«បើអ្នកត្រួសត្រាយពេញពេល អ្នកប្រាកដជាធ្វើបានល្អណាស់!»
១. តើបងស្រីម្នាក់និយាយអ្វីខ្លះអំពីអារម្មណ៍របស់គាត់ចំពោះកិច្ចបម្រើត្រួសត្រាយ?
១ បងស្រីឈ្មោះខេត ផមបាននិយាយថា៖ «គ្មានការងារណាផ្សេងទៀតដែលអាចធ្វើឲ្យខ្ញុំមានអំណរឬនាំឲ្យទទួលពរពីព្រះយ៉ាងច្រើនដូច្នេះឡើយ»។ បងស្រីខេតបានចំណាយពេលរាប់ឆ្នាំ ដោយលះបង់ប្រយោជន៍ខ្លួនដើម្បីត្រួសត្រាយពេញពេលទូទាំងប្រទេសស៊ីលី នៅអាម៉េរិកខាងត្បូង។ ដោយគិតអំពីពរជាបរិបូរដែលអ្នកត្រួសត្រាយទទួល ប្រហែលជាធ្លាប់មានបងប្អូនណាម្នាក់ប្រាប់អ្នកថា៖ «បើអ្នកត្រួសត្រាយពេញពេល អ្នកប្រាកដជាធ្វើបានល្អណាស់!»។
២. សូមពន្យល់មូលហេតុដែលកិច្ចការដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះធ្វើឲ្យយើងគាប់ចិត្តខ្លាំង។
២ ជីវិតដ៏គាប់ចិត្ត: លោកយេស៊ូដែលជាគំរូរបស់យើង បានពេញចិត្តធ្វើតាមបំណងប្រាថ្នារបស់បិតាលោកណាស់។ (យ៉ូន. ៤:៣៤) ដូច្នេះ ពេលដែលលោកយេស៊ូបង្រៀនពួកអ្នកកាន់តាមលោកថា ការចូលរួមក្នុងកិច្ចការដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីដែលធ្វើឲ្យមានសុភមង្គលដ៏ពិត លោកបានពោលពាក្យនេះដោយស្មោះពីចិត្ត។ យើងមានអំណរពេលដែលជីវិតរបស់យើងពោរពេញទៅដោយកិច្ចការដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ម្យ៉ាងទៀត កាលដែលយើងចំណាយពេល ហើយប្រើកម្លាំងនិងធនធានច្រើនជាងក្នុងការជួយអ្នកឯទៀត នោះយើងមានសុភមង្គលកាន់តែច្រើនផងដែរ។—សកម្ម. ២០:៣១, ៣៥
៣. តើយើងអាចទទួលអំណរអ្វី បើយើងចំណាយពេលកាន់តែច្រើនក្នុងកិច្ចផ្សព្វផ្សាយ?
៣ ពេលដែលយើងផ្សព្វផ្សាយកាន់តែច្រើន យើងមានឱកាសកាន់តែច្រើនដើម្បីពិសោធន៍នូវអំណរដែលមកពីការរកនិងបង្រៀនសិស្សគម្ពីរ។ ទោះជាម្ចាស់ផ្ទះជាច្រើនក្នុងតំបន់ផ្សាយរបស់យើងមិនសូវចាប់អារម្មណ៍ក៏ដោយ ក៏យើងប្រហែលជានឹងឃើញថាតំបន់ផ្សាយរបស់យើងអាចបង្កើតផលច្រើនជាងអ្វីដែលយើងបាននឹកស្មានទៅទៀត កាលដែលយើងបង្កើនការប៉ិនប្រសប់និងទាញយកបទពិសោធន៍កាន់តែច្រើនក្នុងកិច្ចផ្សព្វផ្សាយ។ អ្នកផ្សព្វផ្សាយពេញពេលអាចប្រើការអប់រំដ៏បរិបូរដែលពួកគេទទួលពីសាលាសម្រាប់អ្នកត្រួសត្រាយ ដែលពួកគេអាចចូលរួមបន្ទាប់ពីត្រួសត្រាយបានមួយឆ្នាំ។ (២ធី. ២:១៥) ដោយសារយើងតស៊ូ យើងប្រហែលជាកំពុងដាំគ្រាប់ពូជនៃសេចក្ដីពិតដែលនឹងដុះដាលបង្កើតផលក្រោយមក។—សាស្ដ. ១១:៦
៤. តើយុវជនដែលជិតរៀនចប់គួរពិចារណាអំពីអ្វី?
