​ពាក្យ​ដែល​សំដៅ​ទៅ​លើ​លោក​យេស៊ូ? សូម​ចាំ​ថា មនុស្ស​ភាគ​ច្រើន​ដែល​ជំទាស់​គឺជា​សមាជិក​ពិភព​គ្រិស្ត​សាសនា។ នេះ​ច្រើន​តែ​ដោយ​សារ​ពួក​គេ​បាន​ត្រូវ​បង្រៀន​ថា លោក​យេស៊ូ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត។ ដូច្នេះ​ហើយ ពួក​គេ​ជំទាស់​ពេល​ឃើញ​ថា​ពាក្យ​ដែល​សៀវភៅ​របស់​យើង​ប្រើ​ពេល​សំដៅ​ទៅ​លើ​លោក​យេស៊ូ គឺ​ខុស​គ្នា​ពី​ពាក្យ​ដែល​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​សូម​ប្រៀប​ធៀប យ៉ូហាន ១:៣០, ព.ថ. និង​គម្ពីរ​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​) ម្យ៉ាង​ទៀត យើង​អាច​ពន្យល់​ម្ចាស់​ផ្ទះ​យ៉ាង​ខ្លី​ថា ជន​ជាតិ​ខ្មែរ​ភាគ​ច្រើន​មិន​យល់​ពាក្យ​រាជសព្ទ​ទាំង​ស្រុង​ទេ ដូច្នេះ​គម្ពីរ​របស់​យើង​ប្រើ​ពាក្យ​ដែល​មនុស្ស​ទូទៅ​អាច​យល់​ហើយ​ដែល​បង្ហាញ​ការ​គោរព។ ការ​ពន្យល់​ដូច្នេះ​ប្រហែលជា​គ្រប់​គ្រាន់។ បើ​ប្រើ​គម្ពីរ​ថ្មី​ដោយ​ចិត្ត​ក្លាហាន នោះ​នឹង​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​គំនិត​ត្រឹម​ត្រូវ​ឲ្យ​យល់​សេចក្ដី​ពិត​ថា ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​ណា តែ​បើ​យើង​ខ្លាច​មនុស្ស នោះ​រារាំង​ពួក​គេ​មិន​ឲ្យ​រៀន​អំពី​សេចក្ដី​ពិត​វិញ។ ពិត​មែន​តែ​នៅ​ប្រទេស​កម្ពុជា​មាន​សមាជិក​មួយ​ចំនួន​នៃ​ពិភព​គ្រិស្ត​សាសនា តែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​គឺជា​ជំនួយ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ជួយ​មនុស្ស​ពី​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​យល់​សេចក្ដី​ពិត​ថា លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ។

៧ បង​ប្អូន​ជា​ច្រើន​បាន​ពេញ​ចិត្ត​ដោយ​សារ​គម្ពីរ​គ្មាន​ពាក្យ​រាជសព្ទ។ អ្នក​ផ្សាយ​ម្នាក់​បាន​និយាយ​ថា ឥឡូវ​គាត់​មាន​អារម្មណ៍​ថា​គាត់​ពិត​ជា​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ដូច​ជា​កំពុង​និយាយ​ជា​មួយ​នឹង​«​ឪពុក​ខ្លួន​»​ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​ចំពោះ​លោក។ អ្នក​ផ្សាយ​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា អ្នក​កាន់​តាម​របស់​លោក​យេស៊ូ​ជា​មនុស្ស​ដែល​«​មិន​បាន​រៀន​សូត្រ​»​ ដូច្នេះ​គឺ​សម​ហេតុ​សម​ផល​ជាង​ដែល​ពួក​គាត់​បាន​ប្រើ​ពាក្យ​សាមញ្ញ​ធម្មតា​ជា​ជាង​ពាក្យ​វប្បធម៌។

