តើអ្នកអាចចូលទៅក្នុង‹ទ្វារបើកចំហយ៉ាងធំ សំរាប់បំពេញកិច្ចការ›ឬទេ?
១ ពេលដែលមាន‹ទ្វារបើកចំហយ៉ាងធំសំរាប់បំពេញកិច្ចការ› សាវ័កប៉ុលបានឆ្លៀតឱកាសដើម្បីបន្តបំពេញកិច្ចការផ្សព្វផ្សាយ ទោះបីមានអ្នកប្រឆាំងជាច្រើនក្ដី។ (១ករ. [១កូ.] ១៦:៩, ខ.ស.) សព្វថ្ងៃនេះ នៅទូទាំងពិភពលោកមានអ្នកផ្សាយប្រមាណ៦៤២.០០០នាក់ បានចូលក្នុងទ្វារបើកចំហយ៉ាងធំដែលនាំឲ្យមានសកម្មភាព ដោយបម្រើជាអ្នកត្រួសត្រាយពេញពេល។
២ កាលៈទេសៈផ្លាស់ប្ដូរ: ទោះបីកាលៈទេសៈផ្ទាល់ខ្លួនឥឡូវនេះ ប្រហែលដាក់កំហិតលើសកម្មភាពរបស់យើងក៏ដោយ សូមចាំថាកាលៈទេសៈនោះអាចផ្លាស់ប្ដូរ។ ហេតុនេះហើយបានជាមានប្រយោជន៍បើយើងពិនិត្យមើលកាលៈទេសៈខ្លួនម្ដងម្កាល មិនមែនគ្រាន់តែចាំឲ្យមានកាលៈទេសៈល្អទេ។ (សាស. ១១:៤) តើអ្នកជាយុវវ័យម្នាក់ដែលហៀបនឹងរៀនចប់ពីវិទ្យាល័យឬ? តើអ្នកជាមាតាបិតា ដែលមានកូនជិតចាប់ផ្ដើមចូលសាលារៀនឬ? តើអ្នកជិតចូលនិវត្តន៍ទេ? ដោយសារមានការផ្លាស់ប្ដូរបែបនេះ អ្នកប្រហែលមានពេលទំនេរច្រើនជាង ហើយយ៉ាងនេះអនុញ្ញាតឲ្យអ្នកចូលរួមបម្រើជាអ្នកត្រួសត្រាយពេញពេល។ បងស្រីម្នាក់ដែលធ្លាប់មានបញ្ហាខាងសុខភាព បានសម្រេចចិត្តចុះឈ្មោះជាអ្នកត្រួសត្រាយ នៅពេលគាត់អាយុ៨៩ឆ្នាំ។ ហេតុអ្វី? ដោយសារគាត់ចេញពីមន្ទីរពេទ្យលើសជាងមួយឆ្នាំទៅហើយ គាត់មានអារម្មណ៍ថា សុខភាពគាត់ល្អគ្រប់គ្រាន់ដើម្បីត្រួសត្រាយ។
៣ សូមគិតពីសាវ័កប៉ុល មុនដំបូងគាត់ចង់ទៅលេងបងប្អូននៅទីក្រុងកូរិនថូស។ ប៉ុន្តែគាត់បានកែប្រែគម្រោងរបស់គាត់ដើម្បីផ្សាយដំណឹងល្អវិញ។ ភាគច្រើនបងប្អូនដែលកំពុងបម្រើជាអ្នកត្រួសត្រាយឥឡូវនេះ បានកែសម្រួលខ្លះៗដើម្បីអាចត្រួសត្រាយ។ អ្នកខ្លះបានសម្រួលជីវភាពឲ្យទៅជាសាមញ្ញជាង ហើយដោយសារមានជីវភាពបែបនេះ គេមិនត្រូវធ្វើការពេញពេលដើម្បីចិញ្ចឹមជីវិតខ្លួនទេ។ គេមានចិត្តរំភើបនឹងឯកសិទ្ធិកិច្ចបម្រើនេះ។ (១ធី. ៦:៦-៨) គូស្វាមីភរិយាខ្លះបានកែសម្រួលជីវភាពឲ្យមានតែស្វាមីប៉ុណ្ណោះធ្វើការ ហើយនេះអនុញ្ញាតឲ្យភរិយាត្រួសត្រាយ។
