កិច្ចការដែលគួរឲ្យរីករាយជាទីបំផុត
១. តើកិច្ចការអ្វីកំពុងត្រូវធ្វើឡើងនៅសម័យយើងនេះ?
១ នៅសតវត្សរ៍ទី១ មនុស្សបានមានចិត្តពោរពេញទៅដោយអំណរដ៏ខ្លាំងក្រៃលែង ពេលដែលឃើញលោកយេស៊ូធ្វើឲ្យមនុស្សឈឺនិងមនុស្សពិការបានជាឡើងវិញ។ (លូក. ៥:២៤-២៦) នៅសម័យយើងនេះ យើងអរសប្បាយនឹងកិច្ចការជួយអ្នកឯទៀតឲ្យស្គាល់ព្រះយេហូវ៉ា។ (បប. ២២:១, ២, ១៧) ពេលអានបទពិសោធន៍ដែលបញ្ជាក់ថាបណ្ដាំរបស់ព្រះយេហូវ៉ានិងសកម្មពលបរិសុទ្ធបានកែប្រែជីវិតរបស់បុគ្គលផ្សេងៗ នោះពិតជាគួរឲ្យរំភើបចិត្តមែន! ក៏ប៉ុន្តែ ការចូលរួមក្នុងកិច្ចការនេះ ដោយបង្រៀនសិស្សគម្ពីរដែលជឿនទៅមុខនាំឲ្យមានអំណរខ្លាំងជាងនេះទៅទៀត។
២. តើអ្វីអាចធ្វើឲ្យយើងមានអំណរ ពេលយើងបង្រៀនអ្នកណាម្នាក់អំពីសេចក្ដីពិត?
២ តើនាមរបស់ព្រះគឺអ្វី? ហេតុអ្វីបានជាលោកអនុញ្ញាតឲ្យមនុស្សរងទុក្ខ? តើរាជាណាចក្រព្រះនឹងធ្វើអ្វីខ្លះសម្រាប់មនុស្សជាតិ? យើងសប្បាយមិនត្រឹមតែពេលឆ្លើយសំណួរទាំងនេះរបស់សិស្សប៉ុណ្ណោះទេ តែក៏សប្បាយពេលឃើញថាសិស្សគម្ពីរមានអំណរកាលដែលគាត់រៀនសេចក្ដីពិត។ (សុភ. ១៥:២៣; លូក. ២៤:៣២) ពេលដែលសិស្សជឿនទៅមុខ គាត់ប្រហែលជាចាប់ផ្ដើមប្រើនាមរបស់ព្រះ ស្លៀកពាក់និងសម្អិតសម្អាងខ្លួនគាត់បានសមរម្យជាងមុន បោះបង់ចោលទម្លាប់អាក្រក់ ហើយចាប់ផ្ដើមផ្សព្វផ្សាយដល់អ្នកឯទៀត។ បើគាត់ជឿនទៅមុខរហូតដល់បានប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក នោះគាត់ក្លាយទៅជាបងប្អូននិងជាអ្នករួមការងារជាមួយនឹងយើង។ ពេលដែលសិស្សគម្ពីរឆ្លងកាត់ដំណាក់កាលនីមួយៗដ៏ល្អនេះ នោះគឺជាហេតុដែលនាំឲ្យយើងមានអំណរ។—១ថែ. ២:១៩, ២០
៣. តើអ្នកគួរធ្វើអ្វីខ្លះដើម្បីរកសិស្សគម្ពីរ?
៣ តើអ្នកអាចចូលរួមបានឬទេ? បើអ្នកចង់ចូលរួមក្នុងកិច្ចការដ៏គួរឲ្យរីករាយបំផុត ចូរអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យអ្នកនូវឯកសិទ្ធិបង្រៀនសិស្សគម្ពីរ ហើយបន្ទាប់មក ចូរព្យាយាមប្រព្រឹត្តសមស្របតាមសេចក្ដីអធិដ្ឋានរបស់អ្នក។ (១យ៉ូន. ៥:១៤) ចូរផ្សព្វផ្សាយនៅកន្លែងណានិងនៅពេលណាដែលអ្នកអាចជួបមនុស្ស។ ចូរស្នើសុំបង្រៀនគម្ពីរដល់អ្នកឯទៀតនៅគ្រប់ឱកាសដែលសមរម្យ។ (សាស្ដ. ១១:៦) កាលណាអ្នករកឃើញអ្នកដែលមានចំណាប់អារម្មណ៍ ហើយដាំពូជនៃសេចក្ដីពិតក្នុងចិត្តអ្នកនោះ ចូរត្រឡប់ទៅស្រោចទឹកគ្រាប់ពូជនោះ។—១កូ. ៣:៦-៩
៤. ហេតុអ្វីយើងគួរស្នើសុំបង្រៀនគម្ពីរដល់អ្នកឯទៀត ដោយជឿជាក់ថាគ្រាប្រមូលផលជិតចប់ហើយនោះ?
៤ នៅតែមានមនុស្សច្រើនឥតគណនាដែលកំពុងស្រេកឃ្លានចំពោះសេចក្ដីសុចរិត។ តើអ្នកណានឹងជួយបំពេញសេចក្ដីត្រូវការរបស់ពួកគេចំពោះការណែនាំពីព្រះ ដោយបង្រៀនពួកគេអំពីគម្ពីរ? (ម៉ាថ. ៥:៣, ៦) ចូរយើងចូលរួមដោយស្ម័គ្រចិត្តក្នុងការជួយបង្ហើយកិច្ចការផ្សព្វផ្សាយនិងកិច្ចការបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ មុននឹងគ្រាប្រមូលផលចប់។—អេ. ៦:៨