សំបុត្រពីគណៈអភិបាល
បងប្អូនសាក្សីព្រះយេហូវ៉ាជាទីស្រឡាញ់:
នេះជាគ្រាគួរឲ្យរំភើបចិត្ត ហើយយើងទាំងអស់គ្នាមានអំណរខ្លាំងក្រៃលែង! យើងខ្ញុំពិតជាសប្បាយមែនដោយបានធ្វើការជាមួយនឹងបងប្អូនប្រុសស្រីជាទីស្រឡាញ់ដោយ«ព្រមចិត្តគ្នា»ក្នុងការធ្វើជាសាក្សីបញ្ជាក់អំពីព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌។ នេះគឺជាការផ្សព្វផ្សាយដ៏ធំធេងបំផុតដែលមិនធ្លាប់មានពីមុន។—សេផ. ៣:៩; យ៉ូន. ១៤:១២
ពិតមែនតែយើងមានអំណរក្នុងការបម្រើព្រះយេហូវ៉ា ប៉ុន្តែយើងក៏ជួបប្រទះនឹងការពិបាកខ្លាំងដែរ។ ក្នុងអំឡុងឆ្នាំកិច្ចបម្រើកន្លងទៅ បងប្អូនខ្លះបានរងទុក្ខលំបាកដែលបណ្ដាលមកពីការរញ្ជួយដី ទឹកជំនន់ ព្យុះសង្ឃរានិងមហន្តរាយធម្មជាតិឯទៀតដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ (ម៉ាថ. ២៤:៧) ជារៀងរាល់ថ្ងៃ បងប្អូនជាច្រើននាក់បានស៊ូទ្រាំជំងឺនិងជរាភាពដែលធ្វើឲ្យកម្លាំងខ្សោយទៅបន្ដិចម្ដងៗ។ យើងទាំងអស់គ្នាត្រូវប្រឈមមុខនឹង«គ្រាលំបាក»ដែលកាន់តែពិបាកទៅៗជានិច្ច។ (ម៉ាថ. ២៤:៨) នៅប្រទេសមួយចំនួន ក្នុងនោះមានប្រទេសអាមេនី អេរីទ្រីនិងកូរ៉េខាងត្បូង បងប្អូនជាច្រើននាក់ត្រូវគេចាប់ដាក់គុកដោយសារជំនឿរបស់ពួកគាត់។—ម៉ាថ. ២៤:៩
ទោះជាមានការពិបាកទាំងនេះក្ដី តើអ្វីបានជួយយើងរក្សាចិត្តគំនិតត្រឹមត្រូវ? បទគម្ពីរប្រចាំឆ្នាំ២០១០បានរំលឹកយើងអំពីកត្ដាសំខាន់មួយគឺ៖ ‹សេចក្ដីស្រឡាញ់ស៊ូទ្រាំនឹងអ្វីៗទាំងអស់។ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ›។ (១កូ. ១៣:៧, ៨) មែនហើយ សេចក្ដីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមក ព្រមទាំងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាពង្រឹងកម្លាំងយើងឲ្យស៊ូទ្រាំដោយជោគជ័យ។
មនុស្សជាច្រើនដែលអះអាងថាខ្លួនជាគ្រិស្តសាសនិកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារយើងផ្សព្វផ្សាយយ៉ាងទៀងទាត់ ហើយការផ្សព្វផ្សាយរបស់យើងគឺដូចគ្នានៅទូទាំងពិភពលោក។ ថ្វីបើពួកគេមិនយល់ស្របនឹងជំនឿព្រមទាំងសេចក្ដីបង្រៀនរបស់យើងក៏ដោយ អ្នកខ្លះក្នុងចំណោមពួកគេបានត្រូវជំរុញចិត្តឲ្យឧទានថា៖ «ពួកអ្នកកំពុងធ្វើកិច្ចការដែលយើងគួរតែធ្វើដែរ!»។ តើកត្ដាមួយដែលជួយសាក្សីព្រះយេហូវ៉ាឲ្យបន្តផ្សព្វផ្សាយជារៀងរាល់ថ្ងៃគឺជាអ្វី? ម្ដងនេះទៀត ចម្លើយគឺជាសេចក្ដីស្រឡាញ់។ ដូចបិតាយើងដែលនៅស្ថានសួគ៌ យើងមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ។ (២ពេ. ៣:៩) ចំនួនអ្នកផ្សាយបានកើនឡើងដល់កំពូលគឺ៧.៥០៨.០៥០នាក់ក្នុងអំឡុងឆ្នាំកិច្ចបម្រើកន្លងទៅនេះ។ នេះបង្ហាញឲ្យឃើញថាយើងចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត។ តើមានអង្គការសាសនាឯទៀតណាដែលមានអ្នកផ្សាយច្រើនដូចនេះ ដែលស្ម័គ្រចិត្តផ្សព្វផ្សាយយ៉ាងសកម្មដូច្នេះ?