៤ យុវជន: កាលដែលនៅរៀននៅឡើយ តើប្អូនៗធ្លាប់គិតឲ្យបានវែងឆ្ងាយអំពីអនាគតរបស់ខ្លួនទេ? រហូតមកដល់ឥឡូវនេះ ការរៀនសូត្រនៅសាលាបានទាមទារពេលជាច្រើនពីប្អូនៗ។ ក្រោយរៀនចប់ហើយ ប្អូននឹងមានពេលច្រើនជាង ដូច្នេះតើប្អូនៗនឹងប្រើពេលនោះយ៉ាងដូចម្ដេច? ជាជាងផ្ចង់អារម្មណ៍ទៅលើអាជីពខាងពិភពលោកនេះ សូមអធិដ្ឋានហើយពិចារណាអំពីគោលដៅត្រួសត្រាយវិញ។ ប្អូនៗនឹងទាញយកបទពិសោធន៍ហើយបណ្ដុះបណ្ដាលសមត្ថភាពក្នុងអ្វីៗជាច្រើន ដូចជាការផ្សព្វផ្សាយដល់មនុស្សពីមជ្ឈដ្ឋានផ្សេងៗ ការយកឈ្នះឧបសគ្គក្នុងជីវិតខ្លួន ការហាត់ពត់លត់ដំខ្លួន ហើយក៏នឹងបង្កើនសមត្ថភាពបង្រៀនអ្នកឯទៀតផងដែរ។ សមត្ថភាពទាំងនេះនឹងជួយប្អូនៗអស់មួយជីវិត។
៥. តើឪពុកម្ដាយនិងក្រុមជំនុំអាចលើកទឹកចិត្តយុវជនឲ្យត្រួសត្រាយយ៉ាងដូចម្ដេច?
៥ ឪពុកម្ដាយទាំងឡាយអើយ! តើអ្នកកំពុងជួយកូនៗឲ្យសម្រេចគោលដៅចូលរួមកិច្ចបម្រើពេញពេលឬទេ? ពាក្យសម្ដីនិងគំរូល្អរបស់អ្នកអាចជួយកូនយ៉ាងច្រើនឲ្យចាត់ទុកកិច្ចការខាងរាជាណាចក្រជាអាទិភាពក្នុងជីវិត។ (ម៉ាថ. ៦:៣៣) ប្អូនប្រុសម្នាក់ឈ្មោះរេយ៍ បានចាប់ផ្ដើមផ្សព្វផ្សាយពេញពេលក្រោយពីរៀនចប់នៅវិទ្យាល័យ។ រេយ៍ប្រាប់ថា៖ «តាំងពីដំបូងឡើយ ម្ដាយខ្ញុំតែងមានទស្សនៈថា ការត្រួសត្រាយជាអ្វីដែលធ្វើឲ្យមានជីវិតដ៏គាប់ចិត្តបំផុត»។ ដោយពាក្យសម្ដីនិងដោយផ្ដល់ជំនួយ នោះបងប្អូនទាំងអស់ក្នុងក្រុមជំនុំអាចលើកទឹកចិត្តយុវជនឲ្យត្រួសត្រាយ។ ប្អូនប្រុសម្នាក់ឈ្មោះហូសេដែលរស់នៅប្រទេសអេស្ប៉ាញបាននិយាយថា៖ «ក្រុមជំនុំខ្ញុំធ្លាប់ចាត់ទុកកិច្ចការត្រួសត្រាយថាជាកិច្ចការល្អបំផុតសម្រាប់យុវជន។ ពាក្យសម្ដីនិងការអបអររបស់ពួកគេចំពោះកិច្ចបម្រើត្រួសត្រាយ ព្រមទាំងជំនួយរបស់ពួកគាត់បានធ្វើឲ្យខ្ញុំស្រួលជាងក្នុងការសម្រេចគោលដៅទៅជាអ្នកត្រួសត្រាយ»។
៦. តើយើងអាចធ្វើយ៉ាងណាប្រសិនបើឥឡូវនេះយើងគ្មានចិត្តចង់ត្រួសត្រាយពេញពេល?
