តើអ្នកធ្លាប់បម្រើជាអ្នកត្រួសត្រាយពេញពេលឬទេ?
១. តើឯកសិទ្ធិអ្វីដែលបងប្អូនជាច្រើននាក់ធ្លាប់មាន? ប៉ុន្តែតើបងប្អូនខ្លះត្រូវធ្វើអ្វី?
១ អស់រយៈពេលជាច្រើនឆ្នាំហើយ បងប្អូនច្រើនពាន់នាក់ធ្លាប់មានឯកសិទ្ធិ«បង្រៀននិងប្រកាសដំណឹងល្អ»ក្នុងនាមជាអ្នកផ្សព្វផ្សាយពេញពេល។ (សកម្ម. ៥:៤២) ក៏ប៉ុន្តែ ដោយមានមូលហេតុផ្សេងៗពីគ្នា បងប្អូនខ្លះត្រូវឈប់ត្រួសត្រាយ។ ប្រសិនបើពីមុន អ្នកធ្លាប់បម្រើជាអ្នកត្រួសត្រាយ តើអ្នកបានពិចារណាមើលស្ថានភាពរបស់អ្នកសព្វថ្ងៃនេះដើម្បីដឹងថាអ្នកអាចបម្រើជាអ្នកត្រួសត្រាយម្ដងទៀតឬទេ?
២. ហេតុអ្វីពួកអ្នកដែលពីមុនធ្លាប់ត្រួសត្រាយ គួរពិចារណាមើលស្ថានភាពរបស់គាត់សព្វថ្ងៃនេះ?
២ ស្ថានភាពផ្លាស់ប្ដូរ: ប្រហែលជាស្ថានភាពដែលបណ្ដាលឲ្យអ្នកឈប់បម្រើជាអ្នកត្រួសត្រាយ លែងមានទៀត។ ជាឧទាហរណ៍ បើអ្នកឈប់ត្រួសត្រាយដោយសារអ្នកមិនអាចផ្សាយ៩០ម៉ោងបានក្នុងមួយខែ តើឥឡូវនេះអ្នកអាចចាប់ផ្ដើមត្រួសត្រាយម្ដងទៀតឬទេ ដោយសារតម្រូវការសម្រាប់អ្នកត្រួសត្រាយមានតែ៧០ម៉ោងប៉ុណ្ណោះ? តើអ្នកឈប់ត្រូវការការងារច្រើន ឬលែងមានភារកិច្ចច្រើនក្នុងក្រុមគ្រួសារដូចពីមុនឬ? បងស្រីម្នាក់ដែលឈប់ត្រួសត្រាយដោយសារបញ្ហាសុខភាព អាចចាប់ផ្ដើមត្រួសត្រាយពេលគាត់មានអាយុ៨៩ឆ្នាំ។ គាត់មិនបានចូលមន្ទីរពេទ្យជាងមួយឆ្នាំ ហើយមានអារម្មណ៍ថាសុខភាពគាត់អនុញ្ញាតឲ្យគាត់ត្រួសត្រាយម្ដងទៀត!
៣. តើសមាជិកគ្រួសារអាចសហការគ្នាយ៉ាងដូចម្ដេចដើម្បីជួយអ្នកណាម្នាក់ក្នុងគ្រួសារឲ្យបម្រើជាអ្នកត្រួសត្រាយ?
៣ ប្រហែលជាអ្នកមិនធ្លាប់បម្រើជាអ្នកត្រួសត្រាយទេ តែមានអ្នកណាម្នាក់ក្នុងគ្រួសារអ្នកឈប់ត្រួសត្រាយដើម្បីថែទាំសមាជិកម្នាក់នៃគ្រួសារ ដូចជាឪពុកឬម្ដាយចាស់ជរាជាដើម។ (១ធី. ៥:៤, ៨) បើដូច្នោះមែន តើអ្នកឬអ្នកឯទៀតក្នុងគ្រួសារអាចធ្វើអ្វីច្រើនជាងនេះដើម្បីជួយអ្នកដែលឈប់ត្រួសត្រាយឬទេ? ចូរពិភាក្សាគ្នាអំពីរឿងនេះ។ (សុភ. ១៥:២២) កាលណាសមាជិកគ្រួសារសហការគ្នាដើម្បីជួយម្នាក់ក្នុងចំណោមពួកគេឲ្យអាចបម្រើជាអ្នកត្រួសត្រាយបាន នោះមានប្រយោជន៍ច្រើនណាស់។
៤. តើអ្នកនឹងធ្វើយ៉ាងណា បើអ្នកមិនអាចបម្រើជាអ្នកត្រួសត្រាយពេញពេលនៅពេលនេះ?
៤ សូមកុំធ្លាក់ទឹកចិត្ត បើស្ថានភាពរបស់អ្នកនៅសព្វថ្ងៃនេះមិនអនុញ្ញាតឲ្យអ្នកអាចចាប់ផ្ដើមត្រួសត្រាយម្ដងទៀត។ ការដែលអ្នកត្រៀមខ្លួនដើម្បីបម្រើជាអ្នកត្រួសត្រាយម្ដងទៀត នោះធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ (២កូ. ៨:១២) ចូរប្រើជំនាញដែលអ្នកបានមកពីការបម្រើជាអ្នកត្រួសត្រាយ នៅក្នុងកិច្ចបម្រើផ្សាយសព្វថ្ងៃនេះ។ សូមអធិដ្ឋានជម្រាបព្រះថាអ្នកចង់ត្រួសត្រាយម្ដងទៀត ហើយសូមប្រុងប្រៀបឆ្លៀតឱកាសណាដែលហុចឲ្យដើម្បីកែប្រែស្ថានភាពរបស់អ្នក។ (១យ៉ូន. ៥:១៤) ប្រហែលនៅពេលណាមួយ ព្រះយេហូវ៉ានឹងបើកឲ្យអ្នកនូវ‹ទ្វារយ៉ាងធំសម្រាប់បំពេញកិច្ចបម្រើ› ដើម្បីអ្នកអាចរីករាយនឹងពរដែលមកពីការត្រួសត្រាយពេញពេលម្ដងទៀត!—១កូ. ១៦:៩