បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr16 វិច្ឆិកា ទំ. ១-៥
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​៧​-​១៣ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​១៤​-​២០ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​២១​-​២៧ ខែ​វិច្ឆិកា
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
mwbr16 វិច្ឆិកា ទំ. ១-៥

ឯកសារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​៧​-​១៣ ខែ​វិច្ឆិកា

w​០០​-​E ១/២ ទំ​. ៣១ វ​. ២

ដំបូន្មាន​ដ៏​មាន​ប្រាជ្ញា​របស់​ម្ដាយ

ស្តី​អំពី​ប្រពន្ធ​ដែល​មាន​សមត្ថភាព ម្ដាយ​របស់​ស្តេច​លេមយួល​បាន​ប្រាប់​គាត់​ថា​៖ ​«​ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង​»។ (​ខ​១១​) ក្នុង​ន័យ​ម្យ៉ាង​ទៀត ប្ដី​មិន​តម្រូវ​ឲ្យ​ប្រពន្ធ​សុំ​ការ​សម្រេច​ចិត្ត​ពី​គាត់​គ្រប់​រឿង​នោះ​ទេ។ គូ​អាពាហ៍​ពិពាហ៍​គួរ​ពិភាក្សា​គ្នា​មុន​នឹង​សម្រេច​ចិត្ត​រឿង​សំខាន់​ៗ ដូច​ជា​ការ​ទិញ​អ្វី​ដែល​ថ្លៃ​ៗ ឬ​ការ​ចិញ្ចឹម​អប់រំ​កូន។ ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​រឿង​ទាំង​នេះ ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្ដី​និង​ប្រពន្ធ។

it​-​2​-​E ទំ​. ១១៨៣

ប្រពន្ធ

ក្រឹត្យ​វិន័យ​របស់​ព្រះ​ផ្ដល់​ការ​ការពារ​ដល់​ប្រពន្ធ។ ប្ដី​មាន​ឋានៈ​ខ្ពស់​ជាង​គេ​ក្នុង​ក្រុម​គ្រួសារ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ ព្រះ​តម្រូវ​ឲ្យ​គាត់​ផ្គត់​ផ្គង់​ចិញ្ចឹម​បី​បាច់​ក្រុម​គ្រួសារ​ខាង​ផ្លូវ​កាយ​និង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ម្យ៉ាង​ទៀត ពេល​មាន​កំហុស​ណា​មួយ​ក្នុង​គ្រួសារ នោះ​ឆ្លុះ​បញ្ចាំង​អំពី​ប្ដី។ ហេតុ​នេះ​ហើយ​ប្ដី​មាន​ភារកិច្ច​ធ្ងន់។ មួយ​វិញ​ទៀត ទោះ​ជា​គាត់​មាន​ឯកសិទ្ធិ​ធំ​ជាង​ប្រពន្ធ​ក៏​ដោយ ក្រឹត្យ​វិន័យ​របស់​ព្រះ​បាន​ការពារ​ប្រពន្ធ ហើយ​ក៏​ឲ្យ​នាង​នូវ​ឯកសិទ្ធិ​ពិសេស​មួយ​ចំនួន​ដែរ ដើម្បី​នាង​អាច​រស់​នៅ​ដោយ​មាន​សុភមង្គល​និង​ភាព​សុខ​សាន្ត។

ឧទាហរណ៍​ខ្លះ​នៃ​ការ​រៀប​ចំ​ក្នុង​ក្រឹត្យ​វិន័យ​ដែល​ទាក់​ទង​នឹង​ប្រពន្ធ​គឺ មិន​ថា​ជា​ប្ដី​ឬ​ប្រពន្ធ​ក្ដី បើ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​អាច​ត្រូវ​ស្លាប់។ បើ​ប្ដី​សង្ស័យ​ថា​ប្រពន្ធ​របស់​គាត់​ផិត​ក្បត់ គាត់​អាច​នាំ​នាង​ទៅ​ជួប​ពួក​សង្ឃ ព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​វិនិច្ឆ័យ​រឿង​នោះ ហើយ​បើ​រក​ឃើញ​ថា​ប្រពន្ធ​ធ្វើ​ខុស​មែន នាង​នឹង​មិន​អាច​មាន​កូន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​រក​ឃើញ​ថា​នាង​មិន​ខុស​ទេ ប្ដី​នោះ​ត្រូវ​ធ្វើ​ឲ្យ​នាង​មាន​កូន ដើម្បី​បង្ហាញ​ដល់​មហា​ជន​ថា​នាង​បរិសុទ្ធ​គ្មាន​សៅហ្មង​ទេ។ (​ជន. ៥:១២​-​៣១​) ប្ដី​អាច​លែង​លះ​ប្រពន្ធ​បាន បើ​គាត់​ឃើញ​ថា​នាង​ធ្វើ​អ្វី​មួយ​ដែល​មិន​ត្រឹម​ត្រូវ។ នេះ​ទំនង​ជា​អ្វី​មួយ​ចំនួន​ដូច​ជា ការ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ប្ដី ឬ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ក្រុម​គ្រួសារ ឬ​ក្រុម​គ្រួសារ​ឪ​ពុក​របស់​ប្ដី។ ប៉ុន្តែ ប្រពន្ធ​បាន​ត្រូវ​ការពារ​ដោយ​ក្រឹត្យ​វិន័យ ដែល​ថា​ប្ដី​ត្រូវ​សរសេរ​សំបុត្រ​លែង​លះ​ឲ្យ​ដល់​នាង ដើម្បី​នាង​មាន​សិទ្ធិ​រៀប​ការ​ម្ដង​ទៀត​បាន។ (​ចោ. ២៤:១, ២​) បើ​ប្រពន្ធ​បាន​ធ្វើ​សម្បថ​ណា​មួយ​ដែល​ប្ដី​គិត​ថា​មិន​ប្រកប​ដោយ​ប្រាជ្ញា ឬ​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ ប្ដី​អាច​ផ្ដាច់​សម្បថ​នោះ​បាន។ (​ជន. ៣០:១០​-​១៥​) ប៉ុន្តែ នេះ​បាន​ការពារ​ប្រពន្ធ​ពី​ការ​រហ័ស​សន្យា​អ្វី​មួយ​ដែល​ប្រហែល​ជា​នាំ​ឲ្យ​នាង​ពិបាក​ក្រោយ​មក។