៦ វិធីយកឈ្នះឧបសគ្គ: ចុះបើអ្នកនិយាយថា ‹ខ្ញុំមិនចង់ផ្សព្វផ្សាយពេញពេលទេ›។ ប្រសិនបើឥឡូវអ្នកមានអារម្មណ៍បែបនេះ សូមអធិដ្ឋានជម្រាបព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នកថា៖ ‹ខ្ញុំមិនប្រាកដថាកិច្ចបម្រើត្រួសត្រាយគឺសមសម្រាប់ខ្ញុំឬក៏មិនសមនោះទេ តែខ្ញុំចង់ធ្វើអ្វីដែលលោកពេញចិត្ត›។ (ទំនុក. ៦២:៨; សុភ. ២៣:២៦) រួចមក ចូរស្វែងរកការណែនាំពីលោកតាមរយៈបណ្ដាំនិងអង្គការរបស់លោក។ អ្នកត្រួសត្រាយពេញពេលជាច្រើននាក់បាន«ភ្លក់»កិច្ចបម្រើត្រួសត្រាយដោយធ្វើជាអ្នកត្រួសត្រាយជំនួយសិន ហើយអំណរដែលពួកគាត់មានពេលនោះបានជំរុញពួកគាត់ឲ្យត្រួសត្រាយពេញពេល។—ទំនុក. ៣៤:៨
៧. បើយើងសង្ស័យថាយើងមិនអាចផ្សព្វផ្សាយគ្រប់៧០ម៉ោងរាល់ខែតាមតម្រូវការនោះ តើយើងអាចធ្វើអ្វី?
៧ ចុះបើអ្នកមិនប្រាកដថាអ្នកអាចផ្សព្វផ្សាយ៧០ម៉ោងរាល់ខែតាមតម្រូវការនោះ? បើដូច្នេះ សូមអញ្ជើញនិយាយជាមួយនឹងអ្នកត្រួសត្រាយឯទៀតដែលមានកាលៈទេសៈស្រដៀងនឹងកាលៈទេសៈរបស់អ្នក។ (សុភ. ១៥:២២) រួចមក សូមសរសេរកាលវិភាគផ្សេងៗដែលអ្នកប្រហែលជាអាចធ្វើតាមបាន។ អ្នកប្រហែលជានឹងឃើញថា ការលៃទុកពេលសម្រាប់កិច្ចផ្សព្វផ្សាយ ដោយកាត់បន្ថយពេលដែលអ្នកចំណាយក្នុងរឿងឯទៀត គឺស្រួលជាងអ្នកបាននឹកស្មាន។—អេភ. ៥:១៥, ១៦
៨. ហេតុអ្វីម្ដងម្កាលយើងគួរពិចារណាអំពីកាលៈទេសៈរបស់យើងឡើងវិញ?
៨ ពិចារណាអំពីកាលៈទេសៈរបស់ខ្លួនម្ដងទៀត: កាលៈទេសៈរបស់យើងច្រើនតែផ្លាស់ប្ដូរ។ ដូច្នេះ ជាការល្អបើម្ដងម្កាលយើងពិចារណាឡើងវិញអំពីកាលៈទេសៈរបស់យើង។ ជាឧទាហរណ៍ តើអ្នកជិតចូលនិវត្តន៍ឬ? បងប្រុសរ៉ានឌីបានចូលនិវត្តន៍មុនគ្រប់អាយុ ហើយគាត់ប្រាប់ថា៖ «ការសម្រេចចិត្តនេះបានផ្ដល់លទ្ធភាពឲ្យខ្ញុំត្រួសត្រាយពេញពេលជាមួយនឹងប្រពន្ធរបស់ខ្ញុំ ថែមទាំងផ្ដល់ឱកាសឲ្យយើងរើទៅនៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ ខ្ញុំបានទទួលពរដ៏ច្រើនរាប់មិនអស់ដោយសារខ្ញុំសម្រេចចិត្តធ្វើដូច្នោះ ប៉ុន្តែពរវិសេសបំផុតគឺចិត្តខ្ញុំមិនផ្ដន្ទាទោសខ្ញុំទេ»។
៩. តើប្ដីប្រពន្ធគួរគិតអំពីអ្វី?