ការ​ផ្លាស់​ប្ដូរ​ពាក្យ​ឯ​ទៀត

៨ ប្រហែលជា​មាន​សំណួរ​ចោទ​ឡើង​អំពី​មូលហេតុ​ដែល​ពាក្យ​ឯ​ទៀត​ដែល​យើង​ធ្លាប់​ប្រើ​ពី​មុន​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ ក្នុង​កិច្ច​បម្រើ​ព្រះរាជាណាចក្រ​យើង​ខែ​ធ្នូ ឆ្នាំ​២០០៧ មាន​សេចក្ដី​ជូន​ដំណឹង​ដែល​ចែង​ថា​៖ ​«​យើង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​សៀវភៅ​របស់​យើង​ដែល​ចេញ​ជា​ភាសា​ខ្មែរ . . . ជៀស​វាង​ពី​ពាក្យ​ណា​ដែល​ទាក់​ទិន​នឹង​សាសនា​មិន​ពិត​»។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ពាក្យ​«​បាប​»​ ដែល​ឥឡូវ​បាន​ត្រូវ​បក​ប្រែ​ថា​«​ខុស​ឆ្គង​»។

៩ ជិត​៩០​ភាគ​រយ​នៃ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​នៅ​ប្រទេស​កម្ពុជា​កាន់​ពុទ្ធសាសនា ហើយ​ជឿ​តាម​និយម​ន័យ​នៃ​ពុទ្ធ​សាសនា​ស្តី​អំពី​«​បាប​»។ វចនានុក្រម​ភាសា​ខ្មែរ​បក​ស្រាយ​អត្ថន័យ​ពាក្យ​«​បាប​»​ថា​«​អំពើ​លាមក​»។ ដូច្នេះ មនុស្ស​ភាគ​ច្រើន​យល់​ថា​«​បាប​»​សំដៅ​ទៅ​អំពើ​ខុស​ធ្ងន់​ដែល​ប្រព្រឹត្ត​ទៅ​លើ​សត្វ ឬ​មនុស្ស​ម្នាក់​ទៀត ដូច​ជា​ឃាតកម្ម ឬ​ការ​ចាប់​រំលោភ​ជា​ដើម។ ម្ល៉ោះ​ហើយ​បាន​ជា​មនុស្ស​ភាគ​ច្រើន​មិន​ចាត់​ទុក​ថា​ខ្លួន​ជា​អ្នក​«​មាន​បាប​»​ទេ ដោយ​សារ​ពាក្យ​នេះ​សំដៅ​ទៅ​មនុស្ស​អាក្រក់។ ជា​លទ្ធផល នេះ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា ពួក​គេ​មិន​ត្រូវ​ការ​ថ្លៃ​លោះ​ទេ ហើយ​ក៏​ធ្វើ​ឲ្យ​គិត​ដែរ​ថា គ្រិស្ត​សាសនា​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អំពើ​អាក្រក់ ដោយ​បង្រៀន​ថា​លោក​យេស៊ូ​ជួយ​សង្គ្រោះ​មនុស្ស​ទុច្ចរិត។ ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​និយាយ​អំពី​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​សាសនិក​ថា​«​ធ្វើ​បាប​បាន​បុណ្យ​»។ ដូច្នេះ​ហើយ ម្ចាស់​ផ្ទះ​ភាគ​ច្រើន​មិន​ចាត់​ទុក​ថា ពាក្យ​សម្ដី​ឬ​គំនិត​មិន​សមរម្យ ឬ​មួយ​ក៏​ការ​ខាន​ធ្វើ​អ្វី​មួយ​ជា​«​បាប​»​ទេ។