៤ សូមកុំរហ័សបដិសេធយោបល់អំពីការបម្រើជាអ្នកត្រួសត្រាយ ដោយសារអ្នកព្រួយបារម្ភថា អ្នកមិនអាចបំពេញចំនួនម៉ោង។ អ្នកត្រូវការលើសជាងពីរម៉ោងក្នុងមួយថ្ងៃតែប៉ុណ្ណោះដើម្បីបំពេញចំនួនម៉ោង។ ប្រសិនបើអ្នកមិនដឹងជាពិតប្រាកដថាអាចបំពេញចំនួនម៉ោងបានឬអត់ សូមសាកល្បងបម្រើជាអ្នកត្រួសត្រាយជំនួយសម្រាប់មួយឬពីរខែ តែមានគោលដៅបំពេញ៧០ម៉ោង។ នេះនឹងអនុញ្ញាតឲ្យអ្នកពិសោធន៍អំណរដែលមកពីការត្រួសត្រាយ។ (ទំនុក. ៣៤:៨) សូមនិយាយជាមួយអ្នកដែលកំពុងតែត្រួសត្រាយ។ គេប្រហែលធ្លាប់មានការពិបាកដូចជាអ្នក ហើយបានយកឈ្នះលើការពិបាកនោះ។ (សុ. ១៥:២២) សូមទូលព្រះយេហូវ៉ាឲ្យទ្រង់ប្រទានពរដល់ការព្យាយាមរបស់អ្នក ដើម្បីអាចពង្រីកកិច្ចបម្រើផ្សាយ។—១យ៉ូន. ៥:១៤
៥ កិច្ចការដែលមានប្រយោជន៍: ការបម្រើជាអ្នកត្រួសត្រាយពេញពេលនាំឲ្យមានពរជាច្រើន។ កិច្ចការនេះអនុញ្ញាតឲ្យអ្នកពិសោធន៍នូវពរឬសុភមង្គលច្រើនជាង ដែលមកពីការឲ្យបន្ថែម។ (កិច្ច. ២០:៣៥) ការបម្រើជាអ្នកត្រួសត្រាយនឹងបង្កើនសមត្ថភាពរបស់អ្នកឲ្យកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។ (២ធី. ២:១៥) អ្នកនឹងមានឱកាសច្រើនទៀតដើម្បីពិសោធន៍ការគាំទ្រពីព្រះហស្តព្រះយេហូវ៉ា។ (កិច្ច. ១១:២១; ភី. ៤:១១-១៣) ការបម្រើជាអ្នកត្រួសត្រាយនឹងជួយអ្នកឲ្យបណ្ដុះគុណសម្បត្ដិដែលនឹងពេញចិត្តព្រះយេហូវ៉ា ដូចជាចេះស៊ូទ្រាំ ហើយនេះនឹងជួយឲ្យអ្នកចូលទៅកាន់តែជិតព្រះ។ (យ៉ា. ៤:៨) តើអ្នកអាចចូលទៅក្នុងទ្វារបើកចំហយ៉ាងធំនេះសម្រាប់បំពេញកិច្ចការ និងក្លាយទៅជាអ្នកត្រួសត្រាយទេ?
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើមាន‹ទ្វារបើកចំហយ៉ាងធំសំរាប់បំពេញកិច្ចការ›អ្វី ដែលបើកឲ្យយើងចូល?
២. ហេតុអ្វីការពិនិត្យមើលកាលៈទេសៈខ្លួនម្ដងម្កាលមានប្រយោជន៍?
៣. ដើម្បីបម្រើជាអ្នកត្រួសត្រាយពេញពេល តើអ្នកខ្លះបានកែសម្រួលអ្វី?
៤. តើយើងអាចធ្វើអ្វីបើមិនដឹងជាពិតប្រាកដថាយើងអាចបំពេញចំនួនម៉ោងឬអត់?
៥. ហេតុអ្វីការបម្រើជាអ្នកត្រួសត្រាយពេញពេល ជាកិច្ចការដែលមានប្រយោជន៍?