ក្រឹត្យ​វិន័យ​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​ប្ដី​មាន​ប្រពន្ធ​ច្រើន តែ​ក្រឹត្យ​វិន័យ​នេះ​ក៏​ផ្ដល់​ការ​ការពារ​ដល់​ប្រពន្ធ​ដែរ។ ប្ដី​មិន​អាច​ប្ដូរ​សិទ្ធិ​កូន​ច្បង​ពី​កូន​ប្រុស​របស់​ប្រពន្ធ​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ឲ្យ​ទៅ​កូន​ប្រុស​របស់​ប្រពន្ធ​ដែល​គាត់​ស្រឡាញ់​ជាង​ឡើយ។ (​ចោ. ២១:១៥​-​១៧​) បើ​កូន​ស្រី​អ៊ីស្រាអែល​ម្នាក់​ដែល​ត្រូវ​ឪ​ពុក​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ ហើយ​ក្រោយ​មក​ម្ចាស់​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ចុង ម្ចាស់​នោះ​អាច​អនុញ្ញាត​ឲ្យ​គេ​លោះ​នាង​បាន បើ​នាង​ធ្វើ​ឲ្យ​គាត់​មិន​ពេញ​ចិត្ត។ ប៉ុន្តែ ម្ចាស់​នោះ​មិន​អាច​លក់​នាង​ទៅ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​បាន​ទេ។ (​និក្ខ. ២១:៧, ៨​) បន្ថែម​ទៅ​ទៀត បើ​ម្ចាស់​ឬ​កូន​ប្រុស​គាត់​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ចុង ហើយ​ក្រោយ​មក​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​ម្នាក់​ទៀត ម្ចាស់​នោះ​ឬ​កូន​ប្រុស​ដែល​យក​នាង​ធ្វើ​ប្រពន្ធ ត្រូវ​ផ្ដល់​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​ទី​ជម្រក ព្រម​ទាំង​បំពេញ​ច្បាប់​ជា​ប្ដី​ចំពោះ​នាង​ផង​ដែរ។—និក្ខ. ២១:៩​-​១១

បើ​ប្ដី​ចោទ​ប្រកាន់​មិន​ពិត​ថា​ប្រពន្ធ​មិន​មែន​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ នៅ​ពេល​ដែល​រួម​ដំណេក​ជា​មួយ​នាង ហើយ​បាន​បង្ហាញ​ភ័ស្តុតាង​មិន​ពិត ប្ដី​នោះ​នឹង​ត្រូវ​ទទួល​ទោស ហើយ​ត្រូវ​បង់​ប្រាក់​ឲ្យ​ឪ​ពុក​របស់​នាង​មួយ​ទ្វេ​ជា​ពីរ​នូវ​តម្លៃ​ខាន់​ស្លា ហើយ​មិន​អាច​លែង​លះ​នាង​ឡើយ។ (​ចោ. ២២:១៣​-​១៩​) បើ​បុរស​ម្នាក់​បាន​ល្បួង​លួង​លោម​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ឲ្យ​រួម​ដំណេក​នឹង​ខ្លួន គាត់​ត្រូវ​បង់​តម្លៃ​ខាន់​ស្លា​ឲ្យ​ឪ​ពុក​របស់​នាង បើ​ឪ​ពុក​នោះ​អនុញ្ញាត​ឲ្យ​នាង​រៀប​ការ​ជា​មួយ ហើយ​បុរស​នោះ​មិន​អាច​លែង​លះ​នាង​ឡើយ។—ចោ. ២២:២៨, ២៩; និក្ខ. ២២:១៦, ១៧

ឋានៈ​របស់​ប្រពន្ធ​ក្នុង​សង្គម​ហេប្រឺ​ខុស​គ្នា​ឆ្ងាយ​ពី​ឋានៈ​របស់​ប្រពន្ធ​ក្នុង​សង្គម​បស្ចិម​ប្រទេស​នៅ​សព្វ​ថ្ងៃ​នេះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប្រពន្ធ​ជន​ជាតិ​ហេប្រឺ​ដ៏​ស្មោះ​ត្រង់ ពេញ​ចិត្ត​នឹង​ឋានៈ​របស់​គាត់​និង​កិច្ច​ការ​របស់​គាត់។ នាង​បាន​ជួយ​ប្ដី​ចិញ្ចឹម​អប់រំ​កូន ចាត់​ចែង​កិច្ច​ការ​ផ្ទះ ហើយ​នាង​ស្កប់​ចិត្ត​និង​ពេញ​ចិត្ត​នឹង​កិច្ច​ការ​ជា​ច្រើន ដោយ​សារ​នាង​អាច​បង្ហាញ​អស់​ពី​សមត្ថភាព​នូវ​លក្ខណៈ​ធម្មជាតិ​និង​ទេព​កោសល្យ​ទាំង​អស់​របស់​នាង​ជា​ស្ត្រីភេទ។

ការ​ពណ៌នា​អំពី​ប្រពន្ធ​ល្អ។ ចិត្ត​សប្បាយ​និង​សកម្មភាព​របស់​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់ បាន​ត្រូវ​រៀប​រាប់​ក្នុង​សុភាសិត ជំពូក​ទី​៣១។ នាង​បាន​ត្រូវ​ពណ៌នា​ថា​មាន​តម្លៃ​ជាង​ផ្កា​ថ្ម​ក្រហម​ទៅ​ទៀត​ចំពោះ​ប្ដី​នាង។ ប្ដី​នាង​អាច​ទុក​ចិត្ត​នាង។ នាង​ជា​ស្រី​ឧស្សាហ៍។ នាង​ត្បាញ​រវៃ​ធ្វើ​សម្លៀក​បំពាក់​ឲ្យ​ក្រុម​គ្រួសារ។ នាង​ចេះ​ទិញ​ប្រដាប់​ប្រដា​ដែល​ក្រុម​គ្រួសារ​ត្រូវ​ការ ហើយ​នាង​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ និង​ចាត់​ចែង​កិច្ច​ការ​ឲ្យ​ពួក​អ្នក​បម្រើ។ នាង​ជួយ​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ។ នាង​រៀប​ចំ​សម្លៀក​បំពាក់​ស្អាត​បាត​ឲ្យ​ក្រុម​គ្រួសារ។ នាង​ថែម​ទាំង​រក​ចំណូល​ខ្លះ​ពី​ស្នា​ដៃ​របស់​នាង។ នាង​ចេះ​លៃ​លក​ទុក​អ្វី​ៗ​ដើម្បី​ក្រុម​គ្រួសារ​មាន​គ្រប់​គ្រាន់ មុន​ពេល​មាន​រឿង​អាសន្ន​កើត​ឡើង។ នាង​បង្ហាញ​នូវ​ប្រាជ្ញា​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ហើយ​តាម​រយៈ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​ការ​ចេះ​ធ្វើ​ការ​ល្អ នាង​ទទួល​ការ​សរសើរ​ពី​ប្ដី​និង​កូន​ៗ​នាង។ ដោយ​ហេតុ​ទាំង​នោះ នាង​នាំ​ឲ្យ​អ្នក​ផង​ក្នុង​ស្រុក​សរសើរ​ប្ដី​និង​ក្រុម​គ្រួសារ​របស់​នាង។ ពិត​ណាស់ ប្ដី​ដែល​មាន​ប្រពន្ធ​ល្អ ឈ្មោះ​ថា​បាន​របស់​ល្អ​និង​ប្រកប​ដោយ​ព្រះ​គុណ​ពី​ព្រះ​យេហូវ៉ា។—សុភ. ១៨:២២

ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ខ្នាត​តម្រា​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក គឺ​ប្ដី​គួរ​មាន​ប្រពន្ធ​តែ​មួយ​ប៉ុណ្ណោះ។ (​១កូ. ៧:២; ១ធី. ៣:២​) ប្រពន្ធ​បាន​ត្រូវ​បង្គាប់​ឲ្យ​ចុះ​ចូល​នឹង​ប្ដី មិន​ថា​ប្ដី​ជា​អ្នក​ជឿ​ឬ​មិន​ជឿ​ក្ដី។ (​អេភ. ៥:២២​-​២៤​) ប្រពន្ធ​ត្រូវ​បំពេញ​ករណីយកិច្ច​របស់​ខ្លួន​ចំពោះ​ប្ដី ហើយ​ប្ដី​ក៏​ត្រូវ​បំពេញ​ករណីយកិច្ច​របស់​ខ្លួន​ចំពោះ​ប្រពន្ធ​វិញ​ដែរ។ នាង​មិន​មែន​«​ជា​ម្ចាស់​លើ​រូប​កាយ​របស់​ខ្លួន​ទេ​»។ (​១កូ. ៧:៣, ៤​) ប្រពន្ធ​បាន​ត្រូវ​បង្គាប់​ថា​ចូរ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​អ្វី​ក្នុង​ចិត្ត​វិញ គឺ​ជា​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ នោះ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​ប្ដី​ដែល​មិន​ជឿ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​នាង​ជា​ប្រពន្ធ។—១ពេ. ៣:១​-​៦

ប្រើ​ក្នុង​ន័យ​ធៀប។ ក្នុង​ន័យ​ធៀប ព្រះ​យេហូវ៉ា​បាន​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ថា​ជា​ប្រពន្ធ ដោយ​សារ​លោក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ។ (​អេ. ៥៤:៦​) សាវ័ក​ប៉ូល​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​ជា​បិតា​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​គាត់​និយាយ​អំពី​«​ក្រុង​យេរូសាឡិម​នៅ​ស្ថាន​លើ​»​ថា​ជា​ម្ដាយ​របស់​ពួក​គេ ក្នុង​ន័យ​ធៀប​ព្រះ​យេហូវ៉ា​បាន​រៀប​ការ​ជា​មួយ​នឹង​នាង​សម្រាប់​គោល​បំណង​នេះ គឺ​បង្កើត​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ (​កាឡ. ៤:៦, ៧, ២៦​) ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ក៏​បាន​ត្រូវ​ហៅ​ថា​ជា​កូន​ក្រមុំ ឬ​ប្រពន្ធ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែរ។—អេភ. ៥:២៣, ២៥; បប. ១៩:៧; ២១:២, ៩

w​០០​-​E ១/២ ទំ​. ៣១ វ​. ៣​-​៤

ដំបូន្មាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ម្ដាយ​ម្នាក់

ប្រពន្ធ​ដែល​មាន​សមត្ថភាព មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ ក្នុង​សុភាសិត​ជំពូក​ទី​៣១ ខ​១៣​ដល់​២៧​បាន​ដក​ស្រង់​នូវ​ដំបូន្មាន​និង​គោល​ការណ៍​ខ្លះ ដែល​ប្រពន្ធ​គ្រប់​វ័យ​អាច​ប្រើ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ​របស់​នាង។ ជា​ឧទាហរណ៍ ដោយ​សារ​តម្លៃ​សម្លៀក​បំពាក់​និង​ប្រដាប់​ប្រដា​ផ្សេង​ៗ​ចេះ​តែ​ឡើង​ថ្លៃ ប្រពន្ធ​ដែល​មាន​សមត្ថភាព​រៀន​ដេរ​ប៉ាក់​និង​ចាយ​វាយ​ត្បិតត្បៀត ដើម្បី​ក្រុម​គ្រួសារ​នាង​មាន​សម្លៀក​បំពាក់​ស្អាត​បាត​និង​រៀប​រយ។ (​ខ​១៣, ១៩, ២១, ២២​) ដើម្បី​កាត់​បន្ថយ​តម្លៃ​ម្ហូប​ក្នុង​ក្រុម​គ្រួសារ នាង​ដាំ​បន្លែ​ផ្សេង​ៗ ហើយ​ទិញ​អ្វី​ៗ​ដោយ​ចេះ​គិត។—ខ​១៤, ១៦

ច្បាស់​ណាស់ ស្ត្រី​នេះ​មិន​បរិភោគ​«​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ​»។ នាង​ធ្វើ​ការ​នឿយ​ហត់ ហើយ​នាង​ចាត់​ចែង​កិច្ច​ការ​ក្នុង​ផ្ទះ​ដោយ​ប៉ិន​ប្រសប់។ (​ខ​២៧​) នាង​ទម្លាប់​«​ចង្កេះ​ឲ្យ​មាន​កំឡាំង​»​ ដែល​មាន​ន័យ​ថា​នាង​ប្រុង​ប្រៀប​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដែល​តម្រូវ​ឲ្យ​ប្រើ​កម្លាំង។ (​ខ​១៧​) នាង​ក្រោក​ពី​ព្រលឹម​មុន​ថ្ងៃ​រះ ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​របស់​នាង ហើយ​នាង​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ចង្កៀង​ដែល​បំភ្លឺ​ពេល​នាង​ធ្វើ​ការ តែង​តែ​ឆេះ​ជា​និច្ច។—ខ​១៥, ១៨

w​០០​-​E ១/២ ទំ​. ៣១ វ​. ៥

ដំបូន្មាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ម្ដាយ​ម្នាក់

សំខាន់​បំផុត ប្រពន្ធ​ដែល​មាន​សមត្ថភាព​ជា​បុគ្គល​ដែល​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ។ នាង​កោត​ខ្លាច​ព្រះ ហើយ​គោរព​ប្រណិប័តន៍​លោក​ដោយ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​និង​ការ​កោត​ស្ងើច​ចំពោះ​លោក។ (​ខ​៣០​) នាង​ក៏​ជួយ​ប្ដី​របស់​នាង​ក្នុង​ការ​បង្ហាត់​បង្រៀន​កូន​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។ ខ​២៦​ចែង​ថា នាង​បង្រៀន​កូន​«​ដោយ​ប្រាជ្ញា​»​ ហើយ​«​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុរស​»។

w​០០​-​E ១/២ ទំ​. ៣១ វ​. ៨

ដំបូន្មាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​ម្ដាយ​ម្នាក់

ដោយ​មាន​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ម្ដាយ​របស់​ស្តេច​លេមយួល​រំលឹក​កូន​ប្រុស​របស់​គាត់​អំពី​សារៈសំខាន់​នៃ​ការ​ឲ្យ​តម្លៃ​ចំពោះ​ប្រពន្ធ។ ស្តេច​លេមយួល​គួរ​ស្រឡាញ់​ប្រពន្ធ​របស់​គាត់​ជាង​គេ​បន្ទាប់​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​ជ្រាល​ជ្រៅ​របស់​គាត់ ពេល​គាត់​សារភាព​ជា​សាធារណៈ​ថា​៖ ​«​មាន​ស្រី​ៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់​»។—សុភ. ៣១:២៩

w​១១​-​E ១/៨ ទំ​. ២៩ វ​. ២

ថ្ងៃ​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ស្វាង​និង​ការ​ទន្ទឹង​ចាំ​ដោយ​ត្រេក​អរ