១០ ម្យ៉ាង​ទៀត អត្ថន័យ​នៃ​ពាក្យ​«​បាប​»​ក្នុង​គម្ពីរ​គឺ​ចម្លែក​ណាស់​សម្រាប់​មនុស្ស​ភាគ​ច្រើន ពីព្រោះ​គម្ពីរ​ចែង​ថា​«​បាប​»​អាច​ត្រូវ​ឆ្លង​ដល់​កូន​ចៅ​ត​ទៅ ហើយ​ក៏​ចែង​ថា​មនុស្ស​អាច​ទទួល​រង​ផល​អាក្រក់​ពី​«​បាប​»​របស់​អ្នក​ឯ​ទៀត​ដែរ។ ក៏​ប៉ុន្តែ​ពុទ្ធ​សាសនា​បង្រៀន​ថា មនុស្ស​អាច​ទទួល​រង​ផល​ពី​«​បាប​»​របស់​ខ្លួន ក្នុង​ជាតិ​នេះ​ឬ​ក្នុង​ជាតិ​ក្រោយ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ពុទ្ធ​សាសនា​ក៏​បង្រៀន​ថា គ្មាន​អ្នក​ណា​អាច​ជម្រះ​«​បាប​»​ឲ្យ​អ្នក​ឯ​ទៀត​ឬ​ទទួល​ផល​នៃ​បាប​នោះ​ជួស​អ្នក​ណា​ម្នាក់​ទៀត​បាន​ឡើយ។ ដោយ​សារ​មូលហេតុ​ទាំង​នេះ ពាក្យ​«​ខុស​ឆ្គង​»​បាន​ត្រូវ​យក​មក​ប្រើ​ជំនួស​វិញ។ ពាក្យ​នេះ​មាន​អត្ថន័យ​ស្រដៀង​នឹង​អត្ថន័យ​នៃ​ពាក្យ​ភាសា​ដើម ដូច​បាន​បក​ស្រាយ​នៅ​រ៉ូម ៥:១២។ ពេល​ដែល​យល់​អត្ថន័យ​ត្រឹម​ត្រូវ​នៃ​«​អំពើ​ខុស​ឆ្គង​»​ នោះ​ជួយ​មនុស្ស​ឲ្យ​យល់​មូលហេតុ​ដែល​យើង​ត្រូវ​ការ​នូវ​ថ្លៃ​លោះ ហើយ​ក៏​ជួយ​ឲ្យ​យល់​ឥទ្ធិពល​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​របស់​អាដាម។

១១ សេចក្ដី​បក​ប្រែ​ថ្មី​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ទៀត។ ជា​ឧទាហរណ៍ ពាក្យ​ដែល​ពី​មុន​បាន​ត្រូវ​បក​ប្រែ​ថា​«​វិញ្ញាណ​»​ ឥឡូវ​បាន​ត្រូវ​បក​ប្រែ​ដោយ​ប្រើ​ពាក្យ​ផ្សេង​ៗ​ដូច​ជា​«​សកម្មពល​»​ ​«​បុគ្គល​វិញ្ញាណ​»​ និង​«​ចិត្ត​»។ ហេតុ​អ្វី​បាន​ជា​ប្រើ​ពាក្យ​ផ្សេង​ៗ​ជា​ច្រើន រីឯ​សេចក្ដី​បក​ប្រែ​ពី​មុន​ប្រើ​ពាក្យ​តែ​មួយ? ជា​ជាង​បក​ប្រែ​ពាក្យ​មួយ​ៗ​ដោយ​មិន​គិត​ពី​ឃ្លា នោះ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បញ្ជាក់​អត្ថន័យ​នៃ​ពាក្យ​ភាសា​ដើម​តាម​ឃ្លា។ នេះ​ធ្វើ​ឲ្យ​សេចក្ដី​បក​ប្រែ​នោះ​មាន​ន័យ​ច្បាស់​ជាង និង​ស្រួល​យល់​ជាង។

១២ យើង​រីករាយ​ណាស់​ដែល​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ជា​បណ្ដា​រាស្ត្រ​តែ​មួយ​ដែល​ពិត​ជា​ទទួល​ការ​បំភ្លឺ​ពី​ព្រះ! (​២កូ. ៤:៦​) យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដែរ! ពោល​គឺ យើង​អាច​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់​នូវ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​របស់​គ្រិស្ត​និង​គណៈ​អភិបាល។ (​ម៉ាថ. ២៤:៤៥​) ចូរ​ឲ្យ​យើង​បង្ហាញ​ថា​យើង​យល់​តម្លៃ​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​ខ្មែរ ដោយ​អាន​ឲ្យ​ស្គាល់​គម្ពីរ​នោះ និង​ដោយ​រៀន​សេចក្ដី​ពិត​ដែល​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់ ថែម​ទាំង​ប្រើ​ដោយ​ប្រសិទ្ធភាព​ដើម្បី​ជួយ​មនុស្ស​ឲ្យ​រួច​ពី​សេចក្ដី​ងងឹត​ខាង​ជំនឿ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក