គុណសម្បត្ដិដ៏សំខាន់បំផុត នៃអ្នកបង្រៀនដ៏ល្អ
១. តើគុណសម្បត្ដិអ្វីដែលសំខាន់បំផុតរបស់អ្នកបង្រៀនដ៏ល្អ?
១ តើគុណសម្បត្ដិដ៏សំខាន់បំផុតដែលធ្វើឲ្យបុគ្គលណាម្នាក់ទៅជាអ្នកបង្រៀនដ៏ល្អខាងគម្ពីរគឺជាអ្វី? ការអប់រំខាងពិភពលោកនេះ? បទពិសោធន៍? សមត្ថភាពពីកំណើត? តាមពិត គឺគុណសម្បត្ដិនោះឯងដែលធ្វើឲ្យច្បាប់បានសម្រេច ដែលសម្គាល់អ្នកកាន់តាមលោកយេស៊ូ ហើយដែលមានឥទ្ធិពលខ្លាំងបំផុត និងដែលទាក់ទាញចិត្តបំផុតក្នុងចំណោមគុណសម្បត្ដិសំខាន់ចម្បងរបស់ព្រះយេហូវ៉ា។ (យ៉ូន. ១៣:៣៥; កាឡ. ៥:១៤; ១យ៉ូន. ៤:៨) គុណសម្បត្ដិនោះគឺសេចក្ដីស្រឡាញ់។ អ្នកបង្រៀនដ៏ល្អបង្ហាញសេចក្ដីស្រឡាញ់។
២. ហេតុអ្វីជាការសំខាន់ចាំបាច់ដែលយើងមានសេចក្ដីស្រឡាញ់ចំពោះមនុស្ស?
២ សេចក្ដីស្រឡាញ់ចំពោះមនុស្ស: លោកយេស៊ូដែលជាអ្នកបង្រៀនដ៏ឧត្តមបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស ហើយនេះបានជំរុញចិត្តពួកគេឲ្យស្ដាប់លោក។ (លូក. ៥:១២, ១៣; យ៉ូន. ១៣:១; ១៥:១៣) បើយើងយកចិត្តទុកដាក់ចំពោះមនុស្ស យើងនឹងឆ្លៀតគ្រប់ឱកាសទាំងអស់ដើម្បីធ្វើជាសាក្សីបញ្ជាក់។ ឧបសគ្គដូចជាការបៀតបៀននិងភាពព្រងើយកន្តើយរបស់មនុស្សមិនធ្វើឲ្យយើងឈប់ផ្សព្វផ្សាយឡើយ។ យើងនឹងបង្ហាញការយកចិត្តទុកដាក់ដ៏ស្មោះចំពោះអ្នកដែលយើងផ្សព្វផ្សាយ ហើយកែតម្រូវពាក្យផ្សាយរបស់យើងឲ្យស្របតាមអ្វីដែលពួកគេចាប់អារម្មណ៍។ យើងសុខចិត្តចំណាយពេលមិនត្រឹមតែកាលណាយើងនៅជាមួយនឹងសិស្សគម្ពីរម្នាក់ៗប៉ុណ្ណោះទេ តែយើងក៏ចំណាយពេលរៀបចំជាមុនសម្រាប់ការសិក្សានីមួយៗដែរ។
៣. តើតាមរបៀបណាសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតជួយយើងក្នុងកិច្ចបម្រើផ្សាយ?
៣ សេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតក្នុងគម្ពីរ: លោកយេស៊ូក៏ស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរដែរ ហើយលោកចាត់ទុកសេចក្ដីពិតនោះជាឃ្លាំងទ្រព្យ។ (ម៉ាថ. ១៣:៥២) បើយើងស្រឡាញ់សេចក្ដីពិត យើងនឹងនិយាយដោយមានចិត្តរំភើប ហើយនេះក៏អាចធ្វើឲ្យអ្នកស្ដាប់មានចិត្តរំភើបដែរ។ សេចក្ដីស្រឡាញ់បែបនេះនឹងជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើព័ត៌មានដ៏មានតម្លៃដែលយើងកំពុងប្រាប់គេ ជាជាងបារម្ភអំពីសមត្ថភាពរបស់យើងក្នុងការផ្សព្វផ្សាយ បើយើងធ្វើដូច្នេះ យើងប្រហែលជាមិនសូវមានអារម្មណ៍ខ្លាចក្នុងកិច្ចបម្រើផ្សាយទេ។
៤. តើតាមរបៀបណាយើងអាចបណ្ដុះសេចក្ដីស្រឡាញ់?
៤ បណ្ដុះសេចក្ដីស្រឡាញ់: តើយើងអាចបណ្ដុះសេចក្ដីស្រឡាញ់ចំពោះមនុស្សយ៉ាងដូចម្ដេច? ដោយសញ្ជឹងគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងបុត្ររបស់លោកបានបង្ហាញ និងអំពីស្ថានភាពដ៏ពិបាកនៃមនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងដែលគ្មានការណែនាំពីព្រះ។ (ម៉ាក. ៦:៣៤; ១យ៉ូន. ៤:១០, ១១) យើងនឹងស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរកាន់តែខ្លាំងឡើង កាលណាយើងសិក្សាគម្ពីរនិងសញ្ជឹងគិតជាទៀងទាត់។ សេចក្ដីស្រឡាញ់គឺជាលក្ខណៈមួយនៃផលផ្លែរបស់សកម្មពលព្រះ។ (កាឡ. ៥:២២) ដូច្នេះ យើងអាចអធិដ្ឋានសុំព្រះយេហូវ៉ានូវសកម្មពលបរិសុទ្ធ ហើយសុំលោកជួយយើងឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង។ (លូក. ១១:១៣; ១យ៉ូន. ៥:១៤) ទោះជាយើងមិនសូវមានការអប់រំខ្ពស់ខាងពិភពលោកនេះ មិនសូវមានបទពិសោធន៍ក្នុងសេចក្ដីពិត ឬមានសមត្ថភាពពីកំណើតក៏ដោយ ក៏យើងអាចទៅជាអ្នកបង្រៀនគម្ពីរដែលមានប្រសិទ្ធភាពដែរ ដោយសារយើងបង្ហាញសេចក្ដីស្រឡាញ់។