បង​ប្រុស​ម៉ូរីស​បាន​អាន​សុភាសិត ២៧:២១ ដែល​ថា​៖ ​«​មាន​បាវ​ដី​សំ​រាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សំ​រាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ​សារ​តែ​សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ​»។ គាត់​បាន​ពន្យល់​ថា​មាស​និង​ប្រាក់​ត្រូវ​ការ​សំរង​ឬ​ដុត​វា យើង​ត្រូវ​សំរង​ឬ​សម្រិត​សម្រាំង ដោយ​ការ​សរសើរ​ដែរ។ តើ​តាម​របៀប​ណា? ការ​សរសើរ​អាច​ស​ឲ្យ​យើង​ឃើញ​នូវ​ធាតុ​ពិត​របស់​បុគ្គល​ម្នាក់។ ការ​សរសើរ​អាច​នាំ​បុគ្គល​ម្នាក់​មាន​អំណួត​និង​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​គាត់​និង​ព្រះ​យេហូវ៉ា​ប្រេះ​ឆា ឬ​ក៏​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ទទួល​ស្គាល់​ថា​យើង​ជំពាក់​ព្រះ​យេហូវ៉ា ហើយ​នោះ​ជួយ​ឲ្យ​យើង​មាន​ការ​តាំង​ចិត្ត​ខ្លាំង​ថែម​ទៀត​មិន​បំពាន​ខ្នាត​តម្រា​របស់​លោក។ ដូច្នេះ បង​ប្រុស​ម៉ូរីស​បាន​ដាស់​តឿន​សិស្ស​នៅ​សាលា​គីលាត​ឲ្យ​ទទួល​យក​ការ​សរសើរ​ណា​ពី​អ្នក​ឯ​ទៀត​តាម​របៀប​ត្រឹម​ត្រូវ ពោល​គឺ​ប្រើ​ឱកាស​នោះ​ដើម្បី​បង្ហាញ​ថា​ពួក​គេ​មាន​«​សេចក្ដី​ស្ញែង​ខ្លាច​»​ត្រឹម​ត្រូវ​ចំពោះ​«​ព្រះ​យេហូវ៉ា​»។

ថ្ងៃ​ទី​១៤​-​២០ ខែ​វិច្ឆិកា

w​១៥​-​E ១/២ ទំ​. ៤​-​៦

តើ​តាម​របៀប​ណា​យើង​អាច​រីក​រាយ​នឹង​ការ​នឿយ​ហត់​របស់​ខ្លួន?

​«​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីក​រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​»។ (​សាស្ដ. ៣:១៣​) បើ​ព្រះ​ចង់​ឲ្យ​យើង​រីក​រាយ​នឹង​កិច្ច​ការ​របស់​យើង តើ​មិន​សម​ហេតុ​សម​ផល​ទេ​ឬ​ដែល​លោក​នឹង​បង្ហាញ​យើង​អំពី​របៀប​ទទួល​អំណរ​បែប​នេះ? (​អេ. ៤៨:១៧​) យើង​ពិត​ជា​អរគុណ​លោក​ណាស់ ដែល​លោក​បាន​បង្ហាញ​យើង​នូវ​របៀប​ទទួល​អំណរ ពោល​គឺ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ សូម​ពិចារណា​ដំបូន្មាន​ដែល​មាន​មូលដ្ឋាន​ក្នុង​គម្ពីរ ដែល​ជួយ​យើង​ទទួល​ការ​ស្កប់​ចិត្ត​ពី​ការ​ងារ​របស់​យើង។

ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ

ទោះ​ជា​ការ​ងារ​របស់​អ្នក​ភាគ​ច្រើន​ប្រើ​ខួរ​ក្បាល ប្រើ​កម្លាំង ឬ​ប្រើ​ទាំង​ពីរ​ក្ដី សូម​ទទួល​ស្គាល់​ថា​៖ ​«​អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធតែ​មាន​កំរៃ​ឬ[​ប្រយោជន៍​]​»។ (​សុភ. ១៤:២៣​) តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ? ប្រយោជន៍​មួយ​គឺ​ការ​ងារ​នឿយ​ហត់​ជួយ​យើង​ឲ្យ​ផ្គត់​ផ្គង់​ខ្លួន។ ពិត​ណាស់ ព្រះ​សន្យា​ថា​លោក​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ (​ម៉ាថ. ៦:៣១, ៣២​) ប៉ុន្តែ លោក​ក៏​តម្រូវ​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព​របស់​យើង​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ដោយ​ទៀង​ត្រង់​ដែរ។—២ថែ. ៣:១០

ហេតុ​នេះ យើង​អាច​ចាត់​ទុក​ការ​ងារ​របស់​ខ្លួន​ជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត។ ការ​ងារ​ជា​វិធី​ដ៏​ប្រសើរ​ដើម្បី​ឲ្យ​យើង​បំពេញ​ភារកិច្ច​ផ្សេង​ៗ​របស់​យើង។ យុវជន​ម្នាក់​ឈ្មោះ​យ៉ូស្វេ​ដែល​មាន​អាយុ​២៥​ឆ្នាំ បាន​និយាយ​ថា​៖ ​«​ការ​ចិញ្ចឹម​ខ្លួន​ឯង​ជា​ជោគ​ជ័យ​មួយ​ក្នុង​ជីវិត។ បើ​អ្នក​មាន​ការ​ងារ​ដែល​អាច​ឲ្យ​អ្នក​បង់​ចំណាយ​ដែល​អ្នក​ត្រូវ​ការ ការ​ងារ​នោះ​សម្រេច​គោល​បំណង​របស់​វា​ហើយ​»។