៩ ក្រោយពីប្ដីប្រពន្ធខ្លះបានវិភាគមើលកាលៈទេសៈរបស់ខ្លួនឡើងវិញ ពួកគេឃើញថាមិនចាំបាច់ធ្វើការពេញពេលទាំងពីរនាក់ទេ។ ពិតមែនតែនេះប្រហែលជាតម្រូវឲ្យក្រុមគ្រួសារកែសម្រួលរបៀបរស់នៅដ៏សាមញ្ញជាង ប៉ុន្តែពរដែលពួកគេទទួលគឺសមនឹងការកែប្រែនេះ។ ថ្មីៗនេះ ប្រពន្ធរបស់បងចនបានឈប់ធ្វើការពេញពេលដើម្បីបង្កើនកិច្ចផ្សព្វផ្សាយរបស់នាង។ បងចននិយាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយបំផុតគឺការដឹងថាប្រពន្ធខ្ញុំកំពុងជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ាកាលដែលខ្ញុំធ្វើការ»។
១០. តើអ្វីជំរុញគ្រិស្តសាសនិកឲ្យគិតអំពីការត្រួសត្រាយពេញពេល?
១០ វិធីបង្ហាញនូវជំនឿនិងសេចក្ដីស្រឡាញ់: ព្រះយេហូវ៉ាបានកំណត់ថាកិច្ចផ្សព្វផ្សាយដំណឹងល្អជាកិច្ចការសំខាន់បំផុតដែលយើងអាចចូលរួមបាន។ មិនយូរទៀត របៀបរបបចាស់នេះនឹងត្រូវបំផ្លាញចោល ហើយមានតែអ្នកដែលហៅរកនាមព្រះយេហូវ៉ានឹងទទួលសេចក្ដីសង្គ្រោះ។ (រ៉ូម ១០:១៣) ចិត្តពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះលោក ហើយចំណង់ដឹងគុណលោកដោយសារអ្វីៗដ៏ច្រើនដែលលោកបានធ្វើដើម្បីយើង ធ្វើឲ្យយើងចង់ស្ដាប់បង្គាប់បុត្រលោកដែលថា ចូរផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ (ម៉ាថ. ២៨:១៩, ២០; ១យ៉ូន. ៥:៣) ម្យ៉ាងទៀត បើយើងមានជំនឿថានេះពិតជាគ្រាចុងក្រោយបង្អស់មែន នោះនឹងជំរុញទឹកចិត្តយើងឲ្យខំប្រឹងអស់ពីសមត្ថភាពក្នុងកិច្ចបម្រើ កាលដែលនៅមានពេល ជាជាងខំប្រើអ្វីៗក្នុងពិភពលោកនេះឲ្យបានពេញលេញ។—១កូ. ៧:២៩-៣១
១១. តើយើងគួរមានទស្សនៈយ៉ាងណាប្រសិនបើមានអ្នកណាប្រាប់យើងថា បើអ្នកត្រួសត្រាយពេញពេល អ្នកប្រាកដជាធ្វើបានល្អណាស់?
១១ ការត្រួសត្រាយពេញពេលមិនគ្រាន់តែជាការបំពេញចំនួនម៉ោងដែលអង្គការយើងបានកំណត់ប៉ុណ្ណោះទេ តែការត្រួសត្រាយជាអ្វីដែលបង្ហាញឲ្យឃើញនូវភក្ដីភាពដែលយើងមានចំពោះព្រះ។ ដូច្នេះ បើមានអ្នកណាប្រាប់អ្នកថា បើអ្នកត្រួសត្រាយពេញពេល អ្នកប្រាកដជាធ្វើបានល្អណាស់ សូមចាត់ទុកពាក្យនោះថាជាពាក្យសរសើរ។ ហើយសូមអធិដ្ឋាននិងពិចារណាអំពីលទ្ធភាពរបស់អ្នក ដើម្បីចូលរួមក្នុងកិច្ចបម្រើដ៏គាប់ចិត្តនេះ។
[ឃ្លាអក្សរធំនៅទំព័រ៤]
ឪពុកម្ដាយ ទាំងឡាយអើយ! តើអ្នកជួយកូន ឲ្យមានគោលដៅ ត្រួសត្រាយ ពេញពេលទេ?
[ឃ្លាអក្សរធំនៅទំព័រ៥]
ព្រះយេហូវ៉ាបានកំណត់ថាកិច្ចផ្សព្វផ្សាយដំណឹងល្អជាកិច្ចការសំខាន់បំផុតដែលយើងអាចចូលរួមបាន។