យើងទទួលការលើកទឹកចិត្ត ពេលយើងឃើញការសម្រេចកាន់តែច្រើនឡើងនៃទំនាយដែលអេសាយបានកត់ទុក ដែលថា៖ «នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ ហើយនឹងបានដំកើងឡើងជាប្រសើរជាងអស់ទាំងភ្នំតូចៗដែរ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ»។ (អេ. ២:២-៤) ក្នុងចំណោមមនុស្សមួយក្រុមយ៉ាងធំដែលឡើងទៅវិហាររបស់ព្រះយេហូវ៉ាមានមនុស្សចំនួន២៩៤.៣៦៨នាក់ដែលបានទទួលការជ្រមុជទឹកក្នុងអំឡុងឆ្នាំកិច្ចបម្រើកន្លងទៅនេះ។ យើងសូមទទួលស្វាគមន៍បងប្អូនដ៏មានតម្លៃវិសេសទាំងនេះ ឲ្យចូលរួមក្នុងអង្គការរបស់យើង។ សូមឲ្យសេចក្ដីស្រឡាញ់ជាគ្រិស្តសាសនិកជំរុញចិត្តយើងឲ្យបន្តជួយពួកគាត់ប្រយុទ្ធប្រឆាំងនឹងការវាយប្រហារពីមេកំណាចសាថានដែលជាសត្រូវរបស់យើង។—១ពេ. ៥:៨, ៩
នៅពិធីរំលឹកដែលបានធ្វើឡើងនៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០១០ ចំនួនអ្នកចូលរួមបានឡើងដល់កំពូល ពោលគឺ១៨.៧០៦.៨៩៥នាក់។ ចំនួននេះបង្ហាញថានៅមានមនុស្សរាប់លាននាក់ទៀតដែលមានលទ្ធភាពចូលរួមគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងយើង។ យើងពិតជាអាចសប្បាយដោយសារព្រះយេហូវ៉ាមិនទាន់បំផ្លាញចោលរបៀបរបបដ៏អាក្រក់នេះ! ដំណាលគ្នានោះ សេចក្ដីស្រឡាញ់ជួយយើងឲ្យបន្តស៊ូទ្រាំ។—២ថែ. ៣:៥
មហាសន្និបាតដែលមានប្រធានថា «ចូរនៅជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា!» ដែលភាគច្រើនបានត្រូវធ្វើឡើងក្នុងឆ្នាំ២០១០នៅទូទាំងពិភពលោក បានពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាជាបិតារបស់យើងនៅស្ថានសួគ៌។ អ្នកតែងទំនុកតម្កើងបានពោលថា៖ «សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ!»។ ពាក្យនេះគឺពិតប្រាកដមែន។ (ទំនុក. ១៤៤:១៥) ទោះជាមានអ្វីកើតឡើងយ៉ាងណាក៏ដោយ យើងមានទំនុកចិត្តថាបើព្រះយេហូវ៉ាគាំទ្រយើង យើងមិនខ្លាចអ្វីសោះឡើយ។ (ទំនុក. ២៣:៤) បន្ដិចទៀត តាមរយៈបុត្ររបស់លោក ព្រះយេហូវ៉ានឹង«បំផ្លាញស្នាដៃរបស់មេកំណាច»។ (១យ៉ូន. ៣:៨) យើងពិតជាចង់ឲ្យថ្ងៃនោះមកដល់! ប៉ុន្តែ នៅពេលដំណាលគ្នានោះ យើងជាប់រវល់ក្នុងកិច្ចការជាច្រើន។—១កូ. ១៥:៥៨
សូមមានទំនុកចិត្តថាយើង«តែង»អធិដ្ឋានអំពីអ្នកជានិច្ច។ (រ៉ូម ១:៩) សូមឲ្យអ្នក«រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ កាលដែលអ្នកទន្ទឹងរង់ចាំទទួលនូវសេចក្ដីមេត្ដាករុណាពីលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—យូ. ២១
យើងស្រឡាញ់បងប្អូនទាំងអស់គ្នា!
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)