បន្ថែម​ទៅ​ទៀត ការ​ធ្វើ​ការ​នឿយ​ហត់​នាំ​ឲ្យ​អ្នក​ចេះ​គោរព​ខ្លួន​ឯង។ សំខាន់​បំផុត ការ​ងារ​នឿយ​ហត់​មិន​គ្រាន់​តែ​ធ្វើ​យ៉ាង​នឿយ​ហត់​ប៉ុណ្ណោះ​ទេ តែ​ពេល​យើង​អប់រំ​ខ្លួន​ឲ្យ​បំពេញ​កិច្ច​ការ​នោះ សូម្បី​តែ​ពិបាក​ឬ​អផ្សុក​ក្ដី យើង​អាច​ស្កប់​ចិត្ត​ដោយ​ដឹង​ថា​យើង​ចេះ​ដាក់​កម្រិត​ខ្ពស់​ចំពោះ​ខ្លួន។ បើ​យើង​ធ្វើ​ដូច្នោះ យើង​កំពុង​យក​ឈ្នះ​ទំនោរ​ចិត្ត​ខ្ជិល​ច្រអូស។ (​សុភ. ២៦:១៤​) ក្នុង​ន័យ​នោះ​ហើយ​ដែល​ការ​ងារ​នាំ​ឲ្យ​យើង​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង។ ដូច​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន អេរ៉ុន​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ណាស់ ក្រោយ​ពី​ខ្ញុំ​បាន​បំពេញ​កិច្ច​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។ ពិត​មែន​តែ​ខ្ញុំ​អស់​កម្លាំង ហើយ​ប្រហែល​គ្មាន​អ្នក​ណា​ឃើញ​ការ​ងារ​ខ្ញុំ​ទេ តែ​ខ្ញុំ​សប្បាយ​ណាស់​ដែល​ខ្ញុំ​បាន​សម្រេច​កិច្ច​ការ​នោះ​»។

ចូរ​ព្យាយាម​បំពេញ​កិច្ច​ការ​របស់​អ្នក

គម្ពីរ​បាន​ចែង​សរសើរ​បុរស​ដែល​«​ខ្នះ​ខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​»​ ហើយ​សរសើរ​ស្ត្រី​ដែល​«​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត​»។ (​សុភ. ២២:២៩; ៣១:១៣​) ពិត​ណាស់ បុគ្គល​ម្នាក់​មិន​ប៉ិន​ប្រសប់​ការ​ងារ​ដោយ​ស្វ័យប្រវត្ដិ​នោះ​ទេ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ពូកែ​ធ្វើ។ តាម​មើល​ទៅ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ការ​ងារ​របស់​ខ្លួន ដោយ​សារ​ពួក​គេ​មិន​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ការ​របស់​ខ្លួន​ឲ្យ​បាន​ល្អ។

ការ​ពិត បុគ្គល​ម្នាក់​អាច​រៀន​ឲ្យ​ចូល​ចិត្ត​កិច្ច​ការ​ស្ទើរតែ​ទាំង​អស់​បាន បើ​គាត់​ធ្វើ​ការ​នោះ​ដោយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ គឺ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​រៀន​អំពី​របៀប​ធ្វើ​ការ​ងារ​នោះ​ឲ្យ​បាន​ល្អ។ យុវជន​ម្នាក់​ឈ្មោះ​វីល្លាម​អាយុ​២៤​ឆ្នាំ​បាន​និយាយ​ថា​៖ ​«​ពេល​អ្នក​ធ្វើ​ការ​ងារ​មួយ​អស់​ពី​សមត្ថភាព ហើយ​ឃើញ​លទ្ធផល​ពី​នោះ អ្នក​នឹង​ស្កប់​ចិត្ត​បំផុត។ អ្នក​មិន​អាច​មាន​អារម្មណ៍​នោះ​បាន​ទេ បើ​អ្នក​ធ្វើ​លំ​ៗ​ឬ​ធ្វើ​ឲ្យ​តែ​បាន​ៗ​»។

ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រយោជន៍​ដែល​អ្នក​ឯ​ទៀត​ទទួល​ពី​កិច្ច​ការ​របស់​អ្នក

សូម​ជៀស​វាង​ពី​ការ​គិត​តែ​អំពី​លុយ​ច្រើន​ប៉ុន​ណា​ដែល​អ្នក​អាច​រក​បាន។ ផ្ទុយ​ទៅ​វិញ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ‹ហេតុ​អ្វី​ការ​ងារ​នេះ​សំខាន់​ចាំ​បាច់? តើ​មាន​អ្វី​កើត​ឡើង​បើ​ខ្ញុំ​ធ្វើ​អត់​ហើយ ឬ​មិន​បង្ហើយ​ត្រឹម​ត្រូវ? តើ​ការ​ងារ​ខ្ញុំ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ឯ​ទៀត?›។

ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​សំណួរ​ចុង​ក្រោយ​នេះ ព្រោះ​អ្វី​ដែល​ធ្វើ​ឲ្យ​គាប់​ចិត្ត​នឹង​ការ​ងារ​បំផុត គឺ​ពេល​យើង​ឃើញ​ថា​ការ​ងារ​នោះ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្ម. ២០:៣៥​) អ្នក​ដែល​ទទួល​ប្រយោជន៍​ចំ​ៗ​ពី​ការ​ងារ​នឿយ​ហត់​របស់​យើង​មាន​ដូច​ជា អតិថិជន​និង​ចៅហ្វាយ​របស់​យើង។ ប៉ុន្តែ​ក្រៅ​ពី​នោះ​ក៏​មាន​សមាជិក​គ្រួសារ​របស់​យើង​និង​អ្នក​ដែល​ខ្វះ​ខាត​ដែរ។

សមាជិក​គ្រួសារ​របស់​យើង។ ពេល​ដែល​មេ​គ្រួសារ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ គាត់​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ​យ៉ាង​ហោច​ណាស់​តាម​របៀប​ពីរ​យ៉ាង។ ទី១ គាត់​ប្រាកដ​ថា​ក្រុម​គ្រួសារ​គាត់​មាន​អ្វី​ដែល​ចាំ​បាច់​សម្រាប់​ជីវិត ដូច​ជា​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​ទី​ជម្រក។ ម្ល៉ោះ​ហើយ គាត់​បំពេញ​ភារកិច្ច​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​គាត់​ក្នុង​ការ​«​ទំនុក​បម្រុង​ពួក​អ្នក​នៅ​ក្នុង​បន្ទុក​ខ្លួន​»។ (​១ធី. ៥:៨​) ទី២ អ្នក​ចិញ្ចឹម​គ្រួសារ​ដែល​ខ្នះ​ខ្នែង បង្រៀន​អ្នក​ផ្ទះ​គាត់​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ការ​នឿយ​ហត់។ នៅ​អត្ថបទ​មុន ហ្សេន​បាន​និយាយ​ថា​៖ ​«​ប៉ា​ខ្ញុំ​ជា​គំរូ​ដ៏​ប្រសើរ​ជា​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់។ គាត់​ជា​មនុស្ស​ទៀង​ត្រង់​ដែល​ធ្វើ​ការ​នឿយ​ហត់​ពេញ​មួយ​ជីវិត។ ការ​ងារ​របស់​គាត់​គឺ​ជា​ជាង​ឈើ។ តាម​រយៈ​គំរូ​របស់​គាត់ ខ្ញុំ​បាន​រៀន​អំពី​ប្រយោជន៍​នៃ​ការ​ប្រើ​ដៃ ដើម្បី​ធ្វើ​ប្រដាប់​ប្រដា​ដែល​អ្នក​ឯ​ទៀត​ស្រួល​ប្រើ​ប្រាស់​»។

អ្នក​ដែល​ខ្វះ​ខាត។ សាវ័ក​ប៉ូល​បាន​ឲ្យ​ដំបូន្មាន​គ្រិស្ត​សាសនិក​ឲ្យ​«​ធ្វើ​ការ . . . យ៉ាង​នឿយ​ហត់​ដោយ​ដៃ​ខ្លួន​ឯង ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​»។ (​អេភ. ៤:២៨​) ពិត​ណាស់ ពេល​យើង​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​ទំនុក​បម្រុង​ខ្លួន​និង​ក្រុម​គ្រួសារ យើង​ក៏​អាច​ជួយ​អ្នក​ដែល​ខ្វះ​ខាត​ដែរ។ (​សុភ. ៣:២៧​) ដូច្នេះ​ការ​ងារ​នឿយ​ហត់​អាច​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ច្រើន​ជាង​ដែល​មក​ពី​ការ​ឲ្យ​គេ។

ចូរ​ធ្វើ​លើស​ពី​តម្រូវ​ការ

ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​ដែល​មាន​អំណាច​ប្រើ​អ្នក​ឲ្យ​ធ្វើ​ការ ដោយ​បញ្ជា​ឲ្យ​ទៅ​តាម​គាត់​មួយ​គីឡូ​ម៉ែត្រ ចូរ​ទៅ​ជា​មួយ​នឹង​គាត់​ពីរ​គីឡូ​ម៉ែត្រ​ចុះ​»។ (​ម៉ាថ. ៥:៤១​) តើ​អ្នក​អាច​ធ្វើ​តាម​គោល​ការណ៍​នេះ​ក្នុង​ការ​ងារ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? ជា​ជាង​ធ្វើ​លំ​ៗ សូម​រក​វិធី​ធ្វើ​លើស​ពី​តម្រូវ​ការ។ សូម​កំណត់​គោល​ដៅ​ផ្ទាល់​ខ្លួន ដោយ​ធ្វើ​ការ​ងារ​របស់​អ្នក​ឲ្យ​បាន​ល្អ​ជាង ឬ​លឿន​ជាង​តម្រូវ​ការ។ សូម​មាន​មោទនភាព​ចំពោះ​ការ​ងារ​ទាំង​អស់​របស់​អ្នក សូម្បី​តែ​កិច្ច​ការ​តូច​តាច។

ពេល​អ្នក​ធ្វើ​លើស​ពី​តម្រូវ​ការ អ្នក​ទំនង​ជា​ចូល​ចិត្ត​ការ​ងារ​របស់​អ្នក​ជាង។ ហេតុ​អ្វី? ដោយ​សារ​អ្នក​ចេះ​កាន់​កាប់​សកម្មភាព​របស់​អ្នក។ អ្នក​កំពុង​ឲ្យ​ច្រើន​ជាង ដោយ​សារ​អ្នក​ចង់​ឲ្យ មិន​មែន​ដោយ​សារ​អ្នក​ណា​ម្នាក់​បង្ខំ​អ្នក​នោះ​ទេ។ (​ភីលេ. ១៤​) ស្តី​អំពី​រឿង​នេះ យើង​ប្រហែល​ជា​នឹក​ចាំ​គោល​ការណ៍​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សុភាសិត ១២:២៤ ដែល​ថា​៖ ​«​ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ត្រូវ​ទទួល​ការ​បំរើ​វិញ​»។ ពិត​ណាស់ ពួក​យើង​ខ្លះ​នឹង​ត្រូវ​បម្រើ​គេ ឬ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ។ ប៉ុន្តែ បុគ្គល​ម្នាក់​ដែល​គ្រាន់​តែ​ធ្វើ​ការ​លំ​ៗ អាច​មាន​អារម្មណ៍​ថា​គាត់​ជា​ខ្ញុំ​បម្រើ​គេ ហើយ​តែង​តែ​នៅ​ក្រោម​នឹម​នៃ​ការ​បង្គាប់​ពី​អ្នក​ឯ​ទៀត។ ប៉ុន្តែ បុគ្គល​ដែល​ធ្វើ​លើស​ពី​តម្រូវ​ការ​ដោយ​សារ​គាត់​បាន​សម្រេច​ចិត្ត​ធ្វើ មាន​អារម្មណ៍​ថា​គាត់​ចេះ​គ្រប់​គ្រង​ជីវិត​របស់​ខ្លួន។ គាត់​គ្រប់​គ្រង​លើ​សកម្មភាព​របស់​គាត់​ជា​និច្ច។

ការ​ងារ​សំខាន់​ក៏​ពិត​មែន តែ​សូម​ចាត់​ទុក​វា​ជា​រឿង​បន្ទាប់​បន្សំ

ការ​ចេះ​ធ្វើ​ការ​នឿយ​ហត់​គឺ​គួរ​ឲ្យ​សរសើរ​ណាស់ ប៉ុន្តែ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា​មាន​អ្វី​ផ្សេង​ទៀត​ដែល​សំខាន់​ជាង​ការ​ងារ។ ពិត​មែន គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ការ​ដោយ​ខ្នះ​ខ្នែង។ (​សុភ. ១៣:៤​) ប៉ុន្តែ គម្ពីរ​មិន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជក់​ស្លុង​នឹង​ការ​ងារ​នោះ​ទេ។ សាស្ដា ៤:៦​ចែង​ថា​៖ ​«​បើ​មាន​តែ​១​ក្ដាប់ ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​២​ក្ដាប់ ហើយ​មាន​ទាំង​ការ​នឿយ​ហត់​នឹង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង​»។ តើ​អ្វី​ជា​ចំណុច​សំខាន់? គឺ​បុគ្គល​ដែល​ជក់​ស្លុង​នឹង​ការ​ងារ ប្រហែល​ជា​មិន​ដែល​ពេញ​ចិត្ត​នឹង​ផល​ដែល​មក​ពី​ការ​ងារ​របស់​គាត់​ទេ បើ​ការ​ងារ​នោះ​ស៊ីកម្លាំង​និង​ពេល​វេលា​ទាំង​អស់​របស់​គាត់។ ជា​លទ្ធផល ការ​ងារ​របស់​គាត់​ទៅ​ជា​អ្វី​ដែល​«​អសារ​ឥត​ការ​»​ទៅ​វិញ។

គម្ពីរ​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ។ ទោះ​ជា​គម្ពីរ​ប្រាប់​ឲ្យ​យើង​ខំ​ធ្វើ​កិច្ច​ការ​របស់​យើង​ក៏​ពិត​មែន តែ​គម្ពីរ​ក៏​ឲ្យ​ដំបូន្មាន​យើង​ឲ្យ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភី. ១:១០​) តើ​អ្វី​ជា​ការ​ដែល​សំខាន់​ជាង? នោះ​រួម​បញ្ចូល​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ។ សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដូច​ជា​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ និង​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន។

អ្នក​ដែល​ចេះ​រក្សា​ជីវិត​ពួក​គេ​ឲ្យ​មាន​តុល្យភាព ទំនង​ជា​ពេញ​ចិត្ត​នឹង​ការ​ងារ​របស់​ពួក​គេ​កាន់​តែ​ខ្លាំង។ យុវជន​វីល្លាម​បាន​និយាយ​ថា​៖ ​«​ចៅហ្វាយ​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជា​មួយ គឺ​ជា​គំរូ​ល្អ​ជា​អ្នក​ដែល​ចេះ​រក្សា​តុល្យភាព​ក្នុង​រឿង​ការ​ងារ។ គាត់​ធ្វើ​ការ​នឿយ​ហត់ ហើយ​គាត់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ភ្ញៀវ​របស់​គាត់ ដោយ​សារ​គាត់​ធ្វើ​ការ​ល្អ។ ប៉ុន្តែ​នៅ​ចុង​ថ្ងៃ ពេល​ការ​ងារ​គាត់​រួច​រាល់​ហើយ គាត់​ទុក​ចោល​ការ​ងារ​របស់​គាត់​មួយ​ឡែក​សិន ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ក្រុម​គ្រួសារ​របស់​គាត់ និង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ហើយ​ដឹង​ទេ ក្នុង​ចំណោម​អ្នក​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ គាត់​ជា​បុគ្គល​ម្នាក់​ដែល​មាន​សុភមង្គល​បំផុត!​»។

[​ប្រអប់​នៅ​ទំព័រ​៥​]

តើ​ពួក​គេ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ងារ?

​«​ពេល​ខ្ញុំ​អស់​កម្លាំង​នៅ​ចុង​ថ្ងៃ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​បាន​សម្រេច​កិច្ច​ការ ហើយ​មាន​អំណរ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ពិត​ជា​បាន​ធ្វើ​ការ​អស់​ពី​ចិត្ត​នៅ​ថ្ងៃ​នោះ​មែន​»​ (​នី​ក​)។

​«​ការ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ជា​របៀប​ធ្វើ​ការ​ដ៏​ល្អ​បំផុត។ បើ​អ្នក​បម្រុង​ធ្វើ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍ សូម​ធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវ​»​ (​គ្រីស្ទាន​)។

​«​រាង​កាយ​របស់​មនុស្ស​អាច​ធ្វើ​អ្វី​មួយ​លើស​ពី​ធម្មតា។ ខ្ញុំ​ចូល​ចិត្ត​បង្ហាញ​អំណរ​គុណ​ចំពោះ​អំណោយ​នៃ​ជីវិត ដោយ​ប្រើ​រាង​កាយ​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​និង​ជួយ​អ្នក​ឯ​ទៀត​»​ (​ដាវីឌ​)។

w​១៥​-​E ១/២ ទំ​. ៦ វ​. ៣​-​៥

តើ​យើង​អាច​រីក​រាយ​នឹង​ការ​នឿយ​ហត់​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

ការ​ងារ​សំខាន់​ក៏​ពិត​មែន តែ​សូម​ចាត់​ទុក​វា​ជា​រឿង​បន្ទាប់​បន្សំ

ការ​ចេះ​ធ្វើ​ការ​នឿយ​ហត់​គឺ​គួរ​ឲ្យ​សរសើរ​ណាស់ ប៉ុន្តែ ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​ថា​មាន​អ្វី​ផ្សេង​ទៀត​ដែល​សំខាន់​ជាង​ការ​ងារ។ ពិត​មែន គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ការ​ដោយ​ខ្នះ​ខ្នែង។ (​សុភ. ១៣:៤​) ប៉ុន្តែ គម្ពីរ​មិន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជក់​ស្លុង​នឹង​ការ​ងារ​នោះ​ទេ។ សាស្ដា ៤:៦​ចែង​ថា​៖ ​«​បើ​មាន​តែ​១​ក្ដាប់ ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​២​ក្ដាប់ ហើយ​មាន​ទាំង​ការ​នឿយ​ហត់​នឹង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង​»។ តើ​អ្វី​ជា​ចំណុច​សំខាន់? គឺ​បុគ្គល​ដែល​ជក់​ស្លុង​នឹង​ការ​ងារ ប្រហែល​ជា​មិន​ដែល​ពេញ​ចិត្ត​នឹង​ផល​ដែល​មក​ពី​ការ​ងារ​របស់​គាត់​ទេ បើ​ការ​ងារ​នោះ​ស៊ីកម្លាំង​និង​ពេល​វេលា​ទាំង​អស់​របស់​គាត់។ ជា​លទ្ធផល ការ​ងារ​របស់​គាត់​ទៅ​ជា​អ្វី​ដែល​«​អសារ​ឥត​ការ​»​ទៅ​វិញ។

គម្ពីរ​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ។ ទោះ​ជា​គម្ពីរ​ប្រាប់​ឲ្យ​យើង​ខំ​ធ្វើ​កិច្ច​ការ​របស់​យើង​ក៏​ពិត​មែន តែ​គម្ពីរ​ក៏​ឲ្យ​ដំបូន្មាន​យើង​ឲ្យ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភី. ១:១០​) តើ​អ្វី​ជា​ការ​ដែល​សំខាន់​ជាង? នោះ​រួម​បញ្ចូល​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ។ សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដូច​ជា​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ និង​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន។

អ្នក​ដែល​ចេះ​រក្សា​ជីវិត​ពួក​គេ​ឲ្យ​មាន​តុល្យភាព ទំនង​ជា​ពេញ​ចិត្ត​នឹង​ការ​ងារ​របស់​ពួក​គេ​កាន់​តែ​ខ្លាំង។ យុវជន​វីល្លាម​បាន​និយាយ​ថា​៖ ​«​ចៅហ្វាយ​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជា​មួយ គឺ​ជា​គំរូ​ល្អ​ជា​អ្នក​ដែល​ចេះ​រក្សា​តុល្យភាព​ក្នុង​រឿង​ការ​ងារ។ គាត់​ធ្វើ​ការ​នឿយ​ហត់ ហើយ​គាត់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ភ្ញៀវ​របស់​គាត់ ដោយ​សារ​គាត់​ធ្វើ​ការ​ល្អ។ ប៉ុន្តែ​នៅ​ចុង​ថ្ងៃ ពេល​ការ​ងារ​គាត់​រួច​រាល់​ហើយ គាត់​ទុក​ចោល​ការ​ងារ​របស់​គាត់​មួយ​ឡែក​សិន ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ក្រុម​គ្រួសារ​របស់​គាត់ និង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ហើយ​ដឹង​ទេ ក្នុង​ចំណោម​អ្នក​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ គាត់​ជា​បុគ្គល​ម្នាក់​ដែល​មាន​សុភមង្គល​បំផុត!​»។

ថ្ងៃ​ទី​២១​-​២៧ ខែ​វិច្ឆិកា

w​១១​-​E ១/១១ ទំ​. ២១ វ​. ១​-​៦

ចូរ​ចូល​ទៅ​ជិត​ព្រះ

ចូរ​បំពេញ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ព្រះ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​៖ ‹តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?›។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ឲ្យ​យើង​នូវ​សមត្ថភាព​សួរ​សំណួរ​ដូច​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​យើង​ចង់​ដឹង​ចម្លើយ​យ៉ាង​ខ្លាំង​ដែរ។ យើង​ពិត​ជា​អរគុណ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ណាស់ ដែល​លោក​មិន​បាន​ទុក​ឲ្យ​យើង​នៅ​ក្នុង​ភាព​ងងឹត។ ចម្លើយ​ដែល​យើង​ចង់​ដឹង​ជា​ខ្លាំង​នេះ គឺ​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ សូម​ពិចារណា​ពាក្យ​សម្ដី​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​ត្រូវ​រក​ឃើញ​ក្នុង​សាស្ដា ១២:១៣។

សាឡូម៉ូន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិសេស។ គាត់​អាច​ផ្ដល់​ចម្លើយ​ដ៏​ល្អ​អំពី​របៀប​ស្វែង​រក​សុភមង្គល​និង​អត្ថន័យ​នៃ​ជីវិត។ ដោយ​សារ​គាត់​មាន​ប្រាជ្ញា​លើស​ពី​មនុស្ស​ធម្មតា មាន​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ និង​មាន​អំណាច​ជា​ស្តេច​ទៀត​នោះ គាត់​អាច​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ការ​ខំ​ស្វែង​រក​របស់​មនុស្សជាតិ ជា​ពិសេស​ទ្រព្យ​សម្បត្ដិ​និង​មុខ​មាត់។ (​សាស្ដា ២:៤​-​៩; ៤:៤​) ម្យ៉ាង​ទៀត ព្រម​ជា​មួយ​នឹង​ការ​ដឹក​នាំ​ពី​ព្រះ គាត់​បាន​សរុប​អ្វី​ដែល​គាត់​បាន​រក​ឃើញ​ដោយ​និយាយ​ថា​៖ ​«​សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សំ​ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ​»។ ពាក្យ​ទាំង​នេះ​បញ្ជាក់​ពី​រង្វាន់​ដ៏​ប្រសើរ​បំផុត​និង​អ្វី​ល្អ​បំផុត​ដែល​មនុស្ស​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ធ្វើ។

​«​ចូរ​កោត​ខ្លាច​ដល់​ព្រះ​»។ ស្ដាប់​ទៅ​គំនិត​អំពី​ការ​កោត​ខ្លាច​ព្រះ​ប្រហែល​មិន​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ទេ។ ប៉ុន្តែ ការ​កោត​ខ្លាច​នេះ​ជា​ចិត្ត​គំនិត​ដ៏​ល្អ។ យើង​មិន​គួរ​គិត​អំពី​អ្នក​បម្រើ​ម្នាក់​ដែល​ខ្លាច​ធ្វើ​ឲ្យ​ចៅហ្វាយ​ដ៏​កាច​ខឹង​នោះ​ទេ តែ​យើង​គួរ​គិត​អំពី​កូន​ដែល​ចង់​ផ្គាប់​ចិត្ត​ឪ​ពុក​ដែល​គាត់​ស្រឡាញ់​ជា​ខ្លាំង​វិញ។ ឯកសារ​យោង​មួយ​បាន​រៀប​រាប់​ថា ការ​កោត​ខ្លាច​ព្រះ​ជា​«​ចិត្ត​គំនិត​ស្ងើច​សរសើរ​និង​ស្ញប់​ស្ញែង​ដែល​រាស្ត្រ​របស់​លោក​បង្ហាញ​ចំពោះ​លោក ដោយ​សារ​ពួក​គេ​ស្រឡាញ់​និង​គោរព​ភាព​ធំ​ប្រសើរ​និង​ឫទ្ធា​នុភាព​របស់​លោក​»។ ចិត្ត​គំនិត​បែប​នោះ​ជំរុញ​យើង​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សារ​យើង​ស្រឡាញ់​លោក ហើយ​យើង​ដឹង​ថា​លោក​ក៏​ស្រឡាញ់​យើង​ដែរ។ ការ​កោត​ខ្លាច​នេះ​មិន​មែន​គ្រាន់​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត។ តើ​តាម​របៀប​ណា?

​«​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ​»។ ការ​កោត​ខ្លាច​ព្រះ​ជំរុញ​យើង​ឲ្យ​ស្ដាប់​បង្គាប់​លោក។ គឺ​សម​ហេតុ​ផល​មែន​ដែល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​ជា​អ្នក​បង្កើត​យើង។ លោក​ដឹង​នូវ​វិធី​ល្អ​បំផុត​ឲ្យ​យើង​រស់​នៅ ដូច​អ្នក​ផលិត​ឧបករណ៍​មួយ គាត់​ដឹង​នូវ​វិធី​ល្អ​បំផុត​ក្នុង​ការ​ប្រើ​ឧបករណ៍​នោះ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ លោក​ចង់​ឲ្យ​យើង​មាន​សុភមង្គល ហើយ​បញ្ញត្ដិ​របស់​លោក​បាន​ត្រូវ​រៀប​ចំ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ (​អេ. ៤៨:១៧​) សាវ័ក​យ៉ូហាន​បក​ស្រាយ​យ៉ាង​នេះ​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។ (​១យ៉ូន. ៥:៣​) ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​ស​ឲ្យ​ឃើញ​ថា​លោក​ស្រឡាញ់​យើង។

​«​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ​»។ ពាក្យ​ទាំង​នេះ​បញ្ជាក់​អំពី​មូលហេតុ​សំខាន់​ឲ្យ​យើង​កោត​ខ្លាច​ព្រះ​និង​ស្ដាប់​បង្គាប់​លោក។ ការ​ធ្វើ​ដូច្នោះ​ជា​កាតព្វកិច្ច​របស់​យើង។ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង ដូច្នេះ​យើង​ជំពាក់​ជីវិត​លោក។ (​ទំនុក. ៣៦:៩​) យើង​ក៏​ជំពាក់​លោក​នូវ​ការ​ស្ដាប់​បង្គាប់​ដែរ។ ពេល​យើង​រស់​នៅ​ដូច​ដែល​លោក​ចង់​ឲ្យ​យើង​រស់ នោះ​យើង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​យើង។

បើ​ដូច្នេះ តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​យើង​មាន​ជីវិត​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ គ្មាន​វិធី​ប្រសើរ​ជាង​នេះ​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ​ឡើយ។ សូម​ស្វែង​យល់​ថែម​ទៀត​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​និង​អំពី​របៀប​ដែល​លោក​អ្នក​អាច​ប្រើ​ជីវិត​ស្រប​តាម​បំណង​ប្រាថ្នា​ព្រះ។ សាក្សី​ព្រះ​យេហូវ៉ា​រីក​រាយ​នឹង​ជួយ​លោក​អ្នក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក